Saturday, October 08, 2022

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារពិសេសជូនជនរួមជាតិ អំពីស្ថានភាព នៃទឹកជំនន់នៅក្នុងប្រទេសកម្ពុជា ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យកសិកម្ម


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រលប់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២នេះ បានផ្ញើសារជូនជនរួមជាតិ អំពីស្ថានភាព នៃទឹកជំនន់នៅក្នុងប្រទេសកម្ពុជា ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យកសិកម្ម។


នៅក្នុងសារសំឡេងនេះ សម្តេចបានដាក់បទបញ្ជាឱ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្​ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជារដ្ឋមន្ត្រីស្តីទីក្រសួងកសិកម្ម រុក្ខាប្រមាញ និងនេសា ចាត់មន្ត្រីជំនាញរបស់ក្រសួង ឱ្យចុះធ្វើការជាមួយនឹងខេត្តនានា ដើម្បីវាយតម្លៃអំពីផលប៉ះពាល់លើវិស័យកសិកម្ម ដោយទឹកជំនន់ ហើយត្រៀមបម្រុងដឹកពូជស្រូវ ដើម្បីដោះស្រាយបញ្ហា។


តាមរយៈសារសំឡេងមួយ ផ្ញើជូនជនរួមជាតិ នៅព្រលប់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានអះអាងថា សម្តេចបានទទួលបាយការណ៍ពី នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អំពីស្ថានភាព នៃទឹកជំនន់នៅក្នុងប្រទេសកម្ពុជា ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យកសិកម្ម។


របាយការណ៍នោះ បានបញ្ជាក់អំពីពលរដ្ឋស្លាប់ដោយទឹកជំនន់ចំនួន៤នាក់ ហើយមានការជម្លៀសប្រជាជនពីទីទួលមានសុវត្ថិភាព ដែលក្នុងនោះក៏មានការប៉ះពាល់ដល់សិស្ស ដោយសារតែមានការលិចលង់សាលារៀនផងដែរ។ តាមរបាយការណ៍នេះ បានឱ្យដឹងថា ដំណាំស្រូវនៅកម្ពុជា បានទទួលរកនូវការលិចលង់ចំនួន ១៥១៤១២ហិកតា ហើយដំណាំរួមផ្សំផ្សេងទៀត ចំនួន៤១២៤ហិកតា។


សម្តេចបានថ្លែងថា ឥឡូវនេះទឹកនៅកន្លែងខ្លះស្រក នៅកន្លែងខ្លះក៏ឡើង និងមានសភាពការណ៍មួយចំនួន នៃការព្យាករណ៍អាកាសធាតុ ដែលអាចនឹងនៅមានទឹកភ្លៀងខ្លះបន្ថែមទៀត ប៉ុន្តែតាមការជាក់ស្តែងនោះ មានកន្លែងខ្លះក៏ឡើង កន្លែងខ្លះក៏ស្រក ហើយសភាពការណ៍ នៅឯមូលដ្ឋានគឺគ្រប់គ្រងបាន។ ប៉ុន្តែអ្វីដែលជាកង្វល់ គឺមូលដ្ឋានខ្លះកំពុងជួបនូវបញ្ហា ពាក់ព័ន្ធនឹងបញ្ហាខ្វះពូជស្រូវ និងពូជដំណាំ ដេលទាមទារឱ្យថ្នាក់ជាតិអន្តរាគមន៍ជាបន្ទាន់។


សម្តេចបានបញ្ជាក់ថា «ខ្ញុំព្រះករុណាខ្ញុំ សូមដាក់បទបញ្ជាទៅ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីស្តីទីក្រសួងកសិកម្ម រុក្ខាប្រមាញ និងនេសាទ ចាត់មន្ត្រីជំនាញរបស់ក្រសួងដែលមានរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ចុះធ្វើការជាមួយនឹងខេត្ត ក៏ដូចជាគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីធ្វើការវាយតម្លៃឱ្យបានឆាប់បំផុត តាមដែលអាចធ្វើទៅបាន អំពីការខូចខាត ដែលទាក់ទងជាមួយនឹង ដំណាំស្រូវ ក៏ដូចជាដំណាំផ្សេងទៀត ដើម្បីឱ្យរាជរដ្ឋាភិបាល អាចបញ្ចេញយ៉ាងលឿន ទៅកាន់គោលដៅនៃស្រូវដែលខូចខាត ដើម្បីឱ្យប្រជាពលរដ្ឋយើងអាចបង្កបង្កើនផលឡើងវិញ»។


សម្តេចបានចាត់ទុកថា នេះជាការអន្តរាគមន៍ចាំបាច់ ដើម្បីដោះស្រាយបញ្ហានៅចុងរដូវ ដែលទឹកមិនទាន់អស់នៅឡើយ។ សម្តេចបានអំពាវនាវឱ្យមានកិច្ចសហការរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជ្ញាធរថ្នាក់ក្រោមជាតិ ក៏ដូចជាគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ រួមគ្នាវាយតម្លៃអំពីផលប៉ះពាល់ផង និងត្រៀមបម្រុងដើម្បីដឹកចេញនូវពូជស្រូវ និងដំណាំទៅកាន់គោលដៅផង។


សម្តេចមិនចង់ឱ្យមានការបណ្តែតបណ្តោយឱ្យទឹកស្រកហួស ហើយតំបន់ទាំងនោះគ្មានប្រភពទឹកដើម្បីបង្កបង្កើនផលឡើយ ដែលកន្លងទៅកម្ពុជាធ្លាប់ជួបប្រទះកាលពីឆ្នាំ២០០០ ហើយខេត្តដែលជួបប្រទះច្រើន គឺបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ ហើយដោយឡែកឆ្នាំនេះក៏កើតនៅកំពង់ធំ ព្រះវិហារ និងខេត្តដទៃថែមទៀត។


សម្តេចជំរុញឱ្យមានការចាត់ចែងការងារនេះជាបន្ទាន់ ដើម្បីវាយតម្លៃអំពីការខូចខាត និងត្រៀមបញ្ចេញពូជដែលមានស្តុក ទៅឱ្យប្រជាពលរដ្ឋដាំដុះ៕

វិភាគអន្តរជាតិ៖ ហេតុអ្វី ចិនមិនអាច ហើយនឹងមិនបោះបង់ចោលរុស្ស៉ី?



(តូក្យូ)៖ ខណៈរុស្ស៉ីបង្កើនការសម្លុតគំរាមប្រើអាវុធនុយក្លេអ៊ែរ ក្រោយបរាជ័យជាបន្តបន្ទាប់នៅអ៊ុយក្រែននាប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ មានការលើកឡើងជាច្រើនថា ចិនកំពុងព្យាយាមនៅឆ្ងាយពីរុស្ស៉ី។ ការយល់ឃើញបែបនេះត្រូវបានមជ្ឈដ្ឋានខ្លះ សំអាងទៅលើការអត្ថាធិប្បាយរបស់ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នៅឯជំនួប ជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង ក្នុងប្រទេសអ៊ូសបេគីស្ថាន កាលពីថ្ងៃទី១៥ ខែកញ្ញាកន្លងទៅ។ នៅពេលចាប់ផ្ដើមកិច្ចប្រជុំ លោក ពូទីន បាននិយាយថា ចិនបានចោទសួរ និងបង្ហាញក្ដីបារម្ភចំពោះសង្រ្គាមនៅអ៊ុយក្រែន ជាសញ្ញានៃភាពតានតឹងដ៏កម្រនៅក្នុងទំនាក់ទំនងរវាងប្រទេសទាំង២។


លោក ពូទីន ទំនងជាត្រូវបង្ខំចិត្តធ្វើការកត់សម្គាល់បែបនេះ បន្ទាប់ពីទីក្រុងប៉េកាំងសម្ដែងការជំទាស់ទៅនឹងរុស្ស៉ី ដែលបានចេញផ្សាយការអត្ថាប្បាយមួយរបស់ មន្ត្រីជាន់ខ្ពស់ចិនម្នាក់ដោយឯកតោភាគី ជុំវិញសង្រ្គាមអ៊ុយក្រែន។ កាលពីដើមខែកញ្ញា លោក លី សានស៊ូ (Li Zhanshu) ជាប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃ សភាជាតិប្រជាជនចិន បានបំពេញទស្សនកិច្ចនៅទីក្រុងមូស្គូ ជាទីដែលលោកបានពិភាក្សាការងារជាមួយក្រុមមន្ត្រីរុស្ស៉ី។ បើតាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី លោក លី សានស៊ូ បានប្រាប់សមាជិកសភារុស្ស៉ីមួយក្រុមថា «ចិនគាំទ្ររុស្ស៉ីនៅក្នុងសង្រ្គាមអ៊ុយក្រែន» ដោយការលើកឡើងនេះបានបង្កការក្ដៅក្រហាយយ៉ាងខ្លាំងនៅក្នុងចំណោមបណ្ដា ប្រទេសលោកខាងលិច។


ទីក្រុងប៉េកាំង នៅមិនទាន់ធ្វើអត្ថាធិ​ប្បាយណាមួយពាក់ព័ន្ធនឹងការកត់សម្គាល់របស់លោក លី នៅឡើយទេ តែផ្អែកលើភាពស្ងៀមស្ងាត់របស់ចិន វាមើលទៅហាក់ដូចជា រុស្ស៉ីបានចេញផ្សាយការអត្ថាធិប្បាយរបស់លោក លី ដោយមិនមានការយល់ព្រមពីចិនទេ។ តួយ៉ាង ប្រភពស្និទ្ធនឹងមន្ត្រីការទូតចិនបានឱ្យដឹងថាដោយសារតែការអន់ចិត្ត នឹងទង្វើវិមានក្រឹមឡាំង ទីក្រុងប៉េកាំងបានបង្ហាញការមិនពេញចិត្តរបស់ខ្លួនចំពោះទីក្រុងមូស្គូ។ ចាប់តាំងពីសង្រ្គាមអ៊ុយក្រែនផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈមក ចិន បានប្រកាន់យកជាផ្លូវការនូវ «ជំហរអព្យាក្រឹត» ដោយមិនបានថ្កោលទោស ឬគាំទ្រសង្រ្គាមនេះនោះទេ ដូច្នេះច្បាស់ណាស់ថាចិនមុខជាបារម្ភខ្លាចថាការទម្លាយពី ការលើកឡើងរបស់លោក លី អាចឱ្យសហរដ្ឋអាមេរិក ឬលោកខាងលិច យកទៅធ្វើជាការសន្និដ្ឋានថាចិនបានផ្លាស់ប្ដូរគោលជំហរដោយងាកមកគាំទ្រសង្រ្គាមរបស់ លោក ពូទីន វិញ។


យ៉ាងណាក៏ដោយ ការលើកឡើងរបស់លោក ពូទីន ពីការចោទសួរ និងការព្រួយបារម្ភរបស់ចិន កំឡុងជំនួបជាមួយលោក ស៊ី ជិនពីង នៅអ៊ូសបេគីស្ថាន អាចជាការ ព្យាយាមបន្ទន់ចិត្តទីក្រុងប៉េកាំង ដោយទទួលស្គាល់ថាចិនមិនបានផ្ដល់ការគាំទ្រពេញទំហឹងដល់សង្រ្គាមរបស់លោកឡើយ។ បើមើលត្រឡប់ទៅក្រោយវិញ ទំនាក់ទំនង រវាងចិន និងរុស្ស៉ី កាលពីថ្ងៃទី៤ ខែកុម្ភៈ បានឡើងដល់ចំណុចដ៏ខ្ពស់មួយ នៅពេលលោក ពូទីន និងលោក ស៊ី ជិនពីងចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួមប្រកាសពី «ទំនាក់ទំនងមិត្តភាពគ្មានព្រំដែន» នៃប្រទេសទាំង២។ ប៉ុន្តែ នៅម្ខាង លោក ស៊ី ជិនពីង បានដាក់ការរឹតត្បិតលើកិច្ចសហប្រតិបត្តិការរបស់ចិនជាមួយរុស្ស៉ី ក្រោយលោក ពូទីន បញ្ជូនកងទ័ពចូលឈ្លានពានអ៊ុយក្រែន។ ចិន មកទល់នឹងបច្ចុប្បន្ន នៅតែប្រឹងប្រែងបញ្ចៀសរាល់ការផ្ដល់ជំនួយ ឬការធ្វើកិច្ចសហប្រតិបត្តិការទាំងឡាយណាដែល អាចនឹងបំពានទណ្ឌកម្មសេដ្ឋកិច្ចលោកខាងលិចប្រឆាំងនឹងរុស្ស៉ី រីឯក្រុមមន្ត្រីអាមេរិកក៏មើលឃើញដូចគ្នានេះដែរ។ ពោលគឺទោះបីជាបន្តទិញប្រេងពីរុស្ស៉ីក៏ពិតមែន តែ ចិននៅតែបន្តស្ទាក់ស្ទើរក្នុងការផ្ដល់អាវុធ ឬបរិក្ខារយោធាទំនើបៗឱ្យរុស្ស៉ី ហើយក៏មានសេចក្ដីរាយការណ៍ដែរថាវិមានក្រឹមឡាំងមានការខកចិត្តជាខ្លាំងចំពោះ ការស្ទាក់ស្ទើររបស់ចិន។


សំណួរដ៏សំខាន់នៅត្រង់នេះ នោះគឺថាតើចិនពិតជាកំពុង ឬនឹងព្យាយាមនៅឱ្យឆ្ងាយពីរុស្ស៉ីដែរឬក៏យ៉ាងណា? ហើយបើដូច្នេះមែនតើឆ្ងាយដល់កម្រិតណា? អនាគតនៃ ទំនាក់ទំនងរវាងចិន និងរុស្ស៉ី ធ្លាប់បានក្លាយជាប្រធានបទដ៏សំខាន់ក្នុងសន្និសីទអន្តរជាតិមួយកាលពីដើមខែកញ្ញាកន្លងទៅនេះ ក្នុងទីក្រុងប៊ីលីស៊ី (Tbilisi) នៃប្រទេស ហ្ស៊កហ្ស៉ី។ ក្រុមអ្នកជំនាញដែលបានចូលរួមក្នុងសន្និសីទនេះត្រូវបានបែងចែកជា ២ក្រុម។ ក្រុមទី១ បានព្យាករថាសម្ព័ន្ធភាពជិតស្និទ្ធរវាងចិន និងរុស្ស៉ី នឹងមិនអាចគង់វង្ស យូរអង្វែងទេ ដោយសារតែភាពផ្ទុយគ្នានៅក្នុង «ផលប្រយោជន៍យុទ្ធសាស្ត្ររយៈពេលវែង» របស់ប្រទេសទាំង២។ រុស្ស៉ីកំពុងព្យាយាមស្វែងរកអនាគតថ្មីរបស់ខ្លួន ដោយ ការកែប្រែសណ្ដាប់ធ្នាប់ពិភពលោកសព្វថ្ងៃ រីឯចិនវិញកំពុងពង្រីកឥទ្ធិពលរបស់ខ្លួនលើបណ្ដាប្រទេសដទៃ និងអង្គការអន្តរជាតិដែលស្ថិតនៅក្រោមប្រព័ន្ធសណ្ដាប់ធ្នាប់ ពិភពលោកដែលមានស្រាប់ ឬអាចនិយាយឱ្យខ្លីទាំងរុស្ស៉ី និងចិន «មានទំនាស់ផលប្រយោជន៍»។


ចំណែកឯ ក្រុមទី២ យល់ថារុស្ស៉ី និងចិននឹងបន្តរក្សាទំនាក់ទំនងជិតស្និទ្ធនឹងគ្នា ដ្បិតពួកគេមានផលប្រយោជន៍រួម ក្នុងការបន្សាបឥទ្ធិពលសហរដ្ឋអាមេរិកនៅលើឆាក អន្តជាតិ ហើយការយល់ឃើញនេះគឺមានភាពប្រាកដប្រជាជាងក្រុមទី១។ «ចិនមិនអាច ហើយក៏នឹងមិនបោះបង់ចោលរុស្ស៉ីនោះដែរ ក្នុងរយៈពេលខ្លី ឬមធ្យម»។ វាមាន ហេតុផលសំខាន់ ២យ៉ាង៖ ម្យ៉ាង នោះគឺមកពីកត្តាទីតាំងភូមិសាស្ត្រប្រទេសទាំង២ ដែលមានព្រំដែនជាប់គ្នា។ កាលពីអំឡុងទសវត្សរ៍ឆ្នាំ១៩៦០ ចិន និងសូវៀតធ្លាប់មាន វិវាទនឹងគ្នាជាញឹកញាប់នៅតាមតំបន់ព្រំដែន រហូតដល់ថ្នាក់ប៉ះទង្គិចគ្នាដោយប្រដាប់អាវុធក្នុងឆ្នាំ១៩៦៩។ ក្នុងករណីនេះប្រសិនបើបោះបង់ចោលរុស្ស៉ីព្រោះតែសង្រ្គាម នៅអ៊ុយក្រែន នោះចិនខ្លួនឯងអាចនឹងបង្កើត «សត្រូវមួយដ៏ធំ» នៅក្បែររបងផ្ទះរបស់ខ្លួន ហើយនេះជាសុបិនអាក្រក់មួយដែលចិនមិនហ៊ាននឹកស្រមៃដល់។ បានន័យថា ចិនអាចនឹងត្រូវប្រឈមមុខជាមួយសហរដ្ឋអាមេរិក នៅឥណ្ឌូប៉ាស៊ីហ្វិកផង ហើយជាមួយរុស្ស៉ីនៅប៉ែកខាងជើងនៃរបងផ្ទះរបស់ខ្លួនផង។ នៅពាក់កណ្ដាលទសវត្សរ៍ ឆ្នាំ១៩៩០ នៅពេលដែលចិន និងរុស្ស៉ីចាប់ផ្ដើមពង្រឹងទំនាក់ទំនងមិត្តភាពឡើងវិញ ក៏ក្រុមមន្ត្រីចិនមានការប្រុងប្រយ័ត្នជាប់ជានិច្ច ដោយពេលនោះមន្ត្រីជាន់ខ្ពស់ចិនម្នាក់ បានគូសបញ្ជាក់ដូច្នេះថា «ផ្ទុយពីសហរដ្ឋអាមេរិកដែលនៅដាច់ឆ្ងាយពីចិន ខណ្ឌចែកដោយមហាសមុទ្រប៉ាស៊ីហ្វិក រុស្ស៉ីនៅជិតបង្កើយជាមួយចិន ...រុស្ស៉ីអាចនឹងព្យាយាម ពង្រីកដែនឥទ្ធិពលរបស់ខ្លួននៅពេលអនាគតដែលអាចនឹងបង្កភាពតានតឹងជាមួយចិន...ដូច្នេះរុស្ស៉ីនៅតែជាប្រភពនៃការព្រួយបារម្ភដ៏ធំបំផុតសម្រាប់ចិន»។


ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ចិនរូបនេះ ធ្វើឡើងនៅក្នុងបទសម្ភាសន៍មួយ នៅពេលលោក បូរីស យែលស៊ីន (Boris Yeltsin) កាន់តំណែងជាប្រធានាធិបតីរុស្ស៉ី។ រីឯ ហេតុផលទី២ ដែលអាចរំពឹងថាសម្ព័ន្ធភាពរវាងចិន និងរុស្ស៉ីនឹងមានភាពយូរអង្វែង នោះគឺវត្តមានរបស់សហរដ្ឋអាមេរិកដែលជា «សត្រូវរួម» របស់ពួកគេ។ ចិនមាន គោលដៅក្លាយជាកំពូលមហាអំណាចក្នុងកម្រិតស្មើគ្នា ឬលើសជាមួយសហរដ្ឋអាមេរិក នៅមុនឆ្នាំ២០៥០ ហើយសម្រាប់ចិន រុស្ស៉ីគឺជាសម្ព័ន្ធមិត្តដែលជាមហាអំណាច តែមួយគត់ដែលអាចនឹងគាំទ្រទីក្រុងប៉េកាំងប្រឆាំងនឹងអាមេរិក។


ម្លោះហើយបើរុស្ស៉ី ដួលរលំដោយចាញ់សង្រ្គាមនៅអ៊ុយក្រែន នោះចិនអាចនឹងត្រូវប្រឈមមុខជាមួយសហរដ្ឋអាមេរិក និងលោកខាងលិចតែម្នាក់ឯង។ ដើម្បីទប់ស្កាត់ សេណារីយ៉ូអាក្រក់បែបនេះ ចិននឹងបន្តផ្ដល់ការគាំទ្រការទូត និងសេដ្ឋកិច្ចដល់រុស្ស៉ី បើទោះជានៅតែស្ទាក់ស្ទើរក្នុងការផ្ដល់ជំនួយយោធាលក៏ដោយ។ ជាថ្នូរមកវិញ នៅក្នុងតំបន់អាស៊ីខាងកើត រុស្ស៉ីអាចនឹងធ្វើសកម្មភាពលើកកម្ពស់ផលប្រយោជន៍ចិន ទាំងក្នុងសំណុំរឿងកោះតៃវ៉ាន់ និងជម្លោះនៅតំបន់សមុទ្រចិនខាងកើត រួមទាំង សមុទ្រចិនខាងត្បូងផងដែរ៕ Fresh News