Thursday, December 21, 2017

(សូមទស្សនាវីដេអូ)៖ កម្ពុជា-វៀតណាម ប្តេជ្ញាពង្រីក​កិច្ចសហ​ប្រតិបត្តិការរួមគ្នាក្នុង​​ការប្រយុទ្ធប្រឆាំង​បដិវត្តន៍ពណ៌

លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន ថ្លែងថា នៅក្រោមដំបូលសន្តិភាព ប្រជាពលរដ្ឋកម្ពុជាមានសិទ្ធិសេរីភាពពេញលេញក្នុងការធ្វើបុណ្យ

លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធ​សភា និងអធិការកិច្ច តំណាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌ័សីមា ព្រះវិហារ និងសម្ពោធដាក់ឱ្យប្រើប្រាស់ សមិទ្ធផលនានាវត្ដព្រះពុទ្ធមណ្ឌ​លគិរី (ហៅវត្ដលើ) ស្ថិតនៅក្នុងសង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្ដមណ្ឌលគិរី នៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០១៧នេះ។

លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន បានថ្លែងថា ប្រទេសជាតិក្រោមការដឹកនាំប្រកប​ដោយគតិបណ្ឌិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅទូទាំងប្រទេស មានការរីកចម្រើន រហូតដល់សព្វថ្ងៃ ដោយសារមានការរួមគ្នាកសាងរវាង វិស័យពុទ្ធចក្រ និងអាណាចក្រ ប្រទេសជាតិ មានសុខសន្តិភាព និងស្ថេរភាពនយោបាយពេញលេញ។ សុខសន្តិភាពទាំងនេះជាតម្លៃដែល បានផ្តល់ឱ្យយើងមានឱកាសប្រកបមុខរបអាជីវកម្មផ្សេងៗ និងបានបញ្ជូនកូនចៅទៅរៀនសូត្រ ចាប់ពីមតេយ្យរហូត ដល់មហាវិទ្យាល័យ និងមានជីវភាពរស់នៅធូរធារ ដោយស្ថិតនៅក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ។

នាឱកាសនោះដែរ លោកស្រី ម៉ែន សំអន ក៏បានពាំនាំផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែមានមនោសញ្ចេតនាស្រឡាញ់រាប់ អាន និងរួមសុខទុក្ខជាមួយបងប្អូនជនរួមជាតិទាំងអស់ និងជួយដោះស្រាយទុក្ខលំបាកសព្វបែបយ៉ាង គ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា និងតែងតែមានឧត្តមគតិគិតគូចំពោះ វិស័យព្រះពុទ្ធសាសនា នៅគ្រប់ទីកន្លែងទូទាំងប្រទេស ដោយបានលះបង់គ្រប់បែបយ៉ាង ដើម្បីប្រជាជាតិ និងដើម្បីតែព្រះពុទ្ធសាសនា៕








មហាអំណាចចិន និងមហាសេដ្ឋកិច្ចជប៉ុន បន្ដទម្លាក់លុយដល់កម្ពុជាជាង៣៥លានដុល្លារ គ្រាដែលអាមេរិក និងអឺរ៉ុបគំរាមកាត់ជំនួយតាមការញុះញង់របស់ក្រុមប្រឆាំងក្រៅច្បាប់

ស្របពេលដែលប្រទេសមួយចំនួនដូចជា សហរដ្ឋអាមេរិក និងអឺរ៉ុប ​កំពុងតែគំរាមកាត់ផ្ដាច់ជំនួយពីកម្ពុជា ពាក់ព័ន្ធការអនុវត្តច្បាប់លើក្រុមក្បត់ជាតិនោះ តែសម្រាប់មហាអំណាចចិន និងមហាសេដ្ឋកិច្ច​ជប៉ុន នៅបន្ដ​ទម្លាក់លុយជាបន្តបន្ទាប់ឱ្យកម្ពុជាដើម្បីបន្តអភិវឌ្ឍន៍ និងពង្រឹ​ងសេដ្ឋកិច្ចរបស់ខ្លួនដដែល។ ការទម្លាក់លុយជាបន្ដបន្ទាប់របស់ប្រទេសអ្នកមានលើលោកទាំង២នេះ ត្រូវបានធ្វើឡើងក្នុងរយៈពេល២ថ្ងៃចុងក្រោយនេះ ដោយលុយទាំងនោះសរុបជាង​៣៥លានដុល្លារអាមេរិក ដើម្បីបន្ដគម្រោងអភិវឌ្ឍន៍លើវិស័យផ្សេងៗ នៅក្នុងប្រទេសកម្ពុជា។

ការបន្ដទម្លាក់លុយប្រមាណ៣៥លានដុល្លារ របស់ប្រទេសចិន និងជប៉ុន ត្រូវបានលោកទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ចាត់ទុកថា ជាការផ្ដល់នូវទំនុកចិត្តបន្ថែមទៀត​ដល់កម្ពុជា បើទោះបីមានប្រទេសមួយចំនួន កំពុងគំរាមកាត់ផ្ដាច់ជំនួយយ៉ាងណាក្ដី។

ជាក់ស្តែងនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ម្សិលមិញ រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយប្រមាណ៣,១៧០ លានយ៉េន ស្មើនឹង២៨លានដុល្លារសហរដ្ឋអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់អនុវត្តគម្រោង «សាងសង់វិទ្យាស្ថានគរុកោសល្យ» នៅរាជធានីភ្នំពេញ និងខេត្តបាត់ដំបង​។ ហិរញ្ញប្បទានឥតសំណងនេះ ត្រូវបានផ្តល់ជូនរដ្ឋាភិបាលកម្ពុជា ដោយរដ្ឋាភិបាលជប៉ុន ដើម្បីលើកកម្ពស់សមត្ថភាពធនធានមនុស្សកម្ពុជា ក្នុងការឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម របស់ជាតិ។

យ៉ាងណាមិញ ក្រោមកិច្ចសហប្រតិបត្តិការលើគម្រោង នៃមូលនិធិពិសេសមេគង្គ-ឡានឆាង រដ្ឋាភិបាលចិក៏បានផ្តល់ជំនួយ៧,៣១៥,៩០៨ដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោងសំខាន់ៗចំនួន១៦ នៅកម្ពុជា ក្នុងដំណាក់កាលទី១។ លោកទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន បានលើកឡើងថា ការផ្ដល់ជំនួយនេះ ជាអះអាងជាថ្មីម្តងទៀតនូវទំនុកចិត្តដ៏ខ្លាំងដល់កម្ពុជា ជាមួយយន្តការអនុតំបន់ដែលកំពុងតែកើនឡើងនេះ ដោយឈរលើកិច្ចសហប្រតិបត្តិការ និងគម្រោងពិតប្រាកដ ក្នុងពេលដែលកម្ពុជា នឹងរៀបចំកិច្ចប្រជុំលើកទី២ របស់ថ្នាក់ដឹកនាំកិច្ចសហប្រ​តិបត្តិការមេគង្គ-ឡានឆាំងនៅខែក្រោយ។

ជាការកត់សម្គាល់ក្រោយពេលតុលាការកំពូលរបស់កម្ពុជា កាត់រំលាយគណបក្សសង្គ្រោះជាតិ និងហាមឃាត់ការធ្វើនយោបាយ របស់ថ្នាក់ដឹកនាំគណបក្សប្រឆាំងមួយនេះ រយៈពេល៥ឆ្នាំ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ មានបណ្តាប្រទេសលោកសេរីមួយចំនួន ដូចជាអាមេរិក និងសហគមន៍អឺរ៉ុប បានសម្តែងការប្រតិកម្ម។ ប៉ុន្ដែប្រទេសជប៉ុន ដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចមួយលើពិភពលោក មិនត្រឹមតែមិនបានបង្ហាញប្រតិកម្មអ្វីនោះទេ ថែមទាំងបានចេញមកប្រកាស ពង្រីកកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យរួមទាំងផ្នែកនយោបាយផងដែរ ហើយនៅក្នុងឆ្នាំ២០១៧នេះ ប្រទេសជប៉ុន បានផ្តល់ជំនួយសរុប ៣១២លានដុល្លារដល់កម្ពុជា ខណៈដែលជប៉ុន នៅតែជាប្រទេសធំទី១ ក្នុងការផ្តល់ជំនួយនេះ។

ដោយឡែកសម្រាប់មហាយក្សចិនវិញ លោកប្រធានាធិបតី ហ្ស៊ី​ ជីនពីង​​ បានអះអាងដោយមុតមាំថា បើទោះបស្ចិមប្រទេសចាត់ទុកកម្ពុជាជាអ្វីក៏ដោយ ក៏ចិនបានប្រកាសរួចហើយថា ចិននឹងបន្តជួយគាំទ្រ ដោយគ្មានការងាករេ ក្នុងការជួយដល់ប្រទេសកម្ពុជា ពិសេសគាំទ្រដល់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការបន្តដឹកនាំរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជាតទៅមុខទៀត៕







កម្ពុជា-ជប៉ុន រកឃើញរូបនិមិត្តសញ្ញាសម្រាប់អបអរសាទរខួប៦៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ

កម្ពុជា និងជប៉ុន បានសម្រេចជ្រើសរើសយករូបភាពដែលរំលេចដោយទង់ជាតិកម្ពុជា និងជប៉ុននៅលើផ្លិតជានិមិត្តសញ្ញាសម្រាប់អបអរសាទរខួប៦៥ឆ្នាំនៃទំនាក់ទំនងប្រទេសទាំងពីរ។ រូបភាពនេះ ត្រូវបានរចនាឡើងដោយកុលបុត្រខ្មែរមួយរូបមានអាយុ១៥ឆ្នាំ រស់នៅក្នុងខេត្តសៀមរាប។ រូបនិមិត្តសញ្ញាសម្រាប់អបអរសាទរខួប៦៥ឆ្នាំនៃទំនាក់ទំនងកម្ពុជា-ជប៉ុននេះ ត្រូវបានលោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុន និងលោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរប្រកាសទទួលយករួមគ្នានៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧។

សូមរំលឹកថា ស្ថានទូតជប៉ុនកាលពីពេលកន្លងទៅ បានដាក់ឱ្យមានការប្រកួតប្រជែងរចនារូបជានិមិត្តសញ្ញា (Logo) ដើម្បីអបអរសាទរខួប៦៥ឆ្នាំនៃទំនាក់ទំនងរវាងកម្ពុជានិងជប៉ុន។ ក្រោ​ម​ការប្រកួតប្រជែងស្នាដៃជាច្រើននោះ ស្ថានទូតជប៉ុនក៏បានសម្រេចផ្តល់ជយលាភីដល់យុវជន ចាន់ ទេពខេមរិន្ទ ដែលជាសិស្សរៀននៅថ្នាក់ទី១០ នៃសាលាអន្តរជាតិភ្យូឆឺរប្រាយក្នុងខេត្តសៀមរាប។ រូបនិមិត្តសញ្ញាសម្រាប់អបអរសាទរខួប៦៥ឆ្នាំនៃទំនាក់ទំនងកម្ពុជា-ជប៉ុននេះ ត្រូវបានចម្រាញ់ចេញពីស្នាដៃចំនួន៣១ ដែលមានទម្រង់ជារូបផ្លិតរំលេចដោយទង់ជាតិកម្ពុជា និងជប៉ុនបង្ហាញអំពីមិត្តភាពបើកយ៉ាងទូលំទូលាយរវាងកម្ពុជា និងជប៉ុន។

លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុន បានបញ្ជាក់ថា «ឡូហ្គោ នេះមានគូរទង់ជាតិកម្ពុជា និងជប៉ុននៅលើផ្លិតដ៏ស្រស់ស្អាត។ ខ្ញុំសង្ឃឹមថាមិត្តភាពជប៉ុន-កម្ពុជា នឹងរីកសាយធំឡើងដូចផ្លិតបើកនេះពេញមួយឆ្នាំ»។ កម្មវិធីអបអរសាទរ «ខួបអនុស្សាវរីយ៍៦៥ឆ្នាំ នៃទំនាក់ទំនងជាមិត្តភាព រវាងជប៉ុន និងកម្ពុជា» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ រហូ​តដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។ អំឡុងពេលដ៏សំខាន់នេះ ស្ថានទូតជប៉ុន រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងស្ថាប័នឯកជននឹងរៀបចំព្រឹតិ្តការណ៍អនុស្សាវរីយ៍ជាច្រើន និងសង្ឃឹមថា នឹងមានការចូលរួមពីសំណាក់ប្រជាជនយ៉ាងច្រើនកុះករដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ក្នុងរយៈពេ​លមួយឆ្នាំពេញនេះ៕



ចាប់ពីថ្ងៃទី២៦-២៨ ខែធ្នូ តំបន់មាត់សមុទ្រ នឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន មានខ្យល់បក់បោកខ្លាំង រលកសមុទ្រមានកម្ពស់ខ្ពស់ៗ

នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧នេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំ​ណឹងស្តីពីឥទ្ធិពលរបស់ព្យុះទី២៧ ឈ្មោះ តឹមប៊ិន មកលើប្រទេសកម្ពុជា ដោយបានបញ្ជាក់ថា បច្ចុប្បន្ននេះព្យុះមួយនេះកំពុងស្ថិតនៅភាគខាងកើតប្រទេសហ្វីលីពីន ដែលនឹងបន្តដំណើរឆ្លងកាត់ចូលមកក្នុងសមុទ្រចិនខាងត្បូងរួចបន្តដំណើរមកកាន់តំបន់ដីសណ្តរទន្លេមេគង្គ ប្រទេសវៀតណាម។
សេចក្តីជូនដំណឹងដដែល ក៏បានបញ្ជាក់ថា ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ នឹងមានពពកច្រើនដេរដាស មានភ្លៀងធ្លាក់រាយប៉ាយក្នុងក្របខណ្ឌស្ទើរទូទាំងប្រទេស ពីមធ្យមទៅច្រើន ពិសេសបណ្តាខេត្តដែលស្ថិតនៅជាប់តាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម។ តំបន់មាត់សមុទ្រ និងនៅលើផ្ទៃសមុទ្រ ផ្ទៃមេឃមានពពកច្រើនដេរដាស មានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន មានខ្យល់បក់បោកខ្លាំង រលកសមុទ្រមានកម្ពស់ខ្ពស់ៗ៕
សូមអានសេចក្តីជូនដំណឹងខាងក្រោម៖

កម្ពុជា-វៀតណាម ប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងបដិវត្តន៍ពណ៌

នៅវិមានសន្តិភាព រាជធានីភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែបុស្ស ឆ្នាំ រកា ព.ស២​៥៦១ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧នេះ ក្នុងឱកាសអនុញ្ញាតឱ្យលោក ង្វៀន ជីវិញ (Nguyen Chivinh) អនុរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាមចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជំរុញឱ្យក្រសួងការពារជាតិវៀតណាមសហការឱ្យបានកាន់តែខ្លាំងក្លាជាមួយកម្ពុជាក្នុងការចែករំលែកព័ត៌មាន និងបទពិសោធន៍នានាក្នុងការប្រយុទ្ធប្រឆាំងចលនាបដិវត្តន៍ពណ៌។

នៅក្នុងជំនួបនោះដែរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានស្នើវៀតណាម និងកម្ពុជា ជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងក្លាថែមទៀត ហើយលោកក៏បានផ្តល់អនុសាសន៍ឱ្យក្រសួងការពារជាតិកម្ពុជា និងវៀតណាម សហការគ្នាឱ្យបានស្អិតរមួតក្នុងការចែកបទពិសោធន៍ និងព័ត៌មានពីគ្នាទៅវិញទៅមកពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងបដិវត្តន៍ពណ៌។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានស្នើឱ្យពង្រឹងកិច្ចសហប្រតិបត្តិការលើការជួយសង្គ្រោះប្រ​ជាជនតាមព្រំដែនពេលមានគ្រោះអន្តរាយដោយបានណែនាំឱ្យត្រៀមសង្គ្រោះប្រជាពលរដ្ឋនៅតាមព្រំដែនក្នុងករណីមានភ្លើងឆេះព្រៃ។ លោកក៏បានណែនាំឱ្យផ្តើមមានកិច្ចប្រតិបត្តិការគ្នាក្នុងការផ្ដល់ព័ត៌មាន និងចែករំលែកបទពិសោធន៍គ្នាទៅវិញមក ក្នុងការបម្រើការងារក្រោមឆ័ត្រអង្គការសហប្រជាជាតិចំពោះកងទ័ពដែលបញ្ជូនទៅប្រតិបត្តិការក្រោមឆ័ត្រអង្គការសហប្រជាជាតិ។

លោក ង្វៀន ជីវិញ (Nguyen Chivinh) អនុរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម ក៏បានរាយការណ៍ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា នៅល្ងាចនេះ លោកនឹងជួបជាមួយលោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ ដែលនឹងមានការពិភាក្សាលើការបណ្តុះបណ្តាល ធនធានមនុស្ស, កិច្ចសហប្រតិបត្តិការវិស័យយោធា, ការចែករំលែកបទពិ​សោធន៍ នៃការប្រយុទ្ធប្រឆាំងនឹងបដិវត្តន៍ពណ៌, កិច្ចសហប្រតិបត្តិការល្បាតលើដែនសមុទ្រ, កិច្ចសហប្រតិបត្តិការលើការការពារនៅតាមព្រំដែន, ជំរុញការងារលើអ្វីដែលថ្នាក់ដឹកនាំកំពូល បានចុះហត្ថលេខារួចហើយ៕








(មានវីដេអូ) ក្រុមកម្មករ ខឹងសម្បារមេដឹកនាំបក្សប្រឆាំងក្រៅច្បាប់ដែលកំពុងញុះញង់ឱ្យអន្តរជាតិឈប់ទិញទំនិញកម្ពុជា



កម្មករ កម្មការិនី កំពុងពឹងអាស្រ័យ និងផ្ញើជីវិតលើវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែក​ជើងនៅកម្ពុជា បានសម្តែងការខឹងសម្បាយ៉ាងខ្លាំងចំពោះការអំពាវនាវឱ្យអន្តរជាតិ ជាពិសេសសហគមន៍អឺរ៉ុបបញ្ឈប់ការបញ្ជាទិញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលដទៃទៀត ដែលផលិតនៅក្នុងប្រទេសកម្ពុជា។ ការប្រតិកម្មរបស់កម្មករបានកើតមានឡើង បន្ទាប់ពីថ្នាក់ដឹកនាំបក្សប្រឆាំងក្រៅច្បាប់ បាននិងកំពុងធ្វើយុទ្ធនាការយ៉ាងសស្រាក់សស្រាំនៅក្រៅប្រទេសឱ្យសហគមន៍អន្តរជាតិដាក់វិធានការផ្សេងៗលើរាជរដ្ឋាភិបាលជាថ្នូរឱ្យពួកគេបានចូលរួមធ្វើសកម្មភាពនយោបាយឡើងវិញ។ ក្រៅ​​ពីក្រុមមេដឹកនាំអតីតគណបក្សប្រឆាំង លោក ជា មុនី អតីតប្រធានសហជីពសេរីកម្មករកម្ពុជា ក្នុងបទសម្ភាសន៍នាពេលកន្លងទៅជាមួយវិទ្យុអាស៊ីសេរី ក៏បានអំពាវនាវឱ្យសហគមន៍អន្តរជា​តិ​ដាក់ទណ្ឌកម្ម និងបញ្ឈប់ការបញ្ជាទិញផលិតរបស់កម្ពុជាឱ្យបានឆាប់ផងដែរ។

អ្នកស្រី នួន ធីតា ធ្វើការនៅរោងចក្រហុងវ័ន្តបានថ្លែងថា ប្រសិនអន្តរជាតិឈប់ទិញសម្លៀកបំពាក់ និងផលិតផលដទៃទៀតរបស់កម្ពុជាមែននោះ វានឹងធ្វើឱ្យប៉ះពាល់ខ្លាំងដល់ជីវភាពរប​ស់ពួកគាត់នាពេលបច្ចុប្បន្ន។ អ្នកស្រីបានចាត់ទុកការអំពាវនាវទាំងអស់នេះ គឺជាការប្រឆាំងជាមួយជីវភាព និងបំផ្លាញឆ្នាំងបាយរបស់កម្មករ ដែលកំពុងពឹងអាស្រ័យលើការងារក្នុងវិស័យកាត់ដេរជាចាំបាច់នាពេលបច្ចុប្បន្ន។

កម្មការិនីម្នាក់ទៀត ក៏បានបញ្ជាក់ផងដែរថា ការងារកាត់ដែរសម្លៀក និងស្បែកជើងនាពេលបច្ចុប្បន្ននេះ ពិតជាសារៈសំខាន់ខ្លាំងណាស់សម្រាប់ទ្រទ្រង់ដល់ជីវភាពរបស់នាង និងក្រុមគ្រួសារ ក៏ដូចជាកម្មករ កម្មការិនីដទៃទៀត។ អ្នកនាង ស៊ុម សុភា បានលើកឡើងថា បើអន្តរជាតិឈប់ទិញសម្លៀកបំពាក់ និងទំនិញដទៃទៀតពីប្រទេសកម្ពុជាតាមការអំពាវនាវរបស់ក្រុមអ្នកនយោបាយ ដែលបាត់បង់សិទ្ធិនយោបាយមែននោះ ការរស់នៅប្រចាំថ្ងៃរបស់ពួកគេនឹងជួបបញ្ហាជាខ្លាំង។ ទន្ទឹមនឹងការខឹងសម្បាបងប្អូនកម្មករ កម្មការិនី ក៏បានទទូចផងដែរ ទៅដល់ក្រុមមេដឹកនាំអតីតគណបក្សប្រឆាំងឱ្យបញ្ឈប់ធ្វើយុទ្ធនាការសូមអន្តរជាតិដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ចមកលើប្រទេសកម្ពុជា ប្រសិនបើពួកគេស្រឡាញ់ប្រជាពលរដ្ឋ និងកម្មករ កម្មការិនីមែននោះ។

គួរបញ្ជាក់ថា សភាសហគមន៍អឺរ៉ុបកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧កន្លងទៅនេះ បានអនុម័តជាឯកច្ឆន្ទក្នុងកិច្ចប្រជុំពេញអង្គសភាអឺរ៉ុប ដោយស្នើរដ្ឋាភិបាលសហគមន៍អឺរ៉ុបទាំងអស់ ដកប្រព័ន្ធអនុគ្រោះពន្ធផ្នែកពាណិជ្ជកម្មជាមួយកម្ពុជា រួមទាំងការនាំចេញផលិតផលពីវិស័យរោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង និងទំនិញដទៃទៀតជាបណ្ដោះអាសន្នសិន។ ការសម្រេចនេះបានធ្វើឡើងតបតាមការអំពាវនាវរបស់មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ។

របាយការណ៍ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា កាលពីឆ្នាំ២០១៦កន្លងទៅទំហំនាំចេញផលិ​តផលទៅកាន់សហគមន៍អឺរ៉ុប មានជាង ៦ពាន់លានដុល្លារសហរដ្ឋអាមេរិក ខណៈការនាំចេញទៅអាមេរិកមានជិត ៣ពាន់លានដុល្លារអាមេរិក។ ក្នុងនោះការនាំចេញទៅអឺរ៉ុបគឺទទួលបានការអនុគ្រោះពន្ធរហូតដល់ ៦៧៦លានដុល្លារអាមេរិក។

បើទោះបីជាយ៉ាងណា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា អ្វីដែលសភាសហគមន៍អឺរ៉ុបបានសម្រេចនេះមិនប្រាកដថានឹងត្រូវរដ្ឋាភិបាលអឺរ៉ុបអនុវត្តន៍នោះឡើយ ព្រោះ​ត្រូវការសេចក្តីសម្រេច និងព្រមព្រៀងពីប្រទេសជាសមាជិក។ នៅក្នុងជំនួបសំណេះ​សំណាលជាមួយកម្មករ កម្មការិនី នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានប្រកាសថា ដាក់ចេញវិធានការចំនួនសម្រាប់ទប់ទល់ជាមួយទណ្ឌកម្មណាមួយពីបរទេសដើម្បីរក្សាបានកំណើនសេដ្ឋកិច្ចនិងការផ្តល់ការងារជូនប្រជាពលរដ្ឋ។ ដើ​​​ម្បី​ទប់ស្កាត់ការអនុវត្តន៍វិធានការទណ្ឌកម្មណាមួយពីអន្តរជាតិនោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងជំរុញឱ្យអភិវឌ្ឍន៍ទាំងវិស័យកសិកម្ម ឧស្សាហកម្ម និងកម្មន្តសាលជាដើម។ លោក ហ៊ុន សែន ក៏បានបង្ហាញគម្រោងបង្កើតធនាគារសម្រាប់សហគ្រាសធន់តូច និងមធ្យមជាមួយទុនប្រមាណ ១០០លានដុល្លារផងដែរ ដើម្បីជំរុញការផលិតនៅកម្ពុជា ក៏ដូចជាបង្កើតការងារជូនប្រជាពលរដ្ឋ៕

ប្រភព៖ Fresh News

(សូមទស្សនាវីដេអូ)៖ លោក ថោង ខុន ថ្លែងថា បវរកញ្ញាពិភពលោក ជាអ្នកផ្សព្វផ្សាយ​​ពីវិស័យ​ទេសចរណ៍​កម្ពុជា បន្តទៅកាន់​ពិភពលោក

លោក ថោង ខុន ថ្លែងថា បវរកញ្ញាពិភពលោកជាអ្នកផ្សព្វផ្សាយពីវិស័យទេសចរណ៍កម្ពុជា បន្តទៅកាន់ពិភពលោក

ក្នុងកម្មវិធីប្រកួតប្រជែងបវរកញ្ញាឯកសាកលវិទ្យាល័យពិភពលោក ឆ្នាំ២០១៧ ក្រោមពាក្យស្លោក «ដើម្បីការស្រលាញ់សន្ដិភាព និងមនុស្សធម៌» លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា បវរកញ្ញាពិភពលោក គឺជាអ្នកផ្សព្វផ្សាយពីវិស័យទេសចរណ៍កម្ពុជាបន្តទៅកាន់ពិភពលោកឱ្យបានស្គាល់ច្បាស់ និងទាក់ទាញកំណើនទេសចរបន្ថែមមកទស្សនាកម្ពុជា។ កម្មវិធីប្រកួតប្រជែងបវរកញ្ញាឯកសាកលវិទ្យាល័យពិភព​លោក ឆ្នាំ២០១៧នេះ ត្រូវបានធ្វើឡើងនៅសាលមហោស្រពកោះពេជ្រ នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ ដែលមានបវរកញ្ញាមកពី ៨២ប្រទេស រួមមាន៨៦នាក់ ក្នុងនោះកម្ពុជាមានចំនួន៣នាក់។

លោករដ្ឋមន្ត្រី បានឱ្យដឹងថា កម្ពុជាបច្ចុប្បន្នមានសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ពេញលេញ និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ រួមទាំងវិស័យទេសចរណ៍។ ទេសចរណ៍វប្បធម៌ ពិតជាអាទិភាពចម្បង ផ្អែកលើសម្បត្តិបេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្រនៅតំបន់សៀមរាប-អង្គរ ប្រាសាទព្រះវិហារ និងប្រាសាទសំបូរព្រៃគុក ខណៈដែលទេ​សចរណ៍ធម្មជាតិរបស់កម្ពុជា ក៏មានសក្តានុពលដ៏ធំធេងអាចប្រកួតប្រជែងក្នុងតំបន់បានយ៉ាងល្អប្រសើរផងដែរ។

លោក ថោង ខុន បានបន្តថា ឆ្នាំ២០១៦ វិស័យទេសចរណ៍កម្ពុជាសម្រេចបានកំណើនក្នុងអត្រា ៥% ជាមួយនឹងការមកដល់នៃទេសចរអន្តរជាតិចំនួនជាង ៥លាននាក់ និងនាំប្រាក់ចំណូលប្រមាណ ៣៤០០លានដុល្លារអាមេរិក ចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ រួមចំណែកប្រមាណ១២% នៃផលិតផលក្នុងស្រុកសរុប (GDP) និងបង្កើតការងារដោយផ្ទាល់ប្រមាណជាង ៦២ម៉ឺននាក់ និងដោយប្រយោលរាប់សិបម៉ឺននាក់ទៀត។ ហើយក្នុងរយៈពេល១០ខែ ដើមឆ្នាំ២០១៧ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិមានចំនួនជាង ៤.៣លាននាក់ កើនឡើង១០.៤% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៦។

តាមការព្យាករណ៍ កម្ពុជានឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៥.៦លាននាក់ នៅឆ្នាំ២០​១៧នេះ និងប្រមាណ ៧លាននាក់ នៅឆ្នាំ២០២០ ដោយនាំមកនូវចំណូលសរុបប្រមាណ ៥​០០០លានដុល្លារអាមេរិក បង្កើតនូវឱកាសការងារដោយផ្ទាល់បានប្រមាណ ១លាននាក់ ហើយចំនួនទេសចរអន្តរជាតិនេះ អាចកើនដល់ប្រមាណ ១០លាននាក់ នៅឆ្នាំ២០២៥ និងប្រមាណ ១៥លាននាក់ នៅឆ្នាំ២០៣០ ជាមួយចំណូលសរុបប្រមាណ ១០ ពាន់លានដុល្លារអាមេរិក បង្កើតឱកាសការងារដោយផ្ទាល់ប្រមាណ២លាននាក់។ ព្រមជាមួយនេះ នៅឆ្នាំ២០១៧ ចំនួនភ្ញៀវទេសចរក្នុងស្រុករំពឹងថានឹងមានចំនួន ១១លាននាក់ និងកើនដល់ប្រមាណ១៣លាននាក់ នៅឆ្នាំ២០២០ និង ២០លាននាក់ នៅឆ្នាំ២០៣០។

ដើម្បីបង្កើនការចូលរួមរបស់យុវជន ពង្រឹងនូវសិទ្ធិអំណាចរបស់យុវជន ក្នុងការអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាកិច្ចការសង្គម លោករដ្ឋមន្ត្រី ថោង ខុន បានផ្តល់នូវអនុសាសាន៍មួយចំនួន ដូចខាងក្រោម៖

ទី១- ត្រូវបង្កើននូវឱកាសដល់យុវជនក្នុងការចូលរួមការអភិវឌ្ឍសេដ្ឋកិច្ច៖ គ្រប់ភាគីពាក់ព័ន្ធ ទាំងផ្នែកសាធារណៈ ផ្នែកឯកជន អង្គការជាតិ-អន្តរជាតិ ត្រូវបង្កើនកិច្ចសហការ និងខិតខំធ្វើយ៉ាងណាឲ្យប្រសើរឡើងនូវបរិយាកាសទីផ្សារការងារ និងសហគ្រិនភាពសម្រាប់យុវជន ពង្រឹងភាពជាដៃគូជាមួយយុវជនគ្រប់ស្រទាប់វណ្ណៈក្នុងការអប់រំ បណ្តុះបណ្តាល ដើម្បីងាយស្រួលឈានទៅរកទីផ្សារការងារឱ្យកាន់តែទូលំទូលាយ និងពង្រឹងការចូលរួមរបស់យុវជន ដោយផ្តល់បទពិសោធន៍ដល់យុវជន។

ទី២- ត្រូវជំរុញការចូលរួមរបស់យុវជនក្នុងសកម្មភាពស្ម័គ្រចិត្ត៖ លើកទឹកចិត្តដល់យុវជនក្នុងការចូលរួមការងារស្ម័គ្រចិត្ត ជាលក្ខណៈអន្ដរជាតិ នៅតាមបណ្ដាប្រទេសនានាក្នុងតំបន់ ដោយអាចចូលរួមបម្រើការងារក្នុងស្ថាប័នផ្សេងៗ ដើម្បីទទួលបានបទពិសោធន៍ ក៏ដូចជារួមចំណែកក្នុងការអភិវឌ្ឍជាតិ តំបន់ និងសកលលោកទាំងមូល។

ទី៣- ត្រូវជំរុញការពង្រឹងសមត្ថភាព និងការអភិវឌ្ឍជំនាញដល់យុវជន៖ យុវជនខ្លួនឯងត្រូវបន្ដពង្រឹងសមត្ថភាព ជំនាញបច្ចេកទេស និងចំណេះធ្វើរបស់ខ្លួនឱ្យបានល្អ។ ជាមួយគ្នានេះ ត្រូវមានការរៀបចំកម្មវិធីតំរង់ទិសនានាឱ្យបានច្រើន ទាំងនៅកម្រិតតំបន់ និងថ្នាក់ជាតិ ដូចជា កម្មវិធីតម្រង់ទិសវិជ្ជាជីវៈសម្រាប់យុវជន កម្មវិធីតម្រង់ទិសការងារសម្រាប់យុវជន កម្មវិធីពង្រឹងតួនាទី និងការចូលរួមរបស់យុវជនក្នុងសេវាសាធារណៈ កម្មវិធីជំរុញការចូលរួមរបស់យុវជនក្នុងសកម្មភាពស្ម័គ្រចិត្ត និងកម្មវិធីតម្រង់ទិសសហគ្រិនភាពសម្រាប់យុវជនវ័យក្មេង៕

(ប្រភព៖ Fresh News)