សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះព្រះសង្ឃ និងប្រជាពលដ្ឋខ្មែរទាំងអស់ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធជាមួយនឹងជំងឺកូវីដ-១៩ ពិសេសចូលរួមទទួលយកការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បើទោះបីជាមានការឃោសនាអកុសលពីជនអគតិមួយចំនួនថាចាក់វ៉ាក់សាំងធ្វើឱ្យស្លាប់ក៏ដោយ។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ក្នុងពិធីជួបសំណេះសំណាលជាមួយនឹងសហគមន៍ខ្មែរនៅអាមេរិក និងខ្មែរនៅកាណាដាប្រមាណ២ពាន់នាក់នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជាយើង ឈានដល់ដំណាក់កាលសូន្យកូវីដ ៥ថ្ងៃជាប់គ្នា ដែលប្រការនេះមិនមែនជាបញ្ហាការប្រយុទ្ធធម្មតាទេ ជាការប្រយុទ្ធមួយដ៏តានតឹងដោយសារវាជាសត្រូវឥតស្រមោលមើលមិនឃើញ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការយកឈ្នះកូវីដ-១៩ មិនមែនស្ថិតនៅលើប្រទេសអ្នកមាន ឬអ្នកក្រ មានវិស័យសុខាភិបាលជឿនលឿន ឬអន់ថយនោះទេ ប៉ុន្តែវាស្ថិតនៅលើការគ្រប់គ្រងចាត់ចែងក្នុងការប្រយុទ្ធជាមួយជំងឺកូវីដ-១៩។ សម្តេចបានបន្តថា កម្ពុជាយើងអាចនឹងថ្លាក់ទៅក្នុងមហន្តរាយ បើយើងគ្មានវិធានការត្រឹមត្រូវ និងប្រជាជនពុំបានចូលរួមនោះទេ។
សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា យើងប្រឹងប្រែងណាស់ក្នុងការខិតខំស្វែងរកវ៉ាក់សាំង ហើយវ៉ាក់សាំងនៅកម្ពុជា អត់មានពណ៌សម្បុរ និន្នាការនយោបាយ សាសនា ជាតិសាសន៍នោះឡើយ ពោលគឺយើងផ្គត់ផ្គង់គ្រប់មនុស្សទាំងអស់នៅលើទឹកដីកម្ពុជា៕