Friday, August 31, 2018

វិទ្យាស្ថានជាតិស្រាវជ្រាវណារ៉ាប្រគល់វត្ថុបុរាណដែលបានពីកំណាយស្រាវជ្រាវ និងជួសជុលនៅតំបន់អង្គរជូនអាជ្ញាធរជាតិអប្សរា

នារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ លោក Hiroshi SUGIYAMA ប្រធានគម្រោងវិទ្យាស្ថានជាតិស្រាវជ្រាវណារ៉ារបស់ប្រទេសជប៉ុន បាននាំយកវត្ថុបុរាណដែលបានពីការធ្វើកំណាយស្រាវជ្រាវនៅឡតានី និងការជួសជុលប្រាសាទតុបខាងលិច មកប្រគល់ជូនអាជ្ញាធរជាតិអប្សរា ដើម្បីរក្សាទុក។ វត្ថុបុរាណទាំងនេះមានបំណែកកុលាលភាជន៍ ដែលបានពីកំណាយស្រាវជ្រាវនៅឡតានី និងបំណែកតូចល្អិតធ្វើពី លោហធាតុដែលសង្ស័យថាជារបស់ដែលគេយកមកធ្វើពិធីបូជាអ្វីមួយនៅប្រាសាទតុបខាងលិច។ វិទ្យាស្ថានស្រាវជ្រាវជាតិណារ៉ា មានសេចក្តីរីករាយ ក្នុងការគោរពទៅតាមច្បាប់បេតិកភណ្ឌនៃប្រទេសកម្ពុជា និងមានមោទន ភាពណាស់ដែលបានចូលរួមចំណែកក្នុងថែរក្សា ការពារ ជួសជុល និងអភិរក្សនូវសំណង់បុរាណក្នុងតំបន់អង្គរព្រមទាំងការស្រាវជ្រាវនៅទីនេះផង។
លោក ហង់ ពៅ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា ក្នុងពិធីទទួលនូវ វត្ថុទាំងនោះបានកត់សម្គាល់ថា វិទ្យាស្ថានជាតិស្រាជ្រាវណារ៉ា របស់ប្រទេសជប៉ុន គឺជាស្ថាប័នអន្តរជាតិទី១ដែលបានប្រគល់ នូវបុរាណវត្ថុដល់អាជ្ញាធរជាតិអប្សរាក្រោយធ្វើការស្រាវជ្រាវរួចរាល់។
ការប្រគល់វត្ថុបុរាណទាំងនោះមកអាជ្ញាធរជាតិអប្សរានាពេលនេះគឺតបតាមការអំពាវនាវរបស់លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា ដែលលោកស្រី បានអំពាវនាវនាឱកាសជួបប្រជុំជាមួយស្ថាប័នអន្តរជាតិបំពេញភារកិច្ចក្នុងរមណីយដ្ឋានអង្គរឱ្យបញ្ជូនវត្ថុបុរាណនានាដែលប្រទះឃើញក្នុងពេលធ្វើកំណាយស្រាវជ្រាវឬជួសជុលមកអាជ្ញាធរជាតិអប្សរាដើម្បីចុះបញ្ជីសារពើភណ្ឌក្នុងក្របខណ្ឌជាតិនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
លោក ហង់ ពៅ បន្តទៀតថា វត្ថុទាំងនេះនឹងត្រូវរក្សាទុកនៅអាជ្ញាធរជាតិ អប្សរាដើម្បីសិក្សាអំពីប្រវត្តិ ចុះបញ្ជីសារពើភណ្ឌ និងធ្វើការជួសជុល អភិរក្សនូវបុរាណវត្ថុសិល្បៈទាំងនេះឱ្យបានល្អប្រសើរ។ លោកក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះវិទ្យាស្ថានជាតិស្រាវជ្រាវណារ៉ា ដែលមានកិច្ចសហការដ៏ល្អជាមួយអាជ្ញាធរជាតិអប្សរាជាច្រើនឆ្នាំ លើកិច្ចការអភិរក្សនិងជួសជុលប្រាសាទក្នុងតំបន់អង្គរ ការស្រាវជ្រាវ ការបណ្តុះបណ្តាលធនមនុស្ស និងការផ្តល់ការងារដល់អ្នកជំនាញខ្មែរ ផងដែរ៕






(សូមទស្សនាវីដេអូ)៖ ជំនួបពិភាក្សាការងាររដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិចិន បង្ហាញពី ទំនាក់ទំនងយ៉ាងរឹងមាំរវាងកម្ពុជា-ចិន និងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា!

(សូមទស្សនាវីដេអូ)៖ តុលាការសម្រេចបន្តឃុំខ្លួនលោក កឹម សុខា រយៈពេល៦ខែទៀត ដោយមិនអនុញ្ញាតឱ្យនៅក្រៅឃុំឡើយ

(សូមទស្សនាវីដេអូ)៖ អាមេរិកផ្ដល់ចំណាត់ថ្នាក់លេខ២ ជូនប្រទេសកម្ពុជា ដែលបានខិតខំយ៉ាងខ្លាំងក្លា​លើការងារប្រយុទ្ធប្រឆាំងការជួញដូរ​មនុស្សលើពិភពលោក

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឯកភាពឲ្យសិក្សាបង្កើតខេត្តថ្មីចំនួន២ទៀត ដោយកាត់ចេញពីខេត្តកណ្តាល រតនគីរី និងមណ្ឌលគីរី

លោក ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដាក់លិខិតជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្នើបង្កើតខេត្តថ្មីចំនួន២ទៀត ដោយខេត្តមួយ កាត់ចេញពីខេត្តកណ្ដាល និងខេត្តមួយទៀត កាត់ចេញពីស្រុកកោះញែក ខេត្តមណ្ឌលគិរី និងស្រុកលំផាត់ ខេត្ដរតនគិរី។
សំណើររបស់លោក ស ខេង ជូនប្រមុខរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឯកភាពនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨។
យោងតាមលិខិតសំណើររបស់លោក ស ខេង ផ្ញើជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទទួលបាននៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨នេះ ការសម្រេចស្នើបង្កើតខេត្តពីរថ្មីនេះ ដើម្បីជួយលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋបាល ការថែរក្សាសន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈ ការជំរុញអភិវឌ្ឍន៍នៅមូលដ្ឋាន និងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។
បើតាមលិខិតរបស់លោក ស ខេង ខេត្តថ្មីទាំងពីរនេះ ខេត្តមួយត្រូវកាត់ចេញពីខេត្ដកណ្ដាល និងខេត្តមួយទៀត ត្រូវកាត់ចេញពីស្រុកកោះញែក នៃខេត្តមណ្ឌលគិរី និងស្រុកលំផាត់ នៃខេត្តរតនគិរី។
លោក ស ខេង ក៏បានបញ្ជាក់ផងដែរថា បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឯកភាពរួចហើយ ក្រសួងមហាផ្ទៃនឹងចាត់មន្ដ្រីបច្ចេកទេស ដើម្បីសហការជាមួយក្រសួង និងខេត្តពាក់ព័ន្ធ ចុះធ្វើការសិក្សាស្រាវជ្រាវជាក់ស្ដែង ដើម្បីរាយការណ៍សុំយោបល់ដឹកនាំជាបន្ដបន្ទាប់ ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ។
សូមជម្រាបថា បច្ចុប្បន្ននេះកម្ពុជា មានខេត្តចំនួន២៤ និងរាជធានីមួយ គឺរាជធានីភ្នំពេញ៕