Thursday, November 11, 2021

កម្ពុជានាំមុខគេនៅ ក្នុងតំបន់អាស៊ី ជាមួយនឹងភាគរយខ្ពស់បំផុតនៃចំនួនប្រជាជន ដែលបានចាក់វ៉ាក់សាំងពេញលេញ

ប្រទេសកម្ពុជាកំពុងឈរនៅលើ កំពូលតារាងនៅក្នុងទ្វីបអាស៊ីក្នុងនាមជាប្រទេសដែលមានភាគរយខ្ពស់បំផុតនៃប្រជាជនដែលបានចាក់វ៉ាក់សាំង Covid-19 ពេញលេញ។ 

គេហទំព័រ ourworldindata.org បានឱ្យដឹងថា «ក្នុងចំណោមប្រជាជនចំនួន 16 លាននាក់នៅក្នុងប្រទេសកម្ពុជា មានប្រហែល 82% បានចាក់វ៉ាក់សាំង Covid-19 យ៉ាងហោចណាស់ 2ដូស តាំងពីថ្ងៃទី 3 ខែវិច្ឆិកា»។


ភាគរយនៃអ្នកដែលបានចាក់វ៉ាក់សាំងពេញលេញរបស់កម្ពុជាបានវ៉ាដាច់ប្រទេសសិង្ហបុរី ប្រ៊ុយណេ និងកូរ៉េខាងត្បូងចំនួន 1% ហើយក៏ «បានវ៉ាដាច់ប្រទេសជប៉ុន និងម៉ាឡេស៊ីចំនួន 2% ផងដែរ»។ 

គេហទំព័រដដែលនេះបានឱ្យដឹងថា «ប្រទេសថៃបានចាក់វ៉ាក់សាំងបង្ការដល់ប្រជាជនចំនួន 61% ខណៈវៀតណាមមានអត្រាចាក់វ៉ាក់សាំងចំនួន 60% ហើយប្រទេសឥណ្ឌូណេស៊ីនិងឡាវ គឺជាប្រទេសដែលមានចំណាត់ថ្នាក់ទាបបំផុត (44%)»។

នៅទូទាំងពិភពលោក កម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ5 ហើយនេះគឺពិតជារឿងដ៏គួរឱ្យចាប់អារម្មណ៍ណាស់។ អារ៉ាប់រួម, ព័រទុយហ្កាល់, គុយបា និងឈីលី បានយកឈ្នះលើកម្ពុជា ដោយបានស្ថិតនៅក្នុងចំណាត់ថ្នាក់កំពូលទាំង 4 ។

ទោះជាយ៉ាងណាក៏ដោយ គេហទំព័រ «Reuters Coronavirus Tracker» បានឱ្យដឹងថា «អត្រានៃការចាក់ថ្នាំបង្ការវីរុស Covid-19 នៅកម្ពុជាគឺមានចំនួនខ្ពស់ជាងអ្វី ដែលបានរាយការណ៍ នៅក្នុងគេហទំព័រ ourworldindata.org ទៅទៀត»។

គេហទំព័រ Reuters បាននិយាយថា «ជាក់ស្តែង កម្ពុជាបានចាក់វ៉ាក់សាំងពេញលេញបាន 84.4% នៃចំនួនប្រជាជនសរុបរបស់ខ្លួន»។

នៅពេលដែលព្រះរាជាណាចក្រកម្ពុជាផ្តល់ការអនុញ្ញាតឱ្យចាក់វ៉ាក់សាំងដល់កុមារ ដែលមានអាយុ 3 និង 4ឆ្នាំ នាពេលអនាគតដ៏ខ្លី «ផែនការរបស់រដ្ឋាភិបាលក្នុងការចាក់វ៉ាក់សាំង Covid-19 ឱ្យបានពេញលេញដល់ប្រជាជនចំនួន 91% នឹងអាចក្លាយជាកាពិត»។

នាពេលឥឡូវនេះ ប្រហែលជាពាក់កណ្តាលនៃចំនួនប្រជាជននៅក្នុងពិភពលោក បានចាក់វ៉ាក់សាំង Covid-19 យ៉ាងហោចណាស់ 1ដូស ក៏ប៉ុន្តែ ស្ថានភាពនេះ មានលក្ខណៈខុសគ្នាយ៉ាងខ្លាំងនៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប ដែលភាគច្រើនប្រជាជនដែលបានចាក់វ៉ាក់សាំងយ៉ាងហោចណាស់ 1ដូស មានចំនួនត្រឹមតែ 4% ប៉ុណ្ណោះ។ «ក៏ប៉ុន្តែប្រទេសកម្ពុជាគឺជាករណីលើកលែងមួយ»។ 

កម្ពុជាបាននឹងកំពុងបើកចំហរទទួលស្វាគមន៍ភ្ញៀវទេសចរ ដែលបានចាក់វ៉ាក់សាំងបង្ការពេញលេញដើម្បីជំរុញសេដ្ឋកិច្ចរបស់ខ្លួន។ អ្នកដែលចង់ចូលព្រះរាជាណាចក្រកម្ពុជា ត្រូវតែចាក់វ៉ាក់សាំងបង្ការឱ្យបានពេញលេញ ហើយនឹងត្រូវតម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេល 7ថ្ងៃ ខណៈដែលអ្នកជំនួញជាច្រើននឹងត្រូវបានអនុញ្ញាតឱ្យធ្វើចត្តាឡីស័ករយៈពេលតែ 3ថ្ងៃប៉ុណ្ណោះចាប់ពីចុងខែវិច្ឆិកានេះតទៅ៕

The Thaiger

សារព័ត៌មាន The Hill៖ «មហារីកនយោបាយកំពុងលេបត្របាក់ លទ្ធិប្រជាធិបតេយ្យនៅអាមេរិក»

 

(ប៉េកាំង)៖ អត្ថបទថ្មីមួយដែលចេញផ្សាយដោយ គេហទំព័រព័ត៌មាននយោបាយអាមេរិក «The Hill» បានលើកឡើងថា «ជំងឺមហារីកនយោបាយកំពុងលេបត្របាក់ លទ្ធិប្រជាធិបតេយ្យអាមេរិក បន្តិចម្ដងៗហើយ»។ នេះបើតាមការដកស្រង់ដោយ ទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២១។

អត្ថបទខាងលើនេះ បានកត់សម្គាល់ឃើញថា «អាមេរិកមិនមែន ជាប្រទេសប្រជាធិបតេយ្យសុទ្ធសាធទៀតនោះទេ។ ប្រព័ន្ធត្រួតពិនិត្យ និងតុល្យភាពរបស់វា បានផ្ដល់ឱ្យជនជាតិភាគតិច គ្រប់គ្រងភាគច្រើនហើយ»។ អត្ថបទនេះ បានពន្យល់ទៀតថា «ប្រជាពលរដ្ឋនៃប្រទេសប្រជាធិបតេយ្យ គួរតែយកសុខុមាលភាពរបស់ប្រទេសជាអាទិភាព ជាជាងផលប្រយោជន៍បុគ្គល ប៉ុន្តែស្ថានការណ៍នាពេលឥឡូវនេះ គឺផ្ទុយស្រឡះតែម្ដង។ ទន្ទឹមនឹងនោះ ទាំងគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ ត្រូវបានបែងចែកយ៉ាងដាច់ពីគ្នាតែម្ដង»។

អត្ថបទនេះ បានលើកឡើងរឿងរសើបមួយថា «ការបែកបាក់រវាងពូជសាសន៍ កំពុងតែរីករាលដាលខ្លាំងឡើងៗ ជាងពេលណាៗទាំងអស់ ក្នុងសហគមន៍អាមេរិក។ អ្វីដែលអាក្រក់ជាងនេះទៅទៀត គឺរដ្ឋាភិបាលដែលអសមត្ថភាព មិនថាច្បាប់របស់គណបក្សណាទេ គឺមិនបានឆ្លើយតបទាន់ពេលវេលា ទៅនឹងតម្រូវការរបស់ប្រទេស និងសាធារណៈជនឡើយ ដែលបង្កឱ្យមានកំហឹង ការជំទាស់ប្រឆាំង ការអាក់អន់ចិត្ត និងការជេរប្រមាថ ដែលប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃ។ រហូតមកទល់ពេលនេះ ប្រជាពលរដ្ឋជិត ៨០ភាគរយ មិនមានទំនុកចិត្តលើរដ្ឋាភិបាលទៀតនោះទេ»៕



លិខិតមិត្តអ្នកអាន៖ នៅក្នុងភាពខ្មៅនៃភូមិសាស្ត្រនយោបាយ ជម្រើសរបស់កម្ពុជាយើងមានតែ១គត់


(ភ្នំពេញ)៖ ខ្មែរយើងមានពាក្យមួយថា «ជ្រិញ»។ យើងពិតជា ជ្រិញ ចំពោះបរទេសខ្លះដែលមានចរិតចក្រព័ត្ត ដែលជារឿយៗបានថ្លែងការណ៍យ៉ាងនេះ ឬបរិយាយយ៉ាងនោះ និងបានប្រឌិតរឿងរ៉ាវជាបន្តបន្ទាប់ដោយគ្មានមូលដ្ឋាន និងដោយអសីលធម៌ ជាន់ឈ្លីមកលើតម្លៃប្រជាជាតិខ្មែរយើង ក្នុងបំណងតែមួយគត់ គឺដើម្បីបម្រើ «ផលប្រយោជន៍នៃភូមិសាស្ត្រនយោបាយរបស់ខ្លួនគេតែប៉ុណ្ណោះ»។ ទង្វើអសីលធម៌ និងការប៉ុនប៉ងជ្រៀតជ្រែកដ៏ខ្មៅងងិតរបស់បរទេសចូលកិច្ចការផ្ទៃក្នុងកម្ពុជា គឺមានច្រើនដំណាក់កាល ដែលខ្មែរយើងត្រូវតែចងចាំនិងរលឹកដឹងជានិច្ច។


ទោះបីជាបែបណាក៏ដោយ ហេតុការណ៍ដែលគេបង្កើតឡើងជាបន្តបន្ទាប់ ហើយធ្វើចំពោះប្រជាជាតិយើងមកនេះ គឺជាកញ្ចក់ឆ្លុះបញ្ចាំងសម្រាប់យើងអាចយល់បានកាន់តែច្បាស់ថា នរណាជានរណា? យើងនឹងមិនតទល់ជាមួយនរណាទេ។ ការខិតខំដ៏ត្រឹមត្រូវរបស់យើងគឺ ពង្រឹងខ្លួនយើង ពង្រឹងសមត្ថភាពជាតិរបស់យើងឱ្យកាន់តែរឹងមាំ ពង្រឹងស្មារតីជាតិនិយមរបស់យើងឱ្យរឹងមាំ ហើយនឹងមិនឱនចំពោះបរទេសណាមួយឡើយ។ អ្វីដែលបរទេសខ្លះបានធ្វើចំពោះយើងបច្ចុប្បន្ននេះ រំលឹកយើងពីអតីតកាលជាង៥០ឆ្នាំ ហើយក៏ឱ្យយើងយល់កាន់តែច្បាស់ថាអ្វីជាមាគ៌ាឆ្ពោះទៅមុខរបស់កម្ពុជា ដោយមិនអនុញ្ញាតឱ្យនយោបាយខ្មៅងងឹតពីអតីតកាលវិលវិញជាដាច់ខាត។


យើងនៅចងចាំបានថា បរិបទសង្គ្រាមត្រជាក់ក្នុងទសវត្សរ៍ឆ្នាំ១៩៧០ និងការប្រកួតប្រជែងគ្នាខាងឥទ្ធិពលមនោគមន៍វិជ្ជារវាងមហាអំណាចនៅគ្រានោះ បានបង្កផលប៉ះពាល់ បង្កគ្រោះថ្នាក់ និងបង្កការឈឺចាប់ក្រៃលែងសម្រាប់ប្រជាជាតិខ្មែរ ហើយក៏ជាដំណាក់កាលដែលប្រជាជាតិខ្មែរបានធ្លាក់ដល់ចំណុចសូន្យដែរ។ រយៈពេលជាង៥០ឆ្នាំ បន្ទាប់ពីកម្ពុជាធ្លាប់រងគ្រោះដោយសារការទម្លាក់គ្រាប់បែក និងរបបវាលពិឃាតខ្មែរក្រហម ឥឡូវនេះ ឆ្នាំ២០២១ ពិភពលោកបានដើរដល់របត់ថ្មីមួយទៀត គឺការកើតឡើងនូវ «សង្គ្រាមភូមិសាស្ត្រនយោបាយបែបថ្មី» ហើយតាមការព្យាករណ៍ វិបត្តិនេះនឹងអាចអូសបន្លាយក្នុងរយៈពេលវែង។


សភាពការណ៍ពិភពលោកជាង៥០ឆ្នាំមុន និងបច្ចុប្បន្នពិតជាមិនដូចគ្នា ប៉ុន្តែមានសារជាតិតែមួយ។ យើងអាចវាយតម្លៃបានថា សក្តានុពលនៃមហាអំណាច ចិន បច្ចុប្បន្ន គឺមិនមែនជា សហភាពសូវៀតកាលពីទសវត្សរ៍១៩៧០នោះទេ។ ទោះបីជាអ្នកណាចង់ឈ្លោះគ្នា គឺជារឿងរបស់គេ ក៏ប៉ុន្តែ វាជាទង្វើដ៏អសីលធម៌ពេក ដែលគេមកជាន់ឈ្លីប្រជាជាតិយើង ក្នុងបញ្ហានយោបាយរបស់គេ។ យើងគួរតែនិយាយឱ្យត្រង់ថា៖ «បើអ្នកនយោបាយអាមេរិក ប្រឆាំងការរះឡើងរបស់មហាអំណាច ចិន អ្នកគួរតែធ្វើផ្ទាល់ជាមួយ មហាអំណាច ចិន តែម្តងទៅ»។ សម្រាប់ កម្ពុជា គឺមិនបានចាត់ទុកប្រទេសណាមួយជាសត្រូវនោះឡើយ។ ប្រទេសទាំងអស់លើពិភពលោកគឺជាមិត្តកម្ពុជា ហើយក៏សូមយល់ថា កម្ពុជាគឺជាប្រទេសអធិបតេយ្យ។ កម្ពុជា ត្រូវតែមានឯករាជ្យភាពនិងសិទ្ធិស្វ័យសម្រេចរបស់ខ្លួន។


នៅក្នុងបរិបទថ្មីនេះដែរ យើងគួរតែនិយាយត្រង់ជាមួយគ្នា ហើយទោះបីជាបរទេសធ្វើមិនយល់ ដោយសារតែផលប្រយោជន៍របស់គេ ប៉ុន្តែប្រជាជនខ្មែរយើងយល់បានច្បាស់។ តើប្រជាជនកម្ពុជា ដែលជាប្រជាជាតិមួយ ធ្លាប់ប្រឹងងើបចេញពីរណ្តៅគ្រាប់នៃសំណល់សង្គ្រាម បានធ្វើអ្វីប៉ះពាល់ផលប្រយោជន៍របស់ប្រទេសធំណាមួយ សូម្បីប៉ុនសសៃសក់? តើអ្នកមានសីលធម៌ ទុកពេលឱ្យខ្មែរដកដង្ហើមបានខ្លះទេ? នៅពេលដែលប្រជាជនកម្ពុជាកំពុងហូរឈាមក្នុងរណ្តៅគ្រាប់ផ្លោង តើពេលនោះអ្នកកំពុងធ្វើអ្វី? នៅពេលដែលប្រជាជនកម្ពុជា កំពុងអត់បាយនៅក្រោយរបបខ្មែរក្រហម តើអ្នកមានផ្តល់អង្ករសូម្បីតែ១គ្រាប់ឱ្យខ្មែរទេ? បើអ្នកអួតអាងពីការការពារសិទ្ធិមនុស្ស ហេតុអ្វីអ្នកចង់បំផ្លិចបំផ្លាញ «សន្តិភាព» ដ៏មានតម្លៃរបស់កម្ពុជា?


ប្រជាជនកម្ពុជា ក៏អាចចោទសួរសំណួរបែបពិចារណាត្រឡប់ទៅវិញថែមទៀតដែរ៖ តើមានអំពើព្រៃផ្សៃណា ដែលអាក្រក់ជាង ទំនាស់ភូមិសាស្ត្រនយោបាយរបស់មហាអំណាច ហើយបែរជាយកប្រទេសតូចធ្វើជាចំណាប់ខ្មាំង និងជាន់ឈ្លី? តើមានអំពើព្រៃផ្សៃណាមួយដែលឈឺចាប់បំផុត ដែលប្រទេសធំមួយបានទម្លាក់គ្រាប់បែករាប់សែនលានតោនមកលើក្បាលសម្លាប់ប្រជាជនស្លូតត្រង់ បង្កឱ្យមានរបួស ពិការ ស្លាប់បាត់បង់ជីវិត និងនិរាសព្រាត់ប្រាស់ក្រុមគ្រួសារ? តើមានអំពើព្រៃផ្សៃណាមួយដែលយង់ឃ្នងជាងអំពើប្រល័យពូជសាសន៍ដែលជាកម្អែលនៃមនោគមន៍វិជ្ជាបរទេស? អ្នកកុំដោះសារ ហើយក៏កុំបិទមាត់ខ្លួនឯងចំពោះទង្វើអមនុស្សធម៌នេះ។ អ្នកមិនទាន់បានសុំទោសប្រជាជនកម្ពុជានៅឡើយទេ ហើយអ្នកនៅជំពាក់ឈាមប្រជាជនកម្ពុជាច្រើនណាស់។


អ្នកនិយាយពីសិទ្ធិមនុស្ស សិទ្ធិបុគ្គល ឬសិទ្ធិក្រុមណាមួយនោះដែលជាឧបករណ៍បម្រើនយោបាយអ្នក ប៉ុន្តែអ្នកបំពានអធិបតេយ្យរបស់ប្រទេសជាតិមួយ។ ក្នុងចរិតនយោបាយខ្មៅងងិត អ្នកបានផ្តួចផ្តើមធ្វើច្បាប់នេះឬច្បាប់នោះ ចុះហេតុម្តេចអ្នកមិនធ្វើច្បាប់កាត់ទោសជនជាតិ អ្នកដែលសម្រេចទម្លាក់គ្រាប់បែកមកលើប្រទេសអធិបតេយ្យ? ប្រជាជនកម្ពុជាយល់ដឹងច្បាស់ណាស់ថា ការដែលអ្នកប្រឌិតរឿងមូលដ្ឋានកងទ័ពជើងទឹករាម នៅខេត្តព្រះសីហនុ ម្តងហើយម្តងទៀត បញ្ហាគន្លឹះគឺមិនមែនរឿងកំពង់ផែទេ ប៉ុន្តែអ្នកត្រូវនិយាយត្រង់ថា គឺជាលេសបង្កើតសម្ពាធនយោបាយ។ សូមអ្នកយល់ថា ដរាបណា អ្នកនៅតែបង្កើតលេសជាន់ឈ្លីប្រជាជាតិយើង ខ្មែរនៅតែនឹកឃើញដល់ភាពអសីលធម៌របស់អ្នកដែលបាន «យកញញួរវាយក្បាលខ្មែរ ហើយឱ្យខ្មែរសងថ្លៃញញួរ ដែលប្រឡាក់ដោយឈាមប្រជាជនយើង»។


ប្រជាជនកម្ពុជា! ជនជាតិខ្មែរយើង មានតម្លៃរបស់យើង។ យើងបន្តស្វែងយល់គ្រប់ទិដ្ឋភាពនយោបាយតំបន់និងអន្តរជាតិ ហើយខិតខំមើលឱ្យឃើញច្បាស់ពីឧបាយកលដ៏ពិសពុលរបស់បរទេសមួយចំនួនមកលើប្រជាជាតិយើង។ យើងគ្មានបំណងបង្កអរិភាពជាមួយនរណាទេ។ ប៉ុន្តែ នៅក្នុងទំនាក់ទំនងកម្រិតអ្វីក៏ដោយ បើគេមានភាពស្មោះត្រង់ក្នុងការកសាង «មិត្តភាព» នោះគេនឹងមានការថ្លឹងថ្លែង នឹងមានការក្រែងចំពោះយើង។ បើជាមិត្តពិត នោះគេនឹងបង្ហាញសីលធម៌និងការគោរពចំពោះយើង ដោយមិនបរិហារ មិនប្រមាថ មិនរុកគួន ដោយគ្មានហេតុផល និងដោយអសីលធម៌មកលើប្រជាជាតិយើងនោះទេ។


ប្រជាជនកម្ពុជា! នរណាថាអ្វីក៏ថាទៅចុះ។ ម្តងគេចង់ឱ្យយើងទៅឆ្វេង ឬទៅស្តាំ យើងអាចយល់បាន។ តែយើងមិនទៅណាចោលតម្លៃខ្មែរ និងផលប្រយោជន៍ខ្មែរឡើយ។ បើនរណាដែលដាក់ខ្លួនឱនក្បាលចំពោះបរទេសដោយគ្មានអៀនខ្មាសដូចដែល លន់ ណុល និងទ្រង់ស៊ីសុវត្ថិ សិរិមតៈ បានធ្វើកាលជាង៥០ឆ្នាំមុន នោះក៏ព្រលឹងវីរបុរសខ្មែរ និងបារមីប្រទេសកម្ពុជានឹងមិនព្រមជាដាច់ខាត។ ទង្វើដែលគេជាន់ឈ្លីយើង នោះនឹងកាន់តែជំរុញធ្វើឱ្យសាមគ្គីភាពខ្មែរយើងកាន់តែរឹងមាំទ្វេឡើង។ ទាំងក្នុងបច្ចុប្បន្ននិងតទៅអនាគត យើងមានជម្រើសតែ១គត់ គឺជាជម្រើសដ៏ត្រឹមត្រូវ ហើយក៏ជាជម្រើសដ៏មានតម្លៃបំផុតសម្រាប់ខ្មែរនោះគឺ យើងបន្តជ្រើសយក «កម្ពុជា»។ យើងរួមគ្នាពង្រឹងខ្មែរឱ្យខ្លាំង ហើយមានតែសាមគ្គីខ្មែរខ្លាំងទេ ដែលប្រជាជាតិខ្មែរយើងបន្តធានាបាននូវឯករាជ្យ អធិបតេយ្យ និងការពារបាននូវផលប្រយោជន៍ខ្មែរគ្រប់កាលៈទេសៈ៕


ដោយ៖ សេនាជាតិ

ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១









សុន្ទរកថាទាំងស្រុងសម្តេចតេជោ ហ៊ុន សែន ថ្លែងបើកកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៧ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ (៤ទំព័រ)

 (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានអញ្ជើញថ្លែងសុន្ទរកថា បើកកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៧ និងកិច្ចប្រជុំពាក់ព័ន្ធ។ កិច្ចប្រជុំនេះបានធ្វើឡើងតាមប្រព័ន្ធវីដេអូ ដោយក្រសួងសាធារណការ និងដឹកជញ្ជូនរបស់កម្ពុជា ជាម្ចាស់ផ្ទះនៃការរៀបចំកិច្ចប្រជុំ។


ក្នុងសុន្ទរកថានេះ សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចនូវបញ្ហាប្រឈមរបស់ប្រទេសក្នុងតំបន់អាស៊ាន ដែលបណ្តាលមកពីការរាតត្បាតនៃជំងឺកូវីដ១៩ ការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ សង្គ្រាមពាណិជ្ជកម្ម និងការប្រែប្រួលអាកាសធាតុជាដើម។ សម្តេចតេជោ បានគូសរំលេចថា ដើម្បីដោះស្រាយបញ្ហាទាំងនេះប្រកបដោយវិបុលភាព និងសម្រាប់ជាប្រយោជន៍ដល់តំបន់អាស៊ាននោះ អាស៊ានត្រូវប្រកាន់ខ្ជាប់នូវទស្សនៈពហុភាគីនិយម និងរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ស្របតាមទិសស្លោក «យើងយកចិត្តទុកដាក់, យើងត្រៀមលក្ខណៈ យើងរីកចម្រើន (We Care, We Prepare, We Prosper)»។

បន្ថែមពីលើនោះ ការជំរុញការធ្វើសមាហរណកម្មសហគមន៍អាស៊ាន តាមគន្លងប្រក្រតីភាពថ្មី គឺជាកិច្ចការចាំបាច់ និងសមស្រប ដើម្បីបង្កើតជាកម្លាំងមួយដ៏ធំសំដៅប្រែក្លាយអាស៊ានទាំងមូលទៅជាតំបន់មួយដែលមានភាពធន់ ភាពប្រកួតប្រជែង និងបរិយាប័ន្ន។

ក្នុងសុន្ទរកថានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងពីសារៈសំខាន់នៃការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូននៅក្នុងតំបន់អាស៊ាន ហើយបានផ្តល់អនុសាសន៍មួយចំនួនដល់រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន ខិតខំប្រឹងប្រែងដើម្បីសម្រេចការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូននៅក្នុងតំបន់អាស៊ាននេះ។

ក្នុងសុន្ទរកថានេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ក្នុងនាមជាប្រធានអាស៊ាន កម្ពុជានឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ក្នុងកិច្ចសហការជិតស្និទ្ធជាមួយ បណ្តាប្រទេសជាសមាជិក និងដៃគូដទៃទៀត ក្នុងការសម្រេចបាននូវអាទិភាពផ្សេងៗរបស់អាស៊ានឆ្ពោះទៅរកការស្តារ និងជំរុញកំណើនសេដ្ឋកិច្ច អាស៊ាន ព្រមទាំងការលើកកម្ពស់សហគមន៍អាស៊ាន នៅក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ស្របតាមមូលបទ «អាស៊ានរួមគ្នាធ្វើ - ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា) ASEAN A.C.T. Addressing Challenges Together)» ដើម្បីភាពសុខដុមរមនា, សន្តិភាព និងវិបុលភាព ក្នុងតំបន់ទាំងមូល។

ខាងក្រោមនេះ គឺជាសុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន៖










ចំណេះដឹងទូទៅ៖ Grand Canal គឺជាព្រែកជីកតភ្ជាប់ភាគខាងជើង និងខាងត្បូងរបស់ចិន


(ប៉េកាំង)៖ ច្រើនសតវត្សរ៍មកហើយ អំណាចរបស់អធិរាជប្រទេសចិនកើនឡើង និងធ្លាក់ចុះ អាស្រ័យដោយសារការគ្រប់គ្រងទៅលើព្រែកជីកដ៏ធំមួយ ដែលឥឡូវនេះគេឲ្យឈ្មោះថា Grand Canal។ បច្ចុប្បន្ននេះដែរ ផ្លូវទឹកខាងលើមានទំហំខ្លីជាងអតីតកាលច្រើនណាស់ ប៉ុន្តែវានៅតែក្លាយជាទន្លេដែលបង្កើតដោយមនុស្សដ៏វែងជាងគេបំផុតនៅលើពិភពលោក។

ពិសេសជាងនេះទៅទៀត Grand Canal បន្តផ្តល់ឲ្យនូវសេដ្ឋកិច្ច និងវប្បធម៌យ៉ាងសំខាន់សម្រាប់ប្រទេសចិនក្នុងសម័យទំនើប។ វាមានប្រវែង១,៧៧៦គីឡូម៉ែត្រ ដែលជាស្នាព្រះហស្ដរបស់អធិរាជសួយយ៉ាង (Emperor Yang of Sui) នៃរាជវង្សសួយ (Sui dynasty)។



* ប្រវត្តិនៃការបង្កើត Grand Canal

ព្រែកជីក Grand Canal មិនមែនត្រូវបានជីកដោយដៃមនុស្សទាំងស្រុងនោះទេ ប៉ុន្តែវាជាព្រែកជីកតភ្ជាប់ពីទន្លេមួយទៅទន្លេមួយទៀត ពោលគឺជីកជាកំណាត់ៗ។ គេបានចាប់ផ្តើមការដ្ឋានជីកព្រែកជីកនេះនៅអំឡុងឆ្នាំគ្រិស្ដសករាជ ៦០៥។ កាលណោះ អធិរាជសួយយ៉ាង មានព្រះតម្រិះថាទ្រង់ត្រូវការផ្លូវដ៏ល្អមួយ ដើម្បីដឹកជញ្ជូនស្បៀងឱ្យកាន់តែរហ័សពីភាគខាងត្បូងដែលជាទីតាំងដាំស្រូវ ទៅកាន់ភាគខាងជើងនៃទឹកដីមហាសួយ។ ដូច្នេះហើយទើបអធិរាជយ៉ាងបានដាក់បញ្ជាឱ្យបើកការដ្ឋានសាងសង់ផ្នែកដំបូងនៃព្រែកជីក គេបានតភ្ជាប់ព្រែកជីក បឹង និងទន្លេជាច្រើនជាមួយគ្នា។ តាមការប៉ាន់ស្មាន មានមនុស្សប្រមាណ១លាននាក់ដែលភាគច្រើនជាកសិករបានចូលរួមកសាងព្រែកជីកនេះ។ ការដ្ឋានជីកព្រឺកជីកបានចំណាយពេលអស់៦ឆ្នាំ។

ប្រមាណ៥០០ឆ្នាំបន្ទាប់ សារៈសំខាន់នៃព្រែកជីកនេះកាន់តែមានវិសាលភាព ប៉ុន្តែនៅឆ្នាំគ្រិស្ដសករាជ ១១២៧ ពោលគឺក្នុងសម័យរាជវង្សសុង (Song dynasty) ផ្នែកជាច្រើនរបស់ព្រែកខាងលើត្រូវរងការខូចទ្រុងទ្រោយ។ ក្នុងឆ្នាំគ្រិស្ដសករាជ ១២៧៩ ព្រះចៅអធិរាជ គូប៊ីឡៃខាន់ (Kublai Khan of Yuan dynasty) បានចាប់ផ្តើមជួសជុលឡើងវិញ និងកសាងផ្នែកថ្មីៗបន្ថែមទៀត។ ការកែលម្អនេះបង្កើតឲ្យមានការតភ្ជាប់រវាងភាគខាងជើង និងភាគខាងត្បូង ពោលគឺចាប់ពីរាជធានីប៉េកាំង (Beijing) ទៅកាន់ទីក្រុងហាងចូវ (Hangzhou)។ ចំណេរកាលតមកទៀត អ្នកគ្រប់គ្រងបានបន្តពង្រីកនិងធ្វើឲ្យប្រសើរឡើងជាងមុន ហើយជាលទ្ធផលវាបានក្លាយទៅជាបណ្តាញដ៏មានសារៈសំខាន់សម្រាប់ជាមធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹក។

បន្ថែមលើការដឹកស្បៀងអាហារនៅក្នុងប្រទេសចិន Grand Canal ក៏បានក្លាយជាតំណភ្ជាប់វប្បធម៌ដ៏ពិសិដ្ឋផងដែរ។ កងទ័ព ឈ្មួញ និងវិចិត្រករដឹកជញ្ជូនទំនិញ និងអាហារក្នុងតំបន់ ក៏ដូចជាផ្សព្វផ្សាយវប្បធម៌ពីផ្នែកមួយទៅផ្នែកមួយទៀតនៃប្រទេសចិន។ បើតាមការនិទាន នេះគឺជារបៀបដែលក្រុងប៉េកាំងទទួលបានភាពល្បីល្បាញនៃពាណិជ្ជនាមចំនួន២ គឺទាខ្វៃប៉េកាំង (Peking Duck) ដែលជាម្ហូបមកពីខេត្តសានទុង (Shandong) និងល្ខោនប៉េកាំង (Peking Opera) ដែលមកពីខេត្តអានហួយ (Anhui) និងហ៊ូប៉ី (Hubei) ត្រូវបាននាំយកពីភាគខាងជើងតាមរយៈព្រែកជីកនេះឯង។

* បច្ចុប្បន្នភាពនៃ Grand Canal

ប្រមាណជា១០០០ឆ្នាំ ទំនិញនានាត្រូវបានដឹកជញ្ជូនតាមរយៈ Grand Canal។ សូម្បីតែរាល់ថ្ងៃ ផ្លូវទឹកដ៏ធំមួយនេះដើរតួនាទីយ៉ាងសំខាន់ផ្នែកសេដ្ឋកិច្ចរបស់ប្រទេសចិនទៀតផង។ ទូកជាច្រើនបន្តដឹកធ្យូងថ្មរាប់រយតោន និងម្ហូបអាហារ ទំនិញជាដើមនោះ ត្រូវបានដឹកទៅកាន់ទិសដៅនានារវាងទីក្រុងហាងចូវ នៃខេត្តចឺជាំង (Zhejiang) នៅភាគខាងត្បូង ទៅកាន់ទីក្រុងជីនីង (Jining) នៃខេត្តសានទុង ដែលនៅភាគខាងជើង។ បន្ថែមលើនេះ រដ្ឋាភិបាលតំបន់មានឆន្ទៈពង្រីកទីតាំងទេសចរ និងការអភិវឌ្ឍវិស័យអចលនទ្រព្យដែលសុទ្ធសឹងដ៏វិសេសស្ថិតនៅក្បែរៗព្រែកជីក។

ធម្មតាទេ ការអភិវឌ្ឍគឺតែងតែមានផលប៉ះពាល់។ នៅក្នុងទីក្រុងយ៉ាងចូវ គេបានកម្ទេចចោលនូវសំណង់អគារចាស់ៗដែលជាផ្នែកនៃព្រែកជីក។ ស្របពេលជាមួយគ្នានោះ នៅភាគខាងត្បូងវិញទីក្រុងមួយចំនួន ដូចជាទីក្រុងជិនជាំង (Zhenjiang) និងទីក្រុងអ៊ូស៉ី (Wuxi) នៃខេត្តជាំងស៊ូ ទីក្រុងហាងចូវ នៃខេត្តចឺជាំង សុទ្ធតែមានស្ថានភាពអាក្រក់នេះកើតឡើង។ ជាឧទាហរណ៍ នៅក្រុងហាងចូវ អគារចាស់ៗស្ទើរតែទាំងអស់ត្រូវបានបំផ្លាញចោល។

លោក ចូវ ស៉ីនហ័រ (Zhou Xinhua) អតីតអនុប្រធានប្រតិបត្តិនៃសារមន្ទីរ Grand Canal នៃទីក្រុងហាងចូវ បានពន្យល់ថា «កាលពីបុរាណ យើងនិយាយពីទីក្រុងចំនួន១៨ ដែលសំខាន់ៗស្ថិតនៅតាមព្រែកជីក Grand Canal ហើយទីក្រុងទាំងអស់សុទ្ធតែល្អឯក និងសំខាន់ប្លែកៗពីគ្នា។ ប៉ុន្តែឥឡូវនេះ គ្រប់ទីក្រុងទាំងនោះសុទ្ធតែដូចៗគ្នា! ប្រៀបបីដូចជាមនុស្សរាប់ពាន់នាក់មានមុខតែមួយ»។

នៅក្នុងឆ្នាំ២០០៥ មនុស្សមួយក្រុមបានដាក់សំណើថា ព្រែកជីកប្រវត្តិសាស្ត្រ Grand Canal ត្រូវតែដាក់ជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO។ ស្ថានការណ៍នេះគួរតែត្រូវថែរក្សាទាំងផ្លូវទឹក និងស្ថាបត្យកម្មជុំវិញវា។

លោក ជូ ពីងយ៉ឹន (Zhu Bingren) វិចិត្រករ ដែលជាសហការីនៃសំណេរអត្ថបទសម្រាប់ការដាក់សំណើទៅ UNESCO បានបញ្ជាក់ថា «គ្រប់ជំនាន់ទាំងអស់ ចង់ឲ្យមនុស្សជំនាន់ក្រោយយល់ពីវា និងមើលថែវិមាននេះ»។

ទីបំផុត អង្គការ UNESCO បានដាក់បញ្ចូលព្រែកជីក Grand Canal នេះជាតំបន់បេតិកភណ្ឌជាផ្លូវការនៅឆ្នាំ២០១៤។ នេះជាក្តីសង្ឃឹមរបស់ព្រែកជីក Grand Canal ដែលនៅតែបន្តជាស្ថាបត្យកម្មដ៏អស្ចារ្យមួយលើពិភពលោក ដែលភ្ជាប់ភាគខាងជើង និងភាគខាងត្បូងរបស់ប្រទេសចិនរាប់សតវត្សតទៅទៀត៕
ដោយ៖ Fresh News








លិខិតមិត្តអ្នកអាន៖ តើអ្នកណានៅពីក្រោយនៃការគូសបញ្ជូលប្រាសាទព្រះវិហារ ក្នុងទឹកដីកម្ពុជាលើផែនទីដងរែក ឆ្នាំ១៩០៨ តាមសន្ធិសញ្ញាឆ្នាំ១៩០៤ និងអនុសញ្ញា ឆ្នាំ១៩០៧?

 

(ភ្នំពេញ)៖ ព្រលឹមស្រាងៗ ខ្ញុំស្រវ៉ាក្រោកពីដំណេក ហើយក្រឡេកមើលប្រតិទិនឃើញថា ថ្ងៃនេះគឺថ្ងៃទី១១ ខែវិច្ឆិកា ជាថ្ងៃដែលតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ (ICJ) ប្រកាសសាលក្រមអំពីសំណើបកស្រាយសាលក្រមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ពាក់ព័ន្ធនឹងប្រាសាទព្រះវិហារ (Request for interpretation of the judgement of 15 June 1962 in the case concerning the Temple of Preah Vihear)។ ថ្ងៃដដែលនេះនៅឆ្នាំ២០១៣ ខ្ញុំក៏បានក្រោកពីព្រលឹមដែរក្នុងអាកាស ធាតុសរទរដូវ នៃក្រុង ទីក្រុងឡាអេរ ដ៏ស្ងាត់ជ្រងុំ ដោយមានភ្លៀងរលឹមស្រិចៗ និងចុះអ័ព្ទផងនៅព្រឹកនោះ ដើម្បីអានឯកសារបណ្តឹង និងត្រៀមចូលស្តាប់ការប្រកាស សេចក្តីសម្រេចរបស់ ICJ នៅពេលរសៀល ក្នុងនាមជានិស្សិតច្បាប់ម្នាក់ដោយ ខ្ញុំត្រូវធ្វើដំណើរថ្មើរជើងពីសណ្ឋាគារមួយនៅមិនឆ្ងាយប៉ុន្មានពីតុលាការ ICJ (The Peace Palace)។


រហូតមកដល់ពេលនេះមានរយៈពេល៨ឆ្នាំហើយ។ ប៉ុន្តែសាលក្រមនេះនៅមិនទាន់បានអនុវត្តនៅឡើយ។ តាមច្បាប់សាលក្រមដែលទទួលបានត្រូវយកទៅអនុវត្ត ឲ្យទាន់ពេលវេលាសំដៅធានា បាននូវភាពប្រាកដប្រជានៃការបកស្រាយច្បាប់និងប្រសិទ្ធិភាព នៃការអនុវត្តន៍។ ក្នុងឱកាសខួប៨ឆ្នាំ នៃការចេញសាលក្រមឆ្នាំ២០១៣នេះ ធ្វើឲ្យខ្ញុំនឹកភ្នកដល់មនុស្សម្នាក់ ដែលសាធារណៈជន ឬអ្នកសិក្សាស្រាវជ្រាវខ្លះមិនធ្លាប់ស្គាល់ឬមិនបានចាប់អារម្មណ៍នឹងឈ្មោះគាត់ផង។

តើអ្នកណានៅពីក្រោយនៃការគូសបញ្ជូលប្រាសាទ ព្រះវិហារ ក្នុងទឹកដីកម្ពុជា លើផែនទីដងរែកឆ្នាំ១៩០៨ តាមសន្ធិសញ្ញាឆ្នាំ១៩០៤ និងអនុសញ្ញា ឆ្នាំ១៩០៧? ពេលនឹកដល់ប្រាសាទព្រះវិហារ គេតែងគិតដល់លោកតាឌី ឬពយតាឌី។ល។ ហើយបើបានទៅដល់ទីនោះផងម្នាក់ៗ ខំរួតរះដំណើរ ទៅអុជធូបបួងសួង បា្រថ្នាឲ្យឆាប់ឡើង បុណ្យសក្តិ ឬឲ្យបានឡើងឋានសួគ៌ជាដើម។ អ្នកខ្លះតម្រង់ទៅថតរូបផ្តិតយកទេសភាពដ៏ល្អឆើតឆាយនៃស្រុកខ្មែរ ពេលគយគន់ពីចំណោតថ្មនៃពយតាឌី។

ទេសភាពទីនោះកាន់តែល្អស្រស់ស្អាតថែមទៀតក្នុងអំឡុង ខែវិច្ឆិកានេះ។ ជាមួយនឹងប្រាង្គប្រាសាទដ៏អច្ឆរិយៈ និងទេសភាពដ៏ត្រកាលនៃដងភ្នំ ព្រៃព្រឹក្សា និងវាលស្រែដ៏ល្វឹងល្វើយចម្រុះពណ៌ខៀវ និងលឿងដេរដាសនៃស្រូវទុំ ហើយត្រូវខ្យល់ជំនោរកក្តឹកត្រជាក់ និងមានអ័ព្ទរសាត់មកប៉ះខ្លួនប្រាណម្តងៗផង ធ្វើឲ្យអ្នកទស្សនាមានអារម្មណ៍រសាត់អណ្តែតហាក់ដូចកំពុងឡើងឋានកៃលាសមួយរំពេច។

ផ្ទុយពីព្រឹកឆ្នាំ២០១៣, ពេលនេះខ្ញុំសូមណែនាំមនុស្សម្នាក់ក្នុងសមត្តិកម្មរបស់ខ្ញុំ ដែលបានរកឃើញតាមការវិភាគលើឯកសារសំណុំរឿងប្រាសាទព្រះវិហារ និងហេតុការណ៍ប្រវត្តិសាស្ត្រ។ មនុស្សម្នាក់នោះគឺលោកអនុសេនីយ៍ឯក អ៊ុំំ (Captain Oum)។ ពិតហើយ លោកអនុសេនីយ៍ឯក គែលែ (Captain Kerler) ក៏មានចំណែកផងដែរ។ ប៉ុន្តែ កុំឲ្យអត្ថបទនេះវែងពេក ខ្ញុំសូមលើកយកតែលោកអនុសេនីយ៍ឯក អ៊ុំំ។ លោកអនុសេនីយ៍ឯក អ៊ុំំ គឺជាជនជាតិខ្មែរ ជាមន្ត្រីផ្នែកវាស់វែង នៃកងទាហានអាសារបរទេស (de la Légion Ètrangère) ក្នុងសម័យអាណាព្យាបាលបារាំង។ គាត់មិនជាប់សាច់ញាតិនឹងខ្ញុំនោះទេ។ តាមសមត្តិកម្មរបស់ខ្ញុំ គាត់អាចនៅពីក្រោយការគូសបញ្ជូលប្រាសាទព្រះវិហារ ក្នុងទឹកដីកម្ពុជា តាមការចុះវាស់វែងរបស់គាត់នៅតំបន់ប្រាសាទព្រះវិហារ ចាប់ពីដើមខែធ្នូ ឆ្នាំ១៩០៦ ដល់ខែមករា ឆ្នាំ១៩០៧។

មុននឹងនិយាយដល់ការងារគាត់ ខ្ញុំសូមរំលឹកព្រឹត្តិការណ៍ប្រវត្តិសាស្ត្របន្តិច។ បើទោះជាមានការចុះអនុសញ្ញាបារាំងសៀម ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩០៧ (អនុសញ្ញាឆ្នាំ១៩០៧) ការកំណត់ព្រំដែននៅតំបន់ជួរភ្នំដងរែកខាងកើតនេះស្ថិតនៅក្រោមសន្ធិសញ្ញា ចុះថ្ងៃទី១៣ខែកុម្ភះឆ្នាំ១៩០៤ (សន្ធិសញ្ញាឆ្នាំ១៩០៤) ក្រោមសមត្ថកិច្ចរបស់គណៈកម្មការចម្រុះលើកទី ១ (First Mixed Commission)។អនុសញ្ញាឆ្នាំ១៩០៧ធ្វើការកំណត់តែតំបន់ដែលមិនមានចែងក្នុងសន្ធិសញ្ញាឆ្នាំ១៩០៤ ក្រោមសមត្ថកិច្ចរបស់គណៈកម្មការចម្រុះលើកទី ២ (Second Mixed Commission) ប៉ុណ្ណោះ។ តាមអនុសញ្ញាឆ្នាំ១៩០៧ កម្ពុជាទទួលបានមកវិញនូវខេត្តបាត់ដំបង សៀមរាប និងស៊ី សុផុន តែបាត់បង់ទៅវិញនូវខេត្តត្រាត ខេត្តដុនសៃ និងកោះខាងត្បូងឆកឡឹមលិញ (Lemling) រួមមានកោះគុត និងកោះឆាង។

នៅក្នុងសន្ធិសញ្ញាឆ្នាំ១៩០៤ បានកំណត់យកគោលការណ៍បែងចែកទឹក (La ligne de partage des eaux) ក្នុងការកំណត់ខ្សែព្រំដែននៅជួរភ្នំដងរែក (ប្រការ១) និងផ្តល់តួនាទីដល់ គណៈកម្មការចម្រុះបារាំងសៀម ចុះធ្វើការវាស់វែងលើដីជាក់ស្តែង (ប្រការ ៣)។ គណៈកម្មការចម្រុះបារាំង-សៀម ត្រូវបានបង្កើតឡើង ហើយរៀបចំកិច្ចប្រជុំរបស់ខ្លួនជាលើកដំបូងនៅខែមករា ឆ្នាំ១៩០៥ តែមិនបានធ្វើការកំណត់ព្រំដែនផ្នែកខាងកើតនៃជួរភ្នំដងរែក ដែលមានប្រាសាទព្រះវិហារក្នុងនោះទេ រហូតមកត្រឹមដើមខែធ្នូ ឆ្នាំ១៩០៦។


ប៉ុន្តែនៅក្នុងកិច្ចប្រជុំថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩០៦ គណៈកម្មការបានប្រគល់ភារៈកិច្ចឲ្យលោកអនុសេនីយ៍ឯក អ៊ុំ ធ្វើការចុះវាស់វែងតំបន់ខាងកើតនៃជួរភ្នំដងរែក ដែលប្រាសាទព្រះវិហារស្ថិតនៅ។ ពេលទទួលបានការចាត់តាំងនេះភ្លាម លោកអនុសេនីយ៍ឯក អ៊ុំ រួមជាមួយក្រុមការងារគាត់ក៏ចុះធ្វើការងារនៅថ្ងៃបន្ទាប់ ដោយគ្មានអែអង់។

ការចុះវាស់វែងនៅតំបន់នោះបានធ្វើរួចរាល់នៅចុងខែមករា ឆ្នាំ១៩០៧ ដោយគ្មានបញ្ហាអ្វីទាំងអស់។ ផែនទី១១ផ្ទាំងត្រូវបានបោះពុម្ភនៅឆ្នាំ១៩០៨ (មាន៦ផ្ទាំង ពាក់ព័ន្ធនឹងការកំណត់ព្រំដែនកម្ពុជា-ថៃ) ដោយក្រុមហ៊ុន H.Barrère ផ្អែកលើលទ្ធផលនៃការងាររបស់គណៈកម្មការចម្រុះលើកទី១ និងទី២ ក្រោមការចត់ចែងរបស់លោកវរៈសេនីយ៍ឯក Bernard រួមជាមួយក្រុមការងារបីនាក់ទៀតគឺ លោកអនុសេនីយ៍ឯក Tixier, Kerlerនិង de Batz សុទ្ធតែជាសមាជិកនៃគណៈកម្មការលើកទី១។


ក្នុងផែនទីដងរែក (Dangrek) នៃគណៈកម្មការ កំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀម (La Commission de délimitation entre l’Indochine et le Siam)ខ្នាត ១/២០០.០០០ មានសរសេរឈ្មោះអ្នកចុះវាស់វែងលើដីជាក់ស្តែងគឺ «អនុសេនីយ៍ឯក គែលែនៃកងទ័ព ថ្មើរជើង អាណានិគម » (le Capitaine KERLER, de l’Infanterie Coloniale) និង «អនុសេនីយ៍ឯក អ៊ុំ នៃកងទាហ៊ានអាសារបរទេស» (le Capitaine OUM, de la Légion Ètrangère”)។

ផែនទីនេះត្រូវបានទទួលស្គាល់ដោយរដ្ឋាភិបាលថៃ រហូតដល់វិវាទលើតំបន់ប្រាសាទវិហារផ្ទុះឡើងក្រោយឆ្នាំ១៩៥៣។ សូមបញ្ជាក់ថា នៅសម័យនោះសៀមមិនត្រឹមតែទទួលយកផែនទីនេះទេ តែថែមទាំងបានអរគុណបារាំងដែលបានជួយចុះវាស់វែង និងបោះពុម្ពផែនទីឲ្យខ្លួនទៀតផង។ តាមសមត្តិកម្មរបស់ខ្ញុំ លោកអនុសេនីយ៍ឯក អ៊ុំ អាចជាមនុស្សដែលនៅពីក្រោយនៃការគូសបញ្ជូលតំបន់ប្រាសាទព្រះវិហារ រួមទាំងប្រាសាទព្រះវិហារក្នុងទឹកដីកម្ពុជា លើផែនទីដងរែកឆ្នាំ១៩០៨នេះ។ ផែនទីនេះហើយដែលកម្ពុជា យកធ្វើជាផែនទីឧបសម្ព័ន្ធ ក្នុងសំណុំរឿងប្រាសាទព្រះវិហារ នៅតុលាការ ICJ ដែលស្គាល់ជាទូទៅថា ផែនទីឧបសម្ព័ន្ធ១ (Annex I Map) និងជាមូលដ្ឋានច្បាប់មួយយ៉ាងសំខាន់ដែលធ្វើឲ្យកម្ពុជាឈ្នះកី្តនៅឆ្នាំ១៩៦២។

ពិតហើយតាមប្រការ១ នៃសន្ធិសញ្ញាឆ្នាំ១៩០៤ ការកំណត់ព្រំដែនៅតំបន់ដងរែកខាងកើត ត្រូវដើរតាមខែ្សបែងចែកទឹក គឺប្រាសាទព្រះវិហារទាំងមូល រួមទាំងពយតាឌី ដ៏មានប្រជាប្រិយភាពនោះផង មិនត្រូវស្ថិតនៅក្នុងខ្សែព្រំដែនកម្ពុជានោះទេ។ តាមសមត្តិកម្មរបស់ខ្ញុំគឺលោកអនុសេនីយ៍ឯក អ៊ុំ នេះឯងដែលបានគូសបញ្ជូល ប្រាសាទព្រះវិហារ មកក្នុងខ្សែព្រំដែនកម្ពុជា (ដោយមិនយកខ្សែព្រំដែនតាមខ្សែបែងចែកទឹក ដូចកំណត់ក្នុងប្រការ១នៃសន្ធិសញ្ញាឆ្នាំ១៩០៤) តាមការឮចុះវាស់វែងលើដី ជាក់ស្តែងរបស់គាត់រួម ជាមួយលោកអនុសេនីយ៍ឯក Kerler ចាប់ពីដើមខែធ្នូ ឆ្នាំ១៩០៦។

តាមច្បាប់ត្រង់ចំណុចនេះ គេអាចចោទប្រកាន់ថា លោកអនុសេនីយ៍ឯក អ៊ុំ ឬ Kerler ថាធ្វើខុសច្បាប់ហើយ គឺខុសពីគោលការណ៍កំណត់ក្នុងប្រការ១ នៃសន្ធិសញ្ញាឆ្នាំ១៩០៤។ ក្នុងការតតាំងក្តីនៅតុលាការ ICJ ថៃក៏បានអះអាងដែរថា ប្រាសាទព្រះវិហារត្រូវស្ថិតនៅក្នុងដីខ្លួន បើផ្អែកតាមខ្សែបែងចែកទឹកនៃប្រការ១។ ការលើកឡើងបែបនេះមិនត្រូវទេ។ បើទោះជាប្រការ១ នៃសន្ធិសញ្ញាឆ្នាំ១៩០៤ បានកំណត់ពីគោលការណ៍បែងចែកទឹក (watershed line) តែបែរជាកំណត់ខែ្ស ព្រំដែនខុសពីនេះ នៅតំបន់ប្រាសាទព្រះវិហារ គឺមិនខុសច្បាប់នោះទេ។

សាលក្រម ICJ បានបញ្ជាក់ថា គណៈកម្មការចម្រុះមានអំណាចឆន្ទានុសិទ្ធ (discretion) ក្នុងការកំណត់យកខ្សែព្រំដែនសមស្របណាមួយ ក្រៅពីខ្សែបែងចែកទឹកនៃប្រការ១ នៅពេលធ្វើការចុះវាស់វែងលើដីជាក់ស្តែងដោយគិតលើស្ថានភាពភូមិសាស្ត្រជាក់ស្តែង នៃតំបន់នោះ។ លើសពីនេះប្រការ១ និង៣ មានតម្លៃច្បាប់ស្នើគ្នា សំដៅកំណត់ឲ្យបាននូវខ្សែព្រំដែនដែលមានស្ថេរភាពនិងស្ថាពរមួយ (to achieve certainty and finality of the frontier) តាមគោលបំណងនៃសន្ធិសញ្ញា ឆ្នាំ១៩០៤ និងអនុសញ្ញាឆ្នាំ១៩០៧។

ពិតហើយ ជាមួយនឹងប្រាង្គប្រាសាទថ្មភក់ដ៏ល្អឯក និងអច្ឆរិយៈ ដែលកសាងឡើងក្នុងសតវត្សទី១១-១២ ក្នុងរជ្ជកាលព្រះបាទសូរិយាវរ្ម័នទី ១ (១០០៦-១០៥០) និងទី ២ (១១១៣-១១៥០) នៃអាណាចក្រអង្គរដ៏រុងរឿងនោះ ប្រាកដជាធ្វើឲ្យអ្នកចុះវាស់វែងលើដីជាក់ស្តែង នៅពេលនោះចាប់ចិត្តប្រតិព័ទ្ធរកដកចិត្តពុំរួចនោះឡើយ។ ហេតុនេះ មិនថា លោកអនុសេនីយ៍ឯក អ៊ុំ ឬក្រុមការងារគាត់ក៏ប្រហែលគិតដែរថា តើត្រូវធ្វើការវាស់វែង និងធ្វើរបាយការណ៍បែបណាជូនថ្នាក់លើរបស់គាត់ ក្នុង បញ្ជូលប្រាសាទព្រះវិហារ មកក្នុងទឹកដីកម្ពុជាតាមផែនទីផ្លូវការមួយ។

ហេតុនេះតាមសមត្តិកម្មរបស់ខ្ញុំ លោកអនុសេនីយ៍ អ៊ុំ អាចជាមនុស្សដែលនៅពីក្រោយការគូសបញ្ជូលប្រាសាទព្រះវិហារក្នុងទឹកដីកម្ពុជា លើផែនទីដងរែកបោះពុម្ភ ដោយបារាំង ក្នុងឆ្នាំ១៩០៨។ ប្រសិនបើសមត្តិកម្មរបស់ខ្ញុំជាការពិតស្នាដៃរបស់គាត់គួរត្រូវបានទទួលស្គាល់ និងផ្តល់តម្លៃដោយសមធម៌។ ជាអកុសលមិនសូវមាននរណាស្គាល់ ឬចាប់អារម្មណ៍នឹងការងារគាត់នោះទេ។ នេះគឺជាអត្ថបទបែបស្វែងរកការពិត (fact-finding)មួយ ផ្អែកតាមការវិភាគលើឯកសារច្បាប់ និងហេតុការណ៍ប្រវត្តិសាស្ត្រ។ ខ្ញុំមិនហ៊ានអះអាងថា ពិតទាំងស្រុងនោះទេ។ ទោះជាយ៉ាងណាគាត់ពិតជាបំពេញការងារវាស់វែងលើដី ជាក់ស្តែងនៃតំបន់ប្រាសាទព្រះវិហារមែន។ ខ្ញុំសង្ឃឹមថានឹងអាចមានការសិក្សាស្រាវជ្រាវផ្សេងទៀតលើករណីនេះ៕

ដោយ៖ មេធាវី អ៉ិន តារា នៃការិយាល័យមេធាវីអ៉ិនតារា និងសហការី





មន្ត្រីអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជា ចំពោះការចូលរួមយ៉ាងធំធេង ក្នុងការរក្សាសន្តិសុខអន្តរជាតិ


(ភ្នំពេញ)៖ លោក ឃែលិដ ឃៀរី (Khaled Khiari) ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ បានថ្លែងការកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការចូលរួមយ៉ាងធំធេង ក្នុងការរក្សាសន្តិសុខអន្តរជាតិ។


ការកោតសរសើរបស់មន្ត្រីអង្គការសហប្រជាជាតិ បានបង្ហាញឡើងក្នុងឱកាសដែលឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្ដរជាតិកម្ពុជា បានទទួលលោកឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងការបរទេស នៅព្រឹកថ្ងៃពុធ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២១។

ក្រសួងការបរទេសបានបញ្ជាក់យ៉ាងដូច្នេះថា៖ «លោក ឃែលិដ ឃៀរី បានលើកសរសើរកម្ពុជាចំពោះវឌ្ឍនភាពជាលំដាប់ ការចូលរួមយ៉ាងធំធេងក្នុងការរក្សាសន្តិសុខអន្តរជាតិ និងការគាំទ្រពហុភាគីនិយម និងសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់»។

គិតចាប់តាំងពីឆ្នាំ២០០៦ រហូតមកដល់ពេលនេះ កម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាព ជាង៧ពាន់នាក់ ទៅបំពេញបេសកកម្ម មនុស្សធម៌ ជាមួយអង្គការសហប្រជាជាតិ នៅក្នុងប្រទេសចំនួន៩ រួមមាន៖ ស៊ូដង់ ស៊ូដង់ខាងត្បូង, ឆាដ, លីបង់, ស៊ីរី, ម៉ាលី, អាហ្វ្រិកកណ្តាល សាយប្រឺស និងយ៉េមែនជាដើម។

ដោយឡែកបច្ចុប្បន្ន កម្ពុជាមានកម្លាំងកងទ័ពមួកខៀវជិត ៨០០នាក់ ក្នុងនោះមាននារីជិត៨០នាក់ បាន និងកំពុងបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅប្រទេសលីបង់ ស៊ូដង់ ស៊ូដង់ខាងត្បូង ម៉ាលី និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល៕












ផ្សាយបន្តផ្ទាល់ពិសេស៖ ពិធីពន្លត់ភ្លើងជ័យ ខួបលើកទី៦៨ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣ – ២០២១ ទិវាកំណើតកងយោធពលខេមរភូមិន្

 

 ផ្សាយបន្តផ្ទាល់ពិសេស៖ ពិធីពន្លត់ភ្លើងជ័យ ខួបលើកទី៦៨ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣ – ២០២១ ទិវាកំណើតកងយោធពលខេមរភូមិន្ទ នៅវិមានឯករាជ្យ ក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា 
 ថ្ងៃព្រហស្បតិ៍ ៧កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១

វិភាគអន្តរជាតិ៖ អាមេរិក-កូរ៉េខាងជើង, ស្ថានភាពដូច «ឆ្មា និងកណ្ដុរ»


(វ៉ាស៊ីនតោន)៖ កូរ៉េខាងជើងកាលពីខែតុលាកន្លងទៅ បានធ្វើតេស្ដបាញ់មីស៊ីលបាលិស្ទីគមួយគ្រាប់ចេញពីនាវាមុជទឹក។ សហរដ្ឋអាមេរិកបានថ្កោលទោសយ៉ាងខ្លាំងចំពោះការ ធ្វើតេស្ដនេះ ដោយបេសកជនពិសេសអាមេរិកទទួលបន្ទុកកិច្ចការកូរ៉េខាងជើង លោក Sung Kim បានអំពាវនាវឱ្យទីក្រុងព្យុងយ៉ាងបញ្ឈប់ទង្វើបង្ករឿងបែបនេះតទៅទៀត ហើយ ត្រឡប់មករកតុចរចាឡើងវិញ។ ប៉ុន្តែ ដោយចោទថាអាមេរិកនៅតែប្រកាន់ភ្ជាប់នយោបាយអរិភាពចំពោះកូរ៉េខាងជើង របបដឹកនាំលោក គីម ជុងអ៊ុន មិនបានឆ្លើយតបទៅនឹងសំណើចរចាពីទីក្រុងវ៉ាស៊ីនតោនឡើយ។

ការបដិសេធនេះ វាមិនមែនជារឿងភ្ញាក់ផ្អើលអ្វីទេ ហើយទោះជាកិច្ចចរចាកើតឡើងជាថ្មីមែន ក៏គេមានសង្ឃឹមតិចតួចណាស់ថាអាមេរិក និងកូរ៉េខាងជើងអាចផ្សះផ្សាទំនាក់ទំនង ឬក៏សម្រេចបានលទ្ធផលជាដុំកំភួនណាមួយ ជាពិសេសគឺការរំសាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ។ ស្ថានភាពនៃទំនាក់ទំនងបច្ចុប្បន្នរវាងអាមេរិក និងកូរ៉េខាងជើងត្រូវបាន ក្រុមអ្នកវិភាគខ្លះយល់ថា វាប្រៀបបានដូចជា «ឆ្មា និងកណ្ដុរ» ដែលតាមធម្មជាតិ មិនអាចរួមរស់នៅជាមួយគ្នាបានទេ។

សម្រាប់ប្រធានាធិបតីអាមេរិកគ្រប់ជំនាន់រួមទាំងលោក ចូ បៃដិន សុទ្ធតែចាត់ទុកថាកូរ៉េខាងជើង គឺជាការគំរាមកំហែងដល់សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។ ដូចគ្នាដែរ មេដឹកនាំកូរ៉េខាងជើង តាំងតែពីជំនាន់លោក គីម អ៊ីលស៊ុង និងលោក គីម ជុងអ៊ីល រហូតដល់លោក គីម ជុងអ៊ុន នៅតែចាត់ទុកថាអាមេរិកគំរាមកំហែងដល់អំណាច និងការដឹកនាំ របស់គ្រួសារត្រកូលគីម ហើយការមើលឃើញគ្នាថាជាសត្រូវទៅវិញទៅមកបែបនេះប្រហែលជានឹងមិនងាយ ឬនឹងមិនអាចលុបបំបាត់បានទេ។ តើមកពីហេតុអ្វី? ចម្លើយដ៏សំខាន់ មួយនៃសំណួរនេះបើមិនរាប់បញ្ចូល «ផ្នត់គំនិតខុសគ្នា និងប្រព័ន្ធនយោបាយខុសគ្នា» នោះគឺដោយសារតែ «អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង» តែម្ដង។

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិនធ្លាប់បានលើកឡើងថាវត្ថុបំណងរបស់លោកក្នុងការដោះស្រាយបញ្ហានៅលើឧបទ្វីបកូរ៉េ នោះគឺ «ការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុងរបស់ កូរ៉េខាងជើង»។ គោលនយោបាយនេះបានបរាជ័យកាលពីអតីតកាល ហើយនឹងនៅតែបន្តបរាជ័យនៅពេលអនាគត ពីព្រោះថាអាវុធនុយក្លេអ៊ែរត្រូវបានលោក គីម ជុងអ៊ុន ចាត់ទុកជាចំណុច «ស្លាប់ រស់» នៃរបបដឹកនាំរបស់លោក និងអនាគតគ្រួសារត្រកូលគីម។

*កូរ៉េខាងជើងជាប្រទេសមានហេតុផល

ថ្វីបើជាប្រទេសផ្ដាច់ការ តែពេលខ្លះកូរ៉េខាងជើងក៏មានហេតុផលត្រឹមត្រូវរបស់ខ្លួនដែរ។ សហរដ្ឋអាមេរិកបានបញ្ជាក់ម្ដងហើយម្ដងទៀតថា ការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុងរបស់ កូរ៉េខាងជើង គឺជាគោលដៅដ៏សំខាន់មួយមិនអាចខ្វះបាននៅក្នុងកិច្ចចរចាជាមួយកូរ៉េខាងជើង។ ក៏ប៉ុន្តែ សម្រាប់ទីក្រុងព្យុងយ៉ាង, ឃា្លថារំសាយអាវុធនុយក្លេអ៊ែរទាំងស្រុង របស់ កូរ៉េខាងជើង និងរំសាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េមានន័យខុសគ្នាស្រឡះ។ ការរំសាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ ត្រូវបានកូរ៉េខាងជើងបកស្រាយថាជាការរំសាយរាល់អាវុធនុយក្លេអ៊ែរ រួមទាំងប្រព័ន្ធមីស៊ីល, សព្វាវុធ និងកងទ័ពដែលអាមេរិកដាក់ពង្រាយលើឧបទ្វីបកូរ៉េ។ រីឯការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុងរបស់កូរ៉េខាងជើង មានន័យយ៉ាងសាមញ្ញថារំសាយតែអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង តែប៉ុណ្ណោះ។

ក្នុងន័យនេះ, កូរ៉េខាងជើងចង់បញ្ជាក់ថាបើខ្លួនបោះបង់ចោលអាវុធនុយក្លេអ៊ែរហើយ តែកងទ័ព និងប្រព័ន្ធមីស៊ីលរបស់សហរដ្ឋអាមេរិក នៅតែបន្តដាក់ពង្រាយដដែលនៅលើទឹកដី កូរ៉េខាងត្បូង នោះវានឹងក្លាយជាការគំរាមកំហែងធំបំផុតដល់របបដឹកនាំលោក គីម ជុងអ៊ុន។ មែនទែនទៅ, ទាំងអាមេរិក និងកូរ៉េខាងជើងសុទ្ធតែបានដាក់លក្ខខណ្ឌមិនអាចធ្វើបាន ឱ្យគ្នាទៅវិញទៅមក ដោយអាមេរិកមិនអាចដកបរិក្ខាយោធា និងកងទ័ពចេញពីកូរ៉េខាងត្បូងទេ ហើយប្រសិនបើអាមេរិកយល់ព្រម នោះកូរ៉េខាងជើងនឹងទាមទារបន្ថែមឱ្យអាមេរិក ដកកងទ័ពរបស់ខ្លួនចេញពីប្រទេសជប៉ុនផងដែរ។ មូលដ្ឋានទ័ពអាមេរិកនៅកូរ៉េខាងត្បូង និងជប៉ុន គឺជាប្រយោជន៍ភូមិសាស្ត្រនយោបាយដ៏ធំរបស់អាមេរិក ក្នុងការតាមឃ្លាំមើលសកម្មភាពយោធាចិន និងរុស្ស៊ី មិនមែនត្រឹមតែការពារកូរ៉េខាងត្បូង និងជប៉ុនពីការគំរាមកំហែងពីសំណាក់កូរ៉េខាងជើងប៉ុណ្ណោះទេ។

បើតាមក្រុមអ្នកវិភាគភាគច្រើន ទោះជាអាមេរិកព្រមថយមួយជំហាន ក៏មិនប្រាកដថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរនោះដែរ ហើយពួកគេនឹងបន្តអភិវឌ្ឍអាវុធ នេះឱ្យកាន់តែទំនើបរហូតធ្វើឱ្យរបបដឹកនាំលោក គីម ជុងអ៊ុនមានទំនុកចិត្តថាអាចកំញើញសហរដ្ឋអាមេរិក មិនឱ្យប្រើកម្លាំងយោធាប្រឆាំងនឹងខ្លួន។ អាវុធនុយក្លេអ៊ែរគឺជាចំណុច ស្លាប់រស់នៃរបបដឹកនាំគ្រួសារត្រកូល គីម បូករួមទាំងនៅក្នុងបរិបទដែលកងទ័ពអាមេរិក នៅតែបន្តឈរជើងនៅកូរ៉េខាងត្បូង និងជប៉ុន រួមទាំងការបង្កើនសកម្មភាពយោធា អាមេរិកនៅក្នុងតំបន់ប៉ាស៊ីហ្វិក និងការអនុញ្ញាតឱ្យអូស្ត្រាលីផលិតនាវាមុជទឹកនុយក្លេអ៊ែរ នៅក្រោមយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិករបស់លោក ចូ បៃដិន, វានឹងកាន់តែធ្វើឱ្យលោក គីម យល់ថាមានអាវុធនុយក្លេអ៊ែរ ទើបអាចរក្សាអំណាចរបស់លោកបាន ហើយបញ្ចៀសកុំមានជោគវាសនាដូចអតីតមេដឹកនាំអ៉ីរ៉ាក់ សាដាំ ហូសេន ឬក៏អតីតមេដឹកនាំលីប៊ី មូអំាម៉ា ហ្កាដាហ្វី។

របបដឹកនាំសាដាំ ហូសេន បានដួលរលំ ហើយសាដំា ហូសេន ផ្ទាល់ត្រូវបានកាត់ទោសដោយព្យួរក បន្ទាប់ពីអាមេរិកឈ្លានពានចូលអ៉ីរ៉ាក់កាលពីឆ្នាំ២០០៣ ក្រោមហេតុផលថា អតីតមេដឹកនាំអីរ៉ាក់រូបនេះលួចកាន់កាប់អាវុធនុយក្លេអ៊ែរ។ មូអំាម៉ា ហ្កាដាហ្វី បានសម្រេចចិត្តបោះបង់ចោលការអភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែរ ជាថ្នូរនឹងការរួចផុតពីទណ្ឌកម្ម សេដ្ឋកិច្ចរបស់អាមេរិក។ នៅចុងបញ្ចប់, ហ្កាដាហ្វី ត្រូវបានក្រុមឧទ្ទាមគាំទ្រដោយអន្តរាគមន៍យោធារបស់អង្គការ NATO កាលពីឆ្នាំ២០១១ បាញ់សម្លាប់ចោល។

លើសពីនេះទៅទៅទៀត នៅពេលដែលអតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចន បូលតុន (John Bolton) ផ្ដល់អនុសាសន៍កាលពីឆ្នាំ២០១៨ ឱ្យរដ្ឋបាលលោក ដូណាល់ ត្រាំ យកគំរូធ្វើអន្តរាគមន៍យោធានៅលីប៊ី ទៅអនុវត្តជាថ្មីលើកូរ៉េខាងជើង, វាកាន់តែធ្វើឱ្យទីក្រុងព្យុងយ៉ាងជឿជាក់ថាទាល់តែមានអាវុធនុយក្លេអ៊ែរ ដ៏ខ្លាំងក្លាអាចកំញើញអាមេរិក បាន ទើបអាចធានាបានថាកូរ៉េខាងជើងនឹងមិនមានវាសនាដូចលីប៊ី និងអ៉ីរ៉ាក់។

គួរបញ្ជាក់ថា សព្វថ្ងៃ កូរ៉េខាងជើងត្រូវបានគេជឿជាក់ថាកំពុងស្ដុកទុកក្បាលគ្រាប់នុយក្លេអ៊ែរពី ២៥ ទៅ ៥០គ្រាប់។ តែបើតាមវិទ្យាស្ថានអាមេរិក Rand Corporation កូរ៉េខាងជើងអាចនឹងផលិតបានក្បាលគ្រាប់នុយក្លេអ៊ែរចំនួន ២០០គ្រាប់ នៅត្រឹម ឆ្នាំ២០២៧ ដែលអាចនឹងធ្វើឱ្យប្រទេសឯកោមួយនេះក្លាយជា «រដ្ឋនុយក្លេអ៊ែរកម្រិតមធ្យម»៕

ប្រភព៖ Real Clear Politics (ថ្ងៃពុធ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២១)

ដោយៈ Fresh News