Wednesday, May 20, 2015

សម្តេចតេជោអំពាវនាវ ឲ្យស្ថាប័នឯករាជ្យ ទាំងអស់ ចូលរួមពិភាក្សាក្នុងការ រៀបចំគម្រោងថវិកា របស់ខ្លួនឲ្យមាន សុគតិភាព

សម្តេចតេជោ​ ហ៊ុន​ សែន ​នាយករដ្ឋមន្ត្រី ​នៃព្រះរាជាណាចក្រ​កម្ពុជា ​បានអំពាវនាវ​ឲ្យស្ថាប័ន​ឯករាជ្យ​ទាំងអស់​ដែលចាយថវិកាជាតិ​ ត្រូវចូលរួមពិភាក្សា​ជាមួយ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ដើម្បីរៀបចំគម្រោង​ថវិកា​សំរាប់ចំណាយប្រចាំឆ្នាំ ​របស់ស្ថាប័នខ្លួន​ឲ្យមានសុគតិភាព​ និង​ដើម្បីសម្រាល​បន្ទុករាជរដ្ឋាភិបាល​ ដែលជាអ្នកស្វែងរក​ចំណូល។​
ការថ្លែង​របស់សម្តេចតេជោ​យ៉ាងដូច្នេះ ​ធ្វើឡើង​ក្នុងឱកាស​ ដែលសម្តេច​អញ្ជើញ​ជាអធិបតីភាព​ ក្នុងពិធីបើក​កិច្ចប្រជុំ ​ប្រចាំ​ឆ្នាំ២០១៤​ ស្តីពី​កម្មវិធីកំណែទម្រង់​ការគ្រប់គ្រង​ ហិរញ្ញវត្ថុសាធារណៈ​ នៅសណ្ឋាគារ​ សុខាភ្នំពេញ ​ស្ថិតក្នុងខណ្ឌ​ជ្រោយចង្វា​ រាជធានីភ្នំពេញ ​នៅព្រឹកថ្ងៃទី២០​ ខែឧសភា ​ឆ្នាំ២០១៥នេះ។​
សម្តេចតេជោ​បានលើកឡើងថា​ «អ្វីដែលជាចំណោទ​បញ្ហានៅពេលនេះ ​សូមឲ្យក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ពិភាក្សា​ជាមួយស្ថាប័ន​ឯករាជ្យ​ដ៏ទៃទៀត​ ដូចជារដ្ឋសភា​ ព្រឹទ្ធសភា​ ក្រុមប្រឹក្សា​ធម្មនុញ្ញ ​សវនកម្ម ​គណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោត​។ល។ ​ឥឡូវ​នេះវា​លំបាក​សំរាប់​យើងដោយ​ផ្អែកទៅ​លើគោលការណ៍​ឯករាជ្យ​ ដូច្នេះគាត់​កំណត់ប្រាក់ខែ​ខ្លួន​ឯងស្រេច​តែចិត្ត​ ចំណាយស្រេចតែចិត្ត​ តើរាជរដ្ឋាភិបាល​រកលុយឲ្យនៅឯណា?​ ដូច្នេះត្រូវ​ចរចារគ្នា​ឡើងវិញ​។​»
​ជាមួយគ្នានេះដែរ​ សម្តេចតេជោ ​ហ៊ុន​ សែន​ ក៏បានធ្វើការអំពាវនាវ​ជាថ្មីម្តងទៀត​ ចំពោះស្ថាប័ន​ឯករាជ្យ​ទាំងអស់​ សូមកុំផ្អែក​តែលើបញ្ហាឯករាជ្យ​ សូមមេត្តា​កំណត់គម្រោង​ថវិកាជាមុន​ មុន​នឹង​ចំណាយ ​ហើយគួរមានការ​ចរចារ​គ្នាជាមួយក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ ​ដែលជា​សេនាធិការ​របស់រាជ​រដ្ឋាភិបាល។​ ​សម្តេចតេជោ ​បានមានប្រសាសន៍​បន្ថែមថា​ « ការធ្វើតាមចិត្ត​គឺវាអត់មាន​សុគតិភាព ​ជាមួយមន្ត្រី​រាជការស៊ីវិល ​និងកងកំលាំង​ប្រដាប់អាវុធ​ដែល​នៅក្រោម​នីតិបញ្ញតិ្ត ​ហើយវាក៏អត់មាន​សុគតិភាព​រវាងស្ថាប័ន ​ដែលមានចែង​ក្នុងរដ្ឋធម្មនុញ្ញ​ផងដែរ​។​»
​នៅក្នុងបញ្ហានេះដែរ​ ចំពោះការជ្រើសរើស​បុគ្គលិក​ និង​មន្រី្តដែលបំរើ​ការងារ​នៅក្នុងស្ថាប័ន​ឯករាជ្យទាំងអស់​ ក៏ជាបញ្ហាចោទ​មួយដែរ ​ដូច្នេះសម្តេច​ សូមធ្វើការអំពាវនាវ​ឲ្យមានការ​ពិភាក្សាគ្នា​លើបញ្ហានេះ ​ដើម្បី​ធានាសុគតិភាព​។​ សម្តេចតេជោ​សង្កត់ធ្ងន់ថា​ «បញ្ហាបុគ្គលិក​ដ៏ជាបញ្ហា​មួយដែរ ​បើមន្ត្រី​នៅរដ្ឋសភា​ និង​ព្រឹទ្ធសភា​ប្រាក់ខែខ្ពស់​ណាស់ទៅហើយ​ ជ្រើស​រើសបុគ្គលិក​ទៅតាមភាពឯករាជ្យ​របស់គាត់ ​គឺរើសបន្ថែមកាន់​តែច្រើន​ វាជាការបន្ថែម​បន្ទុក​ចំណាយ​ទៅលើថវិកាជាតិ​ថែមទៀត​  ដែលរាជរដ្ឋាភិបាល​ពិបាកប៉ាន់ស្មាន​ទៅ​លើស្ថាប័ន​ទាំងនោះបើ​សិនជាស្ថាប័ន​ទាំងអស់​ពង្រីក​ទំហំចំណាយ​តាមចិត្តចង់​។​»​
សម្តេចតេជោ ​ហ៊ុន​ សែន​ បានសំណូមពរថា​ គួរចរចារគ្នា​ឲ្យច្បាស់ថា ​ក្នុង១ឆ្នាំ​ត្រូវចាយ​ប៉ុន្មាន ​ដើម្បីគ្រោងទុក​នៅក្នុងច្បាប់​ថវិកាជាតិ​ ដូចជាការ​ចំណាយប្រក្រតី​របស់ខ្លូន​ទៅលើប្រាក់បៀវត្ស ​រឺការងារផ្សេងៗ​ក្នុង១ឆ្នាំប៉ុន្មាន? ​នេះជាការធ្វើ​គណនេយ្យភាព​ឲ្យមានសុគតិ​ភាពជាមួយគ្នា​។​​ដោយឡែកចំពោះ​ខ្ទង់ចំណាយ​របស់រាជរដ្ឋាភិបាល​ សម្តេចតេជោ​ បានពន្យល់ថា ​រាជរដ្ឋាភិបាល​មិនមែន​អនុម័តដោយ​ចិត្តឯងទេ ​គឺយកទៅ​ឲ្យសភាអនុម័ត​ បើសភាអនុម័ត​ហើយ​ឲ្យប៉ុន្មាន ​គឺរាជរដ្ឋាភិបាល​ចាយប៉ុណ្ណឹង​ ដូច្នេះសម្តេច​សូមអំពាវនាវ​ហើយអំពាវនាវ​ទៀត​ចំពោះស្ថាប័ន​ឯករាជ្យ​ទាំងអស់ ​ទាំងនីតិបញ្ញតិ្ត ​ទាំងរដ្ឋសភា​ ព្រឹទ្ធសភា​ ក្រុមប្រឹក្សា​ធម្មនុញ្ញ​ គណៈកម្មាការ​ជាតិរៀបចំការ​បោះឆ្នោត ​អង្គភាពសវនកម្ម ​និងអង្គភាព​ប្រឆាំងអំពើពុករលួយ​ ត្រូវតែមានការ​ពិភាក្សាអំពីកំរិត​បៀរវត្ស​មន្ត្រី ​និងការចំណាយ​នានា​ ជាមួយនឹង​ក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ដើម្បីដាក់ឆ្លង​ជាកញ្ចប់​ថវិកា​សំរាប់ការ​ចំណាយ​ទូទៅរបស់រដ្ឋ​សំរាប់ឆ្នាំ​នីមួយៗ​៕
អត្ថបទ៖ ច័ន្ទ ទេវី

តុលាការខ្មែរក្រហម បានចាប់ផ្តើមសវនាការវគ្គទី២ ក្នុងសំណុំរឿង ០០២ ដោយផ្តោតទៅលើការដ្ឋានការងារ



លោក​ នេត្រ ភក្ត្រា មន្ត្រី​នាំពាក្យ​នៃអង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា បាន​មានប្រសាសន៍​ឲ្យ​ដឹងនៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០១៥​ ថា អង្គជំនុំ​ជម្រះសាលា​ដំបូងនៃ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា បាន​ចាប់​ផ្តើម​សវនា​ការវគ្គទី២ហើយ ដោយផ្តោតសំខាន់លើមូលដ្ឋានការងារ

លោក នេត្រ ភក្ត្រា បាន​បន្តឲ្យ​ដឹងថា អង្គជំនុំ​ជម្រះ​សាលា​ដំបូងនឹង​ធ្វើសវនាការ​លើ ការដ្ឋានការងារ​ចំនួន​បី តាម​លំដាប់​លំដោយ​ដូចតទៅ៖ ទំនប់ ១ មករា, ការដ្ឋាន​ព្រលាន​យន្តហោះខេត្ត​កំពង់​ឆ្នាំង និងទំនប់​ត្រពាំង​ថ្ម។ អង្គ​ជំនុំជម្រះ​នឹង​រៀប​ចំស្តាប់​ការផ្តល់​សក្ខីកម្មពី​ដើមបណ្តឹងរដ្ឋប្ប​វេណី និងសាក្សីចំនួន ១០ រូប សម្រាប់​អង្គហេតុ​ទាក់ទង​នឹង​ការដ្ឋានការងារ​ទំនប់ ១ មករា នៅក្នុង​ខេត្ត​កំពង់​ធំ។ សាក្សីទី១ ដែលត្រូវ​បាន​កោះ​ ហៅ មក​ផ្តល់​សាក្សីកម្ម​នៅ​ចំពោះមុខ​អង្គ​ជំនុំជម្រះ​សាលា​ដំបូង គឺលោក ឱ ហូ អតីត​កម្មាភិបាល​ខ្មែរក្រហម​ដែល​បានធ្វើ​ការ​នៅនៅតំបន់​នោះ។

គួរបញ្ជាក់ថា សវនាការ​លើអង្គហេតុ​ថ្មី​ក្នុង​វគ្គ​ទី២នៃសំណុំរឿង ០០២ វគ្គ០២ នេះធ្វើ​ឡើងបន្ទាប់​ពីអង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​បាន បញ្ចប់​សវនាការវគ្គទី១ លើអង្គហេតុ​សហករណ៍ត្រាំកក់ និងមន្ទីរសន្តិសុខ​ក្រាំង​តាចាន់។ ចាប់តាំង​ពីបើក​សវនាការ ស្តាប់​សក្ខីកម្ម​នៅថ្ងៃ​ទី៨ ខែមករា ឆ្នាំ ២០១៥ រហូត​មកដល់​ថ្ងៃទី១៨ ខែឧសភា អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង  បាន​បើក​សវនាការ​រយៈពេល ៥៩០ ថ្ងៃ និង​បាន​ស្តាប់​ការផ្តល់​សក្ខីកម្ម​របស់សាក្សី អ្នក​ជំនាញ និង​ដើម បណ្តឹងរដ្ឋប្បវេណី​ចំនួន ៣៧ រូប ក្នុងនោះ​សាក្សី ១៨ រូប ដើម​បណ្តឹង​រដ្ឋប្បវេណី​ចំនួន ១៨ រូប និងអ្នកជំនាញ ១ រូប៕

អត្ថបទ៖ ច័ន្ទ ទេវី

សម្តេច​គតិព្រឹទ្ធិ​បណ្ឌិត​ ប៊ុន ​រ៉ានី​ ហ៊ុនសែន​ បាន​ឧបត្ថម្ភថវិកា​ដល់​មន្ទីរពេទ្យគន្ធបុប្ផា​ ១លាន​ដុល្លារ​

ដើម្បីចូល​រួមចំណែក​ជួយសង្គ្រោះ និងព្យាបាល​កុមារកម្ពុជា ដែល​មានជំងឺ​នៅទូទាំង​ប្រទេស ពិសេស​គឺកុមារដែល​មាន​ជំងឺ​ធ្ងន់ធ្ងរ ដែល​ត្រូវការការវះ​កាត់ និងព្យាបាល​តាម​ បច្ចេក​វិទ្យាទំនើប និង​យក​ចិត្តទុក​ដាក់​ខ្ពស់នោះ កាកបាទ​ក្រហម​កម្ពុជា នៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០១៥ បានបរិច្ចាគ​ថវិកា ដែល​ប្រមូលបាន​ពីសប្បុរសជន​នៅទូទាំង​ប្រទេសចំនួន ១លានដុល្លារអាមេរិក​ដល់ មន្ទីរពេទ្យគន្ធបុប្ផា។
សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក​បាទ​ក្រហមកម្ពុជា បាន​ប្រគល់​ថវិកា១លាន​ដុល្លារ របស់កាក​បាទក្រហម​កម្ពុជា ទៅឲ្យមន្ទីរ លោក វេជ្ជបណ្ឌិត Beat Richner ប្រធានមន្ទីរពេទ្យ​គន្ធបុប្ផា នៅស្នាក់​ការរបស់កាកបាទ​ក្រហម​កម្ពុជា ក្នុងឱកាស​ដែល​សម្តេច​គតិព្រឹទ្ធបណ្ឌិត ជួប​សំណេះសំណាល​ដោយ​ផ្ទាល់​ជាមួយ​លោក វេជ្ជបណ្ឌិត Beat Richner
សូមបញ្ជាក់ថា នេះមិន​មែនជា​លើក​ទី១ទេ ដែល​កាក​បាទ​ក្រហម​កម្ពុជា បាន​បរិច្ចាគ​ថវិកា ដល់មន្ទីរ​ពេទ្យគន្ធបុប្ផា ដោយ​ក្នុង​នោះជា​រៀងរាល់​ឆ្នាំ កាកបាទ​ក្រហម​កម្ពុជាតែង​ផ្តល់​ថវិកាដល់​មន្ទីរពេទ្យគន្ធបុប្ផា ចំនួន​១លាន​ដុល្លារ ដោយ​សារតែ​មើល​ឃើញ​ថា មន្ទីរពេទ្យ​នេះបានរួមចំណែក​យ៉ាងធំ​ធេង ក្នុង​ការជួយ​សង្គ្រោះកុមារ​កម្ពុជា ពិសេស​គឺកុមារដែល​មក​ពីគ្រួសារ​ក្រីក្រ ហើយ​មន្ទីរពេទ្យ​នេះ ទទួល​បាន​គាំទ្រ​យ៉ាង​ខ្លាំង ពីប្រជាពលរដ្ឋខ្មែរ និងបាន​ឲ្យ​ឈ្មោះថា​ជាមន្ទីរទេវតា ដែល​បានផ្តល់នូវ​ការសង្គ្រោះដល់​កុមាររាប់​សែន​នាក់​ជារៀង​រាល់​ឆ្នាំ។
ជារៀង​រាល់​ឆ្នាំ ក្រៅ​ពីកាកបាទ​ក្រហម​កម្ពុជា មន្ទីរពេទ្យ​គន្ធបុប្ផា​ក៏ទទួល​បាន​ការឧបត្ថម្ភ ពីរាជរដ្ឋាភិបាល​កម្ពុជា ១លានដុល្លារ, មូលធិនិបាយ័ន ៣០ម៉ឺនដុល្លារ និងពីសប្បុរជន​ជាច្រើនទៀតក្នុងប្រទេស។ ទោះជាយ៉ាង​ណាជំនួយ​ឧបត្ថម្ភ​ពីសប្បុរសជន​ក្នុង​ស្រុក នៅតែ​មានកម្រិត​នៅឡើយ បើធៀប​នឹង​ការចំណាយ​ប្រចាំឆ្នាំ​របស់​មន្ទីរពេទ្យ ដែល​តំរូវឲ្យ​លោក វេជ្ជបណ្ឌិត Beat Richner ប្រធានមន្ទីរ​ពេទ្យគន្ធបុប្ផា ត្រូវ​ស្វែងរក​ជំនួយ​បន្ថែម​ទៀត​ពីក្រៅ​ប្រទេស ដើម្បីទប់ទល់ និង​បន្តដំណើរ​ការរបស់​ខ្លួន ទន្ទឹមនឹង​ចំនួន​កុមារ​ដែល​មាន​ជំងឺ​កំពុង​កើន​ឡើង​ពី​មួយឆ្នាំ​ទៅ​មួយ​ឆ្នាំ។
តាមរបាយការណ៍ ដែល​ទទួល​បាន​ពីមន្ទីរពេល​គន្ធបុប្ផា បាន​ឱ្យដឹង​ថា រយៈពេល៤ខែ ចាប់​ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០១៥ មន្ទីរពេទ្យ​គន្ធបុប្ផា បាន​ពិនិត្យ​ជំងឺ​ជូនកុមារ ចំនួន ២២៣ ៤៩៥នាក់ ក្នុងនោះ​មាន​កុមារ ៣៤ ៨៨៥នាក់ បាន​សម្រាកព្យាបាល មានកុមារ ៦ ៣៣៦នាក់ បានឆ្លង​កាត់​ការវះ​កាត់ និងកុមារ ៦៥.៧៩៧នាក់ បាន​ទទួល​ការចាក់​វ៉ាក់សាំង ប្រឆាំង​នឹង​ជំងឺរ​លាក​ខួរក្បាល៕
អត្ថបទ៖ ច័ន្ទ ទេវី​