Tuesday, January 22, 2019

កម្ពុជាត្រូវបានគេទទួលស្គាល់ថា ជាប្រទេសមានការផ្លាស់ប្តូរយ៉ាងប្រសើរ ទាំងទិដ្ឋភាពនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងសង្គម

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា បន្ទាប់ពីកម្ពុជាសម្រេចបាននូវសុខសន្តិភាពយ៉ាងពេញលេញ ព្រមទាំងការឯកភាពជាតិ និងឯកភាពទឹកដីទាំងស្រុង នៅចុងឆ្នាំ១៩៩៨ តាមរយៈការដាក់ចេញ និងអនុវត្តន៍នូវនយោបាយឈ្នះ ឈ្នះ រយៈពេលជាង២ទស្សវត្សរ៍កន្លងមកនេះ កម្ពុជាត្រូវបានគេទទួលស្គាល់ថា មានការផ្លាស់ប្តូរយ៉ាងប្រសើរ ទាំងទិដ្ឋភាពនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងសង្គម ជាមួយនឹងអាត្រានៃកំណើនសេដ្ឋកិច្ច ប្រចាំឆ្នាំជាមធ្យម៧%។
លោក បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញឡើងថ្លែងសុន្ទរកថាគន្លឹះ ក្នុងពិធីបើកវេទិកាស្តីពីការជំរុញ និងវិនិយោគកម្ពុជា-ចិន ដែលមានអ្នកធុរកិច្ច និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងផ្នែកឯកជននៃប្រទេសទាំងពីរប្រមាណ៧០០នាក់។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា កំណើនសេដ្ឋកិច្ចខ្ពស់នេះ បានធ្វើឱ្យកម្ពុជាសម្រេចបានឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥ និងស្ថិតនៅលើគន្លងនៃការឈានទៅសម្រេចបាននូវឋានៈនៃប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់នៅត្រឹមឆ្នាំ២០៣០ នឹងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ និងកំពុងអនុវត្តន៍គោលនយោបាយ អភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ដែលជាយុទ្ធសាស្រ្តកំណើនសេដ្ឋកិច្ចថ្មី សំដៅធ្វើពិពិធកម្មសេដ្ឋកិច្ច និងកែប្រែរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ពីឧស្សាហកម្មអតិពលកម្មទៅជាឧស្សាហកម្មផ្អែកលើជំនាញត្រឹមឆ្នាំ២០២៥ ដែលគោលនយោបាយនេះមានភាពស៊ីសង្វាក់គ្នា ជាមួយនឹងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយផងដែរ៕





No comments:

Post a Comment