Wednesday, June 25, 2014

ទស្សនៈ មេដឹកនាំគណបក្ស​សង្រ្គោះ​ជាតិ​ ចាំបាច់ត្រូវស្វែង​យល់​ពី​ការពិត




ដោយ៖ Allen Myers  

          ចុះ​ផ្សាយ​នៅក្នុងសារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៧ ខែមិថុនា​ ឆ្នាំ​២០១៤ អត្ថ​បទ​របស់​ លោកស្រី មូរ សុខហួរ ដែល​ជា​អ្នកនយោបាយមួយ​រូប​ក្នុង​គណបក្ស​សង្រ្គោះ​ជាតិ បានជំទាស់យ៉ាងខ្លាំងទៅនឹងអត្ថបទរបស់លោក ប្រាក់ ចាន់ធុល ដែលបាន​ចុះផ្សាយនៅគេ​ហទំព័រ Reuters កាល​ពី​ថ្ងៃទី១១ ខែមិថុនា ឆ្នាំ​២០១៤

          អត្ថបទរបស់លោក ប្រាក់ ចាន់ធុល មាន​ខ្លឹម​សារ​យ៉ាង​នេះ​ថា យុទ្ធនាការរបស់គណបក្ស​សង្រ្គោះ​ជាតិ ដើម្បី​ធ្វើ​ឲ្យ​ក្រឡាប់ចាក់ការបោះឆ្នោតជ្រើស​តាំង​តំណាងរាស្ត្រ កាលពីខែកក្កដាឆ្នាំ​ទៅ​មិញ ហាក់​ដូច​ជា​អស់​ថាម​ពល​ទៅ​ហើយ។​ លោកស្រី មូរ សុខហួរ បានឆ្លើយតបថា៖ មិនមែនអញ្ចឹងទេ សូមក្រឡេកមើលតើ​​ហេតុ​អ្វីបាន​ជា​អ្វី​ៗ​វា​ប្រែ​​ប្រួល ដូចជាកម្មករកំពុងស្វះស្វែងរក​ប្រាក់ឈ្នួលខ្ពស់ជាងមុន «ហើយ​មាន​ចលនា​អ្នក​មូល​ដ្ឋាន និងយុវជន ​ដើម្បី​ការ​ផ្លាស់​ប្តូរ» ប្រជាជនកំពុងប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ព្រះសង្ឃ​កំពុង​កសាង​បណ្តាញ​ដើម្បី​ថែរក្សា​​ដែល​គេឲ្យ​ឈ្មោះ​ថា ដើម្បី​រក្សា​តម្លៃ​ព្រះ​ពុទ្ធ​សាសនារបស់យើង។

          លោកស្រី មូរ សុខហួរ ដូចមេដឹកនាំគណបក្ស​សង្រ្គោះជាតិមួយ​ចំនួន​ទៀត ហាក់ដូចជា​បាន​ធ្លាក់​ចូល​ក្នុង​អន្ទាក់​ខ្លួន​ឯង ដោយ​កំពុង​ជឿ​ជាក់​លើ​ការឃោសនាបោកប្រាស់របស់ខ្លួន។

          នៅក្នុងការបោះឆ្នោតឆ្នាំកន្លងទៅនេះ គណបក្ស​​សង្រ្គោះ​ជាតិ បានប្រើប្រាស់ពាក្យស្លោក​យ៉ាង​មមើ​មមាយ​​ដែលខ្លួនគិតឃើញនោះ គឺ «ដូរ-ដូរ-ដូរ» ដើម្បីឈ្នះសន្លឹក​ឆ្នោត​ពីប្រជាជនដែល​យល់​ខុសគ្នា​អំពី​ពាក្យ​ស្លោក​នេះ​ ដែល​ពាក្យ​ស្លោក​នេះ​គ្មាន​អ្វី​ដែល​ជា​មូល​ដ្ឋានច្បាស់​លាស់។ ឥឡូវនេះ ពួក​មេដឹកនាំ​ទាំងនោះ​ហាក់​ដូចជា​ជឿ​ជាក់​លើ​ខ្លួន​ឯង​ថា ប្រសិនបើអ្វីៗ​នៅក្នុងប្រទេសកម្ពុជាផ្លាស់ប្តូរ គណបក្ស​សង្រ្គោះ​ជាតិគឺជាអ្នក​ដែល​ធ្វើឱ្យ​មានការផ្លាស់ប្តូរ និង​ជាអ្នក​ទទួលផលពីការផ្លាស់ប្តូរនោះ។

          ក្នុង​ន័យ​នេះ មេដឹកនាំគណបក្ស​សង្រ្គោះ​ជាតិត្រូវស្វែង​យល់​ឲ្យ​បាន​ហ្មត់​ចត់​ជា​ទី​បំផុត​ នូវ​អ្វី​ដែល​ជា​ការ​ពិត​នោះ​។ សភា​ព​ការណ៍អ្វីៗប្រែប្រួលគ្រប់ពេលវេលា មិន​ថា​ឡើយ​ពី​កិច្ចខិតខំប្រឹងប្រែង ឬ​ចេត​នា​របស់​គណបក្ស​សង្រ្គោះ​ជាតិនោះ​ឡើយ។ ​ឧទាហរណ៍​ដូច​ជា ទោះបី​ជា​គ្មាន​ក្រុម​អ្នក​នយោបាយ​ញុះ​ញង់​ក៏​ដោយ ក៏​ពួក​កម្មករ​គេនៅ​តែ​ទាម​ទារ​ប្រាក់​ខែរបស់​ពួក​គេឲ្យ​បាន​កើន​ឡើង ព្រោះ​ជីវភាព​របស់​ពួក​គេ​ដែល​​ខ្វះ​ខាត។ ឧទាហរណ៍​​មួយ​ទៀត ប្រជាជន ជាពិសេស​យុវជន កំពុង​តែ​រំភើប​នឹង​ការប្រើប្រាស់បណ្តាញព័ត៌មាន​សង្គមជុំវិញ​ពិភពលោក ដូច្នេះ គេ​មិន​ត្រូវ​ការ​​ជំរុញ​ការលើក​ទឹកចិត្តពីគណបក្ស​សង្រ្គោះ​ជាតិ ដើម្បីចូលរួមលេង ហ្វេស​ប៊ុក (Facebook) ឬ ទ្វីតទើរ (Twitter) នោះទេ។ ព្រះសង្ឃខ្មែរ បាន និង​កំពុង​ខិតខំ​ថែរក្សាតម្លៃ​ព្រះ​ពុទ្ធសាសនារយៈពេលជាច្រើនសតវត្សរ៍មកហើយ ហើយនឹងប្រាកដជាបន្តធ្វើដូច្នេះទៅ​មុខ​ទៀត ទោះជា​លទ្ធ​ផលនៃការបោះឆ្នោតនាពេលអនាគតយ៉ាងណាក៏ដោយ អញ្ចឹង «ដូរ-ដូរ-ដូរ» នេះ វា​គ្មាន​ន័យ​អ្វី​ទាំងអស់។

          ខ្ញុំមិនដឹងថាតើ ​លោកស្រី មូរ សុខហួរ ដែល​និយាយថា «មូល​ដ្ឋានចលនា​ប្រជាជន និងយុវជន ដើម្បី​ការ​ផ្លាស់​ប្តូរ» មិន​ដឹង​ថា ជា​សំអាង​លើ​អ្វី​នោះទេ។ ខ្ញុំសង្ឃឹមថា គាត់​មិន​បាន​និយាយ​សំដៅ​ទៅ​លើ​អ្នក​គាំទ្រគណបក្ស​សង្រ្គោះ​ជាតិ កាល​ពី​សម័យ​បាតុកម្មពី​ឆ្នាំ​ទៅ​មិញ ដែលពួកគេនាំ​គ្នា​ស្រែក «ដូរ-ដូរ-ដូរ» ដែល​កាល​ណោះ​ជា​បាតុកម្ម​បះ​បោរ ចូល​លួចប្លន់ហាងទំនិញ ដែលពួកគេគិតថា ហាង​ទាំង​នោះ មានម្ចាស់សុទ្ធតែជា «យួន» ទាំង​អស់​។

          គួរឲ្យ​សោកស្ដាយ​ណាស់ ការបោកប្រាស់ខ្លួនឯង តែងតែ​ជាលក្ខណៈ​ដ៏សំខាន់​នៃនយោបាយ​របស់​លោក សម រង្ស៊ី និងគូកន​ជំនិតរបស់ខ្លួន។ ការអះអាងជ្រាំ​ដែលៗថា ក្រុមប្រឆាំង «ពិតជា» បាន​ឈ្នះ​ការ​បោះ​ឆ្នោត​ឆ្នាំ២០១៣ នោះ មិនមែនទើប​តែ​ប្រឌិតឡើងកាលសម័យ​បោះ​ឆ្នោតខែកក្កដាឆ្នាំ​ទៅ​មិញ​នោះទេ ប៉ុន្តែ​ការ​អះអាង​នេះ​ គឺ​ជា​ពាក្យជ្រាំដែល​តាំង​ពី​សម័យ​បោះឆ្នោតមុនៗមក​។

          អ្វីដែលខុសប្លែកនៅ​ឆ្នាំ២០១៣ នោះ​ គឺមានពីរចំណុច។ ទីមួយ គឺក្រុម​ប្រឆាំង ដែលបាន​រួបរួម​គ្នា​ជា​លើក​ដំបូង​នោះ គឺ​ក្រុម​ប្រឆាំង​បាន​ទទួល​អាសនៈ​ច្រើនជាងពេលមុនៗ។ ចំណុច​​ប្លែកទី២ គឺមេដឹកនាំគណបក្ស​ប្រឆាំង​បាន​ធ្វើការអះអាងជាក់លាក់ថា៖ គណបក្ស​សង្រ្គោះ​ជាតិពិតជាឈ្នះបាន៦៣អាសនៈ ដែល​​ពួក​នេះ​អះ​អាង​ថា​បាន​​ទទួល​អាសនៈ បន្ថែម​ពី​​លើ៥៥អាសនៈដែលពួកគេបានទទួល​ជា​ផ្លូវការ។ មិន​ដូច​ការអះអាង​កាល​ពី​បោះ​ឆ្នោត​មុនៗ ដែលតែងតែថាផ្នែកនេះមិន​យុត្តិធម៌ ផ្នែកនោះមិនយុត្តិធម៌។ ជាការ​ពិត​ណាស់ ​ការអះអាង​អំពី​អាសនៈ​៨​បន្ថែមនេះ វា​ងាយស្រួលផ្ទៀងផ្ទាត់ណាស់។ អ្វីដែលចាំបាច់នោះ គឺមេដឹកនាំ​គណ​បក្ស​សង្រ្គោះ​ជាតិ​ចេះ​ពិចារណា​ឲ្យ​បាន​ច្បាស់​លាស់​បន្តិច គឺ​ថា​៖ «ក្នុងខេត្ត() គ.ជ.ប. កំណត់ត្រាបាន​បង្ហាញ​​ថា ពួក​គេ​ទទួលបាន x សំលេង ហើយ​គណបក្សប្រជាជនកម្ពុជា​ទទួលបាន y សំលេង ប៉ុន្តែ​តួលេខ​នេះខុស។ ចំនួនសរុបពិតប្រាកដនោះគឺ x+a និង y-b។» អញ្ចឹងគេ​ អាច​មាន​លទ្ធភាព​ត្រឡប់​ទៅមើល​ឯកសារ​ជាក់ស្តែង អាចថា​មាន​ការរាប់ឡើងវិញ ឬត្រួត​ពិនិត្យ​ការបូក​សរុប​នៅតាម​ថ្នាក់​ឃុំ ឬខេត្ត ដើម្បីដឹង​ថាតើ គ.ជ.ប. ត្រូវ ឬគណបក្ស​សង្រ្គោះ​ជាតិ​ត្រូវ​? ។

          ប៉ុន្តែ មេដឹកនាំគណបក្ស​សង្រ្គោះ​ជាតិ​ មិនដែលបាន​​ផ្តល់តួលេខ​ម្ដង​​ណាឡើយ​ ដើម្បីគាំទ្រ​ការអះអាង​របស់​ខ្លួន​។ មូល​ហេតុវា​មិនពិបាករកនោះ​ទេ។ ជា​ការ​ពិតគឺថា ការអះអាងរបស់ពួកគេ​នេះ គឺ​វា​​មិ​នពិត ហើយគេ​នឹងឃើញ​លើ​គោក​​ ប្រសិនបើពួកគេ​នេះហ៊ាន​ផ្ដល់​តួលេខជាក់លាក់នោះ។ ព្រោះ​ថា នៅគ្រប់ដំណាក់​កាលនៃការ​បូក​សរុប​សំលេងឆ្នោត តាំងពីរាប់នៅស្ថានីយបោះឆ្នោត រហូតដល់បូកសរុបនៅថ្នាក់ខេត្ត តំណាងរបស់គណបក្ស​សង្រ្គោះ​ជាតិ មានវត្តមាន និងបានចុះហត្ថលេខា​ជា​រៀង​រហូត​លើឯកសារទាំង​អស់ ដែល​បញ្ជាក់ថាតួលេខ វា​ត្រឹមត្រូវមិនលំអៀង។

         ប៉ុន្តែ មេដឹកនាំគណបក្ស​សង្រ្គោះ​ជាតិ នៅ​តែបន្តត្រុក​ៗធ្វើ​​ជា​មិន​ដឹង។ ព្រោះ​ការដែលទទួលស្គាល់ថា «ពួក​ខ្លួន​​មិន​បានឈ្នះឆ្នោតនោះ» គឺ​ដូចជាទទួលស្គាល់ថា ពួកគេ​បាន​និងកំពុង​ធ្វើបាតុកម្ម​ក្នុង​កិច្ចប្រឹងប្រែង​ដើម្បី​ធ្វើឲ្យ​ក្រឡាប់​ចាក់នូវជម្រើសដ៏ច្បាស់លាស់របស់ប្រជាពលរដ្ឋ​ភាគ​ច្រើន​ដែល​គេ​បោះឆ្នោត​​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា។

          លោកស្រី មូរ សុខហួរ សរសេរថា «ប្រជាជនបានសម្តែងមតិហើយ។ ហើយយើងត្រូវ​នាំ​គ្នា​គោរព​ការ​សម្តែង​មតិ​របស់ពួកគេ»។ ពិតប្រាកដណាស់ គ្រប់គ្នាត្រូវ​តែគោរពមតិ​ប្រជា​ពលរ​ដ្ឋ​។ ប្រជា​ពលរដ្ឋ​ជាច្រើនបានបោះឆ្នោតឲ្យ​គណបក្សសង្រ្គោះ​ជាតិ ហើយ​ប្រជាជនភាគច្រើនបានបោះឆ្នោតឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា។ ប្រសិនបើមេដឹកនាំ​គណបក្ស​សង្រ្គោះ​ជាតិ បែរ​មក​​ទទួលស្គាល់ចំណុចខាង​លើ​នេះ ហើយ​អ្វី​ដែល​គេ​នាំ​គ្នា​អះអាង​ថា​​ពួកគេ​ពិត​ជា​គាំទ្រ​ប្រជាធិបតេយ្យមែន​នោះ ពួក​គេ​អាច​នឹងមានសំណាង​ល្អ ដោយ​ពួក​គេ​បាន​បង្ហាញ​គេ​ឯងឲ្យ​​យល់​ថា ពួក​គេ​ធ្វើ​អ្វី​ហ្មត់​ចត់ លែ​ង​មាន​មាយាទ​​ពុត​ត្បុត​ទៀត​ហើយ​។

ដោយ Allen Myers

កិច្ច​ប្រជុំ​លើក​ទី៣៨ នៃគណៈកម្មាធិការ​បេតិក​ភណ្ឌ​​ពិភព​លោក​​របស់​​អង្គការ​​យូណេស្កូ នៅទីក្រុង​ដូហា ប្រទេសកាតា