Monday, November 24, 2014

សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន អញ្ជើញ​ទៅ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​កម្ពុជា ឡាវ វៀតណាម (CLV) លើក​ទី៨ នៅ​ឡាវ



នា​រសៀល​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៤ សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា រួម​ជាមួយ​គណៈ​ប្រតិភូ​អម​ដំណើរ​បាន​ចាក​ចេញ​ពី​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​កំពូល​កម្ពុជា ឡាវ វៀត​ណាម (CLV) លើក​ទី៨ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៤ នៅ​ទីក្រុង​វៀង​ច័ន្ទ សាធារណរដ្ឋ​ប្រជាធិប​តេយ្យ​ប្រជាមានិត​ឡាវ។​
គណៈ​ប្រតិភូ​ជាន់​ខ្ពស់​រាជរដ្ឋាភិបាល​ បាន​អញ្ជើញ​ទៅ​ដល់​ចំណត​អាកាស​យានដ្ឋាន​អន្តរ​ជាតិ​វ៉ាត់តៃ នៃ​សាធារណរដ្ឋ​ប្រជាធិប​តេយ្យ​ប្រជាមានិត​ឡាវ ប្រកប​ដោយ​សុវត្ថិ​ភាព កាល​ពីវេលា​ម៉ោង១៦ និង៣០​នាទី ថ្ងៃ​ដដែល។
សម្តេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តីនៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​ ទទួល​បាន​ការ​ធ្វើ​បដិសណ្ឋារ​កិច្ច​ស្វាគមន៍​ ​ពីឯកឧត្តម Boon Preet SamSangSaih រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌នៃ​សាធារណរដ្ឋ​ ​ប្រជាធិប​តេយ្យ​ប្រជាមានិត​ឡាវ ឯកឧត្តម​ឯក​អគ្គរដ្ឋ​ទូតឡាវ​ប្រចាំ​កម្ពុជា ឯកឧត្តម ហើស​ សេរីធន ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​ឡាវ ព្រម​ទាំង​ឯកឧត្តម លោក​ជំទាវ ជា​ឥស្សរជន​ជាន់​ខ្ពស់ នៃ​ប្រទេស​ឡាវ និង​មន្រ្តី​ការទូត​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា​ជា​ច្រើន​រូប​ទៀត។
តាម​កម្មវិធី​ដែល​បាន​គ្រោង​ទុក ក្រៅ​ពីការ​អញ្ជើញ​ចូលរួម​កិច្ច​ប្រជុំកំពូល​លើក​ទី​៨ ស្តីពី​កិច្ច​សហ​ប្រតិ​បត្តិការ​អភិវឌ្ឍន៍​តំបន់​ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម សម្តេច​តេជោ​នាយក​រដ្ឋ​មន្រ្តី នឹង​អញ្ជើញ​ចូល​ជួប​សំដែង​ការគួរសម​ជាមួយ​ឯកឧត្តម ជុំម៉ាលី សា​យ៉ា​សន ប្រធាន​រដ្ឋ នៃ​សាធា​រណរដ្ឋប្រជាធិប​តេយ្យ​ប្រជាមានិត​ឡាវ ព្រមទាំ​ង​ជួប​ពិភាក្សា​ទ្វេ​ភាគី​ជាមួយ​ឯកឧត្តម ង្វៀន តាន់យ៉ុង (Nguyen Tan Dung) នាយក​រដ្ឋមន្រ្តី នៃ​សាធារ​ណរដ្ឋ​សង្គម​និយមវៀត​ណាម ក្នុង​ខណៈ​ដែលប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​អញ្ជើញ​ចូល​រួមកិច្ច​ប្រជុំ​កំពូ​លនេះ៕

សម្តេច​តេជោ៖​អ្នក​ដឹកនាំ​មិន​ប្រកាន់​អាយុ សំខាន់​លើ​ប្រសិទ្ធ​ភាព​ការងារ



លោក រ៉ាឌី ម៉ម( Rady Mom) តំណាង​រាស្ត្រ​តំបន់​ទី​១៨ ទី​ក្រុងឡូវេល នៃ​រដ្ឋ​ម៉ាស្សា​ឈូ​សេត សហរដ្ឋ​អាមេរិក ដែល​មាន​ដើម​កំណើត​ជាខ្មែរ​នៅ​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០១៤ បាន​សម្តែង​ការ​សប្បាយ​រីករាយ និង​អរគុណ​ចំពោះ​សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ដែល​បាន​ផ្តល់​ការ​អនុញ្ញាត ឲ្យ​លោក​បាន​ជួប​សម្តែង​គួរ​សម​ស្វែង​យល់​ពី​សភាពការណ៍​ក្នុង​ព្រះរាជាណា​ចក្រ​កម្ពុជា និង​បាន​ទទួល​អនុ​សាសន៍​បទ​ពិសោធន៍​ពីសម្តេចតេជោ​ក្នុង​ការ​ដឹកនាំ​ប្រទេស​ផងដែរ។ នេះ​បើ​តាម​ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​ឱ្យ​ដឹង។
នៅ​ក្នុង​ជំនួប​នៅ​វិមាន​សន្តិភាព លោក រ៉ាឌី ម៉ម( Rady Mom) បាន​មាន​ប្រសាសន៍​ថា អ្វី​ដែល​ជា​កិច្ច​ប្រឹងប្រែង​របស់​លោក​នៅ​សហរដ្ឋអាមេរិក ជាពិសេស​នៅ​ក្រុងឡូវែល​នេះ គឺ​ដើម្បី​ជា​បង្គោល​ជួយ​ដល់​ប្រជាជន​កម្ពុជា ក៏ដូចជា​ដើម្បី​បម្រើ​ការងារ​នៅ​ក្នុង​សហរដ្ឋ​អាមេ​រិក​ផង​ដែរ។ លោក រ៉ាឌី ម៉ម (RadyMom) បញ្ជាក់ថា លោក​ចូល​ជួប​សម្តែង​ការគួរ​សម​ជា​មួយ​សម្តេច​តេជោ​នា​ពេល​នេះ គឺ​ដើម្បី​សុំ​ស្វែង​យល់​អំពី​កម្ពុជា​ផង និង​ដើម្បី​គោរព​សុំ​នូវ​អនុ​សាសន៍ ដើម្បី​ជា​ការសិក្សា​ក្នុង​ការដឹកនាំ​ប្រទេស​របស់​សម្តេច​តេជោ ដែល​បាន​ដឹកនាំ​កម្ពុជា​បាន​ទទួល​មក​នូវ​សន្តិភាព ស្ថិរភាព និង​កំពុង​តែ​អភិវឌ្ឍន៍​នេះ។
សម្តេច​តេជោ​នាយករដ្ឋមន្ត្រីបាន​សម្តែង​នូវការ​សប្បាយ​រីករាយ​អបអរ​សាទរ ជូន​ចំ​ពោះ​លោក រ៉ាឌី ម៉ម (Rady Mom) ដែល​ត្រូវ​បាន​ទទួល​ការ​គាំទ្រ​ធ្វើ​ជា​តំណាង​រាស្ត្រ​អាមេរិក។ សម្តេច​តេជោ​បាន​ថ្លែង​អំណរគុណ​ជូន​ចំពោះ​គណៈប្រតិភូ​អមដំណើរ​ជាមួយ​លោក រ៉ាឌី ម៉ម (Rady Mom) ដែល​ទោះ​បី​ជា​នៅ​ទី​ណា​ក៏ដោយ ឆ្ងាយ​ពីប្រទេស​កម្ពុជា​ក៏ដោយ ក៏នៅ​ចាត់​ទុក​ខ្លួន​ថា ជាជន​ជាតិ​ខ្មែរ​ដដែល។ សម្តេច​តេជោ​បាន​រលឹក​ថា ករណី​ដែល​ប្រជាពល​រដ្ឋ​ខ្មែរ​នៅ​ទីក្រុងឡូវេល បាន​នាំ​នូវ​ទូក​ប្រណាំង​មួយ​ទៅ​ទីក្រុង​នោះ គឺ​ជា​ការឆ្លុះ​បញ្ចាំង​ពី​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​វប្បធម៌​ទំនៀម​ទម្លាប់ និង​ប្រពៃណី​របស់​កម្ពុជា​ ដែល​ជា​អត្តញ្ញាណ​មួយ​បញ្ជាក់​នៅ​កម្ពុជា។
សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​ជូន​លោក រ៉ាឌី ម៉ម (Rady Mom) នូវ​ចំណុច​សំខាន់ៗ ជា​ទស្សនា​ទាន​ថា អ្នក​ដឹកនាំ​យុវវ័យ​អាយុ​គឺ​មិន​សំខាន់​ទេ អ្វី​ដែល​កត្តា​សំខាន់​នោះ គឺ​ប្រសិទ្ធ​ភាព​ការងារ។ ធ្វើ​ការ​កាន់​តែខ្ពស់​ត្រូវ​ឱន​ឱ្យ​កាន់​តែ​ទាប ដែល​នេះ​ជាពាក្យ​ស្លោក​របស់​កម្ពុជា ដែល​និយាយ​ថា ងើយ ស្កក ឱន​ដាក់​គ្រាប់។ សម្តេច​តេជោ​មាន​ប្រសាសន៍​បញ្ជាក់​ថា ទោះ​បី​មានតួនាទី​ខ្ពស់​យ៉ាង​ណា​ក៏​ដោយ គឺ​មិន​ត្រូវ​ភ្លេច​អ្នក​ក្រនោះ​ទេ។ ធ្វើជា​តំណាង​រាស្ត្រ​មិន​ត្រូវ​ឆ្មើង​កន្ទ្រើង​ជាមួយ​ប្រជាជន​នោះ​ទេ។ ភាព​ឆ្មើង​កន្ទ្រើង​នោះ គឺ​នាំ​ទៅ​ដល់​ភាព​ឯកោ​ដោយ​ខ្លួន​ឯង។ សម្តេចតេជោ​មាន​ប្រសាសន៍​សង្កត់​ធ្ងន់​ថា ប្រសិទ្ធ​ភាព​ការងារ គឺ​ស្ថិត​នៅ​លើ​ព័ត៌មាន ដែល​ក្តាប់​បាន ហើយ​ការងារ​នឹង​បង្រៀន​យើង ព្រោះ​គ្មាន​សាលា​ណាប​ង្រៀន​ឱ្យ​ធ្វើ​ជា​តំណាង​រាស្ត្រ ឬ​ឱ្យ​ធ្វើ​ជា​អ្វី​នោះ​ទេ។
ក្នុង​ឱកាស​ជួប​សំណេះ​សំណាល​នោះ​ដែរ សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី ក៏​បាន​រំលឹក​អំពី​ប្រវត្តិ និង​ដំណើរការ​នៃយុទ្ធ​សាស្ត្រ ឈ្នះ!​ឈ្នះ! រំលាយ​អង្គការ​ចាត់​តាំង​នយោបាយ និង​យោធា​ខ្មែរ​ក្រហម ដោយ​មិន​មាន​ការ​បង្ហូរ​ឈាម នាំ​មក​នូវ​សុខ​សន្តិភាព និង​ការ​បង្រួប​បង្រួម​ជាតិ ដែល​សម្តេច​បានដាក់​ចេញ​ប្រវត្តិ​នៃ​ទំនាក់​ទំនង​របស់​កម្ពុជា ជាមួយ​ប្រទេស​ជិត​ខាង​ផង ក៏​ដូចជា​ស្ថានភាព​ទូទៅ​នៅ​ក្នុងពិភព​លោក​ផងដែរ៕