Thursday, August 15, 2024

សម្រង់ប្រសាសន៍ សម្តេចធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធនិងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) និងការកង្វល់របស់ប្រជាពលរដ្ឋ

 CMF: 

(១៣) អរិយធម៌និងវប្បធម៌ ប្រែប្រួលឡើងចុះ អាស្រ័យលើកម្លាំងជាតិ

​… ដោយសារយើងយល់ថា (ចាំបាច់ត្រូវមានវិធាន)ឯកភាពគ្នាហើយ ទើបបានអញ្ជើញមកចូលវគ្គនេះ។ យើងនិយាយពីអាចារ្យអាចារិនី គឺយើងនិយាយពីការការពារអភិរក្សវប្បធម៌ដ៏រុងរឿងរបស់ជាតិ។ នៅក្នុងសុន្ទរកថារបស់ខ្ញុំ … យើងក៏ឃើញថាអរិយធម៌របស់ជាតិ វប្បធម៌របស់ជាតិ មានការឡើងចុះ អាស្រ័យទៅលើកម្លាំងរបស់ជាតិ។ វប្បធម៌ អរិយធម៌សម័យរុងរឿង យើងខ្លាំង យើងផ្សព្វផ្សាយទៅប្រទេសជិតខាង។ ប៉ុន្តែនៅពេលដែលបែកបាក់ យើងក៏ធ្លាក់ថយ។ មិនមែនធ្លាក់ចុះដោយការដែលប្រជាពលរដ្ឋដែលកាប់សម្លាប់គ្នាដោយសារសង្គ្រាម ដោយសារបាត់បង់ទឹកដី ពឹងខាងលិចពឹងខាងកើត ពឹងខាងជើងពឹងខាងត្បូង រហូតលើកពីកន្លែងមួយទៅនគរមួយកន្លែងទៀតប៉ុណ្ណោះទេ ប៉ុន្តែវប្បធម៌សាសនារបស់យើងក៏ខុសគ្នា។ ចំណុចនេះគឺជាកិច្ចការសំខាន់ដែលយើងត្រូវឯកភាពគ្នាលើកិច្ចការរួមមួយ គឺថែរក្សាវប្បធម៌ ប្រពីណី ពង្រឹងនូវអត្តសញ្ញាណជាតិ ដោយត្រូវធានាឱ្យ​បាននូវសុខសន្តិភាព ស្ថិរភាពនិងការឯកភាពជាតិ កុំឱ្យមានការវាយប្រហារគ្នា …។

(១៤) មូលហេតុចម្បងនៃការបាត់ទឹកដី បាត់អធិបតេយ្យភាព គឺការឈ្លោះគ្នាហ្នឹងឯង

ប្រហែលជាអង្គពិធីទាំងមូលក៏បានដឹង អំពីប្រធានបទដែលធ្វើឱ្យយើងឈានដល់ការប្រឈមមុខគ្នា … ខ្ញុំតាមមើលក្នុងបណ្ដាញហ្វេសប៊ុក និងបណ្ដាញតេឡេក្រាម ឃើញថាប្រជាជនយើងកំពុងតែប្រឈមមុខដាក់គ្នា។ ដោយសារហេតុអី? មិនមានអ្នកណាមកធ្វើអីសោះ គ្មានជាតិណាមកពាក់ព័ន្ធពីក្រោយទេ ប៉ុន្តែយើងគិតពីរឿងខ្លាចរហូតប្រឈមនឹងបែកបាក់គ្នា។ ៥០០ឆ្នាំនៃការបែកបាក់(កន្លងមក) គឺដោយសារផ្ទៃក្នុងខ្មែរគ្នាយើង។ យើងទើបតែមានសន្តិភាពពីឆ្នាំ ១៩៩៨ ទេ។ ខ្មែរឈប់វាយគ្នា ឈប់ចែកទឹកដីគ្នា។ ខ្ញុំសុំមានចំណាប់អារម្មណ៍បន្តិចអំពីប្រធានបទក្ដៅដែលធ្វើឱ្យមានមន្ទិលសង្ស័យគ្នា។ រឿងនេះ បើជាយើងមិនមានការយោគយល់គ្នា ឯកភាពគ្នាទេ វានឹងអាចឈានទៅដល់ជម្លោះតាមដានកង់ប្រវត្តិសាស្ត្រ។ បងប្អូនខ្លះគិតថាតិចលោប្រវត្តិសាស្ត្រមកវិញ បាត់ទឹកដី បាត់អធិបតេយ្យភាព។ ប៉ុន្តែ មូលហេតុនៃការបាត់ទឹកដី បាត់អធិបតេយ្យភាព គឺដោយសារតែយើងចេះតែឈ្លោះគ្នាហ្នឹងឯងជាមូលហេតុចម្បង។​ បើយើងនៅរួមគ្នា យើងនៅឯកភាពគ្នា មានអីនិយាយគ្នា ​មិនមានអំពើហិង្សា និងការប្រឈមដាក់គ្នាទេ។ ខ្ញុំមើលក្នុងក្រុមតេឡេក្រាម គ្រាន់តែជជែកគ្នាហ្នឹង ក៏ឃើញថាបើសិនជាជួបគ្នាខាងក្រៅប្រហែលជាកាប់គ្នាហើយ។ សូមថែរក្សាក្រមសីលធម៌និងការយោគយល់គ្នា​។ មតិខុសគ្នា ការបញ្ចេញមតិទស្សនៈមិនដូចគ្នា មិនជាថ្វីទេ​ (ព្រោះ)រឿងនេះពាក់ព័ន្ធជាតិនិងទឹកដី …។

(១៥) មិនថាមន្ត្រីរាជការ មិនថារាស្ត្រ មិនថាអាចារ្យអាចារិនី សុទ្ធតែជាអ្នកព្រួយបារម្ភអំពីជាតិ

អម្បាញ់មិញ ឯកឧត្តម ចាយ បូរិន ក៏បានប្រកាសគាំទ្រនិងផ្តល់ការ​ជឿទុកចិត្តលើរាជរដ្ឋាភិបាលក្នុ​ងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម ឬ CLV DTA។ ខ្ញុំសូមអរគុណចំពោះបងប្អូន។ នេះជាកង្វល់ទាំងអស់គ្នា មិនថាអ្នកស្រប ឬអ្នកមិនស្រប គឺសុទ្ធតែខ្មែរដូចគ្នា។ យើងព្រួយបារម្ភអំពីការបាត់បង់ទឹកដីនិងអធិបតេយ្យភាពដូចគ្នា ក្នុងនោះក៏មានខ្ញុំមួយដែរ។ មិនថាអ្នកនៅលើ(វេទិកា)នេះ មិនថាអ្នកនៅក្រោមនោះ មិនថាមន្ត្រីរាជការ មិនថាក្នុងវិស័យណា មិនថាអាចារ្យ អាចារិនី សុទ្ធជាអ្នកព្រួយបារម្ភអំពីជាតិ។ ជាតិមានប្រជាជាជន ទឹក ដី វប្បធម៌ អរិយធម៌ និងខ្លួនជាអ្នកចូលរួមផ្ទាល់​។ ខំរៀនធ្វើអី ខំប្រតិបត្តិធ្វើអីបើគង់តែបាត់បង់ដដែលនោះ។ មានអាចារ្យមកពីខេត្តទាំង ៤ទេ ស្ទឹងត្រែង ក្រចេះ រតនគីរី មណ្ឌលគិរី? មកច្រើន។ ខំរៀនធ្វើអី បើចុងក្រោយថាខេត្តហ្នឹងត្រូវឱ្យទៅគេ ហើយដាក់វប្បធម៌គេនោះ។ ខ្ញុំជឿជាថាអាចារ្យមករៀននៅទីនេះក៏ដើម្បីទៅពង្រឹងនិងថែរក្សាវប្បធម៌ទឹកដី និងអធិបតេយ្យជាតិដែរ។​ នៅគ្រប់កន្លែងទាំងអស់មិនមែនតែខេត្ត៤ទេ គ្រប់ខេត្តរាជធានីទាំងអស់ វាជាកង្វល់រួមរបស់ជាតិរបស់យើង កង្វល់របស់ប្រជាជនរបស់យើង។ ការកង្វល់នេះមានទស្សនៈខុសគ្នាពីរឿងកិច្ចព្រមព្រៀងដែលមានរយៈពេល ២៥ឆ្នាំហើយ។

ថ្ងៃនេះខ្ញុំសូមមិនពន្យល់អត្ថន័យទេ ព្រោះសម្តេចតេជោ លោកបានពន្យល់ ២ ឬ៣ដងហើយ។ ខ្ញុំក៏ធ្លាប់ចេញនៅថ្ងៃទី ២ សីហាដែរ។ លោកជំទាវ ចម និមល ក៏បានពន្យល់និងដាក់ឯកសារមកទាំងអស់។ ថ្ងៃមុន បញ្ចេញទៅខ្លះនិងមានឯកសារណាមួយនោះ ខ្ញុំសួរថាម៉េចមិនបញ្ចេញ? គាត់សួរទៅបច្ចេកទេសៗ ថា បើបញ្ចេញទៅវាខ្វះ។ ឱ្យបញ្ចេញទៅទៀតគ្មានអ្វីលាក់ទេ។ យើងបកស្រាយ។ អត់មានអីលាក់លៀមទេ។ ដើម្បីបង្ហាញតម្លាភាពជូនដល់ប្រជាពលរដ្ឋ។ យើងទៅលាក់លៀមធ្វើស្អី? អ្វីដែលនៅលើដីវាជាក់ស្តែង។ បើសិនជាលើដីនេះប្រាកដជាបាត់អធិបតេយ្យភាព គេមករាប់លាននាក់ទៅហើយ យើងទៅលាក់ឯកសារធ្វើស្អី។ ថ្ងៃមុនអ្នកណាសួរ? ហើយអ្នកសួរហ្នឹងក៏យកទៅមើល។ ឥឡូវដូចអត់មានស្អីទេ។ យើងមានឯកសារទាំងអស់ ហើយបើសិនជាក្នុងនោះមានបង្កប់(អ្វីអំពីអធិបតេយ្យភាព) ដល់ម៉ោងថ្មើរនេះ មិនមែនអ្នកវិភាគ អ្នកស្រាវជ្រាវ អ្នកដែលមានកង្វល់មិនលើកយកជ្រុងហ្នឹងមក(បកស្រាយ)ទេ។ តែវាអត់មានស្អីដែលថាជាកង្វល់ ត្បិតស្អីក៏ចេញចូលតាមច្បាប់។

(១៦) ទោះបី ដីមានតែខ្មែរ បើគ្រប់គ្រងដោយភាគីខុសគ្នា មានប្រដាប់អាវុធវាយគ្នា ក៏ជាការបែកបាក់ជាតិ

ជនបរទេសនៅក្នុងតំបន់ហ្នឹង ចេញចូលស្រុកខ្មែរត្រូវធ្វើតាមច្បាប់ដែលបានឯកភាពគ្នា ត្រូវសុំលិខិតឆ្លងកាត់ធ្វើដំណើរ ចូលមកបានប៉ុន្មានថ្ងៃ ហើយត្រូវចេញទៅវិញ? វាមិនខុសពីកន្លែងផ្សេងទេ។ សួរថា ចុះ ២០ឆ្នាំទៀត (នឹងមានការប្រែប្រួលដូចម្តេច?)។ បន្តិចទៀតខ្ញុំនឹងពន្យល់។ ប៉ុន្តែ ក្រែងលោវាមិនបាន ២០ឆ្នាំ វាមិនមែនរឿងខេត្ត ៤ ហ្នឹង តែវាជារឿងបែកបាក់ជាតិនេះ។ ការបាត់បង់គឺជាការភ័យព្រួយ ប៉ុន្តែការដែលបាត់បង់និងភ័យព្រួយគឺការបែកបាក់សាមគ្គីជាតិ។ នេះហើយជាកត្តាដែលធ្វើឱ្យមានការបាត់បង់។ រវល់តែវាយគ្នា រវល់តែរត់ទៅជ្រកតាមព្រំដែន រត់ជ្រកតាមតំបន់នេះនោះ បង្កើតជាតំបន់នេះតំបន់នោះ នេះហើយបែកបាក់ឯកភាពជាតិនោះ។ ទោះបី​ជាដីមានតែខ្មែរក៏ដោយ បើគ្រប់គ្រងដោយខ្មែរភាគីខុសគ្នា ប្រដាប់អាវុធវាយគ្នា ក៏បែកបាក់ជាតិដែរ។ ឃើញទេជំនាន់យើងមានសង្គ្រាមផ្ទៃក្នុង? នៅក្នុងប្រទេស ព្រំដែនប្រទេសជិតខាងអត់មានអ្នកណាទេ តែខ្មែរខ្លួនឯងអ្នកគ្រប់គ្រងតំបន់ខុសគ្នា។ ខ្មែរក្រហមគ្រប់គ្រងប៉ៃលិនទៅ រដ្ឋកម្ពុជាគ្រប់គ្រង ៨០%ទៅ។ សួរថា ឯកភាពជាតិទេ? នៅតែទឹកដីខ្មែរ ប៉ុន្តែខ្មែរចែកដីគ្នាគ្រប់គ្រង។ ហ្នឹងហើយដែលធ្វើឱ្យខ្មែរខ្សោយ …។

(១៧) អាចារ្យអាចារិនី មករៀនដើម្បីចូលរួមថែរក្សាតម្លៃវប្បធម៌ជាអត្តសញ្ញាណខ្មែរ

អញ្ចឹងថ្ងៃនេះ ខ្ញុំសូមពន្យល់ជូនបងប្អូនដែលមានកង្វល់។ ការកង្វល់អំពីទឹកដី អំពីជាតិ ជាកាតព្វកិច្ចមនុស្សគ្រប់គ្នា មិនថាមន្ត្រីរាជការ មិនថាប្រជាពលរដ្ឋសាមញ្ញ មិនថាអ្នកមាននិន្នាការណាទេ ជាកាតព្វកិច្ច និងជាសិទ្ធិបងប្អូន។ អាចារ្យ អាចារិនី ខំមករៀននៅទីនេះ ដើម្បីចូលរួមថែរក្សាតម្លៃវប្បធម៌របស់យើងឱ្យជាអត្តសញ្ញាណខ្មែរ។ បើយើងមិនគិតពីតម្លៃខ្មែរ ថ្ងៃក្រោយ យើង(មុខជា) Copy របស់អ្នកផ្សេងមករៀងៗខ្លួន ស្រឡាយកាត់ ក៏មិនអីដែរ មិនចាំបាច់មករៀនធ្វើអី។ (តែដែលមករៀននេះ)គឺសុទ្ធតែចង់បាននិងថែរក្សានូវតម្លៃ អត្តសញ្ញាណពិតប្រាកដមួយរបស់ខ្មែរ។ ចេញទៅធ្វើពិធីជាមួយគ្នា ជាមួយសាសន៍គេ យើងអាចនិយាយបានថា ទំនៀមទម្លាប់ខ្មែរធ្វើអញ្ចឹង។ ដូចខ្ញុំឧស្សាហ៍និយាយរឿងអាវកងទ័ព។ ឯកសណ្ឋានកងទ័ពខ្មែរយើង ល្អមិនល្អយើងពាក់របស់យើង កុំឱ្យចេញទៅក្រៅ គេសួរម៉េចបានមេទ័ពអ្នកឯងពាក់អាវខ្ញុំ? ហេតុអីបានជាទំនៀមទម្លាប់អ្នកឯងធ្វើពិធីហ្នឹងយករបស់ខ្ញុំ។ ដល់ទៅយើងជជែកថាជារបស់យើង គេថាគេមានឯកសាររបស់គេ។ ការឯកភាពជាតិ ការរួមគ្នាពង្រឹងអត្តសញ្ញាណជាតិ និងថែរក្សាអ្វីដែលជាផលប្រយោជន៍ជាតិខ្មែរ គឺជាការចាំបាច់ដែលកូនខ្មែរគ្រប់ជំនាន់ត្រូវតែធ្វើ ត្រូវរួមគ្នាថែរក្សា ស្ថិរភាព សន្តិភាព ឯកភាពជាតិ កុំឱ្យមានការបែកបាក់ ព្រោះអាហ្នឹងហើយជាមូលដ្ឋាននៃការបែកបាក់បាត់សាច់ មិនមែនបាត់តែទឹកដីទេ បាត់ទាំងមនុស្ស ស្លាប់ រត់ភៀសខ្លួនទៅក្រៅដោយសារសង្គ្រាម បាត់ទាំងសម្បត្តិវប្បធម៌យើង។

(១៨) ដើម្បីកុំឱ្យកង្វល់ក្លាយជាការពិត ត្រូវរួមគ្នាថែរក្សានិងអភិវឌ្ឍអធិបតេយ្យភាព ធ្វើឱ្យប្រជាជនរីកចម្រើន

ថ្ងៃ ២២(សីហា)នេះ ខ្ញុំនឹងទទួលរូបសំណាក់ដែលគេលួចយកទៅលក់ពេលដែលប្រទេសយើងវាយប្រហារគ្នា។ ឥឡូវគេយកពីញូយ៉កមកអោយវិញ។ ដូនតាយើងក៏ត្រូវគេពុះចែកគ្នា កាប់យកទៅលក់ដែរ ពេលដែលយើងបែកបាក់។ ថ្ងៃនេះរឿង CLV-DTA ចាញ់ឈ្នះអីយ៉ាងម៉េច បន្តិចទៀតខ្ញុំនឹងពន្យល់។ អ្វីដែលសំខាន់ គឺធ្វើអីក៏ដោយកុំឱ្យមានការបែកបាក់សាមគ្គីជាតិ។ ការបញ្ចេញទស្សនៈត្រូវមានក្របខណ្ឌ កុំឱ្យឈានទៅដល់ការប្រើហិង្សា កាប់ចាក់គ្នា ធ្វើឱ្យមានការបែកបាក់។ ខ្ញុំនឹងបង្ហាញថា តែមានផ្ទុះហើយ មិនមែនចប់ត្រឹមពេលឈប់វាយគ្នានោះទេ។ នៅប្រទេសបង់ក្លាដេស នៅអង់គ្លេស រាល់ថ្ងៃនេះ រឿងក្តៅឈប់ហើយ ប៉ុន្តែនៅសងសឹកគ្នាទៅវិញទៅមក ​មិនទាន់ចប់ទេ។ យើងត្រូវរួមគ្នាបញ្ចេញមតិ បញ្ចេញកង្វល់ តែយើងត្រូវធ្វើម៉េច ដើម្បីកុំឱ្យកង្វល់របស់យើងក្លាយទៅជាការពិត។ ការខ្លាចបាត់ទឹកដី ការបាត់អធិបតេយ្យភាព ជាកង្វល់របស់យើង។ ពីអតីតកាលយើងធ្លាប់ជួបហើយ តែយើងការពារឱ្យបាន។ ឥឡូវ បងប្អូនមានកង្វល់ពីអនាគតកាល។ អញ្ចឹងដើម្បីកុំឱ្យកង្វល់នេះក្លាយទៅជាការពិត យើងត្រូវរួមគ្នាថែរក្សា និងអភិវឌ្ឍអធិបតេយ្យភាព ទឹកដីគ្រប់កន្លែង ធ្វើឱ្យប្រជាជនរីកចម្រើន ជាពិសេសនៅខេត្តភាគឦសាន ដើម្បីកុំឱ្យកង្វល់យើងក្លាយទៅជាការពិត និងផ្ទុយទៅវិញ ពង្រឹងខ្មែរយើងឱ្យកាន់តែខ្លាំងនៅទីនោះ តាមរយៈការថែរក្សានូវសាមគ្គី ឯកភាពជាតិ …។

(១៩) រាជរដ្ឋាភិបាលដាក់វិធានការអាទិភាព៥ និងគោលនយោបាយអាទិភាព៦ តបនឹងបំណងប្រាថ្នាប្រជាពលរដ្ឋ

ខ្ញុំបានតាមដានស្តាប់ប្រជាពលរដ្ឋ។ អ្នកខ្លះដែលមានកង្វល់/ការព្រួយបារម្ភ។ ទោះបីជាមានការបកស្រាយយ៉ាងណា គឺមានការស្នើសុំឱ្យរដ្ឋាភិបាលដកខ្លួនពី CLV-DTA បើមិនអញ្ចឹងទេ បានន័យថា រដ្ឋាភិបាលមិនស្ដាប់ប្រជាពលរដ្ឋ។ ខ្ញុំសូមជម្រាបជូនបងប្អូនឱ្យជ្រាបថា រាជរដ្ឋាភិបាលក្នុងរយៈពេល ៤០ឆ្នាំនេះធ្វើអ្វីៗ គឺឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់។ នៅក្នុងអាណត្តិទី៧ នេះ ក្នុងមួយឆ្នាំដំបូង រដ្ឋាភិបាលបានដាក់ចេញវិធានការអាទិភាព ៥ចំណុច គោលនយោបាយអាទិភាព ៦ចំណុច ដើម្បីឆ្លើយនឹង(បំណងប្រាថ្នា)ប្រជាពលរដ្ឋ។ តើប្រជាពលរដ្ឋចង់បានអី? គាត់ចង់បានថាពេលឈឺ មានប្រព័ន្ធសុខាភិបាលល្អ (ទី១)។ បើអ្នកក្រ គាត់(មិន)មានសមត្ថភាពអាច(ចេញថ្លៃព្យាបាល) រដ្ឋអាចជួយស្អីៗអញ្ចឹង … ទី២ ចង់បានឱកាសរៀនសូត្រ (ទី៣)ចង់បានឱកាសការងារ (ទី៤)ចង់រស់នៅក្នុងភូមិឃុំមានសុវត្ថិភាព កុំឱ្យមានក្មេងកាប់ចាក់ គ្រឿងញៀន។ មែនទេ អាចារ្យ អាចារិនី? មុននឹងដាក់ចេញគោលនយោបាយ យើងបានធ្វើប្រជាមតិ/ស្ទង់មតិមើលថា​ ស្អីដែលជាកង្វល់អាទិភាពរបស់ប្រជាជន។

ខ្ញុំប្រកាសគោលនយោបាយទាំងនោះ។ ជាលទ្ធផល យើងកំពុងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឧទាហរណ៍សិស្សអាហារូបករណ៍ ១,៥ លាននាក់។ យើងពង្រីកគោលនយោបាយគាំពារសង្គម។ ថ្ងៃមុន សូម្បីតែស្រ្តីមានផ្ទៃពោះ ដែលជាពិរុទ្ធជន ក៏យើងឱ្យកម្មវិធីឧបត្ថម្ភសាច់ប្រាក់សម្រាប់មាតានិងទារកដែរ។ ខ្ញុំដាក់ចេញនូវវិធានការក្ដៅ រឿងបិទអាជ្ញាបណ្ណល្បែងស៊ីសង។ ថ្ងៃមុន មានចេញមកទៀត។ អាជ្ញាបណ្ណផ្សងសំ​ណាងនៅមូលដ្ឋានតូច … ខ្ញុំឱ្យបិទ និងស្រាវជ្រាវថាមានប៉ុន្មានពាន់កន្លែង។ បិទ(ទាំងអស់)។ ពិតណាស់ បិទមិនទាន់ជិតទេ ប៉ុន្តែគោលនយោបាយរបស់យើងគឺឈប់ចេញអាជ្ញាបណ្ណ។ ការសុំបន្ថែមយកប៉ុស្ដិ៍នោះ ខ្ញុំអត់បន្ថែមឱ្យទៀតទេ។ ប៉ុស្ដិ៍ ១ឆ្នាំ ត្រូវសុំម្ដង។ ខ្ញុំអត់បន្ថែមឱ្យទៀតទេ ព្រោះគ្មានអ្វីត្រូវបើកឡូតូនៅតាមក្រោមផ្ទះប្រជាពលរដ្ឋទេ។ បើថា ឡើងផ្សារ ១ម៉ឺនរៀល យក ១ម៉ឺនរៀលទិញម្ហូបឆ្ងាញ់បន្តិចមកផ្ទះ កុំមករវល់ចាក់ សល់ពាក់កណ្ដាលទៅវិញ ប្ដីសួរថា ម៉េចក៏ម្ហូបមិនសូវឆ្ងាញ់? អស់ ៥ពាន់រៀល ចូលទៅកន្លែងចាក់តាមផ្លូវ។

យើងបានដាក់វិធានការស្តីពីក្មេងទំនើង … ថ្ងៃមុន បានផ្ដល់គោលការណ៍ថា បើសិនជាគាត់ស្រលាញ់ម៉ូតូពេក ជិះតែកង់មួយ យើងយកម៉ូតូមកទុកឱ្យគាត់ ៣ខែទៅ។ ខ្ញុំធ្លាប់ប្រជុំច្រើនដង ខ្ញុំបានណែនាំថា រកវិធានការអីដើម្បីឱ្យគាត់រាង។ មិនមែនចង់ធ្វើបាបគាត់ទេ តែចង់ការពារគាត់។ កន្លងទៅ មានវិធានការរដ្ឋបាលមួយចំនួន។ ប៉ូលីសយើងយកមក គាត់ជួយកាត់សក់ free ឱ្យអញ្ចឹងទៅ។ ប៉ុន្តែគាត់មិនរាងចាលទេ។ (អញ្ចឹង មានតែ)ដោះកង់ម៉ូតូឱ្យវិញ។ ឥឡូវធ្វើម៉េច បើគាត់នៅតែបង្ហោះ អត់រាងចាលសោះ។ សាកទុកម៉ូតូ ៣ខែ។ បើគាត់អត់ម៉ូតូ អត់មានអីបង្ហោះទេ។ ៣ខែនេះ កាត់បន្ថយហានិភ័យ ដែលគាត់ជិះបុកគេ ឬដួលបាក់ដៃបាក់ជើង។ យើងរកវិធានដោះស្រាយ ព្រោះប្រជាពលរដ្ឋទាមទារ។ ខ្ញុំមើល Facebook រាល់ថ្ងៃ។ ការដោះស្រាយបញ្ហាមានទំនាស់ដីធ្លីកន្លែងណា ខ្ញុំ screenshot បាញ់ឲ្យចៅហ្វាយខេត្តដោះ។ យើងមិនមែនមិនស្ដាប់ប្រជាពលរដ្ឋទេ។ រឿងហ្នឹងវាមិនទាន់អស់ តែយើងខំប្រឹងដោះ។

ឧទាហរណ៍ នៅបូរីអូរស្វាយ កាលពីម្សិលម្ង៉ៃ ខ្ញុំបញ្ជូនតំណាងពិសេសរបស់ខ្ញុំ ឯកឧត្ដម ប៉ាន់ខែម ប៊ុនថន ទៅធ្វើការជាមួយប្រជាពលរដ្ឋនៅលើដីក្រុមហ៊ុន។ យើងបានទៅប្រាប់ថា គ្មានគម្រោងក្នុងការដេញប្រជាពលរដ្ឋទៅណាទេ។ ស្រាប់តែអាស៊ីសេរីទៅសម្ភាសន៍ចេញព័ត៌មានមួយថា រដ្ឋនឹងដេញប្រជាពលរដ្ឋ។ ខ្ញុំឆ្ងល់ក៏សួរថា “ថន! ឲ្យទៅធ្វើ ១ខែជាងហើយ ក្រែងប្រជាពលរដ្ឋគាត់យល់ហើយអី?”។ យើងពិនិត្យឡើងវិញការចុះបញ្ជីដីផ្សេងៗ ដើម្បីយើងសម្រេចយ៉ាងណា។ ស្រាប់តែបង្ហោះថាហ្នឹងទឹកភ្នែកទៀតហើយ។ ដល់ទៅម្សិលមិញ បានឃើញប្រជាជនគាត់ចេញមកប្រតិកម្ម។ អ្នកកាសែតអាស៊ីសេរីហ្នឹងមិនដែលទាំងចូលភូមិហ្នឹងផង ហើយយកបញ្ហាទៅចុះ(ផ្សាយ)។ ប្រជាពលរដ្ឋចេញមកប្រាប់ថារឿងពិតវាអញ្ចេះទេ …។

(២០) នាយករដ្ឋមន្រ្តីស្ដាប់ប្រជាពលរដ្ឋ ជួយមើលសូម្បីរឿងតូចតាចបើមានចន្លោះប្រហោង

ថ្ងៃមុន រឿងចតឡាននៅខេត្តកណ្ដាល … មានឡានធំមួយ។ ឃើញផ្លូវទំនេរ គាត់ចតបាំងផ្ទះប្រជាពលរដ្ឋ ៣-៤នាក់។ និយាយគ្នាមិនត្រូវ ចូល Facebook។ ខ្ញុំដាក់សារឲ្យទៅ បង (គួច) ចំរើន។ ព្រឹកឡើងដោះបាន។ ស្រុះស្រួលគ្នា។ សួរថា នាយករដ្ឋមន្រ្តីចាំបាច់ទៅមើលរឿងតូចតាចហ្នឹងធ្វើអី ទុកឲ្យខេត្តទៅ។ មិនមែនថាខេត្តមិនធ្វើទេ គាត់ខំប្រឹង ប៉ុន្តែមានចន្លោះប្រហោងខ្លះ ខ្ញុំត្រូវតែធ្វើ ព្រោះស្ដាប់ប្រជាពលរដ្ឋ។ សម្ដេចតេជោក៏លោកធ្វើអញ្ចឹង​ដែរ។ ជួនកាលគាត់ប្រាប់ថា តាំងពីមាន Facebook មក អ្នកស្នើសុំឲ្យគាត់ជួយ គាត់ជួយបានទាំងអស់ លើកលែងតែមួយគឺជួយរកប្រពន្ធឲ្យ។ រឿងហ្នឹងមិនបានទេ។ សិទ្ធិគេ។ មិនអាចចាប់បង្ខំ (ដូច)កាលគាត់ អាពត ការឲ្យ ដោយបង្ខំ មិនមានជម្រើស។ ឥឡូវគេរើសខ្លួនគេ។ មិនបានទេ រឿងការឲ្យហ្នឹង។ ធ្លាប់មានកូនទាហានមួយ។ មិនមែនខ្ញុំទេ ឯកឧត្ដម ហ៊ីង ប៊ុនហៀង។ ពេលដែលស្រឡាញ់គ្នា មកប្រាប់គាត់ថា “ប៉ាអើយ! ការឲ្យខ្ញុំទៅ បើមិនអញ្ចឹងទេរន្ទះបាញ់ហើយ”។ ការបានមួយឆ្នាំកន្លះ មកប្រាប់ “ប៉ាអើយ! បើខ្ញុំមិនលែងគ្នាទេ រន្ទះបាញ់ហើយ”។ ទីបំ​ផុត ធ្វើមេអណ្ដើកខុសទៀត។ ទុកឲ្យគេចិត្តនឹងចិត្ត សិទ្ធិសេរីភាព គេត្រូវគ្នា គេសម្របសម្រួលគ្នាយ៉ាងណា …។

(២១) វិស័យធនា​គារកំពុងពិចារណាវិធានអីខ្លះដែលអាចជួយបន្ធូរសម្ពាធដល់ប្រជាពលរដ្ឋជាអតិថិជន

ថ្ងៃមុន ដើរនៅ Pub Street ដោះស្រាយរឿងមិនចាយ(លុយដុល្លារ )ចាស់។ ខ្ញុំប្រជុំជាមួយវិស័យឯកជនរហូត។ ខ្ញុំតែងតែជួបក្រៅផ្លូវការជាមួយគណៈកម្មការយន្តការរដ្ឋ តើចង់បានអីបន្ថែម? ថ្ងៃមុន ប្រជុំជាមួយខាងវិស័យធនា​គារថា ឲ្យគិតមើលតើមានវិធានអីខ្លះសម្រាប់បន្ធូរសម្ពាធដល់ប្រជាពលរដ្ឋ? ឥឡូវកំពុងឲ្យពិចារណាមើល។ យើងគិតគូរកម្រិតណាដែលយើងអាចធ្វើបាន។ យើងឃើញវិស័យឯកជនដែលពាក់ព័ន្ធជាមួយហ្នឹង ព្រោះវិស័យឯកជនជាអ្នកបង្កើតការងារ។ បើគាត់មានបញ្ហាអាជីវកម្ម អាចប៉ះពាល់ដល់ការងារប្រជាពលរដ្ឋ។ ខែ១១ តែ២ខែកន្លះ ៣ខែ ក្រោយពីខ្ញុំឡើងធ្វើនាយករដ្ឋមន្រ្តី យើងមាន(វេទិកា)វិស័យឯកជន ជួបជាមួយប្រមុខរាជរដ្ឋាភិបាល យើងផ្ដល់គោលការណ៍អនុគ្រោះច្រើនណាស់ដើម្បីឲ្យដកដង្ហើម។ ឥឡូវ ខ្ញុំកំពុងឲ្យធនាគារជាតិធ្វើការជាមួយវិស័យឯកជនដើម្បីរកវិធីជួយពួកគាត់ ជួយទៅដល់អតិថិជនរបស់គាត់តទៅទៀតដើម្បីបន្ធូរសម្ពាធនេះ …។

(២២) បានជួបផ្ទាល់ បានឮផ្ទាល់ ចូលរួមផ្ទាល់ ជាមួយរាជរដ្ឋាភិបាលដោះស្រាយកង្វល់ជាក់ស្ដែងជូនប្រជាជន

និយាយទៅ យើងធ្វើអីក៏មិនដែលត្រូវដែរ។ យើងដាក់គោលនយោបាយខាងលើ គេថាយើងមិនដែលចុះជួបប្រ​ជា​ពលរដ្ឋ។ ដល់ពេលចុះទៅជួប គេថាខ្ញុំសម្ដែង។ អញ្ចឹងក៏បានដែរ សុខចិត្តឲ្យថាខ្ញុំសម្ដែងចុះ តែយ៉ាងហោចណាស់ ខ្ញុំបានជួបផ្ទាល់ ខ្ញុំបានឮផ្ទាល់ ខ្ញុំអាចចូលរួមផ្ទាល់ ជាមួយរាជរដ្ឋាភិបាលក្នុងការដោះស្រាយកង្វល់ជាក់ស្ដែងជូនប្រជាជន។ ដោះ(រឿង)តូច គេថា នាយករដ្ឋមន្រ្តីមិនព្រមធ្វើគោលនយោបាយធំ ទៅមើល Pub Street ធ្វើអី ទុកឲ្យគេធ្វើ កុំទៅដណ្ដើមការងារ។ ទៅជួបជាមួយឪពុកម្ដាយនៅសាលាបឋមសិក្សាធ្វើអី ទុកឲ្យក្រសួងអប់រំធ្វើទៅ។ ខ្ញុំត្រូវតែរកឱកាសចុះទៅជួបជាមួយប្រជាពលរដ្ឋ។ និយាយរួម ពាក់អាវក្រវាត់កនៅកន្លែងពិបាកណាស់។ កាលខ្ញុំនៅជើងគោក បងប្អូនអាចសួរបាន ខ្ញុំចុះ(ទៅតាមអង្គភាព)រហូតហ្នឹងឯង។ ឥឡូវទើបនឹងបានប៉ុន្មានដងនេះរាងទំនង ចេញទៅ។ សូម្បីតែឯកឧត្ដម យូ សិនឡុង ឯកឧត្ដម ជួន សុវណ្ណ អី ក៏មិនឲ្យដឹងដែរ។ អង្គរក្សការពារមិនឲ្យមាន។ ដំបូងទៅដល់ក្រចេះ ទៅមើលវិស្វកម្មធ្វើផ្លូវព្រំដែន ជួបប្រជាពលរដ្ឋនៅនោះ។ ខ្ញុំប្រាប់ថា កាលទៅសៀមរាប ខ្ញុំបានប្រកាសហើយ ថ្ងៃ១៨ សម្ពោធ។

(២៣) អាណត្តិទី១ ដាក់ចេញក្រប​ខ័ណ្ឌគោលនយោបាយ អាណត្តិទី២ ចុះមើលជាក់ស្តែង

ខ្ញុំប្រកាសហើយ។ អាណត្តិទី១ ខ្ញុំដាក់ចេញក្រប​ខ័ណ្ឌគោលនយោបាយ។ អាណត្តិទី២ ខ្ញុំចុះមើល។ ខ្ញុំចុះមែន។ ឱ្យខ្ញុំ(បាន)លេសសុំ VISA ពីប្រពន្ធខ្ញុំចុះខេត្ត។ ខ្ញុំទៅជួបជាមួយនឹងប្រជាពលរដ្ឋ អង្គុយនិយាយគ្នា។ ថ្ងៃមុន ខ្ញុំទៅខេត្តកំពង់ធំ។ ខ្ញុំទៅដល់ ខ្ញុំប្រាប់គេថា (ឱ្យ)ប្រាប់ថាខ្ញុំចៅហ្វាយស្រុកមកថ្មី។​ ចុះពីលើទូកមក ចូលផ្ទះមួយ អ៊ំៗ គាត់មក។ ខ្ញុំប្រាប់ថា ខ្ញុំចៅហ្វាយស្រុកមកថ្មី។ (អ៊ំគាត់ថា) មិនជឿទេ ខ្ញុំឃើញក្នុងទូរទស្សន៍ ខ្ញុំឃើញក្នុងទូរស័ព្ទ (ស្គាល់ហើយ)។ បែកការណ៍បាត់ហើយ។ ទៅនិយាយ និយាយអត់ព្រៀងទុក និយាយអត់រៀបមនុស្ស។ មិនមែនថាទៅហ្នឹង មានរឿងអី្វទេ មិនថាទៅឆែក ទៅចាប់កំហុសអីទេ គ្មានអ្នកណាល្អឥតខ្ចោះទេ រដ្ឋាភិបាលក៏គ្មានល្អឥតខ្ចោះ ខ្ញុំក៏មិនល្អឥតខ្ចោះ គ្មានអ្នកណាល្អឥតខ្ចោះ ប៉ុន្តែអ្វីដែលសំខាន់ យើងដាក់ទិសដៅ ដើម្បីឱ្យល្អឥតខ្ចោះ ដើម្បីយើងខិតខំប្រឹងប្រែងកែសម្រួលបន្តិចៗ ទៅលើការកង្វះខាតរបស់យើង។ រួមគ្នាធ្វើទៅ កុំប្រកាន់ ធ្វើដើម្បីប្រជាពលរដ្ឋទេ ហើយស្ដាប់ពីគាត់។

(២៤) អាចារ្យអាចារិនី មិនការពារតែទម្រង់ពិធីកម្មទេ តែការពារតម្លៃទំនៀមទំលាប់ផង

ខ្ញុំជួបផ្ទាល់ ខ្ញុំស្ដាប់ផ្ទាល់តាមហ្វេសប៊ុកអីហ្នឹង។ យើងដាក់វិធានការដោះស្រាយរឿងព្រលានយន្តហោះ។ យើងចេញថ្ងៃទី ១ខែកញ្ញា នេះ ដើម្បីចូលមកកុំឱ្យបង់លុយ ពិបាកតកន្ទុយ ធ្វើឱ្យលឿនដូចគេ។ ឥឡូវខាងអប្សរា កាត់បន្ថយច្រើនណាស់។ រឿងថត Pre-wedding ថតអីនេះ កាលមុនទាល់តែទៅសុំច្បាប់។ សួរហេតុផល គាត់មានហេតុផលការពាររបស់គាត់ ប៉ុន្តែក្បួនច្បាប់និងគោលការណ៍នោះ តាំងពី ១៩៩០ ជាង។ អនុវត្តចេញឆ្នាំ ២០១៧។ អញ្ចឹងឱ្យកែសម្រួល។ ឥឡូវរឿងតម្លៃយ៉ាងម៉េច ឱ្យពិនិត្យឡើងវិញ។ គ្រឹះស្ថានអង្គរ ពេលដែលភ្ញៀវទៅ​​ត្រូវទៅថតរូប យកព័ត៌មានយកអី ពាក់កាត ដើរឆែកកាតអី។ ឥឡូវឱ្យគិតទៅ រកវិធីដែលស្រួលទៅ កុំឱ្យពិបាក (ឧទា​ហរណ៍)ធ្វើកាតអីមួយពាក់ទៅ។ ទេសចរដើរទៅ កុំឱ្យពិបាក។ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានឱ្យធ្វើហើយ។ ឥឡូវយើងអាចប្រើ QR កូដ លែងចាំបាច់ថតរូបដាក់បិតកាតអីទៀតហើយ ឱ្យវាស្រួលទាំងភ្ញៀវទេសចរ ស្រួលទាំងមន្រ្តីអប្សរា ព្រោះគាត់ក៏លំបាកដែរ គោលការណ៍ច្រើន គាត់ត្រូវតឹង។ ការពារប្រាសាទ មិនមែនការពារតែថ្មកុំឱ្យគេលួចកាត់ទេ ប៉ុន្តែការពារតម្លៃ។ អាចារ្យ អាចារិនី ដូចគ្នា។ ត្រូវទេ? មិនមែនការពារតែទម្រង់ទេ តែការពារតម្លៃនៃទំនៀមទំលាប់ពិធីកម្មរបស់យើងផងដែរ។ ត្រូវតែមានតម្លៃ។ តម្លៃនេះ បានន័យថា ធ្វើអ្វីមួយត្រូវមានអត្ថន័យច្បាស់លាស់ ផ្អែកទៅលើសាសនាព្រាហ្មណ៍ និងសាសនាព្រះពុទ្ធ។ ត្រូវតម្លៃ មិនមែនតែទម្រង់ធ្វើទៅល្អមើល រៀបឱ្យកាន់តែធំ កាន់តែល្អនោះទេ។ រៀបតូចក៏ដោយ ថវិកាតិចក៏ដោយ ឱ្យត្រូវទម្រង់ ដើម្បីថែរក្សាតម្លៃនៃវប្បធម៌ទំនៀមទំលាប់យើង។ បើថារៀបធំ ចំណាយថវិកាច្រើន តែរៀបខុសក្បួន ហ្នឹងក៏អស់តម្លៃ …។

(២៥) ប្រជាពលរដ្ឋភាគច្រើនលើសលប់ចង់បានការធានាថាមិនបាត់បង់ទឹកដី, មិនបាត់បង់អធិបតេយ្យភាព, អភិវឌ្ឍខេត្តទាំង៤ និងមិនចង់ឃើញខ្មែរបែកបាក់

ឥឡូវត្រឡប់មកវិញ រឿង CLV-DTA។ មានអ្នកថា យើងមិនស្ដាប់គាត់។ បងប្អូនខ្លះថា រាជរដ្ឋាភិបាលមិនស្ដាប់(ប្រជាពលរដ្ឋ)? រាជរដ្ឋាភិបាលស្ដាប់ពីកង្វល់រួមគ្នា មិនថាអ្នកគាំទ្រ មិនថាអ្នកមិនគាំទ្រ ប៉ុន្តែសួរថាតើជាប្រជាពលរដ្ឋក្រុមណា? យើងមានប្រជាពលរដ្ឋ ៣ក្រុម៖ ក្រុមទី១ គឺក្រុមអ្នកមានកង្វល់ និងសូមឱ្យដកចេញមក។ ក្រុមទី២ គឺក្រុមអ្នកដែលយល់អំពីតម្លៃហើយចង់ឱ្យអភិវឌ្ឍន៍។ ម្សិលមិញ ចេញមករាប់ម៉ឺននាក់ដែលដូរ profile (គាំទ្រ)។ ឥឡូវ យើងស្ដាប់ក្រុមណា? ទាំងពីក្រុមហ្នឹង មិនមែនជាប្រជាពលរដ្ឋឬអី? ក្រុមទី៣ គឺក្រុមស្ងាត់ស្ងៀម។ ក្រុមពីរមុននេះ គាត់បញ្ចេញមតិឆុងឆាំងដាក់គ្នា ការពារទឡ្ហីករណ៍(របស់គាត់រៀងខ្លួន)។ ប៉ុន្តែក្រុមអ្នកទី៣ ដែលខ្ញុំគិតថាជាក្រុមអ្នកស្ងាត់ស្ងៀម ជាក្រុមធំ ជាក្រុមនៅកណ្ដាល។ បានន័យថា រឿង CLV-DTA រឿងមិន CLV-DTA ចេញមិនចេញ ក៏អត់ទៅ ប៉ុន្តែសំខាន់ ធានាឱ្យពួកគាត់៖ ទី១ ខេត្តទាំង៤ មិនបាត់បង់ទឹកដី, ទី២ យើងមិនបាត់បង់អធិបតេយ្យភាព, ទី៣ ធានាអភិវឌ្ឍខេត្តទាំង ៤នេះ, ទី៤ មិនចង់ឃើញខ្មែរបែកបាក់ ធ្វើឱ្យរញ៉េរញ៉ៃសង្គមជាតិ។ បើស្ទង់មតិ ប្រាកដជាអ្នកទី៣ ហ្នឹងហើយដែលមានភាគច្រើនជាងគេ។ រឿងដកមិនដក រឿងស្អីមិនស្អី រឿង ២៥ ឆ្នាំហើយវាមានទៅណា។ ទោះជាដក តែបើមានចេតនាធ្វើឱ្យបាត់ គង់តែបាត់ដដែល វាមិនមែនរឿងកិច្ចសហប្រ​តិបត្តិការហ្នឹង។

(២៦) រាជរដ្ឋាភិបាលត្រូវស្តាប់មតិក្រុមទី៣ ដែលជាអ្នកភាគច្រើនលើសលប់ក្នុងប្រជាជាតិកម្ពុជា

យើងចូលអាស៊ានតាំងពីឆ្នាំ ១៩៩៩​។ ១០ ប្រទេសហ្នឹង មិនទាន់បាត់មួយកន្លែងណាផង។ សហប្រតិបត្តិការ ៣ប្រទេស របងជាប់គ្នា យើងធ្វើកិច្ចសហប្រតិបត្តិការគ្រប់វិស័យ មិនទាន់បាត់(ដី)ឯណា មានតែបោះបង្គោលព្រំដែនបន្ថែម ដើម្បីពង្រឹងរៀងៗខ្លួន។ ខ្ញុំឃើញបទសម្ភាសន៍ដែលអ្នកនៅក្រចេះ អ្នកមណ្ឌលគិរី ថា រឿងហ្នឹងល្អសម្រាប់ខេត្តខ្ញុំ ដាច់ស្រយាលជាងគេ ចង់ឱ្យលឿនដូចគ្នា។ ស្អីក៏ដោយ ក្របខណ្ឌរបស់ជាតិ ក្របខណ្ឌរបស់តំបន់ ជប៉ុនក៏មកជួយ ស្អីក៏មកជួយ​ ធ្វើទៅ។ ខ្ញុំនៅហ្នឹង។ ខ្ញុំការពារ។ ឥឡូវរាជរដ្ឋាភិបាល សួរថា ត្រូវស្ដាប់ប្រជាពលរដ្ឋមួយណា? ស្ដាប់ក្រុមទី១ ដែលមានកង្វល់ខ្លាំង ទាមទារឱ្យដកចេញ ដែលមានសមាជិកប្រជាពលរដ្ឋមិនច្រើន។ ក្រុមទី២ មានសមាជិកច្រើន គាំទ្រឱ្យអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិតំបន់ហ្នឹងបន្តទៀត​ ព្រោះគ្មានបាត់អ្វីទេ ប៉ុន្តែអាចទាញអន្តរជាតិចូលមក។​ កន្លងទៅ ទាញទាំងជប៉ុន អាល្លឺម៉ង់ ADB ចូលទៅជួយបន្ថែមនៅហ្នឹង ព្រោះថវិកាជាតិរបស់យើងមានកំណត់។ ទុកចិត្តថា រដ្ឋាភិបាលមិនធ្វើឱ្យ(បាត់ដី)ទេ។ ឬមួយ(ត្រូវគាំទ្រ)ក្រុមទី៣។ បងប្អូន(ក្រុមទី៣)ថា កុំទៅឈ្លោះគ្នារឿងប្រធានបទហ្នឹង ទោះចូលឬមិនចូល CLV-DTA សំខាន់ធានាឱ្យខ្ញុំថា ទៅមុខប្រទេសជាតិ ទឹកដីកន្លែង ៤ខេត្តហ្នឹង មិនបាត់បង់អធិបតេយ្យភាព កន្លែងហ្នឹងកាន់តែអភិវឌ្ឍ ហើយសំខាន់បំផុត កុំឱ្យមានបែកបាក់ជាតិ។ មិនថាតែនៅតំបន់ ៤ហ្នឹងទេ បើនៅទូទាំងប្រទេសរញ៉ីរញ៉ៃ ខ្ញុំពិបាករកស៊ី។ នេះគឺមតិអ្នកទី៣ ដែលខ្ញុំគិតថាជាអ្នកភាគច្រើនលើសលប់ក្នុងប្រជាជាតិកម្ពុជាយើងបច្ចុប្បន្ន។

(២៧) បើបែកបាក់បច្ចុប្បន្ន នឹងមានគ្រោះអាសន្ននាអនាគត ក្នុងពេលដែលខេត្តទាំង៤ លែងបានអភិវឌ្ឍ

ប្រជាពលរដ្ឋ ទាំងអ្នកគាំទ្រ មិនគាំទ្រគម្រោងកិច្ចសហប្រតិបត្តិការ មានកង្វល់តែមួយគឺអនាគត។ ឥឡូវវាអត់បាត់ទេ។ តាមខ្ញុំឮ មួយក្រុមថា ថ្ងៃក្រោយវាអាចបាត់ មួយក្រុមទៀតថា មិនជឿថាបាត់។ មានទឡ្ហីករណ៍ អំណះអំណាងរៀងៗខ្លួន។ ក្នុងនាមជារាជរដ្ឋាភិបាល អ្នកណាត្រូវ អ្នកណាខុស តើចាំបាច់តឹងសរសៃក រហូតដល់ទៅរកកាប់ចាក់គ្នាបច្ចុប្បន្ននេះ និងពេលអនាគតនោះទេ? ប្រយ័ត្នធ្វើឱ្យបែកបាក់បច្ចុប្បន្ន អនាគតវា(បាកបែក)ធូរ។ រវល់តែកាប់គ្នា បែកបាក់សាមគ្គីផ្ទៃក្នុង ខេត្តទាំង ៤ លែងអភិវឌ្ឍ លែងធ្វើផ្លូវតាមព្រំដែនទៅ។ អញ្ចឹងដែលខ្ញុំនិយាយ ការថែរក្សា (កុំឱ្យ)បែកបាក់ជាតិ គឺត្រូវថែរក្សាការឯកភាពជាតិ​​ ខ្មែរតែមួយ។ មានរឿងមួយ។ ខ្ញុំមើល clip តាមហ្វេសប៊ុក។ រឿងអាមេរិកាំង។ “ស្ដ្រីម្នាក់មានប្ដីហើយ។ គាត់ទៅជួបតារាម្នាក់។ គាត់ទៅថត ព្រោះជា idol។ ស្រលាញ់ណាស់ តាំងពីក្មេងមក។ បានជួប ថតបាន។ គាត់គ្មានបំណងអ្វីទេ។ តារានោះ ក៏គេ(គ្មានបំ​ណង​ដែរ) ប៉ុន្តែមានមិត្តភក្ដិរបស់ប្ដីម្នាក់ ទៅប្រាប់ប្ដីថា មើលមិនស្រួលហើយប្រយ័ត្នប្រពន្ធមានសាហាយ”។ ប្ដីនិងប្រ​ពន្ធឈ្លោះគ្នា វាយគ្នាដុតផ្ទះចោល។ តារានោះមិនដឹងអីផង។ យើងសង្ស័យគ្នា បែកបាក់គ្នាបាត់។ កុំយកហេតុផលនៃការសង្ស័យ ដែលមិនមានការពិតនេះគឺជាបញ្ហា។

(២៨) មិនគប្បីមានកង្វល់ ត្បិតពលរដ្ឋមានអំណាចទម្លាក់រដ្ឋាភិបាល ៥ឆ្នាំម្តង និងមានច្បាប់អន្តរជាតិជានិយាម

ឥឡូវ ដែលថាមិនត្រូវមានកង្វល់ ព្រោះ(ទី១) អំណាចរបស់ប្រជាពលរដ្ឋមាន ៥ឆ្នាំម្ដង។ ទៅខ្លាចស្អី? ខ្លាច ៥០ឆ្នាំស្អី បើ ៥ឆ្នាំ គេធ្វើការវិនិច្ឆ័យម្ដងហ្នឹង។ បោះឆ្នោតម្ដងហ្នឹង។​ បើប្រាកដជាបាត់មែនកន្លែងហ្នឹង បោះទម្លាក់ទៅរដ្ឋាភិបាលហ្នឹងនោះ ចាំបាច់កាប់ចាក់គ្នាធ្វើអ្វី។ រដ្ឋាភិបាល ក៏យល់ដែរ។ មិនល្ងង់ទេ។ ចង់បានប្រជាជននៅគាំទ្រ​ ៥០ឆ្នាំ ទាល់តែប្រជាពលរដ្ឋបោះឆ្នោត ១០ដង ជាប់ទាំង ១០ដង។ អញ្ចឹងត្រូវធានា។ យើងចេញទៅធានា។ តែការអភិវឌ្ឍកន្លែងនេះ រឿងទឹកដីនេះ ជាប្រធានបទធំណាស់ មិនត្រឹមតែខុសរដ្ឋធម្មនុញ្ញទេ ខុស​ពីជាតិ។ (ទី២) សម័យនេះ (មាន)ច្បាប់អន្តរជាតិ គ្មានអ្នកណាចេះតែកាត់យកទៅឱ្យទេ។ ខ្ញុំសូមបញ្ជាក់ ជំហរមួយរបស់កម្ពុជានៅលើឆាកអន្តរជាតិ គឺប្រឆាំងនឹងការបំបែករដ្ឋ។ យើងមិនគាំទ្ររាល់ការបំបែករដ្ឋអធិបតយ្យ។ អញ្ចឹងបើយើងមិនគាំទ្រការបំបែករដ្ឋនៅប្រទេសគេ តើយើងទៅធ្វើការបំបែកខេត្តនៅប្រទេសយើងទេ? យើងនឹងមិនធ្វើទេ។

(២៩) សូមក្រុមមានមតិស្រប ក្រុមមិនស្រប និងក្រុមកណ្តាល ប្រកាន់យកអភិក្រមបញ្ចេញមតិ ដែលមិនប៉ះពាល់ដល់សន្ដិសុខជាតិ និងមិនធ្វើឱ្យការបែកបាក់ឯកភាពជាតិ

សួរថា បើអញ្ចឹងដែលបងប្អូនកង្វល់/សង្ស័យ ខុសឬទេ? គាត់មានសិទ្ធសង្ស័យ មានកង្វល់ និងមន្ទិល។ ប្រជាពលរដ្ឋដែលគាំទ្រ ក៏គាត់អាចមានការមន្ទិលថា បើសិនជាដក យើងនឹងអត់អភិវឌ្ឍ។ យើងអាចនឹងបាត់ ព្រោះវាជាតំបន់ព្រៃ។ បងប្អូនដែលមានកង្វល់ ខ្លាចគេចូលមកនៅច្រើនកន្លែង បាត់អធិបតេយ្យភាព។ អញ្ចឹង កង្វល់ដូចតែគ្នា។ ឥឡូវខ្ញុំបានឆ្លើយជា​មួយនឹងប្រជាពលរដ្ឋហើយ។ វាគ្រាន់តែបញ្ជាក់នូវជំហរ តែសួរថា យើងលុបការមន្ទិលសង្ស័យបានឬទេ? ថាមិនទាន់បានទេ។ (ទី១) ទោះបីជាដក ឬមិនដកចេញពី CLV-DTA ក៏នៅតែបង្កការសង្ស័យ។ បើសិនជាយើងដកចេញពីគម្រោងនេះ ប្រជាពលរដ្ឋនឹងថា យើង(ពិតជា)មានចេតនាធ្វើអាក្រក់មែន ហើយ បើកុំតែ(ស្រែកទាន់ កុំអីធ្វើ)បាត់ទៅហើយ។ ទី២ ប្រជាពលរដ្ឋដែលគាំទ្រ នឹងសង្ស័យថា បើសិនជាដកទៅ យើងគ្មានចេតនាអភិវឌ្ឍកន្លែងហ្នឹងអោយខ្លាំង ឱ្យលឿន ទុកលំហរឱ្យគេចូលមក។ គាត់កាន់តែមានការសង្ស័យទៅទៀត។ អញ្ចឹង ទស្សនៈគាត់ដូចគ្នា គឺការថែរក្សាអធិបតេយ្យទឹកដីរបស់យើង។

អញ្ចឹងស្ដាប់ជំហរអ្នកទី៣ ក៏មិនខុសពីគាត់ដែរ។ គ្រាន់តែអ្នកទី៣ នេះ គាត់មើលអនាគតវែងឆ្ងាយ។ គាត់អត់ផ្ដោតទៅលើអ្វីដែលចំ​ពោះមុខ ដែលមិនអាចបញ្ជាក់បាន គ្រាន់តែជាកង្វល់ តែគាត់ព្រួយបារម្ភថា​ ប្រយ័ត្នកង្វល់សង្ស័យគ្នាឯង ដូច(ឧទាហរណ៍រឿង)ប្ដីប្រពន្ធ មិនទាន់ដឹងអីផង ដុតផ្ទះខ្លួនឯងចោល។ យើងត្រូវរួមគ្នាទប់រឿងនេះ។ ខ្ញុំសូមអំពាវនាវបងប្អូន ដូចខ្ញុំអំពាវនាវថ្ងៃទី២ សីហា អញ្ចឹង ទាំងអ្នកស្រប អ្នកមិនស្រប រឿងគម្រោងមួយនេះ និងអ្នកទី៣ សូមប្រកាន់នូវអភិក្រមជជែកគ្នា បញ្ចេញមតិរៀងៗខ្លួន ប៉ុន្តែកុំធ្វើសកម្មភាពណាដែលប៉ះពាល់ទៅដល់សន្ដិសុខជាតិ និងធ្វើឱ្យការបែកបាក់ឯកភាពជាតិនៅកម្ពុជា ព្រោះការធ្វើដូចហ្នឹងជាមូលដ្ឋាននៃការបែកបាក់ហើយ … បន្តិចទៀតខ្ញុំនឹងនិយាយពីបទពិសោធន៍ដែលប្រជាពលរដ្ឋលើកយោបល់នៅប្រទេសបង់ក្លាដែស និងនៅប្រទេសអង់គ្លេស។ យើងយកតែពីរប្រទេសដែលកំពុងដុតរាល់ថ្ងៃមិនទាន់ចប់នេះមកនិយាយ។ ខ្ញុំអត់និយាយពីបារាំង ដែលមានបាតុកម្មថ្ងៃមុន។ ខ្ញុំអត់និយាយពីប្រទេសផ្សេង ខ្ញុំនិយាយតែពីរប្រទេសនេះ។ តើវាយ៉ាងណា។

(៣០) សូមមានអំណត់រួមគ្នាអភិវឌ្ឍដើម្បី ២៥ ទៅ ៥០ឆ្នាំទៀត ស្រាយបានទាំងកង្វល់ទាំងមន្ទិលសង្ស័យ

បើស្ដាប់អ្នកទី១ អ្នកទី២ អ្នកទី៣ រួមគ្នា ដើម្បីដោះស្រាយនូវកង្វល់ និងការមន្ទិលសង្ស័យរបស់ពួកគាត់ គឺសុទ្ធតែផ្ដោតទៅលើអនាគតដូចគ្នា អត់មានអ្នកណាថាថ្ងៃនេះទេ។ សុទ្ធតែ ២០ឆ្នាំ ៥០ឆ្នាំ។ អញ្ចឹងហើយ យើងមានតែជំ​រុញការអភិវឌ្ឍ និងការធានាឱ្យបាននូវការអភិវឌ្ឍថា ថែរក្សាបូរណភាពទឹកដី ការថែរក្សានូវអធិបតេយ្យភាព និងជំរុញការធានាមិនឱ្យមានការបែកបាក់ជាតិ និងការបែកបាក់ឯកភាពជាតិ ដែលជាបំណងរបស់ប្រជាជនភាគច្រើនលើសលប់។ ស្ដាប់ប្រជាជនហើយ តែត្រូវស្ដាប់អ្នកដែលជាភាគច្រើនជាងគេបំផុត ទោះបីជាគាត់មិនបញ្ចេញសារមកក្តី។ ជួបប្រជាពលរដ្ឋនៅស្នួល គាត់អត់ប្រើហ្វេសប៊ុក ចូលខម្មិន ចូលអីតាម TIKTOK ទេ។ ខ្ញុំសួរគាត់ “តើអ៊ំព្រួយរឿងបាត់ទឹកដីទេ?”។ គាត់ថា គាត់អត់ព្រួយ … តើវិធីសាស្រ្តអី កុំឱ្យបាត់? មានតែរួមគ្នាឱ្យភូមិអ៊ំកាន់តែរីក។ គាត់បានប្រាប់ កាលពីគាត់មកនៅ ១០ឆ្នាំជាងមុន ផ្លូវជាតិលេខ ៧៦ ហ្នឹងមានតែប៉ុន្មានផ្ទះទេ។ ឥឡូវមានរាប់រយគ្រួសារ នៅពេញហ្នឹង។

ចុះទៅជួបប្រជាពលរដ្ឋនៅព្រំដែន យើងមិនទាន់ធ្វើផ្លូវ គាត់ចង់ឆ្លងទៅភូមិជិតខាង គាត់ចូលទៅខាងវៀតណាម ពឹងផ្លូវវៀតណាមចេញមក។ ឥឡូវគាត់ភ្ជាប់ខ្លួនឯង។ រដ្ឋចែកដីឱ្យប្រជាពលរដ្ឋនៅកន្លែងហ្នឹង ធ្វើផ្ទះឱ្យអតីតយុទ្ធជននៅព្រំដែនទៀត។ យើងបន្តធ្វើតទៅទៀត។ អញ្ចឹងយើងអាចស្រាយទាំងកង្វល់ និងមន្ទិលសង្ស័យ។ កង្វល់តែមួយ ប៉ុន្តែរឿងកង្វល់នេះ វាសម្រាប់អនាគត។ អញ្ចឹងនៅតែមន្ទិល។ រឿង CLV-DTA ​នៅតែសង្ស័យពីចេតនាថា រដ្ឋាភិបាលគ្រោងយកទៅឱ្យគេ។ ដើម្បីបញ្ចប់មន្ទិលសង្ស័យ ខ្ញុំសូមអំពាវនាវឱ្យបងប្អូនមានភាពអំណត់។ យើងមិនអាចយកលទ្ធផលថ្ងៃនេះ កាប់ចាក់គ្នាឈ្នះចាញ់ថ្ងៃនេះ ដើម្បីបង្ហាញ(ពីអ្វីដែលនឹងកើតនៅ) ៥០ឆ្នាំទៀតនោះទេ។ មានតែរង់ចាំ ហើយរួមគ្នាធ្វើ អភិវឌ្ឍ ដើម្បី ២៥ឆ្នាំ ៥០ឆ្នាំទៀត កន្លែងហ្នឹងខ្មែរកាន់តែខ្លាំង មនុស្សកាន់តែច្រើន ស្រាយទាំងកង្វល់ ទាំងមន្ទិលសង្ស័យ។

(៣១) បើគណបក្សប្រជាជនដឹកនាំឲ្យបាត់បង់អធិបតេយ្យភាព និងខេត្តទាំង ៤ សូមបោះឆ្នោតទម្លាក់ចុះ មិនបាច់កាប់ចាក់គ្នាទេ

ក្នុងនាមរាជរដ្ឋាភិបាល យើងត្រូវធានាឱ្យបាននូវបែបនេះ។ អញ្ចឹងបំណង ៤ របស់ប្រជាពលរដ្ឋ បំណងទី ១ កុំឲ្យបាត់ដី ទី ២ កុំឲ្យបាត់អធិបតេយ្យ ហើយទី ៣ ជួយអភិវឌ្ឍខេត្តហ្នឹងឲ្យខ្លាំង ឲ្យខ្មែរនៅឲ្យច្រើន (ទី៤ មិនចង់ឱ្យខ្មែរ​បែកបាក់)។ យើងត្រូវធ្វើ ប៉ុន្តែមិនអាចធ្វើថ្ងៃនេះបានទាំងអស់ទេ។ គ្មានអីមកបញ្ជាក់បានទេ។ ថ្ងៃនេះយើងបញ្ជាក់ថា យើងមិនបាត់ តែនៅតែមានមន្ទិលសង្ស័យ។ យើងខំធ្វើផ្លូវព្រំដែនហើយ ប្រជាពលរដ្ឋក្នុងរយៈពេល ២៥ ឆ្នាំនេះកើនពី ៤០ម៉ឺនក្នុងខេត្ត ៤ ទៅ ១លាននាក់ហើយ តែយើងមិនអាចមានប្រជាជន ២០ លានទៅនៅ ៤ ខេត្តនេះទេ ព្រោះវានឹងអស់ពីភ្នំពេញ។ នៅស្រុកខ្មែរទាំងមូលតែ ១៧ លាននាក់ទេ។ ទាល់តែរើពីកន្លែងផ្សេងទៅហ្នឹងទាំងអស់។ សូមឲ្យមានភាពអំណត់ហើយជឿជាក់ ហើយចាំមើលទាំងអស់គ្នា។ សំខាន់បំផុតកុំឲ្យបែកបាក់ផ្ទៃក្នុង។ កុំឲ្យបែកបាក់ឯកភាពជាតិគ្នា។ អញ្ចឹងដំណោះស្រាយ(ចំពោះបំណងទាំង) ៣នេះ យើងនឹងធ្វើគោលនយោបាយរបស់រដ្ឋាភិបាលបង្ហាញឲ្យបងប្អូនឃើញ។ កុំពិបាក ក្នុង ៥ឆ្នាំបោះឆ្នោតម្តងទេ។

បើរដ្ឋាភិបាលភរនៅក្នុង ៣ចំណុចនេះ ជិតដល់បោះឆ្នោតទៅមើលទៅ បាត់កន្លែងណា បាត់អធិបតេយ្យភាពកន្លែងណា? ខ្មែរយើងក្លាយទៅជាជនជាតិភាគតិច ឬយ៉ាងម៉េចនៅខេត្ត ៤ នេះ។ បើសិនជាអញ្ចឹងមែន (ដកចេញតាមរយៈ)សន្លឹកឆ្នោតទៅ។ បើសិនជាឆ្នាំ ២០២៧-២០២៨ មិនទាន់(កើតមានដូចការព្រួយបារម្ភ)ទេ ខ្លាច(ថាពេលវេលានៅមិនទាន់មកដល់) ក្រែងលោកើតនៅ ២០៣២-២០៣៣ ពេលជិត(បោះឆ្នោត)ហ្នឹង ទៅមើលទៀតទៅ។ ៥ឆ្នាំបោះឆ្នោតទៀត។ បើថាមិនកើតទៀត តែខ្លាចថាកើតនៅឆ្នាំ ២០៥០ អញ្ចឹង ២០៣៧-២០៣៨ ទៅមើលម្តងទៀតទៅ។ បើសិនជាគណបក្សប្រជាជនដឹកនាំឲ្យបាត់បង់ដី បាត់បង់អធិបតេយ្យភាព បាត់បង់ខេត្តទាំង ៤ បោះឆ្នោតទម្លាក់ចោលទៅ នោះបាត់មន្ទិលសង្ស័យហើយ កុំកាប់ចាក់គ្នា។ ឥឡូវ វាអត់មានអី(ដូចការព្រួយពារម្ភទេ)។ កុំរវល់តែកាប់ចាក់គ្នាផ្ទៃក្នុង … កន្លែងអស់មនុស្សហ្នឹងហើយ ដែលថាវាបាត់។

(៣២) ច្បាប់អន្តរជាតិ និងរដ្ឋធម្មនុញ្ញ ធានាអះអាងថាមិនមានការកាត់យកទឹកដីដោយស្វ័យប្រវត្តិ

ទី២ ច្បាប់អន្តរជាតិ រដ្ឋធម្មនុញ្ញ គ្មានអ្នកណាចេះមកកាត់យកដោយស្វ័យប្រវត្តិនោះទេ។ ថាប្រទេសជិតខាងបង្ហោះសារថា ការចេញចូលក្នុងក្របខណ្ឌ ២៥​ ឆ្នាំនេះធ្វើដោយសេរី។ អត់ទេ។ កិច្ចព្រមព្រៀងដែលយើងបានបញ្ចេញ អនុស្សរណៈយោគយល់គ្នា គឺចេញចូលត្រូវសុំច្បាប់ទាំងអស់។ អត់ខុសពីកន្លែងផ្សេងទេ។ កាលយើងចាប់ផ្តើមឆ្នាំ ១៩៩៩ មិនទាន់មានឯកភាពគ្នាអាស៊ាន ដែលប្រទេសអាស៊ានប្រជាពលរដ្ឋចេញទៅប្រទេសជិតខាងមិនបាច់ visa ១៤ ថ្ងៃ។ ឥឡូវយើងទៅ Singapore Vietnam អី ១៤ ថ្ងៃមិនបាច់សុំ visa។ គេមកយើងដូចគ្នា។ ប៉ុន្តែសួរថាទៅនៅបានទេ? អត់បានទេ។ កាលនោះ ពេលដែលយើងធ្វើដូចមុនកិច្ចព្រមព្រៀង ការចេញចូលដូច ៣០ថ្ងៃ។ ពេលកិច្ចព្រមព្រៀងចេញមក អនុស្សរណៈហ្នឹងឆ្នាំ ២០០២ អាស៊ានចាប់ផ្តើមចរចា ២០០៦ ប៉ុន្តែអនុម័តឆ្នាំ​ ២០១២។ អញ្ចឹង ១០ ឆ្នាំ។

ពេលដែលយើងចេញការឯកភាពគ្នានោះថាប្រជាពលរដ្ឋចេញចូលសម្រួលបាន ៣០ថ្ងៃនៅឆ្នាំ ២០០២ គឺ១០ ឆ្នាំក្រោយដែលអាស៊ានបន្ថយមក ១៤ថ្ងៃ។ យើងបន្ថយសិទ្ធិនោះមកត្រឹម ១៤ថ្ងៃដែលប្រជាពលរដ្ឋវៀតណាមចូលមកយើងត្រឹមតែ ១៤ថ្ងៃ។ បើយើងមានចេតនា យើងមិនបន្ថយពី ៣០ថ្ងៃ មក ១៤ថ្ងៃទេ។ យើងបន្ថែមទៀត។ តែយើងបន្ថយមក ១៤ថ្ងៃ។ នេះគឺជាការពិតអំពីអ្វីដែលមាននៅលើដី។ ប៉ុន្តែចំណុចសំខាន់ដែលអាចធានាបច្ចុប្បន្នចំណុចទី៣ នេះ ត្រូវការពេលវេលាដើម្បីបង្ហាញ។ បងប្អូនក៏យល់គ្រប់គ្នាទាំងអ្នកគាំទ្រ និងអ្នកមិនគាំទ្រថា រឿងហ្នឹងអាចកើតមាននៅថ្ងៃអនាគត។ យើងរងចាំទាំងអស់គ្នា។ បើសិនមិនដូចការគិត ដោយសារយើងមានច្បាប់ រដ្ឋធម្មនុញ្ញ ៥ ឆ្នាំបោះឆ្នោតម្តង កុំកាប់ចាក់គ្នា កុំបែកបាក់។

(៣៣) ត្រូវថែរក្សាឯកភាពជាតិ សុខសន្តិភាព និងស្ថិរភាព មិនមែនសំរាប់២៥ តែរាប់ពាន់ឆ្នាំទៅមុខ

បំណងទី ៤ របស់ប្រជាពលរដ្ឋ ដែលចង់បានចំពោះមុខ គឺមិនចង់ឃើញប្រទេសបែកបាក់ អស្ថេរភាព បែកបាក់ឯកភាពជាតិ រញ៉ីរញ៉ៃពិបាករកស៊ី ពិបាករស់នៅ។ នេះជាអ្វីដែលប្រជាពលរដ្ឋចង់បានមែនទេ? មិនមែនសម្រាប់ ២៥ ឆ្នាំទៀតទេ គឺចង់បានឥឡូវនេះ រហូតទៅដល់ ១០០០ឆ្នាំទៀត។ អញ្ចឹងត្រូវថែរក្សាឲ្យបានជាប់ជាប្រចាំ។ អ្នកសៀមរាបទើបតែសប្បាយចិត្តប៉ុន្មានថ្ងៃនេះទេ ហើយក៏មិនទាន់សប្បាយចិត្តពេញដែរ។ កាលខ្ញុំទៅលើកមុនហ្នឹង ទេសចរមកមួយថ្ងៃត្រឹម ១២០០ ទៅ ១៣០០ នាក់ រាងខ្សត់។ ឥឡូវក្នុង ២អាទិត្យនេះ (ការមកដល់ប្រចាំថ្ងៃ)ឡើងដល់ ២៤០០ ទៅ ២៦០០ នាក់។ រាងច្រើនបន្តិច។ បន្តិចទៀត ខែ high season មកដល់ នឹងឈានចូល ៥០០០ នាក់ឬ ៦០០០ នាក់ ដូចឆ្នាំមុនអញ្ចឹង។ ឆ្នាំនេះអាចកាន់តែច្រើនទៀត។ អ្នកសៀមរាបកំពុងតែសប្បាយចិត្តផង។ គាត់មិនចង់ឲ្យឃើញរូបភាពមិនល្អ នាំដល់ការលុប(ដំណើរ)លែងមកទៀតទេ។

នៅបង់ក្លាដែស តាំងពីថ្ងៃប្រាប់មានបញ្ហា គឺអាមេរិកចេញសេចក្តីណែនាំឲ្យប្រជាពលរដ្ឋគេមិនត្រូវទៅប្រទេសបង់ក្លាដែសទេ។ ក្រៅពីនោះ មានប្រទេសច្រើនទៀតរួមទាំងនៅអាស៊ី មានវៀតណាម មានសិង្ហបុរី ហាមមិនឲ្យប្រជាជនទៅអង់គ្លេស។ អូស្រ្តាលី មិនឲ្យគេទៅ។ រាល់ទេសចរលុបកម្មវិធី។ នៅកម្ពុជាយើង ទើបងើបតិចៗ។ ពីខែមុន បងប្អូនកង្វល់ពីរឿងអត់ភ្ញៀវ។ ឥឡូវបើយើងមានភ្ញៀវហើយ យើងទៅធ្វើអីដេញភ្ញៀវវិញឬ? គ្មានអ្នកណាចង់មកធ្វើទេសចរណ៍នៅកន្លែងសង្រ្គាមទេ។ បងប្អូនចង់ទៅលេងនៅប្រទេសណាមួយ ឬថាទៅតែប្រជុំក៏ដោយ ស្រាប់តែឃើញរូបភាពវាយគ្នា​ ដុតពេញក្រុង ប្រហែលជាប្រពន្ធហាមមិនឲ្យទៅផងមិនដឹង ឬមួយក៏ប្តីហាមមិនឲ្យទៅផង ដោយមិនមានភាពជឿជាក់។

ចំណុចទី ៤ នេះគឺជាអ្វីដែលប្រជាពលរដ្ឋទូទាំងប្រទេស រួមទាំងអ្នកភាគច្រើនលើសលប់ ទាំងអ្នកមិនគាំទ្រ ឬគាំទ្រកិច្ចសហប្រតិបត្តិការ ជាពិសេសអ្នកមិនគាំទ្រ ក៏គាត់មិនចង់រុញសភាពការណ៍ធ្វើឲ្យបាត់បង់ស្ថេរភាព បិទកាន់តែយ៉ាប់ ពិបាករកស៊ី ពិបាករស់នៅក្នុងប្រទេស។ រឿង ២៥ឆ្នាំ ៣០ឆ្នាំទៀតជារឿងមួយ ប៉ុន្តែខ្ញុំក្រពះខ្ញុំរាល់ថ្ងៃនេះត្រូវការរស់ ខ្ញុំត្រូវការរកចំណូល។ នេះគឺជាអ្វីដែលយើងត្រូវរួមគ្នាដើម្បីថែរក្សា។ នេះហើយដែលរដ្ឋាភិបាលស្តាប់ប្រជាពលរដ្ឋ ព្រោះប្រជាពលរដ្ឋច្រើនលើសលប់មិនអាចចង់ឲ្យប្រទេសខ្មែរ ជាពិសេសរាជធានីភ្នំពេញក្លាយទៅជាកន្លែងដែលមានបញ្ហានោះទេ។ ខ្ញុំជឿថាអាចារ្យ និងអាចារិនីក៏ខ្លាចអស្ថេរភាពដែរ។ ចាំទេបាតុកម្មឆ្នាំ ២០១៣។ លើក(ពិធី)ការប៉ុន្មាន? អ្នកដែលដេញថ្ងៃការ អាចារ្យអ្នកក្រុងពាលី​ដេញអត់ចំថ្ងៃសៅរ៍ថ្ងៃអាទិត្យទេព្រោះថ្ងៃហ្នឹងគេធ្វើបាតុកម្ម ខ្លាចស្ទះអត់មានភ្ញៀវទៅខាត។ វាប៉ះពាល់ទាំងអស់អាចារ្យជាច្រើន។ ដូចខ្ញុំនិយាយលេង ទើបរួចពីកូវីដ-១៩ គេបើកឲ្យការវិញ ទើបអាចារ្យគន់ មានតក់ៗ។ ឥឡូវមកបាតុកម្មទៀត អត់មានអ្នកការទៀត។ តែមានអស្ថេរភាព ទំនិញឡើងថ្លៃ ស្អីក៏ឡើងថ្លៃ ពិបាករញ៉ីរញ៉ៃពេញហ្នឹង។

(៣៤) បង់ក្លាដែសឈានចូលដំណាក់កាលសងសឹកនឹងគ្នា បាតុកម្មនៅអង់គ្លេសកើតហិង្សាពេញទីក្រុងឡុងដ្រ៍

បងប្អូនខ្លះ ជាពិសេសយុវជនមួយចំនួន ឃើញស្ថានភាពនៅបង់ក្លាដែសគិតថា កម្ពុជាត្រូវតែធ្វើអញ្ចឹង។ ខ្ញុំសូមជម្រាបថាតើបង់ក្លាដែសហ្នឹងយ៉ាងម៉េច។ ចាប់ផ្តើមពីបាតុកម្មអហិង្សា ប៉ុន្តែឈានទៅដល់បាតុកម្មហិង្សា ស្លាប់ជាង ៥០០នាក់ របួសរាប់ពាន់នាក់ ឈានទៅដល់ការដុតអគារ វាយអគារ ប្លន់លួចរបស់ពីហាង រកស៊ីអីអត់កើតទេ ឈានទៅដល់ការផ្តួលរលំរដ្ឋាភិបាល។ ដំបូងចាប់ផ្តើមពីការទារដកកូតា ក្រោយមកទារប្តូររដ្ឋាភិបាល ហើយយកអ្នកនយោបាយម្នាក់ជិះយន្តហោះពីក្រៅប្រទេសមកដឹកនាំ។ ប៉ុន្តែបញ្ហាប្រឈមវាមិនមែនចប់ត្រឹមប្តូររដ្ឋាភិបាលទេ។ សូមមើលរាល់ថ្ងៃនេះ នៅវាយគ្នាមិនទាន់ចប់។ ដោយសារអី? រាល់ថ្ងៃនេះ ចាប់ផ្តើម​សង​សឹក។ គ្រាន់តែខ្ញុំឲ្យមើល ១០ឬ១១ ថ្ងៃក្រោយពីចប់ហ្នឹង អ្នករបួសនិងស្លាប់ អ្នកខ្លះគឺត្រូវគេចាប់ សម្លាប់ទាំងគ្រួសារសងសឹក។​ សហគមន៍ហ៊ិណ្ឌូដែលជាជនជាតិភាគតិចនៅនោះ មានប្រហែលជា ១៤ លាននាក់ ៨ ភាគរយនៅបង់ក្លាដែស វិហារ ២០ ទៅ ៣០ កន្លែងត្រូវរងការវាយប្រហារជាប្រចាំ។ តែវាយទៅវាយមក បង្កើតភាពមិនទុកចិត្តគ្នា ធ្វើឲ្យតើយ៉ាងម៉េច? …

គេតាមរកមុខ បង្កើតការសងសឹក។ តើនេះឬការឯកភាពជាតិ ធ្វើឲ្យមានការកក់ក្តៅជាមួយគ្នា? កូនធ្លាប់តែរៀនជាមួយគ្នា សាសនាមូស្លីម សាសនាហិណ្ឌូ ទៅលេងជាមួយគ្នា។ ឥឡូវចាប់ផ្តើមសហគមន៍២ ឈ្លោះគ្នាហើយ។ កូនចៅក៏នៅសងសឹកគ្នាទៅវិញទៅមកដែរ។ លែងមានភាពកក់ក្តៅទៀតហើយ។ ទេសចរពីប្រទេសមួយចំនួនហាមមិនឲ្យប្រជាជនទៅហើយ ហាមមិនឲ្យប្រជាពលរដ្ឋទៅព្រោះគ្រោះថ្នាក់។ តាមព័ត៌មានក្រសួងការងារបានផ្សាយថា ដែលបង់ក្លាដែសជាអ្នកនាំផលិតខោអាវចេញច្រើនដែរ រោងចក្រច្រើនត្រូវបិទទ្វារ មិនទាន់បើកដោយ​សារ​សកម្មភាពអស្ថេរភាព ហើយបិទមួយថ្ងៃៗ ខាតប៉ុន្មាន? អ្នកបញ្ជាទិញកំពុងតែគិតពិចារណា តើគួរបញ្ជាទិញទៀតអត់ ឬមួយដកទៅប្រទេសផ្សេង។ ការដកបញ្ជាទិញ នាំអោយរោងចក្រនឹងបាត់ចំណូល។ ធ្លាក់ខ្លះហើយមុននឹងមានបញ្ហា ប៉ុន្តែឥឡូវការបញ្ជាទិញនៅបង់ក្លាដែសកំពុងតែនៅទ្រឹង ហើយចាប់ផ្តើមថយប៉ុន្មានខែមកហើយ ដោយ​ឥតព្រៀងទុក។

តើប៉ះពាល់ដល់កម្មករ/កម្មការិនីនៅទូទាំងប្រទេសឬទេ? អ្នកតវ៉ាជានិស្សិត ប៉ុន្តែទីបំផុត(មានអ្នក)ជិះយន្តហោះពីក្រៅមក… នេះហើយគឺការធ្វើ(កាតវ៉ាប្រឆាំង)។ ឥឡូវ ខ្ញុំត្រឡប់មកវិញថា ប្រទេសបង់ក្លាដែសចុះ (ដែលមិនទាន់ជាជាប្រទេសអភិវឌ្ឍ) សូម្បីប្រទេសអង់គ្លេស ដែលជាមហាអំណាចលទ្ធិប្រជាធិបតេយ្យនៅមានការដុតរាល់ថ្ងៃនេះ ជាផលស្រដៀងគ្នាចេញពីការបញ្ចេញមតិប្រតិកម្មទ្រង់ទ្រាយតូច អហិង្សា មិនយូរមិនឆាប់ចេញជាបាតុកម្មហិង្សា​ដុតពេញក្រុង London។ ហាងល្មមៗគឺវាយយកតែម្តង ដុតឡានប៉ូលីសខ្ទេច ហើយបង្កើតការមិនទុកចិត្តគ្នា ព្រោះដល់វាយគ្នាដឹងតែថាប្រឆាំងជនអន្តោប្រវេសន្តខុសច្បាប់មកពីប្រទេសមូស្លីម ចុះជនជាតិអង់គ្លេសដែលកើតនៅហ្នឹង កូនចៅមូស្លីមដើរក៏វាយគេដែរ។ ដល់ពេលជនជាតិស្បែកស ដើរទៅក្នុងតំបន់ដែលមានអ្នកមូស្លីម គេក៏វាយវិញ ក្នុងពេលដែលកាលមុនរស់នៅជាមួយគ្នាកក់ក្តៅ។ តើនេះឬជាអ្វីដែលឯកភាពគ្នា … នេះគឺជាអស្ថេរភាព។

(៣៥) ជជែកគ្នា បញ្ចេញមតិ តែកុំធ្វើសកម្មភាពនាំដល់ភយន្តរាយនិងមហន្តរាយ

ខ្ញុំសូមបញ្ជាក់ រាជរដ្ឋាភិបាលជឿថា ប្រជាពលរដ្ឋខ្មែរច្រើនលើសលប់ មិនចង់ឃើញស្ថានភាពបែកបាក់ដូចប្រ​ទេសបែបនេះនៅពេលនេះ រហូតដល់ពេលអនាគតនៅក្នុងប្រទេសកម្ពុជាទេ។ ជជែកគ្នាជជែកទៅ បញ្ចេញមតិ បញ្ចេញទៅ តែកុំទៅធ្វើអី(នាំដល់មហន្តរាយ)។ អញ្ចឹងការធានា ការអនុវត្តនូវសិទ្ធិសេរីភាពសូមឲ្យមានព្រំដែន។ កុំលើសព្រំដែនច្បាប់ ព្រោះវាប៉ះពាល់ដល់អ្នកផ្សេង។ មានការបញ្ចេញមតិ មានក្រមសីលធម៌ តែកុំដុតកុំអីដូចនៅបង់ក្លាដែសដូចនៅអង់គ្លេស។ មិនចំណេញទេ។ ប្រជាពលរដ្ឋអ្នកក្រុងភ្នំពេញ ស្គាល់រសជាតិហើយកាលពីឆ្នាំ ២០១៣ ហើយបោះឆ្នោតពីមុនហ្នឹង ពេលខ្លះជាប់គាំងមួយឆ្នាំអី។ ស្រួលរកស៊ីទេ? អត់ទេ។ ធ្វើឲ្យមានការមិនទុកចិត្តគ្នា។ មានបញ្ហាហើយ អាចារ្យក៏ពិបាករកចំណូលដែរ ព្រោះកម្មវិធីខ្លះត្រូវលើកពេល។ រៀបការម៉េចបើមិន​ដឹងគេធ្វើអី ទុកពេលសិនទៅ។ ខ្ញុំឃើញថា គ្រាន់តែការជជែកគ្នានៅក្នុង group ប៉ុន្មានថ្ងៃនេះ តឹងសសៃដាក់គ្នា ជេរគ្នា ទម្រាំតែព្រលែងលើដីអោយជួបគ្នា ប៉ះគ្នា មិនដឹងបែកបាក់ប៉ុណ្ណា។

តែទៅគឺមកវិញហើយ។ យកល្អកុំអី។ នយោបាយឈ្នះ-ឈ្នះ មិនមែនការលើកទ័ពទៅវាយកម្ទេចភាគីខ្មែរក្រហមទេ ប៉ុន្តែគឺការយោគយល់គ្នា។ មិតិខុសគ្នា ទស្សនៈខុសគ្នា ប៉ុន្តែរួមគ្នាថែរក្សាសន្តិភាព ទឹកដីរបស់យើង កុំឲ្យបែកបាក់។ ឥឡូវកូនចៅជំនាន់ ឆ្នាំ ២០២៤ គួររួមគ្នាធ្វើការពារទឹកដីតាមរយៈការរួមគ្នា។ ជជែកគ្នាជជែកចុះប៉ុន្តែកុំឲ្យមានភាពបែកបាក់។ សកម្មភាពណាដែលពាក់ព័ន្ធទៅដល់ការបំផ្លាញស្ថេរភាព ប៉ះពាល់ដល់ប្រជាជនភាគច្រើនលើសលប់ … កង្វល់ទាំងអស់គ្នា រួមគ្នាការពារ។ យើងកង្វល់ពីអនាគត តែយើងចង់ចាញ់ឈ្នះបច្ចុប្បន្ន។ ប្រពន្ធមិនទាន់បានទៅលួច date ជាមួយនឹងតារាផង គ្រាន់តែថតរូបមួយ ដុតផ្ទះបាត់ទៅហើយ។ គេអត់ទាំងដឹងអីផង។ គ្រាន់តែឮមិត្តភក្តិម្នាក់មកខ្សឹប … ប្រច័ណ្ឌប្រពន្ធខ្លាំងពេក ខ្លាចបាត់ប្រពន្ធ ដុតផ្ទះខ្លួនឯង … វាយប្រពន្ធៗ វាយវិញ។ ប្រពន្ធខ្លះសុទ្ធតែតៃក្វាន់ដូ៣ដាន់អី។ យើងមិនចង់ប្រើហិង្សាទេ …។

(៣៦) រួមគ្នាធានាអធិបតេយ្យភាពនិងទឹកដី មិនតែខេត្ត ៤ទេ គឺទូទាំងប្រទេសសម្រាប់កូនចៅបន្តទៅ

ចំពោះសំនួរថា រាជរដ្ឋាភិបាលស្តាប់ប្រជាពលរដ្ឋទេ? ចម្លើយគឺយើងស្តាប់ពីកង្វល់អ្នកស្រប អ្នកមិនស្រប និងអ្នកភាគច្រើនដែលនៅកណ្តាល។ យើងស្តាប់ទាំងអស់ ហើយយើងត្រូវដោះស្រាយកង្វល់ និងមន្ទិលសង្ស័យរបស់អ្នកទាំងអស់គ្នា។ យើងត្រូវធ្វើយ៉ាងណារួមគ្នាអភិវឌ្ឍខេត្តទាំង ៤នេះ ធានាមិនឲ្យបាត់អធិបតេយ្យភាព និងទឹកដី មិនត្រឹមតែខេត្តទាំង ៤ ទេ គឺនៅទូទាំងប្រទេស សម្រាប់កូនចៅបន្តទៅទៀត។ យើងមិនអាចធ្វើបានទេ បើយើងបែកបាក់ កាប់ចាក់គ្នា។ ងងើកភ្លើងមិនចាំបាច់ធំទេ។ ​ចាប់ផ្តើមពីរឿងតូចតាចមួយតែប៉ុណ្ណោះ ដូចនៅអង់​គ្លេស ដូចនៅបង់ក្លាដែស មិនទាន់ចប់ផង ចប់ព្រឹត្ដិការណ៍នៃការមិនទុកចិត្តគ្នាកាន់តែកើន។ នោះគឺការសងសឹកគ្នាទៅវិញ​ទៅមក។ នៅអង់គ្លេស ធ្លាប់តែកូនស្រីអង់គ្លេសកាន់សាសនាអ៊ីស្លាមពាក់ hijab។ ឥលូវអត់ហ៊ាន(ពាក់)ទេ។ ហ៊ានតែពាក់ចេញមក នឹងមានគេវាយ។ សួរថា តើនេះឬប្រទេសមហាអំណាចមួយដែលមានភាពកក់ក្ដៅ។ បិតាប្រជាធិបតេយ្យដែលមានភាពកក់ក្ដៅ?

យើងត្រូវតែធ្វើព្រំដែន តែខ្ញុំសូមឲ្យបងប្អូនទាំងអស់បញ្ចេញមតិ ប៉ុន្ដែកុំធ្វើសកម្មភាពណាដែល(ខុសឆ្គង)​ ហួសព្រំដែនកំណត់។ ខ្ញុំបានប្រកាសរួចហើយកាលពីថ្ងៃទី​ ២ ខែឧសភាពីការធានាសុខសន្ដិភាព ស្ថិរភាព។ ការអនុវត្ដច្បាប់ មិនថាតែនៅកម្ពុជាទេ សូម្បីនៅអង់គ្លេស អ្នកដែលទៅដុត(បំផ្លាញសម្បត្តិសាធារណ) ជាង ១ ០០០ នាក់ ត្រូវបានចាប់​ ហើយកាត់ទោសជាង ៥០០ នាក់រួចហើយ។ មានម្នាក់នោះអាយុ ៣០ ឆ្នាំជាង ជាប់ទោសជាង ៣ឆ្នាំ។ ​ម្សិលមិញ អង់គ្លេសកំពុងចាប់ជនម្នាក់ ដែលស្រែកតាមហ្វេសប៊ុកបបួលគេទៅដុតសណ្ឋាគារមួយ។ អញ្ចឹង​ប៉ូលីសអង់គ្លេសចាប់។ អ្នកឯងហៅគេទៅដុតសណ្ឋាគារដែលមានមនុស្សនៅក្នុងនោះ បំផ្លាញទ្រព្យសម្បត្ដិ​អ្នកដទៃ​។ ប្រទេសមហាអំណាច ប្រទេស(លោក)សេរី ក៏គេមិនអនុញ្ញាតឲ្យដែរ ព្រោះវាខូច(សណ្ដាប់ធ្នាប់ សន្ដិសុខ) សុ្រកគេ។ មានអ្នកណាចង់ទៅ London ទៀតឥលូវ? អ្នកដែលមានកូនចៅខ្មែរយើងរៀននៅអង់គ្លេស​ភ័យ ទូរស័ព្ទទៅកូន កុំអោយកូនដើរ។ កុំទៅ London។ ទីក្រុង London ជាកន្លែងទេសចរណ៍ដែលចិញ្ចឹមមួយភាគនៅអង់គ្លេសទៅជាស្ងាត់។ មិនមានអ្នកណាចង់ទៅទេ ខ្លាចគេវាយច្រលំ …។

(៣៧) មិនមែនធ្វើបាតុកម្មបញ្ចេញមតិ​ដកកម្ពុជាពី CLV ទេ តែគឺរៀបចំចលនាផ្ដួលរដ្ឋាភិបាល

ខ្ញុំឃើញនៅក្នុងគ្រុប មានអ្នកនៅក្រៅប្រទេសដែលប្រមូលគ្នាមិនមែនធ្វើបាតុកម្មបញ្ចេញមតិ​ដក(កម្ពុជា)ចេញពី CLV ទេ តែគឺរៀបចំ(ចលនា)ដើម្បីផ្ដួលរដ្ឋាភិបាលតែម្ដង។ សារនេះមិនមែនលាក់​ទេ។ កាលពី ថ្ងៃទី២ សីហា មានគ្រុបតូចមួយរៀបចំការបំផុសបាតុកម្ម តែគ្រុបនេះចេញមកមិនដឹងប៉ុន្មានគ្រុប​ទេ។ គេបបួលគ្នា រៀបចំផ្ដួលរំលំរដ្ឋាភិបាល។ មានម្នាក់ឬពីរនាក់នៅជប៉ុន ដឹកនំាបំផុស ស្រែកឲ្យប្រជាពលរដ្ឋ​ខ្មែរនៅក្នុងប្រទេស ធ្វើសកម្មភាព។ ល្ងាចមិញ គ្រាន់តែព័ត៌មានស្រង់មកមានទាំងអ្នករៀបចំប្រមូលលុយ។ ដំបូង រៀបចំអាវុធត្រឹមតែជំពាមកៅស៊ូ ត្រឹមតែដងទង់ជាតិចាក់ទីបឲ្យមាំធ្វើជាដំបងវាយ គ្រាប់ដបសាំងដែលគប់នៅអង់គ្លេស ដុតឡានប៉ូលីស។ល្ងាចមិញ ខ្ញុំឃើញមានអ្នករៀបចំហៅថាក្រុម drone យកបានគ្រាប់បែក ៣០០គ្រាប់ហើយ សុំអ្នកបញ្ជាដ្រូនដូចនៅអ៊ុយក្រែន ដើម្បីវាយទៅ​លើសមត្ថកិច្ច។

មានអ្នកចេញមកតាមហ៊្វេសប៊ុកថា សមត្ថកិច្ច ៧០% សុទ្ធតែយួនហើយ។ ឃើញគប់ទៅ មិខុសទេ។ សួរថា ទង្វើបែបនេះ ចេញមកហិង្សាបាត់ទៅហើយ។ នៅក្នុងគ្រុបនោះ អ្នកដែលគាំទ្រថាឲ្យរៀបចំបាតុកម្ម ក៏មានខ្ទាស់គំនិតមួយចំនួន “ស្រែកថាបានហើយ។ យើងកុំធ្វើហួស។ យើងគ្រាន់តែចង់អំពាវនាវឲ្យដកចេញពី CLV តើហ្អី?”។ អ្នកមួយចំនួនថា “អត់ទេ! ម៉ោងថ្មើនេះហើយ ត្រូវផ្ដួលរដ្ឋាភិបាលឲ្យបាន”។ តើរឿងនេះ តើវាធ្វើឲ្យបែកបាក់ទេ? រាប់ម៉ឺននាក់ដែលចេញការពាររដ្ឋាភិបាលសុខចិត្តទេ? គិតថាចង់ឲុ្យ​ដូចបង់ក្លាដែស ផ្ដួលរដ្ឋាភិបាល ដើម្បីចង់ឲ្យអ្នកនយោបាយជិះយន្ដហោះពីក្រៅប្រទេសមកទទួលតួនាទី(ដឹកនាំប្រទេស)នេះ។ ខ្ញុំឃើញ​ហើយអ្នកដែលត្រៀមទិញសំបុត្រយន្ដហោះមកនោះ។ ក្មួយៗកូនៗងើបឡើងចាំចប់ ចាំពូជិះយន្ដហោះទៅ។ ទៅធ្វើអី? ទៅយកកៅអីនាយករដ្ឋមន្ដ្រី ព្រោះបោះឆ្នោតមិនដែលឈ្នះ។

(៣៨) គ្រាប់បែក Molotov ដំបង ជំពាម មិនជាការធ្វើបាតុកម្មអហិង្សា តែមានគោលដៅផ្ដួលរំលំរដ្ឋាភិបាល

ខ្ញុំសួរដូចឆោត កិច្ចសហប្រតិបត្ដិការមានតាំងពី ១៩៩៩។ គណបក្សប្រជាជនមិនមែនជាគណបក្សដែលដឹកនាំសភាតែម្នាក់ឯងទេ។ កាលពី ១៩៩៩ មាន ៣ គណបក្ស។ ឆ្នាំ ២០០៣ គណបក្សរបស់លោក ក៏នៅក្នុងសភាដែរ ម៉េចមិនតវ៉ាជំទាស់នៅពេលនោះ។ ស្ងាត់ម្ល៉េះ? បានន័យថាអស់លោកក៏យល់ថាកិច្ចព្រមព្រៀងមិនគ្រោះថ្នាក់។ទើបតែឥលូវចាប់ផ្ដើមចេញបំផុស ដោយឃើញចរន្ដ(គាំទ្រ) ក៏ដុតបន្ថែម។ ចុះពេលដែលគាត់នៅជាសមាជិកសភា គណបក្សគាត់មាន ៥៥ កៅអីក្នុងសភាម៉េចមិននិយាយរឿងនឹង? បងប្អូនសួរមើល។ គណបក្សប្រឆាំងឲ្យតែរាជរដ្ឋាភិបាលធ្វើខុស គឺគ្រោះថ្នាក់។ គេយកឱកាសហ្នឹងវាយខ្លាំងបំផុតក្នុងសភា។ ពេលដែលគណបក្សខ្លួនឯងមាន ៥៥ កៅអី ហើយអាណត្ដិឆ្នាំ ១៩៩៩ មាន ៣បក្ស ដែលចេញដំបូងនោះ … ហេតុអ្វីមិននិយាយថាគំរោងហ្នឹងខុស។ ប្អូនយុវជនៗ ក្មួយៗ (ខ្ញុំសូមហៅថាក្មួយចុះ) នៅទីនេះ ដែលតាមស្ដាប់អ្នកញុះញង់ សូមសួរឲ្យច្បាស់ ថា លោកអ៊ំ លោកតា លោកវិរបុរស ម្តេចមិនតវ៉ាពេលដែលខ្លួននៅក្នុងសភា ក្រែងនៅក្នុងសភាពឬអី? សភាអាណត្ដិ ៥ឆ្នាំ គាត់នៅតាំងពី ១៩៩៨ ដល់ ២០១៧។ ប៉ុន្មានឆ្នាំ? ដប់ឆ្នាំជាង ជិត ២០ ឆ្នាំ។

ហេតុអ្វីមិនជំទាស់ពេលនោះ គិតថាអានឹងត្រូវដែរទេ? ឥលូវទើបឃើញចរន្ដចេញមកដុតឆេះបន្ថែមអោយក្មេងៗចេញមកធ្វើសកម្មភាពគ្រោះថ្នាក់។ អ្នកដែលស្រែកខ្លាំងជាងគេហ្នឹងនៅជប៉ុន។ ខ្លួនឯងទើបនឹងធានាយកម្ដាយឪពុកទៅ។ ដឹកយន្ដហោះចេញហើយ​ ក៏មកដុតបំផុសអ្នកផ្សេងឲ្យប្រឈមជាមួយរដ្ឋាភិបាល។ សុទ្ធតែរៀប​ចំ​គោលដៅផ្ទះអ្នកនេះៗ … គេមាន(គំរោង)ចាប់ផ្ដើមដំបូងនៅទីលាន បន្ទាប់មកដើរទៅទូតនេះបន្ទាប់មកត្រៀម​ទប់ទល់ជាមួយអាជ្ញាធរ ព្រោះគេឲ្យច្បាប់ត្រឹមធ្វើនៅកន្លែងនេះទេ។ អញ្ចឹងបុកទម្លាយទៅ ដូចនៅអង់គ្លេស គេសុំច្បាប់នៅ​កន្លែងនេះ ហើយបុកទម្លាយទៅខាងនោះ។ អញ្ចឹងប៉ូលីសនឹងទប់ ព្រោះប៉ះពាល់ចរាចរណ៍របស់អ្នកផ្សេងធ្វើដំណើរ មានអស្ថិរភាព។ អញ្ចឹងគេត្រៀមសេណារីយ៉ូហ្នឹង។ ទី១ ធម្មតា ទី២ ត្រូវតែបុកយកញ្ញាត្ដិទៅដាក់។ អញ្ចឹង យើង​រំពឹងថានឹងប៉ះគ្នា។ ប៉ះគ្នាយើងត្រៀមហើយ។ គេថាបើប៉ះគ្នាលើកដំបូង កើតមានបញ្ហា ចលនាទូទាំងប្រទេសនឹងងើប។

ខ្ញុំសូមសួរប្រជាពលរដ្ឋរួមទាំងអ្នកដែលស្ដាប់អ្នកពីក្រៅប្រទេសស្រែកមកនោះថា តើអំពើបែបនេះរៀបចំទាំងគ្រាប់បែក ទាំងគ្រាបដបសាំង ទាំងដំបង ជំពាម ជាការត្រៀមឧបករណ៍សំភារៈសំរាប់ធ្វើបាតុកម្មអហិង្សាឬ? ទី ២ ផែនការគោលគំនិតចេញច្បាស់លាស់ហើយ គឺផ្ដួលរំលំរដ្ឋាភិបាល។ មិនមែនត្រឹមដក ឬមិនដកចេញពី CLV ទេ។ អញ្ចឹង បងប្អូនសួរមើល បើថាខ្លាចបាត់ប្រទេស ២៥ ឬ ៥០ឆ្នាំទៀត តើចាំបាច់ឈានទៅដល់ការបែកបាក់ទឹកដីអស្ថិរភាពថ្ងៃនេះធ្វើអី? បើបែកថ្ងៃនឹង ខ្មែរកាន់តែខ្សោយ ហ្នឹងហើយដែលធ្វើឲ្យបាត់​បង់ទឹកដីដោយស្វ័យ​ប្រវត្ដិ។ បាត់បង់ការពឹងផ្អែកលើកំលាំងខ្លួនឯង ព្រោះកំលាំងខ្លួនឯង ចែកតំបន់គ្នាត្រួត​ត្រា បែកគ្នា។ នេះជាការពិត។ អញ្ចឹងរាជរដ្ឋាភិបាលស្ដាប់អ្នកណា? ហេតុអ្វីមិនស្ដាប់ប្រជាពលរដ្ឋ? ខ្ញុំស្ដាប់ហើយ​ ប៉ុន្ដែប្រជាពលរដ្ឋមានបី ក្រុម។ ខ្ញុំត្រូវតែស្ដាប់អ្នកកណ្ដាល? អ្នកកណ្ដាលជាអ្នកដែលមិនចង់បាត់បង់​អធិ​បតេយ្យភាព បាត់បង់ទឹកដី បាត់​បង់ការអភិវឌ្ឍប្រទេស ធានាឲ្យបានស្ថិរភាព កុំឲ្យគាត់ពិបាករស់នៅ។

(៣៩) រាជរដ្ឋាភិបាលអនុវត្ដច្បាប់ ការពារ​សិទ្ធិសេរីភាពប្រជាជនកម្ពុជា ១៧លាននាក់ អ្នកភ្នំពេញ ២លាននាក់ រស់ក្នុងក្របខណ្ឌច្បាប់ ស្ថិរភាព សន្ដិភាព មិនមានការភ័យខ្លាច

ទុក​ពេលឲ្យអាចារ្យអាចារិនី រៀបកិច្ចពិធីការផង កុំលើកពេលគេទៀត។ នៅបង់ក្លាដែស សភាពការណ៍ចប់ហើយ រដ្ឋាភិបាល (មាន)អ្នកមកថ្មី​ ប៉ុន្ដែសហគមន៍ម៉ូស្លីមឈ្លោះគ្នានឹងសហគមន៍ហិណ្ឌូ។ ហិណ្ឌូសងសឹក។ នៅអង់គ្លេស អ្នក​ស្បែក​សដែលប្រឆាំងអន្ដោប្រវេសន៍ វាយអន្ដោប្រវេសន៍ វាយដោយទាំងប្រជាជនអង់គ្លេសដែលកើតពីឪពុកម្ដាយពីម៉ូស្លីម។ ឥលូវវាយតគ្នា។ ធ្លាប់តែទុកចិត្តគ្នា ដើរអត់ព្រួយ ឥលូវអត់ស្រួលទេ។ តើចង់ឲ្យនៅ​កម្ពុជា(អញ្ចឹង)ទេ? នៅស្រុកនោះគេមើលគ្នាដឹង អ្នកកាន់សាសនាខុសគ្នាយ៉ាងម៉េច។ ប៉ុន្ដែ នៅកម្ពុជាទាំងពីរក្រុមនេះ ​សុទ្ធតែខ្មែរដូចគ្នា។ កុំឲ្យខ្មែរលាបពណ៌គ្នាដោយសារសកម្មភាពបែបនេះ។ តែ(មាន)ទៅមានមកហើយ។ ទាំងអ្នកគាំទ្រទៅដល់កិច្ចសហប្រតិបត្ដិការ ទាំងអ្នកមិនគាំទ្រ ប្រសិនបើឈានដល់ការប្រើហិង្សាដាក់គ្នាហើយ វានឹងបែកបាក់ នឹងធ្វើឲ្យយើងលែងទុកចិត្តគ្នា។ ជួនកាលចេញពីផ្ទះទៅ នៅជិតគ្នាបបួលគ្នាតាមវាយគ្នា។ សូមកុំឲ្យកិច្ចការនេះកើតមាន។ រាជរដ្ឋាភិបាលគ្មានអ្វីក្រៅពីបំពេញកាតព្វកិច្ចអនុវត្ដច្បាប់ ដើម្បីការពារ​សិទ្ធិសេរីភាពរបស់ប្រជាជន ១៧ លាន នាក់ និង ២ លាននាក់នៅភ្នំពេញ ដើម្បីរស់ក្នុងក្របខណ្ឌច្បាប់ ស្ថិរភាព សន្ដិភាព ប្រកបរបរដោយមិនមានការភ័យខ្លាច។ នេះជាការចង់បានរបស់ប្រជាពលរដ្ឋ ដែលខ្ញុំស្ដាប់ហើយ។

(៤០) រួមគ្នាដោះស្រាយ កុំធ្វើសកម្មភាពនាំដល់ការប៉ះទង្គិចហិង្សា ឬការសងសឹកគ្នា

រដ្ឋាភិបាលមិនមែនល្អឥតខ្ចោះទេ។ ក្នុងមួយឆ្នាំនេះ យើងអនុវត្ដវិធានការទៅលើមន្ដ្រីប៉ុន្មានរូប ដោយ​ការ​ដកតំ​ណែង។ ខ្ញុំស៊ីញ៉េសំរាប់មន្ដ្រីខុស។ ព្រះរាជអាជ្ញាដកចេញពីក្របខណ្ឌ។ ឧកញ៉ាប៉ុន្មាននាក់យើងកាត់ចោល។ ​យើងធ្វើវិ​ធាន​ការអភិក្រមទី៥ ច្រើន។ សួរថាអស់ទេ? មិនទាន់អស់ទេ ប៉ុន្ដែយើងខិតខំដើម្បីកាត់បន្ថយ។ រឿងដីធ្លី អយុត្ដិធម៌សង្គម យើងខំបង្កើតយន្ដការដោះស្រាយក្រៅប្រព័ន្ធតុលាការ ដោះស្រាយជាមួយតុលាការ ហើយពង្រឹងអភិក្រមនៃការអនុវត្ដរបស់តុលាការ។ ការដោះស្រាយប្រព័ន្ធយុត្ដិធម៌ដើម្បីឲ្យបានល្អ។ រឿងដីធ្លី យើងបញ្ជូនក្រុមការងារពិសេសជួយសំរួលដោះស្រាយទៀត។ អាជ្ញាធរខេត្តដោះស្រាយជាប្រចាំ។ ជំលោះប្រជាពល​រដ្ឋ​នៅក្នុងផ្សារស្ទឹងត្រែង ត្រូវរើត្រូវអី ខ្ញុំ screenshot អោយបង អឿន (អភិបាលខេត្ត) ដោះស្រាយភ្លាម។ នៅខេត្ត​បន្ទាយមានជ័យ (មានហេតុការណ៍)ចេញតាមហ្វេសប៊ុក ក៏បានឲ្យទៅភ្លាម។ នៅកំពង់ឆ្នាំងចេញទៅភ្លាម។

យើងដោះស្រាយជូនប្រជាពលរដ្ឋបាន។ ឯកឧត្តម សាយ សំអាល់ ខំប្រឹងដោះស្រាយមួយឆ្នាំនេះ ពាក់ព័ន្ធរឿងបុរីជាប់គាំង។ យើងមិនបានដោះទាំងអស់ភ្លាម តែយើងបានដោះច្រើន រក្សាស្ថិរភាព។ ប្រជាពលរដ្ឋនៅតំបន់អប្សារា យើងកំពុង​តែប្រជុំរកវិធីយ៉ាងណាកុំឲ្យចេះតែប៉ះគ្នារវាងប្រជាពលរដ្ឋនិងអប្សារា។ រកវិធីណាដែលយើងឆ្លើយតបទាំង​តំរូវការប្រជាជន ទាំងអាជ្ញាធរក្នុងការអនុវត្ដការពារបេតិកភណ្ឌ។ យើងស្ដាប់ហើយ យើងធ្វើហើយ(ប៉ុន្ដែ)សួរថាអស់ឬនៅ? អត់ទាន់អស់ទេ។​ ប្រទេសណាក៏អត់អស់បញ្ហាដែរ។ រឿងថ្មីរហូត។ យើងខិតខំ ហើយសូមទុកឱកាសដើម្បីស្ថិរភាព។ យើងរួមគ្នាដោះស្រាយបញ្ហា ដោយផ្ដើមចេញពីការថែរក្សានូវទស្សនរួមគ្នា កុំធ្វើសកម្មភាពដែលឈានទៅដល់ប៉ះទង្គិចហិង្សា ឬការសងសឹកគ្នាទៅវិញមក។ បើចង់ថែរក្សាទឹកដី រួមគ្នា កុំបែកបាក់ជាមុនសិន …។

(៤១) រាជរដ្ឋាភិបាលត្រៀមអនុវត្ដច្បាប់ចំពោះអ្នកដុតប្រទេស និងអ្នកបំផុសអោយធ្វើសកម្មភាណលើ្មសច្បាប់

ខ្ញុំសូមអំពាវនាវសារជាថ្មី ជូនទៅដល់បងប្អូន(ដែល)ព្រួយបារម្ភពីប្រទេសជាតិ ទាំងអ្នកគាំទ្រ និងមិនគាំទ្រទៅលើកិច្ចសហប្រតិបត្ដិការនេះ( CLV-DTA)។ សូមធ្វើអភិក្រមបញ្ចេញមតិដោយសីលធម៌ បញ្ចេញមតិហើយកុំណាត់គ្នាទៅវាយកាប់ចាក់គ្នានៅលើដី។ ល្ងាចមិញ ខ្ញុំឃើញព័ត៌មានសង្គ្រឺតដាក់គ្នា។ អត់ស្គាល់គ្នាសោះ ឥលូវគុំគ្នាបាត់ហើយ ដោយសារពាក្យសម្ដី ទម្រាំទៅកាប់ចាក់គ្នាទៀតយ៉ាងម៉េច? រាជរដ្ឋាភិបាលនឹងត្រៀមអនុវត្ដច្បាប់ចំពោះអ្នកដុតប្រទេស អ្នកដែលបំផុសធ្វើអ្វីលើ្មសច្បាប់។ យើងនឹងមិនឲ្យ​ប្រជាពលរដ្ឋ ២លាននាក់ជាងនៅភ្នំពេញ និងប្រទេសយើង និងអ្នកគាំទ្រច្រើនលើសលប់ ទាំងអ្នកគាំទ្រ​គំរោងកិច្ចសហប្រតិបត្ដិការ និងមិនគាំទ្រ ព្រួយបារម្ភពីជាតិដោយស្មោះ ខកចិត្តនោះទេ។

យើងមិនអាចឲ្យផែនការមនុស្សមួយចំនួនតូចអាចធ្វើទៅបានដើម្បី ញុះ​ញង់ បំបែកបំបាក់ជាតិនោះទេ។ រដ្ឋាភិបាលជារឿងមួយ ប៉ុន្ដែសំខាន់កុំឲ្យបែកបាក់ជាតិ។ ឥលូវនៅសល់ ៤ឆ្នាំទៀត។ ឆ្នាំ ២០២៨ ប្រជាពលរដ្ឋមានអំណាចមានសិទ្ធិទេតើ។ ប្រសិនបើរាជរដ្ឋាភិបាលអាណត្ដិនេះធ្វើឲ្យបាត់បង់ទឹកដី បាត់បង់អធិបតេយ្យភាព គ្មានការអភិ​វឌ្ឍឈានទៅដល់ការបំផ្លាញធនធានធម្មជាតិនៅក្នុងខេត្តទាំង ៤ ខ្ទេចអស់ ប្រជាពលរដ្ឋខ្មែរនៅទីនោះ ដោយគ្មានហេតុផលច្បាស់លាស់ តើប្រជាពលរដ្ឋត្រូវធ្វើយ៉ាងណា? ឆ្នាំ ២០២៧ ឬ២០២៨ បោះឆ្នោតទំលាក់ទៅ កុំពិបាក។​ នេះជាសិទ្ធិស្របច្បាប់នៅក្នុងរដ្ឋធម្មនុញ្ញ។ សូមអនុវត្ដសិទ្ធស្របច្បាប់របស់ប្រជាពលរដ្ឋ។ បើខ្លាចថា ៥ឆ្នាំអី (មិនទាន់បង្ហាញលទ្ធភាព) អញ្ចឹង ៥ឆ្នាំទៀត ធ្វើទៀត ១០០ឆ្នាំ គង់តែ ៥ឆ្នាំ ២០ដង ទេតើ …។

(៤២) សូមអាចារ្យ​អាចារិនីដើរតួនាទីរក្សាភាពថ្លៃថ្នូរ និងអហិង្សារបស់ប្រជាជាតិ រួមស្រាយកង្វល់ និងកសាង

អញ្ចឹង ៥ ឆ្នាំ(ម្ដង) ប្រជាពលរដ្ឋមានសិទ្ធិមានអំណាចគ្រប់គ្រាន់ដើម្បីដាក់ពិន័យទៅលើរដ្ឋាភិបាល គណបក្សកាន់អំណាច ដែលធ្វើឲ្យបាត់បង់ ទឹកដី អធិបតេយ្យភាព ហើយមានសិទ្ធិក្នុងនាមជាប្រជាពលរដ្ឋស្របច្បាប់ប្ដឹងទៅអង្គការសហប្រជាជាតិ​យកដីមកវិញ ព្រោះថា(ផែនទី)ដី(កម្ពុជា)ឥលូវ នៅក្នុងអង្គការសហប្រជាជាតិ។ ខ្លាចអី។ខ្លាចបំផុតគឺការបែកបាក់ជាតិខ្លួនឯងទេតើ។ ដូចដែលខ្ញុំនិយាយអញ្ចឹង កាលពីយើងវ៉ៃគ្នាតំបន់ប៉ៃលិន តំបន់អី មិនមែនថៃគ្រប់គ្រងទេ។ គឺខ្មែរគ្រប់គ្រង។ ប៉ុន្ដែខ្មែរដែលពាក់មុខយក្សដាក់គ្នា កាប់សម្លាប់គ្នា។ កុំឲ្យរឿងហ្នឹងកើតឡើងវិញទៀត។ ខ្ញុំសូមបងប្អូនទាំងអស់គ្នានៅទីនេះ និងខាងក្រៅ ទាំងអាចារ្យ​ អាចារិនី មានតួនាទីថែរក្សាភាពថ្លៃថ្នូរ និងអហិង្សារបស់ប្រជាជាតិយើង រួមគ្នាដោះស្រាយបញ្ហាកង្វល់ ហើយរួមគ្នាកសាង។ អាចារ្យមកពីខេត្តស្ទឹង​ត្រែង អាចារ្យពីមណ្ឌលគីរី រតនគីរី អាចារ្យពីក្រចេះ ត្រឡប់ទៅវិញ សូមជួយពង្រឹងវប្បធម៌ឲ្យជាតិខ្មែរខ្លាំងនៅខេត្តទាំង ៤នោះ តទៅមុខទៀត។ ត្រូវទេ?

អាចារ្យមកពីខេត្តទាំង ៤ អត់មានផែនការនិរទេសមកនៅភ្នំពេញទេ? ត្រឡប់ទៅវិញការពារ។ និយាយបែបនេះ ខ្ញុំសូមបញ្ជាក់ថាជាការឆ្លើយតបចំពោះអ្វីដែលមានអ្នកខ្លះថាមិនបានស្តាប់ប្រជាជន។ យើងស្តាប់។ ខ្ញុំសូមជូនប្រជាពលរដ្ឋភាគច្រើនលើសលប់ថា រាជរដ្ឋាភិបាលនឹងធានានូវចំណុចទាំង៤ ដែលបងប្អូនចង់បាន ដើម្បីអធិបតេយ្យភាព ការពារទឹកដី ការអភិវឌ្ឍនៅតំបន់ឥសាន និងទូទាំងប្រទេស បូកជាមួយនឹងការថែរក្សាស្ថេរ​ភាព និងសន្តិភាព ជំរុញសេដ្ឋកិច្ចរបស់យើង … យើងធ្វើការជាមួយវិស័យឯកជន ធ្វើគ្រប់(ភាគី)ទាំងអស់(ដែលអាចធ្វើបាន) ដូចជាអ្នកសៀមរាបឥឡូវបានធូរជាង ២ខែមុន។ តែយើងមិនទាន់សប្បាយចិត្តទេ។ ការមកដល់នៃទេសចរមានឡើងមានចុះ។ តែយើងខំប្រឹងដើម្បីឲ្យប្រជាពលរដ្ឋទាំងនៅគ្រប់កន្លែងទាំងអស់ ទាំងនៅរាជធានីភ្នំពេញ មានចីរភាពនិងស្ថេរភាពសង្គម រស់នៅបានសេចក្តីសុខ កុំឲ្យបែកបាក់គ្នា ឈ្លោះគ្នា …។

(៤៣) ក្រសួងការបរទេសគួរសួររដ្ឋាភិបាលជប៉ុន តើគាំទ្រការប្រើប្រាស់ទឹកដីបំផុសឱ្យផ្តួលរដ្ឋាភិបាលនៅប្រ​ទេសផ្សេងឬទេ

ចំពោះអ្នកដែលបំផុសបំផុលនៅក្រៅប្រទេសប៉ុន្មាននោះ ដែលភាគច្រើននៅជប៉ុន ខ្ញុំសូមឲ្យក្រសួងការបរទេសសួរទៅរដ្ឋាភិបាលជប៉ុនតែម្តង។ ឥឡូវភស្តុតាងមានហើយ។តើជប៉ុនគាត់គាំទ្រទេ ដែលយកទឹកដីជប៉ុនប្រើប្រាស់ក្នុងការបំផុសអោយមានការផ្តួលរដ្ឋាភិបាលនៅប្រទេសផ្សេង។ ការបញ្ចេញមតិស្របច្បាប់មិនអីទេ ខ្ញុំមិនថាត្រូវឲ្យជប៉ុនដេញមកវិញទេ ប៉ុន្តែគួរសួរថាតើជប៉ុនគាំទ្រទេ ដែលយកទឹកដីជប៉ុនជាមូលដ្ឋានសម្រាប់ដឹកនាំបាតុកម្មផ្តួលរំលំ(រដ្ឋាភិបាលស្រាបច្បាប់)។ មានសារច្បាស់លាស់ហើយគឺ “យើងត្រូវតែផ្តួលរដ្ឋាភិបាល”។ តើនេះជាអ្វី? នៅជប៉ុន ក៏គេមិនការពារដែរ។ ខ្ញុំឃើញនៅកូរ៉េ ភាគច្រើនពេលដែលមានបាតុកម្ម ឃើញប៉ូលីសកូរ៉េធ្វើចរាចរណ៍ គេថានៅស្រុកកូរ៉េ ប៉ូលីសគេជួយ ខុសពីស្រុកខ្មែរ។ ខ្ញុំសូមបញ្ជាក់អញ្ចេះ បើសិនជានៅកូរ៉េដាក់ពាក្យស្នើសុំធ្វើបាតុកម្មនេះថា សុំត្រៀមដបសាំង ត្រៀមជំពាមកៅស៊ូ ត្រៀម drone ដែលមានគ្រាប់បែក ខ្ញុំគិតថាប៉ូលីសកូរ៉េក៏មិនឲ្យធ្វើដែរ ប្រទេសណាក៏គេមិនឲ្យធ្វើដែរ។ ទៅបាតុកម្មបញ្ចេញមតិស្របច្បាប់តាមលទ្ធិប្រជាធិបតេយ្យ យកដបសាំងទៅធ្វើអ្វី យកជំពាមធ្វើអ្វី យក drone ដែលរៀបគ្រាប់បែកទម្លាក់ធ្វើអ្វី? ខ្ញុំមិនដឹងថាការពិត ឬការបំផ្លាញ ឬមួយពន្យុះទេ ប៉ុន្តែមានការពោលពាក្យបែបៗនេះ។ ជនជាតិកូរ៉េក៏មានបាតុកម្មដែរ ប៉ុន្តែក៏មិនដែលមានបាតុកម្មណាដែលគេយកដបសាំង យកអីទៅដែរ។ បើមាន គឺនឹងមានបញ្ហា។ ជប៉ុនដូចគ្នា។

យើងមានទំនាក់ទំនងល្អជាមួយជប៉ុន។ តាមពិត ជប៉ុនគួរតែជាអ្នកដែលយល់លើរឿងអភិវឌ្ឍ CLV-DTA នេះ ព្រោះជប៉ុនខ្លួនឯងជាអ្នកគាំទ្រតាំងពីដើមទី។ នៅឆ្នាំ ២០០៦ ជប៉ុនបានឲ្យលុយ ២០លានដុល្លារ ទៅជួយដល់កិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ CLV-DTA នេះ។ ខ្មែរបាន ៧លានកន្លះ … ប្រទេសមួយៗអភិវឌ្ឍរៀងៗ ខ្លួន។ ជប៉ុនជាអ្នកយល់។ ថ្ងៃមួយខ្ញុំឃើញប្អូនម្នាក់ ជនជាតិខ្មែរ គាត់ព្រួយរឿងបាត់បង់អធិបតេយ្យភាព។ គាត់ទៅសួរជប៉ុនវិញ។ ជប៉ុនដែលជាអ្នកជំនាញការក្នុងការគូសវាសផែនការអភិវឌ្ឍរួម។ ជប៉ុនគេពន្យល់ខ្មែរយើងវិញថាអាហ្នឹងមិនមែនឲ្យបាត់អធិបតេយ្យភាពទេ។ ប្រទេសមួយៗ មានច្បាប់។ បានគាត់យល់ ខ្ញុំឃើញគាត់ចេញសារ។ ទៅជាជប៉ុនអ្នកពន្យល់ខ្មែរវិញថា គម្រោងហ្នឹងមិនឲ្យបាត់អធិបតេយ្យភាពកម្ពុជាទេ ព្រោះជំនាញការជប៉ុនម្នាក់ហ្នឹងគាត់ជាអ្នកជួយកសាងអភិវឌ្ឍន៍ផែនការមេហ្នឹង។

អញ្ចឹងជប៉ុនគួរយល់ថារឿងនេះមិនជាកង្វល់ ប៉ុន្តែប្រជាពលរដ្ឋខ្មែរមានសិទ្ធមានកង្វល់ បញ្ចេញមតិអំពីការបាត់​បង់អធិបតេយ្យភាព បាត់បង់ទឹកដី។ ខ្ញុំគាំទ្រ ខ្ញុំមិនហាមឃាត់ទេ ប៉ុន្តែការបញ្ចេញមតិត្រូវមានក្រម ត្រូវមានព្រំដែន។ ការផ្តួចផ្តើមគំនិតបែបណា​ធ្វើឲ្យមានអស្ថេរភាពក្នុងប្រទេស ធ្វើឲ្យប្រទេសអាចឈានទៅដល់ការបែកបាក់ជាតិ ការប៉ះទង្គិចគ្នា ធ្វើឲ្យមានការគុំគ្នាទៅវិញទៅមក ការអនុវត្តលើសព្រំដែនច្បាប់ គឺរាជរដ្ឋាភិបាលគ្មានជម្រើសណាក្រៅពីអនុវត្តច្បាប់ឲ្យបានម៉ឹងម៉ាត់ដូចនៅប្រទេសអង់គ្លេសអញ្ចឹង។ ប្រទេសសេរីក៏គេអនុវត្តច្បាប់ដែរ ដើម្បីការពារប្រជាពលរដ្ឋរស់នៅរាប់លាននាក់ ដែលដឹងតែដល់ម៉ោងគេទៅធ្វើការ កូនទៅរៀន ដល់ខែបើកប្រាក់ខែ កម្មករ/ការិនី ថ្ងៃសៅរ៍ ថ្ងៃអាទិត្យបានសម្រាក ថ្ងៃច័ន្ទចូលធ្វើការវិញ បាន OT។

ខែ ១០ នេះត្រូវប្រជុំតម្លើងប្រាក់ខែទៀត។ ប្រជាពលរដ្ឋ កម្មករ/ការិនី គាត់ចង់បានប៉ុណ្ណឹង។ ឥឡូវរដ្ឋាភិបាលចេញគោលការណ៍រឿងពេលគាត់មានផ្ទៃពោះឧបត្ថម្ភ កំពុងរៀបចំគោលនយោបាយ រៀបចំទារកដ្ឋានឲ្យកូនគាត់នៅជិតរោងចក្រ … គាត់ចង់បានការរស់ស្រួល ជីវភាពរស់នៅ … យើងកំពុងដាក់គោលនយោបាយមួយចំនួន សំរាប់ ២០២៥ ដើម្បីជួយបន្ថែមទៀត។ វិស័យមួយចំនួនកំពុងតែកើន។ វិស័យកសិកម្ម ប្រជាកសិករ ខ្ញុំសួរអ្នកមានកៅស៊ូ ១ហិកតា ២ ហិកតា អ្នកស្វាយចន្ទីគាត់សប្បាយប៉ុន្មានឆ្នាំនេះ។

ឥឡូវទេសចរណ៍នៅសៀមរាបងើបឡើងវិញបាន ២០០០ នាក់ តិចទៀតឡើងទៀត។ គាត់ចង់បានអញ្ចឹង។ ធ្វើម៉េចឲ្យបានសេចក្តីសុខទៅ។ កុំនាំគ្នាដុតប្រទេស កុំនាំគ្នាឈ្លោះគ្នា ​​កុំនាំគ្នាធ្វើអ្វីដែលគេខ្លាចមិនហ៊ានមកកម្ពុជា ទាំងវិនិយោគ ទាំងទេសចរណ៍។ អ្នកខ្លះកក់អាចារ្យ​ហើយ។ បានច្រើនរោងដែរតើ។ កុំឲ្យគេលុបការកក់វិញ។ ការបានដោយសារតែស្ថេរភាព បិទបំរាមគោចរ ឬមួយក៏យ៉ាងណា។ អញ្ចឹងខ្ញុំសូមជូនពរអាចារ្យដែលអត់ទាន់មានគេកក់ ឲ្យបានកក់កាន់តែឆាប់។

(៤៤) ខ្លាចបាត់សាមគ្គីជាតិ ខ្លាចខ្មែរដាច់ដៃដាច់ជើងឡើងវិញ ខ្លាចខ្មែរមិនអាចនិយាយគ្នាបាន

នេះហើយ ដែលថារាជរដ្ឋាភិបាលស្តាប់ប្រជាពលរដ្ឋ គឺត្រូវស្តាប់មតិរួម រកដំណោះស្រាយជូន ប៉ុន្តែប្រជាពលរដ្ឋត្រូវរួមគ្នាថែរក្សាផលប្រយោជន៍ជាតិ កុំឲ្យបែកបាក់តាមរយៈការធ្វើសកម្មភាពឲ្យបាត់បង់នូវស្ថេរភាព និងសន្តិភាព និងការរួបរួមជាតិ ធ្វើឲ្យមើលមុខគ្នាមិនត្រូវ ឈានទៅដល់ការប៉ះទង្គិចគ្នា។ សុំកុំឲ្យមានបែបនេះ។ រួមគ្នាទៅ … ជាពិសេសយុវជន។ អ្នកខ្លះ(មានអាស្មិមានៈថាអោយតែ)អញឡើង គឺអូសកអ្នកនេះមកកាត់ចោល … ជេរគ្នាទៅវិញទៅមក រហូតដល់ប្រមាថជីវិតគ្នា … មិនកើតទេ។ ការបញ្ឆេះក្នុងចិត្ត តើអាចប៉ះគ្នាទេ? អញ្ចឹងខ្ញុំសុំឲ្យទាំងអ្នកគាំទ្រកិច្ចសហប្រតិបត្តិការ និងអ្នកមិនគាំទ្រកិច្ចសហប្រតិបត្តិការ ដែលអ្នកទាំងអស់គ្នាមន្ទិលសង្ស័យ ក៏ដូចជាកង្វល់អំពីអនាគតរបស់ជាតិ អធិបតេយ្យទឹកដី ត្រូវចែកនូវគំនិតដូចប្រជាពលរដ្ឋមួយភាគធំដែលនៅកណ្តាល គឺរួមគ្នាការពារទឹកដីរបស់យើងឲ្យបានយូរអង្វែង តាមរយៈការថែរក្សាសាមគ្គីជាតិ ស្ថេរភាពសង្គម កុំឲ្យបែកបាក់ជាតិ ធ្វើសកម្មភាពអីដែលបាត់បង់ផលប្រយោជន៍ជាតិ បង្កអស្ថេរភាព។

ឲ្យតែនិយាយអញ្ចឹង គេថាខ្ញុំខ្លាច។ ខ្ញុំខ្លាចមែន ខ្លាចបាត់សាមគ្គីជាតិ ខ្លាចខ្មែរត្រូវដាច់ដៃដាច់ជើងឡើងវិញ ព្រោះខ្ញុំចែកផ្ទះជូនអតីតយុទ្ធជនពិការរាប់ពាន់នាក់ កូនកំព្រាដោយសារសង្គ្រាម។ ខ្ញុំខ្លាចណាស់នៅពេលដែលខ្មែរមិនអាចនិយាយគ្នាបាន កាប់ចាក់គ្នា។ ខ្ញុំខ្លាចតែប៉ុណ្ណឹង។ គេថាពូជខ្មែរពូជចំបាំង ចំបាំងការពារជាតិ សូមកុំឲ្យចំបាំងនៅក្នុងការកាប់ចាក់ខ្មែរគ្នាឯង កុំធ្វើអីដែលប៉ះពាល់ផលប្រយោជន៍រួម។ ចង់ថាអីថាចុះ ជេរខ្ញុំប្រមាថរឿងអីចុះ … ប៉ុន្តែកុំឲ្យឈានទៅដល់ការបំផ្លាញសេចក្តីសុខរួម។ ខ្ញុំសូមឲ្យបងប្អូនទាំងអស់ពិចារណាទៅលើកិច្ចការនេះ។ ខ្លាចបាត់បង់ឯកភាពជាតិ បាត់បង់នូវការសាមគ្គីគ្នា ស្រឡាញ់គ្នា។ មិនតិចទេ ២០១៣ បាតុកម្មជិត ១ឆ្នាំ មើលមុខគ្នាអត់ត្រង់ទេ។ ខ្មែរនិងខ្មែរ អ្នកគាំទ្របក្សផ្សេងគ្នា អ្នកនៅផ្ទះជិតខាងចេញជេរគ្នា នៅក្នុងភូមិ ឃុំ ជាមួយគ្នាចង់គំរាមយកផ្គាក់ទៅកាប់គ្នា។ មិនល្អទេ ហើយគ្មានជាតិណាគេឈឺក្បាលទេ បើខ្មែរកាប់គ្នា។ តែខ្មែរខ្លួនឯងហ្នឹង មែនទេ? អ្នកណាក៏មានជាតិរបស់គេ គេគិតគូររឿងប្រទេសជាតិរបស់គេ។

អញ្ចឹងកុំឲ្យការព្រួយបារម្ភនេះក្លាយទៅជាការបែកបាក់ជាតិ … ថ្ងៃនេះនិយាយពីអាចារ្យអាចារ្យរិនី ប៉ុន្តែរឿងពាក់ព័ន្ធនឹងវប្បធម៌ អរិយធម៌របស់យើង ពាក់ព័ន្ធនឹងភាពសុខដុមរមនារបស់យើង ដែលជាកត្តាចំបងសម្រាប់ការរីកចម្រើននៃអរិយធម៌របស់យើង។ ការបែកបាក់ដែលជាមូលដ្ឋាននៃការបាត់បង់ និងធ្លាក់ចុះនៃអរិយធម៌ វប្បធម៌របស់យើងដូចគ្នាដែរ។ អញ្ចឹងកូនខ្មែរជំនាន់នេះរួមគ្នាការពារវប្បធម៌ អរិយធម៌ទៅថ្ងៃអនាគត គឺតាមរយៈការពារកត្តាចំបងបំផុត គឺសន្តិភាព ការឯកភាពជាតិរបស់យើង ឲ្យនៅមាន កុំឲ្យកាប់ចាក់គ្នាឡើងវិញ នេះគឺជាការរួមទាំងអស់គ្នា។ ថ្ងៃនេះថែមប្រធានបទថ្មី ឡើងចង់ស្ងួតក្រដាសវិញហើយ។

[ចប់សេចក្តីអធិប្បាយទី២]

 

សម្រង់ប្រសាសន៍សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត, សំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេស លើកទី៩ ចំនួន ១០០០នាក់

 CMF: 

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និង រាជរដ្ឋាភិបាល
ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី
លោកគ្រូឧទ្ទេសាចារ្យ អាចារ្យ អាចារិនី និងអង្គពិធីទាំងមូល ជាទីមេត្រី!

ថ្ងៃនេះ, ខ្ញុំ និង ភរិយា ពិតជាមានសេចក្តីសោមនស្ស ដោយបានមកចូលរួមក្នុង «ពិធីសំណេះ – សំណាលជាមួយអាចារ្យ អាចារិនី ទូទាំងប្រទេស លើកទី ៩» នាពេលនេះ ។ ឆ្លៀតក្នុងឱកាសនេះ, ក្នុងនាមរាជរដ្ឋាភិបាល និង ក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះក្រសួងធម្មការ និង សាសនា ដែលបានរៀបចំ បើកវគ្គបណ្ដុះបណ្ដាលតម្រង់ទិស អាចារ្យ អាចារិនី ស្តីពីតួនាទី ភារកិច្ច និង ក្រមសីលធម៌អាចារ្យខ្មែរ ដើម្បីឈានឆ្ពោះទៅរកការឯកភាពទាំងទស្សនៈ, គោលជំហរ និង ការប្រតិបត្តិក្នុងការដឹកនាំពិធីកម្មសាសនា និង ទំនៀមទម្លាប់ប្រពៃណីរបស់យើង ។

ការជួបជុំថ្ងៃនេះ ផ្តល់ឱកាសសម្រាប់ពិធីទាំងមូល, ជាពិសេស អាចារ្យ អាចារិនី បានជួបប្រាស្រ័យទាក់ទងរាប់អានគ្នាកាន់តែជិតស្និទ្ធ ពិភាក្សា ផ្លាស់ប្តូរទស្សនៈ គំនិតយោបល់ ចែករំលែកបទពិសោធល្អៗ រវាងគ្នា និង គ្នា ដើម្បីចូលរួមចំណែកដល់ការលើកស្ទួយប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ និង អរិយធម៌ ដ៏ល្អផូរផង់របស់ជាតិយើង ។ ពុទ្ធិដែលកើតចេញពីការពិភាក្សា និងការផ្លាស់ប្តូរនេះ មិនមែនត្រឹមតែជាកត្តាគន្លឹះដ៏សំខាន់ សម្រាប់រួមចំណែកនាំទៅរកការថែរក្សា និង អភិរក្សប្រពៃណីទំនៀមទម្លាប់របស់ខ្មែរគ្រប់ជ្រុងជ្រោយប៉ុណ្ណោះទេ, ប៉ុន្តែ ជាស្មារតីរួមមួយជួយពង្រឹងវិបុលភាពសង្គមវប្បធម៌សន្តិភាព និង សុខដុមរមនាសម្រាប់ប្រទេសជាតិយើង ។

ផ្អែកតាមរបាយការណ៍ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និង សាសនា, អនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ អតីតនាយករដ្ឋមន្រ្តី និង ជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, ក្រសួងធម្មការ និង សាសនា បានសិក្សាស្រាវជ្រាវ ដើម្បី ចងក្រងឯកសារគោល និង ប្រមូលផ្តុំធនធានឧទ្ទេសាចារ្យ សម្រាប់រៀបចំវគ្គបណ្តុះបណ្តាលស្តីពីតួនាទី ភារកិច្ច និង ក្រមសីលធម៌ អាចារ្យខ្មែរ ជូនអាចារ្យ អាចារិនី ជាបន្តបន្ទាប់ ។

ជាក់ស្តែង, ក្រសួងបានបើកវគ្គបណ្តុះបណ្តាលបានចំនួន ៤៥ វ គ្គ ដោយមានសិក្ខាកាមជាអាចារ្យ អាចារិនី មកពីគ្រប់រាជធានី ខេត្ត ទូទាំងប្រទេសមានចំនួន ១២ ៥១៧ អង្គ/នាក់ (ព្រះសង្ឃ ៨៦១ អង្គ ស្រ្តី ១៩០ រូប) បាននិមន្ត និង អញ្ជើញចូលសិក្សារួចមកហើយ ។ ក្នុងនាមរាជរដ្ឋាភិបាល, ខ្ញុំសូមជំរុញ និង លើកទឹកចិត្តដល់ក្រសួងធម្មការ និង សាសនាបន្តអនុវត្តការងារនេះឱ្យបានជាប់ជាប្រចាំ ព្រោះការបើកវគ្គបណ្តុះបណ្តាលនេះ គឺ ជាយន្តការដ៏មានប្រសិទ្ធភាពបំផុតសម្រាប់លុបបំបាត់នូវវិបត្តិអាចារ្យក្នុងសង្គមខ្មែរ ហើយឈានឆ្ពោះទៅរកការឯកភាពគ្នាទាំងពិធីកម្មនៅក្នុងសាសនពិធី និង ពិធីមង្គលផ្សេងៗ ដើម្បីធានាបាននូវការអភិរក្ស, ការអភិវឌ្ឍ វប្បធម៌ និង សាសនារបស់ជាតិ ។

មាតុភូមិយើង គឺជាដែនដីដែលមានប្រវត្តិសាស្ត្រដ៏យូរលង់ ហើយខ្មែរយើងគឺជាជនជាតិដែលមានអរិយធម៌ វប្បធម៌ ប្រពៃណី និង ទំនៀមទម្លាប់ ដ៏ចំណាស់មួយ ព្រមទាំងមានអច្ឆរិយវត្ថុយ៉ាងច្រើន ឥតគណនា ។ ជាក់ស្តែង, ពិធីបុណ្យបែបព្រះពុទ្ធសាសនាក្តី, ពិធីមង្គល និង ពិធីកម្មបែបប្រពៃណីទំនៀមទម្លាប់បុរាណក្តី, ខ្មែរយើងមានទម្រង់បែបបទជាច្រើន ព្រមទាំងមានបង្កប់ទៅដោយ គោលគំនិត គតិបណ្ឌិត និង ទស្សនវិជ្ជាអប់រំ សម្រាប់ការរស់នៅរបស់មនុស្ស គ្រប់រូបប្រកបដោយសេចក្ដីសុខ សេចក្ដីចម្រើន ហើយគុណតម្លៃដែលកើតចេញពីប្រភពខាងលើនេះគឺជាធាតុសកម្មមួយ ធ្វើឱ្យសង្គមមាននូវសាមគ្គីធម៌ សង្គហធម៌ សុខដុមរមនា សុខុមាលភាព និង ភាពរីកចម្រើនរុងរឿង ព្រមទាំងអាចរក្សាបាននូវអត្តសញ្ញាណជាតិ ជាខ្មែរទៀតផង ។

ជាអកុសល, គុណតម្លៃទាំងនេះពុំអាចរក្សាបាន ក្នុងសង្គមខ្មែរដែលពោរពេញទៅដោយ ជម្លោះ ផ្ទៃក្នុង សង្រ្គាមដណ្តើមអំណាច និង ការពឹងពាក់បរទេសឱ្យមកឈ្លានពានខ្មែរ ជាច្រើនសតវត្សរ៍ ។ ជាក់ស្តែង, ប្រពៃណី ទំនៀមទម្លាប់ និង វប្បធម៌ខ្មែរ បានធ្លាក់ដល់ចំណុចសូន្យនៅក្នុងរបប ៣ ឆ្នាំ ៨ ខែ ២០ ថ្ងៃ ហើយវត្តអារាមត្រូវបានបំផ្លាញ, គម្ពីរធម៌ និង ក្បួនច្បាប់តម្រាប់តម្រា ត្រូវបានដុតកម្ទេច, និង ការប្រតិបត្តិប្រពៃណី ទំនៀមទម្លាប់ និង ជំនឿសាសនា ត្រូវបានហាមឃាត់ទាំងស្រុង ។ នេះជាពេលដែលខ្មៅងងឹតជាងគេបំផុតក្នុងប្រវត្តិសាស្រ្តកម្ពុជា និង ជាពេលដែលខ្មែរបាត់បង់អ្វីៗគ្រប់យ៉ាង រួមទាំងព្រលឹងជាតិ ។ ប៉ុន្តែ ដោយបានគុណរណសិរ្សសាមគ្គីសង្គ្រោះជាតិ ២ ធ្នូ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ទើបប្រទេសជាតិ និង ប្រជាជន ត្រូវបានរំដោះ ហើយហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងព្រះពុទ្ធសាសនា ពាហិរសាសនា ប្រពៃណី ទំនៀម- ទម្លាប់ ត្រូវបានស្ដារឡើងវិញពីចំណុចសូន្យ ។ លើសពីនេះ, ក្រោមនយោបាយឈ្នះ-ឈ្នះរបស់ សម្តេចតេជោ អតីតនាយករដ្ឋមន្រ្តី និង ជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និង ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាលគ្រប់នីតិកាលនៃរដ្ឋសភា, កម្ពុជាបច្ចុប្បន្នមានការរីកចម្រើនគ្រប់វិស័យ, មានការទទួលស្គាល់ជាអន្តរជាតិ, និង មានការគោរពប្រណិប័តន៍ជំនឿសាសនា ដោយសេរី និង គ្មានការរើសអើង ដែលជាសមិទ្ធផលនៃការខិតខំកសាងឡើងវិញដ៏សែនលំបាករបស់រាជរដ្ឋាភិបាល និង គណបក្សប្រជា-ជនកម្ពុជា ក្នុងរយៈពេលជាង ៤ ទសវត្សរ៍កន្លងទៅនេះ។

ទោះបីជាប្រទេសជាតិត្រូវបានរំដោះ, គ្រប់វិស័យមានការអភិវឌ្ឍ, ហើយសិទ្ធិក្នុងការប្រតិបត្តិជំនឿសាសនា ប្រពៃណីទំនៀមទម្លាប់ ត្រូវបានធានាយ៉ាងពេញលេញក៏ដោយ, ប៉ុន្តែកង្វះធនធានមនុស្សដែលមានការយល់ដឹងជ្រៅជ្រះលើទម្រង់នៃពិធីកម្មផ្សេងៗ និង ធនធានសម្ភារៈ គម្ពីរក្បួនច្បាប់ ដែលជាត្រីវិស័យសម្រាប់តម្រង់ ទិសក្នុងការរៀបចំពិធីកម្មទាំងនោះ នៅបន្តជួបនូវបញ្ហាប្រឈម ។ ជាលទ្ធផល, ការអនុវត្ត ក៏ដូចជាការប្រតិបត្តិជំនឿសាសនា ប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរយើង នៅមិនទាន់មានភាពត្រឹមត្រូវច្បាស់លាស់ និងប្រកបដោយការឯកភាពគ្នានៅឡើយ ។ ក្នុងន័យនេះ, ការតម្រង់ទិស តាមរយៈការរៀបចំវគ្គបណ្តុះបណ្តាលស្តីពីតួនាទី ភារកិច្ច និង ក្រមសីលធម៌ អាចារ្យខ្មែរ គឺជាយន្តការចាំបាច់ និង មានសារៈសំខាន់ ដើម្បីធានានូវការឯកភាព និង អនុលោមតាមក្បួនតម្រាប់តម្រាពីបុរាណ និង ឯកសារដែលនៅសេសសល់, ព្រមទាំងដើម្បីធានាដល់ការអភិរក្ស និង ការអភិវឌ្ឍប្រពៃណី ទំនៀម-ទម្លាប់ មរតកដូនតាយើង ឱ្យបានគង់វង្ស និង រីកចម្រើនបន្ថែមទៀត ។ លើសពីនេះ, យើងក៏អាចកសាងបានបន្ថែមទៀតនូវធនធានអាចារ្យ អាចារិនី ដែលមានគុណភាព និង ប្រកបដោយចំណេះដឹងផងដែរ ។

ក្នុងស្មារតីនេះ, អាចារ្យ អាចារិនី ក្នុងនាមជានាយកជន (អ្នកដឹកនាំ) ក្នុងពិធីកម្មផ្សេងៗ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌, មិនត្រឹមតែមានភាពឆ្លាតក្នុងការដឹកនាំគេឱ្យអនុវត្តបានត្រឹមត្រូវប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានពហុចំណេះដឹង ទាំងផ្លូវលោក ផ្លូវធម៌ និង ពិធីកម្មផ្សេងៗ ច្បាស់លាស់ ទៅតាមក្បួនច្បាប់ពីបុរាណ ដែលដូនតាយើងបានបន្សល់ទុកឱ្យ ។ សម្រាប់ការអនុវត្តនៅក្នុងទម្រង់ នៃ ពិធីកម្មនានា, ត្រូវធ្វើយ៉ាងណាឱ្យមានសង្គតិភាព និង មានលក្ខណៈស្របគ្នាពីតំបន់មួយទៅតំបន់មួយ, ចៀសវាងមានភាពផ្ទុយគ្នា នាំឱ្យកើតមានជាទំនាស់ក្នុងការប្រារព្ធពិធី ដែលបណ្តាលមកពីការអនុវត្តខុសពីក្បួនច្បាប់ពីបុរាណ និង ធ្វើឱ្យមានការចម្លងខុសតៗគ្នាបន្តទៀត ។ លើសពីនេះ, អាចារ្យ អាចារិនី ត្រូវប្រព្រឹត្តឱ្យបានត្រឹមត្រូវទៅតាមធម៌វិន័យព្រះពុទ្ធសាសនា និង សីលធម៌ សង្គម, កសាងខ្លួនឱ្យក្លាយទៅជាបុគ្គលដែលគួរទទួលបាននូវការគោរព ការស្រឡាញ់ និង ការជឿទុកចិត្ត ពីប្រជាជន មហាជននៅមូលដ្ឋាន ។ ដូច្នេះ, អាចារ្យ អាចារិនី ក្រៅពីមានតួនាទីដឹកនាំរៀបចំពិធីកម្មផ្សេងៗ ក៏អាចចូលរួមសកម្មភាពជួយដល់សង្គម តាមរយៈផ្ដល់ការអប់រំ ប្រជាជន យុវជន កូនចៅរបស់ប្រជាពលរដ្ឋឱ្យវៀរចាកទុច្ចរិត និង អំពើអបាយមុខផ្សេងៗ, ដូចជា គ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសង អំពើហិង្សា និង ការជួញដូរមនុស្ស ជាដើម, ហើយសកម្មភាពនេះ នឹងរួមចំណែកដល់ប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ។

[ចាប់ផ្តើមសេចក្តីអធិប្បាយ១]

(១) ទោះបីកម្ពុជាកំពុង​វិវត្តចូលសម័យទំនើប ក៏ការរស់នៅជាក់ស្តែងបន្តប្រតិបត្តិមិនចោលអត្តសញ្ញាណជាតិ

ប្រទេសយើង​ប្រកាន់ប្រពៃណីវប្បធម៌ច្បាស់លាស់ មានអរិយធម៌រាប់ពាន់ឆ្នាំមកហើយ ខុសពីប្រទេសមួយចំ​នួនដែលកើតក្រោយ ជាពិសេសដូចនៅប្រទេសលោកខាងលិចដែលទើបកើត ២០០ ឬ ៣០០ឆ្នាំ មានប្រជាជនដែលមានវប្បធម៌ សាសនា មកពីតំបន់ប្រទេសផ្សេងៗ ខុសគ្នា។ កម្ពុជាមានប្រវត្តិយូរលង់ ហើយការវិវត្តន៍នៃវប្បធម៌របស់យើងក៏មានយូរអង្វែង។ មកដល់ម៉ោងនេះ ទោះបីជាប្រទេសមានទំនើបកម្ម មានការអប់រំ ហើយការ​វិវត្តន៍នៃសង្គមឈានចូលក្នុងសម័យទំនើប មនុស្សប្រើ Smart phone មនុស្សបង្កើតកម្មវិធីកុំព្យូទ័រក៏ដោយ ក៏ការរស់នៅ(ជាក់ស្តែងនៅបន្ត)ប្រតិបត្តិ មិនចោលអ្វីដែលជាអត្តសញ្ញាណជាតិនោះទេ។ ក្នុងនោះមានការរៀប​ចំ​ពិធីនានា ដែលត្រូវមានក្បួនខ្នាត ហើយមានការឯកភាពគ្នា។ នេះមិនខុសពីក្បួនទ័ពទេ។ បើសិនជាយើងមិនមានក្បួនដូចគ្នា យកពីអង្គភាព ចេញពីសាលា ពីរដាក់ជាមួយគ្នាគឺជាន់ជើងគ្នា។

ខ្ញុំធ្លាប់ឃើញក្នុងពិធីខ្លះ អាចារ្យពីរនាក់ដាក់ជាមួយគ្នា អត់ត្រូវគ្នាទេ។ ឯកឧត្តម នេត សាវឿន ធ្លាប់សម្របសម្រួលហើយ កាលបុណ្យសពរបស់ អ៊ំឡេង អាចារ្យ ២ ឬ៣ ដាក់ជាមួយគ្នាអត់ត្រូវគ្នា។ យើងគិតថាដាក់ពីរជាមួយគ្នាទៅជាសហថាមពល ព្រោះយើងយកសុទ្ធតែអាចារ្យខ្លាំងដូចគ្នា។ តែគាត់មានក្បួនដែលត្រូវតែធ្វើតាមអញ្ចឹងតែម្តង។ សួរថា ក្បួនផ្អែកលើអី? នេះជាបញ្ហា។ ខ្ញុំធ្លាប់ម្តង នៅខេត្តកំពង់ចាម។ ថ្ងៃតែមួយ។ ពេលព្រឹកខ្ញុំបញ្ចុះបឋមសិលានៅស្ទឹងត្រង់ ដើម្បីកសាងសាលារៀនមួយខ្នងជូនប្រជាពលរដ្ឋនៅទីនោះ។ ល្ងាចខ្ញុំទៅបញ្ចុះបឋមសិលា ដើម្បីកសាងអគារមួយខ្នងទៀតជូនកូនចៅប្រជាពលរដ្ឋនៅមេមត់។ ពីព្រឹក អាចារ្យប្រាប់ថា ត្រូវតែដុតទៀនពីក្រោមឡើងលើ។ គាត់ពន្យល់ហេតុផល។ ពេលល្ងាច ទៅដល់មេមត់អាចារ្យមួយទៀតថាត្រូវតែដុតពីលើមកក្រោម ហើយគាត់ក៏មានអំណះអំណាងច្បាស់​លាស់របស់គាត់។ ឥឡូវបើសិនជាដាក់គាត់ទាំង ២ជាមួយគ្នាទៀត (ប្រហែលជា)មិនបានដុតទេ។ ដោយហេតុនេះហើយបានជាមានវគ្គនេះដើម្បីឱ្យមានការឯកភាពគ្នា។

(២) ប្រពៃណី វប្បធម៌ តែងតែមានការវិវត្ត តែត្រូវឯកភាពគ្នា

ប្រពៃណី វប្បធម៌ តែងតែមានការវិវត្ត។ សូមមើលអក្សរខ្មែររបស់យើង មានការវិវត្តរួចទៅហើយ។ បើប្រៀបធៀបជាមួយអក្សរ(ដែលបានឆ្លាក់ទុក)នៅលើអង្គរ​ ដែលពីចេញសំស្ក្រឹត អក្សរយើងមានការវិវត្ត។ ប៉ុន្តែយើងត្រូវមានឯកភាពគ្នា។ អក្សរខ្មែរសរសេរនៅភ្នំពេញ មិនខុសពីអក្សរខ្មែរសរសេរនៅខេត្តផ្សេងៗទេ។ នេះគឺការឯកភាពគ្នា។ ប្រពៃណីវប្បធម៌និងការប្រតិបត្តិរបស់អាចារ្យ និងក្រមសីលធម៌ត្រូវដូចគ្នា។ អញ្ចឹង ពេលដាក់អាចារ្យពីរជាមួយគ្នា នឹងមិនមានបញ្ហា។ កាលនៅបន្ទាយទាហាន ធ្លាប់ម្តងអញ្ជើញអាចារ្យ។ ដល់គាត់សូត្រ យំកិញ្ចិ ហើយយកទឹក យំកិញ្ចិ ទៅចាក់នៅក្នុងផ្តិលដើម្បីលោកយកទៅប្រោះព្រំឱ្យទាហាន។ មានខ្លះថា (មិនត្រូវ)ទេ ត្រូវចាក់ទឹកហ្នឹងចេញ ព្រោះទឹកហ្នឹងជាកម្មទេតើ។ អ្វីដែលខ្ញុំលើកនេះ មិនបានថាអ្នកណាខុសត្រូវ អ្នកណាត្រូវទេ ត្រូវសូមអោយមានការឯកភាពជាមូលដ្ឋាន។ អញ្ចឹងការរៀនមិនត្រឹមតែចប់បានជាសញ្ញាបត្រប៉ុណ្ណេះទេ តែត្រូវមានក្រមប្រតិបត្តិ។

(៣) គួររៀបចំក្រមនិងវិធានប្រតិបត្តិ ដែលគណៈកម្មាធិការជួយរៀបចំ ហើយចែករំលែកតគ្នា

មួយទៀត ខ្ញុំសូមឱ្យគិតបន្ថែមទៀតពីរាល់ការកែសម្រួល ព្រោះជួនកាលពិធីប្រែប្រួលទៅតាមសម័យកាល សូម្បីតែពិធីការ(អាពាហ៍ពិពាហ៍)ហ្នឹងក៏កែប្រែដែរ។ កាលពីខ្ញុំនៅក្មេង មិនមានទេ ការកាត់នំ មិនមានការបោះ(ផ្កា)ទេ។ អាចារ្យ គន់ នៅទីនេះ។ បានឧស្សាហ៍ជួបជាមួយគាត់។ តាំងពីក្រោយកូវីដ-១៩ លោកអាចារ្យ គន់ សប្បាយចិត្តឡើងវិញ។ កាលកូវីដ-១៩ អត់មានអ្នកណារៀបការ។ ក្នុងការរៀបអាពាហ៍ពិពាហ៍ ខ្ញុំឃើញមានកន្លែងខ្លះស្ត្រីអង្គុយស្តាំ កន្លែងខ្លះស្ត្រីអង្គុយឆ្វេង ហើយសុទ្ធតែមានហេតុផល។ យកមុនសម័យនគរភ្នំ ក្រោយសម័យនគរភ្នំ កាលពីមុនស្ត្រីជាគោល … ទោះបីជាយ៉ាងម៉េចក៏ដោយ មិនថាមិនរឹងកំប្រឹសទេ ប៉ុន្តែត្រូវប្រតិបត្តិមានវិធីសាស្ត្រ ឯកភាពគ្នា។ បើមានការវិវត្តន៍ទៅថ្ងៃក្រោយ សូមមានការឯកភាពគ្នា។ អញ្ចឹងគួររៀបចំមិនត្រឹមតែថ្នាក់បណ្តុះបណ្តាលទេ ប៉ុន្តែក្រមនិងវិធាននៃការប្រតិបត្តិ។ ហើយបើសិនជាគណៈកម្មាធិការ ឬមួយអ្នកណាចង់កែប្រែអីមួយ អភិវឌ្ឍអីមួយ គួរតែមានគណៈកម្មាធិការដើម្បីរៀបចំ ហើយចែករំលែកតគ្នា។ នៅក្នុងកងទ័ព វិធីសាស្ត្រ កម្មវិធីហ្វឹកហ្វឺន ក្បួនខ្នាតស្រដៀងគ្នា តែបើចង់ដូរត្រូវមានយន្តការមួយ។ ឧទាហរណ៍ ទៅចាត់ការហ្វឹកហ្វឺនជាអ្នកសិក្សា … សុំគោលការណ៍អនុម័តពីអគ្គបញ្ជាការៗ (ផ្តល់ការ)ឯកភាព ក៏យកទៅដាក់ឱ្យកែទូទាំងកងទ័ព។ ធ្វើបែបនេះទើបស្អីប្រែប្រួលជាគោលការណ៍​រួមទូទាំងប្រទេស យើងអាចដឹង។ ពិធីសំខាន់។ អាចារ្យដូចពេទ្យអញ្ចឹង។ យើងទៅពេទ្យ មិនអាចប្រាប់ថាពេទ្យខុសទេ។ បើអញ្ចឹងយើងព្យាបាលខ្លួនឯងទៅ។ អាចារ្យដូចគ្នា។

(៤) ការពារទំនៀមទម្លាប់ប្រពៃណីកុំឱ្យក្លាយ តែបើទោះជាក្លាយ ត្រូវមានអត្តសញ្ញាណជាតិនិងការឯកភាព

បើរៀបពិធីត្រូវជឿលើអាចារ្យ។ អាចារ្យថាឱ្យទៅឆ្វេងៗ ស្តាំៗ ដើរខាងនេះ ឬមួយដើរប្រទាក់ក្រ​ឡាខាងនោះ។ អញ្ចឹងអ្នកដឹកនាំកម្មវិធីនេះ ដែលហៅថានាយកជន ឬអ្នកដឹកនាំនេះសំខាន់ណាស់។ អញ្ចឹងជាប្រ​ពៃ​ណី និងទំនៀមទម្លាប់ខ្មែរ យើងគួរតែមានការឯកភាពគ្នា។ វគ្គដ៏មានសារសំខាន់នេះ បានបើកតាមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ។​ ការវិវត្តន៍ប្រែប្រួលត្រូវមាន ប៉ុន្តែសូមឱ្យមានការឯកភាពគ្នា។ ជួនកាលមិនចាំបាច់មានតែមួយវិធាន​ទេ។ មានអាចថា មាន ២ ឬ៣ វិធាន ប៉ុន្តែត្រូវមានហេតុផលច្បាស់លាស់ កុំឱ្យអាចារ្យថា ល្ងាចមិញមើល YouTube ទៅធ្វើអញ្ចេះដូចទំនងជាង។ ស្អែកឡើងគាត់ទៅធ្វើអញ្ចឹង។ មិនកើតទេ។ ត្រូវមានគោលការណ៍ឯកភាពគ្នា។ ធ្វើដូចនេះ ដើម្បីការពារទំនៀមទម្លាប់ប្រពៃណីកុំឱ្យក្លាយ។ ទោះបីជាក្លាយ ក៏ត្រូវមានអត្តសញ្ញាណជាតិ ហើយមានការឯកភាពគ្នា … អាចារ្យ អាចារិនី​ គឺជាអ្នកដើរតួរប្រតិបត្តិផ្ទាល់។ វគ្គបណ្តុះបណ្តាលគ្រាន់ជាការតម្រង់ទិស។ ការប្រតិបត្តិគឺអាស្រ័យទៅលើតួអង្គរបស់អាចារ្យអាចារិនី ដែលដើរតួនាទីសំខាន់ក្នុងការថែទាំ ថែរក្សាអភិរក្សទំនៀមទម្លាប់ខ្មែរ។ ទោះបីវិវត្តន៍យ៉ាងណាគឺផ្អែកទៅលើមូលដ្ឋានរបស់ខ្មែរ ហើយមូលដ្ឋានឯកភាពគ្នានេះហើយ ដែលជាសារៈសំខាន់ដែលវគ្គនេះបានផ្តល់។

(៥) ស្រាវជ្រាវចងក្រងរក្សាទុកជាឯកសារ ឱ្យអាចារ្យអាចារិនីមានបទពិសោធន៍បណ្តុះអាចារ្យជំនាន់ក្រោយ

ខ្ញុំសូមគាំទ្រ ហើយជំរុញបន្តការរៀបចំនេះ ព្រោះយើងមានអាចារ្យចូលថ្មីរហូត ដូចនេះត្រូវរៀបចំបន្តគ្នា។ អាចារ្យ អាចារិនី ដែលមានបទពិសោធន៍យូរឆ្នាំជាគ្រូបណ្តុះបណ្តាលផ្ទាល់ដល់អាចារ្យជំនាន់ក្រោយ។ ចូលរួមក្នុងកម្មវិធីជាមួយអាចារ្យ គន់ និងអាចារ្យ ម៉ា ពួកគាត់តែងតែមានជំនួយការដែលគាត់បណ្តុះបណ្តាលជាអ្នកបន្តវេនតាមទំនៀមទម្លាប់។ សង្ឃឹមថាយើងនឹងមិនមានក្បួនអាចារ្យ គន់ ឬក្បួនអាចារ្យ ម៉ា ក្បួឬននេះក្បួននោះទេ គឺគួរតែមានក្បួនមួយរួមគ្នា ជាអត្តសញ្ញាណជាតិ។ ឧទាហរណ៍ ពេលចេញទៅរៀបចំពិធីនៅក្រៅប្រទេស អាចារ្យណាទៅក៏រៀបចំតាម(វិធាន)ហ្នឹង។ នេះជាស្តង់ដារ ជាការអភិរក្សនៃអត្តសញ្ញាណជាតិ ផ្អែកទៅលើមូលដ្ឋានច្បាស់​លាស់ មានឯកសារតម្កល់ទុក ដោយការស្រាវជ្រាវរក្សាទុកជាការសំខាន់។ មិនមែនតែក្នុងពិធីសាសនាទេ សូម្បីតែក្នុងប្រវត្តិសាស្ត្រ ហើយក្នុងសិល្បៈ ក៏មានទម្រង់ខ្លះប្រឈមនឹងហានិភ័យបាត់បង់ដែរ បើសិនជាគ្មានការចងក្រងទុក។ ក្រសួងវប្បធម៌បានជំរុញ ការស្រាវជ្រាវចងក្រងមួយចំនួនហើយ …។

(៦) ការស្រាវជ្រាវ ចងក្រង និងថែរក្សាប្រពៃណីទំនៀមទម្លាប់ ត្រូវធ្វើឱ្យបានសុក្រឹត កុំឱ្យក្លាយ

នេះជាការចូលរួមលើកទី ១ របស់ខ្ញុំ ប៉ុន្តែក៏ខ្ញុំសូមអបអរសាទរចំពោះវគ្គដែលផ្តល់គុណតម្លៃដល់ការថែរក្សាវប្បធម៌ជាតិពិតប្រាកដ។ យើងបណ្តុះបណ្តាលតម្រង់ទិសតួអង្គដែលប្រតិបត្តិផ្ទាល់តែម្តង … ស្អី(ដែលមានចែង)នៅក្នុងគម្ពីមានចំណែក ៥០%។ ប៉ុន្តែ ការយកទៅអនុវត្តមានចំណែក ៥០%ទៀត។ ការថែរក្សាអភិវឌ្ឍវប្បធម៌មាន ៣ផ្នែក គឺការស្រាវជ្រាវ ការចងក្រង និងថែរក្សា ដែលត្រូវធ្វើឱ្យបានសុក្រឹត។ ការស្រាវជ្រាវកុំធ្វើឱ្យក្លាយ។​ ការស្រាវជ្រាវដែលមិនច្បាស់លាស់ ទាញលិចទាញកើតចូលគ្នា ព្រោះជួនកាលមានវប្បធម៌សាសនាស្រដៀងគ្នា។ បើយើងមិនបានប្រុងប្រយ័ត្ន (ក៏អាច)ខុស។ ថ្ងៃមុន មានការនិយាយថាស្បៃការអាពាហ៍ពិពាហ៍យើងនិងប្រទេសជិតខាងស្រដៀងគ្នា តែវាមានលក្ខណៈដែលអាចញែកអត្តសញ្ញាណខុសគ្នា។ ការសន្និដ្ឋាននេះ គឺផ្អែកទៅលើមូល​ដ្ឋានរួម។ ដោយហេតុនេះ ចាំបាច់ត្រូវមានបណ្តុំជាគណៈកម្មាធិការ ជាយន្តការ ទទួលខុសត្រូវនៅក្នុងការស្រាវជ្រាវ និងឯកភាពដាក់ឱ្យអនុវត្តនូវវិធីសាស្ត្រប្រតិបត្តិណាមួយ ដើម្បីកុំឱ្យ(វិធាន)ពីនេះមកក៏ត្រូវ ពីនោះ(មក)ក៏ត្រូវ។ ប្រៀបដូចជាអាចារ្យ ២នាក់ សុទ្ធតែកំពូលអាចារ្យ ធ្វើការជាមួយគ្នា អនុវត្តអត់ត្រូវគ្នា។​​ អាចារ្យមួយប្រាប់ថាដាច់ខាតត្រូវតែដុតពីក្រោមឡើងលើ។ អាចារ្យមួយទៀតប្រាប់ថាដាច់ខាតត្រូវតែពីលើមកក្រោម។

ការងារពិធីការគឺជាការងារលម្អិត។ ពេលការរៀបអាពាហ៍ពិពាហ៍ហ្នឹង សូម្បីតែឪពុកម្តាយដើរអត់ត្រូវក្បួនក៏អត់បានដែរ។ ខ្ញុំធ្លាប់ទៅការនៅបន្ទាយមានជ័យ។ ដើរចូលតាមណាក៏បាន។ អញ្ចឹង ពេលខ្លះត្រូវរៀបចំវិធានឡើង។ សួរថាស្រុកហ្នឹងធ្វើអញ្ចឹងឬ? អ្នកនៅក្បែរខ្ញុំ ក៏គាត់មិនដឹងដែរ ក៏ថាអ្នកបន្ទាយមានជ័យគេធ្វើអញ្ចឹង? គាត់គិតថា របៀបហ្នឹងជាទំនៀមទម្លាប់នៃប្រជាពលរដ្ឋអ្នកបន្ទាយមានជ័យ។ ប៉ុន្តែ មិនដូច្នោះទេ។ ខ្ញុំសួរអ្នកផ្សេង គេថាអត់ទេ ទំនៀមទម្លាប់អ្នកបន្ទាយមានជ័យអត់ធ្វើអញ្ចឹងទេ។ អញ្ចឹង ដោយសារអាចារ្យអត់សូវច្បាស់ គាត់ថាកុំពិបាកជិតដល់ម៉ោងហើយ ទៅផ្លូវកាត់ទៅ។ ប្រពៃណីនីមួយៗ វាមានអត្ថន័យរបស់វា។ មែនទេអាចារ្យ? បង្វិលពពិល បង្វិលប៉ុន្មានជុំ ស្អីៗ សុទ្ធតែមានអត្ថន័យទាំងអស់។ នេះជាពិធីការសំខាន់។ ខ្ញុំសូមអំពាវនាវ ហើយសូមលើកទឹកចិត្តបន្ថែមនៅក្នុងការថែរក្សា វប្បធម៌កុំឱ្យក្លាយ។ ការតម្រង់ទិសនិងការខិតខំប្រឹងប្រែងរបស់ក្រសួងធម្មការ និងសាសនា ក្នុងការរៀបចំនេះសំខាន់។

[ចប់សេចក្តីអធិប្បាយទី១]

រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា បន្តផ្ដោតលើអាទិភាពចម្បងៗ ជាពិសេសការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព, ដូចជា (១) ផ្តល់សេវាសាធារណៈប្រកបដោយគុណភាព តម្លាភាព និង ទទួលបានជំនឿទុកចិត្ត, (២) គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និង បទល្មើសគ្រប់ប្រភេទ, (៣) មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍, (៤) គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ត្រី និង កុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និង គ្មានក្មេងទំនើង, (៥) ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និង ប្រសិទ្ធភាព, (៦) មាន អនាម័យ មានសោភ័ណភាពល្អ និង មានបរិស្ថានល្អ, (៧) ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និង រាល់ជំងឺឆ្លងរាតត្បាតកាចសាហាវ ប្រកបដោយប្រសិទ្ធភាព។

[ចាប់ផ្តើមសេចក្តីអធិប្បាយ២]

(៧) ប្រើវិធានការសីលធម៌និងគុណធម៌ ជាមួយវិធានការច្បាប់ អប់រំពីតម្លៃក្នុងខ្លួន អត្តសញ្ញាណនិងវប្បធម៌ជាតិ

(ការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដែលមាន៧ចំណុចខាងលើ)នេះ ជាគោលដៅអាទិភាពរបស់រដ្ឋាភិបាល។ សួរថាយើងសម្រេចបាន ១០០% ឬនៅ? ថានៅទេ ប៉ុន្តែវាជាទិសដៅរបស់រដ្ឋាភិបាលនៅក្នុងការខិតខំប្រឹងប្រែង ដាក់ចេញជាវិធានការជាប់ជាប្រចាំ ដើម្បីយើងឈានទៅសម្រេចភារកិច្ចជាអតិបរមាជូនប្រជាពលរដ្ឋ ទាំងការផ្តល់សេវា ទាំងការផ្តល់ស្ថិរភាព និងសន្តិសុខសង្គម។ យើងដាក់ចេញវិធានការជាបន្តបន្ទាប់រឿងក្មេងទំនើង រឿងល្បែងស៊ីសង រឿងគ្រឿងញៀន ហើយអាជ្ញាធរ សមត្ថកិច្ច ប៉ូលិស បានធ្វើការជាប្រ​ចាំ ទាំងការអប់រំ ទាំងការបង្ក្រាប។ ពាក់ព័ន្ធនឹងសីលធម៌សង្គមនេះ យើងមិនអាចប្រើតែវិធានការច្បាប់នោះទេ។ វិធានការសីលធម៌ និងគុណធម៌នេះសំខាន់។​ គេហៅថាការប្រើប្រាស់អំណាចទន់ (Soft Power) គឺការអប់រំ តម្លៃនៅក្នុងខ្លួនរបស់មនុស្ស ដោយមិនចាំបាច់ប៉ូលិសទៅចាប់​ ឬមួយក៏ហាម​មិនឱ្យជិះម៉ូតូបង្ហោះនោះទេ។ បើសិនជាគាត់មានតម្លៃក្នុងខ្លួន ក៏ដឹងហើយថាការបង្ហោះហ្នឹងគ្រោះថ្នាក់ ខុសពីតម្លៃអត្តសញ្ញាណនិងវប្បធម៌ជាតិយើង …។

(៨) អាចារ្យអាចារិនី ជួយអប់រំពីគុណធម៌និងសីលធម៌ ក៏ដូចជាការថែរក្សាសុខសន្តិភាព និងស្ថិរភាព

សំរាប់ការអប់រំគ្រប់កន្លែង ក្នុងនោះតួអង្គអាចារ្យអាចារិនីក៏ដើរតួនាទីសំខាន់។ ទៅវត្តម្តងៗ មិនមែនមានតែព្រះសង្ឃទេ គឺអាចារ្យកាន់មេក្រូភាគច្រើន ចូលរួមក្នុងការបណ្តុះបណ្តាល ក្នុងការអប់រំនេះ ហើយក្រៅពីរៀបចំពិធីសាសនា ក៏មានតួនាទី និងមានឥទ្ធិពលនៅក្នុងសង្គម​។ សង្គមខ្មែរយើងគឺផ្តល់អាទិភាពតាមឋានានុក្រម ដែលក្នុងសាសនា ព្រះសង្ឃនិងអាចារ្យមានការគោរពពីប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋគឺជាអ្នកដែលមានឥទ្ធិពលទៅលើកូនចៅរបស់គាត់ផងដែរ។ នេះហើយតួនាទីដែលសំខាន់របស់អាចារ្យអាចារិនី។ មិនត្រឹមតែឯកភាពគ្នានៅក្នុងកម្មវិធីនីមួយៗ រៀបយ៉ាងម៉េចទេ ប៉ុន្តែអត្ថន័យនិងន័យសំខាន់នៅក្នុងការអប់រំបណ្ដុះបណ្ដាលគុណធម៌សីលធម៌គឺបានចូលរួមជួយក្នុងការថែរក្សាសុខសន្តិភាពស្ថិរភាព ព្រោះធ្វើឱ្យមនុស្សមានសន្តិភាពផ្លូវចិត្ត អត់ប្រើហិង្សា អត់ធ្វើអីនាំឱ្យ​ខូចខាតសណ្ដាប់ធ្នាប់សង្គម ដូចជាជិះម៉ូតូប​ង្ហោះ កាប់ដាវជាដើម។ យើងការពារគាត់ បង្កាគាត់ រៀនសូត្រពីតម្លៃនេះ ដើម្បីកុំធ្វើប្រតិបត្តិក្នុងសកម្មភាព(អវិជ្ជមាន)ទាំងនោះ។ កុំចាំបាច់ប៉ូលីសទៅអនុវត្តច្បាប់ ប៉េអឹមចាប់អប់រំ។ (ធ្វើកិច្ចការ)នេះសំខាន់សម្រាប់អាចារ្យអាចារិនី។

(៩) ការអប់រំផ្លូវចិត្តនិងតម្លៃ​ផ្ទាល់ខ្លួនជាការចូលរួមក្នុងគោលនយោបាយភូមិឃុំ/សង្កាត់មានសុវត្ថិភាព

ការអប់រំផ្លូវកាយ សីលធម៌ គុណធម៌ គឺអប់រំជួយសង្គមផ្ទាល់តែម្ដង។ នៅពេលណាដែលយុវជន ប្រជាពលរដ្ឋរបស់រស់នៅដោយគោរពក្រមសីលធម៌ យល់ពីតម្លៃនៃសង្គមជាតិនិងវប្បធម៌ ពួកគាត់អាចចូលរួមជាបុគ្គលសំខាន់។ មិនត្រឹមតែមានចំណេះដឹងសមត្ថភាពទេ ​ថែមទាំងយល់ដឹងពីគុណធម៌សីលធម៌ និងតម្លៃឥរិយាបទសង្គម។ថ្ងៃមុន ឃើញក្មេងម្នាក់ធាក់តុគ្រូ។ កាលពីជំនាន់ខ្ញុំនៅរៀន (ធ្វើដូចនេះ)អត់បានទេ (ដឹងតែ)ត្រូវរំពាត់ពីគ្រូ ហើយមកដល់ផ្ទះ ម្ដាយ-ឪពុកដាក់ថែមទៀត។ តែយើង(ឥឡូវយើង)មិនចាំបាច់(អប់រំអោយ)ត្រូវរំពាត់ទេ។ ការអប់រំឱ្យយល់ ឱ្យគាត់ទប់ស្កាត់ខ្លួនគាត់បាន គឺជាកិច្ចការល្អ។ នេះគ្រាន់តែជាឧទាហរណ៍មួយទេ។ ក្មេងទំនើងកាន់ដាវសាម៉ូរ៉ៃ ក្រុម​ធូបមូស ប៉ូលីសបានចាប់។ ខ្ញុំមើលតាម(ប្រព័ន្ធបណ្ដាញសង្គម)។ មានអីនិយាយគ្នា កុំចាំបាច់ទាញដាវកាប់គ្នា។ ការអប់រំផ្លូវចិត្តនិងតម្លៃ​ផ្ទាល់ខ្លួនជាការចូលរួមក្នុងគោលនយោបាយភូមិឃុំ/សង្កាត់មានសុវត្ថិភាព។ រឿងនេះមិនមែនមានតែនៅកម្ពុជាទេ។

(១០) លើកទឹកចិត្តរៀន យកចំណេះដឹងបន្ថែម និងមកច្នៃ ប៉ុន្តែកុំឱ្យហួសព្រំដែនធ្វើអោយបាត់អត្តសញ្ញាណជាតិ

នៅអាមេរិកខ្ញុំធ្លាប់អានសៀវភៅមួយ។ អ្នកពូកែមួយរបស់អាមេរិកបានសរសេរថា កាលពីគាត់មានរឿងជាមួយក្មេងជិតខាង ទាល់តែគាត់ដើរមួយគីឡូដីទើបអាចវាយគ្នាបាន។ តែក្មេងៗ ឥឡូវ អាចឈ្លោះគ្នាពីក្នុងបន្ទប់។ បានន័យថា តាមអ៊ីនធើណិត ជេរគ្នា ​ណាត់គ្នាទៅវាយ ទៅបាញ់គ្នា។ ដោយសារទំនើបកម្មនៃលទ្ធភាព។ ឥឡូវ ក្មេងៗ(មានទូរស័ព្ទ)។ កាលពីជំនាន់ខ្ញុំ អត់មានទូរស័ព្ទ​​ដៃនេះទេ។ កាលពីចេញមកដំបូងឆ្នាំ ៩០ជាង កាលនោះមានពូៗប៉ុន្មាននាក់មាន(ទូរស័ព្ទ)ខ្មងគោ Motorola។ ប៉ុនកជើង។ អត់ស្អីចុចមើលរូបទេ … ថ្ងៃមុនខ្ញុំសួរមិត្តភក្តិម្នាក់ ដែលគាត់នៅប្រកាន់ទំនៀមទម្លាប់អោយកូនស្រីអាយុ ១៦ឆ្នាំចូលម្លប់។ ជានិមិត្តរូប។ ខ្ញុំសួរគាត់លេង ចូលម្លប់ដកទូរ​ស័ព្ទឬអត់? ប្រយ័ត្នតែចូលម្លប់ចូលតែក្នុងបន្ទប់ តែទូរស័ព្ទនៅតែភ្ជាប់ដដែល។ ស្រាប់តែថា កូនចូលម្លប់ម៉េចក៏ឃើញរាំ tiktok។ បានន័យថា ការភ្ជាប់ទំនាក់ទំនងនិងការទទួលបាននូវអរិយធម៌ និងវប្បធម៌បរទេសកាន់តែងាយស្រួល។ មិនមែនមិនឱ្យ copy មិនឱ្យមើល មិនឱ្យធ្វើសកម្មភាពរៀនទេ ប៉ុន្តែយើងត្រូវមាន(មូលដ្ឋានកំណត់ថា)តម្លៃស្អីល្អស្អីអាក្រក់។ យើងលើកទឹកចិត្តការរៀន ការយកមកច្នៃ ការច្បាមយកចំណេះដឹងបន្ថែម ទាំងវប្បធម៌និងអ្វីៗផ្សេង ប៉ុន្តែត្រូវប្រយ័ត្នកុំយកមកធ្វើហួសព្រំដែន បាត់អត្តសញ្ញាណជាតិ។

(១១) ទោះជាមានភាពទំនើប ១ពាន់ឆ្នាំទៀតក៏ដោយ ក៏មិនត្រូវបាត់អត្តសញ្ញាណជាតិ

ខ្ញុំឃើញ មានអ្នកខ្លះធ្វើរហូតដល់ចេញសារវាយប្រហារវប្បធម៌យើងថា ជាវប្បធម៌យើងអន់ថយ ស្អីៗ … ខ្ញុំថាទេ ខ្ញុំនៅអាមេរិក, អង់គ្លេស ទោះបីប្រទេសទំនើបប៉ុណ្ណា​ ក៏នៅក្នុងសហគមន៍គេនីមួយៗ មានទំនៀមទំលាប់របស់គេ។ ប្រទេសអាមេរិកដែលមានប្រជាជនពីច្រើនទ្វីបទៅផ្គុំគ្នា … តាមសហគមន៍នីមួយៗ ថ្ងៃអាទិត្យទៅពេញវិហារដូចជាកាតូលីកជាដើម។ គេទំនើបកម្មដូចគ្នា​ តែគេរក្សាអត្តសញ្ញាណរបស់គេ។ កម្ពុជាដូចគ្នា។ ទោះជាយើងជួបភាពទំនើប ១ពាន់ឆ្នាំទៀត ក៏ប្រជាពលរដ្ឋមិនត្រូវបាត់អត្តសញ្ញាណជាតិដែរ។ ការវិវឌ្ឍមិនហាមទេ ប៉ុន្តែវិវឌ្ឍតាមបែបកម្ពុជាដោយមានក្បួនខ្នាតត្រឹមត្រូវ ដែលការរៀបចំយន្តការនិងការបណ្ដុះបណ្ដាលបែបនេះត្រូវតែមានបន្តទៀត។ ខ្ញុំក៏សូមអរគុណជាថ្មីចំពោះ ក្រសួង​(ធម្មការនិងសាសនា) ក៏ដូចជាថ្នាក់ដឹកនាំវគ្គនិងអ្នកចូលរួម អាចារ្យអាចារិនី ទាំងអស់ គ្រូឧទ្ទេសស្ត្រាចារ្យដែលបានយកចិត្តទុកដាក់នៅក្នុងការស្រង់យកនិងចងក្រងទុកផ្សព្វផ្សាយតាមរយៈការបណ្ដុះបណ្ដាលនិងប្រតិបត្តិ។

(១២) ចងក្រងក្បួន ផ្សព្វផ្សាយបណ្តុះបណ្តាល និងប្រតិបត្តិជាក់ស្តែង

​ការថែទាំវប្បធម៌/សាសនាត្រូវមានគន្លឹះ ៣ហ្នឹង។ ទី១៖ ចងក្រងឱ្យត្រូវតាមក្បួន និងធ្វើការបោះពុម្ភ។ ទី២៖ ផ្សព្វ​ផ្សាយតាមរយៈការបណ្ដុះបណ្ដាល មានការបើកសិក្ខាសាលាណែនាំផ្សេងៗ និងទី៣៖ ការប្រតិបត្តិជាកស្តែង ដែលសំខាន់។ បើមានតែ២ គឺអត់នៅមុខទេ។ គឺបានត្រឹមតែចងក្រងយកមកទុកចោលក្នុងទូរ។ មិនត្រឹមតែយកមកចងក្រង គឺបើកវគ្គបណ្ដុះបណ្ដាល។ បើចេញពីសាលាផ្សឹង យកទៅប្រតិបត្តិរឿងផ្សេង (ដូចជា)មកសាលាតែមួយគ្រប់ បានសញ្ញាបត្រសិន ចាំចេញទៅធ្វើតាមដែលធ្លាប់ធ្វើឡើងវិញ។ ជួនកាលអត់ត្រូវគ្នាផង។ ដូចនេះ កត្តាទាំង៣នេះសំខាន់។ ខ្ញុំសូមលើកទឹកចិត្តឱ្យយកចិត្តទុកដាក់ដល់ធាតុផ្សំទាំង ៣ ជាពិសេស ទី៣ គឺការប្រតិបត្តិ។ ការប្រតិបត្តិគឺដើម្បីកុំឱ្យប្រជាពលរដ្ឋឆ្ងល់ថា ហេតុអីបានជាដុតទៀនពីលើ ហេតុអីបានដុតទៀនពីក្រោម ​ជាឧទាហរណ៍លេងសើចទេ។ លោកអាចារ្យនៅស្ទឹងត្រង់ និងនៅមេមត់មកអត់ទេ? មក … (ពិធីរៀប)ការម្ដងដាក់ស្រីនៅស្ដាំ ម្ដងដាក់ស្រីនៅឆ្វេង ទាំងពីរត្រូវដូចគ្នា តែយកលំនាំបែបណា … ពីរហ្នឹងប្រតិបត្តិក្បួនមែនឬមិនមែន? បើយកមនុស្សមកអង្គុយលើភ្លៅគ្នាបានខុស ឧទាហរណ៍។ ឥឡូវក្លាយ។ កាលពីជំនាន់ខ្ញុំការ ចុកជើង។ អាចា​​រ្យចប់មួយវេនៗ អាចារ្យចប់ងើបអត់រួចដោយសារយើងបត់ជើងលើព្រំ។ ឥឡូវភាគច្រើនគាត់អង្គុយ​​នៅលើកៅ​​អី។ សួរថាខុសទេ? ថាអត់ទេ។ នេះជាការប្រែប្រួល ប៉ុន្តែមានការឯកភាពគ្នាលើកិច្ចការនេះ។ ខ្ញុំសូមអរគុណ ក៏សូមអបអរសារជាថ្មីចំពោះការបញ្ចប់វគ្គនេះដោយជោគជ័យ។ ​

(១៣) អរិយធម៌និងវប្បធម៌ ប្រែប្រួលឡើងចុះ អាស្រ័យលើកម្លាំងជាតិ

​… ដោយសារយើងយល់ថា (ចាំបាច់ត្រូវមានវិធាន)ឯកភាពគ្នាហើយ ទើបបានអញ្ជើញមកចូលវគ្គនេះ។ យើងនិយាយពីអាចារ្យអាចារិនី គឺយើងនិយាយពីការការពារអភិរក្សវប្បធម៌ដ៏រុងរឿងរបស់ជាតិ។ នៅក្នុងសុន្ទរកថារបស់ខ្ញុំ … យើងក៏ឃើញថាអរិយធម៌របស់ជាតិ វប្បធម៌របស់ជាតិ មានការឡើងចុះ អាស្រ័យទៅលើកម្លាំងរបស់ជាតិ។ វប្បធម៌ អរិយធម៌សម័យរុងរឿង យើងខ្លាំង យើងផ្សព្វផ្សាយទៅប្រទេសជិតខាង។ ប៉ុន្តែនៅពេលដែលបែកបាក់ យើងក៏ធ្លាក់ថយ។ មិនមែនធ្លាក់ចុះដោយការដែលប្រជាពលរដ្ឋដែលកាប់សម្លាប់គ្នាដោយសារសង្គ្រាម ដោយសារបាត់បង់ទឹកដី ពឹងខាងលិចពឹងខាងកើត ពឹងខាងជើងពឹងខាងត្បូង រហូតលើកពីកន្លែងមួយទៅនគរមួយកន្លែងទៀតប៉ុណ្ណោះទេ ប៉ុន្តែវប្បធម៌សាសនារបស់យើងក៏ខុសគ្នា។ ចំណុចនេះគឺជាកិច្ចការសំខាន់ដែលយើងត្រូវឯកភាពគ្នាលើកិច្ចការរួមមួយ គឺថែរក្សាវប្បធម៌ ប្រពីណី ពង្រឹងនូវអត្តសញ្ញាណជាតិ ដោយត្រូវធានាឱ្យ​បាននូវសុខសន្តិភាព ស្ថិរភាពនិងការឯកភាពជាតិ កុំឱ្យមានការវាយប្រហារគ្នា …។

(១៤) មូលហេតុចម្បងនៃការបាត់ទឹកដី បាត់អធិបតេយ្យភាព គឺការឈ្លោះគ្នាហ្នឹងឯង

ប្រហែលជាអង្គពិធីទាំងមូលក៏បានដឹង អំពីប្រធានបទដែលធ្វើឱ្យយើងឈានដល់ការប្រឈមមុខគ្នា … ខ្ញុំតាមមើលក្នុងបណ្ដាញហ្វេសប៊ុក និងបណ្ដាញតេឡេក្រាម ឃើញថាប្រជាជនយើងកំពុងតែប្រឈមមុខដាក់គ្នា។ ដោយសារហេតុអី? មិនមានអ្នកណាមកធ្វើអីសោះ គ្មានជាតិណាមកពាក់ព័ន្ធពីក្រោយទេ ប៉ុន្តែយើងគិតពីរឿងខ្លាចរហូតប្រឈមនឹងបែកបាក់គ្នា។ ៥០០ឆ្នាំនៃការបែកបាក់(កន្លងមក) គឺដោយសារផ្ទៃក្នុងខ្មែរគ្នាយើង។ យើងទើបតែមានសន្តិភាពពីឆ្នាំ ១៩៩៨ ទេ។ ខ្មែរឈប់វាយគ្នា ឈប់ចែកទឹកដីគ្នា។ ខ្ញុំសុំមានចំណាប់អារម្មណ៍បន្តិចអំពីប្រធានបទក្ដៅដែលធ្វើឱ្យមានមន្ទិលសង្ស័យគ្នា។ រឿងនេះ បើជាយើងមិនមានការយោគយល់គ្នា ឯកភាពគ្នាទេ វានឹងអាចឈានទៅដល់ជម្លោះតាមដានកង់ប្រវត្តិសាស្ត្រ។ បងប្អូនខ្លះគិតថាតិចលោប្រវត្តិសាស្ត្រមកវិញ បាត់ទឹកដី បាត់អធិបតេយ្យភាព។ ប៉ុន្តែ មូលហេតុនៃការបាត់ទឹកដី បាត់អធិបតេយ្យភាព គឺដោយសារតែយើងចេះតែឈ្លោះគ្នាហ្នឹងឯងជាមូលហេតុចម្បង។​ បើយើងនៅរួមគ្នា យើងនៅឯកភាពគ្នា មានអីនិយាយគ្នា ​មិនមានអំពើហិង្សា និងការប្រឈមដាក់គ្នាទេ។ ខ្ញុំមើលក្នុងក្រុមតេឡេក្រាម គ្រាន់តែជជែកគ្នាហ្នឹង ក៏ឃើញថាបើសិនជាជួបគ្នាខាងក្រៅប្រហែលជាកាប់គ្នាហើយ។ សូមថែរក្សាក្រមសីលធម៌និងការយោគយល់គ្នា​។ មតិខុសគ្នា ការបញ្ចេញមតិទស្សនៈមិនដូចគ្នា មិនជាថ្វីទេ​ (ព្រោះ)រឿងនេះពាក់ព័ន្ធជាតិនិងទឹកដី …។

(១៥) មិនថាមន្ត្រីរាជការ មិនថារាស្ត្រ មិនថាអាចារ្យអាចារិនី សុទ្ធតែជាអ្នកព្រួយបារម្ភអំពីជាតិ

អម្បាញ់មិញ ឯកឧត្តម ចាយ បូរិន ក៏បានប្រកាសគាំទ្រនិងផ្តល់ការ​ជឿទុកចិត្តលើរាជរដ្ឋាភិបាលក្នុ​ងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម ឬ CLV DTA។ ខ្ញុំសូមអរគុណចំពោះបងប្អូន។ នេះជាកង្វល់ទាំងអស់គ្នា មិនថាអ្នកស្រប ឬអ្នកមិនស្រប គឺសុទ្ធតែខ្មែរដូចគ្នា។ យើងព្រួយបារម្ភអំពីការបាត់បង់ទឹកដីនិងអធិបតេយ្យភាពដូចគ្នា ក្នុងនោះក៏មានខ្ញុំមួយដែរ។ មិនថាអ្នកនៅលើ(វេទិកា)នេះ មិនថាអ្នកនៅក្រោមនោះ មិនថាមន្ត្រីរាជការ មិនថាក្នុងវិស័យណា មិនថាអាចារ្យ អាចារិនី សុទ្ធជាអ្នកព្រួយបារម្ភអំពីជាតិ។ ជាតិមានប្រជាជាជន ទឹក ដី វប្បធម៌ អរិយធម៌ និងខ្លួនជាអ្នកចូលរួមផ្ទាល់​។ ខំរៀនធ្វើអី ខំប្រតិបត្តិធ្វើអីបើគង់តែបាត់បង់ដដែលនោះ។ មានអាចារ្យមកពីខេត្តទាំង ៤ទេ ស្ទឹងត្រែង ក្រចេះ រតនគីរី មណ្ឌលគិរី? មកច្រើន។ ខំរៀនធ្វើអី បើចុងក្រោយថាខេត្តហ្នឹងត្រូវឱ្យទៅគេ ហើយដាក់វប្បធម៌គេនោះ។ ខ្ញុំជឿជាថាអាចារ្យមករៀននៅទីនេះក៏ដើម្បីទៅពង្រឹងនិងថែរក្សាវប្បធម៌ទឹកដី និងអធិបតេយ្យជាតិដែរ។​ នៅគ្រប់កន្លែងទាំងអស់មិនមែនតែខេត្ត៤ទេ គ្រប់ខេត្តរាជធានីទាំងអស់ វាជាកង្វល់រួមរបស់ជាតិរបស់យើង កង្វល់របស់ប្រជាជនរបស់យើង។ ការកង្វល់នេះមានទស្សនៈខុសគ្នាពីរឿងកិច្ចព្រមព្រៀងដែលមានរយៈពេល ២៥ឆ្នាំហើយ។

ថ្ងៃនេះខ្ញុំសូមមិនពន្យល់អត្ថន័យទេ ព្រោះសម្តេចតេជោ លោកបានពន្យល់ ២ ឬ៣ដងហើយ។ ខ្ញុំក៏ធ្លាប់ចេញនៅថ្ងៃទី ២ សីហាដែរ។ លោកជំទាវ ចម និមល ក៏បានពន្យល់និងដាក់ឯកសារមកទាំងអស់។ ថ្ងៃមុន បញ្ចេញទៅខ្លះនិងមានឯកសារណាមួយនោះ ខ្ញុំសួរថាម៉េចមិនបញ្ចេញ? គាត់សួរទៅបច្ចេកទេសៗ ថា បើបញ្ចេញទៅវាខ្វះ។ ឱ្យបញ្ចេញទៅទៀតគ្មានអ្វីលាក់ទេ។ យើងបកស្រាយ។ អត់មានអីលាក់លៀមទេ។ ដើម្បីបង្ហាញតម្លាភាពជូនដល់ប្រជាពលរដ្ឋ។ យើងទៅលាក់លៀមធ្វើស្អី? អ្វីដែលនៅលើដីវាជាក់ស្តែង។ បើសិនជាលើដីនេះប្រាកដជាបាត់អធិបតេយ្យភាព គេមករាប់លាននាក់ទៅហើយ យើងទៅលាក់ឯកសារធ្វើស្អី។ ថ្ងៃមុនអ្នកណាសួរ? ហើយអ្នកសួរហ្នឹងក៏យកទៅមើល។ ឥឡូវដូចអត់មានស្អីទេ។ យើងមានឯកសារទាំងអស់ ហើយបើសិនជាក្នុងនោះមានបង្កប់(អ្វីអំពីអធិបតេយ្យភាព) ដល់ម៉ោងថ្មើរនេះ មិនមែនអ្នកវិភាគ អ្នកស្រាវជ្រាវ អ្នកដែលមានកង្វល់មិនលើកយកជ្រុងហ្នឹងមក(បកស្រាយ)ទេ។ តែវាអត់មានស្អីដែលថាជាកង្វល់ ត្បិតស្អីក៏ចេញចូលតាមច្បាប់។

(១៦) ទោះបី ដីមានតែខ្មែរ បើគ្រប់គ្រងដោយភាគីខុសគ្នា មានប្រដាប់អាវុធវាយគ្នា ក៏ជាការបែកបាក់ជាតិ

ជនបរទេសនៅក្នុងតំបន់ហ្នឹង ចេញចូលស្រុកខ្មែរត្រូវធ្វើតាមច្បាប់ដែលបានឯកភាពគ្នា ត្រូវសុំលិខិតឆ្លងកាត់ធ្វើដំណើរ ចូលមកបានប៉ុន្មានថ្ងៃ ហើយត្រូវចេញទៅវិញ? វាមិនខុសពីកន្លែងផ្សេងទេ។ សួរថា ចុះ ២០ឆ្នាំទៀត (នឹងមានការប្រែប្រួលដូចម្តេច?)។ បន្តិចទៀតខ្ញុំនឹងពន្យល់។ ប៉ុន្តែ ក្រែងលោវាមិនបាន ២០ឆ្នាំ វាមិនមែនរឿងខេត្ត ៤ ហ្នឹង តែវាជារឿងបែកបាក់ជាតិនេះ។ ការបាត់បង់គឺជាការភ័យព្រួយ ប៉ុន្តែការដែលបាត់បង់និងភ័យព្រួយគឺការបែកបាក់សាមគ្គីជាតិ។ នេះហើយជាកត្តាដែលធ្វើឱ្យមានការបាត់បង់។ រវល់តែវាយគ្នា រវល់តែរត់ទៅជ្រកតាមព្រំដែន រត់ជ្រកតាមតំបន់នេះនោះ បង្កើតជាតំបន់នេះតំបន់នោះ នេះហើយបែកបាក់ឯកភាពជាតិនោះ។ ទោះបី​ជាដីមានតែខ្មែរក៏ដោយ បើគ្រប់គ្រងដោយខ្មែរភាគីខុសគ្នា ប្រដាប់អាវុធវាយគ្នា ក៏បែកបាក់ជាតិដែរ។ ឃើញទេជំនាន់យើងមានសង្គ្រាមផ្ទៃក្នុង? នៅក្នុងប្រទេស ព្រំដែនប្រទេសជិតខាងអត់មានអ្នកណាទេ តែខ្មែរខ្លួនឯងអ្នកគ្រប់គ្រងតំបន់ខុសគ្នា។ ខ្មែរក្រហមគ្រប់គ្រងប៉ៃលិនទៅ រដ្ឋកម្ពុជាគ្រប់គ្រង ៨០%ទៅ។ សួរថា ឯកភាពជាតិទេ? នៅតែទឹកដីខ្មែរ ប៉ុន្តែខ្មែរចែកដីគ្នាគ្រប់គ្រង។ ហ្នឹងហើយដែលធ្វើឱ្យខ្មែរខ្សោយ …។

(១៧) អាចារ្យអាចារិនី មករៀនដើម្បីចូលរួមថែរក្សាតម្លៃវប្បធម៌ជាអត្តសញ្ញាណខ្មែរ

អញ្ចឹងថ្ងៃនេះ ខ្ញុំសូមពន្យល់ជូនបងប្អូនដែលមានកង្វល់។ ការកង្វល់អំពីទឹកដី អំពីជាតិ ជាកាតព្វកិច្ចមនុស្សគ្រប់គ្នា មិនថាមន្ត្រីរាជការ មិនថាប្រជាពលរដ្ឋសាមញ្ញ មិនថាអ្នកមាននិន្នាការណាទេ ជាកាតព្វកិច្ច និងជាសិទ្ធិបងប្អូន។ អាចារ្យ អាចារិនី ខំមករៀននៅទីនេះ ដើម្បីចូលរួមថែរក្សាតម្លៃវប្បធម៌របស់យើងឱ្យជាអត្តសញ្ញាណខ្មែរ។ បើយើងមិនគិតពីតម្លៃខ្មែរ ថ្ងៃក្រោយ យើង(មុខជា) Copy របស់អ្នកផ្សេងមករៀងៗខ្លួន ស្រឡាយកាត់ ក៏មិនអីដែរ មិនចាំបាច់មករៀនធ្វើអី។ (តែដែលមករៀននេះ)គឺសុទ្ធតែចង់បាននិងថែរក្សានូវតម្លៃ អត្តសញ្ញាណពិតប្រាកដមួយរបស់ខ្មែរ។ ចេញទៅធ្វើពិធីជាមួយគ្នា ជាមួយសាសន៍គេ យើងអាចនិយាយបានថា ទំនៀមទម្លាប់ខ្មែរធ្វើអញ្ចឹង។ ដូចខ្ញុំឧស្សាហ៍និយាយរឿងអាវកងទ័ព។ ឯកសណ្ឋានកងទ័ពខ្មែរយើង ល្អមិនល្អយើងពាក់របស់យើង កុំឱ្យចេញទៅក្រៅ គេសួរម៉េចបានមេទ័ពអ្នកឯងពាក់អាវខ្ញុំ? ហេតុអីបានជាទំនៀមទម្លាប់អ្នកឯងធ្វើពិធីហ្នឹងយករបស់ខ្ញុំ។ ដល់ទៅយើងជជែកថាជារបស់យើង គេថាគេមានឯកសាររបស់គេ។ ការឯកភាពជាតិ ការរួមគ្នាពង្រឹងអត្តសញ្ញាណជាតិ និងថែរក្សាអ្វីដែលជាផលប្រយោជន៍ជាតិខ្មែរ គឺជាការចាំបាច់ដែលកូនខ្មែរគ្រប់ជំនាន់ត្រូវតែធ្វើ ត្រូវរួមគ្នាថែរក្សា ស្ថិរភាព សន្តិភាព ឯកភាពជាតិ កុំឱ្យមានការបែកបាក់ ព្រោះអាហ្នឹងហើយជាមូលដ្ឋាននៃការបែកបាក់បាត់សាច់ មិនមែនបាត់តែទឹកដីទេ បាត់ទាំងមនុស្ស ស្លាប់ រត់ភៀសខ្លួនទៅក្រៅដោយសារសង្គ្រាម បាត់ទាំងសម្បត្តិវប្បធម៌យើង។

(១៨) ដើម្បីកុំឱ្យកង្វល់ក្លាយជាការពិត ត្រូវរួមគ្នាថែរក្សានិងអភិវឌ្ឍអធិបតេយ្យភាព ធ្វើឱ្យប្រជាជនរីកចម្រើន

ថ្ងៃ ២២(សីហា)នេះ ខ្ញុំនឹងទទួលរូបសំណាក់ដែលគេលួចយកទៅលក់ពេលដែលប្រទេសយើងវាយប្រហារគ្នា។ ឥឡូវគេយកពីញូយ៉កមកអោយវិញ។ ដូនតាយើងក៏ត្រូវគេពុះចែកគ្នា កាប់យកទៅលក់ដែរ ពេលដែលយើងបែកបាក់។ ថ្ងៃនេះរឿង CLV-DTA ចាញ់ឈ្នះអីយ៉ាងម៉េច បន្តិចទៀតខ្ញុំនឹងពន្យល់។ អ្វីដែលសំខាន់ គឺធ្វើអីក៏ដោយកុំឱ្យមានការបែកបាក់សាមគ្គីជាតិ។ ការបញ្ចេញទស្សនៈត្រូវមានក្របខណ្ឌ កុំឱ្យឈានទៅដល់ការប្រើហិង្សា កាប់ចាក់គ្នា ធ្វើឱ្យមានការបែកបាក់។ ខ្ញុំនឹងបង្ហាញថា តែមានផ្ទុះហើយ មិនមែនចប់ត្រឹមពេលឈប់វាយគ្នានោះទេ។ នៅប្រទេសបង់ក្លាដេស នៅអង់គ្លេស រាល់ថ្ងៃនេះ រឿងក្តៅឈប់ហើយ ប៉ុន្តែនៅសងសឹកគ្នាទៅវិញទៅមក ​មិនទាន់ចប់ទេ។ យើងត្រូវរួមគ្នាបញ្ចេញមតិ បញ្ចេញកង្វល់ តែយើងត្រូវធ្វើម៉េច ដើម្បីកុំឱ្យកង្វល់របស់យើងក្លាយទៅជាការពិត។ ការខ្លាចបាត់ទឹកដី ការបាត់អធិបតេយ្យភាព ជាកង្វល់របស់យើង។ ពីអតីតកាលយើងធ្លាប់ជួបហើយ តែយើងការពារឱ្យបាន។ ឥឡូវ បងប្អូនមានកង្វល់ពីអនាគតកាល។ អញ្ចឹងដើម្បីកុំឱ្យកង្វល់នេះក្លាយទៅជាការពិត យើងត្រូវរួមគ្នាថែរក្សា និងអភិវឌ្ឍអធិបតេយ្យភាព ទឹកដីគ្រប់កន្លែង ធ្វើឱ្យប្រជាជនរីកចម្រើន ជាពិសេសនៅខេត្តភាគឦសាន ដើម្បីកុំឱ្យកង្វល់យើងក្លាយទៅជាការពិត និងផ្ទុយទៅវិញ ពង្រឹងខ្មែរយើងឱ្យកាន់តែខ្លាំងនៅទីនោះ តាមរយៈការថែរក្សានូវសាមគ្គី ឯកភាពជាតិ …។

(១៩) រាជរដ្ឋាភិបាលដាក់វិធានការអាទិភាព៥ និងគោលនយោបាយអាទិភាព៦ តបនឹងបំណងប្រាថ្នាប្រជាពលរដ្ឋ

ខ្ញុំបានតាមដានស្តាប់ប្រជាពលរដ្ឋ។ អ្នកខ្លះដែលមានកង្វល់/ការព្រួយបារម្ភ។ ទោះបីជាមានការបកស្រាយយ៉ាងណា គឺមានការស្នើសុំឱ្យរដ្ឋាភិបាលដកខ្លួនពី CLV-DTA បើមិនអញ្ចឹងទេ បានន័យថា រដ្ឋាភិបាលមិនស្ដាប់ប្រជាពលរដ្ឋ។ ខ្ញុំសូមជម្រាបជូនបងប្អូនឱ្យជ្រាបថា រាជរដ្ឋាភិបាលក្នុងរយៈពេល ៤០ឆ្នាំនេះធ្វើអ្វីៗ គឺឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់។ នៅក្នុងអាណត្តិទី៧ នេះ ក្នុងមួយឆ្នាំដំបូង រដ្ឋាភិបាលបានដាក់ចេញវិធានការអាទិភាព ៥ចំណុច គោលនយោបាយអាទិភាព ៦ចំណុច ដើម្បីឆ្លើយនឹង(បំណងប្រាថ្នា)ប្រជាពលរដ្ឋ។ តើប្រជាពលរដ្ឋចង់បានអី? គាត់ចង់បានថាពេលឈឺ មានប្រព័ន្ធសុខាភិបាលល្អ (ទី១)។ បើអ្នកក្រ គាត់(មិន)មានសមត្ថភាពអាច(ចេញថ្លៃព្យាបាល) រដ្ឋអាចជួយស្អីៗអញ្ចឹង … ទី២ ចង់បានឱកាសរៀនសូត្រ (ទី៣)ចង់បានឱកាសការងារ (ទី៤)ចង់រស់នៅក្នុងភូមិឃុំមានសុវត្ថិភាព កុំឱ្យមានក្មេងកាប់ចាក់ គ្រឿងញៀន។ មែនទេ អាចារ្យ អាចារិនី? មុននឹងដាក់ចេញគោលនយោបាយ យើងបានធ្វើប្រជាមតិ/ស្ទង់មតិមើលថា​ ស្អីដែលជាកង្វល់អាទិភាពរបស់ប្រជាជន។

ខ្ញុំប្រកាសគោលនយោបាយទាំងនោះ។ ជាលទ្ធផល យើងកំពុងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឧទាហរណ៍សិស្សអាហារូបករណ៍ ១,៥ លាននាក់។ យើងពង្រីកគោលនយោបាយគាំពារសង្គម។ ថ្ងៃមុន សូម្បីតែស្រ្តីមានផ្ទៃពោះ ដែលជាពិរុទ្ធជន ក៏យើងឱ្យកម្មវិធីឧបត្ថម្ភសាច់ប្រាក់សម្រាប់មាតានិងទារកដែរ។ ខ្ញុំដាក់ចេញនូវវិធានការក្ដៅ រឿងបិទអាជ្ញាបណ្ណល្បែងស៊ីសង។ ថ្ងៃមុន មានចេញមកទៀត។ អាជ្ញាបណ្ណផ្សងសំ​ណាងនៅមូលដ្ឋានតូច … ខ្ញុំឱ្យបិទ និងស្រាវជ្រាវថាមានប៉ុន្មានពាន់កន្លែង។ បិទ(ទាំងអស់)។ ពិតណាស់ បិទមិនទាន់ជិតទេ ប៉ុន្តែគោលនយោបាយរបស់យើងគឺឈប់ចេញអាជ្ញាបណ្ណ។ ការសុំបន្ថែមយកប៉ុស្ដិ៍នោះ ខ្ញុំអត់បន្ថែមឱ្យទៀតទេ។ ប៉ុស្ដិ៍ ១ឆ្នាំ ត្រូវសុំម្ដង។ ខ្ញុំអត់បន្ថែមឱ្យទៀតទេ ព្រោះគ្មានអ្វីត្រូវបើកឡូតូនៅតាមក្រោមផ្ទះប្រជាពលរដ្ឋទេ។ បើថា ឡើងផ្សារ ១ម៉ឺនរៀល យក ១ម៉ឺនរៀលទិញម្ហូបឆ្ងាញ់បន្តិចមកផ្ទះ កុំមករវល់ចាក់ សល់ពាក់កណ្ដាលទៅវិញ ប្ដីសួរថា ម៉េចក៏ម្ហូបមិនសូវឆ្ងាញ់? អស់ ៥ពាន់រៀល ចូលទៅកន្លែងចាក់តាមផ្លូវ។

យើងបានដាក់វិធានការស្តីពីក្មេងទំនើង … ថ្ងៃមុន បានផ្ដល់គោលការណ៍ថា បើសិនជាគាត់ស្រលាញ់ម៉ូតូពេក ជិះតែកង់មួយ យើងយកម៉ូតូមកទុកឱ្យគាត់ ៣ខែទៅ។ ខ្ញុំធ្លាប់ប្រជុំច្រើនដង ខ្ញុំបានណែនាំថា រកវិធានការអីដើម្បីឱ្យគាត់រាង។ មិនមែនចង់ធ្វើបាបគាត់ទេ តែចង់ការពារគាត់។ កន្លងទៅ មានវិធានការរដ្ឋបាលមួយចំនួន។ ប៉ូលីសយើងយកមក គាត់ជួយកាត់សក់ free ឱ្យអញ្ចឹងទៅ។ ប៉ុន្តែគាត់មិនរាងចាលទេ។ (អញ្ចឹង មានតែ)ដោះកង់ម៉ូតូឱ្យវិញ។ ឥឡូវធ្វើម៉េច បើគាត់នៅតែបង្ហោះ អត់រាងចាលសោះ។ សាកទុកម៉ូតូ ៣ខែ។ បើគាត់អត់ម៉ូតូ អត់មានអីបង្ហោះទេ។ ៣ខែនេះ កាត់បន្ថយហានិភ័យ ដែលគាត់ជិះបុកគេ ឬដួលបាក់ដៃបាក់ជើង។ យើងរកវិធានដោះស្រាយ ព្រោះប្រជាពលរដ្ឋទាមទារ។ ខ្ញុំមើល Facebook រាល់ថ្ងៃ។ ការដោះស្រាយបញ្ហាមានទំនាស់ដីធ្លីកន្លែងណា ខ្ញុំ screenshot បាញ់ឲ្យចៅហ្វាយខេត្តដោះ។ យើងមិនមែនមិនស្ដាប់ប្រជាពលរដ្ឋទេ។ រឿងហ្នឹងវាមិនទាន់អស់ តែយើងខំប្រឹងដោះ។

ឧទាហរណ៍ នៅបូរីអូរស្វាយ កាលពីម្សិលម្ង៉ៃ ខ្ញុំបញ្ជូនតំណាងពិសេសរបស់ខ្ញុំ ឯកឧត្ដម ប៉ាន់ខែម ប៊ុនថន ទៅធ្វើការជាមួយប្រជាពលរដ្ឋនៅលើដីក្រុមហ៊ុន។ យើងបានទៅប្រាប់ថា គ្មានគម្រោងក្នុងការដេញប្រជាពលរដ្ឋទៅណាទេ។ ស្រាប់តែអាស៊ីសេរីទៅសម្ភាសន៍ចេញព័ត៌មានមួយថា រដ្ឋនឹងដេញប្រជាពលរដ្ឋ។ ខ្ញុំឆ្ងល់ក៏សួរថា “ថន! ឲ្យទៅធ្វើ ១ខែជាងហើយ ក្រែងប្រជាពលរដ្ឋគាត់យល់ហើយអី?”។ យើងពិនិត្យឡើងវិញការចុះបញ្ជីដីផ្សេងៗ ដើម្បីយើងសម្រេចយ៉ាងណា។ ស្រាប់តែបង្ហោះថាហ្នឹងទឹកភ្នែកទៀតហើយ។ ដល់ទៅម្សិលមិញ បានឃើញប្រជាជនគាត់ចេញមកប្រតិកម្ម។ អ្នកកាសែតអាស៊ីសេរីហ្នឹងមិនដែលទាំងចូលភូមិហ្នឹងផង ហើយយកបញ្ហាទៅចុះ(ផ្សាយ)។ ប្រជាពលរដ្ឋចេញមកប្រាប់ថារឿងពិតវាអញ្ចេះទេ …។

(២០) នាយករដ្ឋមន្រ្តីស្ដាប់ប្រជាពលរដ្ឋ ជួយមើលសូម្បីរឿងតូចតាចបើមានចន្លោះប្រហោង

ថ្ងៃមុន រឿងចតឡាននៅខេត្តកណ្ដាល … មានឡានធំមួយ។ ឃើញផ្លូវទំនេរ គាត់ចតបាំងផ្ទះប្រជាពលរដ្ឋ ៣-៤នាក់។ និយាយគ្នាមិនត្រូវ ចូល Facebook។ ខ្ញុំដាក់សារឲ្យទៅ បង (គួច) ចំរើន។ ព្រឹកឡើងដោះបាន។ ស្រុះស្រួលគ្នា។ សួរថា នាយករដ្ឋមន្រ្តីចាំបាច់ទៅមើលរឿងតូចតាចហ្នឹងធ្វើអី ទុកឲ្យខេត្តទៅ។ មិនមែនថាខេត្តមិនធ្វើទេ គាត់ខំប្រឹង ប៉ុន្តែមានចន្លោះប្រហោងខ្លះ ខ្ញុំត្រូវតែធ្វើ ព្រោះស្ដាប់ប្រជាពលរដ្ឋ។ សម្ដេចតេជោក៏លោកធ្វើអញ្ចឹង​ដែរ។ ជួនកាលគាត់ប្រាប់ថា តាំងពីមាន Facebook មក អ្នកស្នើសុំឲ្យគាត់ជួយ គាត់ជួយបានទាំងអស់ លើកលែងតែមួយគឺជួយរកប្រពន្ធឲ្យ។ រឿងហ្នឹងមិនបានទេ។ សិទ្ធិគេ។ មិនអាចចាប់បង្ខំ (ដូច)កាលគាត់ អាពត ការឲ្យ ដោយបង្ខំ មិនមានជម្រើស។ ឥឡូវគេរើសខ្លួនគេ។ មិនបានទេ រឿងការឲ្យហ្នឹង។ ធ្លាប់មានកូនទាហានមួយ។ មិនមែនខ្ញុំទេ ឯកឧត្ដម ហ៊ីង ប៊ុនហៀង។ ពេលដែលស្រឡាញ់គ្នា មកប្រាប់គាត់ថា “ប៉ាអើយ! ការឲ្យខ្ញុំទៅ បើមិនអញ្ចឹងទេរន្ទះបាញ់ហើយ”។ ការបានមួយឆ្នាំកន្លះ មកប្រាប់ “ប៉ាអើយ! បើខ្ញុំមិនលែងគ្នាទេ រន្ទះបាញ់ហើយ”។ ទីបំ​ផុត ធ្វើមេអណ្ដើកខុសទៀត។ ទុកឲ្យគេចិត្តនឹងចិត្ត សិទ្ធិសេរីភាព គេត្រូវគ្នា គេសម្របសម្រួលគ្នាយ៉ាងណា …។

(២១) វិស័យធនា​គារកំពុងពិចារណាវិធានអីខ្លះដែលអាចជួយបន្ធូរសម្ពាធដល់ប្រជាពលរដ្ឋជាអតិថិជន

ថ្ងៃមុន ដើរនៅ Pub Street ដោះស្រាយរឿងមិនចាយ(លុយដុល្លារ )ចាស់។ ខ្ញុំប្រជុំជាមួយវិស័យឯកជនរហូត។ ខ្ញុំតែងតែជួបក្រៅផ្លូវការជាមួយគណៈកម្មការយន្តការរដ្ឋ តើចង់បានអីបន្ថែម? ថ្ងៃមុន ប្រជុំជាមួយខាងវិស័យធនា​គារថា ឲ្យគិតមើលតើមានវិធានអីខ្លះសម្រាប់បន្ធូរសម្ពាធដល់ប្រជាពលរដ្ឋ? ឥឡូវកំពុងឲ្យពិចារណាមើល។ យើងគិតគូរកម្រិតណាដែលយើងអាចធ្វើបាន។ យើងឃើញវិស័យឯកជនដែលពាក់ព័ន្ធជាមួយហ្នឹង ព្រោះវិស័យឯកជនជាអ្នកបង្កើតការងារ។ បើគាត់មានបញ្ហាអាជីវកម្ម អាចប៉ះពាល់ដល់ការងារប្រជាពលរដ្ឋ។ ខែ១១ តែ២ខែកន្លះ ៣ខែ ក្រោយពីខ្ញុំឡើងធ្វើនាយករដ្ឋមន្រ្តី យើងមាន(វេទិកា)វិស័យឯកជន ជួបជាមួយប្រមុខរាជរដ្ឋាភិបាល យើងផ្ដល់គោលការណ៍អនុគ្រោះច្រើនណាស់ដើម្បីឲ្យដកដង្ហើម។ ឥឡូវ ខ្ញុំកំពុងឲ្យធនាគារជាតិធ្វើការជាមួយវិស័យឯកជនដើម្បីរកវិធីជួយពួកគាត់ ជួយទៅដល់អតិថិជនរបស់គាត់តទៅទៀតដើម្បីបន្ធូរសម្ពាធនេះ …។

(២២) បានជួបផ្ទាល់ បានឮផ្ទាល់ ចូលរួមផ្ទាល់ ជាមួយរាជរដ្ឋាភិបាលដោះស្រាយកង្វល់ជាក់ស្ដែងជូនប្រជាជន

និយាយទៅ យើងធ្វើអីក៏មិនដែលត្រូវដែរ។ យើងដាក់គោលនយោបាយខាងលើ គេថាយើងមិនដែលចុះជួបប្រ​ជា​ពលរដ្ឋ។ ដល់ពេលចុះទៅជួប គេថាខ្ញុំសម្ដែង។ អញ្ចឹងក៏បានដែរ សុខចិត្តឲ្យថាខ្ញុំសម្ដែងចុះ តែយ៉ាងហោចណាស់ ខ្ញុំបានជួបផ្ទាល់ ខ្ញុំបានឮផ្ទាល់ ខ្ញុំអាចចូលរួមផ្ទាល់ ជាមួយរាជរដ្ឋាភិបាលក្នុងការដោះស្រាយកង្វល់ជាក់ស្ដែងជូនប្រជាជន។ ដោះ(រឿង)តូច គេថា នាយករដ្ឋមន្រ្តីមិនព្រមធ្វើគោលនយោបាយធំ ទៅមើល Pub Street ធ្វើអី ទុកឲ្យគេធ្វើ កុំទៅដណ្ដើមការងារ។ ទៅជួបជាមួយឪពុកម្ដាយនៅសាលាបឋមសិក្សាធ្វើអី ទុកឲ្យក្រសួងអប់រំធ្វើទៅ។ ខ្ញុំត្រូវតែរកឱកាសចុះទៅជួបជាមួយប្រជាពលរដ្ឋ។ និយាយរួម ពាក់អាវក្រវាត់កនៅកន្លែងពិបាកណាស់។ កាលខ្ញុំនៅជើងគោក បងប្អូនអាចសួរបាន ខ្ញុំចុះ(ទៅតាមអង្គភាព)រហូតហ្នឹងឯង។ ឥឡូវទើបនឹងបានប៉ុន្មានដងនេះរាងទំនង ចេញទៅ។ សូម្បីតែឯកឧត្ដម យូ សិនឡុង ឯកឧត្ដម ជួន សុវណ្ណ អី ក៏មិនឲ្យដឹងដែរ។ អង្គរក្សការពារមិនឲ្យមាន។ ដំបូងទៅដល់ក្រចេះ ទៅមើលវិស្វកម្មធ្វើផ្លូវព្រំដែន ជួបប្រជាពលរដ្ឋនៅនោះ។ ខ្ញុំប្រាប់ថា កាលទៅសៀមរាប ខ្ញុំបានប្រកាសហើយ ថ្ងៃ១៨ សម្ពោធ។

(២៣) អាណត្តិទី១ ដាក់ចេញក្រប​ខ័ណ្ឌគោលនយោបាយ អាណត្តិទី២ ចុះមើលជាក់ស្តែង

ខ្ញុំប្រកាសហើយ។ អាណត្តិទី១ ខ្ញុំដាក់ចេញក្រប​ខ័ណ្ឌគោលនយោបាយ។ អាណត្តិទី២ ខ្ញុំចុះមើល។ ខ្ញុំចុះមែន។ ឱ្យខ្ញុំ(បាន)លេសសុំ VISA ពីប្រពន្ធខ្ញុំចុះខេត្ត។ ខ្ញុំទៅជួបជាមួយនឹងប្រជាពលរដ្ឋ អង្គុយនិយាយគ្នា។ ថ្ងៃមុន ខ្ញុំទៅខេត្តកំពង់ធំ។ ខ្ញុំទៅដល់ ខ្ញុំប្រាប់គេថា (ឱ្យ)ប្រាប់ថាខ្ញុំចៅហ្វាយស្រុកមកថ្មី។​ ចុះពីលើទូកមក ចូលផ្ទះមួយ អ៊ំៗ គាត់មក។ ខ្ញុំប្រាប់ថា ខ្ញុំចៅហ្វាយស្រុកមកថ្មី។ (អ៊ំគាត់ថា) មិនជឿទេ ខ្ញុំឃើញក្នុងទូរទស្សន៍ ខ្ញុំឃើញក្នុងទូរស័ព្ទ (ស្គាល់ហើយ)។ បែកការណ៍បាត់ហើយ។ ទៅនិយាយ និយាយអត់ព្រៀងទុក និយាយអត់រៀបមនុស្ស។ មិនមែនថាទៅហ្នឹង មានរឿងអី្វទេ មិនថាទៅឆែក ទៅចាប់កំហុសអីទេ គ្មានអ្នកណាល្អឥតខ្ចោះទេ រដ្ឋាភិបាលក៏គ្មានល្អឥតខ្ចោះ ខ្ញុំក៏មិនល្អឥតខ្ចោះ គ្មានអ្នកណាល្អឥតខ្ចោះ ប៉ុន្តែអ្វីដែលសំខាន់ យើងដាក់ទិសដៅ ដើម្បីឱ្យល្អឥតខ្ចោះ ដើម្បីយើងខិតខំប្រឹងប្រែងកែសម្រួលបន្តិចៗ ទៅលើការកង្វះខាតរបស់យើង។ រួមគ្នាធ្វើទៅ កុំប្រកាន់ ធ្វើដើម្បីប្រជាពលរដ្ឋទេ ហើយស្ដាប់ពីគាត់។

(២៤) អាចារ្យអាចារិនី មិនការពារតែទម្រង់ពិធីកម្មទេ តែការពារតម្លៃទំនៀមទំលាប់ផង

ខ្ញុំជួបផ្ទាល់ ខ្ញុំស្ដាប់ផ្ទាល់តាមហ្វេសប៊ុកអីហ្នឹង។ យើងដាក់វិធានការដោះស្រាយរឿងព្រលានយន្តហោះ។ យើងចេញថ្ងៃទី ១ខែកញ្ញា នេះ ដើម្បីចូលមកកុំឱ្យបង់លុយ ពិបាកតកន្ទុយ ធ្វើឱ្យលឿនដូចគេ។ ឥឡូវខាងអប្សរា កាត់បន្ថយច្រើនណាស់។ រឿងថត Pre-wedding ថតអីនេះ កាលមុនទាល់តែទៅសុំច្បាប់។ សួរហេតុផល គាត់មានហេតុផលការពាររបស់គាត់ ប៉ុន្តែក្បួនច្បាប់និងគោលការណ៍នោះ តាំងពី ១៩៩០ ជាង។ អនុវត្តចេញឆ្នាំ ២០១៧។ អញ្ចឹងឱ្យកែសម្រួល។ ឥឡូវរឿងតម្លៃយ៉ាងម៉េច ឱ្យពិនិត្យឡើងវិញ។ គ្រឹះស្ថានអង្គរ ពេលដែលភ្ញៀវទៅ​​ត្រូវទៅថតរូប យកព័ត៌មានយកអី ពាក់កាត ដើរឆែកកាតអី។ ឥឡូវឱ្យគិតទៅ រកវិធីដែលស្រួលទៅ កុំឱ្យពិបាក (ឧទា​ហរណ៍)ធ្វើកាតអីមួយពាក់ទៅ។ ទេសចរដើរទៅ កុំឱ្យពិបាក។ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានឱ្យធ្វើហើយ។ ឥឡូវយើងអាចប្រើ QR កូដ លែងចាំបាច់ថតរូបដាក់បិតកាតអីទៀតហើយ ឱ្យវាស្រួលទាំងភ្ញៀវទេសចរ ស្រួលទាំងមន្រ្តីអប្សរា ព្រោះគាត់ក៏លំបាកដែរ គោលការណ៍ច្រើន គាត់ត្រូវតឹង។ ការពារប្រាសាទ មិនមែនការពារតែថ្មកុំឱ្យគេលួចកាត់ទេ ប៉ុន្តែការពារតម្លៃ។ អាចារ្យ អាចារិនី ដូចគ្នា។ ត្រូវទេ? មិនមែនការពារតែទម្រង់ទេ តែការពារតម្លៃនៃទំនៀមទំលាប់ពិធីកម្មរបស់យើងផងដែរ។ ត្រូវតែមានតម្លៃ។ តម្លៃនេះ បានន័យថា ធ្វើអ្វីមួយត្រូវមានអត្ថន័យច្បាស់លាស់ ផ្អែកទៅលើសាសនាព្រាហ្មណ៍ និងសាសនាព្រះពុទ្ធ។ ត្រូវតម្លៃ មិនមែនតែទម្រង់ធ្វើទៅល្អមើល រៀបឱ្យកាន់តែធំ កាន់តែល្អនោះទេ។ រៀបតូចក៏ដោយ ថវិកាតិចក៏ដោយ ឱ្យត្រូវទម្រង់ ដើម្បីថែរក្សាតម្លៃនៃវប្បធម៌ទំនៀមទំលាប់យើង។ បើថារៀបធំ ចំណាយថវិកាច្រើន តែរៀបខុសក្បួន ហ្នឹងក៏អស់តម្លៃ …។

(២៥) ប្រជាពលរដ្ឋភាគច្រើនលើសលប់ចង់បានការធានាថាមិនបាត់បង់ទឹកដី, មិនបាត់បង់អធិបតេយ្យភាព, អភិវឌ្ឍខេត្តទាំង៤ និងមិនចង់ឃើញខ្មែរបែកបាក់

ឥឡូវត្រឡប់មកវិញ រឿង CLV-DTA។ មានអ្នកថា យើងមិនស្ដាប់គាត់។ បងប្អូនខ្លះថា រាជរដ្ឋាភិបាលមិនស្ដាប់(ប្រជាពលរដ្ឋ)? រាជរដ្ឋាភិបាលស្ដាប់ពីកង្វល់រួមគ្នា មិនថាអ្នកគាំទ្រ មិនថាអ្នកមិនគាំទ្រ ប៉ុន្តែសួរថាតើជាប្រជាពលរដ្ឋក្រុមណា? យើងមានប្រជាពលរដ្ឋ ៣ក្រុម៖ ក្រុមទី១ គឺក្រុមអ្នកមានកង្វល់ និងសូមឱ្យដកចេញមក។ ក្រុមទី២ គឺក្រុមអ្នកដែលយល់អំពីតម្លៃហើយចង់ឱ្យអភិវឌ្ឍន៍។ ម្សិលមិញ ចេញមករាប់ម៉ឺននាក់ដែលដូរ profile (គាំទ្រ)។ ឥឡូវ យើងស្ដាប់ក្រុមណា? ទាំងពីក្រុមហ្នឹង មិនមែនជាប្រជាពលរដ្ឋឬអី? ក្រុមទី៣ គឺក្រុមស្ងាត់ស្ងៀម។ ក្រុមពីរមុននេះ គាត់បញ្ចេញមតិឆុងឆាំងដាក់គ្នា ការពារទឡ្ហីករណ៍(របស់គាត់រៀងខ្លួន)។ ប៉ុន្តែក្រុមអ្នកទី៣ ដែលខ្ញុំគិតថាជាក្រុមអ្នកស្ងាត់ស្ងៀម ជាក្រុមធំ ជាក្រុមនៅកណ្ដាល។ បានន័យថា រឿង CLV-DTA រឿងមិន CLV-DTA ចេញមិនចេញ ក៏អត់ទៅ ប៉ុន្តែសំខាន់ ធានាឱ្យពួកគាត់៖ ទី១ ខេត្តទាំង៤ មិនបាត់បង់ទឹកដី, ទី២ យើងមិនបាត់បង់អធិបតេយ្យភាព, ទី៣ ធានាអភិវឌ្ឍខេត្តទាំង ៤នេះ, ទី៤ មិនចង់ឃើញខ្មែរបែកបាក់ ធ្វើឱ្យរញ៉េរញ៉ៃសង្គមជាតិ។ បើស្ទង់មតិ ប្រាកដជាអ្នកទី៣ ហ្នឹងហើយដែលមានភាគច្រើនជាងគេ។ រឿងដកមិនដក រឿងស្អីមិនស្អី រឿង ២៥ ឆ្នាំហើយវាមានទៅណា។ ទោះជាដក តែបើមានចេតនាធ្វើឱ្យបាត់ គង់តែបាត់ដដែល វាមិនមែនរឿងកិច្ចសហប្រ​តិបត្តិការហ្នឹង។

(២៦) រាជរដ្ឋាភិបាលត្រូវស្តាប់មតិក្រុមទី៣ ដែលជាអ្នកភាគច្រើនលើសលប់ក្នុងប្រជាជាតិកម្ពុជា

យើងចូលអាស៊ានតាំងពីឆ្នាំ ១៩៩៩​។ ១០ ប្រទេសហ្នឹង មិនទាន់បាត់មួយកន្លែងណាផង។ សហប្រតិបត្តិការ ៣ប្រទេស របងជាប់គ្នា យើងធ្វើកិច្ចសហប្រតិបត្តិការគ្រប់វិស័យ មិនទាន់បាត់(ដី)ឯណា មានតែបោះបង្គោលព្រំដែនបន្ថែម ដើម្បីពង្រឹងរៀងៗខ្លួន។ ខ្ញុំឃើញបទសម្ភាសន៍ដែលអ្នកនៅក្រចេះ អ្នកមណ្ឌលគិរី ថា រឿងហ្នឹងល្អសម្រាប់ខេត្តខ្ញុំ ដាច់ស្រយាលជាងគេ ចង់ឱ្យលឿនដូចគ្នា។ ស្អីក៏ដោយ ក្របខណ្ឌរបស់ជាតិ ក្របខណ្ឌរបស់តំបន់ ជប៉ុនក៏មកជួយ ស្អីក៏មកជួយ​ ធ្វើទៅ។ ខ្ញុំនៅហ្នឹង។ ខ្ញុំការពារ។ ឥឡូវរាជរដ្ឋាភិបាល សួរថា ត្រូវស្ដាប់ប្រជាពលរដ្ឋមួយណា? ស្ដាប់ក្រុមទី១ ដែលមានកង្វល់ខ្លាំង ទាមទារឱ្យដកចេញ ដែលមានសមាជិកប្រជាពលរដ្ឋមិនច្រើន។ ក្រុមទី២ មានសមាជិកច្រើន គាំទ្រឱ្យអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិតំបន់ហ្នឹងបន្តទៀត​ ព្រោះគ្មានបាត់អ្វីទេ ប៉ុន្តែអាចទាញអន្តរជាតិចូលមក។​ កន្លងទៅ ទាញទាំងជប៉ុន អាល្លឺម៉ង់ ADB ចូលទៅជួយបន្ថែមនៅហ្នឹង ព្រោះថវិកាជាតិរបស់យើងមានកំណត់។ ទុកចិត្តថា រដ្ឋាភិបាលមិនធ្វើឱ្យ(បាត់ដី)ទេ។ ឬមួយ(ត្រូវគាំទ្រ)ក្រុមទី៣។ បងប្អូន(ក្រុមទី៣)ថា កុំទៅឈ្លោះគ្នារឿងប្រធានបទហ្នឹង ទោះចូលឬមិនចូល CLV-DTA សំខាន់ធានាឱ្យខ្ញុំថា ទៅមុខប្រទេសជាតិ ទឹកដីកន្លែង ៤ខេត្តហ្នឹង មិនបាត់បង់អធិបតេយ្យភាព កន្លែងហ្នឹងកាន់តែអភិវឌ្ឍ ហើយសំខាន់បំផុត កុំឱ្យមានបែកបាក់ជាតិ។ មិនថាតែនៅតំបន់ ៤ហ្នឹងទេ បើនៅទូទាំងប្រទេសរញ៉ីរញ៉ៃ ខ្ញុំពិបាករកស៊ី។ នេះគឺមតិអ្នកទី៣ ដែលខ្ញុំគិតថាជាអ្នកភាគច្រើនលើសលប់ក្នុងប្រជាជាតិកម្ពុជាយើងបច្ចុប្បន្ន។

(២៧) បើបែកបាក់បច្ចុប្បន្ន នឹងមានគ្រោះអាសន្ននាអនាគត ក្នុងពេលដែលខេត្តទាំង៤ លែងបានអភិវឌ្ឍ

ប្រជាពលរដ្ឋ ទាំងអ្នកគាំទ្រ មិនគាំទ្រគម្រោងកិច្ចសហប្រតិបត្តិការ មានកង្វល់តែមួយគឺអនាគត។ ឥឡូវវាអត់បាត់ទេ។ តាមខ្ញុំឮ មួយក្រុមថា ថ្ងៃក្រោយវាអាចបាត់ មួយក្រុមទៀតថា មិនជឿថាបាត់។ មានទឡ្ហីករណ៍ អំណះអំណាងរៀងៗខ្លួន។ ក្នុងនាមជារាជរដ្ឋាភិបាល អ្នកណាត្រូវ អ្នកណាខុស តើចាំបាច់តឹងសរសៃក រហូតដល់ទៅរកកាប់ចាក់គ្នាបច្ចុប្បន្ននេះ និងពេលអនាគតនោះទេ? ប្រយ័ត្នធ្វើឱ្យបែកបាក់បច្ចុប្បន្ន អនាគតវា(បាកបែក)ធូរ។ រវល់តែកាប់គ្នា បែកបាក់សាមគ្គីផ្ទៃក្នុង ខេត្តទាំង ៤ លែងអភិវឌ្ឍ លែងធ្វើផ្លូវតាមព្រំដែនទៅ។ អញ្ចឹងដែលខ្ញុំនិយាយ ការថែរក្សា (កុំឱ្យ)បែកបាក់ជាតិ គឺត្រូវថែរក្សាការឯកភាពជាតិ​​ ខ្មែរតែមួយ។ មានរឿងមួយ។ ខ្ញុំមើល clip តាមហ្វេសប៊ុក។ រឿងអាមេរិកាំង។ “ស្ដ្រីម្នាក់មានប្ដីហើយ។ គាត់ទៅជួបតារាម្នាក់។ គាត់ទៅថត ព្រោះជា idol។ ស្រលាញ់ណាស់ តាំងពីក្មេងមក។ បានជួប ថតបាន។ គាត់គ្មានបំណងអ្វីទេ។ តារានោះ ក៏គេ(គ្មានបំ​ណង​ដែរ) ប៉ុន្តែមានមិត្តភក្ដិរបស់ប្ដីម្នាក់ ទៅប្រាប់ប្ដីថា មើលមិនស្រួលហើយប្រយ័ត្នប្រពន្ធមានសាហាយ”។ ប្ដីនិងប្រ​ពន្ធឈ្លោះគ្នា វាយគ្នាដុតផ្ទះចោល។ តារានោះមិនដឹងអីផង។ យើងសង្ស័យគ្នា បែកបាក់គ្នាបាត់។ កុំយកហេតុផលនៃការសង្ស័យ ដែលមិនមានការពិតនេះគឺជាបញ្ហា។

(២៨) មិនគប្បីមានកង្វល់ ត្បិតពលរដ្ឋមានអំណាចទម្លាក់រដ្ឋាភិបាល ៥ឆ្នាំម្តង និងមានច្បាប់អន្តរជាតិជានិយាម

ឥឡូវ ដែលថាមិនត្រូវមានកង្វល់ ព្រោះ(ទី១) អំណាចរបស់ប្រជាពលរដ្ឋមាន ៥ឆ្នាំម្ដង។ ទៅខ្លាចស្អី? ខ្លាច ៥០ឆ្នាំស្អី បើ ៥ឆ្នាំ គេធ្វើការវិនិច្ឆ័យម្ដងហ្នឹង។ បោះឆ្នោតម្ដងហ្នឹង។​ បើប្រាកដជាបាត់មែនកន្លែងហ្នឹង បោះទម្លាក់ទៅរដ្ឋាភិបាលហ្នឹងនោះ ចាំបាច់កាប់ចាក់គ្នាធ្វើអ្វី។ រដ្ឋាភិបាល ក៏យល់ដែរ។ មិនល្ងង់ទេ។ ចង់បានប្រជាជននៅគាំទ្រ​ ៥០ឆ្នាំ ទាល់តែប្រជាពលរដ្ឋបោះឆ្នោត ១០ដង ជាប់ទាំង ១០ដង។ អញ្ចឹងត្រូវធានា។ យើងចេញទៅធានា។ តែការអភិវឌ្ឍកន្លែងនេះ រឿងទឹកដីនេះ ជាប្រធានបទធំណាស់ មិនត្រឹមតែខុសរដ្ឋធម្មនុញ្ញទេ ខុស​ពីជាតិ។ (ទី២) សម័យនេះ (មាន)ច្បាប់អន្តរជាតិ គ្មានអ្នកណាចេះតែកាត់យកទៅឱ្យទេ។ ខ្ញុំសូមបញ្ជាក់ ជំហរមួយរបស់កម្ពុជានៅលើឆាកអន្តរជាតិ គឺប្រឆាំងនឹងការបំបែករដ្ឋ។ យើងមិនគាំទ្ររាល់ការបំបែករដ្ឋអធិបតយ្យ។ អញ្ចឹងបើយើងមិនគាំទ្រការបំបែករដ្ឋនៅប្រទេសគេ តើយើងទៅធ្វើការបំបែកខេត្តនៅប្រទេសយើងទេ? យើងនឹងមិនធ្វើទេ។

(២៩) សូមក្រុមមានមតិស្រប ក្រុមមិនស្រប និងក្រុមកណ្តាល ប្រកាន់យកអភិក្រមបញ្ចេញមតិ ដែលមិនប៉ះពាល់ដល់សន្ដិសុខជាតិ និងមិនធ្វើឱ្យការបែកបាក់ឯកភាពជាតិ

សួរថា បើអញ្ចឹងដែលបងប្អូនកង្វល់/សង្ស័យ ខុសឬទេ? គាត់មានសិទ្ធសង្ស័យ មានកង្វល់ និងមន្ទិល។ ប្រជាពលរដ្ឋដែលគាំទ្រ ក៏គាត់អាចមានការមន្ទិលថា បើសិនជាដក យើងនឹងអត់អភិវឌ្ឍ។ យើងអាចនឹងបាត់ ព្រោះវាជាតំបន់ព្រៃ។ បងប្អូនដែលមានកង្វល់ ខ្លាចគេចូលមកនៅច្រើនកន្លែង បាត់អធិបតេយ្យភាព។ អញ្ចឹង កង្វល់ដូចតែគ្នា។ ឥឡូវខ្ញុំបានឆ្លើយជា​មួយនឹងប្រជាពលរដ្ឋហើយ។ វាគ្រាន់តែបញ្ជាក់នូវជំហរ តែសួរថា យើងលុបការមន្ទិលសង្ស័យបានឬទេ? ថាមិនទាន់បានទេ។ (ទី១) ទោះបីជាដក ឬមិនដកចេញពី CLV-DTA ក៏នៅតែបង្កការសង្ស័យ។ បើសិនជាយើងដកចេញពីគម្រោងនេះ ប្រជាពលរដ្ឋនឹងថា យើង(ពិតជា)មានចេតនាធ្វើអាក្រក់មែន ហើយ បើកុំតែ(ស្រែកទាន់ កុំអីធ្វើ)បាត់ទៅហើយ។ ទី២ ប្រជាពលរដ្ឋដែលគាំទ្រ នឹងសង្ស័យថា បើសិនជាដកទៅ យើងគ្មានចេតនាអភិវឌ្ឍកន្លែងហ្នឹងអោយខ្លាំង ឱ្យលឿន ទុកលំហរឱ្យគេចូលមក។ គាត់កាន់តែមានការសង្ស័យទៅទៀត។ អញ្ចឹង ទស្សនៈគាត់ដូចគ្នា គឺការថែរក្សាអធិបតេយ្យទឹកដីរបស់យើង។

អញ្ចឹងស្ដាប់ជំហរអ្នកទី៣ ក៏មិនខុសពីគាត់ដែរ។ គ្រាន់តែអ្នកទី៣ នេះ គាត់មើលអនាគតវែងឆ្ងាយ។ គាត់អត់ផ្ដោតទៅលើអ្វីដែលចំ​ពោះមុខ ដែលមិនអាចបញ្ជាក់បាន គ្រាន់តែជាកង្វល់ តែគាត់ព្រួយបារម្ភថា​ ប្រយ័ត្នកង្វល់សង្ស័យគ្នាឯង ដូច(ឧទាហរណ៍រឿង)ប្ដីប្រពន្ធ មិនទាន់ដឹងអីផង ដុតផ្ទះខ្លួនឯងចោល។ យើងត្រូវរួមគ្នាទប់រឿងនេះ។ ខ្ញុំសូមអំពាវនាវបងប្អូន ដូចខ្ញុំអំពាវនាវថ្ងៃទី២ សីហា អញ្ចឹង ទាំងអ្នកស្រប អ្នកមិនស្រប រឿងគម្រោងមួយនេះ និងអ្នកទី៣ សូមប្រកាន់នូវអភិក្រមជជែកគ្នា បញ្ចេញមតិរៀងៗខ្លួន ប៉ុន្តែកុំធ្វើសកម្មភាពណាដែលប៉ះពាល់ទៅដល់សន្ដិសុខជាតិ និងធ្វើឱ្យការបែកបាក់ឯកភាពជាតិនៅកម្ពុជា ព្រោះការធ្វើដូចហ្នឹងជាមូលដ្ឋាននៃការបែកបាក់ហើយ … បន្តិចទៀតខ្ញុំនឹងនិយាយពីបទពិសោធន៍ដែលប្រជាពលរដ្ឋលើកយោបល់នៅប្រទេសបង់ក្លាដែស និងនៅប្រទេសអង់គ្លេស។ យើងយកតែពីរប្រទេសដែលកំពុងដុតរាល់ថ្ងៃមិនទាន់ចប់នេះមកនិយាយ។ ខ្ញុំអត់និយាយពីបារាំង ដែលមានបាតុកម្មថ្ងៃមុន។ ខ្ញុំអត់និយាយពីប្រទេសផ្សេង ខ្ញុំនិយាយតែពីរប្រទេសនេះ។ តើវាយ៉ាងណា។

(៣០) សូមមានអំណត់រួមគ្នាអភិវឌ្ឍដើម្បី ២៥ ទៅ ៥០ឆ្នាំទៀត ស្រាយបានទាំងកង្វល់ទាំងមន្ទិលសង្ស័យ

បើស្ដាប់អ្នកទី១ អ្នកទី២ អ្នកទី៣ រួមគ្នា ដើម្បីដោះស្រាយនូវកង្វល់ និងការមន្ទិលសង្ស័យរបស់ពួកគាត់ គឺសុទ្ធតែផ្ដោតទៅលើអនាគតដូចគ្នា អត់មានអ្នកណាថាថ្ងៃនេះទេ។ សុទ្ធតែ ២០ឆ្នាំ ៥០ឆ្នាំ។ អញ្ចឹងហើយ យើងមានតែជំ​រុញការអភិវឌ្ឍ និងការធានាឱ្យបាននូវការអភិវឌ្ឍថា ថែរក្សាបូរណភាពទឹកដី ការថែរក្សានូវអធិបតេយ្យភាព និងជំរុញការធានាមិនឱ្យមានការបែកបាក់ជាតិ និងការបែកបាក់ឯកភាពជាតិ ដែលជាបំណងរបស់ប្រជាជនភាគច្រើនលើសលប់។ ស្ដាប់ប្រជាជនហើយ តែត្រូវស្ដាប់អ្នកដែលជាភាគច្រើនជាងគេបំផុត ទោះបីជាគាត់មិនបញ្ចេញសារមកក្តី។ ជួបប្រជាពលរដ្ឋនៅស្នួល គាត់អត់ប្រើហ្វេសប៊ុក ចូលខម្មិន ចូលអីតាម TIKTOK ទេ។ ខ្ញុំសួរគាត់ “តើអ៊ំព្រួយរឿងបាត់ទឹកដីទេ?”។ គាត់ថា គាត់អត់ព្រួយ … តើវិធីសាស្រ្តអី កុំឱ្យបាត់? មានតែរួមគ្នាឱ្យភូមិអ៊ំកាន់តែរីក។ គាត់បានប្រាប់ កាលពីគាត់មកនៅ ១០ឆ្នាំជាងមុន ផ្លូវជាតិលេខ ៧៦ ហ្នឹងមានតែប៉ុន្មានផ្ទះទេ។ ឥឡូវមានរាប់រយគ្រួសារ នៅពេញហ្នឹង។

ចុះទៅជួបប្រជាពលរដ្ឋនៅព្រំដែន យើងមិនទាន់ធ្វើផ្លូវ គាត់ចង់ឆ្លងទៅភូមិជិតខាង គាត់ចូលទៅខាងវៀតណាម ពឹងផ្លូវវៀតណាមចេញមក។ ឥឡូវគាត់ភ្ជាប់ខ្លួនឯង។ រដ្ឋចែកដីឱ្យប្រជាពលរដ្ឋនៅកន្លែងហ្នឹង ធ្វើផ្ទះឱ្យអតីតយុទ្ធជននៅព្រំដែនទៀត។ យើងបន្តធ្វើតទៅទៀត។ អញ្ចឹងយើងអាចស្រាយទាំងកង្វល់ និងមន្ទិលសង្ស័យ។ កង្វល់តែមួយ ប៉ុន្តែរឿងកង្វល់នេះ វាសម្រាប់អនាគត។ អញ្ចឹងនៅតែមន្ទិល។ រឿង CLV-DTA ​នៅតែសង្ស័យពីចេតនាថា រដ្ឋាភិបាលគ្រោងយកទៅឱ្យគេ។ ដើម្បីបញ្ចប់មន្ទិលសង្ស័យ ខ្ញុំសូមអំពាវនាវឱ្យបងប្អូនមានភាពអំណត់។ យើងមិនអាចយកលទ្ធផលថ្ងៃនេះ កាប់ចាក់គ្នាឈ្នះចាញ់ថ្ងៃនេះ ដើម្បីបង្ហាញ(ពីអ្វីដែលនឹងកើតនៅ) ៥០ឆ្នាំទៀតនោះទេ។ មានតែរង់ចាំ ហើយរួមគ្នាធ្វើ អភិវឌ្ឍ ដើម្បី ២៥ឆ្នាំ ៥០ឆ្នាំទៀត កន្លែងហ្នឹងខ្មែរកាន់តែខ្លាំង មនុស្សកាន់តែច្រើន ស្រាយទាំងកង្វល់ ទាំងមន្ទិលសង្ស័យ។

(៣១) បើគណបក្សប្រជាជនដឹកនាំឲ្យបាត់បង់អធិបតេយ្យភាព និងខេត្តទាំង ៤ សូមបោះឆ្នោតទម្លាក់ចុះ មិនបាច់កាប់ចាក់គ្នាទេ

ក្នុងនាមរាជរដ្ឋាភិបាល យើងត្រូវធានាឱ្យបាននូវបែបនេះ។ អញ្ចឹងបំណង ៤ របស់ប្រជាពលរដ្ឋ បំណងទី ១ កុំឲ្យបាត់ដី ទី ២ កុំឲ្យបាត់អធិបតេយ្យ ហើយទី ៣ ជួយអភិវឌ្ឍខេត្តហ្នឹងឲ្យខ្លាំង ឲ្យខ្មែរនៅឲ្យច្រើន (ទី៤ មិនចង់ឱ្យខ្មែរ​បែកបាក់)។ យើងត្រូវធ្វើ ប៉ុន្តែមិនអាចធ្វើថ្ងៃនេះបានទាំងអស់ទេ។ គ្មានអីមកបញ្ជាក់បានទេ។ ថ្ងៃនេះយើងបញ្ជាក់ថា យើងមិនបាត់ តែនៅតែមានមន្ទិលសង្ស័យ។ យើងខំធ្វើផ្លូវព្រំដែនហើយ ប្រជាពលរដ្ឋក្នុងរយៈពេល ២៥ ឆ្នាំនេះកើនពី ៤០ម៉ឺនក្នុងខេត្ត ៤ ទៅ ១លាននាក់ហើយ តែយើងមិនអាចមានប្រជាជន ២០ លានទៅនៅ ៤ ខេត្តនេះទេ ព្រោះវានឹងអស់ពីភ្នំពេញ។ នៅស្រុកខ្មែរទាំងមូលតែ ១៧ លាននាក់ទេ។ ទាល់តែរើពីកន្លែងផ្សេងទៅហ្នឹងទាំងអស់។ សូមឲ្យមានភាពអំណត់ហើយជឿជាក់ ហើយចាំមើលទាំងអស់គ្នា។ សំខាន់បំផុតកុំឲ្យបែកបាក់ផ្ទៃក្នុង។ កុំឲ្យបែកបាក់ឯកភាពជាតិគ្នា។ អញ្ចឹងដំណោះស្រាយ(ចំពោះបំណងទាំង) ៣នេះ យើងនឹងធ្វើគោលនយោបាយរបស់រដ្ឋាភិបាលបង្ហាញឲ្យបងប្អូនឃើញ។ កុំពិបាក ក្នុង ៥ឆ្នាំបោះឆ្នោតម្តងទេ។

បើរដ្ឋាភិបាលភរនៅក្នុង ៣ចំណុចនេះ ជិតដល់បោះឆ្នោតទៅមើលទៅ បាត់កន្លែងណា បាត់អធិបតេយ្យភាពកន្លែងណា? ខ្មែរយើងក្លាយទៅជាជនជាតិភាគតិច ឬយ៉ាងម៉េចនៅខេត្ត ៤ នេះ។ បើសិនជាអញ្ចឹងមែន (ដកចេញតាមរយៈ)សន្លឹកឆ្នោតទៅ។ បើសិនជាឆ្នាំ ២០២៧-២០២៨ មិនទាន់(កើតមានដូចការព្រួយបារម្ភ)ទេ ខ្លាច(ថាពេលវេលានៅមិនទាន់មកដល់) ក្រែងលោកើតនៅ ២០៣២-២០៣៣ ពេលជិត(បោះឆ្នោត)ហ្នឹង ទៅមើលទៀតទៅ។ ៥ឆ្នាំបោះឆ្នោតទៀត។ បើថាមិនកើតទៀត តែខ្លាចថាកើតនៅឆ្នាំ ២០៥០ អញ្ចឹង ២០៣៧-២០៣៨ ទៅមើលម្តងទៀតទៅ។ បើសិនជាគណបក្សប្រជាជនដឹកនាំឲ្យបាត់បង់ដី បាត់បង់អធិបតេយ្យភាព បាត់បង់ខេត្តទាំង ៤ បោះឆ្នោតទម្លាក់ចោលទៅ នោះបាត់មន្ទិលសង្ស័យហើយ កុំកាប់ចាក់គ្នា។ ឥឡូវ វាអត់មានអី(ដូចការព្រួយពារម្ភទេ)។ កុំរវល់តែកាប់ចាក់គ្នាផ្ទៃក្នុង … កន្លែងអស់មនុស្សហ្នឹងហើយ ដែលថាវាបាត់។

(៣២) ច្បាប់អន្តរជាតិ និងរដ្ឋធម្មនុញ្ញ ធានាអះអាងថាមិនមានការកាត់យកទឹកដីដោយស្វ័យប្រវត្តិ

ទី២ ច្បាប់អន្តរជាតិ រដ្ឋធម្មនុញ្ញ គ្មានអ្នកណាចេះមកកាត់យកដោយស្វ័យប្រវត្តិនោះទេ។ ថាប្រទេសជិតខាងបង្ហោះសារថា ការចេញចូលក្នុងក្របខណ្ឌ ២៥​ ឆ្នាំនេះធ្វើដោយសេរី។ អត់ទេ។ កិច្ចព្រមព្រៀងដែលយើងបានបញ្ចេញ អនុស្សរណៈយោគយល់គ្នា គឺចេញចូលត្រូវសុំច្បាប់ទាំងអស់។ អត់ខុសពីកន្លែងផ្សេងទេ។ កាលយើងចាប់ផ្តើមឆ្នាំ ១៩៩៩ មិនទាន់មានឯកភាពគ្នាអាស៊ាន ដែលប្រទេសអាស៊ានប្រជាពលរដ្ឋចេញទៅប្រទេសជិតខាងមិនបាច់ visa ១៤ ថ្ងៃ។ ឥឡូវយើងទៅ Singapore Vietnam អី ១៤ ថ្ងៃមិនបាច់សុំ visa។ គេមកយើងដូចគ្នា។ ប៉ុន្តែសួរថាទៅនៅបានទេ? អត់បានទេ។ កាលនោះ ពេលដែលយើងធ្វើដូចមុនកិច្ចព្រមព្រៀង ការចេញចូលដូច ៣០ថ្ងៃ។ ពេលកិច្ចព្រមព្រៀងចេញមក អនុស្សរណៈហ្នឹងឆ្នាំ ២០០២ អាស៊ានចាប់ផ្តើមចរចា ២០០៦ ប៉ុន្តែអនុម័តឆ្នាំ​ ២០១២។ អញ្ចឹង ១០ ឆ្នាំ។

ពេលដែលយើងចេញការឯកភាពគ្នានោះថាប្រជាពលរដ្ឋចេញចូលសម្រួលបាន ៣០ថ្ងៃនៅឆ្នាំ ២០០២ គឺ១០ ឆ្នាំក្រោយដែលអាស៊ានបន្ថយមក ១៤ថ្ងៃ។ យើងបន្ថយសិទ្ធិនោះមកត្រឹម ១៤ថ្ងៃដែលប្រជាពលរដ្ឋវៀតណាមចូលមកយើងត្រឹមតែ ១៤ថ្ងៃ។ បើយើងមានចេតនា យើងមិនបន្ថយពី ៣០ថ្ងៃ មក ១៤ថ្ងៃទេ។ យើងបន្ថែមទៀត។ តែយើងបន្ថយមក ១៤ថ្ងៃ។ នេះគឺជាការពិតអំពីអ្វីដែលមាននៅលើដី។ ប៉ុន្តែចំណុចសំខាន់ដែលអាចធានាបច្ចុប្បន្នចំណុចទី៣ នេះ ត្រូវការពេលវេលាដើម្បីបង្ហាញ។ បងប្អូនក៏យល់គ្រប់គ្នាទាំងអ្នកគាំទ្រ និងអ្នកមិនគាំទ្រថា រឿងហ្នឹងអាចកើតមាននៅថ្ងៃអនាគត។ យើងរងចាំទាំងអស់គ្នា។ បើសិនមិនដូចការគិត ដោយសារយើងមានច្បាប់ រដ្ឋធម្មនុញ្ញ ៥ ឆ្នាំបោះឆ្នោតម្តង កុំកាប់ចាក់គ្នា កុំបែកបាក់។

(៣៣) ត្រូវថែរក្សាឯកភាពជាតិ សុខសន្តិភាព និងស្ថិរភាព មិនមែនសំរាប់២៥ តែរាប់ពាន់ឆ្នាំទៅមុខ

បំណងទី ៤ របស់ប្រជាពលរដ្ឋ ដែលចង់បានចំពោះមុខ គឺមិនចង់ឃើញប្រទេសបែកបាក់ អស្ថេរភាព បែកបាក់ឯកភាពជាតិ រញ៉ីរញ៉ៃពិបាករកស៊ី ពិបាករស់នៅ។ នេះជាអ្វីដែលប្រជាពលរដ្ឋចង់បានមែនទេ? មិនមែនសម្រាប់ ២៥ ឆ្នាំទៀតទេ គឺចង់បានឥឡូវនេះ រហូតទៅដល់ ១០០០ឆ្នាំទៀត។ អញ្ចឹងត្រូវថែរក្សាឲ្យបានជាប់ជាប្រចាំ។ អ្នកសៀមរាបទើបតែសប្បាយចិត្តប៉ុន្មានថ្ងៃនេះទេ ហើយក៏មិនទាន់សប្បាយចិត្តពេញដែរ។ កាលខ្ញុំទៅលើកមុនហ្នឹង ទេសចរមកមួយថ្ងៃត្រឹម ១២០០ ទៅ ១៣០០ នាក់ រាងខ្សត់។ ឥឡូវក្នុង ២អាទិត្យនេះ (ការមកដល់ប្រចាំថ្ងៃ)ឡើងដល់ ២៤០០ ទៅ ២៦០០ នាក់។ រាងច្រើនបន្តិច។ បន្តិចទៀត ខែ high season មកដល់ នឹងឈានចូល ៥០០០ នាក់ឬ ៦០០០ នាក់ ដូចឆ្នាំមុនអញ្ចឹង។ ឆ្នាំនេះអាចកាន់តែច្រើនទៀត។ អ្នកសៀមរាបកំពុងតែសប្បាយចិត្តផង។ គាត់មិនចង់ឲ្យឃើញរូបភាពមិនល្អ នាំដល់ការលុប(ដំណើរ)លែងមកទៀតទេ។

នៅបង់ក្លាដែស តាំងពីថ្ងៃប្រាប់មានបញ្ហា គឺអាមេរិកចេញសេចក្តីណែនាំឲ្យប្រជាពលរដ្ឋគេមិនត្រូវទៅប្រទេសបង់ក្លាដែសទេ។ ក្រៅពីនោះ មានប្រទេសច្រើនទៀតរួមទាំងនៅអាស៊ី មានវៀតណាម មានសិង្ហបុរី ហាមមិនឲ្យប្រជាជនទៅអង់គ្លេស។ អូស្រ្តាលី មិនឲ្យគេទៅ។ រាល់ទេសចរលុបកម្មវិធី។ នៅកម្ពុជាយើង ទើបងើបតិចៗ។ ពីខែមុន បងប្អូនកង្វល់ពីរឿងអត់ភ្ញៀវ។ ឥឡូវបើយើងមានភ្ញៀវហើយ យើងទៅធ្វើអីដេញភ្ញៀវវិញឬ? គ្មានអ្នកណាចង់មកធ្វើទេសចរណ៍នៅកន្លែងសង្រ្គាមទេ។ បងប្អូនចង់ទៅលេងនៅប្រទេសណាមួយ ឬថាទៅតែប្រជុំក៏ដោយ ស្រាប់តែឃើញរូបភាពវាយគ្នា​ ដុតពេញក្រុង ប្រហែលជាប្រពន្ធហាមមិនឲ្យទៅផងមិនដឹង ឬមួយក៏ប្តីហាមមិនឲ្យទៅផង ដោយមិនមានភាពជឿជាក់។

ចំណុចទី ៤ នេះគឺជាអ្វីដែលប្រជាពលរដ្ឋទូទាំងប្រទេស រួមទាំងអ្នកភាគច្រើនលើសលប់ ទាំងអ្នកមិនគាំទ្រ ឬគាំទ្រកិច្ចសហប្រតិបត្តិការ ជាពិសេសអ្នកមិនគាំទ្រ ក៏គាត់មិនចង់រុញសភាពការណ៍ធ្វើឲ្យបាត់បង់ស្ថេរភាព បិទកាន់តែយ៉ាប់ ពិបាករកស៊ី ពិបាករស់នៅក្នុងប្រទេស។ រឿង ២៥ឆ្នាំ ៣០ឆ្នាំទៀតជារឿងមួយ ប៉ុន្តែខ្ញុំក្រពះខ្ញុំរាល់ថ្ងៃនេះត្រូវការរស់ ខ្ញុំត្រូវការរកចំណូល។ នេះគឺជាអ្វីដែលយើងត្រូវរួមគ្នាដើម្បីថែរក្សា។ នេះហើយដែលរដ្ឋាភិបាលស្តាប់ប្រជាពលរដ្ឋ ព្រោះប្រជាពលរដ្ឋច្រើនលើសលប់មិនអាចចង់ឲ្យប្រទេសខ្មែរ ជាពិសេសរាជធានីភ្នំពេញក្លាយទៅជាកន្លែងដែលមានបញ្ហានោះទេ។ ខ្ញុំជឿថាអាចារ្យ និងអាចារិនីក៏ខ្លាចអស្ថេរភាពដែរ។ ចាំទេបាតុកម្មឆ្នាំ ២០១៣។ លើក(ពិធី)ការប៉ុន្មាន? អ្នកដែលដេញថ្ងៃការ អាចារ្យអ្នកក្រុងពាលី​ដេញអត់ចំថ្ងៃសៅរ៍ថ្ងៃអាទិត្យទេព្រោះថ្ងៃហ្នឹងគេធ្វើបាតុកម្ម ខ្លាចស្ទះអត់មានភ្ញៀវទៅខាត។ វាប៉ះពាល់ទាំងអស់អាចារ្យជាច្រើន។ ដូចខ្ញុំនិយាយលេង ទើបរួចពីកូវីដ-១៩ គេបើកឲ្យការវិញ ទើបអាចារ្យគន់ មានតក់ៗ។ ឥឡូវមកបាតុកម្មទៀត អត់មានអ្នកការទៀត។ តែមានអស្ថេរភាព ទំនិញឡើងថ្លៃ ស្អីក៏ឡើងថ្លៃ ពិបាករញ៉ីរញ៉ៃពេញហ្នឹង។

(៣៤) បង់ក្លាដែសឈានចូលដំណាក់កាលសងសឹកនឹងគ្នា បាតុកម្មនៅអង់គ្លេសកើតហិង្សាពេញទីក្រុងឡុងដ្រ៍

បងប្អូនខ្លះ ជាពិសេសយុវជនមួយចំនួន ឃើញស្ថានភាពនៅបង់ក្លាដែសគិតថា កម្ពុជាត្រូវតែធ្វើអញ្ចឹង។ ខ្ញុំសូមជម្រាបថាតើបង់ក្លាដែសហ្នឹងយ៉ាងម៉េច។ ចាប់ផ្តើមពីបាតុកម្មអហិង្សា ប៉ុន្តែឈានទៅដល់បាតុកម្មហិង្សា ស្លាប់ជាង ៥០០នាក់ របួសរាប់ពាន់នាក់ ឈានទៅដល់ការដុតអគារ វាយអគារ ប្លន់លួចរបស់ពីហាង រកស៊ីអីអត់កើតទេ ឈានទៅដល់ការផ្តួលរលំរដ្ឋាភិបាល។ ដំបូងចាប់ផ្តើមពីការទារដកកូតា ក្រោយមកទារប្តូររដ្ឋាភិបាល ហើយយកអ្នកនយោបាយម្នាក់ជិះយន្តហោះពីក្រៅប្រទេសមកដឹកនាំ។ ប៉ុន្តែបញ្ហាប្រឈមវាមិនមែនចប់ត្រឹមប្តូររដ្ឋាភិបាលទេ។ សូមមើលរាល់ថ្ងៃនេះ នៅវាយគ្នាមិនទាន់ចប់។ ដោយសារអី? រាល់ថ្ងៃនេះ ចាប់ផ្តើម​សង​សឹក។ គ្រាន់តែខ្ញុំឲ្យមើល ១០ឬ១១ ថ្ងៃក្រោយពីចប់ហ្នឹង អ្នករបួសនិងស្លាប់ អ្នកខ្លះគឺត្រូវគេចាប់ សម្លាប់ទាំងគ្រួសារសងសឹក។​ សហគមន៍ហ៊ិណ្ឌូដែលជាជនជាតិភាគតិចនៅនោះ មានប្រហែលជា ១៤ លាននាក់ ៨ ភាគរយនៅបង់ក្លាដែស វិហារ ២០ ទៅ ៣០ កន្លែងត្រូវរងការវាយប្រហារជាប្រចាំ។ តែវាយទៅវាយមក បង្កើតភាពមិនទុកចិត្តគ្នា ធ្វើឲ្យតើយ៉ាងម៉េច? …

គេតាមរកមុខ បង្កើតការសងសឹក។ តើនេះឬការឯកភាពជាតិ ធ្វើឲ្យមានការកក់ក្តៅជាមួយគ្នា? កូនធ្លាប់តែរៀនជាមួយគ្នា សាសនាមូស្លីម សាសនាហិណ្ឌូ ទៅលេងជាមួយគ្នា។ ឥឡូវចាប់ផ្តើមសហគមន៍២ ឈ្លោះគ្នាហើយ។ កូនចៅក៏នៅសងសឹកគ្នាទៅវិញទៅមកដែរ។ លែងមានភាពកក់ក្តៅទៀតហើយ។ ទេសចរពីប្រទេសមួយចំនួនហាមមិនឲ្យប្រជាជនទៅហើយ ហាមមិនឲ្យប្រជាពលរដ្ឋទៅព្រោះគ្រោះថ្នាក់។ តាមព័ត៌មានក្រសួងការងារបានផ្សាយថា ដែលបង់ក្លាដែសជាអ្នកនាំផលិតខោអាវចេញច្រើនដែរ រោងចក្រច្រើនត្រូវបិទទ្វារ មិនទាន់បើកដោយ​សារ​សកម្មភាពអស្ថេរភាព ហើយបិទមួយថ្ងៃៗ ខាតប៉ុន្មាន? អ្នកបញ្ជាទិញកំពុងតែគិតពិចារណា តើគួរបញ្ជាទិញទៀតអត់ ឬមួយដកទៅប្រទេសផ្សេង។ ការដកបញ្ជាទិញ នាំអោយរោងចក្រនឹងបាត់ចំណូល។ ធ្លាក់ខ្លះហើយមុននឹងមានបញ្ហា ប៉ុន្តែឥឡូវការបញ្ជាទិញនៅបង់ក្លាដែសកំពុងតែនៅទ្រឹង ហើយចាប់ផ្តើមថយប៉ុន្មានខែមកហើយ ដោយ​ឥតព្រៀងទុក។

តើប៉ះពាល់ដល់កម្មករ/កម្មការិនីនៅទូទាំងប្រទេសឬទេ? អ្នកតវ៉ាជានិស្សិត ប៉ុន្តែទីបំផុត(មានអ្នក)ជិះយន្តហោះពីក្រៅមក… នេះហើយគឺការធ្វើ(កាតវ៉ាប្រឆាំង)។ ឥឡូវ ខ្ញុំត្រឡប់មកវិញថា ប្រទេសបង់ក្លាដែសចុះ (ដែលមិនទាន់ជាជាប្រទេសអភិវឌ្ឍ) សូម្បីប្រទេសអង់គ្លេស ដែលជាមហាអំណាចលទ្ធិប្រជាធិបតេយ្យនៅមានការដុតរាល់ថ្ងៃនេះ ជាផលស្រដៀងគ្នាចេញពីការបញ្ចេញមតិប្រតិកម្មទ្រង់ទ្រាយតូច អហិង្សា មិនយូរមិនឆាប់ចេញជាបាតុកម្មហិង្សា​ដុតពេញក្រុង London។ ហាងល្មមៗគឺវាយយកតែម្តង ដុតឡានប៉ូលីសខ្ទេច ហើយបង្កើតការមិនទុកចិត្តគ្នា ព្រោះដល់វាយគ្នាដឹងតែថាប្រឆាំងជនអន្តោប្រវេសន្តខុសច្បាប់មកពីប្រទេសមូស្លីម ចុះជនជាតិអង់គ្លេសដែលកើតនៅហ្នឹង កូនចៅមូស្លីមដើរក៏វាយគេដែរ។ ដល់ពេលជនជាតិស្បែកស ដើរទៅក្នុងតំបន់ដែលមានអ្នកមូស្លីម គេក៏វាយវិញ ក្នុងពេលដែលកាលមុនរស់នៅជាមួយគ្នាកក់ក្តៅ។ តើនេះឬជាអ្វីដែលឯកភាពគ្នា … នេះគឺជាអស្ថេរភាព។

(៣៥) ជជែកគ្នា បញ្ចេញមតិ តែកុំធ្វើសកម្មភាពនាំដល់ភយន្តរាយនិងមហន្តរាយ

ខ្ញុំសូមបញ្ជាក់ រាជរដ្ឋាភិបាលជឿថា ប្រជាពលរដ្ឋខ្មែរច្រើនលើសលប់ មិនចង់ឃើញស្ថានភាពបែកបាក់ដូចប្រ​ទេសបែបនេះនៅពេលនេះ រហូតដល់ពេលអនាគតនៅក្នុងប្រទេសកម្ពុជាទេ។ ជជែកគ្នាជជែកទៅ បញ្ចេញមតិ បញ្ចេញទៅ តែកុំទៅធ្វើអី(នាំដល់មហន្តរាយ)។ អញ្ចឹងការធានា ការអនុវត្តនូវសិទ្ធិសេរីភាពសូមឲ្យមានព្រំដែន។ កុំលើសព្រំដែនច្បាប់ ព្រោះវាប៉ះពាល់ដល់អ្នកផ្សេង។ មានការបញ្ចេញមតិ មានក្រមសីលធម៌ តែកុំដុតកុំអីដូចនៅបង់ក្លាដែសដូចនៅអង់គ្លេស។ មិនចំណេញទេ។ ប្រជាពលរដ្ឋអ្នកក្រុងភ្នំពេញ ស្គាល់រសជាតិហើយកាលពីឆ្នាំ ២០១៣ ហើយបោះឆ្នោតពីមុនហ្នឹង ពេលខ្លះជាប់គាំងមួយឆ្នាំអី។ ស្រួលរកស៊ីទេ? អត់ទេ។ ធ្វើឲ្យមានការមិនទុកចិត្តគ្នា។ មានបញ្ហាហើយ អាចារ្យក៏ពិបាករកចំណូលដែរ ព្រោះកម្មវិធីខ្លះត្រូវលើកពេល។ រៀបការម៉េចបើមិន​ដឹងគេធ្វើអី ទុកពេលសិនទៅ។ ខ្ញុំឃើញថា គ្រាន់តែការជជែកគ្នានៅក្នុង group ប៉ុន្មានថ្ងៃនេះ តឹងសសៃដាក់គ្នា ជេរគ្នា ទម្រាំតែព្រលែងលើដីអោយជួបគ្នា ប៉ះគ្នា មិនដឹងបែកបាក់ប៉ុណ្ណា។

តែទៅគឺមកវិញហើយ។ យកល្អកុំអី។ នយោបាយឈ្នះ-ឈ្នះ មិនមែនការលើកទ័ពទៅវាយកម្ទេចភាគីខ្មែរក្រហមទេ ប៉ុន្តែគឺការយោគយល់គ្នា។ មិតិខុសគ្នា ទស្សនៈខុសគ្នា ប៉ុន្តែរួមគ្នាថែរក្សាសន្តិភាព ទឹកដីរបស់យើង កុំឲ្យបែកបាក់។ ឥឡូវកូនចៅជំនាន់ ឆ្នាំ ២០២៤ គួររួមគ្នាធ្វើការពារទឹកដីតាមរយៈការរួមគ្នា។ ជជែកគ្នាជជែកចុះប៉ុន្តែកុំឲ្យមានភាពបែកបាក់។ សកម្មភាពណាដែលពាក់ព័ន្ធទៅដល់ការបំផ្លាញស្ថេរភាព ប៉ះពាល់ដល់ប្រជាជនភាគច្រើនលើសលប់ … កង្វល់ទាំងអស់គ្នា រួមគ្នាការពារ។ យើងកង្វល់ពីអនាគត តែយើងចង់ចាញ់ឈ្នះបច្ចុប្បន្ន។ ប្រពន្ធមិនទាន់បានទៅលួច date ជាមួយនឹងតារាផង គ្រាន់តែថតរូបមួយ ដុតផ្ទះបាត់ទៅហើយ។ គេអត់ទាំងដឹងអីផង។ គ្រាន់តែឮមិត្តភក្តិម្នាក់មកខ្សឹប … ប្រច័ណ្ឌប្រពន្ធខ្លាំងពេក ខ្លាចបាត់ប្រពន្ធ ដុតផ្ទះខ្លួនឯង … វាយប្រពន្ធៗ វាយវិញ។ ប្រពន្ធខ្លះសុទ្ធតែតៃក្វាន់ដូ៣ដាន់អី។ យើងមិនចង់ប្រើហិង្សាទេ …។

(៣៦) រួមគ្នាធានាអធិបតេយ្យភាពនិងទឹកដី មិនតែខេត្ត ៤ទេ គឺទូទាំងប្រទេសសម្រាប់កូនចៅបន្តទៅ

ចំពោះសំនួរថា រាជរដ្ឋាភិបាលស្តាប់ប្រជាពលរដ្ឋទេ? ចម្លើយគឺយើងស្តាប់ពីកង្វល់អ្នកស្រប អ្នកមិនស្រប និងអ្នកភាគច្រើនដែលនៅកណ្តាល។ យើងស្តាប់ទាំងអស់ ហើយយើងត្រូវដោះស្រាយកង្វល់ និងមន្ទិលសង្ស័យរបស់អ្នកទាំងអស់គ្នា។ យើងត្រូវធ្វើយ៉ាងណារួមគ្នាអភិវឌ្ឍខេត្តទាំង ៤នេះ ធានាមិនឲ្យបាត់អធិបតេយ្យភាព និងទឹកដី មិនត្រឹមតែខេត្តទាំង ៤ ទេ គឺនៅទូទាំងប្រទេស សម្រាប់កូនចៅបន្តទៅទៀត។ យើងមិនអាចធ្វើបានទេ បើយើងបែកបាក់ កាប់ចាក់គ្នា។ ងងើកភ្លើងមិនចាំបាច់ធំទេ។ ​ចាប់ផ្តើមពីរឿងតូចតាចមួយតែប៉ុណ្ណោះ ដូចនៅអង់​គ្លេស ដូចនៅបង់ក្លាដែស មិនទាន់ចប់ផង ចប់ព្រឹត្ដិការណ៍នៃការមិនទុកចិត្តគ្នាកាន់តែកើន។ នោះគឺការសងសឹកគ្នាទៅវិញ​ទៅមក។ នៅអង់គ្លេស ធ្លាប់តែកូនស្រីអង់គ្លេសកាន់សាសនាអ៊ីស្លាមពាក់ hijab។ ឥលូវអត់ហ៊ាន(ពាក់)ទេ។ ហ៊ានតែពាក់ចេញមក នឹងមានគេវាយ។ សួរថា តើនេះឬប្រទេសមហាអំណាចមួយដែលមានភាពកក់ក្ដៅ។ បិតាប្រជាធិបតេយ្យដែលមានភាពកក់ក្ដៅ?

យើងត្រូវតែធ្វើព្រំដែន តែខ្ញុំសូមឲ្យបងប្អូនទាំងអស់បញ្ចេញមតិ ប៉ុន្ដែកុំធ្វើសកម្មភាពណាដែល(ខុសឆ្គង)​ ហួសព្រំដែនកំណត់។ ខ្ញុំបានប្រកាសរួចហើយកាលពីថ្ងៃទី​ ២ ខែឧសភាពីការធានាសុខសន្ដិភាព ស្ថិរភាព។ ការអនុវត្ដច្បាប់ មិនថាតែនៅកម្ពុជាទេ សូម្បីនៅអង់គ្លេស អ្នកដែលទៅដុត(បំផ្លាញសម្បត្តិសាធារណ) ជាង ១ ០០០ នាក់ ត្រូវបានចាប់​ ហើយកាត់ទោសជាង ៥០០ នាក់រួចហើយ។ មានម្នាក់នោះអាយុ ៣០ ឆ្នាំជាង ជាប់ទោសជាង ៣ឆ្នាំ។ ​ម្សិលមិញ អង់គ្លេសកំពុងចាប់ជនម្នាក់ ដែលស្រែកតាមហ្វេសប៊ុកបបួលគេទៅដុតសណ្ឋាគារមួយ។ អញ្ចឹង​ប៉ូលីសអង់គ្លេសចាប់។ អ្នកឯងហៅគេទៅដុតសណ្ឋាគារដែលមានមនុស្សនៅក្នុងនោះ បំផ្លាញទ្រព្យសម្បត្ដិ​អ្នកដទៃ​។ ប្រទេសមហាអំណាច ប្រទេស(លោក)សេរី ក៏គេមិនអនុញ្ញាតឲ្យដែរ ព្រោះវាខូច(សណ្ដាប់ធ្នាប់ សន្ដិសុខ) សុ្រកគេ។ មានអ្នកណាចង់ទៅ London ទៀតឥលូវ? អ្នកដែលមានកូនចៅខ្មែរយើងរៀននៅអង់គ្លេស​ភ័យ ទូរស័ព្ទទៅកូន កុំអោយកូនដើរ។ កុំទៅ London។ ទីក្រុង London ជាកន្លែងទេសចរណ៍ដែលចិញ្ចឹមមួយភាគនៅអង់គ្លេសទៅជាស្ងាត់។ មិនមានអ្នកណាចង់ទៅទេ ខ្លាចគេវាយច្រលំ …។

(៣៧) មិនមែនធ្វើបាតុកម្មបញ្ចេញមតិ​ដកកម្ពុជាពី CLV ទេ តែគឺរៀបចំចលនាផ្ដួលរដ្ឋាភិបាល

ខ្ញុំឃើញនៅក្នុងគ្រុប មានអ្នកនៅក្រៅប្រទេសដែលប្រមូលគ្នាមិនមែនធ្វើបាតុកម្មបញ្ចេញមតិ​ដក(កម្ពុជា)ចេញពី CLV ទេ តែគឺរៀបចំ(ចលនា)ដើម្បីផ្ដួលរដ្ឋាភិបាលតែម្ដង។ សារនេះមិនមែនលាក់​ទេ។ កាលពី ថ្ងៃទី២ សីហា មានគ្រុបតូចមួយរៀបចំការបំផុសបាតុកម្ម តែគ្រុបនេះចេញមកមិនដឹងប៉ុន្មានគ្រុប​ទេ។ គេបបួលគ្នា រៀបចំផ្ដួលរំលំរដ្ឋាភិបាល។ មានម្នាក់ឬពីរនាក់នៅជប៉ុន ដឹកនំាបំផុស ស្រែកឲ្យប្រជាពលរដ្ឋ​ខ្មែរនៅក្នុងប្រទេស ធ្វើសកម្មភាព។ ល្ងាចមិញ គ្រាន់តែព័ត៌មានស្រង់មកមានទាំងអ្នករៀបចំប្រមូលលុយ។ ដំបូង រៀបចំអាវុធត្រឹមតែជំពាមកៅស៊ូ ត្រឹមតែដងទង់ជាតិចាក់ទីបឲ្យមាំធ្វើជាដំបងវាយ គ្រាប់ដបសាំងដែលគប់នៅអង់គ្លេស ដុតឡានប៉ូលីស។ល្ងាចមិញ ខ្ញុំឃើញមានអ្នករៀបចំហៅថាក្រុម drone យកបានគ្រាប់បែក ៣០០គ្រាប់ហើយ សុំអ្នកបញ្ជាដ្រូនដូចនៅអ៊ុយក្រែន ដើម្បីវាយទៅ​លើសមត្ថកិច្ច។

មានអ្នកចេញមកតាមហ៊្វេសប៊ុកថា សមត្ថកិច្ច ៧០% សុទ្ធតែយួនហើយ។ ឃើញគប់ទៅ មិខុសទេ។ សួរថា ទង្វើបែបនេះ ចេញមកហិង្សាបាត់ទៅហើយ។ នៅក្នុងគ្រុបនោះ អ្នកដែលគាំទ្រថាឲ្យរៀបចំបាតុកម្ម ក៏មានខ្ទាស់គំនិតមួយចំនួន “ស្រែកថាបានហើយ។ យើងកុំធ្វើហួស។ យើងគ្រាន់តែចង់អំពាវនាវឲ្យដកចេញពី CLV តើហ្អី?”។ អ្នកមួយចំនួនថា “អត់ទេ! ម៉ោងថ្មើនេះហើយ ត្រូវផ្ដួលរដ្ឋាភិបាលឲ្យបាន”។ តើរឿងនេះ តើវាធ្វើឲ្យបែកបាក់ទេ? រាប់ម៉ឺននាក់ដែលចេញការពាររដ្ឋាភិបាលសុខចិត្តទេ? គិតថាចង់ឲុ្យ​ដូចបង់ក្លាដែស ផ្ដួលរដ្ឋាភិបាល ដើម្បីចង់ឲ្យអ្នកនយោបាយជិះយន្ដហោះពីក្រៅប្រទេសមកទទួលតួនាទី(ដឹកនាំប្រទេស)នេះ។ ខ្ញុំឃើញ​ហើយអ្នកដែលត្រៀមទិញសំបុត្រយន្ដហោះមកនោះ។ ក្មួយៗកូនៗងើបឡើងចាំចប់ ចាំពូជិះយន្ដហោះទៅ។ ទៅធ្វើអី? ទៅយកកៅអីនាយករដ្ឋមន្ដ្រី ព្រោះបោះឆ្នោតមិនដែលឈ្នះ។

(៣៨) គ្រាប់បែក Molotov ដំបង ជំពាម មិនជាការធ្វើបាតុកម្មអហិង្សា តែមានគោលដៅផ្ដួលរំលំរដ្ឋាភិបាល

ខ្ញុំសួរដូចឆោត កិច្ចសហប្រតិបត្ដិការមានតាំងពី ១៩៩៩។ គណបក្សប្រជាជនមិនមែនជាគណបក្សដែលដឹកនាំសភាតែម្នាក់ឯងទេ។ កាលពី ១៩៩៩ មាន ៣ គណបក្ស។ ឆ្នាំ ២០០៣ គណបក្សរបស់លោក ក៏នៅក្នុងសភាដែរ ម៉េចមិនតវ៉ាជំទាស់នៅពេលនោះ។ ស្ងាត់ម្ល៉េះ? បានន័យថាអស់លោកក៏យល់ថាកិច្ចព្រមព្រៀងមិនគ្រោះថ្នាក់។ទើបតែឥលូវចាប់ផ្ដើមចេញបំផុស ដោយឃើញចរន្ដ(គាំទ្រ) ក៏ដុតបន្ថែម។ ចុះពេលដែលគាត់នៅជាសមាជិកសភា គណបក្សគាត់មាន ៥៥ កៅអីក្នុងសភាម៉េចមិននិយាយរឿងនឹង? បងប្អូនសួរមើល។ គណបក្សប្រឆាំងឲ្យតែរាជរដ្ឋាភិបាលធ្វើខុស គឺគ្រោះថ្នាក់។ គេយកឱកាសហ្នឹងវាយខ្លាំងបំផុតក្នុងសភា។ ពេលដែលគណបក្សខ្លួនឯងមាន ៥៥ កៅអី ហើយអាណត្ដិឆ្នាំ ១៩៩៩ មាន ៣បក្ស ដែលចេញដំបូងនោះ … ហេតុអ្វីមិននិយាយថាគំរោងហ្នឹងខុស។ ប្អូនយុវជនៗ ក្មួយៗ (ខ្ញុំសូមហៅថាក្មួយចុះ) នៅទីនេះ ដែលតាមស្ដាប់អ្នកញុះញង់ សូមសួរឲ្យច្បាស់ ថា លោកអ៊ំ លោកតា លោកវិរបុរស ម្តេចមិនតវ៉ាពេលដែលខ្លួននៅក្នុងសភា ក្រែងនៅក្នុងសភាពឬអី? សភាអាណត្ដិ ៥ឆ្នាំ គាត់នៅតាំងពី ១៩៩៨ ដល់ ២០១៧។ ប៉ុន្មានឆ្នាំ? ដប់ឆ្នាំជាង ជិត ២០ ឆ្នាំ។

ហេតុអ្វីមិនជំទាស់ពេលនោះ គិតថាអានឹងត្រូវដែរទេ? ឥលូវទើបឃើញចរន្ដចេញមកដុតឆេះបន្ថែមអោយក្មេងៗចេញមកធ្វើសកម្មភាពគ្រោះថ្នាក់។ អ្នកដែលស្រែកខ្លាំងជាងគេហ្នឹងនៅជប៉ុន។ ខ្លួនឯងទើបនឹងធានាយកម្ដាយឪពុកទៅ។ ដឹកយន្ដហោះចេញហើយ​ ក៏មកដុតបំផុសអ្នកផ្សេងឲ្យប្រឈមជាមួយរដ្ឋាភិបាល។ សុទ្ធតែរៀប​ចំ​គោលដៅផ្ទះអ្នកនេះៗ … គេមាន(គំរោង)ចាប់ផ្ដើមដំបូងនៅទីលាន បន្ទាប់មកដើរទៅទូតនេះបន្ទាប់មកត្រៀម​ទប់ទល់ជាមួយអាជ្ញាធរ ព្រោះគេឲ្យច្បាប់ត្រឹមធ្វើនៅកន្លែងនេះទេ។ អញ្ចឹងបុកទម្លាយទៅ ដូចនៅអង់គ្លេស គេសុំច្បាប់នៅ​កន្លែងនេះ ហើយបុកទម្លាយទៅខាងនោះ។ អញ្ចឹងប៉ូលីសនឹងទប់ ព្រោះប៉ះពាល់ចរាចរណ៍របស់អ្នកផ្សេងធ្វើដំណើរ មានអស្ថិរភាព។ អញ្ចឹងគេត្រៀមសេណារីយ៉ូហ្នឹង។ ទី១ ធម្មតា ទី២ ត្រូវតែបុកយកញ្ញាត្ដិទៅដាក់។ អញ្ចឹង យើង​រំពឹងថានឹងប៉ះគ្នា។ ប៉ះគ្នាយើងត្រៀមហើយ។ គេថាបើប៉ះគ្នាលើកដំបូង កើតមានបញ្ហា ចលនាទូទាំងប្រទេសនឹងងើប។

ខ្ញុំសូមសួរប្រជាពលរដ្ឋរួមទាំងអ្នកដែលស្ដាប់អ្នកពីក្រៅប្រទេសស្រែកមកនោះថា តើអំពើបែបនេះរៀបចំទាំងគ្រាប់បែក ទាំងគ្រាបដបសាំង ទាំងដំបង ជំពាម ជាការត្រៀមឧបករណ៍សំភារៈសំរាប់ធ្វើបាតុកម្មអហិង្សាឬ? ទី ២ ផែនការគោលគំនិតចេញច្បាស់លាស់ហើយ គឺផ្ដួលរំលំរដ្ឋាភិបាល។ មិនមែនត្រឹមដក ឬមិនដកចេញពី CLV ទេ។ អញ្ចឹង បងប្អូនសួរមើល បើថាខ្លាចបាត់ប្រទេស ២៥ ឬ ៥០ឆ្នាំទៀត តើចាំបាច់ឈានទៅដល់ការបែកបាក់ទឹកដីអស្ថិរភាពថ្ងៃនេះធ្វើអី? បើបែកថ្ងៃនឹង ខ្មែរកាន់តែខ្សោយ ហ្នឹងហើយដែលធ្វើឲ្យបាត់​បង់ទឹកដីដោយស្វ័យ​ប្រវត្ដិ។ បាត់បង់ការពឹងផ្អែកលើកំលាំងខ្លួនឯង ព្រោះកំលាំងខ្លួនឯង ចែកតំបន់គ្នាត្រួត​ត្រា បែកគ្នា។ នេះជាការពិត។ អញ្ចឹងរាជរដ្ឋាភិបាលស្ដាប់អ្នកណា? ហេតុអ្វីមិនស្ដាប់ប្រជាពលរដ្ឋ? ខ្ញុំស្ដាប់ហើយ​ ប៉ុន្ដែប្រជាពលរដ្ឋមានបី ក្រុម។ ខ្ញុំត្រូវតែស្ដាប់អ្នកកណ្ដាល? អ្នកកណ្ដាលជាអ្នកដែលមិនចង់បាត់បង់​អធិ​បតេយ្យភាព បាត់បង់ទឹកដី បាត់​បង់ការអភិវឌ្ឍប្រទេស ធានាឲ្យបានស្ថិរភាព កុំឲ្យគាត់ពិបាករស់នៅ។

(៣៩) រាជរដ្ឋាភិបាលអនុវត្ដច្បាប់ ការពារ​សិទ្ធិសេរីភាពប្រជាជនកម្ពុជា ១៧លាននាក់ អ្នកភ្នំពេញ ២លាននាក់ រស់ក្នុងក្របខណ្ឌច្បាប់ ស្ថិរភាព សន្ដិភាព មិនមានការភ័យខ្លាច

ទុក​ពេលឲ្យអាចារ្យអាចារិនី រៀបកិច្ចពិធីការផង កុំលើកពេលគេទៀត។ នៅបង់ក្លាដែស សភាពការណ៍ចប់ហើយ រដ្ឋាភិបាល (មាន)អ្នកមកថ្មី​ ប៉ុន្ដែសហគមន៍ម៉ូស្លីមឈ្លោះគ្នានឹងសហគមន៍ហិណ្ឌូ។ ហិណ្ឌូសងសឹក។ នៅអង់គ្លេស អ្នក​ស្បែក​សដែលប្រឆាំងអន្ដោប្រវេសន៍ វាយអន្ដោប្រវេសន៍ វាយដោយទាំងប្រជាជនអង់គ្លេសដែលកើតពីឪពុកម្ដាយពីម៉ូស្លីម។ ឥលូវវាយតគ្នា។ ធ្លាប់តែទុកចិត្តគ្នា ដើរអត់ព្រួយ ឥលូវអត់ស្រួលទេ។ តើចង់ឲ្យនៅ​កម្ពុជា(អញ្ចឹង)ទេ? នៅស្រុកនោះគេមើលគ្នាដឹង អ្នកកាន់សាសនាខុសគ្នាយ៉ាងម៉េច។ ប៉ុន្ដែ នៅកម្ពុជាទាំងពីរក្រុមនេះ ​សុទ្ធតែខ្មែរដូចគ្នា។ កុំឲ្យខ្មែរលាបពណ៌គ្នាដោយសារសកម្មភាពបែបនេះ។ តែ(មាន)ទៅមានមកហើយ។ ទាំងអ្នកគាំទ្រទៅដល់កិច្ចសហប្រតិបត្ដិការ ទាំងអ្នកមិនគាំទ្រ ប្រសិនបើឈានដល់ការប្រើហិង្សាដាក់គ្នាហើយ វានឹងបែកបាក់ នឹងធ្វើឲ្យយើងលែងទុកចិត្តគ្នា។ ជួនកាលចេញពីផ្ទះទៅ នៅជិតគ្នាបបួលគ្នាតាមវាយគ្នា។ សូមកុំឲ្យកិច្ចការនេះកើតមាន។ រាជរដ្ឋាភិបាលគ្មានអ្វីក្រៅពីបំពេញកាតព្វកិច្ចអនុវត្ដច្បាប់ ដើម្បីការពារ​សិទ្ធិសេរីភាពរបស់ប្រជាជន ១៧ លាន នាក់ និង ២ លាននាក់នៅភ្នំពេញ ដើម្បីរស់ក្នុងក្របខណ្ឌច្បាប់ ស្ថិរភាព សន្ដិភាព ប្រកបរបរដោយមិនមានការភ័យខ្លាច។ នេះជាការចង់បានរបស់ប្រជាពលរដ្ឋ ដែលខ្ញុំស្ដាប់ហើយ។

(៤០) រួមគ្នាដោះស្រាយ កុំធ្វើសកម្មភាពនាំដល់ការប៉ះទង្គិចហិង្សា ឬការសងសឹកគ្នា

រដ្ឋាភិបាលមិនមែនល្អឥតខ្ចោះទេ។ ក្នុងមួយឆ្នាំនេះ យើងអនុវត្ដវិធានការទៅលើមន្ដ្រីប៉ុន្មានរូប ដោយ​ការ​ដកតំ​ណែង។ ខ្ញុំស៊ីញ៉េសំរាប់មន្ដ្រីខុស។ ព្រះរាជអាជ្ញាដកចេញពីក្របខណ្ឌ។ ឧកញ៉ាប៉ុន្មាននាក់យើងកាត់ចោល។ ​យើងធ្វើវិ​ធាន​ការអភិក្រមទី៥ ច្រើន។ សួរថាអស់ទេ? មិនទាន់អស់ទេ ប៉ុន្ដែយើងខិតខំដើម្បីកាត់បន្ថយ។ រឿងដីធ្លី អយុត្ដិធម៌សង្គម យើងខំបង្កើតយន្ដការដោះស្រាយក្រៅប្រព័ន្ធតុលាការ ដោះស្រាយជាមួយតុលាការ ហើយពង្រឹងអភិក្រមនៃការអនុវត្ដរបស់តុលាការ។ ការដោះស្រាយប្រព័ន្ធយុត្ដិធម៌ដើម្បីឲ្យបានល្អ។ រឿងដីធ្លី យើងបញ្ជូនក្រុមការងារពិសេសជួយសំរួលដោះស្រាយទៀត។ អាជ្ញាធរខេត្តដោះស្រាយជាប្រចាំ។ ជំលោះប្រជាពល​រដ្ឋ​នៅក្នុងផ្សារស្ទឹងត្រែង ត្រូវរើត្រូវអី ខ្ញុំ screenshot អោយបង អឿន (អភិបាលខេត្ត) ដោះស្រាយភ្លាម។ នៅខេត្ត​បន្ទាយមានជ័យ (មានហេតុការណ៍)ចេញតាមហ្វេសប៊ុក ក៏បានឲ្យទៅភ្លាម។ នៅកំពង់ឆ្នាំងចេញទៅភ្លាម។

យើងដោះស្រាយជូនប្រជាពលរដ្ឋបាន។ ឯកឧត្តម សាយ សំអាល់ ខំប្រឹងដោះស្រាយមួយឆ្នាំនេះ ពាក់ព័ន្ធរឿងបុរីជាប់គាំង។ យើងមិនបានដោះទាំងអស់ភ្លាម តែយើងបានដោះច្រើន រក្សាស្ថិរភាព។ ប្រជាពលរដ្ឋនៅតំបន់អប្សារា យើងកំពុង​តែប្រជុំរកវិធីយ៉ាងណាកុំឲ្យចេះតែប៉ះគ្នារវាងប្រជាពលរដ្ឋនិងអប្សារា។ រកវិធីណាដែលយើងឆ្លើយតបទាំង​តំរូវការប្រជាជន ទាំងអាជ្ញាធរក្នុងការអនុវត្ដការពារបេតិកភណ្ឌ។ យើងស្ដាប់ហើយ យើងធ្វើហើយ(ប៉ុន្ដែ)សួរថាអស់ឬនៅ? អត់ទាន់អស់ទេ។​ ប្រទេសណាក៏អត់អស់បញ្ហាដែរ។ រឿងថ្មីរហូត។ យើងខិតខំ ហើយសូមទុកឱកាសដើម្បីស្ថិរភាព។ យើងរួមគ្នាដោះស្រាយបញ្ហា ដោយផ្ដើមចេញពីការថែរក្សានូវទស្សនរួមគ្នា កុំធ្វើសកម្មភាពដែលឈានទៅដល់ប៉ះទង្គិចហិង្សា ឬការសងសឹកគ្នាទៅវិញមក។ បើចង់ថែរក្សាទឹកដី រួមគ្នា កុំបែកបាក់ជាមុនសិន …។

(៤១) រាជរដ្ឋាភិបាលត្រៀមអនុវត្ដច្បាប់ចំពោះអ្នកដុតប្រទេស និងអ្នកបំផុសអោយធ្វើសកម្មភាណលើ្មសច្បាប់

ខ្ញុំសូមអំពាវនាវសារជាថ្មី ជូនទៅដល់បងប្អូន(ដែល)ព្រួយបារម្ភពីប្រទេសជាតិ ទាំងអ្នកគាំទ្រ និងមិនគាំទ្រទៅលើកិច្ចសហប្រតិបត្ដិការនេះ( CLV-DTA)។ សូមធ្វើអភិក្រមបញ្ចេញមតិដោយសីលធម៌ បញ្ចេញមតិហើយកុំណាត់គ្នាទៅវាយកាប់ចាក់គ្នានៅលើដី។ ល្ងាចមិញ ខ្ញុំឃើញព័ត៌មានសង្គ្រឺតដាក់គ្នា។ អត់ស្គាល់គ្នាសោះ ឥលូវគុំគ្នាបាត់ហើយ ដោយសារពាក្យសម្ដី ទម្រាំទៅកាប់ចាក់គ្នាទៀតយ៉ាងម៉េច? រាជរដ្ឋាភិបាលនឹងត្រៀមអនុវត្ដច្បាប់ចំពោះអ្នកដុតប្រទេស អ្នកដែលបំផុសធ្វើអ្វីលើ្មសច្បាប់។ យើងនឹងមិនឲ្យ​ប្រជាពលរដ្ឋ ២លាននាក់ជាងនៅភ្នំពេញ និងប្រទេសយើង និងអ្នកគាំទ្រច្រើនលើសលប់ ទាំងអ្នកគាំទ្រ​គំរោងកិច្ចសហប្រតិបត្ដិការ និងមិនគាំទ្រ ព្រួយបារម្ភពីជាតិដោយស្មោះ ខកចិត្តនោះទេ។

យើងមិនអាចឲ្យផែនការមនុស្សមួយចំនួនតូចអាចធ្វើទៅបានដើម្បី ញុះ​ញង់ បំបែកបំបាក់ជាតិនោះទេ។ រដ្ឋាភិបាលជារឿងមួយ ប៉ុន្ដែសំខាន់កុំឲ្យបែកបាក់ជាតិ។ ឥលូវនៅសល់ ៤ឆ្នាំទៀត។ ឆ្នាំ ២០២៨ ប្រជាពលរដ្ឋមានអំណាចមានសិទ្ធិទេតើ។ ប្រសិនបើរាជរដ្ឋាភិបាលអាណត្ដិនេះធ្វើឲ្យបាត់បង់ទឹកដី បាត់បង់អធិបតេយ្យភាព គ្មានការអភិ​វឌ្ឍឈានទៅដល់ការបំផ្លាញធនធានធម្មជាតិនៅក្នុងខេត្តទាំង ៤ ខ្ទេចអស់ ប្រជាពលរដ្ឋខ្មែរនៅទីនោះ ដោយគ្មានហេតុផលច្បាស់លាស់ តើប្រជាពលរដ្ឋត្រូវធ្វើយ៉ាងណា? ឆ្នាំ ២០២៧ ឬ២០២៨ បោះឆ្នោតទំលាក់ទៅ កុំពិបាក។​ នេះជាសិទ្ធិស្របច្បាប់នៅក្នុងរដ្ឋធម្មនុញ្ញ។ សូមអនុវត្ដសិទ្ធស្របច្បាប់របស់ប្រជាពលរដ្ឋ។ បើខ្លាចថា ៥ឆ្នាំអី (មិនទាន់បង្ហាញលទ្ធភាព) អញ្ចឹង ៥ឆ្នាំទៀត ធ្វើទៀត ១០០ឆ្នាំ គង់តែ ៥ឆ្នាំ ២០ដង ទេតើ …។

(៤២) សូមអាចារ្យ​អាចារិនីដើរតួនាទីរក្សាភាពថ្លៃថ្នូរ និងអហិង្សារបស់ប្រជាជាតិ រួមស្រាយកង្វល់ និងកសាង

អញ្ចឹង ៥ ឆ្នាំ(ម្ដង) ប្រជាពលរដ្ឋមានសិទ្ធិមានអំណាចគ្រប់គ្រាន់ដើម្បីដាក់ពិន័យទៅលើរដ្ឋាភិបាល គណបក្សកាន់អំណាច ដែលធ្វើឲ្យបាត់បង់ ទឹកដី អធិបតេយ្យភាព ហើយមានសិទ្ធិក្នុងនាមជាប្រជាពលរដ្ឋស្របច្បាប់ប្ដឹងទៅអង្គការសហប្រជាជាតិ​យកដីមកវិញ ព្រោះថា(ផែនទី)ដី(កម្ពុជា)ឥលូវ នៅក្នុងអង្គការសហប្រជាជាតិ។ ខ្លាចអី។ខ្លាចបំផុតគឺការបែកបាក់ជាតិខ្លួនឯងទេតើ។ ដូចដែលខ្ញុំនិយាយអញ្ចឹង កាលពីយើងវ៉ៃគ្នាតំបន់ប៉ៃលិន តំបន់អី មិនមែនថៃគ្រប់គ្រងទេ។ គឺខ្មែរគ្រប់គ្រង។ ប៉ុន្ដែខ្មែរដែលពាក់មុខយក្សដាក់គ្នា កាប់សម្លាប់គ្នា។ កុំឲ្យរឿងហ្នឹងកើតឡើងវិញទៀត។ ខ្ញុំសូមបងប្អូនទាំងអស់គ្នានៅទីនេះ និងខាងក្រៅ ទាំងអាចារ្យ​ អាចារិនី មានតួនាទីថែរក្សាភាពថ្លៃថ្នូរ និងអហិង្សារបស់ប្រជាជាតិយើង រួមគ្នាដោះស្រាយបញ្ហាកង្វល់ ហើយរួមគ្នាកសាង។ អាចារ្យមកពីខេត្តស្ទឹង​ត្រែង អាចារ្យពីមណ្ឌលគីរី រតនគីរី អាចារ្យពីក្រចេះ ត្រឡប់ទៅវិញ សូមជួយពង្រឹងវប្បធម៌ឲ្យជាតិខ្មែរខ្លាំងនៅខេត្តទាំង ៤នោះ តទៅមុខទៀត។ ត្រូវទេ?

អាចារ្យមកពីខេត្តទាំង ៤ អត់មានផែនការនិរទេសមកនៅភ្នំពេញទេ? ត្រឡប់ទៅវិញការពារ។ និយាយបែបនេះ ខ្ញុំសូមបញ្ជាក់ថាជាការឆ្លើយតបចំពោះអ្វីដែលមានអ្នកខ្លះថាមិនបានស្តាប់ប្រជាជន។ យើងស្តាប់។ ខ្ញុំសូមជូនប្រជាពលរដ្ឋភាគច្រើនលើសលប់ថា រាជរដ្ឋាភិបាលនឹងធានានូវចំណុចទាំង៤ ដែលបងប្អូនចង់បាន ដើម្បីអធិបតេយ្យភាព ការពារទឹកដី ការអភិវឌ្ឍនៅតំបន់ឥសាន និងទូទាំងប្រទេស បូកជាមួយនឹងការថែរក្សាស្ថេរ​ភាព និងសន្តិភាព ជំរុញសេដ្ឋកិច្ចរបស់យើង … យើងធ្វើការជាមួយវិស័យឯកជន ធ្វើគ្រប់(ភាគី)ទាំងអស់(ដែលអាចធ្វើបាន) ដូចជាអ្នកសៀមរាបឥឡូវបានធូរជាង ២ខែមុន។ តែយើងមិនទាន់សប្បាយចិត្តទេ។ ការមកដល់នៃទេសចរមានឡើងមានចុះ។ តែយើងខំប្រឹងដើម្បីឲ្យប្រជាពលរដ្ឋទាំងនៅគ្រប់កន្លែងទាំងអស់ ទាំងនៅរាជធានីភ្នំពេញ មានចីរភាពនិងស្ថេរភាពសង្គម រស់នៅបានសេចក្តីសុខ កុំឲ្យបែកបាក់គ្នា ឈ្លោះគ្នា …។

(៤៣) ក្រសួងការបរទេសគួរសួររដ្ឋាភិបាលជប៉ុន តើគាំទ្រការប្រើប្រាស់ទឹកដីបំផុសឱ្យផ្តួលរដ្ឋាភិបាលនៅប្រ​ទេសផ្សេងឬទេ

ចំពោះអ្នកដែលបំផុសបំផុលនៅក្រៅប្រទេសប៉ុន្មាននោះ ដែលភាគច្រើននៅជប៉ុន ខ្ញុំសូមឲ្យក្រសួងការបរទេសសួរទៅរដ្ឋាភិបាលជប៉ុនតែម្តង។ ឥឡូវភស្តុតាងមានហើយ។តើជប៉ុនគាត់គាំទ្រទេ ដែលយកទឹកដីជប៉ុនប្រើប្រាស់ក្នុងការបំផុសអោយមានការផ្តួលរដ្ឋាភិបាលនៅប្រទេសផ្សេង។ ការបញ្ចេញមតិស្របច្បាប់មិនអីទេ ខ្ញុំមិនថាត្រូវឲ្យជប៉ុនដេញមកវិញទេ ប៉ុន្តែគួរសួរថាតើជប៉ុនគាំទ្រទេ ដែលយកទឹកដីជប៉ុនជាមូលដ្ឋានសម្រាប់ដឹកនាំបាតុកម្មផ្តួលរំលំ(រដ្ឋាភិបាលស្រាបច្បាប់)។ មានសារច្បាស់លាស់ហើយគឺ “យើងត្រូវតែផ្តួលរដ្ឋាភិបាល”។ តើនេះជាអ្វី? នៅជប៉ុន ក៏គេមិនការពារដែរ។ ខ្ញុំឃើញនៅកូរ៉េ ភាគច្រើនពេលដែលមានបាតុកម្ម ឃើញប៉ូលីសកូរ៉េធ្វើចរាចរណ៍ គេថានៅស្រុកកូរ៉េ ប៉ូលីសគេជួយ ខុសពីស្រុកខ្មែរ។ ខ្ញុំសូមបញ្ជាក់អញ្ចេះ បើសិនជានៅកូរ៉េដាក់ពាក្យស្នើសុំធ្វើបាតុកម្មនេះថា សុំត្រៀមដបសាំង ត្រៀមជំពាមកៅស៊ូ ត្រៀម drone ដែលមានគ្រាប់បែក ខ្ញុំគិតថាប៉ូលីសកូរ៉េក៏មិនឲ្យធ្វើដែរ ប្រទេសណាក៏គេមិនឲ្យធ្វើដែរ។ ទៅបាតុកម្មបញ្ចេញមតិស្របច្បាប់តាមលទ្ធិប្រជាធិបតេយ្យ យកដបសាំងទៅធ្វើអ្វី យកជំពាមធ្វើអ្វី យក drone ដែលរៀបគ្រាប់បែកទម្លាក់ធ្វើអ្វី? ខ្ញុំមិនដឹងថាការពិត ឬការបំផ្លាញ ឬមួយពន្យុះទេ ប៉ុន្តែមានការពោលពាក្យបែបៗនេះ។ ជនជាតិកូរ៉េក៏មានបាតុកម្មដែរ ប៉ុន្តែក៏មិនដែលមានបាតុកម្មណាដែលគេយកដបសាំង យកអីទៅដែរ។ បើមាន គឺនឹងមានបញ្ហា។ ជប៉ុនដូចគ្នា។

យើងមានទំនាក់ទំនងល្អជាមួយជប៉ុន។ តាមពិត ជប៉ុនគួរតែជាអ្នកដែលយល់លើរឿងអភិវឌ្ឍ CLV-DTA នេះ ព្រោះជប៉ុនខ្លួនឯងជាអ្នកគាំទ្រតាំងពីដើមទី។ នៅឆ្នាំ ២០០៦ ជប៉ុនបានឲ្យលុយ ២០លានដុល្លារ ទៅជួយដល់កិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ CLV-DTA នេះ។ ខ្មែរបាន ៧លានកន្លះ … ប្រទេសមួយៗអភិវឌ្ឍរៀងៗ ខ្លួន។ ជប៉ុនជាអ្នកយល់។ ថ្ងៃមួយខ្ញុំឃើញប្អូនម្នាក់ ជនជាតិខ្មែរ គាត់ព្រួយរឿងបាត់បង់អធិបតេយ្យភាព។ គាត់ទៅសួរជប៉ុនវិញ។ ជប៉ុនដែលជាអ្នកជំនាញការក្នុងការគូសវាសផែនការអភិវឌ្ឍរួម។ ជប៉ុនគេពន្យល់ខ្មែរយើងវិញថាអាហ្នឹងមិនមែនឲ្យបាត់អធិបតេយ្យភាពទេ។ ប្រទេសមួយៗ មានច្បាប់។ បានគាត់យល់ ខ្ញុំឃើញគាត់ចេញសារ។ ទៅជាជប៉ុនអ្នកពន្យល់ខ្មែរវិញថា គម្រោងហ្នឹងមិនឲ្យបាត់អធិបតេយ្យភាពកម្ពុជាទេ ព្រោះជំនាញការជប៉ុនម្នាក់ហ្នឹងគាត់ជាអ្នកជួយកសាងអភិវឌ្ឍន៍ផែនការមេហ្នឹង។

អញ្ចឹងជប៉ុនគួរយល់ថារឿងនេះមិនជាកង្វល់ ប៉ុន្តែប្រជាពលរដ្ឋខ្មែរមានសិទ្ធមានកង្វល់ បញ្ចេញមតិអំពីការបាត់​បង់អធិបតេយ្យភាព បាត់បង់ទឹកដី។ ខ្ញុំគាំទ្រ ខ្ញុំមិនហាមឃាត់ទេ ប៉ុន្តែការបញ្ចេញមតិត្រូវមានក្រម ត្រូវមានព្រំដែន។ ការផ្តួចផ្តើមគំនិតបែបណា​ធ្វើឲ្យមានអស្ថេរភាពក្នុងប្រទេស ធ្វើឲ្យប្រទេសអាចឈានទៅដល់ការបែកបាក់ជាតិ ការប៉ះទង្គិចគ្នា ធ្វើឲ្យមានការគុំគ្នាទៅវិញទៅមក ការអនុវត្តលើសព្រំដែនច្បាប់ គឺរាជរដ្ឋាភិបាលគ្មានជម្រើសណាក្រៅពីអនុវត្តច្បាប់ឲ្យបានម៉ឹងម៉ាត់ដូចនៅប្រទេសអង់គ្លេសអញ្ចឹង។ ប្រទេសសេរីក៏គេអនុវត្តច្បាប់ដែរ ដើម្បីការពារប្រជាពលរដ្ឋរស់នៅរាប់លាននាក់ ដែលដឹងតែដល់ម៉ោងគេទៅធ្វើការ កូនទៅរៀន ដល់ខែបើកប្រាក់ខែ កម្មករ/ការិនី ថ្ងៃសៅរ៍ ថ្ងៃអាទិត្យបានសម្រាក ថ្ងៃច័ន្ទចូលធ្វើការវិញ បាន OT។

ខែ ១០ នេះត្រូវប្រជុំតម្លើងប្រាក់ខែទៀត។ ប្រជាពលរដ្ឋ កម្មករ/ការិនី គាត់ចង់បានប៉ុណ្ណឹង។ ឥឡូវរដ្ឋាភិបាលចេញគោលការណ៍រឿងពេលគាត់មានផ្ទៃពោះឧបត្ថម្ភ កំពុងរៀបចំគោលនយោបាយ រៀបចំទារកដ្ឋានឲ្យកូនគាត់នៅជិតរោងចក្រ … គាត់ចង់បានការរស់ស្រួល ជីវភាពរស់នៅ … យើងកំពុងដាក់គោលនយោបាយមួយចំនួន សំរាប់ ២០២៥ ដើម្បីជួយបន្ថែមទៀត។ វិស័យមួយចំនួនកំពុងតែកើន។ វិស័យកសិកម្ម ប្រជាកសិករ ខ្ញុំសួរអ្នកមានកៅស៊ូ ១ហិកតា ២ ហិកតា អ្នកស្វាយចន្ទីគាត់សប្បាយប៉ុន្មានឆ្នាំនេះ។

ឥឡូវទេសចរណ៍នៅសៀមរាបងើបឡើងវិញបាន ២០០០ នាក់ តិចទៀតឡើងទៀត។ គាត់ចង់បានអញ្ចឹង។ ធ្វើម៉េចឲ្យបានសេចក្តីសុខទៅ។ កុំនាំគ្នាដុតប្រទេស កុំនាំគ្នាឈ្លោះគ្នា ​​កុំនាំគ្នាធ្វើអ្វីដែលគេខ្លាចមិនហ៊ានមកកម្ពុជា ទាំងវិនិយោគ ទាំងទេសចរណ៍។ អ្នកខ្លះកក់អាចារ្យ​ហើយ។ បានច្រើនរោងដែរតើ។ កុំឲ្យគេលុបការកក់វិញ។ ការបានដោយសារតែស្ថេរភាព បិទបំរាមគោចរ ឬមួយក៏យ៉ាងណា។ អញ្ចឹងខ្ញុំសូមជូនពរអាចារ្យដែលអត់ទាន់មានគេកក់ ឲ្យបានកក់កាន់តែឆាប់។

(៤៤) ខ្លាចបាត់សាមគ្គីជាតិ ខ្លាចខ្មែរដាច់ដៃដាច់ជើងឡើងវិញ ខ្លាចខ្មែរមិនអាចនិយាយគ្នាបាន

នេះហើយ ដែលថារាជរដ្ឋាភិបាលស្តាប់ប្រជាពលរដ្ឋ គឺត្រូវស្តាប់មតិរួម រកដំណោះស្រាយជូន ប៉ុន្តែប្រជាពលរដ្ឋត្រូវរួមគ្នាថែរក្សាផលប្រយោជន៍ជាតិ កុំឲ្យបែកបាក់តាមរយៈការធ្វើសកម្មភាពឲ្យបាត់បង់នូវស្ថេរភាព និងសន្តិភាព និងការរួបរួមជាតិ ធ្វើឲ្យមើលមុខគ្នាមិនត្រូវ ឈានទៅដល់ការប៉ះទង្គិចគ្នា។ សុំកុំឲ្យមានបែបនេះ។ រួមគ្នាទៅ … ជាពិសេសយុវជន។ អ្នកខ្លះ(មានអាស្មិមានៈថាអោយតែ)អញឡើង គឺអូសកអ្នកនេះមកកាត់ចោល … ជេរគ្នាទៅវិញទៅមក រហូតដល់ប្រមាថជីវិតគ្នា … មិនកើតទេ។ ការបញ្ឆេះក្នុងចិត្ត តើអាចប៉ះគ្នាទេ? អញ្ចឹងខ្ញុំសុំឲ្យទាំងអ្នកគាំទ្រកិច្ចសហប្រតិបត្តិការ និងអ្នកមិនគាំទ្រកិច្ចសហប្រតិបត្តិការ ដែលអ្នកទាំងអស់គ្នាមន្ទិលសង្ស័យ ក៏ដូចជាកង្វល់អំពីអនាគតរបស់ជាតិ អធិបតេយ្យទឹកដី ត្រូវចែកនូវគំនិតដូចប្រជាពលរដ្ឋមួយភាគធំដែលនៅកណ្តាល គឺរួមគ្នាការពារទឹកដីរបស់យើងឲ្យបានយូរអង្វែង តាមរយៈការថែរក្សាសាមគ្គីជាតិ ស្ថេរភាពសង្គម កុំឲ្យបែកបាក់ជាតិ ធ្វើសកម្មភាពអីដែលបាត់បង់ផលប្រយោជន៍ជាតិ បង្កអស្ថេរភាព។

ឲ្យតែនិយាយអញ្ចឹង គេថាខ្ញុំខ្លាច។ ខ្ញុំខ្លាចមែន ខ្លាចបាត់សាមគ្គីជាតិ ខ្លាចខ្មែរត្រូវដាច់ដៃដាច់ជើងឡើងវិញ ព្រោះខ្ញុំចែកផ្ទះជូនអតីតយុទ្ធជនពិការរាប់ពាន់នាក់ កូនកំព្រាដោយសារសង្គ្រាម។ ខ្ញុំខ្លាចណាស់នៅពេលដែលខ្មែរមិនអាចនិយាយគ្នាបាន កាប់ចាក់គ្នា។ ខ្ញុំខ្លាចតែប៉ុណ្ណឹង។ គេថាពូជខ្មែរពូជចំបាំង ចំបាំងការពារជាតិ សូមកុំឲ្យចំបាំងនៅក្នុងការកាប់ចាក់ខ្មែរគ្នាឯង កុំធ្វើអីដែលប៉ះពាល់ផលប្រយោជន៍រួម។ ចង់ថាអីថាចុះ ជេរខ្ញុំប្រមាថរឿងអីចុះ … ប៉ុន្តែកុំឲ្យឈានទៅដល់ការបំផ្លាញសេចក្តីសុខរួម។ ខ្ញុំសូមឲ្យបងប្អូនទាំងអស់ពិចារណាទៅលើកិច្ចការនេះ។ ខ្លាចបាត់បង់ឯកភាពជាតិ បាត់បង់នូវការសាមគ្គីគ្នា ស្រឡាញ់គ្នា។ មិនតិចទេ ២០១៣ បាតុកម្មជិត ១ឆ្នាំ មើលមុខគ្នាអត់ត្រង់ទេ។ ខ្មែរនិងខ្មែរ អ្នកគាំទ្របក្សផ្សេងគ្នា អ្នកនៅផ្ទះជិតខាងចេញជេរគ្នា នៅក្នុងភូមិ ឃុំ ជាមួយគ្នាចង់គំរាមយកផ្គាក់ទៅកាប់គ្នា។ មិនល្អទេ ហើយគ្មានជាតិណាគេឈឺក្បាលទេ បើខ្មែរកាប់គ្នា។ តែខ្មែរខ្លួនឯងហ្នឹង មែនទេ? អ្នកណាក៏មានជាតិរបស់គេ គេគិតគូររឿងប្រទេសជាតិរបស់គេ។

អញ្ចឹងកុំឲ្យការព្រួយបារម្ភនេះក្លាយទៅជាការបែកបាក់ជាតិ … ថ្ងៃនេះនិយាយពីអាចារ្យអាចារ្យរិនី ប៉ុន្តែរឿងពាក់ព័ន្ធនឹងវប្បធម៌ អរិយធម៌របស់យើង ពាក់ព័ន្ធនឹងភាពសុខដុមរមនារបស់យើង ដែលជាកត្តាចំបងសម្រាប់ការរីកចម្រើននៃអរិយធម៌របស់យើង។ ការបែកបាក់ដែលជាមូលដ្ឋាននៃការបាត់បង់ និងធ្លាក់ចុះនៃអរិយធម៌ វប្បធម៌របស់យើងដូចគ្នាដែរ។ អញ្ចឹងកូនខ្មែរជំនាន់នេះរួមគ្នាការពារវប្បធម៌ អរិយធម៌ទៅថ្ងៃអនាគត គឺតាមរយៈការពារកត្តាចំបងបំផុត គឺសន្តិភាព ការឯកភាពជាតិរបស់យើង ឲ្យនៅមាន កុំឲ្យកាប់ចាក់គ្នាឡើងវិញ នេះគឺជាការរួមទាំងអស់គ្នា។ ថ្ងៃនេះថែមប្រធានបទថ្មី ឡើងចង់ស្ងួតក្រដាសវិញហើយ។

[ចប់សេចក្តីអធិប្បាយទី២]

ដើម្បីចូលរួមដល់ការលើកកម្ពស់ និង ការពង្រឹងវិស័យធម្មការ និង សាសនាឱ្យកាន់តែ​ប្រសើរ, ខ្ញុំសូមផ្តល់នូវទស្សនៈ និង អនុសាសន៍មួយចំនួន ដូចខាងក្រោម ៖

ទី១. ក្រសួងធម្មការ និង សាសនា ត្រូវបន្តរៀបចំវគ្គបណ្តុះបណ្តាលអំពីតួនាទី ភារកិច្ច និងក្រម-សីលធម៌អាចារ្យខ្មែរ សម្រាប់ អាចារ្យ អាចារិនី ដើម្បីបំពេញតម្រូវការរបស់ប្រជាជននៅទូទាំងប្រទេសចំពោះវិស័យដ៏សំខាន់នេះ ។

ទី២. សូម អាចារ្យ អាចារិនី បង្កើនសាមគ្គីភាពល្អជាមួយ ពុទ្ធបរិស័ទ ព្រះសង្ឃ និង អាជ្ញាធរ​គ្រប់លំដាប់ថ្នាក់ ហើយប្រកាន់ខ្ជាប់នូវក្រមសីលធម៌របស់ខ្លួន, ជួយទប់ស្កាត់សកម្មភាពការយកសាសនាធ្វើអាជីវកម្ម, បម្រើព្រះពុទ្ធសាសនាប្រជាជនគ្រប់មជ្ឈដ្ឋាន រក្សាឱ្យបាននូវប្រពៃណីវប្បធម៌ដ៏ល្អផូរផង់របស់ខ្មែរយើង និង ចូលរួមចំណែកអប់រំ សំដៅលុបបំបាត់ការប្រើប្រាស់ និង ការជួញដូរគ្រឿងញៀន អំពើហិង្សាក្នុងគ្រួសារ ការជួញដូរមនុស្សក្មេងទំនើងជាដើម ។

ទី៣. ខ្ញុំសូមលើកទឹកចិត្តដល់ អាចារ្យ អាចារិនី ដែលមានតួនាទីជាគណៈកម្មការ អាចារ្យ​វត្ត សូមបង្កើនកិច្ចសហការល្អជាមួយព្រះសង្ឃ ហើយប្រកាន់ភ្ជាប់ស្មារតីជានិច្ចថា អាចារ្យ អាចារិនី គឺជាសេនាធិការ ឬ ជាវេយ្យាវច្ចករ (អ្នកបម្រើព្រះសង្ឃ) ដូច្នេះមិនត្រូវសម្តែងសកម្មភាពណាមួយមិនថាដោយកាយក្តី វាចាក្តី ចិត្តក្តី ដែលមិនសមរម្យចំពោះព្រះសង្ឃ ដែលជាហេតុនាំឱ្យកើតមាននូវវិវាទធ្វើឱ្យប៉ះពាល់ដល់គុណតម្លៃ និង សេចក្តីថ្លៃថ្នូររបស់វត្ត ក៏ដូចជាកិត្យានុភាពនៃព្រះពុទ្ធសាសនាជាតិយើងឡើយ។

ទី៤. សូម អាចារ្យ អាចារិនី រក្សាឱ្យបាននូវគុណធម៌ខ្ពស់ ចៀសវាងការប្រព្រឹត្តខុសឆ្គងដោយ​ប្រការណាមួយ ការប្រកាន់បក្សពួក និន្នាការនយោបាយរើសអើងវណ្ណៈដែលធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់អាចារ្យអាចារិនី។

ទី៥. ក្រសួងធម្មការ និង សាសនា ត្រូវធ្វើបច្ចុប្បន្នភាពលើ ឯកសារសម្រាប់បង្រៀន ធ្វើយ៉ាងណាឱ្យការប្រតិបត្តិនៅក្នុងសាសនពិធី និង ពិធីអាពាហ៍ពិពាហ៍មានការឯកភាពគ្នា។ ទន្ទឹមនេះ ក្រសួងធម្ម-ការ និង សាសនា ត្រូវសហការជាមួយគ្រប់ភាគីពាក់ព័ន្ធក្នុងការបណ្តុះបណ្តាល និង តម្រង់ទិស ដល់ តួអង្គប្រតិបត្តិករ ក្នុងការអនុវត្តនូវពិធីកម្មសាសនា និង ពិធីផ្សេងៗ។

ទី៦. ក្រសួងធម្មការ និង សាសនា ត្រូវរៀបចំឡើងវិញឱ្យមានសមាគមអាចារ្យខ្មែរ ដើម្បីធ្វើយ៉ាងណាធានានិរន្តរភាព ក្នុងការកសាងបាននូវមូលធនអាចារ្យប្រកបដោយសមត្ថភាព និង ចំណេះ -ដឹងខ្ពស់ ចូលរួមថែរក្សា ការពារ ព្រះពុទ្ធសាសនា ប្រពៃណី ទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ជាតិឱ្យបានគង់វង្សជានិច្ចនិរន្តរ៍។

ទី៧. សូម អាចារ្យ អាចារិនី បន្តប្រព្រឹត្តឱ្យបានត្រឹមត្រូវទៅតាមធម៌វិន័យសាសនា និងសីលធម៌សង្គម កសាងខ្លួនឱ្យក្លាយទៅជាបុគ្គលដែលទទួលបាននូវការគោរព ស្រឡាញ់ និង ការជឿទុកចិត្តពីប្រជាជនមហាជននៅមូលដ្ឋាន ។ ក្នុងនាមជា អាចារ្យ អាចារិនី ក្រៅពី មានតួនាទីដឹកនាំ រៀបចំពិធីកម្មផ្សេងៗ, សូមចូលរួមសកម្មភាពសង្គមនានា តាមរយៈការផ្ដល់ការអប់រំប្រជាជន យុវជន កូនចៅរបស់ប្រជាពលរដ្ឋ ឱ្យវៀរចាកអំពើអបាយមុខផ្សេងៗ, ដូចជា គ្រឿងញៀន សកម្មភាពក្មេងទំនើង ល្បែង-ស៊ីសង អំពើហិង្សា និង ការជួញដូរមនុស្សជាដើម ដើម្បី​រួម​ចំណែក​ដល់ការពង្រឹង ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ។

មុននឹងបញ្ចប់, ជាថ្មីម្តងទៀតខ្ញុំសូមសម្តែងនូវការកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំ និង មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងធម្មការ និង សាសនា លោក លោកស្រី អាចារ្យ អាចារិនី ទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា ស្មារតី ក្នុងការបំពេញតួនាទីភារកិច្ចដ៏ថ្លៃថ្លាជូនជាតិ ដែលជាការរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញផ្នែកប្រពៃណី ទំនៀមទម្លាប់ និង សាសនារបស់ខ្មែរយើង ឱ្យកាន់តែល្អផូរផង់បន្ថែមទៀត សម្រាប់កូនចៅជំនាន់ក្រោយៗទៀត ។

ជាទីបញ្ចប់, ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ, លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា, លោកគ្រូឧទ្ទេសាចារ្យ លោក លោកស្រី អាចារ្យ អាចារិនី សូមមានសុខភាពល្អបរិបូណ៌, ទទួល​បាន​ជោគជ័យក្នុងគ្រប់ការងារ និង សេចក្តីចម្រើនគ្រប់ប្រការ ក្រោមម្លប់ដ៏សែនត្រជាក់​នៃ​សុខសន្តិភាព និង សូមប្រកប- ដោយពុទ្ធពរ និង ពរទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណ កុំបីឃ្លៀងឃ្លាត។

[ចាប់ផ្តើមសេចក្តីអធិប្បាយទី៣]

ថ្ងៃនេះខ្ញុំមានសម្រាប់អាចារ្យ ឧទ្ទេសាចារ្យ អាចារ្យ អាចារិនី មានសរុប ១០២១ នាក់ ម្នាក់ៗថវិកា ២០ ម៉ឺនរៀល។ អាចារ្យជប់លៀងដែរតើអី? ជូនគណៈកម្មការរៀបចំអង្គពិធីទាំងមូល ថវិកា ២០ លានរៀល។ ជូនវិទ្យាស្ថានជាតិអប់រំ ថវិកា ៥ លានរៀល។ ជូនក្រុមគ្រូពេទ្យប្រចាំការអង្គពិធីថវិកា ៣ លានរៀល។ បាទ!សូមអរគុណ!

[ចប់សេចក្តីអធិប្បាយទី៣]