Wednesday, March 06, 2019

អភិបាលខេត្តសៀមរាប ផ្តល់កិច្ចសហការជាមួយមន្ត្រីជំរឿនដែលកំពុងចុះធ្វើជំរឿនទូទាំងខេត្តសៀមរាប

សៀមរាប៖ ក្រុមមន្ត្រីជំរឿន ដឹកនាំដោយលោក ហាក់ សុធារ៉ា ប្រធានមន្ទីរផែនការខេត្ត និងជាសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការជំរឿនទូទៅខេត្តសៀមរាប នៅរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩នេះ បានចុះផ្ទាល់ដល់ភូមិគ្រឹះលោក ទៀ សីហា អភិបាលនៃគណៈអភិបាល​ខេត្តសៀមរាប ដែលស្ថិតក្នុងភូមិត្រពាំងសេះ សង្កាត់គោចក ក្រុងសៀមរាប ស្របពេលដែលមន្ត្រីជំរឿន នៅទូទាំងប្រទេស បាននិងកំពុងអនុវត្តសកម្មភាពជំរឿន ប្រជាពលរដ្ឋ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសដែលមន្ត្រីជំរឿនបានចុះផ្ទាល់ដល់ភូមិគ្រឹះរបស់លោកអភិបាលខេត្ត ដោយក្រុមការងារ នៃមន្ត្រីជំរឿន បានជម្រាបជូនអំពីគោលការណ៍មួយចំនួនពាក់ព័ន្ធនឹងការជំរឿនប្រជាពលរដ្ឋ ដែលបានបញ្ជាក់​ឲ្យដឹងថា ការធ្វើជំរឿននេះមានសារៈសំខាន់ខ្លាំងណាស់ និង ជាប្រភពតែមួយគត់ដែលអាចផ្តល់ទិន្នន័យពេញ លេញ និងច្បាស់លាស់ ព្រមទាំងបានកំណត់ចរិកលក្ខណៈ ស្ថានភាពរស់នៅពិតប្រាកដ របស់ប្រជាជនកម្ពុជា នៅទូទាំងព្រះរាជា​ណាចក្រកម្ពុជា សំខាន់គឺទទួលបានទិន្នន័យប្រជាសាស្ត្រពិតប្រាកដទូទាំងប្រ ទេស និង ជួយឲ្យរដ្ឋាភិបាលអាចរៀបចំគោលនយោ បាយបានត្រឹមត្រូវ ព្រមទាំងការអនុវត្តកម្មវិធីផ្សេងៗ ឲ្យទទួលបានតុល្យភាពនៃការអភិវឌ្ឍសម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេសពីព្រោះទិន្នន័យជំរឿននឹងផ្តល់នូវសូចនាករ តាមដាន ត្រួតពិនិត្យ ការសម្រេចបានការ អនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និង គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃរបៀបវារៈ ឆ្នាំ២០១៦- ២០៣០ ដោយមិនទុកចោលអ្នកណាម្នាក់ឡើយ ។
លោក ទៀ សីហា និងភរិយា បានផ្តល់នូវបទសម្ភាសន៍យ៉ាងក្បោះក្បាយដល់ក្រុមការងារ ដែលបានធ្វើការសម្ភាសន៍ផ្ទាល់ ដើម្បីបង្កភាពងាយស្រួលជូនដល់ក្រុម ការងារធ្វើជំរឿន ដូចទៅនឹងប្រជាពលរដ្ឋទូទៅ ដែលបានបង្ហាញនូវឯកសារ សមាជិក ក្រុមគ្រួសាររបស់លោកដល់មន្ត្រីចុះធ្វើជំរឿនផងដែរ។
ក្នុងកិច្ចសម្ភាសន៍ជាមួយលោក ហាក់ សុធារ៉ា ប្រធាន មន្ទីរផែនការខេត្ត និងជាសមាជិក អចិន្ត្រៃយ៍គណៈកម្មា ធិការជំរឿនទូទៅខេត្តសៀមរាប បានគូសបញ្ជាក់ថា នៅព្រះ រាជាណាចក្រកម្ពុជាការធ្វើជំរៀនទូទៅប្រជាជនមាន ៣ លើក មកហើយ នៅឆ្នាំ២០១៩នេះគឺជាលើកទី៤។ លោកបានបន្តទៀតថា ចំពោះការធ្វើបច្ចុប្បន្នភាពផែនទីមណ្ឌលជំរឿន និង ចុះបញ្ជីផ្ទះតាមបណ្តាក្រុង ស្រុក បាន៩៥% ដោយមានមន្ត្រីជំរឿន និងធ្វើកិច្ចសម្ភាសន៍នៅទូទាំងខេត្ត មានចំនួនសរុប ៣ពាន់៨នាក់។

លោក បានឲ្យដឹងទៀតថា ការជំរឿននេះបានប្រព្រឹត្តទៅទូទាំងខេត្តសៀមរាប ប្រកបដោយលទ្ធផលល្អ ប្រសើរ ដោយមានការចូលរួមសហការពីម្ចាស់ផ្ទះសំណាក់ ក្រុម ហ៊ុន សណ្ឋាគារ មន្ទីរពេទ្យ ភោជនីយដ្ឋាន វត្តអារាម គ្រឹះស្ថានសិក្សាឯកជន ក្នុងការផ្តល់នូវព័ត៌មានដល់មន្ត្រីជំរឿន ហើយចំពោះបញ្ហាប្រឈមគឺមានតិចតូចប៉ុណ្ណោះ ៕





No comments:

Post a Comment