Tuesday, March 30, 2021

រដ្ឋបាលខេត្តត្បូងឃ្មុំ ផ្តាំផ្ញើដល់ពលករកំពុងធ្វើចត្តាឡីស័ក ត្រូវចូលរួមសហការឱ្យបានម៉ឹងម៉ាត់ ដើម្បីទប់ស្កាត់ហានិភ័យនៃការចម្លងជំងឺឆ្លងកូវីដ-១៩

ត្បូងឃ្មុំ៖ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ លោក ម៉ៅ ឌុង នាយករដ្ឋបាល និងសហការី ដោយមានការចូលរួមពីអាជ្ញាធរស្រុក គ្រូពេទ្យ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយរបស់លោកអភិបាលខេត្តត្បូងឃ្មុំ មានគ្រឿងឧបភោគបរិភោគ និងថវិការ សម្រាប់ចែកជូនបងប្អូនប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក និងកងកម្លាំងការពារមណ្ឌលចត្តាឡីស័កនៅវិទ្យាល័យហ៊ុនសែន តំបែរ។


នៅក្នុងឱកាសនោះ លោក ម៉ៅ ឌុង បានលើកឡើងពីការខិតខំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ព្រមទាំងជួយទ្រទ្រង់ដល់ជីវភាពប្រជាពលរដ្ឋក្រីក្រ និងការជួយដល់បងប្អូនដែលវិលត្រឡប់មកមូលដ្ឋានវិញ ដោយបានរៀបចំកន្លែងចត្តាឡីស័ក និងជួយឧបត្ថម្ភគាំទ្រ ដើម្បីទប់ស្កាត់ហានិភ័យនៃការចម្លងជំងឺកូវីដ១៩។ 


ទន្ទឹមនោះផងដែរ លោកនាយករដ្ឋបាល ក៏បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់អភិបាលខេត្ត និងការខិតខំប្រឹងប្រែងដើម្បីការពារសុខុមាលភាពជូនប្រជាជនក្នុងខេត្តត្បូងឃ្មុំ ជាពិសេសបងប្អូនដែលវិលមកមូលដ្ឋាន និងកំពុងធ្វើចត្តាឡីស័ក ការត្រៀមចាក់វ៉ាកសាំងជូនប្រជាពលរដ្ឋអោយបានឆាប់ និងជម្រុញការខិតខំអនុវត្តវិធានការ៣កុំ និង៣ការពារ អោយមានប្រសិទ្ធភាព។


ក្រោយពីចប់ការសំណេះសំណាល ក៏បានចែកអំណោយមនុស្សធម៌រួមមាន មី ចំនួន៣២កេះ អង្ករ៣២០គ.ក្រ បង្អែម និងថវិកា ២០០.០០០៛ ជូនដល់ប្រជាពលរដ្ឋស្នាក់នៅធ្វើចត្តាឡីស័កនៅវិទ្យាល័យហ៊ុនសែនតំបែរ ចំនួន៣២នាក់ ស្រី១០នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករ១០គ.ក្រ មី១កេះ បង្អែប១ប្រអប់ និងកងកម្លាំងការពារមណ្ឌលចត្តាឡីស័កចំនួន១០នាក់ ក្នុងម្នាក់ៗ ថវិកា ២០.០០០៛៕






No comments:

Post a Comment