Saturday, March 26, 2016

កីឡាករ កីឡាការិនី ប្រៀប​បានដូច​ជាអ្នក​ការទូត​ដែលបំពេញ​ការងារ​ផ្នែក​ទំនាក់​ទំនងអន្តរ​ជាតិ

កីឡានាំមកនូវសុខភាពល្អភាពសប្បាយរីករាយ សាមគ្គីភាព មិត្តភាព ភាតរភាព និងសហប្រតិបត្តិការរវាងគ្នានិងគ្នា ទាំងក្នុងក្របខ័ណ្ឌជាតិនិងអន្តរជាតិ ប៉ុន្តែលើសពីនេះ កីឡាក៏មានតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមលើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិផងដែរ ហើយកីឡាករ កីឡាការិនី ប្រៀបបានដូចជាអ្នកការទូត ដែលបំពេញការងារផ្នែកទំនាក់ទំនងអន្តរជាតិ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបន្តយកចិត្តទុកដាក់ខ្ពស់ដល់ការអភិវឌ្ឍវិស័យកីឡាបន្ថែមទៀត ដោយបង្កើនវិនិយោគសាធារណៈផង និងជំរុញការចូលរួមរបស់វិស័យឯកជនផង សំដៅលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ រូបវន្តនានា ជាពិសេសការកសាងនិងជួសជុលពហុកីឡដ្ឋាន និងមជ្ឈមណ្ឌលកីឡាជាច្រើនទៀត ។
នេះបើយោងតាមប្រសាសន៍ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្ដី និងជាប្រធានសហព័ន្ធប៊ូលនិងប៉េតង់កម្ពុជាថ្លែងក្នុងពិធីប្រគល់ប្រាក់រង្វាន់បន្ថែមដល់ជ័យលាភី កីឡាករ កីឡាការនី និងគ្រូបង្វឹកជើងឯកអាស៊ីប៊ូលប៉េតង់ លើកទី១៩ ដែលបានប្រារព្ធធ្វើឡើងនៅអាគារមិត្តទីស្ដីការគណៈរដ្ឋមន្រ្ដី នាព្រឹកថ្ងៃទី២៥ ខែមិនាឆ្នាំ២០១៦នេះ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានមានប្រសាសន៍បន្ថែមថា៖ ផ្តើមចេញពីកិច្ចខិតខំរួមគ្នា បច្ចុប្បន្ននេះ វិស័យកីឡាជាតិគ្រប់ប្រភេទមានការវិវត្តរីកចម្រើនគួរជាទីមោទនៈ និងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងពីមហាជន ជាពិសេសក្មួយៗយុវជន។ ដោយឡែក កីឡាប៉េតង់កម្ពុជាក៏បានអភិវឌ្ឍឈានឡើងជាលំដាប់ ដោយតែងតែបានទទួលមេដាយពីការប្រកួតលក្ខណៈអន្តរជាតិជាបន្តបន្ទាប់ ធ្វើឱ្យប៉េតង់ក្លាយជាប្រភេទកីឡាមួយ ដែលមានសក្តានុពលខ្ពស់និងផ្តល់ក្តីសង្ឃឹសម្រាប់កម្ពុជាយើង។ ជាក់ស្តែង នាពេលកន្លងមក ទាំងក្នុងការប្រកួតក្របខ័ណ្ឌទ្វីបអាស៊ី ឬកម្រិតពិភពលោក កម្ពុជាយើងតែងតែឈរក្នុងលំដាប់នាំមុខគេជានិច្ច ហើយបើនិយាយពីកីឡាប៉េតង់ ទាំងអស់គ្នាពិតជាមិនអាចភ្លេចឈ្មោះកីឡាការិនីប៉េតង់ដ៏ឆ្នើមរបស់កម្ពុជាគឺ វីរៈកីឡាការិនី លោកស្រី កែ ឡេង ដែលដណ្តើមបានមេដាយមាសចំនួនពីរលើកផ្ទួនៗគ្នា ធ្វើឱ្យពិភពលោកកោតសរសើរកម្ពុជាយើងកាន់តែខ្លាំងឡើងៗ រហូតដល់ប្រទេសខ្លះចាត់ទុកកម្ពុជាជាប្រទេសមហាអំណាចផ្នែកកីឡាប៉េតង់ ថែមទៀតផង។
ឯកឧត្តមបណ្ឌិតសភាចារ្យ បញ្ជាក់បន្ថែមថា៖ ដើម្បីធានាឱ្យបាននូវនិរន្តរភាពនិងឧត្តមភាពផ្នែកកីឡាប៉េតង់កម្ពុជា ក្នុងនាមប្រធានសហព័ន្ធកីឡាប៊ូលនិងប៉េតង់កម្ពុជា ខ្ញុំបានផ្តួចផ្តើមឱ្យមានការបណ្តុះបណ្តាលកីឡាប៊ូល និងប៉េតង់ សម្រាប់យុវជនអាយុក្រោម១៧ឆ្នាំ ហើយយើងបានឈានទៅដណ្តើមបានមេដាយមាស ក្នុងព្រឹត្តិការណ៍ប្រកួតប៉េតង់ជាលក្ខណៈអន្តរជាតិមួយចំនួនផងដែរ។ ជាងនេះទៀត កាលពីពេលថ្មីៗកន្លងទៅនេះ តាមរយៈការប្រកួតដណ្តើមពានប៉េតង់ជើងឯក ឯកឧត្តម សុខ អាន បានរកឃើញអ្នកបន្តវេនប្រកបដោយសក្តានុពលមួយចំនួនបន្ថែមទៀត ដែលយុវកីឡាករ កីឡាការិនីទាំងនេះនឹងធ្វើឱ្យកម្ពុជាយើងកាន់តែមានក្តីសង្ឃឹមខ្ពស់ក្នុងការដណ្តើមបានមេដាយបន្ថែមទៀតក្នុងការប្រកួតកីឡាប៉េតង់ ក្នុងក្របខ័ណ្ឌកីឡា SEA GAME នៅឆ្នាំ២០២៣ ដែលកម្ពុជាយើងនឹងធ្វើជាម្ចាស់ផ្ទះ៕