Friday, November 01, 2019

Video៖ កំណាព្យ «សូមបងកុំទៅប្រុសពៅពន្លក»

ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ៖ប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន កំពុងមានសុខសន្តិភាព និងការអភិវឌ្ឍបានយ៉ាងឆាប់រហ័ស

លោក មីកាមី ម៉ាសាហ៊ីរ៉ូ (Mikami MASAHIRO) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ដែលទើបតែងតាំងថ្មី ប្រចាំកម្ពុជា បានអះអាងថា ប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន កំពុងមានសុខសន្តិភាព និងការអភិវឌ្ឍបានយ៉ាងឆាប់រហ័ស ហើយក្នុងបេសកកម្មរបស់លោកនៅប្រទេសកម្ពុជា នឹងខិតខំជំរុញឱ្យទំនាក់ទំនងទ្វេភាគី រវាងប្រជាជន និងប្រទេសទាំងពីរ កាន់តែល្អប្រសើរបន្ថែមទៀត។ ការប្តេជ្ញាបែបនេះ របស់លោក មីកាមី ម៉ាសាហ៊ីរ៉ូ បានធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្តម ត្រូវបាន លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
ឯកអគ្គរាជទូតជប៉ុនថ្មីរូបនេះ ក៏បានលើកឡើងថា បើប្រៀបធៀបពីកាលដែលលោកធ្លាប់ បានមកស្គាល់ប្រទេសកម្ពុជា ជាយូរមកហើយនោះ មកដល់ពេលបច្ចុប្បន្ននេះ លោក សងេ្កតឃើញថា ប្រទេសកម្ពុជា មានការរីកចម្រើន យ៉ាងឆាប់រហ័សលើគ្រប់វិស័យ។ ប្រទេសកម្ពុជាធ្លាប់ មានសង្គ្រាមដ៏រាំរ៉ៃជាច្រើនទសវត្សរ៍ ហើយបច្ចុប្បន្នប្រទេសកម្ពុជាមានសុខសន្តិភាព ស្ថិរភាព និងមានការ អភិវឌ្ឍ។
ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានសម្តែងការអបអរសាទរ និងស្វាគមន៍ ចំពោះលោក មីកាមី ម៉ាសាហ៊ីរ៉ូ ដែលត្រូវព្រះចៅអធិរាជជប៉ុន តែងតាំងជាឯកអគ្គរាជទូតប្រចាំកម្ពុជា។ លោកឧបនាយករដ្ឋមន្ត្រី មានជំនឿជឿជាក់ថា តាមរយៈឯកឧត្តម ឯកអគ្គរាជទូតជប៉ុនតែងតាំងថ្មី ប្រចាំនៅកម្ពុជា នឹងបន្តរិតចំណងមិត្តភាព និងសហប្រតិបត្តិការ ដើម្បីជាគុណប្រយោជន៍ សម្រាប់ប្រទេស និងប្រជាជនទាំងពីរ ទាំងនៅពេលបច្ចុប្បន្ន និងទៅអនាគតទៀត ៕


កម្ពុជានឹងមានភ្លៀងធ្លាក់ពីមធ្យមទៅទៅច្រើន ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៧ ខែវិច្ឆិកា

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ពីបញ្ហាអាកាសធាតុនៅកម្ពុជា ដោយបញ្ជាក់ថា ចាប់ពីថ្ងៃទី១ ដល់៧ ខែវិច្ឆិកាខាងមុខនេះ ឥទ្ធិពលសម្ពាធទាបសកម្ម និងកូនព្យុះទី២២ ឈ្មោះម៉ាត់តូ នឹងធ្វើឲ្យកម្ពុជា មានភ្លៀងធ្លាក់ពីកម្រិតមធ្យមទៅច្រើន។
ក្រសួងធនធានទឹកបាន បញ្ជាក់យ៉ាងដូច្នេះថា៖
១៖បណ្តារាជធានី ខេត្ត នឹងមានភ្លៀងធ្លាក់រាយប៉ាយជាបន្តបន្ទាប់ ក្នុងនោះតំបន់វាលទំនាបកណ្តាល និងតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតបរិមាណពីបង្គួរទៅច្រើន។
២៖ បណ្តាខេត្តដទៃទៀត នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងកម្រិតបរិមាណពីមធ្យមទៅបង្គួរ។
ជាមួយគ្នានេះ ក្រសួងធនធានទឹកក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះបញ្ហាភ្លៀង ផ្គររន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រខ្លាំងៗផងដែរ ៕

សារលិខិត​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងឱកាស បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៩-២០២០


ក្នុងឱកាស នៃការបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៩-២០២០ ដែលចូលមកដល់នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្ដេចតេជោ ហ៊ុន សែន បានចេញនូវសារលិខិតអបអរសាទរ និងជំរុញឱ្យកូនៗ សិស្សានុសិស្សដែលត្រូវគ្រប់អាយុ បានចូលរៀនគ្រប់គ្នា។ សម្តេចតេជោក៏បានជំរុញឲ្យលោកគ្រូ-អ្នកគ្រូ ត្រូវរួមគ្នាបន្តដើរតួជាបុគ្គលគំរូ ជាឪពុកម្តាយ អ្នកស្រាវជ្រាវ ជាទីប្រឹក្សា និងជាអ្នកនាំមកនូវគំនិតច្នៃប្រឌិត តាមរយៈការខិតខំប្រឹងប្រែង អភិវឌ្ឍសមត្ថភាពខ្លួនជាប្រចាំ ដើម្បីយកចំណេះដឹងថ្មីៗ មកបង្ហាត់បង្រៀនសិស្សានុសិស្ស ឲ្យមានចំណេះដឹងទូលំទូលាយអភិវឌ្ឍខ្លួនទៅជាពលរដ្ឋសកល និងជាអ្នកបន្តវេនសម្រាប់ថ្ងៃអនាគត។

សម្ដេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍ប្រាប់ដល់ក្មួយៗជាសិស្សានុសិស្ស និងយុវជន​ យុវនារីទាំងអស់ ត្រូវខិតខំរៀនសូត្រឲ្យបានខ្ជាប់ខ្លួន ត្រូវចូលរួមឲ្យបានគ្រប់សកម្មភាព ដើម្បីគាំទ្រដំណើរការអភិវឌ្ឍសាលារៀន និងសង្គមជាតិយើង ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានណែនាំដល់គ្រឹះស្ថានសិក្សាគ្រប់កម្រិត រួមទាំងទីវត្តអារាម ត្រូវផ្តល់លទ្ធភាព ក្នុងការអប់រំពេញលេញ និងមានគុណភាព តាមរយៈការបង្កើនការផ្សព្វផ្សាយ ការធ្វើយុទ្ធនាការប្រមូលកុមារចូលរៀន។ គ្រឹះស្ថានសិក្សាគ្រប់កម្រិត រួមទាំងទីវត្តអារាម ត្រូវផ្តល់លទ្ធភាព ក្នុងការអប់រំពេញលេញ និងមានគុណភាព តាមរយៈការបង្កើនការផ្សព្វផ្សាយ ការធ្វើយុទ្ធនាការប្រមូល កុមារចូលរៀន និងត្រៀមលក្ខណៈតាមគ្រប់រូបភាព ដូចជាអាកាសធាតុក្តៅហួតហែង ទឹកជំនន់ ខ្យល់កន្ត្រាក់ ជាដើម។
សម្ដេចតេជោ ហ៊ុន សែន ក៏បានជំរុញបង្កើនប្រសិទ្ធភាព ក្នុងការប្រើប្រាស់ហិរញ្ញប្បទាន សម្រាប់គ្រឹះស្ថានសិក្សា ការពង្រាយគ្រូបង្រៀន ឲ្យបានដល់គ្រប់សាលារៀន និងការបន្តអភិវឌ្ឍសមត្ថភាពនាយកសាលា និងគ្រូបង្រៀន នៅតាមគ្រឹះស្ថានបណ្ដុះបណ្ដាល និងគ្រឹះស្ថានសិក្សា ជាពិសេសការពង្រឹង ការងារអធិការកិច្ច និងយន្តការពិនិត្យកែលម្អជាប្រចាំផងដែរ៕
សូមជូនពរ សាស្ត្រចារ្យ លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ កូនក្មួយ ចៅៗ សិស្សានុសិស្ស ទាំងអស់ ទទួលបានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ចការងារ និងការសិក្សាគ្រប់ៗគ្នា ក្នុងឱកាសឆ្នាំសិក្សាថ្មី ២០១៩-២០២០៕