Thursday, November 25, 2021

សុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងបើកកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (៣ទំព័រ)

(ភ្នំពេញ)៖ ដូចការដែលបានគ្រោងទុក្ខនៅវេលាម៉ោង៣រសៀលថ្ងៃព្រហស្បតិ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ត្រូវបានចាប់ផ្តើមដំណើរការ ដោយមានការអញ្ជើញចូលរួម ពីប្រធានាធិបតី នាយករដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់នៃបណ្តាប្រទេសក្នុងតំបន់អាស៊ី និងអឺរ៉ុប ចំនួន ៥១រូប អមដោយមន្ត្រីជាន់ខ្ពស់របស់សហភាពអឹរ៉ុប និងអគ្គលេខាធិការអាស៊ានផងដែរ។ បន្ទាប់ពីការផ្សាយវីដេអូបង្ហាញពីវប្បធម៌ និងអរិយធម៌របស់ខ្មែរហើយនោះ កិច្ចប្រជុំដែលបានធ្វើឡើងតាមប្រព័ន្ធវីដេអូនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងនាមជាប្រធានកិច្ចប្រជុំ បានថ្លែងសុន្ទរកថាបើកកិច្ចប្រជុំកំពូល។

ក្នុងសន្ទរកថានេះ សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្ដៅ និងសូមថ្លែងអំណរគុណ ជូនដល់ថ្នាក់ដឹកនាំនៃបណ្តាប្រទេស និងស្ថាប័នដៃគូ ASEM ដែលបានចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM-13)។

ក្នុងសុន្ទរកថានេះ សម្តេចតេជោ បានគូសរំលេចពីផលលំបាកទាំងឡាយបង្កឡើងដោយជំងឺកូវីដ១៩ ក្នុងរយៈពេលជិតពីរឆ្នាំកន្លងមកនេះ។ សម្តេចតេជោ ក៏បានបង្ហាញនូវកិច្ចប្រឹងប្រែងរបស់ប្រទេសអាស៊ី-អឺរ៉ុប ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសរំលេចនូវបញ្ហាប្រឈមរបស់ពិភពលោកនាពេលបច្ចុប្បន្ន។ សម្តេចតេជោ បានគូសរំលេចថា កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរបស់ ASEM ដើម្បីពហុភាគីនិយមមួយ ដែលរឹងមាំ មានប្រសិទ្ធភាព និងមានសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើវិធានច្បាប់ គប្បីដើរតួជាត្រីវិស័យសម្រាប់គ្រប់សកម្មភាពរបស់ ASEM ទាំងមូល។

សម្តេចតេជោ បានបញ្ជាក់ទៀតថា កិច្ចប្រជុំកំពូល ASEM នាថ្ងៃនេះ គឺជាឱកាសដ៏ទាន់ពេលមួយ សម្រាប់ថ្នាក់ដឹកនាំ ASEMបញ្ជាក់សាជាថ្មី អំពីសារសំខាន់នៃភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការអាស៊ី-អឺរ៉ុប ក្នុងការចូលរួមដោះស្រាយបញ្ហាតំបន់ និងសកល ដែលជាក្ដីបារម្ភរួមគ្នា។

ខាងក្រោមនេះ គឺជាសុន្ទរកថាសម្តេចតេជោ ដែលបានថ្លែងបើកិច្ចប្រជុំដ៏មានសារៈសំខាន់ និងជាប្រវត្តិសាស្ត្រសម្រាប់កម្ពុជា៖














ផ្សាយបន្តផ្ទាល់៖ ពិធីបើកកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ក្រោមមូលបទ «ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួមគ្នា» ថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២១ តាមរយៈប្រព័ន្ធវីដេអូ


អបអរសាទរ ! ខួបលើកទី១៦ នៃការដាក់បញ្ចូលល្ខោនស្រមោលស្បែកធំ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ

(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ គឺមានរយៈពេល១៦ឆ្នាំហើយ ដែលល្ខោនស្រមោលស្បែកធំរបស់កម្ពុជា ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥ របស់អង្គការយូណេស្កូ។

សិល្បៈល្ខោនស្បែកធំ មានប្រវត្តិ និងអាយុកាលជាយូរលង់ណាស់មកហើយលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានសកលលោកទទួលស្គាល់ និងឲ្យតម្លៃថា ជាសម្បត្តិមនុស្សជាតិដ៏អស្ចារ្យ និងបានដាក់បញ្ចូល ជាបេតិកភណ្ឌពិភពលោក ខាងបេតិកភណ្ឌបញ្ចេញសំឡេង និងអរូបីយ៍របស់មនុស្សជាតិ ក្នុងឆ្នាំ២០០៥ របស់អង្គការយូណេស្កូទៀតផង ដែលនេះជាមោទនភាពជាតិមួយ ដ៏ត្រចះត្រចង់មិនអាចកាត់ថ្លៃបាន។

ល្ខោនស្បែកធំ អាចត្រូវបានគេហៅឈ្មោះម្យ៉ាងទៀតថា «ណាំងស្បែកធំ» ហើយវាជាសិល្បៈស្រមោលមួយបែប ដែលប្រើប្រាស់ផ្ទាំងរូបឆ្លាក់ពីស្បែក មកសម្តែងជាឈុតឆាកសាច់រឿង ហើយរូបឆ្លាក់ពីស្បែកទាំងនោះត្រូវគេដាប់ និងឆ្លាក់ជារូបអាទិទេព ដែលភាគច្រើនជារឿងបែបព្រហ្មណ៍សាសនា។

ល្ខោនស្បែកធំ គឺជាសិល្បៈមួយមានប្រវត្តិនៅពេលព្រហ្មសាសនាចូលមកទឹកដីខ្មែរ។ កាលពីដើមឡើយ សិល្បៈប្រភេទនេះ ត្រូវបានគេឃើញសម្តែងក្នុងពិធីតែពីរ ឬបីប៉ុណ្ណោះក្នុងមួយឆ្នាំ ហើយកម្រសម្តែង ជាសាធារណៈណាស់។ ពិធីទាំងនោះ មានដូចជាពិធីបុណ្យចូលឆ្នាំខ្មែរ ពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ និងពិធីគ្រងរាជ្យ ឬក្នុងពិធីសក្ការៈរបស់ឥស្សរជនល្បីៗ។

រូបចម្លាក់ស្បែកនេះ ត្រូវគេឆ្លាក់ចេញពីស្បែកសត្វធំៗ ដូចជាស្បែកសត្វគោ ឬក្របីដែលត្រូវបានគេហាលឲ្យស្ងួត និងយកទៅជ្រលក់ពណ៌ជាមួយធាតុផ្សំ ដែលបានមកពីសម្បកដើមកណ្ដោល។ ក្រោយពីឆ្លាក់ និងលាបពណ៌រួច គេយកវាចងភ្ជាប់នឹងបន្ទះឬស្សីពីរដើម ដើម្បីឲ្យគេអាចកាន់ និងបង្វិលផ្ទាំងរូបនោះ នៅពេលសម្តែង។

ល្ខោនស្បែកធំនេះ ជាប្រភេទល្ខោនស្រមោល គេតែងសម្តែងនៅទីងងឹត ឬក្នុងពេលយប់នៅទីវាលដែលមានបរិវេណធំទូលាយ ដូចជានៅវាលស្រែ និងទីវត្តអារាម ហើយសិល្បៈនេះ សម្តែងលើផ្ទាំងក្រណាត់ធំ ដែលត្រូវគេលាតជាលក្ខណៈបញ្ឈរឡើងលើ។ ក្រៅពីផ្ទាំងឆ្លាក់ពីស្បែក និងក្រណាត់ស គេត្រូវប្រើភ្លើងដើម្បីជះ ទៅលើផ្ទាំងក្រណាត់ស នៅសម័យដើមគេយកចន្លុះ ឬត្រឡោកដូង មកដុតជាភ្លើង។

ដោយឡែកសព្វថ្ងៃ គេយកអំពូលអគ្គីសនី ឬប្រើម៉ាស៊ីន LCD Projector ដើម្បីបញ្ចាំងស្រមោលផ្ទាំងស្បែកឲ្យទៅប៉ះនឹងផ្ទាំងក្រណាត់ស។ ការសម្តែងសិល្បៈនេះ ត្រូវអមជាមួយនឹងការប្រគំភ្លេងខ្មែរដូចជា វង់ភ្លេងពិណពាទ្យ និងការនិទានរឿង ឬពោលប្រាប់រឿង។ ការប្រគំវង់ភ្លេង និងពោលប្រាប់រឿងបែបនេះ ធ្វើឲ្យបរិយាកាសនៃការសម្តែងកាន់តែមានភាពរស់រវើកស្រស់ត្រកាល និងកាន់តែជាទីចាប់អារម្មណ៍ពីទស្សនិជន៕







វិភាគអន្តរជាតិ៖ មីស៊ីលល្បឿនលឿនជាងសំឡេងរបស់ចិន បង្កការសង្ស័យពីតុល្យភាពអំណាចយោធា


(ឡុងដ៍)៖ នៅពេលចិនត្រូវបានគេរាយការណ៍ថាបានធ្វើតេស្ដមីស៊ីលល្បឿនលឿនជាងសំឡេង ក្រុមអ្នកវិភាគមួយចំនួនបានប្រដូចការធ្វើតេស្ដនេះទៅនឹងព្រឹត្តិការណ៍ «Sputnik»។ កាលពីជាង ៦៤ឆ្នាំមុន អតីតសហភាពសូវៀតបានបាញ់បង្ហោះផ្កាយរណបឈ្មោះ «Sputnik» ដោយជោគជ័យដែលនេះបានបិទបញ្ចប់ភាពផ្ដាច់មុខរបស់ អាមេរិក និងធ្វើឱ្យប្រជាជនអាមេរិកយល់ថាពួកគេត្រូវរត់តាមពីក្រោយសូវៀត នៅក្នុងវិស័យទីអវកាស នាសម័យសង្រ្គាមត្រជាក់។


ថ្វីបើចិនបានអះអាងថាវត្ថុដែលខ្លួនបានបាញ់បង្ហោះជាផ្កាយរណបធម្មតា មិនមែនជាមីស៊ីលល្បឿនលឿនជាងសំឡេងក៏ដោយ ប៉ុន្តែសហរដ្ឋអាមេរិកនៅតែជឿជាក់ថា វាគឺជាអាវុធមានល្បឿនលឿនជាងសំឡេង ហើយព្រួយបារម្ភជាខ្លាំងចំពោះការធ្វើតេស្ដ។ តួយ៉ាង នាយសេនាធិការកងទ័ពចម្រុះអាមេរិក លោកឧត្ដមសេនីយ៍ Mark Milley ក៏ធ្លាប់បានបង្ហាញពីក្ដីកង្វល់ចំពោះការរីកចម្រើនទៅមុខរបស់ចិនក្នុងការអភិវឌ្ឍអាវុធប្រភេទនេះផងដែរ ខណៈក្រុមមន្ត្រីអាមេរិកកាន់តែច្រើនឡើងមានការ ព្រួយបារម្ភ ជាពិសេសក្រោយមានរបាយការណ៍ថ្មីមួយទើបតែចេញផ្សាយកាលពីចុងសប្ដាហ៍កន្លងទៅនេះ។


របាយការណ៍ដដែលបានឱ្យដឹងថាមីស៊ីលមានល្បឿនលឿនជាងសំឡេងរបស់ចិនមានសមត្ថភាពអាចធ្វើដំណើរ ឬហោះក្នុងល្បឿនលឿនជាងសំឡេង៥ដង នៅរយៈ កម្ពស់ទាប, អាចទម្លុះប្រព័ន្ធរ៉ាដា។ ប៉ុន្តែហេតុអ្វីបានជាអាមេរិកមានព្រួយបារម្ភបែបនេះ? បើតាមអ្នកវិភាគដូចជាលោក Cahal Milmo យល់ថាមានហេតុផលមួយដែល ធ្វើឱ្យអាមេរិកបារម្ភ នោះគឺទីក្រុងវ៉ាស៊ីនតោនចាប់ផ្ដើមគិតថាខ្លួនឯងកំពុងធ្លាក់ចូលក្នុងការរត់ប្រណាំងសព្វាវុធ និងទីអវកាសថ្មីមួយ ជាមួយចិនផង និងរុស្ស៊ីផងដែល ទើបតែត្រូវបានគេរាយការណ៍ថាបានធ្វើតេស្ដបាញ់កម្ទេចផ្កាយរណបកាលពីសប្ដាហ៍មុន។


លើសពីនេះទៅទៀត លោកឧត្ដមសេនីយ៍ David Thompson ជាអនុប្រធានប្រតិបត្តិការទីអវកាសនៃកងទ័ពអវកាសអាមេរិក ថែមទាំងបានទទួលស្គាល់កាលពីចុង សប្ដាហ៍នេះដែរថាសមត្ថភាពមីស៊ីលល្បឿនលឿនជាងសំឡេង នឹងបង្កភាពស្មុគស្មាញយ៉ាងខ្លាំងដល់ប្រព័ន្ធខែលការពារមីស៊ីលអាមេរិកដែលមានស្រាប់

នាពេលបច្ចុប្បន្ន ដ្បិតអាវុធប្រភេទនេះអាចប្ដូរទិសដៅភ្លាមៗ និងធ្វើឱ្យគេពិបាកក្នុងការវិនិច្ឆ័យថាតើវាបង្កគ្រោះថ្នាក់ធំប៉ុនណា?


តែទោះជាបែបនេះក្ដី ក្រុមអ្នកជំនាញជាច្រើនជឿជាក់ថាការធ្វើតេស្ដមីស៊ីលល្បឿនលឿនជាងសំឡេងរបស់ចិន នឹងមិនអាចកែប្រែតុល្យភាពអំណាចយោធាជាមួយ អាមេរិកបានភ្លាមៗនោះទេ។ អ្នកជំនាញផ្នែកការពារជាតិ គឺលោក Ryan Harden មកពីវិទ្យាស្ថាន Royal United Services Institute មានមូលដ្ឋាននៅឯទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស បានអះអាងថាការធ្វើតេស្ដមីស៊ីលល្បឿនលឿនជាងសំឡេងរបស់ចិន មើលទៅជាសារព្រមានមួយ ជាជាងមានបំណងផ្លាស់ប្ដូរសណ្ដាប់ធ្នាប់ ពិភពលោក។


លោក Ryan Harden បានបញ្ជាក់ដូច្នេះថា «ជំហររបស់យើង នោះគឺការធ្វើតេស្ដមីស៊ីលល្បឿនលឿនជាងសំឡេងរបស់ចិន នឹងមិនអាចកែប្រែតុល្យភាពកម្លាំងយោធា បានភ្លាមៗឡើយ។ ប៉ុន្តែ ប្រសិនបើចិននៅតែអភិវឌ្ឍបច្ចេកវិទ្យាអាវុធនេះដោយមិនមានការត្រួតពិនិត្យពីអន្តរជាតិ នោះច្បាស់ណាស់វាអាចនឹងធ្វើឱ្យប៉ះពាល់ដល់ តុល្យភាពអំណាចយោធានៅពេលអនាគត។ ដូច្នេះវាអាស្រ័យទៅលើអាមេរិក និងសម្ព័ន្ធមិត្តថាតើពួកគេត្រូវធ្វើដូចម្ដេច ដើម្បីធានាបានថាតល្យភាពកម្លាំងយោធា នឹងមិនល្អៀងទៅរកចិន៕


ប្រភព៖ inews.co.uk (ថ្ងៃពុធ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១)

ដោយៈ Fresh News