Monday, March 28, 2022

វិភាគអន្តរជាតិ៖ តើអ៊ុយក្រែន នឹងត្រូវពុះចែកជាពីរ ដូចកូរ៉េខាងជើង និងកូរ៉េខាងត្បូង?



(កៀវ)៖ ប្រមុខទីភ្នាក់ងារស៊ើបការណ៍សម្ងាត់យោធាអ៊ុយក្រែន លោក គីរីឡូ ប៊ូដាណូវ (Kyrylo Budanov) បានចោទប្រកាន់ថារុស្ស៊ីកំពុងពិចារណា លើ «សេណារីយ៉ូកូរ៉េ» សម្រាប់អ៊ុយក្រែន តាមរយៈការពុះចែកប្រទេសនេះជាពីរ បន្ទាប់ពីបរាជ័យវាយចូលរដ្ឋធានីកៀវ និងមិនអាចផ្ដួលរំលំរដ្ឋាភិបាល លោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី។


ការព្រមានបែបនេះរបស់លោក Budanov ដែលប្រធាននាយកដ្ឋានស៊ើបការណ៍សម្ងាត់ នៃក្រសួងការពារជាតិអ៊ុយក្រែន ធ្វើឡើងកាលពីថ្ងៃអាទិត្យ ទី២៨ ខែមីនានេះនៅលើគណនី Telegram និងបន្ទាប់ពីរុស្ស៊ីបានប្រកាសផ្លាស់ប្ដូរយុទ្ធសាស្ត្រយោធាដោយងាកទៅផ្តោតលើតំបន់ដុនបាស់ ស្ថិតនៅ ភាគខាងកើតនៃប្រទេសវិញ។ លោក Budanov បានបញ្ជាក់ដូច្នេះថា «វាគឺជាការប៉ុនប៉ងមួយដើម្បីបង្កើតកូរ៉េខាងជើង និងកូរ៉េខាងត្បូងនៅក្នុង ប្រទេសអ៊ុយក្រែន។ ពួកឈ្លានពាន នឹងព្យាយាមបង្រួបបង្រួមទឹកដីដែលពួកគេកាន់កាប់ទៅជារដ្ឋមួយ ដែលប្រឆាំងនឹងឯករាជ្យភាពអ៊ុយក្រែន ហើយ យើងបានឃើញរួចទៅហើយនូវការបង្កើតអាជ្ញាធរនៅក្នុងតំបន់ទាំងនោះ និងការបង្ខំឱ្យប្រជាជនបោះបង់ចោលរូបិយវត្ថុអ៊ុយក្រែន»។


សង្រ្គាមរបស់លោក ពូទីនបានចូលដល់ខែទី២ហើយ ដោយកងទ័ពរុស្ស៊ីមិនអាចដណ្ដើមកាន់កាប់ ឬវាយចូលរដ្ឋធានីកៀវ ឬក៏គ្រប់គ្រងទីក្រុងធំៗ ណាមួយរបស់អ៊ុយក្រែនបាននោះឡើយ។ ប៉ុន្តែ យោធារុស្ស៊ីបានអះអាងថាដំណាក់កាលទី១ នៃប្រតិបត្តិការយោធាទទួលបានជោគជ័យ ហើយបាន ប្ដូរយុទ្ធសាស្ត្រទៅរំដោះតំបន់ដុនបាស់ទាំងស្រុងវិញ ដែលជាហេតុបង្កឱ្យមានការព្រួយបារម្ភថារុស្ស៊ីមានផែនការពុះចែកអ៊ុយក្រែនជាពីរ ដូចកូរ៉េខាងជើង និងកូរ៉េខាងត្បូង។


* ស្ទីលបោះឆ្នោតប្រជាមតិ


នៅក្រោយសង្រ្គាមកូរ៉េ (១៩៥០-១៩៥៣), ប្រជាជាតិកូរ៉េត្រូវបានពុះចែកជាពីរ គឺកូរ៉េខាងជើង និងកូរ៉េខាងត្បូង នៅក្រោមបទឈប់បាញ់មួយ តែ មិនមែនជាសន្ធិសញ្ញាសន្តិភាពនោះទេ ដែលនេះមានន័យថាជាលក្ខណៈបច្ចេកទេស ឧបទ្វីបកូរ៉េនៅតែស្ថិតនៅក្នុងស្ថានភាពសង្រ្គាម មកទល់បច្ចុប្បន្ន។ កូរ៉េទាំង២ ត្រូវបានខណ្ឌចែកដោយតំបន់គ្មានយោធា ឬ Demilitarised Zone (DMZ) ដែលមានទំហំ ៤គីឡូម៉ែត្រ និងបណ្ដោយ ប្រវែង ២៤៨ គីឡូម៉ែត្រ។


មែនទែនទៅរឿងបែបនេះ, វាហាក់ដូចជាបានកើតឡើងចំពោះអ៊ុយក្រែនរួចទៅហើយ ទាស់នៅត្រង់ថាកូរ៉េខាងជើង និងកូរ៉េខាងត្បូងត្រូវបានអន្តរជាតិ ទទួលស្គាល់ជាប្រទេសជាផ្លូវការដោយមានអាសនៈនៅអង្គការសហប្រជាជាតិ (UN) រីឯតំបន់ផ្ដាច់ខ្លួនពីរគាំទ្រដោយរុស្ស៊ី ក្នុងតំបន់ភាគខាងកើត ប្រទេសអ៊ុយក្រែន និងតំបន់គ្រីមៀ មិនត្រូវបានអន្តរជាតិទទួលស្គាល់តែប៉ុណ្ណោះ។ ការព្រមានរបស់លោក Budanov កើតមានឡើងបន្ទាប់ពីមេដឹកនាំ សាធារណរដ្ឋលូហ្កាន់ ដែលជាតំបន់ផ្ដាច់ខ្លួនមួយក្នុងចំណោមពីរលើទឹកដីអ៊ុយក្រែន បានប្រកាសថានឹងរៀបចំការបោះឆ្នោតប្រជាមតិមួយក្នុងពេល ឆាប់ៗនេះ ដើម្បីចូលរណបនឹងរុស្ស៊ី។


កាលពីឆ្នាំ២០១៤ តំបន់គ្រីមៀដែលសម្បូរដោយប្រជាជននិយាយភាសារុស្ស៊ីរស់នៅ ក៏បានរៀបចំការបោះឆ្នោតប្រជាមតិចូលរណបនឹងរុស្ស៊ីផងដែរ តែអន្តរជាតិមិនបានទទួលស្គាល់លទ្ធផលបោះឆ្នោតនេះនោះទេ។ បើតាមលោក Budanov អ៊ុយក្រែនជឿជាក់ថាលោក ពូទីន កំពុងផ្ដោតជាអាទិភាព លើការដណ្ដើមកាន់កាប់ទឹកដីភាគខាងកើត និងភាគខាងត្បូងនៃប្រទេស ក្នុងនោះរួមមានទាំងការសាងសង់ផ្លូវរបៀងមួយតភ្ជាប់តំបន់ភាគខាងកើត អ៊ុយក្រែន និងតំបន់គ្រីមៀ។ លោកបន្ថែមថាក្រោយសម្រេចគោលដៅនេះ លោក ពូទីននឹងគូសបន្ទាត់ព្រំដែនមួយ ពុះចែកតំបន់ទាំងនោះចេញពី អ៊ុយក្រែន ស្រដៀងគ្នាទៅនឹងកូរ៉េខាងត្បូង និងកូរ៉េខាងជើងដែរ។


គួរបញ្ជាក់ថា អមជាមួយការព្រមានថារុស្ស៊ីមានបំណងពុះចែកប្រទេសអ៊ុយក្រែនជាពីរ, ក្រសួងការបរទេសអ៊ុយក្រែនបានចេញមុខជំទាស់ទុកជាមុន នូវរាល់ការបោះឆ្នោតប្រជាមតិ នៅក្នុងតំបន់ភាគខាងកើតនៃប្រទេស ដោយចាត់ទុកថារាល់ការបោះឆ្នោតប្រជាមតិក្លែងក្លាយនៅក្នុងតំបន់គ្រប់គ្រង ដោយខុសច្បាប់ពីសំណាក់ពួកឧទ្ទាម នឹងត្រូវចាត់ទុកជាមោឃៈ និងមិនមានសុពលភាពស្របច្បាប់ទេ។ កាលពីឆ្នាំ២០១៤ តំបន់ផ្ដាច់ខ្លួនពីរ នៅភាគខាងកើតអ៊ុយក្រែនរួមមានលូហ្កាន់ និងដូញ៉េត បានប្រកាសឯករាជ្យ ហើយកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោក ពូទីន បានប្រកាសទទួលស្គាល់តំបន់ផ្ដាច់ខ្លួនទាំងពីរជា «រដ្ឋឯករាជ្យ» មុននឹងបើកធ្វើសង្រ្គាមលើអ៊ុយក្រែន ក្រោមហេតុផលការពារប្រជាជន ក្នុងតំបន់ទាំង២នេះ៕


ប្រភព ៖ Telegraph (ថ្ងៃចន្ទ ទី២៨ ខែមីនា ឆ្នាំ២០២២)

ដោយៈ Fresh News




Ok



រដ្ឋបាលរាជធានីភ្នំពេញ ច្រានចោលព័ត៌មានថា សមត្ថកិច្ចប្រើអំពើហិង្សា បៀតបៀនផ្លូវភេទលើស្រ្តីជាក្រុមបាតុករអតីតបុគ្គលិកណាហ្គាវើលដ៍

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២នេះ បានច្រានចោលព័ត៌មានថា សមត្ថកិច្ចបានប្រើអំពើហិង្សា បៀតបៀនផ្លូវភេទលើស្រ្តីជាក្រុមបាតុករ អតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍។ 



សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់យ៉ាងដូច្នេះថា «អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការបដិសេធ និងច្រានចោលទាំងស្រុងចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត គ្មានមូលដ្ឋានត្រឹមត្រូវ និងច្បាស់លាស់ មានចេតនាមួលបង្កាច់ ចោទប្រកាន់ និងទម្លាក់កំហុសមកលើអាជ្ញាធរមានសមត្ថកិច្ចដែលកំពុងបំពេញភារកិច្ចការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសង្គម។ ករណីចោទប្រកាន់ស្រដៀងគ្នានេះ កន្លងមករដ្ឋបាលរាជធានីភ្នំពេញ ក៏ធ្លាប់បានធ្វើការបំភ្លឺតាមរយៈសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រួចមកហើយ»។

ដើម្បីចៀសវាងសាធារណជនមានការភាន់ច្រឡំតាមការផ្សព្វផ្សាយព័ត៌មានមិនពិតខាងលើ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់សារជាថ្មីថា ចាប់តាំងពីក្រុមបាតុករ ដែលជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ បានប្រមូលផ្តុំធ្វើបាតុកម្មខុសច្បាប់តាមទីសាធារណៈ អស់រយៈពេលប្រមាណជាង ៣ខែកន្លងមកនេះ អាជ្ញាធរមានសមត្ថកិច្ច បានខិតខំចូលរួមសម្របសម្រួល ដោះស្រាយវិវាទការងារ និងការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសង្គម ប្រកបដោយភាពអត់ធ្មត់ខ្ពស់ ទោះបីជារងនូវការមួលបង្កាច់ចោទប្រកាន់ប្រមាថមើលងាយដោយប្រើពាក្យពេចន៍អសុរោះ និងអាកប្បកិរិយាមិនសមរម្យ អសីលធម៌ រហូតឈានដល់ទទួលរងនូវការប្រើអំពើហិង្សា បង្ករបួសស្នាម ពីសំណាក់ក្រុមបាតុករទាំងនោះ។ ការខិតខំបំពេញភារកិច្ចទាំងអស់នេះ គឺដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព ជូនក្រុមបាតុករទាំងអស់ក៏ដូចជាប្រជាពលរដ្ឋទូទៅនៅរាជធានីភ្នំពេញ ដែលគួរតែទទួលបាននូវការផ្តល់តម្លៃ ប៉ុន្តែផ្ទុយទៅវិញបែរជាទទួលបាននូវការចោទប្រកាន់ថាបានប្រើអំពើហិង្សា បៀតបៀនផ្លូវភេទលើស្រ្តីជាក្រុមបាតុករ។

អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានដាក់សំណួរថា «វាអាចទៅរួចដែរឬទេ ដែលថាអាជ្ញាធរមានសមត្ថកិច្ចបានប្រព្រឹត្តិអំពើហិង្សា និងអំពើអសីលធម៌ដូចការចោទប្រកាន់ នៅចំពោះមុខមនុស្សម្នា អាជីវករ អ្នកធ្វើដំណើរ នៅទីប្រជុំជនជាច្រើននាក់តាមទីសាធារណៈ ពិសេសស្ថិតក្រោមការត្រៀមរង់ចាំផ្តិតយករូបភាពពីសំណាក់ក្រុមបាតុករដែលប្រើកាមេរ៉ាទូរស័ព្ទគ្រប់ដៃ តាមផែនការគ្រោងទុករបស់អ្នកនៅពីក្រោយ ដែលរៀបចំជាឈុតឆាកសម្រាប់ឱ្យសម្ដែង»។

អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបន្ថែមថា ចំពោះការចោទប្រកាន់ខាងលើនេះ ប្រសិនបើមានការពិតនោះ គួរណាស់តែជនរងគ្រោះពិតប្រាកដ បង្ហាញភស្តុតាងឱ្យបានច្បាស់លាស់ និងដាក់ពាក្យបណ្តឹងជាផ្លូវការ ទៅស្ថាប័នមានសមត្ថកិច្ចដើម្បីមានមូលដ្ឋានចាត់វិធានការយ៉ាងតឹងរ៉ឹងបំផុត ចំពោះបុគ្គលដែលបានប្រព្រឹត្តបទល្មើសមកផ្តន្ទាទោស។ ផ្ទុយទៅវិញ ប្រសិនបើមានការដាក់ពាក្យបណ្តឹងជាផ្លូវការ ហើយសមត្ថកិច្ចរកពុំឃើញភស្តុតាងដូចការប្រកាន់នោះទេ អ្នកទាំងនោះក៏នឹងត្រូវប្រឈមមុខទទួលខុសត្រូវចំពោះមុខច្បាប់ដូចគ្នាដែរ។

បើតាមអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបន្ថែមទៀតថា ជាមួយគ្នានេះ ក៏មានការចោទប្រកាន់ផងដែរមកលើសមត្ថកិច្ច ថាបានរារាំងមិនឱ្យអ្នកឃ្លាំមើលសិទ្ធិមនុស្ស និងអ្នកសារព័ត៌មានមួយចំនួនតូចបំពេញការងាររបស់ខ្លួននោះ គឺជាការលើកឡើងដោយគ្មានហេតុផលព្រោះថាសមត្ថកិច្ច មិនដែលរារាំង និងហាមឃាត់ឡើយ ប៉ុន្តែពួកគាត់បានធ្វើដំណើរបំពេញការងារហួសព្រំដែនច្បាប់ដែលបានកំណត់ ដោយពួកគាត់ធ្វើដំណើរចូលទៅក្នុងរង្វង់ប្រតិបត្តិការរបស់សមត្ថកិច្ច ហើយអាជ្ញាធរគ្រាន់តែស្នើឱ្យពួកគាត់នៅក្រៅរង្វង់ប្រតិបត្តិការ ចៀសវាងមានឧបទ្ទវហេតុដែលបង្កឡើងដោយជនអគតិ ឬភាន់ច្រឡំថាពួកគាត់ជាក្រុមបាតុករ ដែលអាចនឹងត្រូវបានអញ្ជើញទៅធ្វើការសម្ដែង មតិនៅទីលានប្រជាធិបតេយ្យ៕





ផ្សាយបន្តផ្ទាល់៖ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ឱ្យប្រើប្រាស់ជាផ្លូវការ អគារជំងឺត្រចៀក ច្រមុះ បំពង់ក មិត្តភាពកម្ពុជា-កូរ៉េ (មន្ទីរពេទ្យព្រះអង្គឌួង) ក្រោមជំនួយឥតសំណងពីរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ

នៅព្រឹកថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៃមនី្ទរពេទ្យព្រះអង្គឌួង។

   
 
អគារមជ្ឈមណ្ឌលព្យាបាល ត្រចៀក ច្រមុះ និងបំពង់ក ដែលមានកម្ពស់៥ជាន់នៅមន្ទីរពេទ្យព្រះអង្គឌួង បានចាប់ផ្តើមសាងសង់នៅខែមីនាឆ្នាំ២០២០ និងបានគ្រោងបញ្ចប់ការ សាងសង់នៅចុងឆ្នាំ ២០២១ តែដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ គម្រោងនេះបានពន្យាពេលទៅដើមឆ្នាំ២០២២វិញ ។ 
ក្រៅពីការលើកកម្ពស់ផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្តសមត្ថភាពរបស់វេជ្ជបណ្ឌិតជំនាញឯកទេសនិងបុគ្គលិកទាំងអស់នឹងត្រូវបានបង្កើនសមត្ថភាពតាមរយៈកម្មវិធីបណ្តុះបណ្តាល និងការផ្ទេរចំណេះដឹង និងចំណេះធ្វើពីវេជ្ជបណ្ឌិតជនជាតិកូរ៉េ។
កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសជាដៃគូស្នូលរបស់ KOICA ដែលទទួលបានជំនួយសម្រាប់ការអភិវឌ្ឍលើវិស័យនានា ។ នៅកម្ពុជា KOICA មានយុទ្ធសាស្រ្តភាពជា ដៃគូប្រចាំប្រទេស(CPS) ដើម្បីជួយរាជរដ្ឋាភិបាលកម្ពុជាឱ្យសម្រេចបាននូវផែការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិរបស់ខ្លួនដោយរួមបញ្ចូលយុទ្ធសាស្រ្តជាមួយផែនការយុទ្ធសាស្ដ្រ អភិវឌ្ឍន៍ជាតិរបស់កម្ពុជានិងយុទ្ធសាស្រ្តចតុកោណរបស់រដ្ឋាភិបាល ។ សម្រាប់កម្ពុជា KOICA ផ្តោតសំខាន់លើការអភិវឌ្ឍវិស័យអទិភាពចំនួន៤រួមមាន៖អភិវឌ្ឍន៍ជនបទ សុខាភិបាល អប់រំ និង ហេដ្ឋារចនាសម្ព័ន្ធ។
អគារថ្មីនៅក្នុងមនី្ទរពេទ្យព្រះអង្គឌួង ដែលជាជំនួយឥតសំណង់របស់សាធារណរដ្ឋកូរ៉េតាមរយៈទីភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិកូរ៉េ KOICA នេះកើតចេញពីផ្លែផ្កានៃទំនាក់ ទំនងការទូតរវាងប្រទេសទាំងពីរ ៕