Wednesday, September 08, 2021

វិភាគអន្តរជាតិ៖ តើយុគសម័យអាមេរិកដឹកនាំពិភពលោក ត្រូវបញ្ចប់ដោយសារអាហ្វហ្កានីស្ថាន ឬ?




(វ៉ាស៊ីនតោន)៖ «សហរដ្ឋអាមេរិកត្រឡប់មកវិញហើយ ឬ America is back» គឺជាពាក្យស្លោកមួយដែលលោកប្រធានាធិបតី ចូ បៃដិន តែងតែអះអាងប្រាប់សម្ព័ន្ធមិត្ត ចាប់តាំងពីលោកឡើងកាន់អំណាច កាលពីខែមករាមក។ លោក បៃដិន និងគណបក្សប្រជាធិបតេយ្យបានលើកឡើងជារឿយៗថាលោក ដូណាល់ ត្រាំ គឺជាអ្នកបំផ្លាញ យុគសម័យនៃភាពជាមេដឹកនាំពិភពលោក និងទំនុកចិត្តរបស់សម្ព័ន្ធមិត្តមកលើសហរដ្ឋអាមេរិក ហើយដែលនេះគឺជាកិច្ចការដែលលោកបានសន្យាថានឹងជួសជុលកែលម្អ ឡើងវិញ។


ក៏ប៉ុន្តែ ការដួលរលំនៃរដ្ឋាភិបាលអាហ្វហ្កានីស្ថា នលើកបន្ដុបដោយសហរដ្ឋអាមេរិក ក្រោមថ្វីដៃក្រុមតាលីបង់ បានធ្វើឱ្យពាក្យស្លោក «America is back» របស់លោក បៃដិន កំពុងស្ថិតនៅក្នុងភាពស្រពិចស្រពិល និងបង្កឱ្យមានការចោទសួរជាសំណួរថាតើយុគសម័យ ដែលសហរដ្ឋអាមេរិកដឹកនាំពិភពលោកបានបិទបញ្ចប់នៅក្នុងប្រទេស អាហ្វហ្កានីស្ថានមែន ឬក៏គ្រាន់តែជាការថយចុះឥទ្ធិពលមួយរយៈពេលខ្លី? មិនតែប៉ុណ្ណោះ ព្រឹត្តិការណ៍នៅអាហ្វហ្កានីស្ថាន វាក៏ធ្វើឱ្យគេនឹកឃើញផងដែរនូវសម្ដីរបស់ អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Henry Kissinger ដែលធ្លាប់បាននិយាយថា «វាអាចជារឿងគ្រោះថ្នាក់ដែលចង់ធ្វើជាសត្រូវរបស់សហរដ្ឋអាមរិក ប៉ុន្តែធ្វើជាមិត្ត របស់អាមេរិក ក៏អាចស្លាប់ដូចគ្នាដែរ»។


ការដកកងទ័ពចេញពីអាហ្វហ្កានីស្ថានជារឿងដែលប្រជាជនអាមេរិកភាគច្រើនគាំទ្រ ហើយសូម្បីតែសម្ព័ន្ធមិត្ត NATO ក៏បានឯកភាពដែរ។ ប៉ុន្តែ អ្វីដែលជាបញ្ហា នោះគឺថា ពួកគេយល់ថាលោក បៃដិន ដោះស្រាយបញ្ហាមិនបានល្អដោយបង្កឱ្យមានវឹកវរ នៅឯអាកាសយានដ្ឋានកាប៊ុល រហូតដល់ទាហានអាមេរិក ១៣នាក់ត្រូវបានសម្លាប់នៅ ក្នុងការវាយប្រហារភេរវកម្មបំផ្ទុះគ្រាប់បែកអត្តឃាតរបស់ពួក ISIS។


រុស្ស៊ី ជាពិសេសគឺចិនបានឆ្លៀតឱកាសយកវិបត្តិអាហ្វហ្កានីស្ថាន មកវាយបំបាក់រូបភាពជាមេដឹកនាំពិភពលោករបស់អាមេរិក ដែលពួកគេចោទប្រកាន់ថាតែងតែបោះបង់ ចោលសម្ព័ន្ធមិត្តខ្លួនឯងដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។ ប៉ុន្មានម៉ោងក្រោយអាហ្វហ្កានីស្ថានដួលរលំភ្លាមៗ កាសែតរដ្ឋចិន Global Times បានព្រមានកោះតៃវ៉ាន់ថាមិនអាច បន្តពឹងផ្អែកលើសហរដ្ឋអាមេរិកបានទៀតឡើយ ហើយមានជម្រើសល្អតែមួយគត់ គឺយល់ព្រមបង្រួបបង្រួមជាតិជាមួយចិនដោយសន្តិវិធី។ ពីព្រោះថាប្រសិនបើសង្រ្គាម នៅច្រកសមុទ្រតៃវ៉ាន់ផ្ទុះឡើង នោះប្រព័ន្ធការពាររបស់កោះតៃវ៉ាន់នឹងត្រូវបានបំផ្លាញក្នុងរយៈពេលត្រឹមតែប៉ុន្មានប៉ុណ្ណោះ ហើយយោធាអាមេរិកក៏នឹងមិនមកជួយនោះ ដែរ។ 


អាហ្វហ្កានីស្ថានជាទីដែលអាមេរិកចំណាយពេលធ្វើសង្រ្គាមអស់ជាង២០ឆ្នាំ តែបែរជាមកត្រូវដួលរលំក្នុងពេលមិនដល់១០ថ្ងៃ ក្រោយកងទ័ពអាមេរិក និង NATO ដកចេញ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ជំនឿចិត្ត និងទំនុកចិត្តរបស់សម្ព័ន្ធមិត្តចំពោះទីក្រុងវ៉ាស៊ីនតោន។ ក្រុមអ្នកវិភាគមើលឃើញថាវិបត្តិអាហ្វហ្កានីស្ថាន ច្បាស់ណាស់នឹង «បិទបញ្ចប់ឥទ្ធិពលរបស់សហរដ្ឋអាមេរិក» នៅអាហ្វហ្កានីស្ថាន ប្រហែលជាក្នុងរយៈពេលរាប់ទសវត្សរ ដូចគ្នាទៅនឹងការដួលរលំនៃរបបរាជានិយម អ៉ឺរ៉ង់ឆ្នាំ១៩៧៩, វៀតណាមខាងត្បូង ឆ្នាំ១៩៧៥ ឬរបបដឹកនាំគុយបាឆ្នាំ១៩៥៩ ដែលសុទ្ធសឹងតែធ្លាប់ជាសម្ព័ន្ធមិត្តអាមេរិក។


តែទោះជាបែបនេះក្ដី ការនិយាយថា «យុគសម័យអាមេរិកដឹកនាំពិភពលោក» ដល់ទីបញ្ចប់ដោយសារតែអាហ្វហ្កានីស្ថាន វាហាក់ដូចជាលឿនរហ័សពេកហើយ។ នៅក្នុង ប្រវត្តិសាស្ត្រ ក៏មានព្រឹត្តិការណ៍ស្រដៀងគ្នាទៅនឹងអាហ្វហ្កានីស្ថានធ្លាប់បានកើតឡើងផងដែរ ដែលព្រឹត្តិការណ៍ទំាងនេះបានបង្ហាញពីភាពទន់ខ្សោយរបស់អាមេរិក។ នៅឆ្នាំ១៩៤១ ជប៉ុនបានវាយប្រហារលើមូលដ្ឋានទ័ពអាមេរិក Pearl Harbour ហើយអាមេរិកបានបរាជ័យក្នុងការការពារហ្វីលីពីនកុំឱ្យធ្លាក់ចូលទៅក្រោមការគ្រប់គ្រង របស់ជប៉ុន។ តែក្រោយមក អាមេរិកបានកសាងកងទ័ពជើងទឹករបស់ខ្លួនឡើងវិញ ហើយក្នុងរយៈពេល៣ឆ្នាំ អាមេរិកធ្វើឱ្យជប៉ុនចុះចាញ់សង្រ្គាម។


ដោយឡែក នៅឆ្នាំ១៩៧៣ កងទ័ពអេហ្ស៊ីប និងស៊ីរី ក្រោមការគាំទ្រពីអតីតសហភាពសូវៀតបានបើកការវាយប្រហារលើទឹកដែលអ៉ីស្រាអែលកាន់កាប់ ហើយនៅពេល ដែលអាមេរិកធ្វើអន្តរាគមន៍ជួយអ៉ីស្រាអែល បណ្ដាប្រទេសអារ៉ាប់បាននាំគ្នាដាក់ទណ្ឌកម្មឈប់លក់ប្រេងឱ្យអាមេរិក។ ១០ឆ្នាំក្រោយមក ឥទ្ធិពលសូវៀតនៅក្នុងតំបន់ ត្រូវបានអាមេរិកបន្សាប រីឯអេហ្ស៊ីបត្រូវបានបំបែកចេញពីចលនាជាតិនិយមអារ៉ាប់។


សហរដ្ឋអាមេរិកចាប់ផ្ដើមលេចមុខមាត់ជាមហាអំណាចនៅលើឆាកអន្តរជាតិដ៏គួរឱ្យភ្ញាក់ផ្អើល។ នៅឆ្នាំ១៩១៣ អាមេរិកបានក្លាយជាមហាអំណាចសេដ្ឋកិច្ចដ៏ធំមួយ ហើយ ក្រោយលូកដៃចូលក្នុងសង្រ្គាមលោកលើកទី១ ជួយសម្ព័ន្ធមិត្តរបស់ខ្លួនឈ្នះសង្រ្គាម និងក្រោយការបញ្ចប់សង្រ្គាមលោកលើកទី២ សហរដ្ឋអាមេរិកបានដណ្ដើមកៅអីជា មហាអំណាចលេខ១ នៅលើពិភពលោកពីចក្រភពអង់គ្លេស។ មិនដល់ ៥០ឆ្នាំក្រោយផង អាមេរិកបានផ្ដួលអតីតសហភាពសូវៀត ហើយបង្កើតសណ្ដាប់ធ្នាប់ពិភពលោក ស្ដង់ដារលោកខាងលិច, ប្រែក្លាយឱ្យលុយដុល្លារអាមេរិកទៅជាស្នូលនៃសេដ្ឋកិច្ចពិភពលោក និងបង្កើតប្រព័ន្ធសម្ព័ន្ធមិត្តមួយដែលប្រយោជន៍ «សន្តិសុខជាតិ» របស់ពួកគេ ត្រូវពឹងផ្អែកលើសហរដ្ឋអាមេរិក។


ជាការពិតណាស់ ការនិយាយថា «យុគសម័យអាមេរិកដឹកនាំពិភពលោក» ដល់ទីបញ្ចប់ វាពិតលឿនរហ័សពេកមែន។ ប៉ុន្តែអ្វីដែលគេមិនអាចប្រកែកបាន នោះគឺឥទ្ធិពល អាមេរិកពិតថយចុះមែន ដ្បិតបច្ចុប្បន្ន ពិភពលោកមិនមែនជាកម្មសិទ្ធិផ្ដាច់មុខរបស់សហរដ្ឋអាមេរិកដូចកាលពីស.វទី២០ ជាពេលដែលអាមេរិកជាមហាអំណាចផ្ដាច់មុខ ទាំងខាងយោធា និងសេដ្ឋកិច្ចទៀតនោះទេ។ ពោលគឺសព្វថ្ងៃ វាជាសម័យប្រជែងឥទ្ធិពលខាងភូមិសាស្រ្តនយោបាយរវាងអាមេរិក និងមហាអំណាចលេចមុខថ្មីគឺចិនដែល រដ្ឋបាលលោក ចូ បៃដិន ចាត់ទុកជាសត្រូវភូមិសាស្ត្រនយោបាយដ៏ធំរបស់សហរដ្ឋអាមេរិកនៅក្នុងស.វទី១នេះ ដែលអាចប្រមូលកម្លាំងចាប់ពីសេដ្ឋកិច្ច, បច្ចេកវិទ្យា រហូតដល់យោធាដើម្បីប្រជែងជាមួយអាមេរិក។


សហរដ្ឋអាមេរិកនៅតែជាមហាអំណាចយោធា និងសេដ្ឋកិច្ចលេខ១ នៅលើពិភពលោក ខណៈចិនត្រូវបានគេមើលឃើញថានៅត្រូវការពេលជាច្រើនឆ្នាំទៀតដើម្បីតាម ឱ្យទាន់ ឬផ្ដួលអាមេរិកក្លាយជាមហាអំណាចសេដ្ឋកិច្ចពិភពលោក។ ដូច្នេះ ការដួលរលំរបស់អាហ្វហ្កានីស្ថាន មិនមែនជាការបិទបញ្ចប់យុគសម័យដឹកនាំពិភពលោករបស់ អាមេរិកនោះទេ តែចង់ ឬមិនចង់វានឹងធ្វើឱ្យសម្ព័ន្ធមិត្តដែលពឹងផ្អែកខ្លាំងលើអាមេរិក នឹងចាប់ផ្ដើមប្រុងប្រយ័ត្នជាងមុន ជាពិសេសនៅពេលធ្វើការសម្រេចចិត្តណាមួយ ដែលត្រូវពឹងលើអាមេរិក ហើយអំណេះតទៅគេត្រូវចាំមើលថាតើអាមេរិក អាចបញ្ចៀសកុំឱ្យព្រឹត្តិការណ៍នៅអាហ្វហ្កានីស្ថានកើតឡើងម្ដងទៀត ឬក៏អាចសា្ដរទំនុកចិត្ត ឡើងវិញពីសម្ព័ន្ធមិត្តរបស់ខ្លួនបានដែរឬយ៉ាងណា៕


ប្រភព៖ Asiatimes (ថ្ងៃពុធ ទី០៨ ខែកញ្ញា ឆ្នាំ២០២១)

ដោយៈ Fresh news

ក្រសួងសុខាភិបាល ចេញសេចក្តីណែនាំស្តីពីការការពារការចម្លងមេរោគកូវីដ១៩ និងការពុលចំណីអាហារ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ


(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានចេញសេចក្តីណែនាំជូនដល់ប្រជាពលរដ្ឋខ្មែរដែលជាពុទ្ធសាសនិក ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល ដើម្បីទប់ស្កាត់ការចម្លងមេរោគកូវីដ១៩ និងប្រុងប្រយ័ត្នការពុលចំណីអាហារ នៅក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ខែកញ្ញា ដល់ថ្ងៃ០៧ ខែតុលា ឆ្នាំ២០២១ខាងមុខនេះ។

ក្នុងសេចក្តីណែនាំដែលចេញផ្សាយនៅយប់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានគូសរំលេចពីការរាតត្បាតនៃជំងឺកូវីដ១៩នៅលើពិភពលោកមិនទាន់ថមថយនៅឡើយ។ ដោយឡែកនៅកម្ពុជា ដោយមានកិច្ចខិតខំប្រឹងប្រែងពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំ ចង្អុលបង្ហាញផ្លូវ បានធ្វើឱ្យករណីឆ្លងជំងឺកូវីដ-១៩ បន្តធ្លាក់ចុះជាបន្តបន្ទាប់ជាទីមោទនៈ។

ទោះយ៉ាងនេះក្តី ក្រសួងសុខាភិបាល បានក្រើនរំលឹកថា ដើម្បីធានាឱ្យបាននូវការទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ និងឆ្ពោះទៅកាន់ការរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មី ប្រជាពលរដ្ឋមិនត្រូវមានអារម្មណ៍ស្កប់ស្កល់ពេកនឹងអ្វីដែលជាសមិទ្ធផលដែលកម្ពុជាទទួលបាននេះទេ។ បុគ្គលគ្រប់រូប គ្រួសារ និងសហគមន៍ត្រូវតែបន្តរួបរួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩។

ក្រសួងសុខាភិបាល បានអំពាវនាវ និងក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តអនុវត្តការការពារការចម្លងវីរុសកូវីដ-១៩ ដោយបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ ២០២១ ដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ ខាងមុខនេះ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវ វិធានការ ៣ការពារ (ពាក់ម៉ាស់ លាងដៃឱ្យញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង) និង៣កុំ (កុំទៅកន្លែងមានមនុស្សច្រើន កុំ ទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា)។

ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ និងការពុលចំណីអាហារ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខនេះ ក្រសួងសុខាភិបាល បានធ្វើការណែនាំលើចំណុចសំខាន់ៗចំនួន៤ចំណុច ដែលមានខ្លឹមលំអិតដូចក្នុងសេចក្តីជូនព័ត៌មានភ្ជាប់មកខាងក្រោមនេះ

វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិក រួមទាំងលោកខាងលិច នឹងទទួលស្គាល់រដ្ឋាភិបាលតាលីបង់ ដែរឬទេ?


(វ៉ាស៊ីនតោន)៖ ក្រុមតាលីបង់នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១នេះបានប្រកាសពីមុខតំណែងសំខាន់ៗសម្រាប់រដ្ឋាភិបាលថ្មីរបស់ប្រទេសអាហ្វហ្កានីស្ថាននេះ។ រដ្ឋាភិបាលថ្មីនឹងត្រូវដឹកនាំដោយលោក Mohamad Hasan Akhunzada ដែលជាសហស្ថាបនិកក្រុមតាលីបង់ នឹងក្លាយជានាយករដ្ឋមន្ត្រី ខណៈលោក Mullah Baradar ដែលជាសហស្ថាបនិកក្រុមតាលីបង់ តែងតាំងជាឧបនាយករដ្ឋមន្ត្រី។ ដោយឡែកលោក Sirajuddin Haqqani ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, លោក Mohammad Yaqoob ជារដ្ឋមន្ត្រីការពារជាតិ, លោក Amir Khan Muttaqi ជារដ្ឋមន្ត្រីក្រសួងការបរទេស។



ចាប់តាំងពីបានឡើងកាន់អំណាចជាថ្មីនៅអាហ្វហ្កានីស្ថាន កាលពីថ្ងៃ១៥ ខែសីហាមក ក្រុមតាលីបង់បានព្យាយាមបង្ហាញប្រាប់ពិភពលោកថា ពួកគេមិនមែនជាតាលីបង់ កាលពីជាង២០ឆ្នាំមុនឡើយ ដោយបានប្រកាសលើកលែងទោស, មិនសងសឹកចំពោះជនជាតិអាហ្វហ្កានីស្ថានដែលធ្លាប់ធ្វើការឱ្យកងទ័ពបរទេស, សន្យាគោរពសិទ្ធិស្ត្រី នៅក្រោមក្របខណ្ឌនៃច្បាប់អ៉ីស្លាម ព្រមទាំងធានាថានឹងមិនអនុញ្ញាតឱ្យអាហ្វហ្កានីស្ថានក្លាយជាមូលដ្ឋានសម្រាប់ឱ្យក្រុមណាមួយប្រើប្រាស់ដើម្បីវាយប្រហារលើបណ្ដា ប្រទេសដទៃនោះទេ។

«យើងចង់បានទំនាក់ទំនងដ៏ល្អ, យើងចង់បានសេដ្ឋកិច្ចដ៏ល្អ, យើងចង់បានពាណិជ្ជកម្មដ៏ល្អ ហើយយើងចង់មានទំនាក់ទំនងការទូតដ៏ល្អ»។ នេះជាការបញ្ជាក់របស់ អ្នកនាំពាក្យក្រុមតាលីបង់ លោក ហ្សាប៊ីហ៊ុលឡោះ មូចាហ៊ីដ (Zabihullah Mujahid) នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១៧ ខែសីហា។ ការសន្យាទាំងនេះបានធ្វើ ឱ្យបណ្ដាប្រទេសជាច្រើនមានការភ្ញាក់ផ្អើល ដោយមួយចំនួនបង្ហាញជំហរស្ទាក់ស្ទើរ រីឯខ្លះទៀតប្រកាសដាច់ណាត់ថានឹងមិនទទួលស្គាល់រដ្ឋាភិបាលតាលីបង់ទេ។ ការដកខ្លួន របស់សហរដ្ឋអាមេរិកចេញពីអាហ្វហ្កានីស្ថាន អាចនិយាយបានថាជាជ័យជម្នះមួយ តែអ្វីដែលសំខាន់សម្រាប់តាលីបង់ចាប់ពីពេលនេះតទៅ នោះគឺថាតើមានប្រទេសណាខ្លះ ដែលនឹងទទួលស្គាល់ពួកគេ? ហើយថាតើត្រូវធ្វើដូចម្ដេច ទើបធ្វើឱ្យអន្តរជាតិទទួលស្គាល់រដ្ឋាភិបាលរបស់ពួកគេ?

* មិនប្រញាប់ប្រញាលទទួលស្គាល់

នៅពេលដែលក្រុមតាលីបង់ឡើងកាន់អំណាចដំបូងនៅអាហ្វហ្កានីស្ថានកាលពីឆ្នាំ១៩៩៦ មានប្រទេសតែបីគត់ដែលទទួលស្គាល់រដ្ឋាភិបាលតាលីបង់ ក្នុងនោះរួមមាន ប៉ាគីស្ថាន, អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម។ ដូចគ្នាដែរ ក្រោយតាលីបង់ចូលកាន់កាប់រដ្ឋធានីកាប៊ុល កាលពីថ្ងៃទី១៥ ខែសីហាកន្លងទៅនេះ បណ្ដាប្រទេសលោក ខាងលិចនាំមុខដោយសហរដ្ឋអាមេរិកបាននាំគ្នាបិទស្ថានទូត, ជម្លៀសកងទ័ព, ពលរដ្ឋរបស់ខ្លួន និងជនជាតិអាហ្វហ្កានីស្ថានខ្លះចេញពីរដ្ឋធានីកាប៊ុលដោយចង់បង្ហាញថា ពួកគេមិនចង់មានទំនាក់ទំនង ឬក៏ទទួលស្គាល់ក្រុមតាលីបង់ឡើយ។

ក៏ប៉ុន្តែ ការពិតមួយដែលគេត្រូវទទួលស្គាល់ នោះគឺអាហ្វហ្កានីស្ថានបច្ចុប្បន្នកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមតាលីបង់។ ប្រមុខការទូតអឺរ៉ុប លោក ចូសែប បូរែល (Josep Borrell) បាននិយាយថាសហភាពអឺរ៉ុបមិនមានផែនការទទួលស្គាល់តាលីបង់ភ្លាមៗនោះទេ តែអាចនឹងជួបចរចាជាមួយក្រុមតាលីបង់នៅក្នុងករណីចំាបាច់។ «ក្រុមតាលីបង់បានឈ្នះនៅក្នុងសង្រ្គាម, ដូច្នេះយើងនឹងត្រូវជជែកជាមួយនឹងពួកគេ...វាមិនមែនសំខាន់លើការទទួលស្គាល់ជាផ្លូវការទេ តែអ្វីដែលសំខាន់គឺបញ្ហាដែល ត្រូវដោះស្រាយ»។ នេះជាការលើកឡើងរបស់លោក Josep Borrel នៅក្នុងសនិ្នសីទសារព័ត៌មានខ្លីមួយកាលពីសប្ដាហ៍មុន។

ការទទួលស្គាល់ក្រុមតាលីបង់មិនមែនជារឿងដែលមិនអាចទៅរួចនោះទេ តែអំណេះតទៅវាអា្រស័យទៅលើក្រុមតាលីបង់ខ្លួនឯងថាតើអាចគោរពតាមពាក្យសន្យារបស់ខ្លួន ដែរ ឬក៏យ៉ាងណា ខណៈទាំងសហរដ្ឋអាមេរិក និងបណ្ដាប្រទេសលោកខាងលិចសុទ្ធតែកំពុងរង់ចាំមើលពីទង្វើប្រព្រឹត្តជាក់ស្ដែង ជាជាងការនិយាយឱ្យរួចតែពីមាត់ មុននឹងធ្វើការសម្រេចចិត្តណាមួយ។

បើតាមក្រុមអ្នកជំនាញ មានហេតុផលមួយចំនួន ទោះចង់ ឬមិនចង់ ក៏សហរដ្ឋអាមេរិក ឬបណ្ដាប្រទេសលោកខាងលិចប្រហែលជានឹងត្រូវការសហការជាមួយក្រុមតាលីបង់ ហើយហេតុផលសំខាន់ជាងគេ នោះគឺត្រូវការក្រុមតាលីបង់ ដើម្បីទប់ស្កាត់កុំឱ្យពួកភេរវករប្រើប្រាស់អាហ្វហ្កានីស្ថានជាមូលដ្ឋាន ធ្វើសកម្មភាពវាយប្រហារភេរវកម្មប្រឆាំង នឹងពួកគេ ដូចដែលធ្លាប់បានកើតឡើងនៅសហរដ្ឋអាមេរិកកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១។ កាសែត Washington Post កាលពីថ្ងៃ២០ ខែសីហានេះបានឱ្យដឹងថា នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ CIA លោក William J. Burns បានជួបពិភាក្សាជាសំងាត់ជាមួយមេដឹកនាំក្រុមតាលីបង់ លោក អាប់ឌុល ហ្កានី បារ៉ាដា (Abdul Ghani Baradar) ក្នុងទីក្រុងកាប៊ុល ហើយកាលពីពេលថ្មីៗនេះ យោធាអាមេរិក និងក្រុមមន្ត្រីតាលីបង់ថែមទាំងផ្លាស់ប្ដូរព័ត៌មានគ្នាទៅវិញទៅមកទៀតផង ជុំវិញការគំរា កំហែង វាយប្រហារភេរវកម្ម បន្ទាប់ពីការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតរបស់ក្រុម ISIS នៅឯអាកាសយានដ្ឋានកាប៊ុលផ្ដាច់ជីវិតទាហានអាមេរិក ១៣នាក់។

ពិតមែនទៅ កិច្ចចរចាសន្តិភាពរវាងសហរដ្ឋអាមេរិក នៅក្រោមរដ្ឋបាលនៃអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ និងក្រុមតាលីបង់កាលពីឆ្នាំ២០២០ ព្រមទាំងការអនុញ្ញាត ឱ្យក្រុមតាលីបង់បង្កើតការិយាល័យតំណាងនៅក្នុងទីក្រុង ដូហា ប្រទេសកាតា វាហាក់ដូចជាការបោះជំហានមួយទទួលស្គាល់ថាតាលីបង់ជាតួអង្គដ៏សំខាន់មួយនៅ អាហ្វហ្កានីស្ថានរួចស្រេចទៅហើយ។ តែទាស់នៅត្រង់ថាសហរដ្ឋអាមេរិកបច្ចុប្បន្ន ក្រោមរដ្ឋបាលលោក ចូ បៃដិន និងបណ្ដាប្រទេសលោកខាងលិច ខ្លាចបាត់បង់តម្លៃនៃភាព ជាមេដឹកនាំលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សរបស់ខ្លួន នៅពេលប្រកាសទទួលស្គាល់តាលីបង់ភ្លាមៗតែប៉ុណ្ណោះ ដោយពួកគេចង់រង់ចំាមើលសិនថាតើតាលីបង់ឥលូវ និងពីមុនដូចគ្នា ឬក៏ខុសគ្នា។

* កន្លែងទំនេរសម្រាប់ចិននៅអាហ្វហ្កានីស្ថាន

នៅពេលក្រុមតាលីបង់ចូលគ្រប់គ្រងរដ្ឋធានីកាប៊ុល ហើយបណ្ដាប្រទេសលោកខាងលិចនាំគ្នាបិទស្ថានទូតរបស់ពួកគេប្រចាំទីក្រុងកាប៊ុល រុស្ស៊ី, ប៉ាគីស្ថាន, ចិន និងអ៉ីរ៉ង់ នៅតែបន្តបើកស្ថានទូតដដែល។ នៅក្នុងចំណោមប្រទេសទាំងនេះ ជាពិសេសគឺចិន ត្រូវបានគេមើលឃើញថាអាចនឹងទទួលស្គាល់រដ្ឋាភិបាលថ្មីរបស់ក្រុមតាលីបង់ដោយ រំពឹងថាអាចនឹងបញ្ចុះបញ្ចូលឱ្យតាលីបង់ផ្ដាច់ទំនាក់ទំនងជាមួយក្រុមផ្ដាច់ខ្លួននៅក្នុងតំបន់ស៊ីនជាំង ព្រមទាំងពង្រីកឥទ្ធិពលរបស់ខ្លួននៅអាហ្វហ្កានីស្ថាន និងនៅតំបន់មជ្ឈិមបូព៌ាទាំងមូល ក្រោយការដកខ្លួនរបស់សហរដ្ឋអាមេរិក។

កាលពីខែកក្កដាកន្លងទៅ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានជួបប្រជុំជាមួយមេដឹកនាំក្រុមតាលីបង់ លោក អាប់ឌុល ហ្កានី បារ៉ាដា (Abdul Ghani Baradar) នៅឯទីក្រុង Tianjin ជាទីដែលតាលីបង់សន្យាថានឹងមិនអនុញ្ញាតឱ្យក្រុមណាមួយប្រើប្រាស់អាហ្វហ្កានីស្ថាន ជាមូលដ្ឋានវាយប្រហារប្រឆាំងនឹងចិននោះទេ។ ជាការឆ្លើយតប លោក វ៉ាង យី ក៏បានសន្យាដែរថាចិននឹងមិនលូកលាន់កិច្ចការផ្ទៃក្នុងរបស់អាហ្វហ្កានីស្ថាន ហើយថាតាលីបង់មានតួនាទីយ៉ាងខ្លាំងក្នុងការកសាងប្រទេសឡើងវិញ។

គួរបញ្ជាក់ថា បើតាមក្រុមអ្នកជំនាញ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិនសម្រេចចិត្តដកកងទ័ពចេញពីអាហ្វហ្កានីស្ថាន មិនមែនគ្រាន់តែជាការប្ដូរយុទ្ធសាស្ត្រងាកមក ផ្ដោតលើការខ្ទប់ឥទ្ធិពលចិនក្នុងតំបន់អាស៊ីប៉ុណ្ណោះទេ តែវាក៏ជាប្រយោជន៍នយោបាយនៅក្នុងស្រុកដែរ គឺផ្គាប់ចិត្តប្រជាជនអាមេរិកភាគច្រើនដែលគាំទ្រឱ្យអាមេរិក បញ្ចប់សង្គ្រាមនេះ។ តែវាមិនមែនមានន័យថាសហរដ្ឋអាមេរិក និងបណ្ដាប្រទេសលោកខាងលិចសុខចិត្តបោះបង់អាហ្វហ្កានីស្ថានឱ្យចិន ឬរុស្ស៊ីនោះទេ ដូច្នេះប្រសិនបើ ចិនពង្រីកឥទ្ធិពលនៅអាហ្វហ្កានីស្ថានមែន នោះវាអាចនឹងបង្ខំឱ្យអាមេរិកលូកដៃជាថ្មីនៅអាហ្វហ្កានីស្ថានក៏ថាបាន ពីព្រោះថាសម្រាប់សហរដ្ឋអាមេរិកសព្វថ្ងៃឥទ្ធិពលចិន នៅទីណា គឺអាមេរិកត្រូវទៅដល់ទៅទីនោះដែរ។

មួយវិញទៀត សហរដ្ឋអាមេរិក ឬលោកខាងលិច ប្រហែលជានឹងមិនផ្ដាច់ទំនាក់ទំនងទាំងស្រុងជាមួយអាហ្វហ្កានីស្ថានទេ ដ្បិតការធ្វើបែបនេះក៏នឹងធ្វើឱ្យពួកគេអស់ឥទ្ធិពល ទាំងស្រុងដូចគ្នានៅអាហ្វហ្កានីស្ថានដោយមិនអាចបង្ខំ ឬមានទឹកមាត់ប្រៃនិយាយជាមួយតាលីបង់ឱ្យគោរពសិទ្ធិមនុស្ស, សិទ្ធិស្ត្រី ឬក៏ចូលរួមក្នុងការប្រយុទ្ធប្រឆាំងជាមួយ ពួកភេរវករនោះដែរ។ និយាយងាយស្ដាប់ ទទួលស្គាល់ ឬមិនទទួលស្គាល់ក្រុមតាលីបង់ ត្រូវមើលសិនថាតើវា «មានផលប្រយោជន៍ដល់ពួកគេ» ដែរ ឬក៏យ៉ាងណា៕

ប្រភព៖ Washington Post

ដោយ៖ Fresh News







អ្នកវិភាគបរទេស៖ តើអាស៊ានអាចបញ្ចៀសពីវិបត្តិដែលមានលក្ខណៈដូចបដិវត្តន៍និទាឃរដូវ នៅមជ្ឈឹមបូពា៍ Arab Spring ដែលត្រូវបានបង្កើតឡើងដោយសហរដ្ឋអាមេរិក ដោយរបៀបណា?

 (ភ្នំពេញ)៖ នេះជាវីដេអូវិភាគវគ្គបន្តថ្មីមួយទៀត បន្ទាប់ពីការចេញផ្សាយបទវិភាគដ៏ស៊ីជម្រៅកាលពីសប្តាហ៍មុន ក្រោមចំណងជើងថា «កម្ពុជាប្រយុទ្ធប្រឆាំងនឹងការជ្រៀតជ្រែករបស់អាមេរិក» ដែលជាស្នាដៃនិពន្ធរបស់ «លោក Brian Berletic ដែលជាអតីតកងម៉ារីនអាមេរិក និងបច្ចុប្បន្នជាអ្នកស្រាវជ្រាវនិងជាអ្នកនិពន្ធផ្នែកភូមិសាស្ត្រនយោបាយ»

ចំណែកឯវីដេអូភាគបន្តថ្មីលើកនេះ គឺជាការវិភាគរបស់លោក Brian Berletic និងដោយមានការចូលរួមពីលោក Angelo Giuliano ជនជាតិស្វីស/អ៊ីតាលី ជាអ្នកវិភាគនយោបាយ និងហិរញ្ញវត្ថុ ដែលមានរយៈពេលជាង១២នាទី ក្រោមចំណងជើងថា «តើអាស៊ានអាច បញ្ចៀសពីវិបត្តិដែល មានលក្ខណៈដូចបដិវត្តន៍និទាឃរដូវ នៅមជ្ឈឹមបូពា៍Arab Spring ដែលត្រូវបានបង្កើតឡើងដោយសហរដ្ឋអាមេរិក ដោយរបៀបណា?»!

សូមទស្សនាវិដេអូនៅខាងក្រោម៖