Wednesday, March 06, 2019

លោក ទៀ បាញ់ ចុះសួរសុខទុក្ខកងទ័ពឈរជើងនៅតាមបន្ទាត់ព្រំដែនស្រុកមេមត់ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ នៅរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ​២០១៩នេះ បានដឹកនាំគណៈប្រតិភូក្រសួងការពារជាតិ អមដំណើរដោយលោក ជាម ច័ន្ទសោភ័ណ អភិបាល​ខេត្តត្បូងឃ្មុំ ចុះសាកសួរសុខទុក្ខកងទ័ព ដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែនខេត្តត្បូងឃ្មុំ ដែលមានប្រទល់ជាប់ប្រទេសវៀតណាម និងបានពិនិត្យបង្គោល​ព្រំដែន តាមបន្ទាត់ព្រំដែន ស្ថិតនៅក្នុងស្រុកមេមត់ផងដែរ។
នៅក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខ កងទ័ពដែលឈរ​ជើងតាមបណ្ដោយព្រំដែន លោក ទៀ បាញ់ បានពាំនាំនូវកាផ្ដាំផ្ញើសាកសួរសុខទុក្ខអំពី​សំណាក់លោក ហ៊ុន សែន និងភរិយា ដែលជានិច្ចជាកាលលោកទាំង២ តែង​តែបានយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់កងកម្លាំងប្រដាប់អាវុធដែលឈរជើងនៅជួរមុខ។
លោក ក៏បានថ្លែងនូវការកោតសរសើរចំពោះគំរូវីរៈភាពរបស់កងកម្លាំងទាំងអស់ ជាពិសេសកងកម្លាំងប្រដាប់អាវុធដែលបានខិតខំបំពេញកាតព្វកិច្ច បំរើជាតិមាតុភូមិប្រកបដោយទំនួ​លខុសត្រូវខ្ពស់ចំពោះការការពារបូរណភាពទឹកដីនៅតាមបន្ទាត់ព្រំដែន។
លោក ទៀ បាញ់ ក៏បានសំណូមពរដល់សមត្ថកិច្ចដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែនទាំងអស់ត្រូវតែបន្តបង្កើនកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ និងសាម​គ្គីភាពល្អ ជាមួយអាជ្ញាធរពាក់ព័ន្ធរបស់ប្រទេសជិតខាង ដើម្បីធ្វើយ៉ាងណាឲ្យព្រំដែនប្រទេសយើងទាំង២ ក្លាយ​ជាព្រំដែនសន្តិភាព មានការផ្លាស់ប្ដូរពាណិជ្ជកម្មគ្នាទៅវិញទៅមក ជាពិសេសធ្វើយ៉ាងណាបង្កលក្ខណៈងាយស្រួលឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅតាមបណ្ដោ​យព្រំដែនប្រកបរបរទទួលទានកាន់តែមានជីវភាពល្អប្រសើរទ្វេរឡើង៕





No comments:

Post a Comment