Wednesday, May 20, 2015

សម្តេច​គតិព្រឹទ្ធិ​បណ្ឌិត​ ប៊ុន ​រ៉ានី​ ហ៊ុនសែន​ បាន​ឧបត្ថម្ភថវិកា​ដល់​មន្ទីរពេទ្យគន្ធបុប្ផា​ ១លាន​ដុល្លារ​

ដើម្បីចូល​រួមចំណែក​ជួយសង្គ្រោះ និងព្យាបាល​កុមារកម្ពុជា ដែល​មានជំងឺ​នៅទូទាំង​ប្រទេស ពិសេស​គឺកុមារដែល​មាន​ជំងឺ​ធ្ងន់ធ្ងរ ដែល​ត្រូវការការវះ​កាត់ និងព្យាបាល​តាម​ បច្ចេក​វិទ្យាទំនើប និង​យក​ចិត្តទុក​ដាក់​ខ្ពស់នោះ កាកបាទ​ក្រហម​កម្ពុជា នៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០១៥ បានបរិច្ចាគ​ថវិកា ដែល​ប្រមូលបាន​ពីសប្បុរសជន​នៅទូទាំង​ប្រទេសចំនួន ១លានដុល្លារអាមេរិក​ដល់ មន្ទីរពេទ្យគន្ធបុប្ផា។
សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក​បាទ​ក្រហមកម្ពុជា បាន​ប្រគល់​ថវិកា១លាន​ដុល្លារ របស់កាក​បាទក្រហម​កម្ពុជា ទៅឲ្យមន្ទីរ លោក វេជ្ជបណ្ឌិត Beat Richner ប្រធានមន្ទីរពេទ្យ​គន្ធបុប្ផា នៅស្នាក់​ការរបស់កាកបាទ​ក្រហម​កម្ពុជា ក្នុងឱកាស​ដែល​សម្តេច​គតិព្រឹទ្ធបណ្ឌិត ជួប​សំណេះសំណាល​ដោយ​ផ្ទាល់​ជាមួយ​លោក វេជ្ជបណ្ឌិត Beat Richner
សូមបញ្ជាក់ថា នេះមិន​មែនជា​លើក​ទី១ទេ ដែល​កាក​បាទ​ក្រហម​កម្ពុជា បាន​បរិច្ចាគ​ថវិកា ដល់មន្ទីរ​ពេទ្យគន្ធបុប្ផា ដោយ​ក្នុង​នោះជា​រៀងរាល់​ឆ្នាំ កាកបាទ​ក្រហម​កម្ពុជាតែង​ផ្តល់​ថវិកាដល់​មន្ទីរពេទ្យគន្ធបុប្ផា ចំនួន​១លាន​ដុល្លារ ដោយ​សារតែ​មើល​ឃើញ​ថា មន្ទីរពេទ្យ​នេះបានរួមចំណែក​យ៉ាងធំ​ធេង ក្នុង​ការជួយ​សង្គ្រោះកុមារ​កម្ពុជា ពិសេស​គឺកុមារដែល​មក​ពីគ្រួសារ​ក្រីក្រ ហើយ​មន្ទីរពេទ្យ​នេះ ទទួល​បាន​គាំទ្រ​យ៉ាង​ខ្លាំង ពីប្រជាពលរដ្ឋខ្មែរ និងបាន​ឲ្យ​ឈ្មោះថា​ជាមន្ទីរទេវតា ដែល​បានផ្តល់នូវ​ការសង្គ្រោះដល់​កុមាររាប់​សែន​នាក់​ជារៀង​រាល់​ឆ្នាំ។
ជារៀង​រាល់​ឆ្នាំ ក្រៅ​ពីកាកបាទ​ក្រហម​កម្ពុជា មន្ទីរពេទ្យ​គន្ធបុប្ផា​ក៏ទទួល​បាន​ការឧបត្ថម្ភ ពីរាជរដ្ឋាភិបាល​កម្ពុជា ១លានដុល្លារ, មូលធិនិបាយ័ន ៣០ម៉ឺនដុល្លារ និងពីសប្បុរជន​ជាច្រើនទៀតក្នុងប្រទេស។ ទោះជាយ៉ាង​ណាជំនួយ​ឧបត្ថម្ភ​ពីសប្បុរសជន​ក្នុង​ស្រុក នៅតែ​មានកម្រិត​នៅឡើយ បើធៀប​នឹង​ការចំណាយ​ប្រចាំឆ្នាំ​របស់​មន្ទីរពេទ្យ ដែល​តំរូវឲ្យ​លោក វេជ្ជបណ្ឌិត Beat Richner ប្រធានមន្ទីរ​ពេទ្យគន្ធបុប្ផា ត្រូវ​ស្វែងរក​ជំនួយ​បន្ថែម​ទៀត​ពីក្រៅ​ប្រទេស ដើម្បីទប់ទល់ និង​បន្តដំណើរ​ការរបស់​ខ្លួន ទន្ទឹមនឹង​ចំនួន​កុមារ​ដែល​មាន​ជំងឺ​កំពុង​កើន​ឡើង​ពី​មួយឆ្នាំ​ទៅ​មួយ​ឆ្នាំ។
តាមរបាយការណ៍ ដែល​ទទួល​បាន​ពីមន្ទីរពេល​គន្ធបុប្ផា បាន​ឱ្យដឹង​ថា រយៈពេល៤ខែ ចាប់​ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០១៥ មន្ទីរពេទ្យ​គន្ធបុប្ផា បាន​ពិនិត្យ​ជំងឺ​ជូនកុមារ ចំនួន ២២៣ ៤៩៥នាក់ ក្នុងនោះ​មាន​កុមារ ៣៤ ៨៨៥នាក់ បាន​សម្រាកព្យាបាល មានកុមារ ៦ ៣៣៦នាក់ បានឆ្លង​កាត់​ការវះ​កាត់ និងកុមារ ៦៥.៧៩៧នាក់ បាន​ទទួល​ការចាក់​វ៉ាក់សាំង ប្រឆាំង​នឹង​ជំងឺរ​លាក​ខួរក្បាល៕
អត្ថបទ៖ ច័ន្ទ ទេវី​





No comments:

Post a Comment