Thursday, February 11, 2016

សម្ដេចតេជោ៖ ការធ្វើចំណាកស្រុកខុសច្បាប់ត្រូវទប់ស្កាត់ តែការធ្វើចំណាក ស្រុកដោយស្របច្បាប់ គឺជាវិធីដោះស្រាយបញ្ហាការងារធ្វើជូនពលរដ្ឋ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ចំពោះការធ្វើចំណាកស្រុកដោយខុសច្បាប់របស់ប្រជាពលរដ្ឋខ្មែរ គឺរាជរដ្ឋាភិបាលត្រូវតែទប់ស្កាត់ ប៉ុន្ដែបើការធ្វើចំណាកស្រុកស្វែងរកការងារធ្វើនៅក្រៅប្រទេសដោយស្របច្បាប់វិញនោះ គឺជាវិធីដោះស្រាយបញ្ហាអត់ការងារធ្វើរបស់ប្រជាពលរដ្ឋ។ ការថ្លែងរបស់សម្ដេចតេជោ ហ៊ុន សែន ដូចនេះ ធ្វើឡើងក្នុងពិធីសម្ភោធដាក់ឲ្យប្រាស់ប្រាស់ជាផ្លូវការ នូវសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ នាព្រឹកថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០១៦នេះ។
សម្ដេចតេជោ ហ៊ុន សែន បានប្រសាសន៍ថា «មានអ្នកខ្លះបែងចែកអត់ច្បាស់ការធ្វើចំណាកស្រុកទៅរកការងារធ្វើនៅក្រៅប្រទេស អ្វីដែលរាជរដ្ឋាភិបាលត្រូវទប់ស្កាត់ គឺចំណាកស្រុកខុសច្បាប់ រីឯការទៅរកការងារដែលស្របច្បាប់ គឺជាវិធីដោះស្រាយបញ្ហាការងារសម្រាប់ពលរដ្ឋ។ ជាមួយគ្នានេះសម្ដេចតេជោ បានរិះគន់អ្នកនយោបាយមួយចំនួនដែលបានលើកឡើងថា ខ្លួននឹងបង្កើតការងារជាច្រើនជូនពលរដ្ឋធ្វើ នៅពេលគណបក្សរបស់ខ្លួនឈ្នះ ប៉ុន្ដែមិនទាន់នឹងឈ្នះផង បែរជាយកអ្នកមានធ្វើជាសត្រូវបាត់ទៅហើយនោះ ដូច្នេះតើមានអ្នកមានឯណា មកវិនិយោគទៀត» ប្រមុខរាជរដ្ឋាភិបាល បានលើកជាឧទាហរណ៍ថា សូម្បីតែប្រទេសហ្វីលីពីន ក៏មានពលករជាង១០លាននាក់ដែលចេញទៅធ្វើការនៅក្រៅប្រទេស ក្នុងនោះជនជាតិហ្វីលីពីនលើស១ម៉ឺននាក់ ក៏កំពុងតែធ្វើការងារនៅក្នុងប្រទេសកម្ពុជាផងដែរ។ សម្ដេចតេជោនាយករដ្ឋមន្រ្ដី ក៏បានផ្ដាំផ្ញើទៅកាន់អ្នកនយោបាយមួយចំនួនថា វិធីដោះស្រាយបញ្ហាការងារជូនប្រជាពលរដ្ឋ មិនមែនត្រឹមតែដោះស្រាយ នៅក្នុងស្រុកប៉ុណ្ណោះទេ ពោលគឺការស្វែងទីផ្សារការងារនៅក្រៅស្រុកក៏ជាផ្នែកមួយរបស់រាជរដ្ឋាភិបាលដែរ។
សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ជាការពិតរាជរដ្ឋាភិបាលត្រូវប្រឹងប្រែង ដើម្បីបង្កើតការងារបន្ថែមនៅក្នុងស្រុក ប្រសើរជាងទៅក្រៅស្រុក ព្រោះថាយើងក៏នៅខ្វះកម្លាំងពលកម្មដែរ ប៉ុន្ដែអ្វីដែលសំខាន់នោះ គឺនយោជកដែលម្ចាស់ចំការកៅស៊ូ ចំការម្រេច ត្រូវគិតគូពីការដំឡើងប្រាក់ខែជូនកម្មករ-នយោជិត និងត្រូវគិតគូពីបញ្ហានៃការស្នាក់នៅរបស់ពួកគេផងដែរ៕