Tuesday, January 22, 2019

ចិនជាប្រទេសនាំមុខ ដែលបានបណ្តាក់ទុនវិនិយោគធំជាងគេនៅកម្ពុជា

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ចិនបន្តស្ថិតនៅជាប្រទេសនាំមុខដែលបានបណ្តាក់ទុនវិនិយោគធំជាងគេបង្អស់ នៅកម្ពុជាក្នុងឆ្នាំ២០១៨ ដែលមានទំហំទុនវិនិយោគសរុបប្រមាន ៣,៦ ប៊ីលានដុល្លារ ស្មើនឹង៥៣% នៃទំហំវិនិយោគសរុប ពោលគឺកើនឡើងប្រមាណ ៥៤% ធៀបនិងឆ្នាំ ២០១៧។ លោកបានថ្លែងដូចនេះ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញឡើងថ្លែងសុន្ទរកថាគន្លឹះ ក្នុងពិធីបើកវេទិកាស្តីពីការជំរុញនិងវិនិយោគកម្ពុជា-ចិន ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា កាលពីឆ្នាំ២០១៧កន្លងទៅ ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរកម្ពុជា-ចិន សម្រេចបានប្រមាណ ៦ប៊ីលានដុល្លារ ហើយផ្តើមចេញពីលទ្ធផលផ្លែផ្កាដែលបានអនុវត្តក្នុងឆ្នាំ២០១៧ ប្រទេសទាំងពីរបានដាក់ចេញនូវគោលដៅថ្មីទៀត ដើម្បីជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យឈានដល់ ១០ប៊ីលានដុល្លារអាមេរិក នៅឆ្នាំ២០២៣។
បន្ថែមពីនេះ កម្ពុជាបានបន្តធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនលើវិស័យនានា ទាក់ទងនឹងវិស័យពាណិជ្ជកម្ម ដូចជាបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា នៅក្នុងទីក្រុងមួយចំនួននៃប្រទេសចិន ការចុះហត្ថលេខាលើលិខិតប្តូរសារ ដែលបានផ្តល់ឱ្យកម្ពុជានូវប្រព្រឹត្តិកម្មមិនជាប់ពន្ធគយគ្របដណ្តប់លើ ៩៧% នៃបន្ទាត់ពន្ធគយសរុប និងការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាមួយចំនួន ក្នុងវិស័យពាណិជ្ជកម្ម។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា ទំហំវិនិយោគបានស្ទុះឡើងរហូតដល់ប្រមាណ ៦,៨ប៊ីលានដុល្លារ កើនប្រមាណ៧% បៀបនឹងឆ្នាំ២០១៧ ក្នុងនោះប្រទេសចិនបន្តស្ថិតនៅជាប្រទេសនាំមុខ ដែលបានបណ្តាក់ទុនវិនិយោគធំជាងគេបង្អស់នៅកម្ពុជាក្នុងឆ្នាំ២០១៨ ដែលមានទំហំទុនវិនិយោគសរុបប្រមាន ៣,៦ ប៊ី លានដុល្លារ ស្មើនឹង៥៣% នៃទំហំវិនិយោគសរុប ពោលគឺកើនឡើងប្រមាណ ៥៤% ធៀបនិងឆ្នាំ ២០១៧៕


រាជរដ្ឋាភិបាលកម្ពុជា សម្រេចធ្វើកំណែទំរង់ស៊ីជម្រៅលើប្រព័ន្ធសេដ្ឋកិច្ចផ្ទៃក្នុង ដើម្បីធានាដល់ការវិនិយោគ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា លោកបានសម្រេចធ្វើកំណែទំរង់ស៊ីជម្រៅលើប្រព័ន្ធសេដ្ឋកិច្ចផ្ទៃក្នុងតាមរយៈការដាក់ចេញ និងអនុវត្តន៍នូវវិធានការថ្មីមួយ គឺការរក្សាទុកតែភ្នាក់ងារគយប៉ុណ្ណោះ ក្នុងការត្រួតពិនិត្យទំនិញ នៅតាមច្រកទ្វារអន្តរជាតិ ច្រកទ្វារព្រំដែនអន្តរជាតិ ច្រកទ្វារព្រំដែនទ្វេភាគី ច្រកទ្វារតំបន់ព្រំដែន និងច្រកទ្វារកំពង់ផែសមុទ្រ តំបន់សេដ្ឋកិច្ចពិសេស ទីកន្លែងសន្និធិគយបណ្តោះអាសន្ន និងទីកន្លែងត្រួតពិនិត្យទំនិញនាំចេញ នាំចូលផ្សេងទៀត។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញឡើងថ្លែងសុន្ទរកថាគន្លឹះ ក្នុងពិធីបើកវេទិកាស្តីពីការជំរុញ និងវិនិយោគកម្ពុជា-ចិន។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសង្កត់ធ្ងន់ថា ការសម្រេចបែបនេះ គឺជាការអនុវត្តនូវអភិក្រមវះកាត់ ដែលជាការកែទំរង់ដ៏ធំសំម្បើមមួយរបស់កម្ពុជា ដើម្បីកាត់បន្ថយភាពស្មុគស្មាញ និងថ្លៃដើមក្នុងការធ្វើពាណិជ្ជកម្ម សំដៅធ្វើឱ្យកាន់តែល្អប្រសើរនូវបរិយាកាសអំណោយផលសម្រាប់ធុរកិច្ច និងការវិនិយោគ និងការលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍លើកឡើងពីវិធានការមុតស្រួច និងជាក់ស្តែងដែលរាជរដ្ឋាភិបាលបានដាក់ចេញ ក្នុងនោះរួមមាន៖ ទី១- ភាពអំណោយផលនៃស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ទី២- ការបើកចំហរសេដ្ឋកិច្ចសម្រាប់អ្នកវិនិយោគទាំងអស់ ដោយគ្មានការរើសអើងរវាងអ្នកវិនិយោគកម្ពុជា និងអ្នកវិនិយោគបរទេសនោះទេ ទី៣- កម្លាំងពលកម្មដែលមានភាពសំបូរបែប និងវ័យក្មេង ដែលក្នុងនោះប្រជាជនដែលមានអាយុ៣៥ឆ្នាំចុះ មានចំនួនដល់ទៅ៧២% នៃចំនួនប្រជាជនសរុប គួបផ្សំនឹងប្រាក់ឈ្នូលដែលមានភាពប្រកួតប្រេជែង ទី៤- កម្ពុជាស្ថិតនៅលើទីតាំងយុទ្ធសាស្រ្តក្នុងតំបន់អាស៊ាន ដែលតំបន់នេះបាននិងកំពុងក្លាយជារោងចក្រនៃអាស៊ី។ ទំនិញផលិតនៅកម្ពុជាអាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ទីផ្សារអនុតំបន់មេគង្គ ទីផ្សារអាស៊ាន និងទីផ្សារដទៃទៀត ក្នុងពិភពលោក និងទី៥- កម្ពុជា ចិន មានកិច្ចព្រមព្រៀងជាមួយគ្នាជាច្រើន ដែលជួយជំរុញនិងផ្តល់អត្ថប្រយោជន៍យ៉ាងសំបូរបែប ជូនដល់ធុរជន និងអ្នកវិនិយោគិនចិន ទាំងការលើកទឹកចិត្ត និងការធានាការវិនិយោគ៕


កម្ពុជាត្រូវបានគេទទួលស្គាល់ថា ជាប្រទេសមានការផ្លាស់ប្តូរយ៉ាងប្រសើរ ទាំងទិដ្ឋភាពនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងសង្គម

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា បន្ទាប់ពីកម្ពុជាសម្រេចបាននូវសុខសន្តិភាពយ៉ាងពេញលេញ ព្រមទាំងការឯកភាពជាតិ និងឯកភាពទឹកដីទាំងស្រុង នៅចុងឆ្នាំ១៩៩៨ តាមរយៈការដាក់ចេញ និងអនុវត្តន៍នូវនយោបាយឈ្នះ ឈ្នះ រយៈពេលជាង២ទស្សវត្សរ៍កន្លងមកនេះ កម្ពុជាត្រូវបានគេទទួលស្គាល់ថា មានការផ្លាស់ប្តូរយ៉ាងប្រសើរ ទាំងទិដ្ឋភាពនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងសង្គម ជាមួយនឹងអាត្រានៃកំណើនសេដ្ឋកិច្ច ប្រចាំឆ្នាំជាមធ្យម៧%។
លោក បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញឡើងថ្លែងសុន្ទរកថាគន្លឹះ ក្នុងពិធីបើកវេទិកាស្តីពីការជំរុញ និងវិនិយោគកម្ពុជា-ចិន ដែលមានអ្នកធុរកិច្ច និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងផ្នែកឯកជននៃប្រទេសទាំងពីរប្រមាណ៧០០នាក់។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា កំណើនសេដ្ឋកិច្ចខ្ពស់នេះ បានធ្វើឱ្យកម្ពុជាសម្រេចបានឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥ និងស្ថិតនៅលើគន្លងនៃការឈានទៅសម្រេចបាននូវឋានៈនៃប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់នៅត្រឹមឆ្នាំ២០៣០ នឹងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ និងកំពុងអនុវត្តន៍គោលនយោបាយ អភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ដែលជាយុទ្ធសាស្រ្តកំណើនសេដ្ឋកិច្ចថ្មី សំដៅធ្វើពិពិធកម្មសេដ្ឋកិច្ច និងកែប្រែរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ពីឧស្សាហកម្មអតិពលកម្មទៅជាឧស្សាហកម្មផ្អែកលើជំនាញត្រឹមឆ្នាំ២០២៥ ដែលគោលនយោបាយនេះមានភាពស៊ីសង្វាក់គ្នា ជាមួយនឹងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយផងដែរ៕





(សូមទស្សនាវីដេអូ)៖ ក្រុមរបស់ លោក កឹម សុខា ប្រកាសថា រាល់ការសម្រេចទាំងឡាយណា ក្រោមការដឹកនាំរបស់ លោក សម រង្ស៊ី មិនអាចយកជាការបានទេ

ចិន បន្តគាំទ្រលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សម្រាប់រយៈពេលវែង និងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា

ប៉េងកាំង៖ នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានទទួលជួបសម្តែងការគួរសមជាមួយ លោក សុង តាវ រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយ នីស្តចិន។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថ្លែងនូវអំណរគុណជូនចំពោះលោក សុង តាវ ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអញ្ជើញមកជួបសួរសុខទុក្ខ ដោយផ្ទាល់ចំពោះរូបលោកនៅទីក្រុងប៉េកាំងនាពេលនេះ បន្ទាប់ពីការជួបនៅរាជធានីភ្នំពេញ កាលពីពេលថ្មីៗកន្លងទៅ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក សុង តាវ ក៏បានធ្វើការពិភាក្សាគ្នាយ៉ាងស៊ីជម្រៅទៅលើការពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរកម្ពុជា ចិន ទាំងផ្នែករដ្ឋ គណបក្ស និងផ្នែកឯកជន ពិសេសការតភ្ជាប់រវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ។
លោក សុង តាវ បានមានប្រសាសន៍ថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺជាអ្នកដែលបានយកចិត្តទុកដាក់ពីទំនាក់ទំនងរវាងចិន និងកម្ពុជាតាមរយៈទស្សនកិច្ច និងការងារផ្សេងៗទៀតពិសេសទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋ។ លោក បានមានប្រសាសន៍ថា ប្រធានាធិបតីចិន ស៊ី ជិនពីង បានចាត់ទុកលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺជាមិត្តដែកថែមសម្រាប់ប្រទេសនិងប្រជាជនចិន។
តាមរយៈនេះ ចិននឹងបន្តគាំទ្រលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សម្រាប់រយៈពេលវែង និងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ពិសេសគាំទ្រដល់កម្ពុជាក្នុងការការពារអធិបេតយ្យភាព និងឯករាជ្យភាពរបស់ខ្លួនឱ្យកាន់តែរឹងមាំថែមទៀត។ លោក សុង តាវ ក៏បានគូសបញ្ជាក់ជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ពីកម្មវិធីជាច្រើនទៀត ក្នុងការជួយដល់កម្ពុជាក្នុងនោះរួមទាំងវិស័យអាទិភាពរបស់កម្ពុជាគឺការបណ្តុះបណ្តាលធនធានមនុស្ស ពិសេសមន្រ្តីកម្ពុជា។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា លោកពិតជាមានមោទនភាពចំពោះទំនាក់ទំនងនៃប្រទេសទាំងពីរ ពិសេសបានថ្លែងអរគុណដល់ប្រទេសចិន ដែលបានជួយគាំទ្រដល់កម្ពុជាលើគ្រប់វិស័យ។ លោក បានបន្តថា នយោបាយខ្សែក្រវ៉ាត់មួយ ផ្លូវមួយ គឺផ្សាភ្ជាប់ទៅនឹងយុទ្ធសាស្រ្តចតុកោណរបស់កម្ពុជាដែលនោះគឺជាវិថីដ៏ល្អក្នុងការជំរុញទាក់ទំនងនៃប្រទេសទាំងពីរកាន់តែស៊ីជំរៅថែមទៀត៕



ប្រធានសមាគមមិត្តភាពចិន-កម្ពុជា អបអរសាទរជូនចំពោះគណបក្សប្រជាជនកម្ពុជាដែលទទួលបានជ័យជំនះការបោះឆ្នោតសាកលឆ្នាំ២០១៨

នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអនុញ្ញាតឱ្យលោកស្រី Gu Xiulian ប្រធានសមាគមមិត្តភាពចិន-កម្ពុជា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។ លោកស្រី Gu Xiulian មានប្រសាសន៍ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានអនុញ្ញាតឱ្យថ្នាក់ដឹកនាំនៃសមាគមមិត្តភាពចិន កម្ពុជា បានជួបសំណេះសំណាលនៅទីក្រុងប៉េកាំងប្រទេសចិន ក្នុងឱកាសដែលរូបលោកអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការដ៏មមាញឹកបំផុតនេះ។
លោកស្រី ប្រធានសមាគមមិត្តភាពចិន-កម្ពុជា ក៏បានជំរាបជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ពីភាពរីកចម្រើនធំធាត់ពីមួយថ្ងៃទៅមួយថ្ងៃ បន្ទាប់ពីប្រទេសទាំងពីរចិន កម្ពុជា បានបង្កើតឡើងនូវសមាគមមិត្តភាពចិន កម្ពុជាកាលពីពេលកន្លងទៅ។ លោកស្រី ក៏បានជំរាបជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែរថា សមាគមមិត្តភាពចិន កម្ពុជា មានសមាជិកចូលរួមគឺជាអតីតមន្រ្តីការទូតរបស់ប្រទេសចិន ប្រចាំកម្ពុជា និងអ្នកមួយចំនួនទៀត ក៏ជាអ្នកធ្លាប់បំពេញការងារមនុស្សធម៌មួយចំនួនក្នុងប្រទេសកម្ពុជា។ លោកស្រី ក៏បានសម្តែងនូវការអបអរ សាទរជូនចំពោះគណបក្សប្រជាជនកម្ពុជាដែលទទួលបានជ័យជំនះភ្លូកទឹកភ្លូកដីពីការបោះឆ្នោតសាកលឆ្នាំ២០១៨កន្លងទៅ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានប្រសាសន៍សម្តែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះថ្នាក់ដឹកនាំនៃសមាគមមិត្តភាពចិន កម្ពុជា ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការជួយដល់បុព្វហេតុមនុស្សធម៌ក្នុងប្រទេសកម្ពុជាកាលពីពេលកន្លងទៅ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានសម្តែងនូវសេចក្តីសប្បាយរីករាយផងដែរដោយបានជួបថ្នាក់ដឹកនាំនៃសមាគមមិត្តភាពចិន កម្ពុជា ជាថ្មីម្តងទៀត បន្ទាប់ពីបានជួបក្នុងព្រឹត្តិការណ៍នៃការប្រារព្ធខួប៦០ឆ្នាំ នៃទំនាក់ទំនងការទូតនៃប្រទេសទាំងពីរនៅរាជធានីភ្នំពេញ៕




China to Aid $600M to Cambodia, to Import 400,000 Tons of Cambodian Rice

Beijing (FN), Jan. 21 – Chinese President Xi Jinping announced that China will provide about four billion yuan ($600 million) in aids to Cambodia’s development from 2019 to 2021, and that China will import 400,000 tons of Cambodian rice in 2019 to contribute to the livelihoods of Cambodian farmers.
President Xi announced in a meeting with Prime Minister Hun Sen during an official visit to Beijing on 21 January 2019.
President Xi and Premier Sen also pledged to double Khmer-Sino trade volume to $10 billion by 2023; and continue to promote Chinese investment in the kingdom.



លោក ស៊ី ជីនពីង ប្រកាសគាំទ្រការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងអះអាងថា កម្ពុជារីកចម្រើនកាន់តែខ្លាំងរយៈពេល៦០ឆ្នាំទៅមុខទៀត

(ប៉េកាំង, ចិន)៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះ ការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា។ ប្រធានាធិបតី​មហាយក្ស​ចិន ក៏បានបង្ហាញជំនឿជាក់ថា កម្ពុជានឹងរីកចម្រើនកាន់​តែខ្លាំងក្នុងរយៈពេល​៦០ឆ្នាំទៅ​មុខក្នុង​ការធ្វើទំនាក់ទំនងដ៏ស៊ីជម្រៅជាមួយប្រទេសចិន។

ការអះអាងរបស់​លោកប្រធានាធិបតីចិន បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាក្នុងដំណើរបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង ប្រទេសចិន នៅល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩នេះ។

ក្នុងជំនួបពិភាក្សានោះលោកប្រធានាធិបតីចិន ស៊ី ជីនពីង បានមានប្រសាសន៍ចាត់ទុកដំណើរទស្សនកិច្ចវផ្លូវការរបស់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មកកាន់ប្រទេសចិន គឺពិតជាមានតម្លៃបំផុតសម្រាប់ទំនាក់ទំនង នៃប្រទេសទាំងពីរកាន់តែខ្ពស់ត្រដែតថែមទៀត។ លោកប្រធានាធិបតីក៏បានគូសបញ្ជាក់ពីខួប៦០ឆ្នាំ នៃទំនាក់ទំនងការទូតប្រទេសទាំងពីរ។

លោកប្រធានាធិបតីក៏បានបញ្ជាក់បន្ថែមថា គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយ នឹងបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេស ក្នុងក្របខណ្ឌ ខ្សែក្រវ៉ាត់មួយផ្លូវមួយ ក្នុងនោះភាគីទាំងសងខាងនឹងបន្តយកចិត្តទុកដាក់ ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការក្នុងកម្រិតតំបន់ និងអន្តរជាតិ។

លោក ស៊ី ជីនពីង បានលើកឡើងថា «បច្ចុប្បន្ននេះទោះបីជាទំនាក់ទំនងអន្តរជាតិ មានការប្រែប្រួលក៏ពិតមែន ប៉ុន្តែទំនាក់ទំនងរវាងចិន និងកម្ពុជា គឺពិតជាបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនពីគ្នាទៅវិញទៅមក។ តាមរយៈ​នេះចិននឹងបន្តបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជា ពិសេសការចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជា កាន់តែរឹងមាំទ្វេឡើងថែមទៀត»។

លោកប្រធានាធិបតី បានសង្កត់ធ្ងន់ថា «កម្ពុជានឹងទទួលបាននូវភាពជោគជ័យថែមទៀត ក្នុងរយៈពេល៦០ឆ្នាំទៅមុខ។ ក្នុងនាមជាប្រទេសជិតខាងល្អ ចិនសូមគាំទ្រចំពោះសម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជ័យជំនះភ្លូកទឹកភ្លូកដី ពីការបោះឆ្នោតសកលកាលពីខែកក្កដា ឆ្នាំ២០១៨កន្លងទៅ»។

ជាការឆ្លើយតប លោកនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា លោក​ពិតជាមានការរីករាយក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការសាជាថ្មីម្តងទៀត ក្នុងប្រទេសចិន។ លោកនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលកន្លងមកតែងតែទទួលនូវព្រះរាជបដិសណ្ឋារកិច្ចចំពោះព្រះវត្តមានព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ ស្តេចយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព ក៏ដូចជាយាងបំពេញទស្សនកិច្ចផ្លូវរដ្ឋ។

ក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តី ក៏បានលើកពីបញ្ហាមួយចំនួនពាក់ព័ន្ធទំនាក់ទំ​នងនៃប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្រ្តីបានជំរាបប្រធានា​ធិប​តី​ចិន អំពីសភាពការណ៍ក្នុងប្រទេសកម្ពុជា ពិសេសស្ថានការណ៍ក្រោយការបោះឆ្នោតសកល រួមនឹងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល និងការទប់ស្កាត់ពីការលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។

លោកនាយករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ពីការបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ ដែលមានគណបក្សនយោបាយចូលរួមចំនួន១៩គណបក្ស។ ក្នុងជំនួបពិភាក្សានោះដែរ លោកនាយករដ្ឋមន្រ្តី បានស្នើ​ប្រធានា​ធិបតីចិ​ន ជំរុញអ្នកវិនិយោគចិនបន្តមកវិនិយោគ និងការអភិវឌ្ឍប្រទេសកម្ពុជា ពិសេសការបង្កើតរោងចក្រថ្មីៗ ថែមទៀត។

ពាក់ព័ន្ធទៅនឹងទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន លោកនាយករដ្ឋមន្រ្តី ចង់ឃើញទំនាក់ទំនងជាប្រពៃណី និងជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយនោះ បន្តថែទាំ និងរក្សាឲ្យកាន់តែរឹងមាំថែមទៀត។

លោកនាយករដ្ឋមន្រ្តី បានលើកឡើងថា ឆ្នាំ២០១៩ គឺជាឆ្នាំនៃការផ្លាស់ប្តូរវប្បធម៌ និងជាឆ្នាំនៃការផ្លាស់ប្តូរទេសចរណ៍នៃប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្រ្តី បានស្នើលោក ស៊ី ជីនពីង ធ្វើយ៉ាងណាឲ្យប្រទេសទាំងពីរអាចមានកិច្ចព្រមព្រៀងសេដ្ឋកិច្ចសេរី ព្រោះប្រទេសទាំងពីរមានភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយតាំងពីរឆ្នាំ២០១០មកម្ល៉េះ។

លោកប្រធានាធិបតីចិន ក៏បានលើកឡើងដែរថា ទំនាក់ទំនងរវាងចិន និងកម្ពុជា គឺមានលក្ខណៈពិសេសខ្លាំងណាស់ បើប្រៀបធៀបទៅនិងប្រទេសផ្សេងៗទៀត ពោលគឺទំនាក់ទំនងនៃប្រទេសទាំងពីរមានលក្ខណៈសំខាន់បំផុត។

លោកប្រធានាធិបតីអះអាងថា ចិននិងកម្ពុជា នឹងបន្តរួមគ្នាជាសហគមន៍តែមួយ ដើម្បីរៀបចំផែនការធ្វើកិច្វសហការលើគ្រប់វិស័យទាំងវិស័យនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងរវាងប្រជាជនិងប្រជាជន។ លោក ស៊ី ជីនពីង ក៏បានប្រកាសស្វាគមន៍ វត្តមានលោកនាយករដ្ឋមន្រ្តី ដែលនឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលលើកទី២ ស្តីពីផ្លូវមួយ ខ្សែក្រវ៉ាត់មួយ នៅប្រទេសចិន នាខែមេសាខាងមុខនេះ៕