Wednesday, March 06, 2019

កម្ពុជាបានទទួលជោគជ័យក្នុងការប្រយុទ្ធនឹងជំងឺអេដស៍

ប៉ៃលិន៖ មានប្រសាសន៍លើកឡើងនៅក្នុងពិធីបើកសិក្ខាសាលាស្តីពីការពិគ្រោះយោបល់លើការងារដែលបានអនុវត្តក្នុងឆ្នាំ២០១៨ និងពិនិត្យសកម្មភាពការងារឆ្នាំ២០១៩ នៅរីសតម៉េម៉ូរីយ៉ាផាឡេស ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានបញ្ជាក់ថា កម្ពុជាយើងបានទទួលជោគជ័យក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ ដោយសារការប្តេជ្ញាចិត្តធ្វើការរួមគ្នាពីគ្រប់ភាគីពាក់ព័ន្ធដើម្បីសម្រេចឱ្យបាននូវការកំណត់គោលដៅ២ ដែលត្រូវធ្វើគឺ ១- ឈានទៅសម្រេចឱ្យបានគោលដៅ ៩០-៩០-៩០ នៅឆ្នាំ២០២០ និង២-សម្រេចឱ្យបានគោលដៅ ៩៥-៩៥-៩៥ នៅឆ្នាំ២០២៥ ហើយជាលទ្ធផល អង្គការ UNAIDS បានប្រកាសថា កម្ពុជាបានសម្រេចដល់គោលដៅ ៩០-៩០-៩០ ហើយតាំងពីឆ្នាំ២០១៧ (មានន័យថា ៩០%នៃអ្នកផ្ទុកមេរោគអេដស៍បានដឹងពីស្ថានភាពជំងឺអេដស៍របស់ខ្លួន ៩០%នៃអ្នកដឹងពីស្ថានភាពជំងឺបានទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ និង៩០% នៃអ្នកបានទទួលការព្យាបាលមានបន្ទុកមេរោគអេដស៍ទាបបំផុតនៅក្នុងឈាម)។
លោកទេសរដ្ឋមន្ត្រី អៀង មូលី បានមានប្រសាសន៍លើកឡើងថា ក្នុងពិភពលោកនេះ គឺមានតែ៧ប្រទេសប៉ុណ្ណោះដែលសម្រេចបានគោលដៅ ៩០-៩០-៩០ ដែលក្នុងនោះមាន បុតស្វាណា អង់គ្លេស អ៊ីស្លង់ ដាណឺម៉ាក ស៊ុយអ៊ែត សិង្ហបុរី និងកម្ពុជា ដូច្នេះយើងទាំងអស់គ្នាត្រូវរួមគ្នា សហការគ្នាបន្តទៀត ដើម្បីឈានទៅសម្រេចឱ្យបាននូវគោលដៅ ៩០-៩០-៩០ទាំងស្រុងនៅឆ្នាំ២០២០និងគោលដៅ ៩៥-៩៥-៩៥ នៅឆ្នាំ២០២៥។
លោក ធូ ភា អភិបាលរងខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា រដ្ឋបាលខេត្តប៉ៃលិន ពិតជាមានមោទនភាពណាស់ដែលអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ទាំង ២៥រាជធានីខេត្ត បានមកជួបជុំគ្នាបើកសិក្ខាសាលាប្រចាំឆ្នាំនៅខេត្តប៉ៃលិន ដែលនេះជាការ បង្ហាញពីការយកចិត្តទុកដាក់មួយខ្ពស់ និងការចែករំលែកនូវបទពិសោធន៍ល្អៗដល់អ្នកចូលរួមគ្រប់ៗគ្នា ពីព្រោះបញ្ហាមេរោគអេដស៍សម្រាប់បច្ចុប្បន្នភាពគឺមិនសូវកើតមានឡើងច្រើន ដូចមុននោះទេ ដោយសារយើងគ្រប់ៗគ្នាមានការយល់ដឹងច្រើនពីគ្រោះថ្នាក់ និងការការពារពីមេរោគអេដស៍ ហើយសម្រាប់ខេត្តប៉ៃលិន គឺថ្នាក់ដឹកនាំខេត្ត ក៏ដូចជាមន្ទីរសុខាភិបាលខេត្ត គឺតែងតែចូលរួមជម្រុញផ្សព្វផ្សាយជាប្រចាំដើម្បីធ្វើយ៉ាងណាឱ្យស្របតាមយន្តការអភិវឌ្ឍ យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជាឱ្យទទួលបានជោគជ័យ។

បើតាមរបាយការណ៍របស់លោក យក់ សុវណ្ណ អនុប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិន បានឱ្យដឹងថា ខេត្តប៉ៃលិនមានអ្នកផ្ទុកមេរោគអេដស៍ចំនួន ៤១២នាក់ ហើយ៩៤ភាគរយ នៅជាប់លាប់ជាមួយសេវាថែទាំរបស់មន្ទីរសុខាភិបាលខេត្ត ដោយឡែកអត្រាមេរោគអេដស៍ក្នុងចំណោមប្រជាជនស្វែងរកការធ្វើតេស្តរកមេរោគអេដស៏ មានការធ្លាក់ចុះ ដោយឆ្នាំ២០១៨ មានត្រឹមតែ ០.៦ភាគរយ គឺមានចំនួន ៤៣០៩នាក់៕




No comments:

Post a Comment