Friday, November 25, 2022

ប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ លើកឡើងថា ប្រទេសទាំងពីរគួរតែខិតខំបន្តការផ្លាស់ប្តូរទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ

លោកស្រី Sahiba Gafarova ប្រធានរដ្ឋសភានៃសធារណរដ្ឋអាស៊ែបៃហ្សង់ បានលើកឡើងថា ប្រទេសទាំងពីរគួរតែខិតខំបន្តការផ្លាស់ប្តូរទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែរឹងមាំថែមទៀត។

ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងជួបពិភាក្សាការងាររបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា កម្ពុជា និងលោកស្រី Sahiba Gafarova ប្រធានរដ្ឋសភានៃសធារណរដ្ឋអាស៊ែបៃហ្សង់ នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិមានព្រឹទ្ធសភា។

នាឱកាសនេះដែរ លោកស្រី Sahiba Gafarova បានថ្លែងយ៉ាងដូច្នេះថា «ប្រទេសទាំងពីរក៏បានបង្កើតក្រុមមិត្តភាព រវាងសភានៃប្រទេសទាំងពីរផងដែរ។ ទំនាក់ទំនងសភានៃប្រទេសទាំងពីរ ពិតជាបានដើរតួនាទីយ៉ាងសំខាន់។ ដូចនេះសភានៃប្រទេសទាំងពីរគួរតែខិតខំបន្តការផ្លាស់ប្តូរទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នា ឱ្យកាន់តែរឹងមាំថែមទៀត»

ប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ បានបញ្ជាក់ថា ប្រទេសទាំងពីរមានឯកសារសំខាន់ចំនួន០៣ កំពុងពិភាក្សា ហើយឯកសារ ចំនួន២ត្រូវបានចុះហត្ថលេខារួចហើយ។ សភានៃប្រទេសទាំងពីរត្រូវតែមានទំនាក់ទំនងល្អជាមួយគ្នា ដើម្បីជួយដល់ រដ្ឋាភិបាល នៃប្រទេសទាំងពីរក្នុងការពង្រឹងពង្រីកទំនាក់ទំន និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែរីកចម្រើន ឡើងថែមទៀត។

បន្ថែមពីនេះ ប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ បានថ្លែងអំណរគុណចំពោះសភាកម្ពុជា ដែលបានគាំទ្រសភាអាសាបៃហ្សង់ ជាអ្នកសង្កេតការណ៍ពេញសិទ្ធិនៃមហាសន្និបាតអន្តរសភាអាស៊ាន។ ជាមួយគ្នានេះ លោកស្រី បានគោរពអញ្ជើញសម្តេច ប្រធានព្រឹទ្ធសភាទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋអាស៊ៃបៃហ្សង់ក្នុងពេលវេលាសមស្របណាមួយ។

ជាមួយគ្នានេះដែរ សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវការពេញចិត្តដោយមើលឃើញទំនាក់ទំនងរវាងប្រទេសទាំងពីរ បន្តរីកចម្រើនជាបន្តបន្ទាប់។ ការរីកចម្រើននេះ ស្តែងឡើងតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមក រវាងមន្រ្តីជាន់ខ្ពស់ នៃប្រទេសទាំងពីរ សមាជិកសភាកម្ពុជាចូលរួមបណ្តាញសភានៃចលនាមិនចូលបក្សសម្ព័ន្ធ ជាពិសេសការអញ្ជើញបំពេញទស្សនកិច្ចនៅសាធារណរដ្ឋអាស៊ៃបៃហ្សង់ជាផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កាលពីឆ្នាំ២០១៤ កន្លងទៅ។

ជាថ្មីម្ដងទៀត សម្តេចប្រធាព្រឹទ្ធសភា បានគូសបញ្ជាក់ថា «ព្រឹទ្ធសភាសូមគាំទ្ររាល់កិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ និងសំណូមពរឲ្យបន្តពិភាក្សាគ្នាដើម្បីបង្កើននូវកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត ហើយចាត់តាំងអនុវត្តឱ្យមានប្រសិទ្ធភាពចេញជាលទ្ធផលជាក់ស្តែង ដើម្បីជាគុណប្រយោជន៍ ក្នុងការអភិវឌ្ឍប្រទេសទាំងពីរប្រកបដោយវឌ្ឍនភាព»







លោក សាយ សំអាល់ ដឹកនាំកិច្ចប្រជុំពិភាក្សាការគ្រប់គ្រងប្រើប្រាស់ដីធ្លី ក្នុងតំបន់ការពារធម្មជាតិ និងរបៀងជីវៈចម្រុះភូមិសាស្ត្រខេត្តពោធិ៍សាត់

 (ពោធិ៍សាត់)៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា ការកំណត់ទស្សនវិស័យច្បាស់លាស់ ដើម្បីអភិវឌ្ឍន៍ភូមិសាស្ត្រស្រុកវាលវែង ខេត្តពោធិ៍សាត់ គឺជាកត្តាចាំបាច់ ប្រកបដោយប្រសិទ្ធភាព។

ការគូសបញ្ជាក់បែបនេះរបស់លោក សាយ សំអាល់ បានធ្វើឡើងក្នុងឱកាសដឹកនាំកិច្ចប្រជុំពិភាក្សាការគ្រប់គ្រងប្រើប្រាស់ដីធ្លីក្នុងតំបន់ការពារធម្មជាតិ និងរបៀងជីវៈចម្រុះ ភូមិសាស្ត្រខេត្តពោធិ៍សាត់ និងមានការអញ្ជើញ ចូលរួមពីលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ អភិបាលរងខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត ថ្នាក់ដឹកនាំនៃក្រសួងបរិស្ថាន មន្ត្រីឧទ្យានុរក្ស និងមន្ទីរពាក់ព័ន្ធជុំវិញខេត្តជាច្រើនរូបទៀត នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២។

នាកាសនោះលោករដ្ឋមន្ត្រី សាយ សំអាល់ បានអបអរសាទរចំពោះលោក ខូយ រីដា ដែលត្រូវបានប្រមុខរាជរដ្ឋាភិបាល ផ្តល់សេចក្តីទុកចិត្តតែងតាំងជាអភិបាលខេត្តពោធិ៍សាត់ ក៏ដូចជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត។ ដោយឡែក ក្រសួងបរិស្ថាន បានត្រៀមលក្ខណៈជានិច្ចដើម្បី សហការធ្វើការជាមួយថ្នាក់ខេត្ត ស្រុក ឃុំទាំងអស់ ទាក់ទិននឹងវិស័យបរិស្ថាន។

ជាងនេះទៅទៀត ក្រៅពីវិស័យបរិស្ថាន មន្ទីរបរិស្ថានដែលជាសេនាធិការ ក៏ដូចជាមន្ត្រីឧទ្យានុរក្ស បានត្រៀមជាមួយខេត្ត ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ ចូលរួមសហការធ្វើការងារផ្សេងៗគ្រប់កាលៈទេសៈ ដូចជា៖ ការងារគ្រោះមហន្តរាយ ការទប់ស្កាត់ការរីករាតត្បាតនៃជំងឺកូវីដ១៩ ជាដើម។

លោក សាយ សំអាល់ បានឱ្យដឹងថា កិច្ចប្រជុំនៅសាលាស្រុកវាលវែងនៅថ្ងៃនេះ គឺដើម្បីពិនិត្យមើលរបៀបវារៈទី៣ ទាក់ទិនទៅនឹងវិស័យបរិស្ថាន ជាពិសេសយកឱកាសនេះ ដើម្បីផ្សព្វផ្សាយការងារឱ្យបានជ្រួតជ្រាបដល់មូលដ្ឋាន ក៏ដូចជាមន្ត្រីដែលកំពុងអនុវត្តការងារនៅមូលដ្ឋានតែម្តង។ លោកបានលើកឡើងនូវទិដ្ឋភាពរួម ដើម្បីជាធាតុចូល ក៏ដូចជាមូលដ្ឋានទាក់ទិននឹងការងារវិស័យបរិស្ថាន និងការងារអភិវឌ្ឍន៍ក្នុងមូលដ្ឋាន។

បន្ថែមពីនេះលោក សាយ សំអាល់ បានឱ្យដឹងថា ការកំណត់នូវទស្សនវិស័យច្បាស់លាស់ ដើម្បីអភិវឌ្ឍន៍ភូមិសាស្ត្រស្រុកវាលវែង ខេត្តពោធិ៍សាត់ គឺជាកត្តាចាំបាច់ ប្រកបដោយប្រសិទ្ធភាព។

ជាមួយគ្នានេះ លោកបានចែករំលែកនូវបទពិសោធន៍ ក៏ដូចជាអនុសាន៍ដល់អង្គប្រជុំនូវចំណុចសំខាន់ៗមួយចំនួនរួមមាន ការកំណត់ព្រំឱ្យច្បាស់លាស់ការចុះបញ្ជីដីសាធារណៈរបស់រដ្ឋ និងឯកជន ការកំណត់ជាយុទ្ធសាស្ត្រកន្លែងកសិកម្ម ទេសចរណ៍ និងការគ្រប់គ្រងសំរាម សំណល់រឹង-រាវ ជាដើម៕





សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រគល់ញញួរ​ប្រធានប្តូរវេនអាយប៉ា ជូនប្រធានរដ្ឋសភាឥណ្ឌូនេស៊ី

 (ភ្នំពេញ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងជាប្រធានមហាសន្និបាតអន្តរសភាអាស៊ាន ហៅកាត់ អាយប៉ា (AIPA) លើកទី៤៣ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានប្រគល់ញញួរប្រធានប្តូរវេនអន្តរសភាអាស៊ាន-អាយប៉ា (AIPA) ដល់លោកស្រី Puan Maharani ប្រធានរដ្ឋសភាឥណ្ឌូនេស៊ី ជាប្រធានអាយប៉ាលើកទី៤៤។

ពិធីបិទមហាសន្និបាតលើកទី៤៣ ប្រកបដោយអត្ថន័យ បង្ហាញពីសាមគ្គីភាព និងភាពស្និទ្ធស្នាលបំផុត។ ឥណ្ឌូនេស៊ី ដែលជាសហស្ថាបនិកអាស៊ាន បានក្លាយទៅជាប្រធានអន្តរសភាអាស៊ាន-អាយប៉ា ប្តូរវេនជាថ្មី បន្តពីប្រទេសកម្ពុជា នៅឆ្នាំ២០២៣ ខាងមុខនេះ៕


ប្រធានអាយប៉ាលើកទី៤៣ បង្ហាញចំណុចជោគជ័យធំៗចំនួន៥ ដែលសភាកម្ពុជាធ្វើម្ចាស់ផ្ទះ

 (ភ្នំពេញ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងជាប្រធានមហាសន្និបាតអន្តរសភាអាស៊ាន ហៅកាត់ អាយប៉ា (AIPA) លើកទី៤៣ បានបង្ហាញចំណុចជោគជ័យធំៗចំនួន៥ នៃមហាសន្និបាតអាយប៉ា ដែលសភាកម្ពុជាធ្វើម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២។

ថ្លែងក្នុងពិធីបិទមហាសន្និបាតនាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នាសណ្ឋាគារសុខាភ្នំពេញ សម្តេចពញាចក្រី ហេង សំរិន បានបញ្ជាក់ថា លទ្ធផលសំខាន់ៗរួមមាន៖

ទី១៖ មហាសន្និតបាតលើកទី៤៣នេះ អាយប៉ាបានទទួលយកសមាជិកសភាសង្កេតការណ៍ថ្មីបន្ថែមចំនួន៤។
ទី២៖ អាយប៉ា បានបង្កើនការជឿជាក់ និងការយោគយល់គ្នាទៅវិញទៅមក ទាំងក្នុងនិងរវាងគ្រួសារអាយប៉ា ព្រមទាំងជាមួយសភាសង្កេតការណ៍។
ទី៣៖ មហាសន្និបាតបានអនុម័តនូវសេចក្តីសម្រេចសំខាន់ៗជាច្រើនក្នុងក្របខណ្ឌ សមាជិកសភាស្រ្តី កិច្ចការនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងការរៀបចំជាដើម។
ទី៤៖ មហាសន្និបាត បានបង្ហាញពីស្មារតីសាមគ្គីភាពនិងឯកភាពគ្នាយ៉ាងរឹងមាំ។
ទី៥៖ អាយប៉ាបានបង្ហាញច្បាស់ពីគោលការណ៍នៃការប្រឹក្សាយោបល់ និងការធ្វើសេចក្តីសម្រេចចិត្តដោយផ្អែកលើមូលដ្ឋានកុងសង់ស៊ីស នៅតែជាមូលដ្ឋានសំខាន់ចំពោះមជ្ឈភាព និងឯកភាពរបស់អាស៊ាន។

សម្តេចពញាចក្រី ហេង សំរិន បានបន្តថា នេះជាភាពជោគជ័យ នៃមហាសន្និបាតអាយប៉ាលើកទី៤៣ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅក្នុងការពង្រឹងយន្តការសភាក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋប្រកបដោយចីរភាព និងដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋទាំងនៅក្នុងតំបន់ និងសកលលោក ខណៈអាយប៉ា ដែលជាស្ថាប័ននីតិប្បញ្ញត្តិ នៃបណ្តាប្រទេសសមាជិកអាស៊ាន តំណាងឱ្យប្រជាពលរដ្ឋនៃតំបន់អាស៊ីអាគ្នេយ៍ ៦៥០លាននាក់។

សម្តេចពញាចក្រី ហេង សំរិន សង្កត់ធ្ងន់ថា អាយប៉ាជាតំណាងឱ្យឆន្ទៈ និងផលប្រយោជន៍នៃប្រជាពលរដ្ឋ បានដើរតួនាទីដ៏សំខាន់ ក្នុងការសម្រេចបាននូវសហគមន៍អាស៊ាន ដែលផ្តោតលើប្រជាពលរដ្ឋ និងយកប្រជាពលរដ្ឋជាគោល។ អាយប៉ាអាចជួយកសាងសហគមន៍អាស៊ាន តាមរយៈការអភិវឌ្ឍនូវក្របខណ្ឌ និងសុខដុមនីយកម្មច្បាប់ ការតាមដានត្រួតពិនិត្យលើរដ្ឋាភិបាល និងការធ្វើច្បាប់ថវិកា ដើម្បីឱ្យស៊ីសង្វាក់ទៅនឹងគោលនយោបាយជាតិ និងផែនការសកម្មភាពនៃប្រទេសរបស់ខ្លួន ហើយតាមរយៈលទ្ធផលមហាសន្និបាតនាពេលនេះនឹងត្រូវបានយកទៅអនុវត្តចេញជាសកម្មភាពជាក់ស្តែង។

ជាមួយគ្នានេះដែរ សម្តេចប្រធានអាយប៉ាលើកទី៤៣ មានក្តីសង្ឃឹមថា មហាគ្រួសារអាយប៉ាទាំងអស់គ្នានឹងខិតខំឱ្យអស់ពីសមត្ថភាពដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋក្នុងតំបន់ និងសកលលោក។

សូមជម្រាបថា មុនពីធីបិទមហាសន្និបាតលើកទី៤៣ ប្រធានគណៈប្រតិភូសមាជិកអាយប៉ា ដែលបានចូលរួមមហាសន្និបាត បានអញ្ជើញចុះហត្ថលេខាលើរបាយការណ៍រួមនៃមហាសន្និបាត (Joint Communique) ហើយក្នុងនាមជាម្ចាស់ផ្ទះរៀបចំមហាសន្និបាត សភាកម្ពុជាបានផ្តល់គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ជូនឥស្សរជនជាន់ខ្ពស់ជាតិ និងអាយប៉ាមួយចំនួន និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានអាយប៉ា ដែលបានបំពេញភារកិច្ចយ៉ាងសកម្មនៅក្នុងការលើកកម្ពស់អាយប៉ា និងបានចូលរួមចំណែកយ៉ាងសកម្មក្នុងការធ្វើឱ្យមហាសន្និបាតលើកទី៤៣ បានដំណើរការមកប្រកបដោយជោគជ័យរហូតដល់ពេលបិទបញ្ចប់នេះ។

ពិធីបិទមហាសន្និបាតលើកទី៤៣ ប្រកបដោយអត្ថន័យ បង្ហាញពីសាមគ្គីភាព និងភាពស្និទ្ធស្នាលបំផុត បន្ទាប់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានអាយប៉ាលើកទី៤៣ បានផ្ទេរតំណែងជាប្រធានអាយប៉ាលើកទី៤៤ ជូនដល់លោកស្រី Puan Maharani ប្រធានរដ្ឋសភាឥណ្ឌូនេស៊ី៕




ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន អញ្ជើញប្រកាសកែសម្រួល និងបំពេញបន្ថែមសមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះវិហារ

 (ព្រះវិហារ)៖ ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញប្រកាសកែសម្រួល និងបំពេញបន្ថែមសមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២។

ថ្លែងក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន បានផ្តាំផ្ញើសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ជូនដល់សមាជិក សមាជិកា អង្គពិធីទាំងមូលដោយការគិតគូរអំពីសុខទុក្ខរបស់នារីនៅគ្រប់ទីកន្លែង។

ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន បានអបអរសាទរចំពោះ លោកស្រី សុខា គងពិសី ដែលត្រូវបានប្រកាសតែងតាំងជាប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះវិហារ និងបានថ្លែងនូវការកោតសរសើរដល់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះវិហារ ចំពោះកិច្ចខិតខំប្រឹងប្រែងយកអស់ កម្លាំងកាយចិត្ត និងស្មារតីទទួលខុសត្រូវ ក្នុងការបំពេញភារកិច្ចរបស់ខ្លួននាពេលកន្លងមកទទួលបានជោគជ័យ គួរឲ្យកត់សម្គាល់ ដោយមានការជួយសម្របសម្រួល និងផ្តល់ភាពងាយស្រួលពីលោក គឹម រិទ្ធី អភិបាលខេត្តព្រះវិហារ។

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានស្នើឲ្យថ្នាក់ដឹកនាំសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះវិហារ ត្រូវអនុវត្តតាមតួនាទីភារកិច្ចរបស់ខ្លួន តាមលក្ខន្តិកៈ ដែលបានកំណត់ និងបានអំពាវនាវឲ្យនារីគ្រប់លំដាប់ថ្នាក់ត្រូវអនុវត្តតាមវិធានការណ៍ ៣ការពារ៣កុំ និងបានណែនាំឲ្យ នារីគ្រប់រូប ត្រូវចេះការពារនូវសមិទ្ធផល និងផលប្រយោជន៍របស់រាជរដ្ឋាភិបាល ដោយផ្តោតជាសំខាន់លើសមាជិកម្នាក់ ជាសម្លេងគាំទ្រគណបក្ស ១សន្លឹក។

ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍រូបនេះ ក៏បានថ្លែងអំណរគុណចំពោះការចូលរួមរបស់នារីនៅគ្រប់ដំណើរការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ២០២២ និងត្រូវរក្សាប្រៀបឈ្នះឲ្យបានក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នៅឆ្នាំ២០២៣ ដែលនឹងមកដល់នាពេលខាងមុខនេះ។

ក្នុងពិធីនោះ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានជូនថវិកាចំនួន១៣លានរៀល និង២,២០០ដុល្លារ ទៅសាខាសមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះវិហារ សម្រាប់ត្រៀមទុកធ្វើសកម្មភាពមនុស្សធម៌ផងដែរ៕