Tuesday, December 23, 2014

សុន្ទរកថា ឯកឧត្តម បណ្ឌិត​សភាចារ្យ សុខ អាន ក្នុងពិធី​រាត្រីសមោសរ​សហភាព​សហព័ន្ធ​យុវជន​​កម្ពុជា

រាជធានីភ្នំពេញ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៤
-       ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិនិងក្មួយៗយុវជនទាំងអស់ ជាទីមេត្រី​!
រាត្រីនេះ​ ខ្ញុំនិងភរិយា មានសេចក្តីសោមនស្សរីករាយ ចូលរួមជាមួយ​ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា​ អស់លោក លោកស្រី សប្បុរសជន ភ្ញៀវកិត្តិយសជាតិ និង​អន្តរជាតិ​ទាំងអស់ ជាពិសេសក្មួយៗ​​យុវជន​នៃ​សហភាព​​សហព័ន្ធ​យុវជន​កម្ពុជា (ស.ស.យ.ក) ​ក្នុង​ពិធី រាត្រី​សមោសរសហភាពសហព័ន្ធ​យុវជនកម្ពុជា​ នាពេលនេះ។ ខ្ញុំសូមកោតសសើរ និងវាយ​តម្លៃ​​​​ខ្ពស់​ចំពោះ​​​គំនិត​ផ្តួចផ្តើម និងកិច្ចខិតខំ​ប្រឹង​ប្រែង​របស់ក្មួយៗជា​ថ្នាក់​ដឹកនាំ​ និងជាសមាជិក សមាជិកា​ទាំងអស់នៃ​សហ​ភាព​​​សហព័ន្ធយុវជន​កម្ពុជា ជាពិសេសឯកឧត្តម​ ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក ក្នុងការរៀបចំឱ្យ​មាន​ការជួបជុំគ្នាដ៏មានសារសំខាន់នេះឡើង ដោយមាន​ការចូលរួម​ឧបត្ថម្ភ​គាំទ្រ​ពី​ក្រសួង ស្ថាប័ន​រដ្ឋ ក្រុមហ៊ុនឯកជន អង្គការ សមាគម និងសប្បុរសជន​នានា ។
ព្រឹត្តិការណ៍​រាត្រី​សមោសរ​​នេះ​ គឺ​ជា​ការ​ជួបជុំគ្នាប្រកបដោយអត្ថន័យយ៉ាងធំធេង ​​ដែល​ឆ្លុះ​បញ្ចាំង​​​ឱ្យ​ឃើញ​នូវ​ស្មារតីសាមគ្គីភាព កិច្ចសហការ និងការគាំទ្រដល់ក្មួយៗ​យុវជន​នៃសហ​ភាព​​​សហព័ន្ធ​យុវជន​កម្ពុជា ដើម្បីឱ្យក្មួយៗអាចបំពេញករណីយកិច្ចរបស់ខ្លួនជាពលរដ្ឋល្អ និង​ជា​ទំពាំង​ស្នង​ឬស្សីដ៏រឹងមាំ ដែលត្រូវចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គមនានា និងការអភិវឌ្ឍ​ប្រទេស​ជាតិ​​ឱ្យមានការរីកចម្រើនបន្ថែមទៀត។ ជាការពិត តាំងពីពេលចាប់បដិសន្ធិមក សហភាព​សហព័ន្ធយុវជន​​កម្ពុជាបានសម្រេចនូវសមិទ្ធផលយ៉ាងច្រើន​ គួរឱ្យកត់សម្គាល់ ដែលខ្ញុំ​មានសេចក្តី​រីករាយក្នុងការគាំទ្រ និងមាន​​​​មោទន​ភាពចំពោះសមិទ្ធផលទាំងនេះ។ យើង​​ទាំងអស់គ្នាបានកត់ សម្គាល់​ប្រកបដោយ​ការពេញចិត្ត​ ពេលសង្កេត​ឃើញ​យុវជន​កម្ពុជា​​ ដែលជាសរសរទ្រូងរបស់ ប្រទេសជាតិ កំពុង​បំពេញបេសកកម្ម​ដ៏ត្រឹមត្រូវដោយទទួល​បានផ្លែផ្កា​យ៉ាងច្រើន​ ជាបន្តបន្ទាប់ ​ដើម្បី​ចូល​រួម​​ក្នុងការអភិវឌ្ឍ​សង្គមជាតិ​ប្រកប​ដោយ​​​ចីរភាព ។
ដូចដែលឯកឧត្តម ហ៊ុន ម៉ានី ​ប្រធាន ស.ស.យ.ក បានគូសបញ្ជាក់នៅក្នុងសុន្ទរកថា​ស្វាគមន៍ ​និង​របាយការណ៍អម្បាញ់មិញ ស.ស.យ.ក បានសម្រេច​នូវ​សមិទ្ធផលការងារ​សំខាន់​​​ជាច្រើន ដែល​បង្ហាញ​​​យ៉ាងច្បាស់​អំពីឆន្ទៈ​ស្នេហាជាតិមាតុភូមិ ​គំនិតផ្តួចផ្តើម និងស្មារតី​ទទួល​ខុស​ត្រូវ​​ខ្ពស់​របស់​ក្មួយៗយុវជន​ ចំពោះ​ជោគវាសនា​​របស់ប្រទេសជាតិជាទីស្នេហានៃយើង។ ជាក់ស្តែង ស.ស.យ.ក បាននិងកំពុង​ធ្វើការងារសង្គមដោយស្ម័គ្រចិត្ត​ជាច្រើន​ រួមចំណែក​យ៉ាងសំខាន់​​​ជាមួយ​​រាជរដ្ឋាភិបាល ​​ដូចជា យុទ្ធនាការយុវជន​និងទី​ក្រុង​ស្អាត ​យុទ្ធនាការផ្សព្វផ្សាយអំពីសុវត្ថិភាព​ចរាចរណ៍ យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​មហា​រីក​មាត់ស្បូន​ ​ការបរិច្ចាក​ឈាម ការផ្តល់ អាហារូបករណ៍ ការរៀប​ចំ​​ការប្រកួតកីឡា ការ​ជួយ​ជន​រង​គ្រោះ​ដោយ​គ្រោះ​ធម្ម​ជាតិ​ ការ​ចូលរួម​ជា​កម្លាំង​​ដើម្បី​រៀបចំ​ទទួល​​ប្រជាពល​ករ​ខ្មែរ​ដែល​ត្រូវ​បាន ​ជម្លៀស​ចេញ​ពី​ប្រទេស​ថៃ​ ការជួយ​កុមារ​កំព្រា​ការរៀបចំពិធី​ដាំកូនឈើ ការជំរុញ​ចលនា​ស្រលាញ់​ការពារបរិស្ថាន​​ដល់គ្រប់​ស្រទាប់​យុវជន​ និងមហាជន​ទូទៅ​ និង​កម្មវិធី​សប្បុរធម៌នានា ។ល។ ការចូលរួមទាំងនេះ ​មិនគ្រាន់តែជាការ​រួមចំណែក​​ជាមួយ​រាជរដ្ឋា​ភិបាលក្នុង​ការអភិវឌ្ឍ​​ប្រទេស ​ប៉ុណ្ណោះទេ ប៉ុន្តែ​​ថែម​ទាំង​ជា​ឱកាស​ដ៏ល្អសម្រាប់ក្មួយៗ​​ក្នុងការរៀន​សូត្រ ដកពិសោធន៍ជាក់ស្តែង ​ដើម្បីពង្រឹង​សមត្ថភាព និងបំណិន ជីវិតរបស់ខ្លួន ក្នុង​ការ​ត្រៀមខ្លួនក្លាយជា​សរសរ​ទ្រូង​​ដ៏រឹងមាំរបស់​ប្រទេសជាតិ សក្តិសមជា «ទំពាំង​ស្នងឫស្សី» យ៉ាងពិតប្រាកដថែម​ទៀត​​ផង។
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី
ដើម្បីឱ្យ​យុវជនអាចបំពេញករណីយកិច្ច​របស់ខ្លួន បានពេញលេញជាពលរដ្ឋល្អ​ និង​ជាទំពាំង​ស្នងឬស្សីដ៏រឹងមាំ ទាមទារជាចាំបាច់នូវការយកចិត្តទុកដាក់ និងការគាំទ្រ ទាំងស្មារតី និង​សម្ភារៈ​ពីគ្រប់មជ្ឈដ្ឋាននៅក្នុងសង្គមទាំងមូល។ ក្នុង​ន័យនេះ​ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ​ប្រកប​ដោយ​គតិបណ្ឌិត​​របស់សម្តេច​អគ្គ​មហា​​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​​កម្ពុជា​ តែងតែបានគិតគូរជានិច្ច​ដល់ការអភិវឌ្ឍយុវជន តាមរយៈ​ការដាក់ចេញ​នូវគោល​ន​​យោ​បាយ​ជាតិ «ស្តី​ពីការអភិវឌ្ឍ​យុវជ​ន​​​ក​ម្ពុជា» ក្នុងគោលបំណងជំរុញឱ្យ​គ្រប់ក្រសួង ស្ថាប័ន​​​​​​​​សាធារណៈ វិស័យឯកជន អង្គការសង្គមស៊ីវិលជាតិ​ និងអន្តរជាតិ យក​ចិត្តទុកដាក់លើក​កម្ពស់​ការអភិវឌ្ឍយុវជន ដើម្បីឱ្យ​យុវជនគ្រប់រូបអាចរួម​ចំ​​ណែកដល់ដំណើរការអភិវ​ឌ្ឍប្រទេស​ជាតិ​ ប្រកប​ដោយប្រសិទ្ធភាពខ្ពស់។
 ទន្ទឹមនឹងនេះ សម្តេចតេជោផ្ទាល់តែងតែបានឧបត្ថម្ភគាំទ្រដល់ ​យុវជន​កម្ពុជា​ ជាពិសេស សហភាពសហព័ន្ធ​យុវជនកម្ពុជា​ ​ក្នុងការពង្រឹងនិង​ពង្រីក​តួនាទី​គំរូ​របស់ខ្លួន​នៅ​ក្នុង​សង្គមជាតិ ដើម្បីឱ្យមានការប្រែប្រួលឥរិយាបថរបស់យុវជនឆ្ពោះទៅរក​ភាព​ជឿន​​លឿន ​​ប្រក​ប​​​​ដោយ​ភាព​ក្លា​ហាន​ ដោយផ្សាភ្ផាប់ខ្លួនទៅនឹងភារកិច្ចអភិវឌ្ឍខ្លួនឯង ជួយអ្នកដទៃ និងបំពេញ​ករណីកិច្ច​​ចំពោះ​ជាតិមាតុភូមិ។
 ជាលទ្ធផល សមិទ្ធផលសំខាន់ៗកន្លងមក​របស់​រាជ​រដ្ឋា​ភិបាល តែងតែមាន​ការ​រួម​ចំណែក​​របស់​ក្មួយៗយុវជន ទាំងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការការពារជាតិ​ ក៏ដូចជាក្នុងការ​ថែរក្សា​អភិរក្ស​វប្បធម៌និង​បេតិកភណ្ឌជាតិ​ផងដែរ។ ជាក់ស្តែង នៅពេលកម្ពុជា​ធ្វើជា​ម្ចាស់​ផ្ទះ​រៀបចំ​​សម័យ​​ប្រជុំ​លើកទី​៣៧ ​​​របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក កាលពី​ឆ្នាំ​២០១៣ ដែល​ត្រូវបាន​សមាជិក​​នៃ​​គណៈ​កម្មាធិការ​បេតិកភណ្ឌពិភពលោក រដ្ឋភាគី ស្ថាប័ន​ពិគ្រោះ​យោបល់​ និង​ស​មាជិក​សង្កេត​ការណ៍​ជា​ច្រើនចាត់​​ទុកថា ជាសម័យប្រជុំមួយ​ដែល​មានការរៀបចំយ៉ាងល្អ​ និង​ទទួលបាន​ជោគ​ជ័យ​យ៉ាងធំធេង នៅ​ក្នុង​​ប្រវត្តិនៃសម័យប្រជុំគណៈ​កម្មាធិការបេតិកភណ្ឌ​ពិភពលោក​​​នោះ យុវជនកម្ពុជាក៏បានចូលរួមចំណែកយ៉ាងសកម្មគួរឱ្យកត់សម្គាល់ផងដែរ។ នៅក្នុងឱកាសនោះ យុវជន​កម្ពុជា​​យើង មានការទទួលខុសត្រូវយ៉ាងសំខាន់ក្នុងការរៀបចំនូវវេទិកា​យុវជនអន្តរជាតិដ៏ធំ ​ប្រកប​ដោយ​​ជោគជ័យគួរជាទីមោទនៈ ដោយ​បានសម្រិតសម្រាំង​នូវ​ប្រធានប​ទដ៏សមស្របមួយ​គឺ «បេតិ​ក​​​ភណ្ឌ​​​រស់៖ ប្រាសាទ បរិស្ថាន និងប្រជាជន»​ ដើម្បីបញ្ជ្រាប​​​ការ​យល់ដឹង​អំពី​ទំនាក់​ទំនង​ប្រកប​ដោយ​​សុខុដុម​រមនា​ នឹងគ្នារវាងវប្បធម៌ បរិស្ថាន​ដែល​រួម​មាន​​​ទឹក​​និងព្រៃឈើ និង​សហគមន៍​។ អ្វីដែល​ជាមោទនភាពសម្រាប់យុវជនកម្ពុជាទាំងមូលផងដែរនោះ គឺថាក្មួយៗ​យុវជនស្ម័គ្រ​ចិត្ត​ដែល​​ធ្វើជា​ អ្នកសម្របសម្រួលកិច្ចទំនាក់ទំនងនៅក្នុងសម័យ​ប្រជុំនោះ ត្រូវ​បាន​​គណៈ​ប្រតិភូ​ទាំង​អស់​កោត​សរសើរ​​​ ចំពោះ​​​ភាពរួសរាយរាក់ទាក់ និងប្រសិទ្ធ​ភាព​ការងារខ្ពស់។
 ទាក់ទិននឹងវិស័យវប្បធម៌និងបេតិកភណ្ឌ យើងទាំងអស់គ្នាពិតជាមានមោទនភាពណាស់ ដែលបុព្វបុរសខ្មែរយើងបានបន្សល់ទុកនូវសម្បត្តិវប្បធម៌ និងអរិយធម៌ដ៏រុងរឿង យ៉ាងសម្បូរបែប​ រហូតធ្វើ​ឱ្យ​អ្នកជំនាញ​មួយចំនួនបានចាត់ទុកថា​ «កម្ពុជាជា​អធិរាជាណាចក្រ​នៃបេតិកភណ្ឌ» ថែម​ទៀត​​ផង។ ប៉ុន្តែយើងត្រូវចាំថា ទម្រាំនឹងពិភពលោក​បា​ន​ទទួលស្គាល់នូវតម្លៃលេចធ្លោ​ជា​សកល​របស់​​បេតិក​ភណ្ឌ​ ជាតិ​យើង ហើយសម្រេច​ចុះ​តំបន់រមណីយ​ដ្ឋាន​អង្គរ​ និង​រមណីយដ្ឋានប្រាសាទ​ ព្រះវិហារ​ក្នុងបញ្ជី​បេតិក​ភ​ណ្ឌ​ពិភព​លោក រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែង​ជម្នះ​ឧបសគ្គ​​​ជា​ច្រើន​​រាប់មិនអស់ ដោយ​​ប្រើប្រាស់គ្រប់មធ្យោបាយដែលសមស្រប។ ជាងនេះទៅទៀត ដើម្បីថែរក្សា​អភិរក្ស​បេតិកភណ្ឌ​​ដ៏​មានតម្លៃ​ទាំង​នេះ ​​រហូតដល់ជំនាន់​ក្រោយៗ​ទៀត រាជរដ្ឋាភិបាល បានដាក់ ចេញនិង​អនុវត្ត​យ៉ាងហ្មត់​ចត់​នូវ​​គោលនយោបាយ​​ សម្រាប់កិច្ចការពារ​ និង​អភិវឌ្ឍ​​ប្រកបដោយ ចីរភាព ​នូវ​សម្បត្តិបេតិកភណ្ឌ​ទាំងអស់ ​ដោយអនុលោមតាមបទដ្ឋានជាតិ ​និ​ង​គោលការណ៍​អភិរក្ស​​ជា​សកល។ ជាក់ស្តែង ការងារ​​អភិរក្សនិងអភិវឌ្ឍរមណីយដ្ឋានអង្គរ នៅក្នុង​ក្របខ័ណ្ឌនៃ​គណៈ​កម្មាធិការ​សម្របសម្រួល​អន្តរជាតិ​ ICC-Angkor ដែលជាដៃគូសហការយ៉ាងជិតស្និទ្ធជាមួយ​អាជ្ញាធរ​អប្សរា បានធ្វើឱ្យ​ពិភព​លោក​​កោតសរសើរ និងចាត់ទុកជាគំរូ ហើយ​អង្គការ​​​​យូណេស្កូ​បានយក​ទៅ​អនុវត្ត​នៅ​ប្រទេស​ផ្សេងៗថែមទៀតផង​។ លើសពីនេះទៀត ថ្មីៗនេះ កម្ពុជាយើងទើបបានសម្រេច​ជោគ​ជ័យ​យ៉ាងធំធេងមួយទៀត គឺការចាប់ផ្តើមដំណើរការរបស់ ICC សម្រាប់​ប្រាសាទព្រះវិហារ ដែលសម័យ​ប្រជុំលើកដំបូងត្រូវបានប្រារព្ធធ្វើឡើងនៅខេត្តសៀមរាប កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៤ កន្លងទៅ ដោយមាន​​ប្រទេសមហាមិត្ត​ចិន និងមហាប្រទេស​​ឥណ្ឌា​ ជាសហប្រធាន។​ វាជាព្រឹត្តិការណ៍ដ៏មានសារសំខាន់ជាប្រវត្តិសាស្ត្រ ដែលបណ្តាភាគីទំនាស់ពីមុន​បានក្លាយជាដៃគូ​សហប្រតិបត្តិការ​ទៅវិញ ដែលនេះ​គឺជាចំណុចដ៏ធំ​នៃ​ជោគជ័យរបស់​សម័យប្រជុំ​ដំបូងនៃ ICC-Preah Vihear។ ជាក់ស្តែង ប្រទេសថៃ នៅទីបំផុត ក៏​បាន​​ចូលរួមគាំទ្រ​យើង​​ចំពោះ​ការបង្កើត ICC-Preah Vihear នេះដែរ។ ដោយឡែក ឯកឧត្តម​ឯកអគ្គ​រដ្ឋទូត​អាមេរិក​មិនត្រឹមតែ​បាន​ ចូលរួមក្នុងកិច្ចប្រជុំក្រោមអធិបតីភាពចិន និង​ឥណ្ឌា ជាសហប្រធាន ប៉ុណ្ណោះទេ ប៉ុន្តែ​ថែមទាំង​​​បានឡើងថ្លែងសុន្ទរកថា​សម្តែងនូវ​សេចក្តីរីករាយនិង​ អំណរសាទរ​ចំពោះការបង្កើត  ICC-Preah Vihear ហើយចាត់ទុកថានេះ​គឺជាដំណើរការសន្តិភាពដ៏ប្រពៃ។
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី
កិច្ចខិតខំប្រឹងប្រែងដ៏មានសារសំខាន់មួយទៀត របស់សហភាព​​​សហ​ព័ន្ធ​​​​យុវជន​កម្ពុជា ​ក្នុង​ការចូលរួម​ចំណែកជាមួយរាជរដ្ឋាភិបាល​ ដើម្បីលើក​ស្ទួយ​ និង​អភិរក្សវប្បធម៌ ទំនៀមទំលាប់ និង​​បេតិកភណ្ឌ​​របស់​ជាតិយើង គឺការផ្តួចផ្តើមគំនិត ​រៀបចំ​ព្រឹត្តិការណ៍​អង្គរសង្ក្រាន​ដោយជោគជ័យ​ចំនួន​ ពីរលើកមកហើយ នៅលើទឹកដីអង្គរ ខេត្តសៀម​រាប​។ នៅឆ្នាំ​២០១៥ ខាមុខនេះ ​សហភាព​​​សហ​ព័ន្ធ​​​​យុវជន​កម្ពុជាក៏​​​នឹង​រៀបចំ​ព្រឹត្តិការណ៍ «អង្គរសង្រ្កាន្ត» បន្ត​ទៀត ដែល​ព្រឹត្តិការណ៍ ដ៏ធំនេះ​មិនត្រឹមតែចូលរួម​ផ្សព្វផ្សាយ​​​​និងលើក​កម្ពស់​​ វប្បធម៌ ប្រពៃណី និង​អរិយធម៌ខ្មែរ ដល់មហាជន​និង​យុវជន​ឱ្យ បាន​ជ្រួតជ្រាប​ប៉ុណ្ណោះទេ ប៉ុន្តែ​ថែមទាំង​​ចូលរួមចំណែក​ដល់​ការអភិវឌ្ឍវិស័យទេសចរណ៍​ផងដែរ។ វិស័យទេសចរណ៍បានក្លាយ​ជាក្បាលរថភ្លើងថ្មីមួយសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា ដោយ​​បានបង្កើតការងារជាច្រើន​សម្រាប់​ប្រជាជន​និងយុវជន និងចូលរួម​ដោយផ្ទាល់ក្នុង​ការកាត់​បន្ថយ​ភាពក្រីក្ររបស់ប្រជាពលរដ្ឋ​នៅ​មូល​ ដ្ឋាន​។ ជាក់ស្ដែង ឆ្នាំ២០១៣ ចំនួនភ្ញៀវទេសចរ​​​បរទេស​​មក​ទស្សនា​​កម្ពុជាមានប្រមាណ,លាននាក់ ដោយបាននាំមក នូវប្រាក់ចំណូលទៅក្នុង​ចរន្ត​សេដ្ឋកិច្ច​​ជាតិ​​​​ប្រមាណជាង ២.៥០០លានដុល្លារ (ប្រមាណ ១៦% នៃ GDP) ហើយ​បាន​​បង្កើត​​ការងារ​​ជូនប្រជាជន​ដោយ​ផ្ទាល់​ជាង ៥០០ពាន់ និង​ដោយប្រយោល ​ រាប់សិបពាន់​​ផ្សេងទៀត​ ហើយចំនួនភ្ញៀវ​ទេសចរត្រូវបានប៉ាន់ស្មានថានឹងកើនឡើងជាបន្តបន្ទាប់ រហូតដល់ប្រមាណ ៧,៥លាននាក់ នៅត្រឹមឆ្នាំ២០២០។
ដូច្នេះ​ ការរៀបចំព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​​នេះ ពិតជា​ចូលរួមចំណែក​យ៉ាងសំខាន់បន្ថែមទៀត​ ក្នុង​ការ​ជំរុញការផ្សព្វផ្សាយ​ទេសចរណ៍នានា​​ ជាពិសេស យុទ្ធនាការ «កម្ពុជា៖ ព្រះរាណាចក្រ​​អច្ឆរិយៈ» ដែលមានក្រសួង​ទេសចរណ៍​ជាសេនាធិការ បាននិងកំពុងខិតខំ​ប្រឹង​ប្រែង​​អនុវត្តយ៉ាង សកម្ម ដូចជា កន្លង​ទៅថ្មីៗនេះ យើង​បានប្រារព្ធពិធីបុណ្យសមុទ្រលើកទី៣ នៅលើទឹកដី​នៃខេត្តកោះកុង​ដ៏ស្រស់​បំព្រង ហើយ​យើង​ក៏នឹងរៀបចំឱ្យមានព្រឹត្តិការណ៍បុណ្យទន្លេនៅតាមបណ្តាខេត្តជាប់ដងទន្លេទៀត ដែល​ពិធីបុណ្យទន្លេដំបូងនឹងត្រូវប្រារព្ធធ្វើឡើងក្នុងខែមីនា ឆ្នាំ២០១៥ នៅលើទឹកដីខេត្តក្រចេះ ដែលសម្បូរទៅដោយ​ធនធាន​ធម្មជាតិ​ ទេសភាព​ស្រស់ត្រកាល​ និងជាពិសេស​សត្វផ្សោត​ទន្លេមេគង្គ ​ដ៏កម្រ​។ លើសពីនេះ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តក៏ត្រូវ​បាន​សាធារណមតិអបអរសាទរ កោត​សរសើរ និង​វាយតម្លៃខ្ពស់ ដោយសារគំនិតច្នៃប្រឌិត​និង​បង្កើត​ថ្មី ប្រកប​ដោយ​​សមត្ថភាព​របស់​ក្មួយៗយុវជនយើង ព្រមទាំងជាតំណាងឱ្យ​កម្លាំង​សាមគ្គី ភាពស្រុះ​ស្រួលគ្នា​ និង​កិច្ចសហការ​ល្អពីមជ្ឈដ្ឋាននានា​ក្នុងសង្គម ​ជាមហាគ្រួសារខ្មែរ ផងដែរ។
សំខាន់ជាងនេះទៅទៀត ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៥ ខាងមុខនេះ ស.ស.យ.ក ក៏នឹងរៀបចំឱ្យមាន​មហោស្រពវប្បធម៌យុវជនអន្តរជាតិ (International Youth Cultural Festival) ក្រោមប្រធានបទ «កម្លាំងសាមគ្គីក្នុងវប្បធម៌ចម្រុះ» ដែលជាវេទិកាមួយសម្រាប់យុវជន នៃបណ្ដា ប្រទេសសមាជិកអាស៊ាន និងប្រទេសជាដៃគូអាស៊ាន បង្ហាញនូវវប្បធម៌ និងអរិយធម៌រៀងៗខ្លួន ផងដែរ។  ខ្ញុំចាត់ទុកថា ការរៀបចំមហោស្រពនេះ គឺជាជោគជ័យថ្មីមួយទៀតរបស់ ស.ស.យ.ក ជាពិសេសផ្នែកការទូតមហាជន សំដៅពង្រឹងទំនាក់ទំនងរវាងយុវជនកម្ពុជា និងមិត្តភក្ដិយុវជន អន្តរជាតិ។
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី
ជាការពិតណាស់ ជោគជ័យនៃសកម្មភាពទាំងឡាយរបស់សហភាពសហព័ន្ធយុវជនកម្ពុជា នឹង​មិន​អាច​​សម្រេចឡើងបានទេ ប្រសិនបើគ្មាន​ការចូលរួម​គាំទ្រ​​យ៉ាងផុលផុស ទាំងស្មារតី ថវិកា និង​សម្ភារៈ ពីក្រសួង ស្ថាប័នរដ្ឋ ​វិស័យ​ឯកជន និងសប្បុរសជននានា ព្រមទាំងអាជ្ញាធរ​​​​​​​​ដែនដី​គ្រប់លំដាប់ថ្នាក់។ ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមកោតសរសើរ​ និង​ថ្លែង​​អំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​ការចូល​រួម​វិភាគទាន​ដ៏ថ្លៃថ្លា​​ របស់​ក្រុមហ៊ុន អង្គការ សមាគម ក៏ដូចជា ឯកឧត្តម លោកជំទាវ  លោក​ឧកញ៉ា អស់លោក លោកស្រី និងសប្បុរសជន​ទាំងអស់។ ដូច្នេះ ការ​ជួប​​ជុំគ្នា​ដ៏សប្បាយរីករាយនារាត្រីនេះ ​គឺជាឱកាស​ដ៏ល្អ​ប្រសើរ​​​​​សម្រាប់ ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា អស់លោក លោកស្រី និងសប្បុរសជន​ទាំងអស់ ចូលរួម​ជាមួយ​រាជរដ្ឋា​ភិបាល ក្នុងការបន្តឧបត្ថម្ភ​គាំទ្រ​ដល់​សហភាព​សហព័ន្ធ​យុវជនកម្ពុជា តាម​​ការ​អំពាវនាវ​របស់​ឯកឧត្តម​ប្រធាន​ ស.ស.យ.ក ដើម្បីឱ្យ​អង្គការយុវជនដ៏មានសារសំខាន់​​នេះ​​​​បន្ត​នូវ​បេស​កកម្ម​ ដ៏ឧត្តុង្គ​ឧត្តម​​របស់​ខ្លួន និង​សម្រេចបាន​សមិទ្ធផល​​ថ្មីៗ​ជាច្រើន​ទៀត ​ជូន​ជាតិមាតុភូមិ​ជាទីស្នេហា​នៃ​យើង។
ជាទីបញ្ចប់ ខ្ញុំសូមឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី ភ្ញៀវកិត្តិយស និងក្មួយៗយុវជនទាំង​អស់ រីករាយជាមួយ​នឹងរាត្រី​សមោសរ​ដ៏អធិក​អធម​នេះ និង​សូម​ជូនពរ​សុខភាព​​​​​​​ល្អ ​ជោគជ័យ​គ្រប់​​ភារកិច្ច និង​​សុភមង្គលក្នុងក្រុមគ្រួសារ៕
សូមអរគុណ!

សុន្ទរកថា​ស្វាគមន៍​ ឯកឧត្តម ហ៊ុន ម៉ានី ក្នុង​រាត្រី​​សមោល​សរ​ សហភាព​សហព័ន្ធ​យុវជនកម្ពុជា

 
 



កម្ពុជា-ចិន​​ពង្រឹង​​ចំណង​​មិត្ត​ភាព​​តាម​​រយៈ​ការ​​ផ្លាស់​​ប្តូ​រ​ទស្សន​កិច្ច​​រវាង​គណ​បក្ស​​និង​​យុវជន​​ប្រទេស​​ទាំង​ពីរ

ប្រតិភូជាន់​ខ្ពស់​នៃគណៈកម្មាធិការ​មជ្ឈឹម​ បក្សកុំមុយនីស្ត​ចិន បាន​ឯកភាព​ជាមួយថ្នាក់​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា ពិសេស​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​បន្ត​ផ្លាស់​ប្តូរ​ទស្សនកិច្ច​ទៅ​វិញ​ទៅ​មក​ រវាង​គណបក្ស​ និង​គណបក្ស​ យុវជន​ និង​យុវជន ដើម្បី​ពង្រឹង​នូវ​ចំណង​មិត្ត​ភាព​កិច្ច​សហប្រតិបត្តិការ​នៃ​ប្រទេស​ទាំង​ ពីរ។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​សម្តេចតេជោ​នាយករដ្ឋមន្ត្រី​បានឲ្យ​ដឹង​ថា ​នៅ​ក្នុង​ជំនួប​សម្តែង​ការ​គួរ​សម​ចំពោះ​សម្តេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​នៅ​វិមានសន្តិភាព​ទីស្តីការ​ នាយករដ្ឋមន្រ្តី រសៀលថ្ងៃ​ទី២២ ខែធ្នូ ឆ្នាំ២០១៤ ឯកឧត្តម ចិន ហ្វេង ស៊ាង (Chen Feng Xiang) អនុរដ្ឋមន្រ្តី​ទទួល​បន្ទុកគណៈ​ទាក់​ទង​អន្តរជាតិ នៃ​គណៈកម្មាធិការ​មជ្ឈឹម​បក្ស​កុំមុយនីស្ត​ចិន មាន​ប្រសាសន៍ឲ្យ​ដឹង​ថា ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម និង​គណៈប្រតិភូ​មកកាន់​ប្រទេសកម្ពុជា​នៅ​ពេល​នេះ គឺ​ឆ្លើយ​តបទៅ​នឹង​អ្វីដែល​យល់​ស្រប​គ្នា កាល​ពីដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម (ចិន ហ្វេង ស៊ាង) កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៤ ដែល​បានយល់​ស្រប​គ្នា​ជាមួយ​និង​ឯកឧត្តម សាយ ឈុំ​(អនុប្រធាន​ទី១ព្រឹទ្ធ​សភា) ក្នុង​ការ​បន្តផ្លាស់​ប្តូរ​ដំណើរ​ទស្សនកិច្ច​រវាង​បក្ស និង​បក្ស យុវជន និង​យុវជន ពិសេស​ជំរុញ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ ឲ្យ​កាន់​តែ​រីក​ចំរើន​ខ្លាំង​ឡើង​ថែម​ទៀត។
ឯកឧត្តម ចិន ហ្វេង ស៊ាង (Chen Feng Xiang) ក៏​បាន​ជំរាប​ជូន​សម្តេច​តេជោ​នាយក​រដ្ឋ​មន្រ្តី​ស្តីពី​លទ្ធផល​នៃ​ជំនួប​ ពិភាក្សា​ការងារ​រវាង​ឯកឧត្តម ជាមួយ និង​ឯកឧត្តម សាយ ឈុំ។
សម្តេចតេជោ​នាយករដ្ឋមន្រ្តី មាន​ប្រសាសន៍​សំដែង​នូវ​ការគាំទ្រ ចំពោះ​លទ្ធផល​នៃ​ជំនួប​ពិភាក្សា រវាង​ឯកឧត្តម Chen Feng Xiang និង​ឯកឧត្តម សាយ ឈុំ ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ពីទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ នៃ​ប្រទេស​ទាំងពីរ​កម្ពុជា-ចិន ពិសេស​ការ​នាំ​គ្នា​យក​ចិត្តទុកដាក់​ចំពោះ​មនុស្ស​ជំនាន់​ក្រោយ គឺ​ស្រទាប់​យុវវ័យ នៃ​ប្រទេស​ទាំង​ពីរ៕