Tuesday, March 30, 2021

អភិបាលខេត្តព្រះសីហនុ ណែនាំឱ្យអភិបាលក្រុង-ស្រុក ស្រង់បញ្ជីឈ្មោះប្រជាពលរដ្ឋដែលជាអ្នករកស៊ីក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ឋ ដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩

(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ណែនាំអោយអភិបាលក្រុង-ស្រុក ស្រង់បញ្ជីឈ្មោះប្រជាពលរដ្ឋដែលជាអ្នកប្រកបរបររត់ម៉ូតូឌុប រត់ម៉ូតូកង់បី រត់តាក់ស៊ី និងអ្នកផ្តល់សេវាដឹកជញ្ជូនភ្ញៀវផ្សេងៗនៅក្នុងខេត្តព្រះសីហនុ ដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩  ។


សូមអានលិខិតរបស់រដ្ឋបាលខេត្តព្រះសីហនុ មានខ្លឹមសារដូចតទៅ៖




រដ្ឋបាលខេត្តត្បូងឃ្មុំ ផ្តាំផ្ញើដល់ពលករកំពុងធ្វើចត្តាឡីស័ក ត្រូវចូលរួមសហការឱ្យបានម៉ឹងម៉ាត់ ដើម្បីទប់ស្កាត់ហានិភ័យនៃការចម្លងជំងឺឆ្លងកូវីដ-១៩

ត្បូងឃ្មុំ៖ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ លោក ម៉ៅ ឌុង នាយករដ្ឋបាល និងសហការី ដោយមានការចូលរួមពីអាជ្ញាធរស្រុក គ្រូពេទ្យ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយរបស់លោកអភិបាលខេត្តត្បូងឃ្មុំ មានគ្រឿងឧបភោគបរិភោគ និងថវិការ សម្រាប់ចែកជូនបងប្អូនប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក និងកងកម្លាំងការពារមណ្ឌលចត្តាឡីស័កនៅវិទ្យាល័យហ៊ុនសែន តំបែរ។


នៅក្នុងឱកាសនោះ លោក ម៉ៅ ឌុង បានលើកឡើងពីការខិតខំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ព្រមទាំងជួយទ្រទ្រង់ដល់ជីវភាពប្រជាពលរដ្ឋក្រីក្រ និងការជួយដល់បងប្អូនដែលវិលត្រឡប់មកមូលដ្ឋានវិញ ដោយបានរៀបចំកន្លែងចត្តាឡីស័ក និងជួយឧបត្ថម្ភគាំទ្រ ដើម្បីទប់ស្កាត់ហានិភ័យនៃការចម្លងជំងឺកូវីដ១៩។ 


ទន្ទឹមនោះផងដែរ លោកនាយករដ្ឋបាល ក៏បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់អភិបាលខេត្ត និងការខិតខំប្រឹងប្រែងដើម្បីការពារសុខុមាលភាពជូនប្រជាជនក្នុងខេត្តត្បូងឃ្មុំ ជាពិសេសបងប្អូនដែលវិលមកមូលដ្ឋាន និងកំពុងធ្វើចត្តាឡីស័ក ការត្រៀមចាក់វ៉ាកសាំងជូនប្រជាពលរដ្ឋអោយបានឆាប់ និងជម្រុញការខិតខំអនុវត្តវិធានការ៣កុំ និង៣ការពារ អោយមានប្រសិទ្ធភាព។


ក្រោយពីចប់ការសំណេះសំណាល ក៏បានចែកអំណោយមនុស្សធម៌រួមមាន មី ចំនួន៣២កេះ អង្ករ៣២០គ.ក្រ បង្អែម និងថវិកា ២០០.០០០៛ ជូនដល់ប្រជាពលរដ្ឋស្នាក់នៅធ្វើចត្តាឡីស័កនៅវិទ្យាល័យហ៊ុនសែនតំបែរ ចំនួន៣២នាក់ ស្រី១០នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករ១០គ.ក្រ មី១កេះ បង្អែប១ប្រអប់ និងកងកម្លាំងការពារមណ្ឌលចត្តាឡីស័កចំនួន១០នាក់ ក្នុងម្នាក់ៗ ថវិកា ២០.០០០៛៕






រដ្ឋបាលខេត្តកំពង់ចាម អំពាវនាវដល់អ្នកពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩ចំនួនពីរនាក់ឱ្យតាមដានសុខភាព ឬមកពិនិត្យសំណាកនៅមន្ទីរពេទ្យបង្អែក ហ៊ុនណេង ស្រុកស្ទឹងត្រង់

កំពង់ចាម៖ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ដោយបានជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋរស់នៅភូមិអូររុន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់និងដោយប្រយោលពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩ចំនួនពីរនាក់ដែលទើបទទួលបានលទ្ធផលបញ្ជាក់ពីវិទ្យាស្ថានសុខភាពសាធារណៈ (NIPH) កាលពីល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ និងសូមអំពាវនាវឲ្យរាយការណ៍ជាបន្ទាន់ជូនអាជ្ញាធរមូលដ្ឋាននិងតាមដានសុខភាព ឬមកពិនិត្យសំណាកនៅមន្ទីរពេទ្យបង្អែក ហ៊ុនណេង ស្រុកស្ទឹងត្រង់ ព្រមទាំងធ្វើចត្តាឡីស័ក និងអនុវត្តវិធានការសុខាភិបាលឲ្យបានត្រឹមត្រូវ៕


សូមអានសេចក្តីប្រកាសព័ត៌មានដូចខាងក្រោម៖





អភិបាលខេត្តកំពតចុះពិនិត្យនិងសួរសុខទុក្ខកងកម្លាំងប្រចាំការប៉ុស្តិ៍ ត្រួតពិនិត្យដងផ្លូវជាតិលេខ ៣ ព្រំប្រទល់ខេត្តខេត្តកំពតនិងខេត្តព្រះសីហនុ

 នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត អមដំណើរដោយអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពមួយចំនួនក្នុងខេត្ត បានអញ្ជើញចុះពិនិត្យស្ថានភាព និងសួរសុខទុក្ខកងកម្លាំងសមត្ថកិច្ចឈរជើងប្រចាំការនៅប៉ុស្តិ៍ត្រួតពិនិត្យ លើដងផ្លូវជាតិលេខ៣ នៅចំនុចផ្សារត្រពាំងរពៅស្ថិតនៅឃុំព្រែកត្នោត ស្រុកទឹកឈូ ព្រំប្រទល់ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងខេត្តកំពត។

លោក ជាវ តាយ អភិបាលខេត្ត បានកោតសរសើរដល់កងកម្លាំងទាំងអស់គ្រប់ផ្នែកគ្រប់ថ្នាក់ ពិសេសក្រុមការងារគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកទឹកឈូ ដែលបានយកចិត្តទុកដាក់អនុវត្ត បំពេញតួនាទីភារកិច្ច ក្នុងការត្រួតពិនិត្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ពីខេត្តព្រះសីហនុមកកាន់ខេត្តកំពត មានលក្ខណៈល្អប្រសើរ តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏ដូចជាវិធានការណែនាំរបស់ក្រសួងសុខាភិបាលនិងក្រសួងមហាផ្ទៃ ដើម្បីរួមគ្នាបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។
លោក ជាវ តាយ ក៏បានធ្វើការណែនាំដល់អាជ្ញាធរឃុំ ស្រុក និងកងកម្លាំងទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងឲ្យបានកាន់តែល្អប្រសើរបន្ថែមទៀតនូវប៉ុស្តិ៍ត្រួតពិនិត្យតាមផ្លូវជាតិលេខ៣ និងចំណុចផ្សេងទៀត រវាងព្រំប្រទល់ខេត្តព្រះសីហនុ និងខេត្តកំពត គឺមិនអនុញ្ញាតឱ្យធ្វើការចល័តចេញចូលនៅក្នុងកាលៈទេសៈនេះឡើយ ចំពោះការធ្វើដំណើរដែលមិនមានការចាំបាច់។
ដោយឡែកចំពោះរថយន្តដឹកទំនិញ រថយន្តសង្រ្គោះ និងករណីបន្ទាន់ចាំបាច់ផ្សេងៗគឺត្រូវបានអនុញ្ញាត ដោយតម្រូវឱ្យមានការត្រួតពិនិត្យហ្មត់ចត់ ព្រមទាំងអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានម៉ឺងម៉ាត់បំផុត។ ការរឹតបណ្តឹងការចេញចូលនេះ ដើម្បីការពារសុខមាលភាពជូនបងប្អូនប្រជាពលរដ្ឋ កុំឱ្យឆ្លងរាលដាលជំងឺកូវីដ-១៩ ដល់ក្រុមគ្រួសារ និងសហគមន៍ ព្រោះជំងឺនេះ បាននឹងបន្តឆ្លងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ចូលរួមសហការជាមួយសមត្ថកិច្ចនៅតាមប៉ុស្តិ៍ត្រួតពិនិត្យឱ្យបានខ្ជាប់ខ្ជួនទើបយើងអាចជៀសផុតពីជំងឺកូវីដទាំងអស់គ្នា។
ក្នុងឱកាសនោះ លោក ជាវ តាយ អភិបាលខេត្ត ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាប្រជាពលរដ្ឋទូទៅផងដែរ ត្រូវយកចិត្តទុកដាក់ ចូលរួមអនុវត្តឲ្យបានជាប្រចាំនូវវិធានការសុខាភិបាល ពិសេសសេចក្ដីអំពាវនាវ របស់ប្រមុខរាជរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ពីវិធានការបង្ការទប់ស្កាត់ជំងឺកូវីដ១៩ គឺ៣ការពារ និង៣កុំឲ្យបានខ្ជាប់ខ្ជួនជានិច្ច។
លោកអភិបាលខេត្តក៏បានប្រគល់ជូននូវម៉ាស់ចំនួន ២០០០ម៉ាស ទឹកអាកុល៦០លីត្រ និងជូនថវិកាដល់រដ្ឋបាលស្រុក១លានរៀល កងកម្លាំងនគរបាលអាវុធហត្ថនិងប្រជាការពារសរុបចំនួន ៥៥ នាក់ក្នុងម្នាក់៥ ម៉ឺនរៀល។
លោកក៏បានបន្តចុះជួបជាមួយក្រុមការងារបាញ់ថ្នាំសម្លាប់មេរោគក្នុងផ្សារនិងអាជីវករផ្សារត្រពាំងរពៅស្វែងយល់ពីស្ថានភាពជាក់ស្ដែងការប្រកបអាជីវកម្មក្នុងស្ថានភាពវិបត្តិជំងឺកូវីដ១៩ផងដែរ ៕




កាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ណែនាំឱ្យប្រជាពលរដ្ឋបង្កើនការចូលរួមអនុវត្តបីការពារ និងបីកុំ ឱ្យមានប្រសិទ្ធភាព ដើម្បីទប់ស្កាត់ឱ្យបាន នៃការឆ្លងជំងឺកូវីដ-១៩

 កំពង់ឆ្នាំង៖ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ លោក សៀត គឹមលៀង អនុប្រធានគណៈកម្មាធិការសាខា រួមដំណើរដោយ លោក វន ស៊ីផា ប្រធាកិត្តិយសអនុសាខា លោក ឈួន ចាន់ណា ប្រធានគណៈកម្មាធិការអនុសាខា បានចុះធ្វើការអប់រំផ្សព្វផ្សាយអំពីការបង្ការ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋនៅ ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះ លោក សៀត គឹមលៀង បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីលោកស្រីបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងបានណែនាំឱ្យប្រជាពលរដ្ឋ យល់កាន់តែច្បាស់អំពីការធ្វើអនាម័យ និងវិធានការនានាក្នុងការថែទាំងសុខភាព ដើម្បីចៀសផុតពីជំងឺកូវីដ១៩ ដែលកំពុងកើតឡើងនៅលើប្រទេសទូទាំងពិភពលោក ក៏ដូចជានៅប្រទេសកម្ពុជាយើងដែរ។
លោកបានបន្តទៀតថា៖ ដូច្នេះដើម្បីការពារ ទប់ស្កាត់ និងបង្ការការចម្លងជំងឺនេះសូមបងប្អូនទាំងអស់ត្រូវចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុវត្តឱ្យបានតាមអនុសាសន៍របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺ ៣ការពារ ៣កុំ ៕





សេចក្ដីជូនដំណឹង ស្ដីពីការរកឃើញអ្នកពាក់ព័ន្ធជាមួយបុរសជនជាតិចិន អាយុ ៤២ឆ្នាំ មានវិជ្ជមានជំងឺកូវីដ-១៩ នៅក្រុងស្វាយរៀង

 ស្វាយរៀង៖ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្តស្វាយរៀង បានចេញសេចក្ដីជូនដំណឹង ស្ដីពីការរកឃើញអ្នកពាក់ព័ន្ធជាមួយបុរសជនជាតិចិន អាយុ ៤២ឆ្នាំ មានវិជ្ជមានជំងឺកូវីដ-១៩ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ នៅក្រុងស្វាយរៀង។

សូមអានសេចក្តីជូនដំណឹងដូចខាងក្រោម៖




អភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំអនុគណ:កម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងខេត្តរបស់រដ្ឋបាលខេត្តព្រះសីហនុ

 នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ លោក គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំអនុគណ:កម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងខេត្ត របស់រដ្ឋបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត អភិបាលរងក្រុង ស្រុក លោកនាយករដ្ឋបាលសាលាខេត្ត លោកស្រីអនុប្រធានមន្ទីរសុខាភិបាល លោកប្រធានមន្ទីរពេទ្យបង្អែកខេត្ត និងអង្គភាពពាក់ព័ន្ធ ។

លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំដល់ក្រុង ស្រុក ត្រូវបន្តអប់រំផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី ៦០ឆ្នាំឡើង ឱ្យពួកគាត់ចុះឈ្មោះចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្តនៅតាមក្រុង ស្រុក បន្តទៀត។ អាជ្ញាធរក្រុង ស្រុក ត្រូវជួយសម្រួលក្នុងការដឹកជញ្ជូនពួកគាត់មកចាក់វ៉ាក់សាំងនៅសាលាបឋម – អនុវិទ្យាល័យតេជោសែនកម្មករ មានទីតាំងស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ។ ត្រូវបន្តស្រង់ឈ្មោះប្រជាពលរដ្ឋដែលមានអាយុចាប់ពីអាយុ១៨ឆ្នាំ ដល់ ៥៩ឆ្នាំ ស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅតាមក្រុង ស្រុក ដើម្បីត្រៀមយុទ្ធនាការចាក់វ៉ាក់សាំងនៅទូទាំងខេត្តព្រះសីហនុនាពេលខាងមុខ ។
លោក គួច ចំរើន ក៏បានណែនាំឱ្យមន្ទីរសុខាភិបាលរៀបចំក្រុមការងារចាក់វ៉ាក់សាំងកូវីដ-១៩ ០៨ក្រុម ដើម្បីធ្វើការចាក់វ៉ាក់សាំងនៅតាមក្រុង ស្រុក ក្នុងនោះមាន
១.ក្រុងព្រះសីហនុ ០២ក្រុម ជាក្រុមគ្រូពេទ្យខេត្ត។ ២.ស្ទឹងហាវ ០១ក្រុម ក្រុមគ្រូពេទ្យខេត្ត។
៣.ក្រុងកោះរ៉ុង ០១ក្រុម ជាគ្រូពេទ្យខេត្ត។
៤.ស្រុកព្រៃនប់ ០៣ក្រុម ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីថ្នាក់ជាតិ។
៥.ស្រុកកំពង់សីលា ០១ក្រុម ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីថ្នាក់ជាតិ។ ក្នុងនោះក្រុង ស្រុកនីមួយៗ ក៏បានត្រៀមរៀបចំសណ្ឋាគារ និងផ្ទះសំណាក់សម្រាប់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីថ្នាក់ជាតិ សម្រាប់ការស្នាក់នៅបំពេញការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រួចរាល់ហើយផងដែរ ដូច្នេះយើងត្រូវរួមគា្នធ្វើការងារជាក្រុមឱ្យទទួលបានលទ្ធផលល្អ ។
ក្នុងឱកាសនោះលោក គួច ចំរើន ក៏បានណែនាំដល់អាជ្ញាធរក្រុង ស្រុក ត្រូវរៀបចំបំពាក់ម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគ ម៉ាស៊ីនវ៉ាស់កំដៅ រក្សាគម្លាតសុវត្ថិភាព រៀបចំសណ្តាប់ធ្នាប់ជៀសវាងការប្រជ្រៀតគ្នានាំឱ្យឆ្លងជំងឺកួវីដ-១៩។ អនុវត្តតាមការណែនាំ ៣.ការពារ និង ៣.កុំ របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕





ក្រសួងសុខាភិបាល៖ ចាក់វ៉ាក់សាំងជំងឺកូវីដ១៩ Sinopharm និង Astra Zeneca នៅទូទាំងប្រទេស កើនដល់ចំនួន ២៥៧,៦២៥នាក់ គិតត្រឹមថ្ងៃទី២៩ ខែមីនានេះ

 របាយការណ៍របស់ក្រសួងសុខាភិបាល ដែលទទួលបាននៅយប់ថ្ងៃនេះបង្ហាញថា គិតត្រឹមថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ក្រសួងបានចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាម (Sinopharm) និង អាស្រ្តាហ្សេនីកា (Astra Zeneca) ជូនជនស៊ីវិលទូទាំងប្រទេស៖

សរុបទាំងអស់ទូទាំងប្រទេសចំនួន ២៥៧,៦២៥នាក់។

ខាងក្រោមតារាងព័ត៌មានលម្អិតនៃការចាក់វ៉ាក់សាំងការពារកូវីដ១៩ របស់ក្រសួងសុខាភិបាល៖





ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី៦ ខែមេសា, តំបន់មួយចំនួនមានភ្លៀងផ្គរ រន្ទះ ពីខ្សោយទៅច្រើនបង្គួរ

 ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១។

ក្រសួងបានបញ្ជាក់ថា នៅរយៈពេលនេះ តំបន់មួយចំនួននឹងមានភ្លៀងផ្គរ រន្ទះ ពីខ្សោយទៅច្រើនបង្គួរ សូមប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់៕

សូមអានសេចក្តីជូនដំណឹងទាំងស្រុង ដូចខាងក្រោម៖