Tuesday, December 23, 2014

កម្ពុជា-ចិន​​ពង្រឹង​​ចំណង​​មិត្ត​ភាព​​តាម​​រយៈ​ការ​​ផ្លាស់​​ប្តូ​រ​ទស្សន​កិច្ច​​រវាង​គណ​បក្ស​​និង​​យុវជន​​ប្រទេស​​ទាំង​ពីរ

ប្រតិភូជាន់​ខ្ពស់​នៃគណៈកម្មាធិការ​មជ្ឈឹម​ បក្សកុំមុយនីស្ត​ចិន បាន​ឯកភាព​ជាមួយថ្នាក់​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា ពិសេស​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​បន្ត​ផ្លាស់​ប្តូរ​ទស្សនកិច្ច​ទៅ​វិញ​ទៅ​មក​ រវាង​គណបក្ស​ និង​គណបក្ស​ យុវជន​ និង​យុវជន ដើម្បី​ពង្រឹង​នូវ​ចំណង​មិត្ត​ភាព​កិច្ច​សហប្រតិបត្តិការ​នៃ​ប្រទេស​ទាំង​ ពីរ។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​សម្តេចតេជោ​នាយករដ្ឋមន្ត្រី​បានឲ្យ​ដឹង​ថា ​នៅ​ក្នុង​ជំនួប​សម្តែង​ការ​គួរ​សម​ចំពោះ​សម្តេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​នៅ​វិមានសន្តិភាព​ទីស្តីការ​ នាយករដ្ឋមន្រ្តី រសៀលថ្ងៃ​ទី២២ ខែធ្នូ ឆ្នាំ២០១៤ ឯកឧត្តម ចិន ហ្វេង ស៊ាង (Chen Feng Xiang) អនុរដ្ឋមន្រ្តី​ទទួល​បន្ទុកគណៈ​ទាក់​ទង​អន្តរជាតិ នៃ​គណៈកម្មាធិការ​មជ្ឈឹម​បក្ស​កុំមុយនីស្ត​ចិន មាន​ប្រសាសន៍ឲ្យ​ដឹង​ថា ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម និង​គណៈប្រតិភូ​មកកាន់​ប្រទេសកម្ពុជា​នៅ​ពេល​នេះ គឺ​ឆ្លើយ​តបទៅ​នឹង​អ្វីដែល​យល់​ស្រប​គ្នា កាល​ពីដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម (ចិន ហ្វេង ស៊ាង) កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៤ ដែល​បានយល់​ស្រប​គ្នា​ជាមួយ​និង​ឯកឧត្តម សាយ ឈុំ​(អនុប្រធាន​ទី១ព្រឹទ្ធ​សភា) ក្នុង​ការ​បន្តផ្លាស់​ប្តូរ​ដំណើរ​ទស្សនកិច្ច​រវាង​បក្ស និង​បក្ស យុវជន និង​យុវជន ពិសេស​ជំរុញ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ ឲ្យ​កាន់​តែ​រីក​ចំរើន​ខ្លាំង​ឡើង​ថែម​ទៀត។
ឯកឧត្តម ចិន ហ្វេង ស៊ាង (Chen Feng Xiang) ក៏​បាន​ជំរាប​ជូន​សម្តេច​តេជោ​នាយក​រដ្ឋ​មន្រ្តី​ស្តីពី​លទ្ធផល​នៃ​ជំនួប​ ពិភាក្សា​ការងារ​រវាង​ឯកឧត្តម ជាមួយ និង​ឯកឧត្តម សាយ ឈុំ។
សម្តេចតេជោ​នាយករដ្ឋមន្រ្តី មាន​ប្រសាសន៍​សំដែង​នូវ​ការគាំទ្រ ចំពោះ​លទ្ធផល​នៃ​ជំនួប​ពិភាក្សា រវាង​ឯកឧត្តម Chen Feng Xiang និង​ឯកឧត្តម សាយ ឈុំ ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ពីទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ នៃ​ប្រទេស​ទាំងពីរ​កម្ពុជា-ចិន ពិសេស​ការ​នាំ​គ្នា​យក​ចិត្តទុកដាក់​ចំពោះ​មនុស្ស​ជំនាន់​ក្រោយ គឺ​ស្រទាប់​យុវវ័យ នៃ​ប្រទេស​ទាំង​ពីរ៕

No comments:

Post a Comment