Monday, March 28, 2022

វិភាគអន្តរជាតិ៖ តើអ៊ុយក្រែន នឹងត្រូវពុះចែកជាពីរ ដូចកូរ៉េខាងជើង និងកូរ៉េខាងត្បូង?



(កៀវ)៖ ប្រមុខទីភ្នាក់ងារស៊ើបការណ៍សម្ងាត់យោធាអ៊ុយក្រែន លោក គីរីឡូ ប៊ូដាណូវ (Kyrylo Budanov) បានចោទប្រកាន់ថារុស្ស៊ីកំពុងពិចារណា លើ «សេណារីយ៉ូកូរ៉េ» សម្រាប់អ៊ុយក្រែន តាមរយៈការពុះចែកប្រទេសនេះជាពីរ បន្ទាប់ពីបរាជ័យវាយចូលរដ្ឋធានីកៀវ និងមិនអាចផ្ដួលរំលំរដ្ឋាភិបាល លោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី។


ការព្រមានបែបនេះរបស់លោក Budanov ដែលប្រធាននាយកដ្ឋានស៊ើបការណ៍សម្ងាត់ នៃក្រសួងការពារជាតិអ៊ុយក្រែន ធ្វើឡើងកាលពីថ្ងៃអាទិត្យ ទី២៨ ខែមីនានេះនៅលើគណនី Telegram និងបន្ទាប់ពីរុស្ស៊ីបានប្រកាសផ្លាស់ប្ដូរយុទ្ធសាស្ត្រយោធាដោយងាកទៅផ្តោតលើតំបន់ដុនបាស់ ស្ថិតនៅ ភាគខាងកើតនៃប្រទេសវិញ។ លោក Budanov បានបញ្ជាក់ដូច្នេះថា «វាគឺជាការប៉ុនប៉ងមួយដើម្បីបង្កើតកូរ៉េខាងជើង និងកូរ៉េខាងត្បូងនៅក្នុង ប្រទេសអ៊ុយក្រែន។ ពួកឈ្លានពាន នឹងព្យាយាមបង្រួបបង្រួមទឹកដីដែលពួកគេកាន់កាប់ទៅជារដ្ឋមួយ ដែលប្រឆាំងនឹងឯករាជ្យភាពអ៊ុយក្រែន ហើយ យើងបានឃើញរួចទៅហើយនូវការបង្កើតអាជ្ញាធរនៅក្នុងតំបន់ទាំងនោះ និងការបង្ខំឱ្យប្រជាជនបោះបង់ចោលរូបិយវត្ថុអ៊ុយក្រែន»។


សង្រ្គាមរបស់លោក ពូទីនបានចូលដល់ខែទី២ហើយ ដោយកងទ័ពរុស្ស៊ីមិនអាចដណ្ដើមកាន់កាប់ ឬវាយចូលរដ្ឋធានីកៀវ ឬក៏គ្រប់គ្រងទីក្រុងធំៗ ណាមួយរបស់អ៊ុយក្រែនបាននោះឡើយ។ ប៉ុន្តែ យោធារុស្ស៊ីបានអះអាងថាដំណាក់កាលទី១ នៃប្រតិបត្តិការយោធាទទួលបានជោគជ័យ ហើយបាន ប្ដូរយុទ្ធសាស្ត្រទៅរំដោះតំបន់ដុនបាស់ទាំងស្រុងវិញ ដែលជាហេតុបង្កឱ្យមានការព្រួយបារម្ភថារុស្ស៊ីមានផែនការពុះចែកអ៊ុយក្រែនជាពីរ ដូចកូរ៉េខាងជើង និងកូរ៉េខាងត្បូង។


* ស្ទីលបោះឆ្នោតប្រជាមតិ


នៅក្រោយសង្រ្គាមកូរ៉េ (១៩៥០-១៩៥៣), ប្រជាជាតិកូរ៉េត្រូវបានពុះចែកជាពីរ គឺកូរ៉េខាងជើង និងកូរ៉េខាងត្បូង នៅក្រោមបទឈប់បាញ់មួយ តែ មិនមែនជាសន្ធិសញ្ញាសន្តិភាពនោះទេ ដែលនេះមានន័យថាជាលក្ខណៈបច្ចេកទេស ឧបទ្វីបកូរ៉េនៅតែស្ថិតនៅក្នុងស្ថានភាពសង្រ្គាម មកទល់បច្ចុប្បន្ន។ កូរ៉េទាំង២ ត្រូវបានខណ្ឌចែកដោយតំបន់គ្មានយោធា ឬ Demilitarised Zone (DMZ) ដែលមានទំហំ ៤គីឡូម៉ែត្រ និងបណ្ដោយ ប្រវែង ២៤៨ គីឡូម៉ែត្រ។


មែនទែនទៅរឿងបែបនេះ, វាហាក់ដូចជាបានកើតឡើងចំពោះអ៊ុយក្រែនរួចទៅហើយ ទាស់នៅត្រង់ថាកូរ៉េខាងជើង និងកូរ៉េខាងត្បូងត្រូវបានអន្តរជាតិ ទទួលស្គាល់ជាប្រទេសជាផ្លូវការដោយមានអាសនៈនៅអង្គការសហប្រជាជាតិ (UN) រីឯតំបន់ផ្ដាច់ខ្លួនពីរគាំទ្រដោយរុស្ស៊ី ក្នុងតំបន់ភាគខាងកើត ប្រទេសអ៊ុយក្រែន និងតំបន់គ្រីមៀ មិនត្រូវបានអន្តរជាតិទទួលស្គាល់តែប៉ុណ្ណោះ។ ការព្រមានរបស់លោក Budanov កើតមានឡើងបន្ទាប់ពីមេដឹកនាំ សាធារណរដ្ឋលូហ្កាន់ ដែលជាតំបន់ផ្ដាច់ខ្លួនមួយក្នុងចំណោមពីរលើទឹកដីអ៊ុយក្រែន បានប្រកាសថានឹងរៀបចំការបោះឆ្នោតប្រជាមតិមួយក្នុងពេល ឆាប់ៗនេះ ដើម្បីចូលរណបនឹងរុស្ស៊ី។


កាលពីឆ្នាំ២០១៤ តំបន់គ្រីមៀដែលសម្បូរដោយប្រជាជននិយាយភាសារុស្ស៊ីរស់នៅ ក៏បានរៀបចំការបោះឆ្នោតប្រជាមតិចូលរណបនឹងរុស្ស៊ីផងដែរ តែអន្តរជាតិមិនបានទទួលស្គាល់លទ្ធផលបោះឆ្នោតនេះនោះទេ។ បើតាមលោក Budanov អ៊ុយក្រែនជឿជាក់ថាលោក ពូទីន កំពុងផ្ដោតជាអាទិភាព លើការដណ្ដើមកាន់កាប់ទឹកដីភាគខាងកើត និងភាគខាងត្បូងនៃប្រទេស ក្នុងនោះរួមមានទាំងការសាងសង់ផ្លូវរបៀងមួយតភ្ជាប់តំបន់ភាគខាងកើត អ៊ុយក្រែន និងតំបន់គ្រីមៀ។ លោកបន្ថែមថាក្រោយសម្រេចគោលដៅនេះ លោក ពូទីននឹងគូសបន្ទាត់ព្រំដែនមួយ ពុះចែកតំបន់ទាំងនោះចេញពី អ៊ុយក្រែន ស្រដៀងគ្នាទៅនឹងកូរ៉េខាងត្បូង និងកូរ៉េខាងជើងដែរ។


គួរបញ្ជាក់ថា អមជាមួយការព្រមានថារុស្ស៊ីមានបំណងពុះចែកប្រទេសអ៊ុយក្រែនជាពីរ, ក្រសួងការបរទេសអ៊ុយក្រែនបានចេញមុខជំទាស់ទុកជាមុន នូវរាល់ការបោះឆ្នោតប្រជាមតិ នៅក្នុងតំបន់ភាគខាងកើតនៃប្រទេស ដោយចាត់ទុកថារាល់ការបោះឆ្នោតប្រជាមតិក្លែងក្លាយនៅក្នុងតំបន់គ្រប់គ្រង ដោយខុសច្បាប់ពីសំណាក់ពួកឧទ្ទាម នឹងត្រូវចាត់ទុកជាមោឃៈ និងមិនមានសុពលភាពស្របច្បាប់ទេ។ កាលពីឆ្នាំ២០១៤ តំបន់ផ្ដាច់ខ្លួនពីរ នៅភាគខាងកើតអ៊ុយក្រែនរួមមានលូហ្កាន់ និងដូញ៉េត បានប្រកាសឯករាជ្យ ហើយកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោក ពូទីន បានប្រកាសទទួលស្គាល់តំបន់ផ្ដាច់ខ្លួនទាំងពីរជា «រដ្ឋឯករាជ្យ» មុននឹងបើកធ្វើសង្រ្គាមលើអ៊ុយក្រែន ក្រោមហេតុផលការពារប្រជាជន ក្នុងតំបន់ទាំង២នេះ៕


ប្រភព ៖ Telegraph (ថ្ងៃចន្ទ ទី២៨ ខែមីនា ឆ្នាំ២០២២)

ដោយៈ Fresh News




Ok



No comments:

Post a Comment