Wednesday, March 06, 2019

ការហោះហើរត្រង់ជាលើកដំបូងរវាងកម្ពុជា និងហ្វីលីពីន នឹងចាប់ផ្តើមនៅខែមេសា !

ក្រុមហ៊ុនអាកាសចរណ៍ Philippine Airlines របស់ប្រទេសហ្វីលីពីន បានប្រកាសថា ខ្លួននឹងចាប់ផ្ដើមជើងហោះ ហើរត្រង់មកកាន់កម្ពុជាលើកដំបូង នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ខាងមុខនេះ។ លោក Jaime Bautista ប្រធានក្រុមហ៊ុនអាកាសចរណ៍ Philippine Airlines បានឱ្យដឹងថា ក្រុមហ៊ុននឹងចាប់ផ្ដើមហោះហើរពីទីក្រុងម៉ានីល របស់ប្រទេសហ្វីលីពីន មកកាន់រាជធានីភ្នំពេញ ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ ដោយមាន៥ជើងក្នុងសប្ដាហ៍រួមមាន៖ ថ្ងៃច័ន្ទ, អង្គារ, ព្រហស្បតិ៍, សុក្រ និងសៅរ៍។
ជើងហោះហើរនឹងចេញដំណើរពីទីក្រុងម៉ានីល នៅម៉ោង១០៖១០នាទីយប់ និងមកដល់ភ្នំពេញនៅម៉ោង១១:៤៥ នាទីយប់ ជើងហោះហើរលេខ PR 522 ប្រើប្រាស់យន្តហោះ Airbus A320 ផ្ទុកអ្នកដំណើរ១៥៦នាក់ ក្នុងនោះកៅអីប្រភេទ Business Class ១២កៅអី និង១៨៧កៅអី ជាប្រភេទ Economy។
លោក Jaime Bautista បានបន្តឱ្យដឹងថា ការចាប់ផ្ដើមឱ្យមានជើងហោះហើរត្រង់មកកម្ពុជានេះ ជាការរួមចំណែកក្នុងការលើកស្ទួយវិស័យសេដ្ឋកិច្ចរវាងប្រទេសទាំង២ ហើយក៏ដូចជាការនាំភ្ញៀវទេសចរពីបណ្ដាប្រទេសផ្សេងៗមកលេងនៅកម្ពុជា និងពីកម្ពុជាទៅហ្វីលីពីនផងដែរ។ លោកបន្ថែមថា «ខ្ញុំជឿជាក់ថា ការបង្កើតឲ្យមានជើងហោះហើរត្រង់រវាងហ្វីលីនពីន និងកម្ពុជានឹងទទួលបានជោគជ័យ ព្រោះក្រុមហ៊ុនបានសហការជាមួយក្រុមហ៊ុនផ្សេងៗជាច្រើនដើម្បីនាំភ្ញៀវពីបណ្ដាប្រទេសផ្សេងៗ មកលេងនៅទីក្រុងម៉ានីល និងប្រទេសកម្ពុជា»។
លោកឲ្យដឹងទៀតថា ការសម្រេចជ្រើសរើសយកប្រទេសកម្ពុជា គឺមកពីក្រុមហ៊ុនកត់សម្គាល់ និងទទួលស្គាល់ថា កម្ពុជាជាទីផ្សារទេសចរណ៍ដ៏ថ្លៃថ្លា ហើយរាជធានីភ្នំពេញជាមជ្ឈមណ្ឌលមួយ ដែលសេដ្ឋកិច្ចកំពុងរីកលូតលាស់ជាលំដាប់។ លោក បន្ថែមថា កិច្ចសហការវាងគ្នានឹងគ្នានេះ នឹងជួយពង្រឹងចំណងមិត្តភាពរឹងមាំ និងធ្វើឱ្យទំនាក់ទំនងរវាងហ្វីលីពីន-កម្ពុជាកាន់តែល្អប្រសើរ៕

ប្រភព៖ Fresh News



No comments:

Post a Comment