Wednesday, March 06, 2019

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីសន្តិសុខប្រទេសឡាវ

នៅរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក វិល័យ ឡាខាំហ្វង រដ្ឋមន្ត្រីសន្តិសុខ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ លោក វិល័យ ឡាខាំហ្វង បានគោរពរាយកាណ៍រជម្រាបជូនលោកនាយករដ្ឋមន្ត្រី អំពីកិច្ចប្រជុំកន្លងទៅថ្មីៗនេះជាមួយលោកឧបនាយករដ្ឋមន្រ្តី ស ខេង និងបានផ្លាស់ប្តូរព័ត៌មានក៏ដូចជាបទពិសោធន៍មួយចំនួន និងបានពិភាក្សាចុះហត្ថលេខាលើកកិច្ចសហប្រតិបត្តិការមួយចំនួនរួមមាន៖ ការទប់ស្កាត់ការជួញដូរគ្រឿងញៀននិងអាវុធខុសច្បាប់ ការផ្លាស់ប្តូរឧក្រិដ្ឋកម្មឆ្លងដែនខុសច្បាប់ ការកាប់ព្រៃឈើខុសច្បាប់ សហការពង្រឹងសន្តិសុខសុវត្ថិភាពតាមព្រំដែន និងធ្វើយ៉ាងណាជួយសម្រួលឱ្យប្រជាពលរដ្ឋនៃប្រទេសទាំងសងខាង អាចធ្វើដំណើរ និងធ្វើអាជីវកម្មឆ្លងកាត់តាមព្រំដែនបានកាន់តែងាយស្រួល និងប្រកបដោយសុវត្ថិភាព។
លោក វិល័យ ឡាខាំហ្វង ក៏បានជម្រាបជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ការធ្វើទស្សនកិច្ចមកកាន់កម្ពុជានាពេលនេះ គឺឆ្លើយតបទៅនឹងការងារដែលបានសម្រេចកន្លងមករវាងកម្ពុជា-ឡាវ ដែលត្រូវផ្លាស់ប្តូរទស្សនកិច្ចជាមួយគ្នា មួយឆ្នាំម្តងៗ ដើម្បីពិនិត្យមើលលើការងារដែលបានព្រមព្រៀង នឹងធ្វើជាមួយគ្នាកន្លងមក ហើយនិងពិនិត្យដាក់ទិសដៅសម្រាប់ធ្វើការងាររួមគ្នាជាបន្តទៀត ស្របទៅតាមកិច្ចព្រមព្រៀងទាំងឡាយ ដែលបានសម្រេចដោយប្រមុខថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្តែងនូវការអបអរសាទរ និងស្វាគមន៍លើកិច្ចការទាំងឡាយដែលភាគីឡាវបានប្រជុំពិគ្រោះគ្នាជាមួយលោក ស ខេង កន្លងមកដែលបានបានរិតបន្តឹងនូវចំណងមិត្តភាព និងទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។ ទន្ទឹមនឹងនេះដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកទឹកចិត្តឱ្យស្ថាប័នទាំងពីរមានការពិភាក្សាឱ្យបានច្រើនថែមទៀតលើការងារសន្តិសុខជាតិ និងជាពិសេសការងារដែលសម្រួលដល់ការធ្វើពាណិជ្ជកម្មតាមព្រំដែន គឺខិតខំធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋនៃប្រទេសទាំងពីរទទួលបាននូវប្រយោជន៍ និងជីវភាពរស់នៅកាន់តែល្អប្រសើរឡើង៕














No comments:

Post a Comment