Wednesday, March 06, 2019

លោក គង់ គាំ ចំអកឱ្យស្ថានភាពរបស់លោក សម រង្ស៊ី ពេលនេះថា «កូនទាហែលចោលមេមាន់»

លោក គង់ គាំ ប្រធានកិត្តិយស នៃគណបក្សឆន្ទៈខ្មែរ និងជាអតីតមនុស្សជំនិតរបស់ លោក សម រង្ស៉ី បានចេញសារចំអកឱ្យ លោក សម រង្ស៉ី អតីតប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ ពេលនេះថា «កូនទាហែលចោលមេមាន់»។ លោក គង់ គាំ បានដំណាលនៅលើ Facebook របស់លោក នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ យ៉ាងដូច្នេះថា «មេដឹកនាំនយោបាយខ្មែរ ដែលកំពុងលិចលង់ និងកំពុងស្រវាផុតៗ តោងខាងលិចមិនបាន តោងខាងកើតមិនដល់ ជាមេដឹកនាំជួយខ្លួនឯងមិនបាន តើជួយអ្នកដទៃ ជួយជាតិបានរបៀបណា។ មេមាន់ដែលកំពុងឆ្លេឆ្លា ប្រឹងស្រែកប្រាប់កូនទាថាប្រយ័ត្នលង់ទឹក។ ទាំងអស់គ្នាងើបឡើងៗ មេទាវាមិនពូកែជួយកូនទាចេញពីទឹកដូចយើងជាមេមាន់ទេ»។
លោកគង់ គាំ បានចំអកទៀតថា «ឱទទាបងអើយ អ្នកហែលទឹកមិនកើត ហើយ ធ្វើម្តេចឡើយបើត្រើយនៅឆ្ងាយសែនឆ្ងាយ។ កូនទាហែលចោល មេមាន់ ហើយសំឡេងមេមាន់ពីត្រើយឆ្ងាយ (ទាំងខ្សោយ ទាំងខ្សាវ ដូចជិតក្ស័យអញ្ចឹង) អីក៏ប្រឹងម៉្លេះ»។
ការចំអករបស់ លោក គង់ គាំ បានកើតឡើងបន្ទាប់ពី លោក ស៊ីម សុវណ្ណនី ហៅ ស៊ីម វ៉ាន់នី ដែលជាអតីតសមាជិកគណៈកម្មាធិការនាយក របស់អតីតគណបក្សសង្រ្គោះជាតិ ត្រូវបានព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យផ្តល់នីតិសម្បទាឱ្យធ្វើនយោបាយឡើងវិញ បន្ទាប់ពីលោកដាក់លិខិតស្នើសុំទៅកាន់ក្រសួងមហាផ្ទៃ។
លោក ស៊ីម សុវណ្ណនី គឺជាអ្នកនយោបាយទី៣ នៅក្នុងចំណោមអតីត ថ្នាក់ដឹកនាំ នៃអតីតគ ណបក្សសង្រ្គោះជាតិ ដែលទទួលបាននីតិសម្បទាន យោបាយ បន្ទាប់ពី លោក គង់ គាំ អតីតទីប្រឹក្សាជាន់ខ្ពស់គណបក្ស សង្រ្គោះជាតិ និងលោក គង់ បូរ៉ា អតីតតំ ណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ដែលត្រូវបានព្រះមហាក្សត្រ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩។ លោក ស៊ីម សុវ ណ្ណនី ស្ថិតនៅក្នុងលេខរៀងទី៤៤ នៃបញ្ជីហាមឃាត់ធ្វើ នយោបាយរបស់តុលាការកំពូល៕

ប្រភព៖ Fresh News

រសៀលនេះលោកនាយករដ្ឋមន្រ្ដី និងលោកស្រី ប៉ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញប្រារព្ធទិវា «វប្បធម៌ជាតិ ៣មីនា» លើកទី២១

នៅរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នឹងអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរទិវា «វប្បធម៌ជាតិ ៣មីនា» លើកទី២១ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ។ ក្នុងពិធីនេះលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងលោកស្រី នឹងស្រស់ស្រូបអាហាររួមគ្នាជាមួយថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមនឹងសិល្បករ សិល្បការិនីផងដែរ។
កម្ពុជា ត្រូវបានចាត់ទុកជាប្រទេសមានអរិយធម៌ វប្បធម៌ដ៏រុងរឿងមួយតាំងពីបុព្វកាល។ តែអរិយធម៌ និងវប្បធម៌នេះត្រូវបានជាន់ពន្លិចបាត់បង់គ្មានសល់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ របស់បនប្រល័យពូជសាសន៍ ប៉ុល ពត។ អរិយធម៌ និងវប្បធម៌របស់កម្ពុជាត្រូវបានកសាង និងរស់រៀនជាថ្មីទាំងត្រដាប់ត្រដួសក្រោយថ្ងៃ៧ មករា ឆ្នាំ១៩៧៩ នៅពេលរបបប្រល័យពូជសាសន៍ ប៉ុល ពត ត្រូវបានវាយផ្តួលរំលំ។
រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកស្ទួយវប្បធម៌របស់ខ្មែរឡើងវិញ រហូតសម្រេចបង្កើតឲ្យមានទិវា «វប្បធម៌ជាតិ ៣មីនា» នៅឆ្នាំ១៩៩៨។ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងលោកស្រី តែងតែបានអញ្ជើញចូលរួមប្រារព្ធពិធីអបអរសាទរទិវា «វប្បធម៌ជាតិ ៣មីនា» ដើម្បីជំរុញ និងបំផុសស្មារតីដល់ប្រជាពលរដ្ឋខ្មែរ ជាពិសេសក្រុមយុវវ័យឲ្យស្រឡាញ់វប្បធម៌របស់ជាតិ។
ការប្រារព្ធទិវា «វប្បធម៌ជាតិ ៣មីនា» លើកទី២១ នៅឆ្នាំ២០១៩នេះ នឹងត្រូវធ្វើឡើងក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ដូចឆ្នាំ២០១៨ផងដែរ។ នៅក្នុងសារាចរណែនាំស្តីពីការរៀបចំទិវា «វប្បធម៌ជាតិ ៣មីនា» លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានគូសបញ្ជាក់ថា ទិវាវប្បធម៌ជាតិ៣មីនា ជាទិវាដ៏សំខាន់មួយសម្រាប់ប្រទេសជាតិ និងជាឱកាសដើម្បីរំលឹកដល់គុណូបការៈ និងស្នាដៃដ៏វិសេសវិសាលរបស់បុព្វបុរសនៃយើង ដែលបានបន្សល់ទុកនូវមរតកវប្បធម៌ដ៏សម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបានដល់កូនចៅជំនាន់ក្រោយ។
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលតែងតែបានយកចិត្តទុកដាក់រៀបចំប្រារព្ធទិវាវប្បធម៌ជាតិឡើងសំដៅជំរុញការផ្សព្វផ្សាយ បំផុសស្មារតីស្រឡាញ់វប្បធម៌ជាតិ និងមនសិការស្នេហាជាតិ ដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវជនដែលជាទំពាំងស្នងឫស្សី ដែលមានកាតព្វកិច្ចចូលរួមថែរក្សាការពារឱ្យស្ថិតស្ថេរគង់វង្សនូវសម្បត្តិវប្បធម៌ជាតិ និងវប្បធម៌ចម្រុះនៃសហគមន៍ជនជាតិនៅព្រះរាជាណាចក្រកម្ពុជា ក្នុងការរក្សាបាននូវឯកភាពជាតិ សាមគ្គីភាព សន្តិភាព និងការអភិវឌ្ឍ។

ក្នុងសារាចរនោះ លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់ផងដែរថា ការប្រារព្ធទិវាវប្បធម៌នេះ មានគោលបំណងជំរុញឱ្យប្រជាពលរដ្ឋទាំងអស់ ពិសេសយុវជនចូលរួមអនុវត្តឱ្យកាន់តែសកម្មថែមទៀតនូវចំណុចជាសារវន្តដូចខាងក្រោម៖
– លើកកម្ពស់មនសិការ និងស្មារតីចូលរួមក្នុងការផ្ទេរ និងទទួលយកនូវចំណេះដឹង ជំនាញបច្ចេកទេសសិល្បៈវប្បធម៌ សំដៅជំរុញការអភិរក្សនិងអភិវឌ្ឍវប្បធម៌ជាតិ ក៏ដូចជាវប្បធម៌ចម្រុះនៃសហគមន៍ជនជាតិនៅកម្ពុជាឱ្យបានស្ថិតស្ថេរគង់វង្ស ដែលជាចលករនៃសាមគ្គីភាព ឯកភាពជាតិ សុខដុមរមនា និងភាពសុខសាន្តរបស់សង្គមជាតិ
– បង្កើនការយល់ដឹងឱ្យកាន់តែច្បាស់អំពីតម្លៃពិតនៃវប្បធម៌ជាតិ ដែលជាប្រភពធនធានមិនចេះរីងស្ងួតប្រកបដោយថាមពលខ្ពស់ ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច សង្គម តាមរយៈការបង្កើនសេវា និងផលិតផលវប្បធម៌ សម្រាប់គោលដៅពាណិជ្ជកម្ម និងទេសចរណ៍
– លើកទឹកចិត្តឱ្យមានការចូលរួមក្នុងការសិក្សាស្រាវជ្រាវ ឈ្វេងយល់ ដើម្បីចងក្រងរក្សាទុកឱ្យបានគង់វង្សល្អនូវរាល់ឯកសារបេតិកភណ្ឌវប្បធម៌គ្រប់ប្រភេទ ដែលមានក្នុងមូលដ្ឋានរបស់ខ្លួនព្រមទាំងធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ។
– លើកស្ទួយការប្រើប្រាស់សក្តានុពលវប្បធម៌ ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនក្នុងន័យបង្កើនការងារ និងកាលានុវត្តភាពដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវជនឱ្យខិតខំបង្កបង្កើនស្នាដៃវប្បធម៌ថ្មីៗប្រកបដោយគុណភាព
– ជំរុញឱ្យមានការចូលរួមដោយការទទួលខុសត្រូវរបស់យុវជន ក្នុងកិច្ចអភិរក្សនិងអភិវឌ្ឍវប្បធម៌ជាតិ ប្រកបដោយនិរន្តរភាព និងសន្តិភាព ដោយមិនប្រកាន់នូវនិន្នាការនយោបាយ ជំនឿសាសនានិងពណ៌សម្បុរ ៕

លទ្ធផលប្រមូលចំណូលជាតិឆ្នាំ២០១៨ អនុវត្តក្នុងកម្រិតល្អខណៈ ការអនុវត្តចំណាយកាន់តែមានភាពប្រសើរជាងមុន

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានពិនិត្យឃើញថា លទ្ធផល ប្រមូលចំណូលជាតិឆ្នាំ២០១៨ អនុវត្តក្នុងកម្រិតល្អ ខណៈការអនុវត្ត ចំណាយកាន់តែមានភាពប្រសើរជាងមុន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច។ សេចក្តីប្រកាសព័ត៌មាននៃកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃ ការអនុវត្តថវិកាកម្មវិធីប្រចាំឆ្នាំ ២០១៨ ក្រោមអធិបតីភាពអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា «សម្រាប់ឆ្នាំ ២០១៨ លទ្ធផលប្រមូលចំណូលជាក់ស្តែងបានអនុវត្តក្នុងកម្រិតល្អ។ ចំណែក ការអនុវត្តចំណាយ ក៏កាន់តែមានភាពប្រសើរជាងមុន។
ជាមួយគ្នានេះ ការអនុវត្តសកម្មភាព សម្រេចបានសមិទ្ធកម្ម សំខាន់ៗជាច្រើននៅគ្រប់កម្មវិធី ខិតជិតគោលដៅកំណត់ក្នុងផែនការ ។ ប៉ុន្តែ ទោះយ៉ាងណា ការទូទាត់ចំណាយតាមខែនៅពុំទាន់មានសង្គតិភាព នៅឡើយ ដោយអាណត្តិភាគច្រើនបង្គរនៅចុងឆ្នាំ ស្របពេលដែលគុណភាពនៃការគ្រោងថវិកា នៅមានកម្រិត ដែលស្តែងចេញតាមរយៈការស្នើសុំធ្វើចលនាឥណទានច្រើនដង»។
ការត្រួតពិនិត្យការអនុវត្ត ថវិកាកម្មវិធីប្រចាំឆ្នាំ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងសំខាន់ៗ៣គឺ៖
១- តាមដាន និងរាយការណ៍ អំពីវឌ្ឍនភាពដែលអង្គភាពក្រោមឱវាទក្រសួង បានសម្រេចប្រចាំឆ្នាំ ដោយផ្ដោតសំខាន់លើទិដ្ឋភាពហិរញ្ញវត្ថុ និងទិដ្ឋភាពសមិទ្ធកម្ម។
២- កំណត់បញ្ហាប្រឈម និងស្នើដាក់ចេញនូវវិធានការដោះស្រាយ ដើម្បីជំរុញការអនុវត្តការងារសម្រាប់ឆ្នាំបន្តបន្ទាប់ឱ្យកាន់តែរលូន និងសម្រេចបានតាមគោលដៅ។
៣- បំពេញតាមលក្ខខណ្ឌតម្រូវ នៃបទប្បញ្ញត្តិគតិយុត្តជាធរមាន ពាក់ព័ន្ធថវិកាកម្មវិធី។
ជាលទ្ធផល ការត្រួតពិនិត្យ និង វាយតម្លៃការអនុវត្តថវិកាប្រចាំឆ្នាំ ២០១៨៖
* ចំពោះទិដ្ឋភាពហិរញ្ញវត្ថុផ្នែកចំណូល សម្រាប់គម្រោងកញ្ចប់ថវិកាឆ្នាំ ២០១៨ គឺ ឥណទានចំណូលកើនឡើងចំនួន ១២.២% ធៀបច្បាប់ហិរញ្ញវត្ថុឆ្នាំ២០១៧។ ការប្រមូលចំណូលរបស់ក្រសួង ជារួម (មិនគិតចំណូលពន្ធដារថ្នាក់ក្រោមជាតិ) សម្រេចបាន១១០.៤% ធៀបច្បាប់ ក្នុងនោះថ្នាក់កណ្ដាលសម្រេចបាន ១១០,៤% ធៀបច្បាប់ រីឯថ្នាក់មូលដ្ឋានសម្រេចបាន ៩៩.៤% ធៀបច្បាប់។
* ទិដ្ឋភាពហិរញ្ញវត្ថុផ្នែកចំណាយវិញ គឺការអនុវត្តចំណាយមានចំនួន ១០៤.៣% (តួលេខអាណត្តិទូទាត់) នៃច្បាប់ដើមឆ្នាំ ឬ ស្មើនឹង ៩៥.៨% នៃឥណទានថ្មី ហើយសម្រាប់ការអនុវត្តចំណាយនៅតាមអង្គភាពថវិកា ឃើញថាការអនុវត្តប្រចាំឆ្នាំ ២០១៨ មានការវិវត្តល្អមួយកម្រិត បើធៀបនឹង ការអនុវត្តថវិកានាបណ្តាឆ្នាំកន្លងមក ទាំងសម្រាប់រដ្ឋបាល កណ្ដាល និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត ។
* ទិដ្ឋភាពសមិទ្ធកម្មប្រចាំឆ្នាំ ២០១៨ ធៀបទៅនឹងសូចនាករដែល បានកំណត់ក្នុងផែនការសកម្មភាពប្រចាំឆ្នាំ ជារួម សម្រេចបានប្រមាណ ៩៤% ក្នុងនោះ គោលបំណងគោលនយោបាយទី ១ (ពង្រឹងនិងបង្កើន ប្រសិទ្ធភាព នៃការគ្រប់គ្រងសេដ្ឋកិច្ចនិងអភិវឌ្ឍ វិស័យហិរញ្ញវត្ថុ) សម្រេចបាន ៩៤% និងគោលបំណងគោលនយោបាយទី ២ (ពង្រឹង និងបង្កើនស័ក្តិសិទ្ធភាព និងប្រសិទ្ធភាពនៃការគ្រប់ គ្រងហិរញ្ញវត្ថុ សាធារណៈ និងទ្រព្យសម្បត្តិរដ្ឋ) សម្រេចបាន ៩៥% ហើយសមិទ្ធកម្ម តាមអនុកម្មវិធី/អង្គភាពថវិកាភាគច្រើនសម្រេចលទ្ធផលល្អលើសពី ៨៩%។
ផ្អែកលើលទ្ធផលជាវិជ្ជមាន នៃការត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តថវិកា ប្រចាំឆ្នាំ ២០១៨ នេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបាន និងកំពុងអនុវត្ត ក្នុងការកសាង និងស្ថាបនាជាគំរូក្នុងការអនុវត្តថវិកាកម្មវិធី ដើម្បីជំរុញ ការអនុវត្តថវិកាកម្មវិធីឲ្យកាន់តែរលូន ប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងអនុលោមតាមបទដ្ឋានគតិយុត្តជាធរមាន៕

ប្រភព៖ Fresh News



ការហោះហើរត្រង់ជាលើកដំបូងរវាងកម្ពុជា និងហ្វីលីពីន នឹងចាប់ផ្តើមនៅខែមេសា !

ក្រុមហ៊ុនអាកាសចរណ៍ Philippine Airlines របស់ប្រទេសហ្វីលីពីន បានប្រកាសថា ខ្លួននឹងចាប់ផ្ដើមជើងហោះ ហើរត្រង់មកកាន់កម្ពុជាលើកដំបូង នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ខាងមុខនេះ។ លោក Jaime Bautista ប្រធានក្រុមហ៊ុនអាកាសចរណ៍ Philippine Airlines បានឱ្យដឹងថា ក្រុមហ៊ុននឹងចាប់ផ្ដើមហោះហើរពីទីក្រុងម៉ានីល របស់ប្រទេសហ្វីលីពីន មកកាន់រាជធានីភ្នំពេញ ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ ដោយមាន៥ជើងក្នុងសប្ដាហ៍រួមមាន៖ ថ្ងៃច័ន្ទ, អង្គារ, ព្រហស្បតិ៍, សុក្រ និងសៅរ៍។
ជើងហោះហើរនឹងចេញដំណើរពីទីក្រុងម៉ានីល នៅម៉ោង១០៖១០នាទីយប់ និងមកដល់ភ្នំពេញនៅម៉ោង១១:៤៥ នាទីយប់ ជើងហោះហើរលេខ PR 522 ប្រើប្រាស់យន្តហោះ Airbus A320 ផ្ទុកអ្នកដំណើរ១៥៦នាក់ ក្នុងនោះកៅអីប្រភេទ Business Class ១២កៅអី និង១៨៧កៅអី ជាប្រភេទ Economy។
លោក Jaime Bautista បានបន្តឱ្យដឹងថា ការចាប់ផ្ដើមឱ្យមានជើងហោះហើរត្រង់មកកម្ពុជានេះ ជាការរួមចំណែកក្នុងការលើកស្ទួយវិស័យសេដ្ឋកិច្ចរវាងប្រទេសទាំង២ ហើយក៏ដូចជាការនាំភ្ញៀវទេសចរពីបណ្ដាប្រទេសផ្សេងៗមកលេងនៅកម្ពុជា និងពីកម្ពុជាទៅហ្វីលីពីនផងដែរ។ លោកបន្ថែមថា «ខ្ញុំជឿជាក់ថា ការបង្កើតឲ្យមានជើងហោះហើរត្រង់រវាងហ្វីលីនពីន និងកម្ពុជានឹងទទួលបានជោគជ័យ ព្រោះក្រុមហ៊ុនបានសហការជាមួយក្រុមហ៊ុនផ្សេងៗជាច្រើនដើម្បីនាំភ្ញៀវពីបណ្ដាប្រទេសផ្សេងៗ មកលេងនៅទីក្រុងម៉ានីល និងប្រទេសកម្ពុជា»។
លោកឲ្យដឹងទៀតថា ការសម្រេចជ្រើសរើសយកប្រទេសកម្ពុជា គឺមកពីក្រុមហ៊ុនកត់សម្គាល់ និងទទួលស្គាល់ថា កម្ពុជាជាទីផ្សារទេសចរណ៍ដ៏ថ្លៃថ្លា ហើយរាជធានីភ្នំពេញជាមជ្ឈមណ្ឌលមួយ ដែលសេដ្ឋកិច្ចកំពុងរីកលូតលាស់ជាលំដាប់។ លោក បន្ថែមថា កិច្ចសហការវាងគ្នានឹងគ្នានេះ នឹងជួយពង្រឹងចំណងមិត្តភាពរឹងមាំ និងធ្វើឱ្យទំនាក់ទំនងរវាងហ្វីលីពីន-កម្ពុជាកាន់តែល្អប្រសើរ៕

ប្រភព៖ Fresh News



អាជ្ញាធរខេត្តប៉ៃលិន ជំរុញដល់យុវជន និងសិស្សានុសិស្ស ត្រូវពង្រឹង សមត្ថភាពកីឡាឱ្យបានល្អ ដើម្បីត្រៀមចូលរួមស៊ីហ្គេមពេលខាងមុខ

ប៉ៃលិន៖ មានប្រសាសន៍លើកឡើងក្នុងពិធីបើកការប្រកួតកីឡាសិស្សបឋម និងមធ្យមសិក្សាថ្នាក់ខេត្ត ប្រចាំឆ្នាំ២០១៨-២០១៩ នៅកីឡាដ្ឋានខេត្ត នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ លោក ធូ ភា អភិបាលរងខេត្តប៉ៃលិន បានជំរុញដល់យុវជន និងសិស្សានុសិស្សទាំងអស់ ត្រូវខិតខំពង្រឹង សមត្ថភាព ការលេងកីឡា អោយបានល្អ ប្រកបទៅដោយគុណភាព បច្ចេកទេសត្រឹមត្រូវ និងងត្រូវបង្កើតនូវចំនេះដឹង សុខភាព ស្មារតី អោយបានគ្រប់គ្រាន់ ដើម្បីត្រៀមចូលរួមស៊ីហ្គេមឆ្នាំ២០២៣ អោយទទួលជោគជ័យ ស្របតាមផែនរបស់ក្រសួងអប់រំយុវជន និង កីឡាក៍ដូចគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាមួយគ្នាត្រូវ ចេះសហការសាមគ្គីគ្នា ចេះអធ្យាស្រ័យ ក្នុងការបង្កើតនូវចំណងមិត្តភាព ដែលជាទិសដៅលើកកម្ពស់វិស័យអប់រំអោយបានកាន់តែល្អជាបន្តបន្ទាប់។
លោកអភិបាលរងខេត្ត បានមានប្រសាសន៍លើកឡើងថា ការអភិវឌ្ឍវិស័យ អប់រំកាយ ឃើញថាមានការប្រែប្រួលពីមួយឆ្នាំទីមួយឆ្នាំគួអោយកត់សម្គាល់ ក្នុងការលើកស្ទួយកសាងធនធានប្រកបដោយកាយសម្បទាមាំមួន សុខភាពល្អ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល អោយមានប្រសិទ្ធិភាពខ្ពស់ ដូច្នេះ មន្ទីអប់រំ យុវជន និងកីឡាខេត្ត ត្រូវធ្វើការសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ ធ្វើការផ្សព្វផ្សាយពីការលេងកីឡា ដល់ក្មេងៗ សិស្សានុសិស្សគ្រប់រូប និងត្រូវធ្វើការបណ្តុះបណ្តាលពីបច្ចេកទេស លំហាត់ប្រាណ ប្រាជ្ញាស្មាតី ការថែទាំសុខភាពអោយបានរឹងមាំ ឈានទៅចំនុចល្អដើម្បីជាថ្នាល់សំរាប់ ការប្រកួតនៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនៅឆ្នាំ២០២៣ខាងមុខ ។
នៅក្នុងឱកាសនោះផងដែរ លោក ធូ ភា ក៏បានផ្តាំផ្ញើដល់កីឡាករ កីឡាការិនីដែលបានចូលរួមប្រកួតនាពេលនេះទាំងអស់ ត្រូវប្រឹងប្រែង យកអស់កំលាំងកាយចិត្តខិតខំប្រកួតប្រជែង ដើម្បីដណ្តើមបានជើង ឯកប្រចាំខេត្ត តែទោះបីចាញ់ឬឈ្នះយ៉ាងណា ត្រូវរក្សាសាមគ្គី ជាមិត្តចេះ យោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក ដើម្បីកសាងវប្បធម៌នៃការរស់នៅ ប្រកដោយសុខដុមរមនាលើទឹកដីសន្តិភាពរបស់យើង និងជាពិសេសត្រូវ ជៀសឆ្ញាយពីគ្រឿងញៀន ចូលរួមលេងកីឡាទាំងអស់គ្នា។

បើតាមការបញ្ជាក់ពីលោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តប៉ៃលិន បានឱ្យដឹងថា ការប្រកួតកីឡាសិស្សបឋម និងមធ្យមសិក្សា ថ្នាក់ខេត្ត ប្រចាំឆ្នាំ២០១៨/២០១៩ នៅពេលនេះមានរយៈ ពេល ០៨ ថ្ងៃ ចាប់ពីថ្ងៃទី០៥ ហូតដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ដោយវិញ្ញាសារ សិស្សបឋម មានចំនួន ៤ វិញ្ញាសារ គឺ៖ទី១/បាល់ទាត់បុរស នារី មាន៦ក្រុម បាល់ទះបុរស នារី មាន៤ក្រុម បាល់បោះ បុរស នារី មានចំនួន៣ក្រុម និងអត្តពលកម្មមាន ១២ក្រុម ដែលមានកីឡាករ កីឡាការរិនីសរុបចំនួន ៣៤៨នាក់ ស្រី១៧៤នាក់ ចំពោះសិស្សមធ្យមមានចំនួន ៤ វិញ្ញាសារ គឺ៖ទី១/បាល់ទាត់បុរស នារី មាន ៩ក្រុម បាល់ទះបុរស នារី មាន ៦ក្រុម បាល់បោះ បុរស នារី មានចំនួន ៥ក្រុម និងអត្តពលកម្មមាន៥ក្រុម ដែលមានកីឡាករ កីឡាការរិនី មានសាលាបឋមចូលរួមចំនួន ១៧សាលា មានកីឡាករសរុប ៥៣៤នាក់ ស្រី២២២នាក់៕




ប្រជាពលរដ្ឋ១១,៥៦៣ គ្រួសារ ដែលរងគ្រោះត្រូវបានសាខាកាកបាទក្រហមកម្ពុជាថ្នាក់កណ្តាល និងថ្នាក់ខេត្តផ្តល់ជូនអំណោយមនុស្សធម៌ភ្លាមៗ

ត្បូងឃ្មុំ៖ ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រ ចាំឆ្នាំ២០១៨ និងលើកទិសដៅការងារបន្តឆ្នាំ២០១៩ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ នាថ្ងៃ ទី៥ ខែមីនា ឆ្នាំ២០១៩ ដោយមានការចូលរួមពីសមាជិក សមាជិកាគណៈកម្មាធិការ អនុសាខាតាមក្រុង-ស្រុកទាំង៧ និងអ្នកពាក់ព័ន្ធនោះ លោកស្រី ឡេង សុខា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ បានលើកឡើងថា រយៈពេលពេញមួយ ឆ្នាំ២០១៨ កាកបាទក្រហមកម្ពុជាខេត្ត សម្រេចបានលទ្ធផលក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះជួបនូវគ្រោះមហន្តរាយនានា ជាពិសេសទឹកជំនន់ ខ្យល់ ព្យុះ ខ្យល់កន្រ្តាក់ រលំផ្ទះរបើកដំបូល លង់ទឹក ភ្លើងឆេះផ្ទះ បាក់ច្រាំង សរុបចំនួន ១១,៥៦៣ គ្រួសារដោយទទួលបានការយកចិត្តទុកដាក់ ឧបត្ថម្ភជាថវិកា សម្ភារ ព្រមទាំងគ្រឿងឧបភោគ/បរិភោគ។
តាមគោលការណ៍របស់កាកបាទក្រហមកម្ពុជា ដោយរបស់របរចែកជូនពលរដ្ឋរងគ្រោះ ទទួលបានពីកាកបាទក្រហមកម្ពុជាថ្នាក់កណ្តាល ពីសាខាកាកបាទក្រហមខេត្ត បណ្តាអនុសាខាក្រុង/ស្រុក ក៏ដូចជាទទួលដោយផ្ទាល់ពីសប្បុរសជននានាផងដែរ។
លោកស្រី បានបញ្ជាក់ថា ក្នុងនោះនាពេលគ្រោះទឹក​ជំន​ន់នាកាលពីខែសីហា និងកញ្ញា ឆ្នាំ២០១៨កន្លងទៅលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏បានអញ្ជើញចុះមកចែកអំណោយដោយផ្ទាល់ ដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់បាន២លើក នៅស្រុកត្បូងឃ្មុំ និងនៅស្រុកក្រូចឆ្មារ ព្រមទាំងថ្នាក់ ដឹកនាំកាកបាទក្រហមថ្នាក់កណ្តាលផ្សេងទៀតសរុប ៦,៥៧៤ គ្រួសារផងដែរ។
លោកស្រី បានបន្តឲ្យដឹងថា សាខាកាកបាទក្រហមកម្ពុជា បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការងារសង្គម ជាពិសេសការងារជួយ​សង្គ្រោះ និងសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដូច​ជាជនចាស់ជរាគ្មានទីពឹង កុមារកំព្រា អ្នកផ្ទុកមេរោគអេដស៍ គ្រោះមហន្តរាយទឹកជំនន់ ខ្យល់កន្ត្រាក់និងភ្លើងឆេះផ្ទះជាដើម។

លោកស្រី ឡេង សុខា អនុប្រធានសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ ក៏បានជំរុញឲ្យគណៈកម្មាធិការសាខា អនុសាខាទាំងអស់ បន្តយកចិត្តទុកដាក់ពង្រឹងលើវិស័យស្នូលទាំងបួន របស់កាកបាទក្រហមកម្ពុជារួមមាន ទី១៖ ការឆ្លើយតបគ្រោះមហន្តរាយ, ទី២៖ ការងារសុខភាព និងការថែទាំ សុខភាពសហគមន៍, ទី៣៖ ការងារលើក​កម្ពស់គោលការណ៍គ្រឹះ និងតំលៃមនុស្សធម៌ និងទី៤៖ ការងារអភិវឌ្ឍស្ថាប័ន និងធនធានមនុស្ស ដើម្បីសម្រេចបាននូវការងារជាអាទិភាពរបស់ខ្លួនក្នុងសកម្មភាពមនុស្សធម៌ឲ្យកាន់តែខ្លាំងក្លាថែមទៀត៕


លោក ទៀ បាញ់ ចុះសួរសុខទុក្ខកងទ័ពឈរជើងនៅតាមបន្ទាត់ព្រំដែនស្រុកមេមត់ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ នៅរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ​២០១៩នេះ បានដឹកនាំគណៈប្រតិភូក្រសួងការពារជាតិ អមដំណើរដោយលោក ជាម ច័ន្ទសោភ័ណ អភិបាល​ខេត្តត្បូងឃ្មុំ ចុះសាកសួរសុខទុក្ខកងទ័ព ដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែនខេត្តត្បូងឃ្មុំ ដែលមានប្រទល់ជាប់ប្រទេសវៀតណាម និងបានពិនិត្យបង្គោល​ព្រំដែន តាមបន្ទាត់ព្រំដែន ស្ថិតនៅក្នុងស្រុកមេមត់ផងដែរ។
នៅក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខ កងទ័ពដែលឈរ​ជើងតាមបណ្ដោយព្រំដែន លោក ទៀ បាញ់ បានពាំនាំនូវកាផ្ដាំផ្ញើសាកសួរសុខទុក្ខអំពី​សំណាក់លោក ហ៊ុន សែន និងភរិយា ដែលជានិច្ចជាកាលលោកទាំង២ តែង​តែបានយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់កងកម្លាំងប្រដាប់អាវុធដែលឈរជើងនៅជួរមុខ។
លោក ក៏បានថ្លែងនូវការកោតសរសើរចំពោះគំរូវីរៈភាពរបស់កងកម្លាំងទាំងអស់ ជាពិសេសកងកម្លាំងប្រដាប់អាវុធដែលបានខិតខំបំពេញកាតព្វកិច្ច បំរើជាតិមាតុភូមិប្រកបដោយទំនួ​លខុសត្រូវខ្ពស់ចំពោះការការពារបូរណភាពទឹកដីនៅតាមបន្ទាត់ព្រំដែន។
លោក ទៀ បាញ់ ក៏បានសំណូមពរដល់សមត្ថកិច្ចដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែនទាំងអស់ត្រូវតែបន្តបង្កើនកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ និងសាម​គ្គីភាពល្អ ជាមួយអាជ្ញាធរពាក់ព័ន្ធរបស់ប្រទេសជិតខាង ដើម្បីធ្វើយ៉ាងណាឲ្យព្រំដែនប្រទេសយើងទាំង២ ក្លាយ​ជាព្រំដែនសន្តិភាព មានការផ្លាស់ប្ដូរពាណិជ្ជកម្មគ្នាទៅវិញទៅមក ជាពិសេសធ្វើយ៉ាងណាបង្កលក្ខណៈងាយស្រួលឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅតាមបណ្ដោ​យព្រំដែនប្រកបរបរទទួលទានកាន់តែមានជីវភាពល្អប្រសើរទ្វេរឡើង៕





គណៈប្រតិភូគណៈកម្មការទី១ នៃរដ្ឋសភា វាយតម្លៃខ្ពស់ចំពោះការអនុវត្តគោលនយោបាយវិមជ្ឈការ និងសហវិមជ្ឈការ

សៀមរាប៖ នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ នៅសាលាខេត្តសៀមរាប លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត លោក អ៉ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត លោក លី សំរិទ្ធ អភិបាលរងខេត្ត និងមានការអញ្ជើញចូលរួមពីតំណាងអាជ្ញាធរអប្សរា នាយករដ្ឋបាល មន្ទីរ អង្គភាពពាក់ព័ន្ធ និងរដ្ឋបាលក្រុង ស្រុក ជួបជាមួយប្រតិភូចុះបំពេញ បេសកកម្មគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធ​សភា នៃរដ្ឋសភា ដឹកនាំប្រតិភូដោយលោក ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី១ នៃរដ្ឋសភា រួមដំណើរដោយសមាជិកគណៈកម្មការ និងសហការី។
ក្នុងកិច្ចស្វាគមន៍នោះដែរលោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានធ្វើសេចក្តីរាយការណ៍អំពីស្ថានភាពភូមិសាស្ត្រ សន្តិសុខសណ្តាប់ធ្នាប់ សេដ្ឋ​កិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តសៀ មរាប។
ក្នុងនោះដែរ លោកអភិបាលខេត្ត បានបញ្ជាក់អំពីការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ដោយទទួលបានចំណាត់ថ្នាក់ល្អជាងគេទូទាំងប្រទេស។ លោក ក៏បានលើកឡើងផងដែរ អំពីវិស័យសេដ្ឋកិច្ចទេសចរណ៍ និងកសិកម្មនៅខេត្តសៀមរាបដែលជាខេត្តមានសក្តានុពលលើវិស័យទេសចរណ៍។
ក្នុងកិច្ចជួបពិភាក្សាការងារស្វែងយល់នោះដែរលោក ប៉ា សុជាតិវង្ស ក៏បានលើកនូវពីគោលបំណងក្នុងដំណើរបំពេញបេសកកម្មនៅខេត្តសៀមរាបគឺសំដៅសិក្សាស្វែង​យល់ឲ្យកាន់ស៊ីជម្រៅទៅលើបញ្ហាមួយចំនួន រួមមាន លើការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅថ្នាក់​ក្រោមជាតិ ដោយផ្តោតទៅលើការ អនុវត្តច្បាប់នៅថ្នាក់ក្រោមជាតិ ដើមី្បសំដៅដល់ការអនុវត្តតួនាទីរបស់ អាជ្ញាធរខេត្ត មន្ទីរ និងអង្គភាពពាក់ព័ន្ធ។
ក្នុងនោះផងដែរ លោក ក៏បានគូសបញ្ជាក់ អំពីតួនាទីភារកិច្ចរបស់ គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹងអង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា ដោយបានលើកឡើងនូវ៥ចំណុច ដែលគណៈកម្មការទី១ ត្រូវសិក្សាស្វែងយល់ និងប្រមូលជាព័ត៌មានដើមី្បជាមូលដ្ឋានគ្រឹះ ឆ្ពោះទៅធ្វើការដោះស្រាយ ប្រកបដោយសន្តិវិធី។
លោក ក៏បានសង្កត់ធ្ងន់ទៅលើបញ្ហាដីធ្លី ដោយខេត្តសៀ មរាបជាគោលដៅនៃប៉ូលសេដ្ឋកិច្ច ដ៏សំខាន់បន្ទាប់ពីក្រុងភ្នំពេញ និងខេត្តព្រះសីហនុ។ លោក បានបន្តទៀតថា គ្រប់ទីកន្លែងដែលមានកិច្ចអភិវឌ្ឍន៍រីកចម្រើនគឺមានចំណោទបញ្ហាកាន់តែច្រើន ដែលជាសត្យានុម័តនៅក្នុងសង្គម។
បញ្ហាដីធ្លីនេះ ជាកត្តាសំខាន់នៃចំណោទបញ្ហាដែលនៅគ្រប់មូលដ្ឋានត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដោយបច្ចុប្បន្នមានក្រុមឆ្លៀតឱកាស ជ្រកក្រោមសិទ្ធិ មនុស្ស និង ប្រជាធិបតេយ្យជាខែល ក្នុងការអុចអាលដល់ប្រជាពលរដ្ឋឲ្យរំលោភបំពានកាប់ទន្ទ្រានយកដីរបស់ រដ្ឋ និងបំផ្លាញធនធានព្រៃធម្មជាតិ។
ម៉្យាងទៀតក៏មានការពាក់ព័ន្ធដល់អង្គការសង្គមស៊ីវិល អ្នកមានអំ​ណាច និងមានទ្រព្យមួយចំនួនបានប្រើប្រាស់ប្រជា ពលរដ្ឋជាមធ្យោបាយ ក្នុងការបំផ្លិចបំផ្លាញសម្បត្តិធម្មជាតិ។ ក្នុងនោះដែរលោក ក៏បានលើកនូវគោល​នយោ​បាយភូមិ ឃុំ មានសុវត្ថិភាព ទាំង៩ចំណុច ដែលត្រូវយើងធ្វើការដោះស្រាយក្នុងគោលដៅបម្រើដល់ការ​រស់នៅ និងកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប្រចាំថ្ងៃផងដែរ។
ក្នុងកិច្ចពិភាក្សានោះ លោក លី សំរិទ្ធ អភិបាលរងខេត្ត ទទួលបន្ទុកគណៈកម្មាធិការដោះស្រាយដីធ្លី បានឲ្យដឹងថា នៅទូទាំងខេត្តសៀមរាប ចំពោះពាក្យបណ្តឹងដែលនៅសល់មិនទាន់បានដោះស្រាយមាន ៣៣០ករណី ក្នុងនោះមាន១៨ករណីធំៗផងដែរ។
ក្នុងនោះដែរលោកក៏បានគាំទ្រផងដែរ នូវប្រសាសន៍លើកឡើងរបស់លោកប្រធានប្រតិភូ ដែលបង្កឲ្យមានករណីនេះកើតឡើង គឺដោយជ្រកក្រោមដំបូលសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ហើយករណី នេះក៏ស្ថិតលើកត្តានយោបាយ សេដ្ឋកិច្ច និង ការអភិវឌ្ឍន៍ផងដែរ។ ក្នុងនោះដែរតំណាងអាជ្ញាធរជាតិអប្សរា ក៏បានធ្វើការបកស្រាយបំភ្លឺ នូវករណីមួយ​ចំនួន ដែលគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា បានលើកឡើងផងដែរ។
មានប្រសាសន៍នោះដែរ​ លោក ប៉ា សុជាតិវង្ស ក៏បានធ្វើការរំពឹងទុកផងដែរ អំពីដំណើរបេសកកម្មសិក្សាស្វែង​យល់រកព័ត៌មាននៅខេត្តសៀមរាប ដែលបានធ្វើឲ្យគ​ណៈកម្មការ យល់លើការអនុវត្តច្បាប់នៅថ្នាក់ក្រោមជាតិ។

ក្នុងនោះដែរ លោក ក៏បានធ្វើការកោតសរសើរចំពោះអំពីលទ្ធ​ផលដែលអនុវត្ត បានរបស់អាជ្ញាធរខេត្ត ក្រុមប្រឹក្សាខេត្តមន្ទីរ ស្ថាប័នពាក់ព័ន្ធអំពីច្បាប់គ្រប់គ្រងរដ្ឋបាល លើការខិតខំអនុវត្តនយោបាយវិមជ្ឈការ និងសហវិមជ្ឈការ និងការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព បានដំណើរការទៅដោយរលូន ព្រមទាំងបានផ្តល់នូវអនុសាសន៍ល្អៗ មួយចំនួនដល់ អាជ្ញាធរខេត្ត ក្រុមប្រឹក្សាខេត្ត មន្ទីរ ស្ថាប័នពាក់ព័ន្ធដើមី្បធ្វើការអនុវត្ត និងកែលម្អនូវ ចំណុចសេសសល់មួយចំនួនផងដែរ៕



អភិបាលខេត្តសៀមរាប ផ្តល់កិច្ចសហការជាមួយមន្ត្រីជំរឿនដែលកំពុងចុះធ្វើជំរឿនទូទាំងខេត្តសៀមរាប

សៀមរាប៖ ក្រុមមន្ត្រីជំរឿន ដឹកនាំដោយលោក ហាក់ សុធារ៉ា ប្រធានមន្ទីរផែនការខេត្ត និងជាសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការជំរឿនទូទៅខេត្តសៀមរាប នៅរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩នេះ បានចុះផ្ទាល់ដល់ភូមិគ្រឹះលោក ទៀ សីហា អភិបាលនៃគណៈអភិបាល​ខេត្តសៀមរាប ដែលស្ថិតក្នុងភូមិត្រពាំងសេះ សង្កាត់គោចក ក្រុងសៀមរាប ស្របពេលដែលមន្ត្រីជំរឿន នៅទូទាំងប្រទេស បាននិងកំពុងអនុវត្តសកម្មភាពជំរឿន ប្រជាពលរដ្ឋ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសដែលមន្ត្រីជំរឿនបានចុះផ្ទាល់ដល់ភូមិគ្រឹះរបស់លោកអភិបាលខេត្ត ដោយក្រុមការងារ នៃមន្ត្រីជំរឿន បានជម្រាបជូនអំពីគោលការណ៍មួយចំនួនពាក់ព័ន្ធនឹងការជំរឿនប្រជាពលរដ្ឋ ដែលបានបញ្ជាក់​ឲ្យដឹងថា ការធ្វើជំរឿននេះមានសារៈសំខាន់ខ្លាំងណាស់ និង ជាប្រភពតែមួយគត់ដែលអាចផ្តល់ទិន្នន័យពេញ លេញ និងច្បាស់លាស់ ព្រមទាំងបានកំណត់ចរិកលក្ខណៈ ស្ថានភាពរស់នៅពិតប្រាកដ របស់ប្រជាជនកម្ពុជា នៅទូទាំងព្រះរាជា​ណាចក្រកម្ពុជា សំខាន់គឺទទួលបានទិន្នន័យប្រជាសាស្ត្រពិតប្រាកដទូទាំងប្រ ទេស និង ជួយឲ្យរដ្ឋាភិបាលអាចរៀបចំគោលនយោ បាយបានត្រឹមត្រូវ ព្រមទាំងការអនុវត្តកម្មវិធីផ្សេងៗ ឲ្យទទួលបានតុល្យភាពនៃការអភិវឌ្ឍសម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេសពីព្រោះទិន្នន័យជំរឿននឹងផ្តល់នូវសូចនាករ តាមដាន ត្រួតពិនិត្យ ការសម្រេចបានការ អនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និង គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃរបៀបវារៈ ឆ្នាំ២០១៦- ២០៣០ ដោយមិនទុកចោលអ្នកណាម្នាក់ឡើយ ។
លោក ទៀ សីហា និងភរិយា បានផ្តល់នូវបទសម្ភាសន៍យ៉ាងក្បោះក្បាយដល់ក្រុមការងារ ដែលបានធ្វើការសម្ភាសន៍ផ្ទាល់ ដើម្បីបង្កភាពងាយស្រួលជូនដល់ក្រុម ការងារធ្វើជំរឿន ដូចទៅនឹងប្រជាពលរដ្ឋទូទៅ ដែលបានបង្ហាញនូវឯកសារ សមាជិក ក្រុមគ្រួសាររបស់លោកដល់មន្ត្រីចុះធ្វើជំរឿនផងដែរ។
ក្នុងកិច្ចសម្ភាសន៍ជាមួយលោក ហាក់ សុធារ៉ា ប្រធាន មន្ទីរផែនការខេត្ត និងជាសមាជិក អចិន្ត្រៃយ៍គណៈកម្មា ធិការជំរឿនទូទៅខេត្តសៀមរាប បានគូសបញ្ជាក់ថា នៅព្រះ រាជាណាចក្រកម្ពុជាការធ្វើជំរៀនទូទៅប្រជាជនមាន ៣ លើក មកហើយ នៅឆ្នាំ២០១៩នេះគឺជាលើកទី៤។ លោកបានបន្តទៀតថា ចំពោះការធ្វើបច្ចុប្បន្នភាពផែនទីមណ្ឌលជំរឿន និង ចុះបញ្ជីផ្ទះតាមបណ្តាក្រុង ស្រុក បាន៩៥% ដោយមានមន្ត្រីជំរឿន និងធ្វើកិច្ចសម្ភាសន៍នៅទូទាំងខេត្ត មានចំនួនសរុប ៣ពាន់៨នាក់។

លោក បានឲ្យដឹងទៀតថា ការជំរឿននេះបានប្រព្រឹត្តទៅទូទាំងខេត្តសៀមរាប ប្រកបដោយលទ្ធផលល្អ ប្រសើរ ដោយមានការចូលរួមសហការពីម្ចាស់ផ្ទះសំណាក់ ក្រុម ហ៊ុន សណ្ឋាគារ មន្ទីរពេទ្យ ភោជនីយដ្ឋាន វត្តអារាម គ្រឹះស្ថានសិក្សាឯកជន ក្នុងការផ្តល់នូវព័ត៌មានដល់មន្ត្រីជំរឿន ហើយចំពោះបញ្ហាប្រឈមគឺមានតិចតូចប៉ុណ្ណោះ ៕





ក្រុមការងារអគ្គិសនីខេត្តសៀមរាបចុះរៀបចំប្តូរប្រអប់ភ្លើង និងនាឡិកាស្ទង់ Smart Meter

សៀមរាប៖ ចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩ មក ក្រុមការងារអគ្គិសនីសៀមរាប បានសហការជាមួយក្រុមការងាររដ្ឋបាលខេត្ត មន្ទីរជំនាញនិងអាជ្ញាធរ មូល​ដ្ឋាន ចុះរៀបចំប្រអប់ភ្លើង និងនាឡិកាស្ទង់ Smart Meter របស់ប្រទេសជប៉ុននៅក្នុង និងជុំវិញតំបន់ផាប់ស្ទ្រីត ក្រុងសៀមរាប។
ជាមួយគ្នានេះ ក្រុមការងារក៏បានរៀបចំបណ្តាញខ្សែឲ្យមានសុវត្ថិភាព សោភ័ណភាព និងរបៀបរៀបរយសាធារណៈ នៅក្នុងតំបន់ផ្លូវផាប់ស្ទ្រីត ផងដែរ។ ការចុះអនុវត្តចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩ រហូតមក ដល់ថ្ងៃនេះ បានចំនួន១៥ ប្រអប់ស្មើនឹង៣៥ អតិថិជន។

សូមបញ្ជាក់ថា ក្រុមការងាររៀបចំចាប់ពីម៉ោង ៨:០០ នាទីព្រឹក រហូតដល់ម៉ោង ១:០០ រសៀល តែប៉ុណ្ណោះ ហើយពីពេលវេលានេះ បងប្អូនអាជីវករ នឹងអាចប្រកបរបរបានដដែល៕







កម្ពុជាបានទទួលជោគជ័យក្នុងការប្រយុទ្ធនឹងជំងឺអេដស៍

ប៉ៃលិន៖ មានប្រសាសន៍លើកឡើងនៅក្នុងពិធីបើកសិក្ខាសាលាស្តីពីការពិគ្រោះយោបល់លើការងារដែលបានអនុវត្តក្នុងឆ្នាំ២០១៨ និងពិនិត្យសកម្មភាពការងារឆ្នាំ២០១៩ នៅរីសតម៉េម៉ូរីយ៉ាផាឡេស ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានបញ្ជាក់ថា កម្ពុជាយើងបានទទួលជោគជ័យក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ ដោយសារការប្តេជ្ញាចិត្តធ្វើការរួមគ្នាពីគ្រប់ភាគីពាក់ព័ន្ធដើម្បីសម្រេចឱ្យបាននូវការកំណត់គោលដៅ២ ដែលត្រូវធ្វើគឺ ១- ឈានទៅសម្រេចឱ្យបានគោលដៅ ៩០-៩០-៩០ នៅឆ្នាំ២០២០ និង២-សម្រេចឱ្យបានគោលដៅ ៩៥-៩៥-៩៥ នៅឆ្នាំ២០២៥ ហើយជាលទ្ធផល អង្គការ UNAIDS បានប្រកាសថា កម្ពុជាបានសម្រេចដល់គោលដៅ ៩០-៩០-៩០ ហើយតាំងពីឆ្នាំ២០១៧ (មានន័យថា ៩០%នៃអ្នកផ្ទុកមេរោគអេដស៍បានដឹងពីស្ថានភាពជំងឺអេដស៍របស់ខ្លួន ៩០%នៃអ្នកដឹងពីស្ថានភាពជំងឺបានទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ និង៩០% នៃអ្នកបានទទួលការព្យាបាលមានបន្ទុកមេរោគអេដស៍ទាបបំផុតនៅក្នុងឈាម)។
លោកទេសរដ្ឋមន្ត្រី អៀង មូលី បានមានប្រសាសន៍លើកឡើងថា ក្នុងពិភពលោកនេះ គឺមានតែ៧ប្រទេសប៉ុណ្ណោះដែលសម្រេចបានគោលដៅ ៩០-៩០-៩០ ដែលក្នុងនោះមាន បុតស្វាណា អង់គ្លេស អ៊ីស្លង់ ដាណឺម៉ាក ស៊ុយអ៊ែត សិង្ហបុរី និងកម្ពុជា ដូច្នេះយើងទាំងអស់គ្នាត្រូវរួមគ្នា សហការគ្នាបន្តទៀត ដើម្បីឈានទៅសម្រេចឱ្យបាននូវគោលដៅ ៩០-៩០-៩០ទាំងស្រុងនៅឆ្នាំ២០២០និងគោលដៅ ៩៥-៩៥-៩៥ នៅឆ្នាំ២០២៥។
លោក ធូ ភា អភិបាលរងខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា រដ្ឋបាលខេត្តប៉ៃលិន ពិតជាមានមោទនភាពណាស់ដែលអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ទាំង ២៥រាជធានីខេត្ត បានមកជួបជុំគ្នាបើកសិក្ខាសាលាប្រចាំឆ្នាំនៅខេត្តប៉ៃលិន ដែលនេះជាការ បង្ហាញពីការយកចិត្តទុកដាក់មួយខ្ពស់ និងការចែករំលែកនូវបទពិសោធន៍ល្អៗដល់អ្នកចូលរួមគ្រប់ៗគ្នា ពីព្រោះបញ្ហាមេរោគអេដស៍សម្រាប់បច្ចុប្បន្នភាពគឺមិនសូវកើតមានឡើងច្រើន ដូចមុននោះទេ ដោយសារយើងគ្រប់ៗគ្នាមានការយល់ដឹងច្រើនពីគ្រោះថ្នាក់ និងការការពារពីមេរោគអេដស៍ ហើយសម្រាប់ខេត្តប៉ៃលិន គឺថ្នាក់ដឹកនាំខេត្ត ក៏ដូចជាមន្ទីរសុខាភិបាលខេត្ត គឺតែងតែចូលរួមជម្រុញផ្សព្វផ្សាយជាប្រចាំដើម្បីធ្វើយ៉ាងណាឱ្យស្របតាមយន្តការអភិវឌ្ឍ យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជាឱ្យទទួលបានជោគជ័យ។

បើតាមរបាយការណ៍របស់លោក យក់ សុវណ្ណ អនុប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិន បានឱ្យដឹងថា ខេត្តប៉ៃលិនមានអ្នកផ្ទុកមេរោគអេដស៍ចំនួន ៤១២នាក់ ហើយ៩៤ភាគរយ នៅជាប់លាប់ជាមួយសេវាថែទាំរបស់មន្ទីរសុខាភិបាលខេត្ត ដោយឡែកអត្រាមេរោគអេដស៍ក្នុងចំណោមប្រជាជនស្វែងរកការធ្វើតេស្តរកមេរោគអេដស៏ មានការធ្លាក់ចុះ ដោយឆ្នាំ២០១៨ មានត្រឹមតែ ០.៦ភាគរយ គឺមានចំនួន ៤៣០៩នាក់៕




សហរដ្ឋអាមេរិក ផ្តល់ជំនួយ២លានដុល្លារ សម្រាប់បន្តជួយដល់ការបោសសម្អាតគ្រាប់បែកចង្កោម នៅកម្ពុជា

លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ មន្ត្រីគ្រប់គ្រងគំរោងកម្មវិធីជំនួយដោះមីនមក ពីក្រសួងការបរទេសអាមេរិក បានចុះទៅពិនិត្យសកម្មភាពប្រតិបត្តការរបស់អង្គភាពស៊ីម៉ាក់ នៅទិស ខេត្តត្បូងឃ្មុំ។
លោកអគ្គនាយកបន្តថា ទន្ទឹមនឹងនេះដែរ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានសំរេចផ្តល់ជំនួយមកអង្គភាព ស៊ីម៉ាក់ចំនួន ២លានដុលា្លរសំរាប់រយៈពេល១២ខែ (១ ខែមីនា ២០១៩-២៨ ខែកុម្ភ: ២០២០) ហើយគំរោងនេះជាឆ្នាំទី២ នៃការដេញថ្លៃក្នុងឆ្នាំ២០១៨កន្លងទៅនេះ។
លោកបញ្ជាក់ទៀតថា គំរោងនេះជាកិច្ចសហការវាងអង្គភាពស៊ីម៉ាក់ និងអង្គការNPA ដែលអង្គភាពទាំង ចុះហត្ថលខាអនុវត្តគំរោងដ៍ខ្លីខាងមុខ។

សូមរំលឹកថា នៅឆ្នាំ២០១៨ អង្គភាពស៊ីម៉ាក់ បានទទួលជំនួយថវិកាចំនួន១.៦លានដុល្លារ ពីរដ្ឋាភិបាលអាមេរិក ដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោម រយៈពេលមួយឆ្នាំ (គិតចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលនេះជាឆ្នាំទី១ នៃរយៈពេល២ឆ្នាំ) លើផ្ទៃដី២,២០០ហិចតា នៅខេត្តភាគខាងកើតប្រទេសកម្ពុជា ៕





ពិធីបើកកញ្ចប់វិញ្ញាសាប្រឡងចូលរៀនពុទ្ធិកមធ្យមសិក្សាបឋមភូមិ (ពុទ្ធិកអនុវិទ្យាល័យ)នៅសង្កាត់សង្ឃ័រ

ស្វាយរៀង៖ នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩នេះ លោក សុខ រស់ អភិបាលរងខេត្តស្វាយរៀង តំណាងលោក ម៉ែន វិបុល អភិបាលខេត្ត និងព្រះវិសុទ្ធិញាណ មុំ សយ ព្រះមេគណខេត្តស្វាយរៀង បានអញ្ជើជាអធិបតីពិធីបើកកញ្ចប់វិញ្ញាសាប្រឡងចូលរៀនពុទ្ធិកមធ្យមសិក្សាបឋមភូមិ(ពុទ្ធិកអនុវិទ្យាល័យ) នៅមណ្ឌលប្រឡងពុទ្ធិកវិទ្យាល័យស្វាយរៀង ស្ថិតនៅវត្តជម្ពូព្រឹក្សា ភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ព្រមទាំងមានការអញ្ជើញចូលរួម លោកអភិបាលរងក្រុងស្វាយរៀង និងលោកប្រធាន អនុប្រធានមន្ទីរធម្មការ និងសាសនាខេត្តស្វាយរៀង។
លោកបានមានមតិផ្តាំផ្ញើដល់បេក្ខសមណៈគ្រប់ព្រះអង្គត្រូវប្រឹងប្រែងប្រឡងអោយអស់ពីសមត្ថភាព ដើម្បីបានចូលរៀននៅពុទ្ធិកៈវិទ្យាល័យ មហាវិទ្យាល័យនារាជធានីភ្នំពេញ ក៏ដូចជាបានលើកកម្ពស់វិស័យ ពុទ្ធសាសនា ពិសេសគឺ សមត្ថភាព ចំណេះដឹងចេញពីធនធានព្រះសង្ឃឲ្យបានច្រើន ។

លោកក៏បានស្នើដល់គណៈកម្មាធិការរៀបចំការប្រឡង សុំអោយមានភាពសុក្រិតនិងទទួលខុសត្រូវខ្ពស់ចំពោះ ការប្រឡងនៅថ្ងៃនេះ។ សូមជម្រាបជូនថា ឆ្នាំនេះបេក្ខសមណៈ បេក្ខជនដែលបានដាក់ពាក្យប្រឡង ចូលរៀនពុទ្ធិកអនុវិទ្យាល័យស្វាយរៀង មានចំនួន១២៩អង្គ/នាក់ ៕





លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីសន្តិសុខប្រទេសឡាវ

នៅរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក វិល័យ ឡាខាំហ្វង រដ្ឋមន្ត្រីសន្តិសុខ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ លោក វិល័យ ឡាខាំហ្វង បានគោរពរាយកាណ៍រជម្រាបជូនលោកនាយករដ្ឋមន្ត្រី អំពីកិច្ចប្រជុំកន្លងទៅថ្មីៗនេះជាមួយលោកឧបនាយករដ្ឋមន្រ្តី ស ខេង និងបានផ្លាស់ប្តូរព័ត៌មានក៏ដូចជាបទពិសោធន៍មួយចំនួន និងបានពិភាក្សាចុះហត្ថលេខាលើកកិច្ចសហប្រតិបត្តិការមួយចំនួនរួមមាន៖ ការទប់ស្កាត់ការជួញដូរគ្រឿងញៀននិងអាវុធខុសច្បាប់ ការផ្លាស់ប្តូរឧក្រិដ្ឋកម្មឆ្លងដែនខុសច្បាប់ ការកាប់ព្រៃឈើខុសច្បាប់ សហការពង្រឹងសន្តិសុខសុវត្ថិភាពតាមព្រំដែន និងធ្វើយ៉ាងណាជួយសម្រួលឱ្យប្រជាពលរដ្ឋនៃប្រទេសទាំងសងខាង អាចធ្វើដំណើរ និងធ្វើអាជីវកម្មឆ្លងកាត់តាមព្រំដែនបានកាន់តែងាយស្រួល និងប្រកបដោយសុវត្ថិភាព។
លោក វិល័យ ឡាខាំហ្វង ក៏បានជម្រាបជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ការធ្វើទស្សនកិច្ចមកកាន់កម្ពុជានាពេលនេះ គឺឆ្លើយតបទៅនឹងការងារដែលបានសម្រេចកន្លងមករវាងកម្ពុជា-ឡាវ ដែលត្រូវផ្លាស់ប្តូរទស្សនកិច្ចជាមួយគ្នា មួយឆ្នាំម្តងៗ ដើម្បីពិនិត្យមើលលើការងារដែលបានព្រមព្រៀង នឹងធ្វើជាមួយគ្នាកន្លងមក ហើយនិងពិនិត្យដាក់ទិសដៅសម្រាប់ធ្វើការងាររួមគ្នាជាបន្តទៀត ស្របទៅតាមកិច្ចព្រមព្រៀងទាំងឡាយ ដែលបានសម្រេចដោយប្រមុខថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្តែងនូវការអបអរសាទរ និងស្វាគមន៍លើកិច្ចការទាំងឡាយដែលភាគីឡាវបានប្រជុំពិគ្រោះគ្នាជាមួយលោក ស ខេង កន្លងមកដែលបានបានរិតបន្តឹងនូវចំណងមិត្តភាព និងទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។ ទន្ទឹមនឹងនេះដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកទឹកចិត្តឱ្យស្ថាប័នទាំងពីរមានការពិភាក្សាឱ្យបានច្រើនថែមទៀតលើការងារសន្តិសុខជាតិ និងជាពិសេសការងារដែលសម្រួលដល់ការធ្វើពាណិជ្ជកម្មតាមព្រំដែន គឺខិតខំធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋនៃប្រទេសទាំងពីរទទួលបាននូវប្រយោជន៍ និងជីវភាពរស់នៅកាន់តែល្អប្រសើរឡើង៕