Friday, July 30, 2021

រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនកុមារ និងយុវវ័យអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញជូនដំណឹងពីដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនកុមារ និងយុវវ័យអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

សេចក្តីជូនដំណឹងបញ្ជាក់ថា ការចាប់វ៉ាក់សាំងការពារជំងឺកូវីដ១៩នេះ ដូសទី១ ធ្វើឡើងរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១ដល់១៤ ខែសីហា ឆ្នាំ២០២១ និងដូសទី២ ចាប់ផ្តើមពីថ្ងៃទី២២ ខែសីហា ដល់ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១។

 រដ្ឋបាលរាជធានីភ្នំពេញបញ្ជាក់ថា ចំពោះកុមារ និងយុវវ័យ មានអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ដែលមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ត្រូវយកមកជាមួយនូវឯកសារដូចខាងក្រោម៖

* កុមារអាយុចាប់ពី១២ឆ្នាំ ដល់អាយុក្រោម១៥ឆ្នាំ សូមយកមកជាមួយនូវសំបុត្រកំណើត ឬសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ឬលិខិតឆ្លងដែន
* យុវវ័យចាប់ពីអាយុ១៥ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ ត្រូវយកមកជាមួយនូវសំបុត្រកំណើត ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ឬលិខិតឆ្លងដែនភ្ជាប់មកជាមួយ

ការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់កុមារ និងយុវវ័យមានអាយុចាប់ពី ១២ឆ្នាំ ដល់អាយុក្រោម ១៨ឆ្នាំ ត្រូវមានលិខិតព្រមព្រៀងអនុញ្ញាត ឱ្យចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជាលាយលក្ខណ៍អក្សរពីសំណាក់៖

* មាតាបិតា និងអាណាព្យាបាល ក្នុងករណីកុមារ ឬយុវវ័យនោះស្នាក់នៅឆ្ងាយពីមាតាបិតា ឬអាណាព្យាបាលតម្រូវឱ្យមាតាបិតា និងអាណាព្យាបាលបំពេញនូវលិខិតព្រមព្រៀងនេះ ជាលាយលក្ខណ៍អក្សរ ហើយផ្ញើតាមប្រព័ន្ធអនឡាញមកបុត្រធីតា ឬសាច់ញាតិ ដើម្បីផ្តល់ឱ្យគ្រូពេទ្យនៅទីតាំងចាក់វ៉ាក់សាំងផ្ទាល់

* អ្នកគ្រប់គ្រងចំពោះកុមារកំព្រា ដែលរស់នៅតាមមណ្ឌល
* ក្នុងករណីកុមារ និងយុវវ័យនោះជាជនអនាថា ដែលពុំមានអាណាព្យាបាល ឬមិនមានទីតាំងស្នាក់នៅពិតប្រាកដ ត្រូវមានលិខិតបញ្ជាក់ចេញ ដោយអាជ្ញាធរមូលដ្ឋាន៕


សម្តេចតេជោ ហ៊ុន សែន សម្រេចបង្កើតក្រុមការងារសិក្សា និងស្រាវជ្រាវឱសថ និងបរិក្ខារសម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ១៩

 

(ភ្នំពេញ)៖ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញសេចក្តីសម្រេចបង្កើតក្រុមការងារសិក្សា និងស្រាវជ្រាវឱសថ និងបរិក្ខារសម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលមានលោកស្រី ពេជ ចន្ទមុន្នី ប្រធាន។

សេចក្តីសម្រេចនេះ បានបញ្ជាក់ថា ក្រុមការងារសិក្សា និងស្រាវជ្រាវរកឱសថ និងបរិក្ខារសម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ១៩ មានភារកិច្ចដូចតទៅ៖

* ស្រាវជ្រាវ និងស្វែងរកឱសថដែលមានប្រសិទ្ធភាពខ្ពស់ និងដែលត្រូវបានប្រើប្រាស់សម្រាប់ការព្យាបាល ឬបង្ការជំងឺកូវីដ១៩ សិក្សា ស្រាវជ្រាវ និងស្វែងរកឧបករណ៍តេស្តរកមេរោគកូវីដ១៩ ដែលមានប្រសិទ្ធភាព, ភាពងាយស្រួលក្នុងការប្រើប្រាស់ និងតំលៃទាបសមរម្យ

* សិក្សា ស្រាវជ្រាវ និងស្វែងរកបរិក្ខារពេទ្យចាំបាច់ដទៃទៀត ដើម្បីបម្រើឱ្យការប្រយុទ្ធនឹងជំងឺកូវីដ១៩
* ធ្វើទំនាក់ទំនងជាមួយនឹងក្រុមហ៊ុនផលិតឱសថបរទេស ឬបណ្តាញចែកចាយឱសថបរទេស ឬអង្គការ ឬភ្នាក់ងារអន្តរជាតិដែលធ្វើការពាក់ព័ន្ធនឹងឱសថដើម្បីស្វែងរកឱសថសម្រាប់ការព្យាបាល ឬការបង្ការជំងឺកូវីដ១៩ និងទទួលបាននូវព័ត៌មានចាំបាច់ផ្សេងៗពាក់ព័ន្ធនឹងឱសថនោះ
* ធ្វើទំនាក់ទំនងជាមួយនឹងក្រុមហ៊ុនផលិត ឬបណ្តាញចែកចាយឧបករណ៍តេស្តរកមេរោគកូវីដ១៩ និងបរិក្ខារដទៃទៀត សម្រាប់បម្រើឱ្យការប្រយុទ្ធនឹងជំងឺកូវីដ១៩ ដើម្បីទទួលបានព័ត៌មានចាំបាច់ផ្សេងៗពាក់ព័ន្ធនឹងឧបករណ៍តេស្ត ឬបរិក្ខារទាំងនោះ សិក្សាអំពីសុវត្ថិភាព និងប្រសិទ្ធភាពនៃឱសថ សម្រាប់បម្រើឱ្យការបង្ការ ឬការព្យាបាលជំងឺកូវដ១៩
* ផ្តល់អនុសាសន៍អំពីការដាក់ឱ្យប្រើប្រាស់ឱសថសម្រាប់ការបង្ការ ឬព្យាបាលជំងឺកូវីដ១៩
* ផ្តល់អនុសាសន៍អំពីការដាក់ឱ្យប្រើប្រាស់ឧបករណ៍តេស្តរកមេរោគកូវីដ១៩ ក៏ដូចជាបរិក្ខារដទៃទៀត សម្រាប់បម្រើឱ្យការប្រយុទ្ធនឹងជំងឺកូវីដ១៩
* ផ្តល់អនុសាសន៍ពាក់ព័ន្ធនឹងការជំរុញការនាំចូលឱសថសម្រាប់ការបង្ការ ឬការព្យាបាលជំងឺកូវីដ១៩, និងឧបករណ៍តេស្តរកមេរោគកូវីដ១៩ ក៏ដូចជាបរិក្ខារដទៃទៀតសម្រាប់បម្រើឱ្យការប្រយុទ្ធនឹងជំងឺកូវីដ១៩
* ផ្តល់អនុសាសន៍ពាក់ព័ន្ធនឹងការជំរុញការចែកចាយឱ្យបានទូលំទូលាយនូវឱសថសម្រាប់ការបង្ការ ឬព្យាបាលជំងឺកូវីដ១៩ ឬឧបករណ៍តេស្តរហ័សរកមេរោគកូវីដ១៩ នៅតាមឱសថស្ថាននានា ឬទីកន្លែងសមស្របផ្សេងទៀតនៅទូទាំងប្រទេស
* ចងក្រងរបាយការណ៍សិក្សា វិភាគ ស្រាវជ្រាវ និងផ្តល់អនុសាសន៍ទាក់ទងនឹងឱសថសម្រាប់ការបង្ការ ឬការព្យាបាលជំងឺកូវីដ១៩ និងឧបករណ៍តេស្តរកមេរោគកូវថីដ១៩ ក៏ដូចជាបរិក្ខារដទៃទៀតសម្រាប់បម្រើឱ្យការប្រយុទ្ធនឹងជំងឺកូវីដ១៩ ជូនគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩
* អនុវត្តការងារពាក់ព័ន្ធផ្សេងទៀត តាមការចាំបាច់ ដើម្បីបម្រើឱ្យការបង្ការ ការព្យាបាល ឬការប្រយុទ្ធនឹងជំងឺកូវីដ១៩
* អនុវត្តការងារផ្សេងទៀត តាមការប្រគល់ភារកិច្ចរបស់គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩។

សេចក្តីសម្រេចដដែលបន្ថែមថា រាល់ចំណាយពាក់ព័ន្ធនឹងការសិក្សា និងស្រាវជ្រាវរកឱសថ និងបរិក្ខារសម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ១៩ ត្រូវប្រើកញ្ចប់ថវិកាជាតិ ដោយរៀបចំសំណើដាក់ជូនប្រធានគណៈប្រចាំការ នៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងកូវីដ១៩ ដែលជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យ និងសម្រេច។

អនុប្រធាន និងសមាជិកទាំងអស់នៃក្រុមការងារសិក្សា និងស្រាវជ្រាវរកឱសថ និងបរិក្ខារសម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ១៩ ត្រូវចូលរួមប្រជុំ តាមការអញ្ជើញ របស់ប្រធានក្រុមការងារ។ ក្នុងករណីប្រធានអវត្តមាន ឬមានធុរៈ អនុប្រធានដែលបានទទួលសិទ្ធិពីប្រធាន អាចកោះប្រជុំ និងដឹកនាំកិច្ចប្រជុំជំនួសបាន។

ក្រុមការងារនេះ អាចអញ្ជើញតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, មន្ត្រីជំនាញ, អ្នកឯកទេស ឬផ្នែកឯកជនចូលរួមប្រជុំ និងប្រឹក្សាយោបល់ ទៅតាមតម្រូវការចាំបាច់៕


លោកស្រី មិថុនា ភូថង ដឹកនាំកិច្ចប្រជុំរៀបចំផែនការបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនកុមារ និងយុវជន

កោះកុង÷ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំរៀបចំផែនការបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនកុមារ និងយុវជន ដែលមានអាយុចាប់ពីអាយុ១២ឆ្នាំ រហូតដល់ក្រោមអាយុ១៨ឆ្នាំ នៅទូទាំងខេត្តកោះកុង។

ក្នុងនោះ លោកស្រីអភិបាលខេត្ត សូមឱ្យអ្នកពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ ក្នុងការសហការ សម្របសម្រួល ធ្វើយ៉ាងណាឱ្យបានល្អដូចអ្វីដែលបានកំណត់ក្នុងផែនការរួមដែលបានលើកឡើងទាំងទីតាំង និងពេលវេលា ជាមួយនឹងលក្ខខណ្ឌមួយចំនួន ដែលបានកំណត់ដោយក្រសួងសុខាភិបាល។ មួយវិញទៀតអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដល់មាតា បិតា និងអាណាព្យាបាល ដើម្បីនាំកុមារ និងយុវជនទាំងអស់ដែលមានអាយុចាប់ពីអាយុ១២ឆ្នាំ រហូតដល់ក្រោមអាយុ១៨ឆ្នាំ នៅក្នុងភូមិ ឃុំ សង្កាត់ ក្រុង ស្រុកទាំងអស់ មកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នាដោយស្ម័គ្រចិត្ត។ 

ដោយឡែកក្រុមគ្រូពេទ្យ និងអ្នកពាក់ព័ន្ធ ត្រូវរៀបចំ និងសម្របសម្រួលយ៉ាងណា ដើម្បីឱ្យដំណើរការចាក់វ៉ាក់សាំង និងរក្សាគម្លាតសុវត្ថិភាព រវាងក្រុមគ្រូពេទ្យ និងមាតា បិតា អាណាព្យាបាល ជៀសវាងការចម្លងជំងឺកូវីដ-១៩។ ជាមួយគ្នានេះផងដែរ សូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់អនុវត្តនូវសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល និងសេចក្តីសម្រេចរបស់រដ្ឋបាលខេត្ត ឱ្យបានល្អប្រសើរ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍ ដែលបណ្តាលមកពីមេរោគកូវីដ-១៩ ប្រភេទ ដែលតា(Delta)៕





អភិបាលខេត្តត្បូងឃ្មុំ ដាក់ចេញវិធានការរដ្ឋបាលសំខាន់០៦ចំនុច រយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី ១២ ខែសីហាឆ្នាំ២០២១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩

ត្បូងឃ្មុំ៖ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រ ខេត្តត្បូងឃ្មុំ រដ្ឋបាលខេត្តត្បូងឃ្មុំ បានដាក់ចេញនូវវិធានការរដ្ឋបាលរយៈពេល ១៤ថ្ងៃ គិតចាប់ពីវេលាម៉ោង ២៣:៥៩ នាទី ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ។

នេះបើតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ នាយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ។ ក្នុងវិធានការសម្រាប់១៤ថ្ងៃនោះ សម្រេច៖

១ - ត្រូវបានរឹតត្បិតការធ្វើដំណើរចេញពីលំនៅដ្ឋាន ឬទីសំណាក់បច្ចុប្បន្ន ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ក្នុងចន្លោះម៉ោង ២១(ម្ភៃមួយ) ដល់ម៉ោង ៣(បី)ព្រឹក។

២ - ត្រូវបានផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាព មុខរបរ ឬអាជីវកម្មក្លឹបកំសាន្តគ្រប់ប្រភេទ។

៣ - រាល់ការជួបជុំ ឬការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជន ដែលមានមនុស្សចូលរួមលើសពី ១០(ដប់)នាក់ ត្រូវមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។

៤ - ត្រូវបានហាមឃាត់រាល់ការជួបជុំ ឬការប្រមូលផ្តុំមនុស្ស ដើម្បីសេពគ្រឿងស្រវឹងគ្រប់ប្រភេទ។

៥ - គ្រប់ភោជនីយដ្ឋាន-អាហារដ្ឋាន ត្រូវបានអនុញ្ញាតឱ្យប្រកបអាជីវកម្មរបស់ខ្លួន ត្រឹមជាលក្ខណៈវេចខ្ចប់ដោយមិនត្រូវអនុញ្ញាតឱ្យអតិថិជនចូលមកទទួលទាននៅក្នុងបរិវេណនៃទីកន្លែងរបស់ខ្លួនឡើយ។

៦ - រាល់សកម្មភាពនៃការជួបជុំ ឬការប្រមូលផ្តុំមនុស្ស ឬសកម្មភាពការងារ មុខរបរ និងអាជីវកម្ម ដែលត្រូវបានអនុញ្ញាត ត្រូវអនុវត្តវិធានការសុវត្ថិភាពផែ្នកសុខាភិបាលឱ្យបានម៉ឺងម៉ាត់ ៕






អភិបាលខេត្តបន្ទាយមានជ័យ ផ្តល់ស្បៀងអាហារ និងថវិកាជូនកងកម្លាំងកងទ័ព អាវុធហត្ថ និងនគរបាល ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ

បន្ទាយមានជ័យ៖ នៅសាលាខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញសំណេះសំណាល និងផ្តល់អំណោយឧបត្ថម្ភ របស់រដ្ឋបាលខេត្ត មានជាស្បៀងអាហារ ថវិកា ជូនដល់កងកម្លាំងយោធាអង្គភាពចំណុះយោធភូមិភាគទី៥ កងកម្លាំងស្នងការរដ្ឋាននគរបាលខេត្ត និងកម្លាំងកងរាជអាវុធហត្ថខេត្ត ដែលបានចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រខេត្ត ។

អំណោយផ្តល់ជូនកងកម្លាំងកងទ័ពចាក់វ៉ាក់សាំង រួមមាន៖

១ - កងទ័ពក្រុមទី១ ថវិកា ១លានរៀល អង្ករ ២០០០ គីឡូក្រាម មី ១២កេស ទឹកស៊ីអ៊ីវ ៤០យួរ ទឹកត្រី៤០យួរ ត្រីខ ២កេស ស្ករស ២០គ.ក្រ ប៊ិចេង ៦គី.ក្រ ខ្ទឹម ១០ គី.ក្រ

២ - កងទ័ពក្រុមទី២ ថវិកា ១លានរៀល អង្ករ ២០០០ គីឡូក្រាម មី ១២កេស ទឹកស៊ីអ៊ីវ ៤០យួរ ទឹកត្រី៤០យួរ ត្រីខ ២កេស ស្ករស ២០គ.ក្រ ប៊ិចេង ៦គី.ក្រ ខ្ទឹម ១០ គី.ក្រ

៣ - កងទ័ពក្រុមទី៣ ថវិកា ១លានរៀល អង្ករ ២០០០ គីឡូក្រាម មី ១២កេស ទឹកស៊ីអ៊ីវ ៤០យួរ ទឹកត្រី៤០យួរ ត្រីខ ២កេស ស្ករស ២០គ.ក្រ ប៊ិចេង ៦គី.ក្រ ខ្ទឹម ១០ គី.ក្រ

៤ - កងទ័ពក្រុមទី៤ ថវិកា ១លានរៀល អង្ករ ២០០០ គីឡូក្រាម មី ១២កេស ទឹកស៊ីអ៊ីវ ៤០យួរ ទឹកត្រី៤០យួរ ត្រីខ ២កេស ស្ករស ២០គ.ក្រ ប៊ិចេង ៦គី.ក្រ ខ្ទឹម ១០ គី.ក្រ

៥ - កងទ័ពក្រុមទី៥ ថវិកា ១លានរៀល អង្ករ ២០០០ គីឡូក្រាម មី ១២កេស ទឹកស៊ីអ៊ីវ ៤០យួរ ទឹកត្រី៤០យួរ ត្រីខ ២កេស ស្ករស ២០គ.ក្រ ប៊ិចេង ៦គី.ក្រ ខ្ទឹម ១០ គី.ក្រ

៦ - ស្នងកាតរដ្ឋាននគរបាលខេត្ត ថវិកា ១លានរៀល អង្ករ ២០០០ គីឡូក្រាម មី ១២កេស ទឹកស៊ីអ៊ីវ ៤០យួរ ទឹកត្រី៤០យួរ ត្រីខ ២កេស ស្ករស ២០គ.ក្រ ប៊ិចេង ៦គី.ក្រ ខ្ទឹម ១០ គី.ក្រ

៧ - កងរាជអាវុធហត្ថខេត្ត ថវិកា ១លានរៀល អង្ករ ២០០០ គីឡូក្រាម មី ១២កេស ទឹកស៊ីអ៊ីវ ៤០យួរ ទឹកត្រី៤០យួរ ត្រីខ ២កេស ស្ករស ២០គ.ក្រ ប៊ិចេង ៦គី.ក្រ ខ្ទឹម ១០ គី.ក្រ ។

ក្នុងពិធីសំណេះសំណាលនាឱកាសនោះ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក្នុងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យ សូមថ្លែងការអរគុណ និងកោតសរសើរចំពោះស្មារតីនៃការចូលរួមទាំងយប់ថ្ងៃរបស់កងកម្លាំងប្រដាប់អាវុធ ក្រុមគ្រូពេទ្យទាំងអស់ ក្នុងការចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋក្នុងក្រុងសិរីសោភ័ណ និងបណ្តាក្រុង/ស្រុកមួយចំនួនទៀត ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ ជាដំណើរការចាក់ដូសទី២ ជូនដល់ប្រជាពលរដ្ឋក្នុងក្រុងសិរីសោភ័ណ តាមទីតាំងក្នុងសង្កាត់មួយចំនួន ។

លោកអភិបាលខេត្ត អំពាវនាវដល់កងកម្លាំងគ្រូពេទ្យទាំងអស់ បាននឹងកំពុងបំពេញបេសកកម្ម សូមចូលរួមធ្វើអនាម័យឲ្យបានគ្រប់ៗគ្នា ត្រូវចូលរួមអនុវត្តឲ្យបាន៣ការពារ និង៣កុំ តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក្នុងនោះមាន៖ ៣កុំ ៣ការពារ គឺត្រូវឧស្សាហ៍លាងដៃនឹងសាប៊ូ អាល់កុល ឬជែល កុំទៅចូលក្នុងចំណោមច្រើនកកកុញ កុំចាប់ដៃគ្នា ឬឱបថើបគ្នា កុំចូលទីកន្លែងបិទ គ្មានខ្យល់ចេញចូល និងមិនត្រូវប្រើម៉ាស៊ីនត្រជាក់ច្រើនពេក ។

លោកក៍បានផ្ញើសារជូនពរដល់កងកម្លាំងកងទ័ពទាំងអស់ប្រកបដោយសុខភាពល្អ ជោគជ័យគ្រប់បេសកម្មការងារជូនជាតិ និងប្រជាជន ជៀសឆ្ងាយពីជំងឺកូវីដ១៩ទាំងអស់គ្នា ៕







ពិធីប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យនៃការចុះបញ្ជីដីធ្លីជាប្រព័ន្ធស្ថិតក្នុងស្រុកទឹកផុស

កំពង់ឆ្នាំង៖ នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២១ មានរៀបចំពិធីប្រកាសបិទផ្សាយជាសាធារណ:នូវឯកសារនៃការវិនិច្ឆ័យនៃការចុះបញ្ជីដីធ្លីជាប្រព័ន្ធស្ថិតក្នុងភូមិក្រាំងម៉ ឃុំតាំងក្រសាំង ស្រុកទឺកផុស ខេត្តកំពង់ឆ្នាំង ក្រោមវត្តមានរបស់លោក សូត្រ សង់ អភិបាលស្រុកទឹកផុស និងមានការចូលរួមពី លោក សុខ សម្បត្តិ ប្រធានការិយាល័យរៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីនៃរដ្ឋបាលស្រុក ព្រមទាំងលោក លោកស្រីមន្ត្រីបច្ចេកទេសនៃក្រុមទី១ តំណាងធនាគារអាជ្ញាធរ ភូមិ ឃុំនិងប្រជាពលរដ្ឋប្រមាណ៧០នាក់។

លោក សុខ សម្បត្តិ ប្រធានការិយាល័យរៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីនៃរដ្ឋបាលស្រុកទឹកផុស និងជាប្រធានក្រុមចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្រុមទី១បានអោយដឹងថា ការប្រកាសបិទផ្សាយជាសាធារណ: នៃការវិនិច្ឆ័យ លើការចុះបញ្ជីដីធ្លីសម្រាប់ភូមិក្រាំងម៉ មាន៦៥២គ្រួសារ ដោយកំណត់ព្រំប្រទល់មានចំនួន ២៣៧៧ ក្បាលដី និងប្រមូលទិន្នន័យចំនួន ២៣៧៧ក្បាលដីក្នុងនោះមាន ដីកសិកម្មចំនួន ២០៧៨ ក្បាលដី ដីលំនៅឋានចំនួន ២៩៦ ក្បាលដី ដីអណ្តូង ចំនួន ០១ក្បាលដី និងដីទូលអ្នកតាចំនួន ០២ក្បាលដី ។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ លោក សូត្រ សង់ បានធ្វើការកោតសរសើរដល់ក្រុមការងារនៃមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសូរីយោដី ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តក្នុងការបំពេញភារកិច្ចបំរើសេវាសាធារណៈជូនប្រជាពលរដ្ធបានយ៉ាងល្អប្រសើរ។ 

លោក សូត្រ សង់ បានមានប្រសាសន៍បន្តថា៖ ការបិទផ្សាយនាពេលនេះគឺមានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋជាម្ចាស់ក្បាលដី ដោយភ្ជាប់មកនូវឯកសារដូចជាចុងសន្លឹកចេញដោយក្រុមការងារ អត្តសញ្ញាណប័ណ្ណ និងសៀវភៅគ្រួសារជាដើមយកមកធ្វើការផ្ទៀងផ្ទាត់អំពីទំហំ រូបរាងក្បាលដី រឺឈ្មោះរបស់បងប្អូន ពីព្រោះការបិទផ្សាយមានរយះពេលតែ១៥ថ្ងៃប៉ុណ្ណោះដោយរាប់ទាំងថ្ងៃឈប់សម្រាក ហើយបងប្អូនអាចមានសិទ្ធិប្តឹងតវ៉ានិងកែតម្រូវឡើងវិញក្នុងពេលបិទផ្សាយនេះ ។

លោក សូត្រ សង់ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវថែទាំសុខភាពរស់នៅប្រកបដោយអនាម័យជាប់ជាប្រចាំដោយការលាងសម្អាតដៃជាមួយសាប៊ូ អាល់កុល ឬជែល ដើម្បីការពារខ្លួនកុំអោយឆ្លងរោគ ពិសេសមេរោគកូវីដ-១៩ ដោយអនុវត្តអោយបានម៉ឺងម៉ាត់នូវវិធានការរបស់ក្រសួងសុខាភិបាល និង អនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល (៣ការពារ និង៣កុំ) ដើម្បីជៀសផុតពីជំងឺដ៏កាចសាហាវនេះគ្រប់ៗគ្នា៕






រដ្ឋបាលខេត្តព្រះសីហនុ ត្រៀមរៀបចំកន្លែងទទួលពលករចំណាកស្រុកដែលវិលមកពីប្រទេសជិតខាង ដើម្បីធ្វើចត្តាឡីស័ក និងធ្វើជាកន្លែងព្យាបាលអ្នកមានវិជ្ជមានកូវីដ-១៩

ព្រះសីហនុ៖ នាថ្ងៃទីទី២៩ ខែកក្កដា ឆ្នាំ២០២១ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យ អគារត្រៀមសម្រាប់ពលករដែលវិលត្រលប់មកពីប្រទេសជិតខាងសម្រាប់ធ្វើចត្តាឡីស័ក ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកស្រីប្រធានមន្ទីរសុខាភិបាលខេត្ត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត និងលោកស្នងការរងនគរបាលខេត្ត។ 

អាគារសម្រាប់ទទួលពលករខ្មែរធ្វើចត្តាឡីស័កនេះ មានទីតាំងស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ដែលមានចំនួនពីរអគារ ដោយអគារទី១.សម្រាប់ទទួលពលករស្នាក់នៅ និងធ្វើចត្តាឡីស័ក។ អគារទី២. សម្រាប់ព្យាបាលពលករ ដែលក្រុមគ្រូពេទ្យរកឃើញមានវិជ្ជមានកូវីដ-១៩ ហើយអគារទាំងពីរនេះអាចឱ្យពលករស្នាក់នៅបានចំនួន ៨០នាក់។ 

ក្នុងឱកាសនោះលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា អគារទាំងពីរនេះ រដ្ឋបាលខេត្តបានត្រៀមរៀបចំទទួលពលករចំណាកស្រុកដែលវិលមកពីប្រទេសជិតខាង ដើម្បីធ្វើចត្តាឡីស័ក និងធ្វើជាកន្លែងព្យាបាលអ្នកមានវិជ្ជមានកូវីដ-១៩។ ជាមួយគ្នានេះដែរ លោកអភិបាលខេត្ត ក៏បានធ្វើការណែនាំឱ្យក្រុមគ្រូពេទ្យត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងត្រូវយកចិត្តទុកដាក់តាមដានជាប្រចាំ ពិសេសរកវីរុសបំលែងថ្មី(Delta) ដែលមានប្រភពមកពីប្រទេសឥណ្ឌា ក្នុងនោះលោកបានជូនពរដល់ក្រុមគ្រូពេទ្យ និងក្រុមការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្តព្រះសីហនុ ឱ្យបំពេញការងារទទួលបានជោគជ័យ និងជៀសផុតពីជំងឺកូវីដ-១៩ ទាំងអស់គ្នា៕







វ៉ាក់សាំងកូវីដ-១៩ដែលជាជំនួយរបស់សហរដ្ឋអាមេរិកបានមកដល់កម្ពុជាហើយ

ភ្នំពេញ៖ យោងតាមផេកហ្វេសប៊ុកផ្លូវការរបស់លោកនាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ វ៉ាក់សាំងកូវីដ-១៩ Johnson & Johnson ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអាមេរិក តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ បានដឹកមកដល់ប្រទេសកម្ពុជាយើងហើយ ។

តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ សហរដ្ឋអាមេរិក បានប្រកាសផ្តល់វ៉ាក់សាំងចំនួន ១លានដូសដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។ វ៉ាក់សាំងដែលមកដល់ថ្ងៃនេះ មានចំនួន ៥០ម៉ឺនដូស ដោយឡែកចំនួន ៥០ម៉ឺនដូស នឹងដឹកមកដល់នៅថ្ងៃទី០២ ខែសីហាខាងមុខ។ អំណោយនេះ គឺជាផ្នែកមួយនៃការគាំទ្រជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិក ចំពោះប្រជាជនកម្ពុជា និងនៅក្នុងតំបន់ ក្នុងពេលកំពុងតែប្រឹងងើបចេញពីជំងឺរាតត្បាតយ៉ាងធ្ងន់ធ្ងរនេះ។

វ៉ាក់សាំង គឺជាឧបករណ៍ដ៏សំខាន់មួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលលើពិភពលោក។ រាជរដ្ឋាភិបាលកម្ពុជា ដែលមានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រមុខនោះ ក៏បានដាក់ចេញផែនការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ជាផែនការយុទ្ធសាស្ត្រមួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ កម្ពុជា ក៏បានស្វះស្វែងយ៉ាងខ្លាំងក្នុងការរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ។ មកដល់ពេលពេលបច្ចុប្បន្ននេះ រកបានវ៉ាក់សាំងជាង ១៧លានដូសហើយ ដែលក្នុងនោះមានទាំងការផ្តល់ជំនួយ និងការបញ្ជាទិញ។

ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ១៩នៅកម្ពុជា មានប្រទេសជាមិត្តចំនួន៤ហើយ បានផ្តល់ និងប្រកាសផ្តល់ជំនួយវ៉ាក់សាំងមកកម្ពុជា។ ប្រទេសដែលបានផ្តល់ និងបានប្រកាសផ្តល់រួមមាន៖ ចិន ផ្តល់វ៉ាក់សាំងជាង ២លានដូស ជប៉ុន ១លានដូស អាមេរិក ១លានដូស និងអង់គ្លេស ៤១ម៉ឺន ៥ពាន់ដូស៕











លោក អម សុភា អំពាវនាវដល់ប្រជាពលរដ្ឋត្រូវធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ ជាពិសេសគោរពវិធានការ៣កុំ និង៣ការពារ ដើម្បីកាត់ផ្តាច់ជំងឺដ៏កាចសាហាវកូវីដ-១៩

កំពង់ឆ្នាំង៖ នាថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២១ លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងដ៏លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត ដោយមានការចូលរួមពីលោក អ៊ុក សារុន សមាជិក ក្រុមប្រឹក្សាខេត្ត និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់រាជរដ្ឋាភិបាលផ្តល់តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជនខេត្ត ជូនដល់គ្រួសារកំពុងធ្វើចត្តាឡីស័កនៅតាមខ្នង ផ្ទះចំនួន ២០គ្រួសារ ស្ថិតនៅក្នងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

នៅក្នុងឱកាសនោះ លោក  អម សុភា បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ និងពាំនាំនូវប្រសាសន៍  ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីលោកនាយករដ្ឋមន្ត្រី លោក ស្រី ប្រធានកាកបាទក្រហមកម្ពុជា លោក គង់ សំអុល អ្នកតំណាង រាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងស្រុកបរិបូណ៌ និងលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ដែលកន្លងមកតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូន ប្រជាពលរដ្ឋ គ្រប់ពេលវេលាដោយមិនប្រកាន់ពូជសាសន៍ និងនិន្នាការនយោបាយឡើយ។ពិសេសក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩ ដែលមានផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងប្រជាពលរដ្ឋដែលកំពុងតែធ្វើចត្តាឡីស័ក មិនអាចចេញក្រៅបាន។ 

លោក ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កត្រូវអនុវត្តវិធានការ ការពារ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល អោយបានត្រឹមត្រូវ ព្រមទាំងអនុវត្តអោយបានត្រឹមត្រូវតាមវិធាន នៃការធ្វើចត្តាឡីស័ក ជាពិសេសអនុវត្តតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលគឺ« ៣ការពារ និង៣កុំ» ដើម្បីចូលរួមបង្ការ ការពារ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺដ៏កាចសាហាវនេះជាបន្តបន្ទាប់ទៀត។

ក្នុងឱកាសនោះលោក អម សុភា  ព្រមទាំងអាជ្ញាធរដែនដី បានឧបត្ថម្ភនាំអំណោយរបស់រាជរដ្ឋាភិបាល ជូន ប្រជាពលរដ្ឋ២០គ្រួសារ ដោយក្នុង០១គ្រួសារ ទទួលបានអង្ករចំនួន២០ គីឡូក្រាម គុយទាវ ០១ប្រអប់ ទឹកត្រី ០១យួរ ទឹកស៊ីអ៊ីវ០១យួរ និងប្រេងឆា០១ដប ផងដែរ៕






Thursday, July 29, 2021

កិច្ចប្រជុំពិនិត្យពិភាក្សា លើយន្តការនៃការបង្កើតគណៈកម្មការចំនួន២ស្ដីពីការទប់ស្កាត់និងការបង្រ្កាបការធ្វើអាជីវកម្មខុសច្បាប់ក្នុងវិស័យរ៉ែ និងជលផលក្នុងខេត្តកំពត

កំពត÷ ដើម្បីជំរុញការអនុវត្តច្បាប់ ឲ្យបានកាន់តែមានប្រសិទ្ធភាព ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើស ក៏ដូចជា ការធានាបាននិរន្តរភាពនិងប្រមូលប្រភពចំណូលចូលថវិការដ្ឋឲ្យបានកាន់តែប្រសើរឡើងថែមទៀត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ នៅសាលាខេត្តកំពត បានបើកកិច្ចប្រជុំត្រួតពិនិត្យពិភាក្សា និងកែសម្រួលខ្លឹមសារលើយន្តការនៃរបៀបវារៈចំនួន២គឺ៖ 

ទី១.សេចក្ដីសម្រេចស្តីពីការបង្កើតគណៈកម្មការចម្រុះពិនិត្យទប់ស្កាត់ការធ្វើអាជីវកម្មធនធានរ៉ែ និងការដឹកជញ្ជូនរ៉ែខុសច្បាប់។

ទី២.សេចក្ដីសម្រេចស្តីពីការបង្កើតគណៈកម្មការប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ បង្រ្កាបបទល្មើសជលផលគ្រប់ប្រភេទនៅក្នុងភូមិសាស្ត្រខេត្តកំពត។ 

កិច្ចប្រជុំធ្វើឡើងក្រោមធិបតីភាពលោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងមានការចូលរួមពី អភិបាលរងខេត្ត អាជ្ញាធរក្រុង ស្រុក មន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ និងកងកម្លាំងទាំងបីក្នុងខេត្ត ផងដែរ។

លោក ជាវ តាយ បានបញ្ជាក់ថា បញ្ហាការងារគ្រប់គ្រងអាជីវកម្ម និងការប្រមូលថវិការចូលរដ្ឋក៏ដូចជាការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទទាំងវិស័យរ៉ែ និងវិស័យជលផលក្នុងភូមិសាស្ត្រខេត្តកំពត កន្លងមកមានលក្ខណៈល្អប្រសើរ។ តែទោះបីយ៉ាងណា បញ្ហាបាតុភាព អសកម្មទាំងឡាយពីវិស័យរ៉ែនិងជលផលក្នុងភូមិសាស្ត្រខេត្ត តែងកើតមានឡើង ជាបន្តបន្ទាប់ គឺផ្ដើមចេញពីបុគ្គលមិនគោរពច្បាប់មួយចំនួន បានធ្វើសកម្មភាពរំលោភបំពានមិនកោតក្រែងច្បាប់កំណត់។ 

ដូច្នេះកិច្ចប្រជុំពេលនេះ ពិតជាមានសារៈសំខាន់ ដើម្បីរួមគ្នាពិនិត្យ ពិភាក្សា និងកែសម្រួលលើខ្លឹមសារនៃយន្តការសេចក្ដីសម្រេចទាំងពីរខាងលើនេះ ដើម្បីផ្ដល់ជូនលទ្ធភាពឲ្យក្រុមការងារសហការគ្នាបំពេញបេសកកម្មការងារ ក្នុងវិស័យរ៉ែ និងជលផលនេះឲ្យបានកាន់តែរលូន និងប្រកបដោយមានប្រសិទ្ធភាពនៅក្នុងភូមិសាស្ត្រខេត្តកំពត បន្ថែមទៀត៕







រដ្ឋបាលរាជធានីភ្នំពេញ សម្រេចដាក់ចេញវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ រយៈពេល២សប្តាហ៍ និងផ្អាកការធ្វើចរាចរណ៍បណ្តោះអាសន្នពីម៉ោង២១ ដល់ ម៉ោង ៣

(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ បានដាក់ចេញវិធានការរដ្ឋបាល នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ សម្រាប់រយៈពេល១៤ថ្ងៃ ចាប់គិតពីម៉ោង ២៣៖៥៩នាទី ថ្ងៃទី២៩ ខែកក្កដា រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។ 

 

 នៅក្នុងសេចក្តីសម្រេចខាងលើនេះ អភិបាលរាជធានីភ្នំពេញ បានសម្រេចផ្អាកបណ្តោះអាសន្ននូវរាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាព ការងារ មុខរបរ ឬអាជីវកម្មនៅចន្លោះម៉ោង ៩យប់ដល់ម៉ោង ៣ទៀបភ្លឺ។

ក្រសួងសុខាភិបាល ចេញសេចក្ដីជូនដំណឹងបន្ថែម ស្ដីពីការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់កុមារ និងយុវវ័យ អាយុចាប់ពី១២ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ

 (ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងបន្ថែម ស្ដីពីការចាក់វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូវ៉ាក់) ដល់កុមារ និងយុវវ័យ អាយុចាប់ពី១២ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ។

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងបន្ថែម របស់ក្រសួងសុខាភិបាល ដែលមានខ្លឹមសារទាំងស្រុង៖

អភិបាលរងខេត្តកំពង់ឆ្នាំង រួមជាមួយនឹងមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ ចូលរួមកិច្ចប្រជុំស្តីពីផែនការត្រៀមទប់ទល់សភាពការថ្មីនៃជំងឺកូវីដ-១៩ តាមរយៈវីដេអូ ZOOM

កំពង់ឆ្នាំង ៖ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត រួមជាមួយនឹងមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធបានចូលរួមប្រជុំស្តីពីផែនការត្រៀមទប់ទល់សភាពការណ៍ថ្មី នៃជំងឺកូវីដ-១៩ ក្រោមអធិបតីភាពឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អនុប្រធានគណៈប្រតិបត្តិ គ.អ.ក(គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩) ទទួលបន្ទុកអនុគណៈកម្មការឆ្លើយតបបន្ទាន់ និងស្រាវជ្រាវរកបុគ្គលផ្ទុកមេរោគកូវីដ-១៩ និងអនុគណៈកម្មការបច្ចេកទេសនិងព្យាបាល( អនុគណៈកម្មការទី ៤ )តាមរយៈវីដេអូ ZOOM ។

សូមជម្រាបផងដែរថា កិច្ចប្រជុំបានជាសំខាន់ទៅលើខ្លឹមសារ៣ចំណុច៖

ទី១.សម្រាប់រាជធានី-ខេត្តខាងក្នុង ត្រូវត្រៀមពីការវិលត្រឡប់ពលករពីប្រទេសថៃ អាចមានការមកជាគំហុកច្រើន ដោយត្រូវរៀបចំមណ្ឌលចត្តាឡីស័ក សម្រាប់ពលករដែលមកពីប្រទេសក្រៅ ឲ្យបានរួចរាល់។ ទី២.ចំពោះករណីវីរុស ដែលតា(Delta) មកពីថៃ និងអាចចូលក្នុងសហគមន៍ យើងត្រូវសហការគ្នា ដើម្បីកាត់ផ្តាច់ និងទប់ស្កាត់កុំឲ្យរាលដាលខ្លាំង ក្នុងសហគមន៍ រកអ្នកប៉ះពាល់ផ្ទាល់ និងប្រយោល ដែលយុទ្ធសាស្រ្តសំខាន់នោះ គឺខិតខំជម្រុញការចាក់វ៉ាកសាំងដល់ប្រជាពលរដ្ឋ និងចាក់វ៉ាក់សាំងសម្រាប់ក្មេងដែលមានអាយុ១២ ឆ្នាំ ឡើងដល់អាយុ១៧ឆ្នាំឲ្យបានឆាប់ ដើម្បីកាត់បន្ថយការឆ្លងរាលដាល  និង៣.ការថែទាំនិងព្យាបាលតាមផ្ទះ និងការផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ៕