Thursday, April 30, 2020

ព្រឹត្តិការណ៍ ពិធីបញ្ចូលព្រះរាជាណាចក្រកម្ពុជា ជាសមាជិកទី១០ នៃអាស៊ាន ៣០ មេសា ១៩៩៩

លោកឧបនាយករដ្ឋមន្រ្តី ស ខេង៖ មូលហេតុដែលត្រូវតែអនុវត្តវិធានការណ៍រឹតបន្តឹងច្បាប់ចរាចរណ៍គឺដោយសារគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើងយ៉ាងគំហ៊ុកក្នុងពេលកន្លងទៅ

លោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ចាប់ពីម៉ោង០០:០០នាទីថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០២០នេះតទៅ រាជរដ្ឋាភិបាល នឹងចាប់ផ្តើមរឹតបណ្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកតាមរយៈការធ្វើវិសោធនកម្មអនុក្រឹត្យស្តីពីការផាកពិន័យអន្តរការណ៍ថ្មី ដើម្បីធានាការពារអាយុជីវិត ផលប្រយោជន៍ និងសុវត្ថិភាពសង្គម។ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីណែនាំអំពីរបៀបរបបធ្វើការងាររបស់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ចំណុះក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ នៅទីស្តីការក្រសួងមហាផ្ទៃ លោក ស ខេង បានមានប្រសាសន៍ថា ចាប់ពីម៉ោង០០៖០០ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០នេះតទៅ សមត្ថកិច្ចនឹងចាប់ផ្តើមអនុវត្តរឹតបណ្តឹងច្បាប់ចរា​ចរណ៍ផ្លូវគោក ដែលទើបតែធ្វើវិសោធនកម្មថ្មីលើអនុក្រឹត្យស្តីពីការផាកពិន័យអន្តរការណ៍។
ជាងនេះទៀត លោកឧបនាយករដ្ឋមន្រ្តី ស ខេង ក៏បានបញ្ជាក់ថា មូលហេតុដែលត្រូវតែអនុវត្តវិធានការណ៍នេះគឺដោយសារគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើងយ៉ាងគំហ៊ុកក្នុងពេលកន្លងទៅ ដែលបានបណ្ដាលឱ្យមានអ្នកស្លាប់ របួស និងពិការជាច្រើនពីមួយឆ្នាំទៅមួយឆ្នាំ។ លោក ស ខេង បានមានប្រសាសន៍ថា «មូលហេតុអីបានជាយើងរឹតបណ្តឹងការអនុវត្តច្បាប់? ហើយក្នុងគោលបំណងអ្វី?…មូលហេតុដូចយើងបានដឹងទាំងអស់ហើយថា គ្រោះថ្នាក់ចរា​ចរណ៍ឆ្នាំ២០១៩ កន្លងទៅនេះ មានការកើនឡើងជាគំហ៊ុក ហើយភាគច្រើនអ្នកប្រើប្រាប់ផ្លូវមិនបានគោរពច្បាប់បានត្រឹមត្រូវនៅឡើយ»។
លោកឧបនាយករដ្ឋមន្រ្តី ស ខេង បានមានប្រសាសន៍បញ្ជាក់ថា ការខាតបង់នៃគ្រោះថ្នាក់ចរាចរណ៍នេះ គឺមានភាពធ្ងន់ធ្ងរណាស់ដែលបណ្តាលឲ្យបាត់បង់អាយុជីវិត បង្កទុក្ខលំបាកដល់ក្រុមគ្រួសារ និងបង្កឱ្យមានកុមារកំព្រានិងការវិនាសព្រាត់ប្រាស់គ្រួសារ ខាតបង់ទ្រព្យសម្បត្តិគ្រួសារ និងទ្រព្យសម្បត្តិសាធារណៈព្រមទាំងបានបន្សល់ជាបន្ទុកដ៏ធ្ងន់ធ្ងរដល់សង្គមជាតិផងដែរ៕

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្រើនរំលឹកថាត្រូវតែមានឯកសារចាំបាច់បំផុតគ្រប់ពេលវេលានៃការបើកបរ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ឯកសារចាំបាច់បំផុតត្រូវមានក្នុងពេលបើកបរ ដែ​លមិនអាចអត់បាន គឺឆៀក រថយន្ដ និងបណ្ណបើកបរជាដើម។ នៅក្នុងបណ្តាញសង្កមហ្វេសប៊ុករបស់លោក ហ៊ុន សែន នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា ក្នុងពេ​លសមត្ថកិច្ចកំពុងរឹតបន្តឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រជាពលរដ្ឋ និងក្មួយៗត្រូវយកចិត្តទុកដាក់ពិនិត្យរថយន្តរបស់ខ្លួនថា តើដល់ថ្ងៃឆៀកហើយឬនៅបើដល់ហើយត្រូវយកទៅឆៀកឲ្យបានទាន់ពេលចៀសវាងការផាកពិន័យក្នុងពេលបើកបរ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្ដថា ព្រោះតម្រូវការឆៀកនេះដើម្បីធានាសុវត្ថិភាពរថយន្តក្នុងពេលបើកបរ ដោយមិនបង្កគ្រោះថ្នាក់ផ្សេងៗនិងបង្កការបំពុលបរិស្ថានជាដើម។ លោ​ក​បានបន្ថែមថា «ទន្ទឹមនឹងនេះដែរ បងប្អូនត្រូវមានប័ណ្ណបើកបរជាប់នឹងខ្លួនគ្រប់ពេលក្នុងពេ​ល​បើកបរ។ ប្រសិនបើប័ណ្ណបើកបរផុតកំណត់គឺត្រូវបន្តសុពលភាពឡើងវិញ»។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ហាមដាច់ខាតបញ្ជាយានយន្តនៅលើដងផ្លូវដោយគ្មានប័ណ្ណ ឬប័ណ្ណបើកបរផុតកំណត់ដោយមិនបានបន្តឲ្យបានត្រឹមត្រូវតាមច្បាប់ដែលអាចប្រឈមនឹងការផាកពិន័យធ្ងន់ធ្ងរ។ បន្ថែមពីនេះ លោក ក៏បានជូនពរប្រជាពលរដ្ឋខ្មែរ មា​នសុវត្ថិភាពក្នុងការបើកបរនៅទូទាំងប្រទេស ហើយគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា៕

ក្រសួងសាធារណការ បង្ហាញលេខទូរស័ព្ទ សម្រាប់ពលរដ្ឋរាយការណ៍ពីភាពមិនប្រក្រតី នៃការយកសេវាសាធារណៈ, ទីតាំងឆៀករថយន្តមាន ១៤កន្លែង ក្នុងរាជធានី-ខេត្តចំនួន១០

មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញលេខទូរស័ព្ទចំនួន ៣ខ្សែ ជូនដល់ប្រជាពលរដ្ឋទាំងអស់ ដែលអាចរាយការណ៍ពីភាពមិនប្រក្រតីរបស់មន្រ្តី លើការយកសេវា សាធារណៈ ជាពិសេសនៅក្នុងរយៈពេលចុងក្រោយនេះ មានប្រជាពលរដ្ឋបានសម្រុកយករថយន្តរបស់ខ្លួនទៅឆៀក ធ្វើស្លាកលេខ និងជាពិសេសនោះគឺទៅធ្វើបណ្ណបើកបរ ឬទៅសុំសុពលភាព បណ្ណបើកបរឡើងវិញ។
សម្រាប់កន្លែងឆៀករថយន្តនៅក្របខណ្ឌទូទាំងប្រទេសមានចំនួន ១៤កន្លែង ក្នុងរាជធានីភ្នំពេញ-ខេត្តចំនួន១០ អមដោយរថយន្តឆៀកចល័ត ៣ក្រុមផងដែរ។
ថ្លែងនៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០នេះ លោក គង់ វិមាន នាយកខុទ្ទកាល័យ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា «ខ្ញុំសូមជម្រាបជូនព័ត៌មានពាក់ព័ន្ធមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជារូមមាន៖ រាជធានីភ្នំពេញមាន ៥ទីតាំង (នៅផ្លូវ៥៩៨-ផ្លូវជាសុផារ៉ា, នៅបឹងបៃតងផ្លូវឧកញ៉ា ម៉ុង រិទ្ធី, នៅចំការដូង, នៅផ្លូវជាតិ៦អា និងនៅបឹងស្នោ) និងតាមបណ្តាខេត្តមាន ៩ទីតំាង គឺមានខេត្ត ព្រះវិហារ, រតនគីរី, ក្រចេះ, សៀមរាប, បាត់ដំបង, កំពង់ស្ពឺ, ព្រះសីហនុ, កំពង់ចាម និងកំពង់ឆ្នាំង និងរថយន្តឆៀកចល័ត ៣ក្រុមផងដែរ»។
បើតាមលោក គង់ វិមាន សម្រាប់ការសាកសួរព័ត៌មាន និងការផ្តល់យោបល់ពីភាពមិនប្រក្រតីនៃការយកសេវាសាធារណៈ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន សូមទំនាក់ទំនងតាមលេខទូរស័ព្ទ៖ 085 92 90 90, 015 92 90 90, 067 92 90 90 ៕




ប្រជាពលរដ្ឋងាយរងគ្រោះចំនួន ១៣គ្រួសារ ទទួលអំណោយមនុស្សធម៌ពីលោកស្រី ដោក សុទ្ធា ទីប្រឹក្សារាជរដ្ឋាភិបាល ព្រមទាំងព្រះសង្ឃ និងសប្បុរសជន

កំពង់ឆ្នាំង៖ លោកស្រី ដោក សុទ្ធា ទីប្រឹក្សារាជរដ្ឋាភិបាល នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ បាននាំយកអំណោយរបស់សប្បុរសជន តាមរយៈការអំពាវនាវរបស់ព្រះគ្រូឆន្ទរតនមុនី សរ បញ្ញាឫទ្ធិ ដើម្បីចែកជូនប្រជាពលរដ្ឋ លោកតា លោកយាយ ងាយរងគ្រោះ ចំនួន១៣គ្រួសារ និងចុះផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ និងតាមខ្នងផ្ទះ អំពីវិធានការបង្ការ និងកាត់បន្ថយហានិភ័យនៃជំងឺឆ្លងបង្ករដោយជំងឺកូវីដ១៩។
ចំពោះអំណោយដែលនាំយកទៅចែកជូនប្រជាពលរដ្ឋ លោកតា លោកយាយ ចំនួន ១៣គ្រួសារ ដែលមកពីភូមិចំនួន២ ស្ថិតក្នុងឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលក្នុង១គ្រួសារទទួលបាន៖ អង្ករ ២០គីឡូក្រាម, មី ១កេះ, ត្រីខ ១យួរ, ជែលលាងដៃ ១ដប, មុង១, ក្រម៉ា១, សាប៊ូ ១ដុំ និងថវិកា ២០០០០រៀល ដោយឡែក ៣គ្រួសារទៀតទទួលបាន ប្រឡុង១ ជែលលាងដៃ១ដប និងថវិកា ២០០០០រៀល។
ក្នុងនាមព្រះគ្រូឆន្ទរតនមុនី សរ បញ្ញាឫទ្ធិ សូមធ្វើការជូនបុណ្យ និងជូនពរសប្បុរសជនទាំងអស់ អោយជួបប្រទះនូវសេចក្ដីសុខ ចម្រើន មានលាភជ័យ ប៉ងប្រាថ្នាអ្វី គិតអ្វី សូមអោយសម្រេចគ្រប់ភារកិច្ច សូមវត្ថុស័ក្តិសិទ្ធដែលថែរក្សាក្នុងព្រះរាជាណាចក្រកម្ពុជា តាមឃុំគ្រប់បីបាច់ថែរក្សា ចូលកើតកើនចម្រើនមានដល់សម្បុរជនក្នុង និងក្រៅប្រទេសទាំងអស់ តរៀងទៅ សូមអោយជួបនូវជួបពុទ្ធពរទាំងឡាយ៤ប្រការគីៈ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕








អាជ្ញាធរខេត្តសៀមរាប ជំរុញអាជ្ញាធរ មូលដ្ឋានបន្តរួមគ្នាអនុវត្តវិធានការទប់ស្កាត់រលកទី២នៃការរាតត្បាតជម្ងឺកូវីដ១៩ ទៅក្នុងសហគមន៍

សៀមរាប៖ នៅក្នុងកិច្ចប្រជុំស្តីពីវឌ្ឍនភាពនៃការគ្រប់គ្រងវិបត្តិកូវីដ-១៩ ដែលបានធ្វើឡើងនានៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ លោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងលោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍភាពស្ថានភាពទូទៅនៃវិធានការការពារ ការបង្ការទប់ស្តាត់ នៃជំងឺកូវីដ១៩ នៅក្នុងខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប អភិបាល នៃគណៈអភិបាលក្រុង/ស្រុក និងលោក លោកស្រីប្រធានមន្ទីរដែរពាក់ព័ន្ធទាំងអស់។
លោកស្រី ម៉ននី រង្សី អភិបាលស្រុកក្រឡាញ់ បានបង្ហាញរបាយការណ៏ស្តីអំពីករណីប្រឈម ដែលទើបនឹងកើតឡើងថ្មីៗនេះថាមានជនខិលខូចមួយចំនួនតូចជាមេខ្យល់ បានអូសទាញឲ្យប្រជាពលរដ្ឋខ្មែរ ដែលបានវិលត្រឡប់មកពីក្រៅប្រទេស ឲ្យវិលត្រឡប់ទៅធ្វើការនៅក្រៅប្រទេសវិញ ។ ប៉ុន្មានថ្ងៃមុននេះ មានប្រជាពលរដ្ឋស្រុកក្រឡាញ់មួយចំនួន បានចាញ់ឧបាយកលនៃការអូសទាញនេះ រួចទៅហើយធ្វើឲ្យប្រជាពលរដ្ឋទាំងនោះខាតបង់លុយកាក់និងពេលវេលាឆ្លងកាត់ការធ្វើចត្តាឡីស័កដាក់ខ្លួននៅដាច់ដោយឡែក១៤ថ្ងៃជាថ្មីម្តងទៀតផងដែរ ។ លោកស្រីបញ្ជាក់ថា ករណីនេះ អាជ្ញាធរស្រុកបានចាត់វិធានការដោយមានសហការជាមួយកម្លាំងសមត្ថកិច្ចធ្វើការស្រាវជ្រាវរកក្រុមឆបោកនោះផងដែរ។
យ៉ាងណាក៏ដោយ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានថ្លែងនូវការលើកទឹកចិត្តដល់បណ្តាថ្នាក់ដឹកនាំមូលដ្ឋានគ្រប់លំដាប់ថ្នាក់ រួមទាំងមន្រ្តីជំនាញពាក់ព័ន្ធ ដែលបានលះបង់គ្រប់បែបយ៉ាង ជំនះរាល់លំបាកទាំងឡាយដើម្បីសុខភាពនិងអាយុជីវិតប្រជាពលរដ្ឋ ។ លោកបានបញ្ជាក់ថា បើទោះជារលកទី១នៃការនាំចម្លងចូលត្រូវបានកាត់ផ្តាច់ ក៏ប៉ុន្តែយើងត្រូវបង្កើនការទប់ស្កាត់រលកទី២ នៃការឆ្លងជម្ងឺកូវីដ-១៩ទៅក្នុងសហគមន៍ គឺជាកង្វល់ដ៏ធំរបស់ប្រមុខរាជរដ្ឋាភិបាល ដែលតម្រូវឲ្យមានការចូលរួមទាំងអស់គ្នា អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងខណៈពេលដែលកំពុងមានលំហូរចូលនៃប្រជាពលរដ្ឋខ្មែរមកពីក្រៅប្រទេសវិញនោះ ។
ក្នុងកិច្ចប្រជុំនោះ បើទោះជាមានការលើកឡើង ស្តីអំពីបទពិសោធន៍ជាក់ស្តែងផ្សេងៗគ្នា ទៅតាមលទ្ធភាពរបស់បណ្តាស្រុកនានានោះក៏ដោយ ក៏ប៉ុន្តែលទ្ធផលជារួម បានទទួលស្គាល់ថា គិតត្រឹមថ្ងៃទី២៨ខែមេសានេះ ប្រជាពលរដ្ឋខ្មែរចំណូលស្រុកមកពីក្រៅប្រទេសវិញប្រមាណជាង១ម៉ឺននាក់ ក្រោយពីការយកចិត្តទុកដាក់ធ្វើចត្តាឡីស័ក និងដាក់ឲ្យនៅដោយឡែ១៤ថ្ងៃ មន្រ្តីជំនាញពុំបានរកឃើញករណីវិជ្ជមានជម្ងឺកូវីដ-១៩ នៅក្នុងចំណោមប្រជាពលរដ្ឋទាំងនោះឡើយ ៕

លោកស្រី ម៉ែន សំអន អញ្ជើញចែកអំណោយនិងសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន៥៦គ្រួសារ នៅឃុំសង្កែ

ស្វាយរៀង៖ នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាធិបតីក្នុងពិធីចែកអំណោយមនុស្សធម៌របស់លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជានិងសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន៥៦គ្រួសារ នៅឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង។
ថ្លែងក្នុងឱកាសនោះលោកស្រី ម៉ែន សំអន ក៏បានមានប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី និងភរិយា លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោក ហេង សំរិន ប្រធានរដ្ឋសភា ជូនដល់បងប្អូនប្រជាពលរដ្ឋទាំង ដោយក្តីនឹករលឹក ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ ការចែកជូនអំណោយនាថ្ងៃនេះក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានដូចដែលបានលើកឡើងថា «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នាមិនទុកនរណាម្នាក់ចោល» និង«ទីណាមានទុក្ខលំបាកទីនោះមានកាកបាទក្រហមកម្ពុជា»។
លោកស្រី ម៉ែន សំអន ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវ៖
ទី១- ប្រុងប្រយ័ត្នឲ្យបានខ្ពស់គ្រប់ៗក្រុមគ្រួសារ ក្នុងការចូលរួមទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩។ ជាពិសេសមិនត្រូវភ្លេចខ្លួននោះទេ បើទោះបីជាប្រទេសកម្ពុជាមានអ្នកឆ្លងនៅមានមក្រិតតិចក្រោមការអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងសារាចរណែនាំ និងវិធានការណ៍ជាច្រើនរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី។ ស្របពេលដែលកម្ពុជាមកដល់ថ្ងៃនេះ អ្នកឆ្លងមានចំនួន ១២២នាក់ អ្នកជាសះស្បើយមានចំនួន ១១៩នាក់ និងពុំមានអ្នកស្លាប់នោះទេ។
ទី២- យើងទាំងអស់គ្នាត្រូវជម្រុញការងារកសិកម្មក្នុងការដាំដុះ ចិញ្ចឹមសត្វនៅក្នុងមូលដ្ឋាន ជាពិសេសត្រូវរក្សាទុក្ខនូវស្បៀងអាហារដូចជា អង្ករ អំបិល ប្រហុក ត្រី សាច់ ។ល។ ប្រសិនបើជំងឺកូវីដ១៩នេះនៅតែអូសបន្លាយ។
ទី៣- ត្រូវចូលរួមទាំងអស់គ្នាក្នុងការគោរពច្បាប់ចរាចរណ៍ផ្លូវគោគដើម្បីកាត់បន្ថយនូវគ្រោះថ្នាក់និងការបាត់បង់អាយុជីវិតនៅលើដងវិថីផងដែរ។
អំណោយរបស់លោកស្រី ប៊ុន រ៉ានី ដែលបានចែកជូនទាំង ៥៤ គ្រួសារ នាពេលនេះរួមមាន៖ ចាស់ជរា ២១ គ្រួសារ ជនពិការ ៣ គ្រួសារ និងទីទ័លក្រ ៣០ គ្រួសារ មកពី ៤ឃុំ នៃស្រុករំដួល ក្នុង ១គ្រួសារទទួលបាន អង្ករ ២៥ គ.ក្រ មី ១ កេស ត្រីខ ១០ កំប៉ុង សាប៊ូ ២ ដុំ ក្រម៉ា ១ ថវិកាធ្វើដំណើរ៤ម៉ឺនរៀល៕




រដ្ឋមន្ត្រីការពារជាតិ កោតសរសើរថ្នាក់ដឹកនាំ និងកងទ័ព ដែលចូលរួមទាំងកម្លាំងកាយចិត្ត និងថវិកាផ្ទាល់ខ្លួន គាំទ្ររាជរដ្ឋាភិបាលប្រយុទ្ធនឹងជំងឺ COVID-19

លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិ បានថ្លែងកោតសរសើរដល់ថ្នាក់ដឹកនាំ និងកងទ័ពទាំងអស់ ដែលបានចូលរួមចំណែកអស់កម្លាំងកាយចិត្ត ព្រមទាំងថវិកាផ្ទាល់ខ្លួន គាំទ្រដល់រាជរដ្ឋាភិបាល ដឹកនាំដោយលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងការរីករាលដាលនៃជំងឺ COVID-19។
ការថ្លែងអំណរគុណបែបនេះ របស់លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានធ្វើឡើងបន្ទាប់ពីមន្ត្រីរាជការ គ្រប់ជាន់ថ្នាក់ បានប្រកាសចូលរួមបរិច្ចាគថវិកា និងប្រាក់បៀវត្សប្រចាំរបស់ខ្លួន តាមការអំពាវនាវរបស់ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ដើម្បីយកទៅប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19។
តាមរយៈទំព័រ Facebook ផ្លូវការនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០នេះ រដ្ឋមន្ត្រីការពារជាតិកម្ពុជារូបនេះ បានថ្លែងយ៉ាងដូច្នេះថា៖ «សូមកោតសរសើរដល់ថ្នាក់ដឹកនាំ និងបងប្អូនកងទ័ពទាំងអស់ ដែលបានចូលរួមចំណែកអស់កម្លាំងកាយចិត្ត ព្រមទាំងថវិកាផ្ទាល់ខ្លួន គាំទ្រដល់រាជរដ្ឋាភិបាល ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជាមួយមេរោគ COVID-19» ៕


ព្រឹកថ្ងៃនេះក្រសួងសុខាភិបាលបន្តប្រកាសថា មិនមានករណីឆ្លងជំងឺកូវីដ១៩ ហើយក៏ពុំមានករណីជាសះស្បើយដែរ

ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ នៅសល់តែ៣នាក់ប៉ុណ្ណោះ នៃអ្នកឆ្លងសរុប១២២នាក់។ បើគិតត្រឹមព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០នេះ។





«ច្បាប់គ្រប់គ្រងប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ន» ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ហើយ

ទីបំផុតទៅ «ច្បាប់គ្រប់គ្រងប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ន» ដែលជាច្បាប់ថ្មីសន្លាងនៅក្នុងប្រទេស​កម្ពុជា ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ​២០២០​នេះ។ ច្បាប់ស្តីពី «ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន» ត្រូវបានចុះហត្ថលេខាដាក់ឱ្យប្រើប្រាស់ដោយប្រមុខរដ្ឋស្តីទី លោក សាយ ឈុំ។
រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយលោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន កាលពីខែមេសា ឆ្នាំ២០២០កន្លងទៅនេះ បានចាប់ផ្តើមរៀបចំ និងតាក់តែងឡើងនូវច្បាប់ស្តីពី «ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន» ចំពេលប្រទេសកម្ពុជារងការរាតត្បាតនៃជំងឺកូវីដ១៩។ ច្បាប់នេះត្រូវបានរៀបចំឡើងក្នុងល្បឿនមួយយ៉ាងលឿន ហើយត្រូវបានរដ្ឋសភា ព្រឹទ្ធសភា និងក្រុមប្រឹក្សាធម្មនុញ្ញអនុម័តជាបន្តបន្ទាប់​ត្រឹមរយៈពេលតែមួយខែប៉ុណ្ណោះ។
លោកនាយករដ្ឋមន្ត្រី​ ធ្លាប់បានគូសបញ្ជាក់ថា ច្បាប់នេះគឺជាឧបករណ៍ផ្នែកច្បាប់ដ៏មានសារៈសំខាន់សម្រាប់កម្ពុជា ក្នុងការគ្រប់គ្រងប្រទេសនៅពេលមានគ្រោះអាសន្នផ្សេងៗ ខណៈបច្ចុប្បន្នកម្ពុជាមិនទាន់មានច្បាប់សម្រាប់ការគ្រប់គ្រងប្រទេសពេលមានអាសន្ននៅឡើយ។
រាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានអះអាងថា ច្បាប់ស្តីពីការគ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ត្រូវបានរៀបចំឡើងដោយផ្អែកតាមស្មារតីនៃមាត្រា ២២ថ្មី នៃរដ្ឋធម្មនុញ្ញរបស់កម្ពុជា ដែលចែងថា «នៅ​ពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ព្រះមហាក្សត្រទ្រង់ប្រកាសប្រទានដំណឹងជាសាធា​រណៈ ដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ក្រោយពីបានមតិឯកភាពពីនាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា»។
ច្បាប់ថ្មីនេះ ក៏ផ្តល់ជាមូលដ្ឋានគតិយុត្ត ដើម្បីធានាដល់ការអនុវត្តមាត្រា ២២ថ្មី នៃរដ្ឋធម្មនុញ្ញ និងជាមូលដ្ឋានគតិយុត្តកំណត់សិទ្ធិអំណាចរបស់រាជរដ្ឋាភិបាល ក្នុងការដាក់ចេញនូវវិធានការចាំបាច់ដែលមិនអាចខ្វះបាន ដើម្បីឆ្លើយតបទៅនឹងស្ថានភាពរបស់ប្រទេសក្នុងភាពអាសន្ន សំដៅការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការពារអាយុជីវិត និងសុខភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងការពាំរទ្រព្យសម្បត្តិ និងបរិស្ថាន។
ច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ក៏កំណត់នូវបែបបទ នីតិវិធី និងលក្ខខណ្ឌនៃការប្រកាសដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ព្រមទាំងវិធានការចាំបាច់នានា ដែលរាជរដ្ឋាភិបាលមានសិទ្ធិដាក់ចេញក្នុងពេលប្រទេសជាតិស្ថិតក្នុងភាពអាសន្ន។
ច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន បានបញ្ជាក់ថា ការដាក់ប្រទេសជាតិក្នុងភាពអាសន្ន អាចធ្វើឡើងនៅពេលប្រជាជាតិប្រឈមមុខ នឹងគ្រោះថ្នាក់ជាអាទិ៍, គ្រោះថ្នាក់ដែលបង្កឡើងដោយសង្គ្រាម ឬការឈ្លានពានពីកម្លាំងបរទេស, គ្រោះអាសន្នបន្ទាន់ចំពោះសុខភាពសាធារណៈបណ្តាលមកពីការឆ្លងរាលដាលនៃជំងឺ, ភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខជាតិ និងសណ្តាប់​ធ្នាប់​សាធា​រណៈ ព្រមទាំងគ្រោះមហន្តរាយធ្ងន់ធ្ងរ ដែលគំរាមកំហែង ឬអាចបង្កគ្រោះថ្នាក់រីករាលដាលដល់​កម្រិត​ទូទាំងប្រទេស។
ច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន មានចំនួន ៥ជំពូក និងចែកចេញ ១២​មាត្រា។ មាត្រា៤ ជំពូកទី៣ បានកំណត់ថា នៅពេលប្រទេសជាតិ ត្រូវបានប្រកាសដាក់ស្ថិតនៅក្នុងភាពអាសន្ន រាជរដ្ឋាភិបាលមានសិទ្ធិដាក់ចេញវិធានដូចខាងក្រោម៖
១៖ ហាមឃាត់ ឬ កម្រិតសិទ្ធិសេរីភាពក្នុងការធ្វើដំណើរ។
២៖ ហាមឃាត់ ឬ កម្រិតសិទ្ធិសេរីភាពក្នុងការជួបជុំ ឬការប្រមូលផ្តុំមនុស្ស។
៣៖ ហាមឃាត់ ឬ កម្រិតការធ្វើសកម្មភាពការងារ ឬមុខរបរ។
៤៖ ហាមឃាត់ ឬ កម្រិតមិនឱ្យបុគ្គលចេញពីលំនៅឋាន ឬ ទីសំណាក់ណាមួយ។
៥៖ ដាក់ចេញវិធានការចត្តាឡីស័ក ឬ ការដាក់ឱ្យនៅដោយឡែកក្នុងករណីគ្រោះអាសន្នបន្ទាន់ ចំពោះសុខភាពសាធារណៈបណ្តាលមកពីការឆ្លងរាលដាលនៃជំងឺ។
៦៖ ដាក់ចេញវិធានការទាក់ទងនឹងកំណែន និងជម្លៀសពលរដ្ឋ ដើម្បីឆ្លើយតបចំពោះភាពអាសន្ន។
៧៖ ដាក់ចេញវិធានការទាក់ទងនឹងកំណែន ដកហូត គ្រប់គ្រង និងចាត់ចែងទ្រព្យសម្បត្តិ និងសេវា ដែលមានភាពចាំបាច់ ដើម្បីឆ្លើយតបចំពោះភាពអាសន្ន។ នីតិវិធីនៃការធ្វើកំណែន និងសំណងត្រូវកំណត់ដោយរាជរដ្ឋាភិបាល។
៨៖ ដាក់ចេញវិធានការទាក់ទងនឹងការបិទទីតាំងសាធារណៈ ឬឯកជនណាមួយ ដែលមានភាពចាំបាច់ ដើម្បីឆ្លើយតបចំពោះភាពអាសន្ន។
៩៖ ដាក់ចេញវិធានការទាក់ទងនឹងការបិទទីតាំងសាធារណៈ ឬឯកជនណាមួយ ដែលមានភាពចាំបាច់ ដើម្បីឆ្លើយតបចំពោះភាពអាសន្ន។
១០៖ ដាក់ចេញនូវវិធានការឃ្លាំមើល និងតាមដានគ្រប់មធ្យោបាយ ដើម្បីទទួលបានព័ត៌មានតាមរយៈប្រព័ន្ធទំនាក់ទំនងទូរគមនាគមន៍គ្រប់រូបភាព ក្នុងគោលបំណងឆ្លើយតបចំពោះភាពអាសន្ន។
១១៖ ហាមឃាត់ ឬ ការកម្រិតការចែកចាយ ឬ ការផ្សព្វផ្សាយព័ត៌មានដែលអាចបង្កឱ្យមានការភ័យខ្លាចដល់សាធារណជន ឬ ចលាចល ឬ ដែលនាំឱ្យខូចខាតដល់សន្តិសុខជាតិ ឬ ធ្វើឱ្យមានការភាន់ច្រឡំអំពីស្ថានភាពនៃភាពអាសន្ន។
១២៖ ដាក់ចេញវិធានការដទៃទៀតដែលសមស្រប និងចាំបាច់ ដើម្បីឆ្លើយតបចំពោះភាពអាសន្ន។ ក្នុងមាត្រានេះ បានចែងទៀតថា វិធានការអនុវត្តពេលប្រទេសជាតិស្ថិតក្នុងភាពអាសន្ន អាចត្រូវបានដាក់ចេញសម្រាប់ទូទាំងប្រទេស ឬ ដែនដីកំណត់ជាក់លាក់ណាមួយ។ ក្នុងករណីចាំបាច់ រាជរដ្ឋា​ភិបាល​អាចបង្កើតយន្តការ ឬប្រគល់សិទ្ធិអំណាចទៅអាជ្ញាធរមានសមត្ថកិច្ចណាមួយ ឬប្រើប្រាស់​កងកម្លាំង​ប្រដាប់អាវុធ ដើម្បីធានាដល់ការអនុវត្តវិធានការខាងលើ។
ក្នុងពេលសង្គ្រាម ឬ ក្នុងកាលៈទេសដទៃទៀតដែលសន្តិសុខជាតិប្រឈមនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរ ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្នអាចធ្វើឡើងតាមរបបអាជ្ញាសឹក។
នៅក្នុងមាត្រា៧ ក្នុងជំពូកទី៤ និយាយពីទោសប្បញ្ញត្តិ បានចែងថា អំពើដោយចេតនារារាំង ឬ បង្កឧបសគ្គដល់កិច្ចប្រតិបត្តិការឆ្លើយតបចំពោះភាពអាសន្ន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ដល់​ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀល ដល់ ៥លានរៀល។ ចំពោះអំពើរារាំងដល់កិច្ចប្រតិបត្តិការពេលប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំ ទៅ ១០ឆ្នាំ កាលបើអំពើនេះ នាំឱ្យមានចលាចលជាសាធារណៈ ឬប៉ះពាល់ដល់សន្តិសុខជាតិ។
ក្នុងមាត្រា៨ នៃជំពូកដដែល បានចែងថា អំពើដោយចេតនាមិនគោរពវិធានការដាក់ចេញដោយរាជរដ្ឋាភិបាលដែលមានចែងក្នុងមាត្រា៥ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែ ទៅ១ឆ្នាំ និងពិន័យជាប្រាក់​ពី ១០ម៉ឺនរៀល ដល់ ១លានរៀល។ ដោយឡែកអំពើមិនគោរពតាមវិធានការពេលប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀល ទៅ ៥លានរៀល កាលបើអំពើនេះនាំឱ្យមានចលាចលជាសាធារណៈ។
ដោយឡែកនីតិបុគ្គលដែលមានចេតនារារាំង ឬ បង្កឧបសគ្គដល់កិច្ចប្រតិបត្តិការឆ្លើយតបចំពោះភាពអាសន្ន ត្រូវទទួលខុសត្រូវព្រហ្មទណ្ឌដូចមានចែងក្នុងមាត្រា៤២ (ការទទួលខុសត្រូវព្រហ្មទណ្ឌនីតិបុគ្គល) នៃក្រមព្រហ្មទណ្ឌ ដោយត្រូវផន្ទាទោសពិន័យជាប្រាក់ពី ១០០លានរៀល ដល់ ១,០០០​លានរៀល ព្រមទាំងទោសបន្ថែមមួយ ឬ ច្រើនដូចមានចែងក្នុងមាត្រា១៦៨ (ទោសបន្ថែមអនុវត្តចំពោះនីតិបុគ្គល) នៃក្រមព្រហ្មទណ្ឌ។
រីឯនីតិបុគ្គលដែលប្រព្រឹត្តអំពើដោយចេតនាមិនគោរពវិធានការដាក់ចេញដោយរាជរដ្ឋាភិបាលដែលមានចែងក្នុងមាត្រា៥ ត្រូវទទួលខុសត្រូវព្រហ្មទណ្ឌដូចមានចែងក្នុងមាត្រា៤២ (ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គល) នៃក្រមព្រហ្មទណ្ឌ ដោយត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ៥០លានរៀល ដល់ ៥០០លានរៀល ព្រមទាំងទោសបន្ថែមមួយ ឬច្រើន ដូចមានចែងក្នុងមាត្រា១៦៨ (ទោសបន្ថែមអនុវត្តចំពោះនីតិបុគ្គល) នៃក្រមព្រហ្មទណ្ណ។
ច្បាប់នេះ ក៏បាននិយាយពីការទទួលខុសត្រូវរបស់អាជ្ញាធរមានសមត្ថកិច្ច ពេលប្រទេសត្រូវដាក់ក្នុងភាពមានអាសន្នផងដែរ។ មាត្រា១០ ក្នុងជំពូក៤ បាននិយាយថា មន្ត្រីមានសមត្ថកិច្ចដែលប្រើប្រាស់សិទ្ធិអំណាចតាមទំនើងចិត្តដោយរំលោភបំពាំនខុសពីគោលបំណងនៃច្បាប់ ហើយបង្កការប៉ះពាល់ដល់រូបរាងកាយ ឬការខូចខាតដល់ទ្រព្យសម្បត្តិរបស់បុគ្គលដទៃត្រូវទទួលខុសត្រូវចំពោះអំពើ ដែលខ្លួនបានប្រព្រឹត្តស្របតាមច្បាប់របស់កម្ពុជា៕