Monday, June 01, 2020

ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ថ្លែងសំណេះសំណាលជាមួយមន្ត្រី និងក្រុមការងារបច្ចេកទេស ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅក្រុងព្រះសីហនុ (FN)

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រី និងក្រុមការងារបច្ចេកទេស ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុង ក្នុងខេត្តព្រះសីហនុ ក្រោយពីបានចុះពិនិត្យមើលការសាងសង់ផ្លូវនៅក្នុងក្រុងព្រះសីហនុ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងសំណេះសំណាលប្រមាណជាង៣ម៉ោង ជាមួយខ្លឹមសារសំខាន់ដូចខាងក្រោម៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរដល់កងវិស្វកម្ម និងក្រុមការងារសាងសង់ក្រុមហ៊ុនឯកជនទាំងអស់ ដែលបានប្រឹងប្រែងរួមគ្នាសម្រេចការសាងសង់ផ្លូវទាំង៣៤ខ្សែ បានលឿនជាងផែនការកំណត់។
* សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើការសាកសួរសុខទុក្ខកម្មករជាង៤ពាន់នាក់ ដែលបម្រើការងារសាងសង់ផ្លូវទាំង៣៤ខ្សែ និងឧបត្ថម្ភថវិកា១នាក់ ១០ម៉ឺនរៀល។
* សម្តេចតេជោ ហ៊ុន សែន បានរំលឹកជាថ្មីថា មូលហេតុដែលនាំឱ្យសម្តេចសម្រេចបើកការសាងសង់ផ្លូវទាំង៣៤ខ្សែក្នុងក្រុងព្រះសីហនុ គឺបន្ទាប់ពីសម្តេចបានមើលឃើញថា ផ្លូវក្នុងព្រះសីហនុនេះមិនសមនឹងកំណើនកម្ពស់អគារដែលកំពុងដុះដាល។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការវិនិយោគលើការកសាងហេដ្ឋារចនាសម្ព័ន្ធ ខេត្តព្រះសីហនុពេលនេះ មានទឹកប្រាក់ប្រមាណ៣៤០លានដុល្លារ
* សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ប៉ូលសេដ្ឋកិច្ចកម្ពុជាពេលនេះ មាន៣ គឺភ្នំពេញ សៀមរាប និងព្រះសីហនុ។ សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា កម្ពុជានឹងមានប៉ូលសេដ្ឋកិច្ចទី៤ មួយទៀត នៅភូមិភាគឦសាន្ត
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខេត្តព្រះសីហនុ ជាខេត្តមានការខ្ទេចខ្ទាំខ្លាំងខាងផ្នែកហេដ្ឋារចនាសម្ព័ន្ធ ហេតុនេះហើយទើបសម្តេចសម្រេចស្ថាបនាផ្លូវនៅក្នុងខេត្តព្រះសីហនុ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការស្ថាបនាផ្លូវដ៏ប្រណីតក្នុងក្រុងព្រះសីហនុ រួមទាំងការស្ថាបនាឆ្នេរឱ្យស្រស់ស្អាត នឹងក្លាយទៅជាក់ការទាក់ទាញភ្ញៀវទេសចរកាន់តែខ្លាំងមកខេត្តភាគនិរតីមួយនេះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជារីករាយចំពោះសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធនៅក្នុងក្រុងព្រះសីហនុ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភ្ញៀវទេសចរនឹងអាចទៅមើលកម្សាន្តផ្លូវ នៅខេត្តព្រះសីហនុ ហើយសម្តេចជំរុញឱ្យអភិបាលខេត្តតុបតែផ្លូវ និងភ្លើងបំភ្លឺឱ្យបានស្រស់ស្អាត
* សម្តេចតេជោ ហ៊ុន សែន អរគុណលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល លោក ថោង ខុន និងមន្ត្រី អាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលប្រឹងប្រែងសម្រេចសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធនៅក្នុងព្រះសីហនុ។
* សម្តេចតេជោ ហ៊ុន សែន អរគុណដល់ប្រជាពលរដ្ឋដែលចូលរួមសហការ និងយោគយល់ចំពោះការស្ថាបនាផ្លូវ រួមទាំងការកែលំអរឆ្នេរ។
* សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យមានការបំពាក់អំពូលឆ្លាតវៃឱ្យបានច្រើនតាមដងវិថីនៅក្នុងក្រុងព្រះសីហនុ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទៅថ្ងៃមុខមិនត្រឹមតែក្រុងព្រះសីហនុទេ ទីក្រុងដទៃទៀត ក៏ត្រូវដាក់អំពូលឆ្លាតវៃនេះដែរ ដើម្បីកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនី។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពីមុនមិនអាចតភ្ជាប់ផ្លូវពីឆ្នេរអូរត្រេះ មកឆ្នេរអូរឈើទាលនោះទេ តែឥឡូវត្រូវបានតភ្ជាប់ឡើងវិញ បន្ទាប់ពីម្ចាស់កម្មសិទ្ធិដីឯកជនមួយព្រមប្រគល់ដីមកឱ្យរាជរដ្ឋាភិបាលវិញ សម្រាប់ធ្វើផ្លូវតភ្ជាប់។
* សម្តេចតេជោ ហ៊ុន សែន អរគុណប្រជាពលរដ្ឋដែលចូលរួមសហការជាមួយអាជ្ញាធរសម្រាប់ការរៀបចំ និងតភ្ជាប់ឆ្នេរនៅក្រុងព្រះសីហនុ។
* សម្តេចតេជោ ហ៊ុន សែន បានស្នើទៅអាជ្ញាធរឱ្យបន្តគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់កុំឱ្យខូចឆ្នេរ និងទឹកសមុទ្រ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងដំណើរពិនិត្យផ្លូវព្រឹកមិញនេះ សម្តេចបានប្រសិទ្ធនាមទីតាំងលើផ្លូវចំនួន៣កន្លែង ដោយដាក់ឈ្មោះទីតាំងនោះថា «ខ្មែរធ្វើបាន» «សិលាចាំស្នេហ៍» និង «ដើមឈើចាំស្នេហ៍»។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គោលដៅធំសម្រាប់ក្រុងព្រះសីហនុ គឺត្រូវបង្កើតឱ្យក្លាយទៅជាទីក្រុងពហុបំណង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខេត្តព្រះសីហនុ ត្រូវបានបំពាក់កាមេរ៉ាសុវត្ថិភាព ច្រើនជាងរាជធានីភ្នំពេញ ដែលមានរហូតដល់ ជិត៦០០កន្លែង
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទៅថ្ងៃខាងមុខក្រុងព្រះសីហនុ អាចក្លាយទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខេត្តព្រះសីហនុ មានតំបន់សេដ្ឋកិច្ចពិសេសចំនួន២ ក្នុងនោះមាន១កន្លែងវិនិយោគដោយចិន និងមួយកន្លែងទៀត វិនិយោគដោយជប៉ុន
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្លូវរត់ចម្ងាយ៣៨០០ម៉ែត្រ នឹងត្រូវដាក់ឱ្យប្រើប្រាស់ នៅឆ្នាំ២០២០
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រុងព្រះសីហនុ បានក្លាយទៅជាក្រុងអភិវឌ្ឍពហុជាតិសាសន៍។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កោះនៅស្រុកខ្មែរ ពេលនេះតម្លៃសឹងតែថ្លៃជាងប្រទេសមួយ ប៉ុន្តែនៅតែមានអ្នកទេសចរទៅលេង
* សម្តេចតេជោ ហ៊ុន សែន រិះគន់ប្រទេសមួយចំនួន ដែលបានវាយប្រហារលើផ្នែកសុខាភិបាលកម្ពុជា ខណៈដែលប្រទេសនោះ កំពុងមានមនុស្សស្លាប់ដោយសារកូវីដ១៩ជាបន្តបន្ទាប់ ខណៈកម្ពុជាមិនមានអ្នកជំងឺកូវីដ១៩ ណាម្នាក់ស្លាប់
* សម្តេចតេជោ ហ៊ុន សែន បានជំរុញជាថ្មី ឱ្យសិស្ស-និស្សិត បន្តខិតខំរៀនតាមអនឡាញ គ្រាដែលសាលារបស់ពួកគេបានផ្អាក ដោយសារកូវីដ១៩
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពេលខាងមុខនេះរាជរដ្ឋាភិបាល នឹងអនុញ្ញាតឱ្យមានការប្រកួតកីឡាបាល់ទាត់
* សម្តេចតេជោ ហ៊ុន សែន ងឿងឆ្ងល់បុគ្គលមួយចំនួនដែលជេរសម្តេច ពេលសម្តេចប្រកាសឱ្យប្រើក្រម៉ា ដើម្បីការពារមេរោគកូវីដ១៩ ប៉ុន្តែពេល លោក ដូណាល់ ត្រាំ ប្រកាសឱ្យប្រើក្រម៉ាដែរ បែរជាគ្មានអ្នកជេរ
* សម្តេចតេជោហ៊ុន សែន ថា នឹងឲ្យផលិតក្រមាធ្វើជាម៉ាសចំនួន ២លាន ដើម្បីចែកឲ្យកម្មករ និងអ្នកក្រីក្រប្រើប្រាស់ ហើយម៉ាសនេះបោកគក់បានផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឥឡូវនេះ មានរោងចក្រ២៥៦រោងចក្របានព្យួរ និងមានកម្មករ១៣ម៉ឺននាក់បាត់បង់ការងារ។
* សម្តេចតេជោ ហ៊ុន សែន បានព្រមានអ្នកវិភាគម្នាក់ ដែលចេះតែនិយាយថា «រាជរដ្ឋាភិបាលមិនបញ្ចេញថវិកា ដើម្បីជួយកម្មករ» ខណៈដែលរាជរដ្ឋាភិបាល បានរៀបចំជាបន្តបន្ទាប់
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីវិធានការ ដើម្បីដោះស្រាយផលប៉ះពាល់ដល់សេដ្ឋកិច្ច សង្គម ដោយកូវីដ១៩ នៅជុំទី៤
* សម្តេចតេជោ ហ៊ុន សែន ឱ្យមេដឹកនាំក្រុមប្រឆាំង នៅក្រៅប្រទេសចាំមើល បើមានធនាគារណាមួយដួលនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផែនការរបស់ក្រុមប្រឆាំងក្រៅប្រទេស គឺចង់ឱ្យធនាគារនៅកម្ពុជាដួលទាំងអស់
* សម្តេចតេជោ ហ៊ុន សែន ព្រមានចាប់ខ្លួនទាំងអស់ចំពោះជនណាដែលបម្រើឱ្យយុទ្ធនាការរបស់មេដឹកនាំក្រុមប្រឆាំងនៅក្រៅប្រទេស ចង់ឲ្យធនាគារទាំងអស់នៅកម្ពុជាដួលរលំ
* សម្តេចតេជោ ហ៊ុន សែន រិះគន់ ប្រែត អាដាម ដែលមិនស្រែករឿងសិទ្ធិមនុស្សនៅអាមេរិកពេលបង្ក្រាបបាតុកម្មយ៉ាងសាហាវ នាពេលនេះដែលខុសពីពេលបាតុកម្មនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អង្គការឃ្លាំមើលសិទ្ធិមនុស្ស មានស្តង់ដារ២ សម្រាប់កម្ពុជា និងអាមេរិក
* សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យ ប្រែត អាដាម និយាយរឿងសិទ្ធិមនុស្សអាមេរិក បើសិនជាមិននិយាយពេលនេះ សូមកុំនិយាយអំពីសិទ្ធិមនុស្សនៅកម្ពុជាតទៅទៀត
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា សម្តី ដូណាល់ ត្រាំ មានន័យថា បើសិនជាបាតុករហ៊ានសម្រុកចូល White House នឹងត្រូវស្លាប់
* សម្តេចតេជោ ហ៊ុន សែន ទើបតែបង្ហើបថា អ្នកដែលបញ្ជាឱ្យវ៉ៃខ្នោះ មេក្រុមប្រឆាំង ពេលធ្វើបាតុកម្ម តវ៉ាកាលពីប៉ុន្មានឆ្នាំមុន គឺសម្តេចតែម្តង
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីថា ក្នុងស្ថានភាពកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជា មិនទុកឱ្យពលរដ្ឋណាម្នាក់ស្លាប់ ដោយសារតែយើងមិនដឹង និងមិនបានដោះស្រាយទេ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដំណាក់កាលនេះ រាជរដ្ឋាភិបាលជួយប្រជាពលរដ្ឋគ្រប់និន្នាការដោយគ្មានការរើសអើង
* សម្តេចតេជោ ហ៊ុន សែន ប្រកាសឱ្យចាប់ខ្លួនជនដែលបំផុសបំផុលថា កម្ពុជាលែងចាយលុយ១ដុល្លារ ២ដុល្លារ និង៥ដុល្លារ
* សម្តេចតេជោ ហ៊ុន សែន ប្រកាសថា បើមានកន្លែងណាមួយនៅកម្ពុជា ហ៊ានកាត់ទឹក លើការដូរលុយ១ដុល្លារ ២ដុល្លារ និង៥ដុល្លារ ខុសពីតម្លៃជាក់ស្តែងលើទីផ្សារ ត្រូវរាយការណ៍មកសមត្ថកិច្ចជាបន្ទាន់ដើម្បីចាប់ខ្លួន
* សម្តេចតេជោ ហ៊ុន សែន ប្រកាសឲ្យចាយលុយ ១ដុល្លារ ២​ដុល្លារ ៥ដុល្លារ ជាធម្មតា
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឡានក៏នៅតែលក់ដាច់ដែរ គ្រាន់តែតិចជាងមុន
* សម្តេចតជោ ហ៊ុន សែន ផ្តាំទៅមេដឹកនាំក្រុមប្រឆាំងក្រៅប្រទេស បើហ៊ានបញ្ជានរណាមួយឱ្យមកបំផ្លាញកម្ពុជា នឹងចាប់ខ្លួនភ្លាម
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យពលរដ្ឋទាំងអស់ រួមគ្នាជំរុញវិស័យកសិកម្មឱ្យខ្លាំងក្លា នៅដំណាក់កាលកូវីដ១៩
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដ្បិតតែមានកម្មករមួយចំនួន បាត់បង់ការងារធ្វើនៅតាមរោងចក្រ ប៉ុន្តែពួកគេបានទៅបំពេញការងារផ្នែកកសិកម្ម នៅស្រុកកំណើតជំនួសវិញ
* សម្តេចតេជោ ហ៊ុន សែន អះអាងថា ទុនបម្រុងរាជរដ្ឋាភិបាល៣ពាន់ដុល្លារ មិនទាន់ស្រកស្រុតនោះទេ ទោះបីជាកម្ពុជាត្រូវចំណាយដោយសារកូវីដ១៩ ក៏ដោយ
* សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ការអនុវត្តច្បាប់ចរាចរណ៍ពេលនេះ ទោះបីជាមិនមានប្រជាប្រិយ ប៉ុន្តែរាជរដ្ឋាភិបាល បានការពារអាយុជីវិតប្រជាពលរដ្ឋ ហើយបានធ្វើឱ្យគ្រោះថ្នាក់ចរាចរណ៍ថយចុះ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើចង់កុំឱ្យប៉ូលិសចរាចរណ៍បានលុយច្រើន គឺពលរដ្ឋទាំងអស់ត្រូវគោរពច្បាប់ចរាចរណ៍។
* សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវឱ្យពលរដ្ឋគោរពច្បាប់ចរាចរណ៍ ដូចពាក្យស្លោកថា ថ្ងៃនេះថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍។
* សម្តេចតេជោ ហ៊ុន សែន សុំអភ័យទោសអគ្គរដ្ឋទូតអាមេរិក ដែលសម្តេចបាននិយាយរិះគន់អាមេរិក ដោយសារតែអាមេរិកក៏ចូលចិត្តរិះគន់កម្ពុជាដែរ
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា រឿងបង្ក្រាបបាតុករនៅអាមេរិកពេលនេះ បើ ប្រែត អាដាម មិននិយាយទេ ប្រែត អាដាម មិនមែនជាមនុស្សទេ។
* សម្តេចតេជោ ហ៊ុន សែន ព្រមានកម្ទេចក្រុមប្រឆាំង បើសិនហ៊ានយកឱកាសកូវីដ១៩ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រុងព្រះសីហនុ បានក្លាយទៅជាក្រុងអភិវឌ្ឍពហុជាតិសាសន៍។ ក្នុងនោះជប៉ុនជួយសាងសង់កំពង់ផែទឹកជ្រៅ បារាំងអភិវឌ្ឍន៍ព្រលានយន្តហោះ, ចិន និងម៉ាឡេស៊ី អភិវឌ្ឍរោងចក្រថាមពលអគ្គិសនី និងក្រុមហ៊ុនជាច្រើនទៀត សាងសង់សណ្ឋាគារ និងភោជនីយដ្ឋាន។
* សម្តេចតេជោ ហ៊ុន សែន បានទម្លាយថា មានទូតមួយនៅតែបន្តនិយាយថាមូលដ្ឋានសមុទ្ររាម ត្រូវបានផ្តល់ផ្តាច់មុខឱ្យទ័ពចិន។
* សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាថ្មីថា កម្ពុជាមិនចូលរួមជាមួយអ្នកនេះ ប្រឆាំងអ្នកនោះ មិនអនុញ្ញាតឱ្យមានទីតាំងយោធាបរទេសនៅលើទឹកដីខ្លួន ហើយយើងក៏មិនបញ្ជូនកងទ័ពទៅក្រៅប្រទេស ក្រៅពីបំពេញបេសកកម្មមនុស្សធម៌ ក្រោមឆ័ត្រអង្គការសហប្រជាជាតិ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា ស្វាគមន៍ជំនួយពីគ្រប់ប្រទេសទាំងអស់ ទាំងអាមេរិក ចិន និងជប៉ុនជាដើម។
* សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា មូលដ្ឋានជើងទឹករាមស្វាគមន៍គ្រប់នាវាបរទេសទាំងអស់ ដែលចូលមកសំចតនិងធ្វើសមយុទ្ធជាមួយកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កន្លែងជួសជុលនាវាថ្មី អាចជួយជួសជុលនាវារបស់បរទេសផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា កម្ពុជាស្វាគមន៍រាល់ការចូលរួមធ្វើសមយុទ្ធពីបរទេស លើការប្រឆាំងភេរវកម្ម និងគ្រប់គ្រងគ្រោះមហន្តរាយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្មានហេតុផលអី ដែលចិនយកមូលដ្ឋានទ័ពរាមសម្រាប់ចតនាវារបស់ខ្លួននោះទេ។
* សម្តេចតេជោ ហ៊ុន សែន រិះគន់ចារកម្មរបស់បរទេសមួយចំនួន ដែលរាយការណ៍ព័ត៌មានមិនច្បាស់លាស់ ជូនមេដឹកនាំរបស់ពួកគេ ធ្វើឱ្យមានការវាយតម្លៃខុសពីកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចនឹងខិតខំកសាងទីក្រុងព្រះសីហនុ ឱ្យទៅជាទីក្រុងពហុបំណង។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅតាមដែនសមុទ្ររបស់កម្ពុជាទាំងអស់មិនមានមូលដ្ឋានទ័ពបរទេសណាមួយនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន ចាត់ទុកការលើកឡើងរបស់ឯកអគ្គរដ្ឋទូតបរទេសណានោះ ជាការភ័ន្តច្រឡំក្នុងការទទួលព័ត៌មាន និងស្នើឱ្យបញ្ឈប់ការលើកឡើងបែបនេះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការស្ថាបនាផ្លូវនៅក្នុងក្រុងព្រះសីហនុនេះ គឺស្ថាបនាដោយកូនខ្មែរទាំងអស់ទាំងបច្ចេកទេស កម្លាំង និងថវិកា។
* សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា ការគ្រប់គ្រងជំងឺកូវីដ១៩ធ្វើបានល្អ តែមិនមែនមានន័យថាដល់ទីបញ្ចប់ ហើយបាត់ការប្រុងប្រយ័ត្ននោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន អរគុណក្រសួងសុខាភិបាល ក៏ដូចជាខេត្តព្រះសីហនុ ដែលជាខេត្តជួរមុខមួយក្នុងការប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា កាលមុនគេជេរគ្រូពេទ្យខ្មែរ ប៉ុន្តែឥឡូវនេះ ដោយឃើញពលិកម្មរបស់គ្រូពេទ្យ និងអ្នកជួរមុខទាំងឡាយដែលប្រយុទ្ធនឹងកូវីដ១៩ អារម្មណ៍របស់ប្រជាពលរដ្ឋចាប់ផ្តើមប្រើប្រួល មកលើគ្រូពេទ្យ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កោតសរសើរ និងថ្លែងអំណរគុណគ្រូពេទ្យខ្មែរ ដែលបានប្រយុទ្ធនឹងជំងឺកូវីដ១៩ កន្លងមកនេះ
* សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរគ្រប់ខេត្តទាំងអស់ ដែលបន្ទាប់ពីបានចេញបញ្ជា គឺបានរៀបចំទាន់ពេលវេលានូវបន្ទប់ព្យាបាលអ្នកជំងឺកូវីដបានជាង៣ពាន់បន្ទប់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រើប្រាស់ថវិការបស់សម្តេច ដើម្បីឧបត្ថម្ភដល់គ្រូពេទ្យស្ម័គ្រចិត្ត នឹងធ្វើបានរយៈពេល៣ខែ ហើយបន្ទាប់ពីនោះ នឹងប្រើប្រាស់ថវិកាជាតិ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កូវីដ១៩ បានបំផ្លាញទំនៀមទម្លាប់របស់យើងអស់ហើយ យើងកំពុងឈានទៅរស់នៅតាមគន្លងថ្មី
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រសិនបើមិនទាន់រកឃើញវ៉ាក់សាំងទេ យើងនឹងរស់នៅតាមគន្លងថ្មីរហូត
* សម្តេចតេជោ ហ៊ុន សែន ត្រៀមម៉ាស់តាមខ្លួនគ្រប់ពេលវេលា ដើម្បីពាក់នៅពេលចាំបាច់
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអរគុណប្រជាពលរដ្ឋ ដែលការពារខ្លួនពីកូវីដ១៩ ហើយក៏កោតសរសើរដល់ពលករខ្មែរមកពីប្រទេសថៃ រាប់ម៉ឺននាក់ ដែលមិនបាននាំកូវីដ១៩ មកកម្ពុជាសូម្បី១ករណី
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្មករជាង៩០ភាគរយ បានទទួលយកសំណូមពររាជរដ្ឋាភិបាល ដោយមិនបានឈប់សម្រាកនៅក្នុងឱកាសចូលឆ្នាំ ហើយមានតែមានមួយចំនួនតូចប៉ុណ្ណោះ ដែលឈប់ទៅចូលឆ្នាំ។
* សម្តេចតេជោ ហ៊ុន សែន សុំការអធ្យាស្រ័យពីមាតាបិតាសិស្ស ដែលរាជរដ្ឋាភិបាល ត្រូវបង្ខំចិត្តបិទសាលារៀន មួយរយៈសិន ដោយសារកូវីដ១៩
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រលកទី១ បានទៅបាត់ហើយ ប៉ុន្តែគេព្រួយបារម្ភនូវរលកទី២ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដោយសារតែមានករណីជាក់ស្តែងនៅប្រទេសចិន និងកូរ៉េខាងត្បូង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើសិនជាយើងប្រញ៉ាប់បើកសាលារៀន អ្វីដែលយើងបានត្រៀម នឹងមិនអាចទប់ទល់នឹងរលកទី២ នៃការរីករាលដាលជំងឺកូវីដ១៩ បាននោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងសង្រ្គាមយោធា យើងអាចពលិដើម្បីសង្រ្គោះមនុស្សផ្សេងទៀត ប៉ុន្តែសង្រ្គាមជាមួយកូវីដ១៩ យើងពលិម្នាក់ មិនអាចជួយអ្នកផ្សេងទៀតបានទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសខ្លួនឯងឆ្លងកូវីដធ្វើឲ្យប្រជាពលរដ្ឋស្លាប់រកដីកប់មិនបាន បែរជាមករិះគន់កម្ពុជា និងមីយ៉ាន់ម៉ា។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ថ្លែងសំណេះសំណាលនៅវេលាម៉ោង ៦៖៣០នាទី នាព្រលប់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០៕



លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្នើសុំការយោគយល់ចំពោះការពន្យារពេលបើកសាលារៀនឡើងវិញ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើការសុំការយោគយល់ពីមាតាបិតា អាណាព្យាបាលសិស្ស ចំពោះការបន្តបិទសាលារៀនជាបន្តទៀត ដើម្បីការពាររលកទី២ នៃជំងឺកូវីដ-១៩។ លោកបញ្ជាក់ថា ដោយសារបទពិសោធន៍នៃប្រទេសមួយចំនួនអំពីការផ្ទុះឡើងជាថ្មីនៃជំងឺកូវីដ-១៩ ដែលបង្ខំចិត្តឲ្យរដ្ឋត្រូវបិទសាលារៀនដោយមិនកំណត់ពេលជាក់លាក់ក្នុងការបើកឡើងវិញ។
ទន្ទឹមគ្នានេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងនូវការអរគុណដល់មាតាបិតា អាណាព្យាបាល និងសិស្សានុសិស្សទាំងអស់ ដែលមានការយោគយល់ចំពោះការពន្យារពេលក្នុងការបើកដំណើរការសាលារៀនឡើងវិញដោយសារតែដើម្បីការពារអាយុជីវិតរបស់ប្រជាពលរដ្ឋពីជំងឺកូវីដ១៩ ។
ថ្លែងក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងក្រុមការងារបច្ចេកទេសស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុង ក្នុងខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា បញ្ហាសំខាន់នៅពេលនេះ គឺយើងត្រូវការពារអាយុជីវិតរបស់ខ្លួនឯងសិន ប៉ុន្តែទន្ទឹមនឹងនោះ លោកក៏បានសំណូមពរឱ្យខិតខំប្រឹងប្រែងធ្វើការស្វ័យសិក្សា និងសិក្សាតាម online សិន ព្រោះថា ប្រសិនបើបើកសាលារៀនហើយមានករណីឆ្លងដល់សិស្សនោះវានឹងត្រូវរីកសាយភាយទៅដល់សហគមន៍តែម្តង៕


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់បន្តរក្សាអនាម័យ បង្កាការពារជំងឺកូវីដ-១៩

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា មកទល់ពេលនេះប្រទេសកម្ពុជា ទប់ស្កាត់បានល្អក្នុងការអនុវត្តនូវវិធានការបង្កា ការពារ ទប់ស្កាត់ជំងឺកូវីដ១៩ ដែលស្របទៅនឹងស្ថានការណ៍បណ្តាប្រទេសនានាហាក់មានការធូរស្រាលផងដែរ តែមិនមែនន័យថា ជាទីបញ្ចប់នាំឱ្យមានការធ្វេសប្រហែស ឬខ្វះការប្រុងប្រយ័ត្ននោះទេ។
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ និងក្រុមការងារបច្ចេកទេសស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុង ក្នុងខេត្តព្រះសីហនុ នារសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានកោតសរសសើរដល់ក្រសួងសុខាភិបាល និងក្រុមគ្រូពេទ្យ ព្រមទាំងក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានខិតខំយកចិត្តដាក់លើការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាពខ្ពស់។ លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា ខេត្តព្រះសីហនុ គឺស្ថិតនៅជួរមុខប្រឈមជាងបណ្តាខេត្តដទៃទៀត ដែលមានជនបរទេសច្រើន ឆ្លងក៏ច្រើនជាងគេទៀត តែកម្ពុជា នៅអាចរួមកម្លាំងសហការគ្នា ទប់ស្កាត់បានទាន់ពេលវេលា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំលឹកថា ក្នុងពេលដែលកម្ពុជាស្ថិតក្នុងដំណាក់កាលទប់ស្កាត់ជំងឺកូវីដ-១៩ ក្រុមគ្រូពេទ្យកម្ពុជា ត្រូវរងការជេរប្រមាថ ម៉ាកងាយ គ្រប់ទំរង់រូបភាព ក៏ប៉ុន្តែផ្ទុយមកវិញពេលនេះក្រុមគ្រូពេទ្យយើងទទួលបានការកោតសរសើរ រហូតដល់មានអ្នកតាក់តែងនិពន្ធបទចំរៀងដោយដាក់ចំណងជើងថា កង​ទ័ពអាវស នេះជាអារម្មណ៍ប្រែប្រួលរបស់ប្រជាជនយើង ដែលភ័យព្រួយបារម្ភ និងខឹងសម្បារចំពោះជំងឺកូវីដ​១៩។ លោកនាយករដ្ឋមន្ត្រី បានថ្លែងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋបន្តរក្សាអនាម័យ ដោយអនុវត្តទៅតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានជាប់លាប់ជាប្រចាំថ្ងៃ៕




លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន៖ នាពេលអនាគត កម្ពុជានឹងប្រើប្រាស់ អំពូលវៃឆ្លាត ទូទាំងប្រទេសដែលនឹងចំណេញថវិកាជាតិយ៉ាងច្រើន

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា នាពេលអនាគត នៅប្រទេសកម្ពុជា នឹងប្រើប្រាស់អំពូលវៃឆ្លាត ទូទាំងប្រទេសដើម្បីកាត់បន្ថយការប្រើប្រាស់ ថាមពលអគ្គិសនី។ ក្នុងជំនួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងក្រុមការងារបច្ចេកទេសស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុង ក្នុងខេត្តព្រះសីហនុ នារសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ទីក្រុងព្រះសីហនុ នឹងក្លាយជាទីក្រុងឆ្លាតដើរមុនគេ ដែលប្រើប្រាស់អំពូលវៃឆ្លាត។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏ធ្លាប់បានណែនាំឲ្យភាគីពាក់ព័ន្ធទាំងអស់ យកអំពូលវៃឆ្លាតជាង៥ពាន់អំពូល មកដាក់នៅខេត្តព្រះសីហនុ ដើម្បីបំភ្លឺជូនប្រជាពលរដ្ឋធ្វើដំណើរ។ លោកបន្តថា អំពូលវៃឆ្លាតនេះវានឹងភ្លឺដោយស្វ័យប្រវត្តិប្រសិនបើមានរថយន្តធ្វើដំណើរឆ្លងកាត់នៅតាមដងផ្លូវដែលមានអំពូលនោះ។ លោក ហ៊ុន សែន បានរៀបរាប់ថា អំពូលដាក់នៅតាមផ្លូវរាល់ថ្ងៃនេះ បានធ្វើឲ្យចំណាយថវិកា រាប់សិបលានដុល្លារ ក្នុង១ឆ្នាំៗ សម្រាប់បំភ្លឺនៅតាមដងវិថីនៅកម្ពុជា។ លោកថា បើប្រើប្រាស់អំពូលវៃឆ្លាតវិញនឹងចំណេញយ៉ាងច្រើនផងដែរ។
ឆ្លៀតឱកាសនោះដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ផ្លូវថ្នល់នៅក្រុងព្រះសីហនុ ក៏ទាក់ទាញភ្ញៀវទេសចរជាតិ-អន្ដរជាតិ មកទស្សនា នៅខេត្តព្រះសីហនុ ដែលនាំឲ្យសេដ្ឋកិច្ចជាតិ មានការរីកចម្រើនផងដែរ ។ ខណៈការកសាងផ្លូចំនួន៣៤ខ្សែ នៅព្រះសីហនុ សម្រេចបាន៩០% និងសម្រេចបញ្ចេញកញ្ចប់ថវិកាជាតិប្រមាណ ៣០០លានដុល្លារ៕




លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ ខេត្តព្រះសីហនុជាតំបន់សក្តានុពលសេដ្ឋកិច្ចជាតិ និងទាក់ទាញភ្ញៀវទេសចរណ៍នៅតំបន់ទិសនិរតី

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងឱ្យដឹងថា នៅពេលដែលលោកចុះអន្តរាគមន៍ជួយសង្គ្រោះជនរងគ្រោះក្នុងករណីបាក់រលំអាគារកន្លងមក លោកបានកត់សម្គាល់ឃើញពីភាពស្កឹមស្កៃនៃអាគារខ្ពស់ៗក្នុងខេត្តព្រះសីហនុ ប៉ុន្តែបើសម្លឹងទៅផ្នែកខាងក្រោមវិញ គឺដើរដោយភក់ដីជ្រាំ ដោយសារការដឹកទំនិញធ្ងន់ៗ នាំឱ្យខូចផ្លូវអស់។ លោកថា ត្រង់ចំណុចនេះធ្វើឱ្យលោកគិត និងពិភាក្សាជាមួយលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ អំពីគម្រោងវិនិយោគស្ថាបនាផ្លូវគោក។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងបែបនេះ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះ ក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងក្រុមការងារបច្ចេកទេសស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុង ក្នុងខេត្តព្រះសីហនុដែលជាផ្លូវផែនការយុទ្ធសាស្ត្រក្នុងការធ្វើឱ្យក្រុងព្រះសីហនុ ក្លាយជាទីក្រុងទេសចរណ៍ និងពាណិជ្ជកម្មដ៏ស៊ីវិល័យ។
បើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងបន្តថា ថវិកាវិនិយោគដែលនៅសល់ពីការចំណាយទៅលើហេដ្ឋារចនាសម្ព័ន្ធជាតិមាននៅសល់ចំនួន ៣០ពាន់លាន គ្រោងនឹងដាក់ភ្លាម ដើម្បីស្ថាបនាផ្លូវក្នុងក្រុងព្រះសីហនុ តែលោករដ្ឋមន្ត្រីថា អាចដោះស្រាយនៅនឹងកន្លែងបាន មានន័យថា យកស្លឹកត្នោតខ្ចប់ស្ករត្នោតតែម្តង។
លោកនាយករដ្ឋមន្ត្រី បញ្ជាក់ថា បើយើងយកគម្រោងកសាងផ្លូវទៅកសាងស្ពានវិញ គឺទទួលបាន ២ទៅ៣ខ្សែរ តភ្ជាប់ពីទន្លេគង្គទៅកាន់តំបន់ផ្សេងៗក្នុងរាជធានីភ្នំពេញ ប៉ុន្តែយើងបែរជាបង្វែរថវិការនេះទៅកសាងផ្លូវគោក គឺបានចំនួន ៣៤ខ្សែរ ក្នុងក្រុងព្រះសីហនុ។
លោកនាយករដ្ឋមន្ត្រីពន្យល់ថា ការកសាងផ្លូវទាំង ៣៤ខ្សែរនេះ ដោយសារក្រុងព្រះសីហនុ គឺជាតំបន់ប៉ូលសេដ្ឋកិច្ចដោយធ្វើការតភ្ជាប់ទៅកាន់តំបន់សំខាន់ដទៃទៀត ដូចនេះត្រូវធ្វើយ៉ាងណាឱ្យខេត្តព្រះសីហនុ មានផ្លូវគមនាគមន៍ឱ្យបានគ្រប់គ្រាន់ មិនត្រឹមតែជាតំបន់មានសក្តានុពលសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនាប្រកបដោយភាពទាក់ទាញប្រចាំនាទិសនិរតីផងដែរ៕





លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាក់សារជាថ្មីថា កម្ពុជាជាប្រទេសឯករាជ្យអធិបតេយ្យ អាព្យាក្រឹត្យមិនចូលបក្សសម្ព័ន្ធ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងបញ្ជាក់សារជាថ្មីថា កម្ពុជាពុំមានគោលការណ៍ណាមួយក្នុងការអនុញ្ញាតិឱ្យបរទេសណាមួយប្រើប្រាស់ទឹកដីរបស់ខ្លួនពាក់ព័ន្ធនឹងយោធានោះឡើ​យ ហើយកម្ពុជាគឺជាប្រទេសឯករាជ្យ ដោយមិនចូលរួមជាមួយប្រទេសណាមួយទៅប្រឆាំងនឹងប្រទេសមួយទៀតនោះឡើយ។ លោកបានថ្លែងដូចនេះនៅរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងក្រុមកា​រងារបច្ចេ​កទេសស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុង ក្នុងខេត្តព្រះសីហនុ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជាមិនអនុញ្ញាតិឱ្យមានទីតាំងយោធាបរទេសណាមួយនៅលើទឹកដីរបស់ខ្លួនជាដាច់ខាត ហើយកម្ពុជាក៏មិនបញ្ជូនកម្លាំងរបស់ខ្លួនចូលទៅទឹកដីបរទេសណាមួយដែរ លើកលែងតែក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា មូលដ្ឋានរាម ស្វាគមន៍គ្រប់កម្លាំងបរ​ទេសទាំងអស់ដែលចង់ចូលសំចតនៅទីនោះ និងអាចចូលរួមក្នុងការធ្វើសមយុទ្ធជាមួយកម្ពុជាពីគ្រប់បណ្តាប្រទេសទាំងអស់។
គួរបញ្ជាក់ថា ការលើកឡើងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ពាក់ព័ន្ធនឹងបញ្ហាឯករាជ្យភាពរបស់កម្ពុជា គឺបន្ទាប់ពីមានមតិមួយចំនួនថាកម្ពុជាបានប្រគល់សិទ្ធិផ្តាច់មុខមួយទៅឱ្យប្រទេសចិនក្នុងការប្រើប្រាស់កំពង់ផែមួយរបស់កម្ពុជា ដែលបញ្ហានេះត្រូវបានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ច្រានចោលជាដាច់ខាតចំពោះព័ត៌មានញុះញង់នេះ៕





លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានចាប់ខ្លួនអ្នកបំផុសថា ឈប់ចាយលុយក្រដាសប្រាក់ ១$ ២$ ៥$

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា បុគ្គលទាំងឡាយណាដែលផ្សពផ្សាយថាឈប់ចាយលុយក្រដាស ១ដុល្លារ ២ដុល្លារ និង៥ដុល្លារ ត្រូវចាប់ខ្លួនជាបន្ទាន់ដាក់ពន្ធនាគារ បើទោះបីជាគុកចង្អៀតក៏ដោយ។ លោកបានថ្លែងដូចនេះនៅរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងក្រុមការងារបច្ចេកទេសស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុង ក្នុងខេត្តព្រះសីហនុ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ផងដែរថា អ្នកដែលប្រកបរបរណាដែលទាមទារកាត់ទឹកពីការប្រើប្រាស់ក្រដាសប្រាក់ ១ដុល្លារ ២ដុល្លារ និង៥ដុល្លារនោះត្រូវប្តឹងទៅសមត្ថកិច្ចជាបន្ទាន់ដើម្បីចុះអន្តរាគមន៍បញ្ហានេះពោលគឺត្រូវចាយក្នុងតម្លៃធម្មតាដដែល៕





លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងក្រុមការងារបច្ចេកទេសស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុង ក្នុងខេត្តព្រះសីហនុ

ព្រះសីហនុ៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅរសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ បាននិងកំពុងអញ្ជើញ ជួបសំណេះ​សំណាលជាមួយមន្ត្រីរាជការ និងក្រុមការងារ បច្ចេកទេសស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុង ក្នុងខេត្តព្រះសីហនុ។ ពិធីសំណេះសំណាលនេះ គឺដើម្បីស្វែងយល់ពីស្ថានភាព ការងាររបស់មន្ត្រីរាជការ ក្នុងខេត្ត និងស្វែងយល់ពីដំណើរការ សាងសង់ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ក្នុងក្រុងព្រះសីហនុ។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ចេញកញ្ចប់ថវិកាជាតិ ប្រមាណជិត៣០០លានដុល្លារអាមេរិក ដើម្បីកសាងផ្លូវចំនួន៣៤ខ្សែនៅក្នុងខេត្តព្រះសីហនុ ដែលជាផ្លូវប្រកបដោយប្រណិតភាពដំបូងបំផុត នៅក្នុងប្រទេសកម្ពុជា។ ផ្លូវទាំង ៣៤ខ្សែនេះ ត្រូវបានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលពេលនេះបានសម្រេចការសាងសង់បានប្រជា៩៥%ហើយ៕





វត្ថុសិល្បៈចំនួន៧១១បំណែក បានចុះបញ្ជីសារពើភណ្ឌនិង៥៣១បំណែកកំពុងដំណើរការចុះបញ្ជីដើម្បីសម្គាល់អត្តសញ្ញាណ

សៀមរាប៖ ក្រុមការងារចុះបញ្ជីបេតិកភណ្ឌរូបីនៃអាជ្ញាធរជាតិអប្សរា សម្រេចចុះបញ្ជីវត្ថុសិល្បៈបានចំនួន​៧១១បំណែក ដែលប្រមូលបានពីប្រជាជននិងនៅតាមប្រាសាទទាំង៩១ក្នុងរមណីយដ្ឋានអង្គរ ឱ្យមានសុវត្ថិភាពនិងមានអត្តសញ្ញាណត្រឹមត្រូវ សម្រាប់ជាប្រយោជន៍ប្រើប្រាស់ទៅថ្ងៃក្រោយ។
លោក ឈូក សុម៉ាឡា មន្ត្រីទទួលបន្ទុកចុះបញ្ជីបេតិកភណ្ឌរូបីនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការឱ្យដឹងថា បំណែកវត្ថុសិល្បៈទាំង៧១១បំណែកដែលក្រុមការងារបានចុះបញ្ជីសារពើភណ្ឌរួចរាល់នោះគឺភាគច្រើនជាចម្លាក់ធ្វើពីថ្មភក់ មាន៖ សិលាចារឹក ចម្លាក់ទេវរូប បល្ល័ង្គឬជើងទម្រ បំណែកផ្តែរ បំណែកហោជាង បំណែកសសរពេជ្រ បំណែកក្បាច់លម្អផ្សេងៗ កុលភាជន៍ និងវត្ថុធ្វើពីលោហៈមួយចំនួនទៀត។ ក្រៅពីការចុះបញ្ជីវត្ថុសិល្បៈដែលបានទទួលពីប្រជាជននិងកំណាយស្រាវជ្រាវផ្សេងៗខាងលើ ក្រុមចុះបញ្ជីក៏បានចុះបញ្ជីវត្ថុសិល្បៈដែលនៅជុំវិញបរិវេណប្រាសាទទាំង៩១បានមួយចំនួនដែរ។
ការចុះបញ្ជីវត្ថុសិល្បៈដែលនៅតាមប្រាសាទទាំង៩១នេះ គឺមានគោលបំណងចងក្រងឯកសារ កំណត់អត្តសញ្ញាណវត្ថុសិល្បៈទាំងនោះដើម្បីចូលរួមទប់ស្កាត់ការចល័តឬបាត់បង់ដោយប្រការណាមួយជាយថាហេតុ។ នៅក្នុងទម្រង់នៃការកំណត់អត្តសញ្ញាណនេះ គឺបានផ្តល់ព័ត៌មានយ៉ាងជាក់លាក់អំពីប្រភេទចម្លាក់ ប្រភព វត្ថុធាតុ ទំហំ ទីតាំង កាលបរិច្ឆេទ ថតរូប និងការពិពណ៌នាផ្សេងៗហើយព័ត៌មានទាំងនេះឯងដែលអាចជួយសម្រួលដល់ការងារជួសជុល និងការទាមទារត្រឡប់មកវិញក្នុងករណីបាត់បង់ណាមួយ។
លោក សុម៉ាឡា បន្តទៀតថា ការងារចុះបញ្ជីពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការរក្សាកេរមរតកបេតិកភណ្ឌ ត្បិតអតីតរាជធានីនៃចក្រភពអង្គរ មានវិសាលភាពធំធេងណាស់ ហើយនៅមានវត្ថុសិល្បៈជាច្រើនទៀតដែលកំពុងនៅរាយប៉ាយលើដីនិងក្រោមដី ដែលត្រូវបន្តចុះបញ្ជីកំណត់អត្តសញ្ញាណវត្ថុទាំងនោះជាបន្តបន្ទាប់។
តួយ៉ាងដូចជាថ្មីៗនេះ ក្រុមការងារចុះបញ្ជីសារពើភណ្ឌបានប្រមូលចម្លាក់ព្រះពុទ្ធបដិមានិងវត្ថុសិល្បៈផ្សេងទៀតដែលមានចំនួន៥៣១បំណែកពីរោងឆ្មាំខាងត្បូងប្រាសាទអង្គរវត្ត យកមករក្សាទុកនៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា ដើម្បីធ្វើការសិក្សាបន្ថែមរង់ចាំការងារជួសជុលនាពេលខាងមុខ។ កិច្ចការចុះបញ្ជីវត្ថុសិល្បៈបេតិកភណ្ឌរូបីនៅក្នុងរមណីយដ្ឋានអង្គរនៅតែបន្តជាប្រចាំ ដើម្បីចូលរួមថែរក្សា និងការពារវត្ថុសិល្បៈនានានៅតាមប្រាសាទទាំង៩១ ឱ្យមានអត្តសញ្ញាណច្បាស់លាស់ ទប់ស្កាត់ការចល័តនិងការបាត់បង់៕
អត្ថបទ៖ កញ្ញា ហ៊ីង ស្រីរ័ត្ន
រូបភាព៖ លោក ឈូក សុម៉ាឡា/ លោក ហ៊ុ រិទ្ធី




លោកស្រី ម៉ែន សំអន ដឹកនាំកិច្ចប្រជុំស្តីពីការតាមដាន​ គាំទ្រ​ និងជំរុញ​សកម្មភាពកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រក្នុងអំឡុងពេល​នៃការរីករាលដាលជំងឺកូវីដ១៩​

ស្វាយរៀង៖ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០​នេះ​ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំស្តីពីការតាមដាន​ គាំទ្រ​ និងជំរុញ​សកម្មភាពកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រក្នុងអំឡុងពេល​នៃការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងកិច្ចប្រជុំនោះក៏មានការអញ្ជើញចូលរួមពីលោក ម៉ែន​ វិបុល​ អភិបាលខេត្តស្វាយរៀង និងលោក ជុំ​ ហាត​ ប្រធានក្រុមប្រឹក្សាខេត្ត​ ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបផងដែរ។
លោកស្រីបានថ្លែងថា កិច្ចប្រជុំនេះមានគោលបំណងរកដំណោះស្រាយជួយប្រជាពលរដ្ឋក្រីក្រនៅខេត្តស្វាយរៀង ដែលប្រឈមមុខនឹងការខ្វះស្បៀងក្នុងអំឡុងពេលនៃការរីករាលដាលមេរោគកូវីដ១៩ ដែលជាដំណើរការ​ក្នុងការឧបត្ថម្ភសាច់ប្រាក់ឲ្យមានតម្លាភាព របស់រដ្ឋាភិបាលដៅចូលរួមសម្រាលការលំបាករបស់ប្រជាពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះក្នុងសង្គម ។
ក្នុងនោះលោកស្រី ម៉ែន សំអន ក៏បានកោតសសើរចំពោះលោក លោស្រី ប្រធានក្រុមការងារចុះជួយតាមស្រុក ក្រុង នៃខេត្តស្វាយរៀង​ និងប្រធាន ក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលស្រុក ក្រុងទាំង៨ ដែលបានបំពេញការងារបានល្អប្រសើរទាំងការងារស្នូល និងការងារប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩ នាពេលកន្លងមក។
លោកស្រីបន្តថា កិច្ចប្រជុំនេះគឺប្រារព្ធឡើងគឺ ឆ្លើយតបនឹងសេចក្តីណែនាំលេខ ៖ ១៧ ស.ជ.ណ របស់រាជរដ្ឋាភិបាលកម្ពុជាចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ស្ដីពីការតាមដាន គាំទ្រ និងជំរុញសកម្មភាពកំណត់អត្តសញ្ញាណកម្ម គ្រួសារក្រីក្រអំឡុង ពេលនៃការរីករាលដាលជំងឺកូវីដ១៩ ដើម្បីធានាឱ្យបានលទ្ធផលដូចបានគ្រោងទុកតាមកាលបរិច្ឆេទដែលបានកំណត់ខាងលើ ជាពិសេស ជៀសវាងបាននូវភាពអសកម្មដែលធ្វើឲ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់លើដំណើរការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ លោកស្រីបានជំរុញដល់ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត មេត្តាចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីរក្សាភាពច្បាស់លាស់ និងបំបាត់ភាពមិនប្រក្រតីពីប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន នៅពេលដែលអាជ្ញាធរ ឃុំ សង្កាត់បានសម្រេចជ្រើសរើសបញ្ចូលទៅក្នុងនៃគ្រួសារក្រីក្រ និងទទួលបាននូវបណ្ណសមធម៌សម្រាប់ទទួលបានការឧបត្ថម្ភសាច់ប្រាក់ ដែលនឹងគ្រោងអនុវត្តន៍នៅពេលខាងមុខឆាប់ៗនេះ។
លើសពីនោះលោកស្រីក៏បានស្នើឲ្យមន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវអនុវត្តន៍ការងារមួយចំនួនដូចជា៖
១-ប្រធានក្រុមការងារចុះតាមក្រុង ស្រុក និងមន្រ្តីជំនាញទាំងអស់ ត្រូវជម្រុញអនុវត្តឲ្យបានតាមសេចក្តីណែនាំ លេខ ១៧ របស់រាជរដ្ឋាភិបាល ដែលជារបៀបវារៈប្រជុំនេះ ត្រូវសហការជាមួយអាជ្ញាធរ ភូមិ ឃុំ សង្កាត់ ត្រូវសម្រេចធ្វើឱ្យបានចប់សព្វគ្រប់នៅដំណាច់ខែឧសភាឆ្នាំ២០២០ ចំពោះតំបន់ជនបទ និងតំបន់ទីប្រជុំជនឲ្យបានមុនដំណាច់ខែមិថុនាឆ្នាំ ២០២០។
២-ត្រូវដាក់ចេញនូវផែនការកម្មវិធីការងារឲ្យបានមុនដំណាច់ខែ មិថុនា ឆ្នាំ២០២០ នេះ ក្នុងការប្រមូលទិន្នន័យ ដើម្បីធ្វើបច្ចុប្បន្នភាព ក្រ.១ និងក្រ.២ ដែលមន្ទីរផែនការបានស្រង់រួចហើយ និងត្រូវបញ្ជាក់ឡើងវិញឲ្យបានច្បាស់លាស់ ពិសេសអ្នកបានទទួលបណ្ណសមធម៌ និងអ្នកមិនទាន់បានទទួលបណ្ណសមធម៌ ដើម្បីបំពេញបន្ថែមទិន្នន័យថ្មីនេះ។
៣-​ ត្រូវតាមដានការផ្តល់សាច់ប្រាក់ដែលបានផ្តល់ជូនក្រុមគ្រួសារក្រីក្រ និងអប់រំ សតិអារម្មណ៍ ជៀសវាងការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងជៀសវាងការចោទប្រកាន់បក្សពួក។ ពិសេស ក្រុង ស្រុកទាំងអស់ត្រូវដឹកនាំផ្សព្វផ្សាយ និងជៀសវាងឲ្យបាននូវបុគ្គលដែលទទួលបានការបណ្តុះបណ្តាល តែអ្នកអនុវត្តជាបុគ្គលផ្សេង ដែលជាហេតុធ្វើឲ្យការងារដំណើរការមិនបានល្អ។
៤-​ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង អប់រំប្រជាពលរដ្ឋ ក្នុងការបង្កើនការផលិតកម្មផ្នែកកសិកម្ម តាមរយៈការដាំដុះ ការចិញ្ចឹមសត្វ ជាដើម ជាពិសេសត្រូវផ្តោតលើបន្លែដែលពុំប្រើប្រាស់ជីគីមី។
៥-​ អាជ្ញាធរពាក់ព័ន្ធគ្រប់មូលដ្ឋានត្រូវពង្រឹងឲ្យបានប្រសិទ្ធិភាពនូវ ភូមិ-ឃុំមានសុវត្ថិភាព និងពង្រឹងសុវត្ថិភាពច្បាប់ចរាចរណ៍ផ្លូវគោគថ្មីដែលបាននឹងកំពុងអនុវត្តពេលបច្ចុប្បន្ន៕




ថ្នាក់ដឹកនាំខេត្តព្រះសីហនុបានអមដំណើរលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវក្រុង ៣៤ខ្សែ

ព្រះសីហនុ៖ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ លោក ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គួច ចំរើន អភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុ អញ្ជើញអមដំណើរលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវក្រុង ៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ ដែលបានបើកកាដ្ឋានស្ថាបនាកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងមក។

ក្នុងឱកាសអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវក្រុង ៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ មានការអញ្ជើញចូលរួមពី លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងការពារជាតិ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ លោក ជា វណ្ណដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួង បរិស្ថាន និងជាប្រធានក្រុមការងារចុះជួយខេត្តព្រះសីហនុ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងក្រុមមន្ត្រីបច្ចេកទេសផងដែរ៕









ប្រធានក្រុមការងារចុះជួយឃុំ ឈានឡើង ចុះសំណេះសំណាលជាមួយប្រធាន អនុប្រធាន និងជំនួយការភូមិ ប្រធានក្រុមបក្សចំនួនសរុប២៥៩នាក់

កំពង់ឆ្នាំង៖ ដោយទទួលបានការណែនាំពី លោកបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០២០ លោកស្រី ឡាយ វីរ:បុត្រ ប្រ ធានក្រុម ការងារចុះជួយឃុំឈានឡើង រួមមាន លោក ខូវ លី លោក ទូច ស៊ីផាត និងសមាជិក ក្រុមការងារ បាន បន្តចុះជួយសំណេះ សំណាល ជាមួយ ប្រធាន អនុប្រធាន និងជំនួយការភូមិ ប្រធានក្រុមបក្ស ទាំង ៩ ភូមិ ដែលមានចំនួន សរុប ២៥៩ នាក់ ។ ក្នុងការចុះសួរសុខទុក្ខនេះ ក្រុម ការងារបានរៀបចំ ៣ ទីតាំង នៅក្នុងភូមិ រយាស ភូមិត្រពាំងថ្ម និងភូមិច្រកត្នោត ។
ក្នុងឱកាស នោះដែរ លោកស្រី បានណែនាំដល់បងប្អូនប្រជាពលរដ្ឋត្រូវរក្សាអនាម័យជាប្រចាំ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីបង្ការ និងទប់ ស្កាត់ការផ្ទុះរលកលើកទី ២ នៃជម្ងឺ Covid 19 ការពង្រឹង និងពង្រីកសមាជិក បក្ស រក្សាសាមគ្គីភាព សមិទ្ធផលនានា ក្នុងឃុំដូចជា ក្លោងទ្វារវត្ត ពិសេសមាន ស្ពាន ផ្លូវក្រាលកៅស៊ូ ។ ល។
ទទ្ទឹមនឹងនេះ លោក ខូវ លី បានជម្រាបជូនពីការគោរពច្បាប់ចរាចរ ណ៍ ការផ្តល់សេវារបស់ មន្រ្តីប៉ូលីសប៉ុស្តិ៍ជូនប្រជាពលរដ្ឋឲ្យមាន ប្រសិទ្ធភាព ដោយលោកបានផ្តល់ជូនលេខទូរស័ព្ទ ផ្ទាល់ខ្លួន ជូនប្រជាពលរដ្ឋហើយនឹងជួយជីកអ ណ្តូង ទឹក នៅទីតាំងភូមិណា ដែលមិនមានទឹកប្រើ ប្រាស់គ្រប់គ្រាន់ ។
ក្នុងឱកាសនោះដែរ ក្រុមការងារបានចែកជូនអ្នកចូករួមទាំងអស់ ក្នុងម្នាក់ៗ ទទួលបាន ក្រមា ១ សាប៊ូក្រអូប ១ដុំ និងថវិកា ៥ ,០០០រៀល ៕



លោក ផាន់ ចាន់ធុល ៖ រួមគ្នាបន្តការពារសន្តិភាព ទើបប្រទេសមានការអភិវឌ្ឍជឿនលឿន

ប៉ៃលិន៖ ដើម្បីឆ្លើយតបតាមតម្រូវការ និងសំណូមពររបស់ប្រជាពលរដ្ឋ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូចំនួន៣ខ្សែ និងផ្លូវបេតុង១ខ្សែ សរុបប្រវែង ១៩៩០ម៉ែត្រ ស្ថិតនៅក្នុងភូមិបរឌិននៀវ និងភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ។

លោកអភិបាលខេត្តប៉ៃលិន បានលើកឡើងថា នយោបាយឈ្នះ ឈ្នះ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននាំមកនូវសន្តិភាពទូទាំងប្រទេស ដែលបានផ្តល់ឱកាសដល់ប្រជាពលរដ្ឋរស់នៅដោយសុខសាន្ត និងបានចូលរួមអបអរសាទរ និងកំសាន្តសប្បាយនៅក្នុងពិធីបុណ្យតូចធំទាំងអស់ ជាពិសេសបានធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។

នៅក្នុងឱកាសនោះផងដែរ លោក ផាន់ ចាន់ធុល ក៏បានជំរុញដល់អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ជាពិសេសមេឃុំ/ចៅសង្កាត់ និងមេភូមិ ដែលនៅកៀកផ្ទាល់នឹងមូលដ្ឋាន ត្រូវខិតខំបំពេញការងាររបស់ខ្លួនដោយការទទួលខុសត្រូវខ្ពស់ក្នុងការផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋ និងត្រូវខិតខំដោះស្រាយបញ្ហាប្រឈមនានាដែលកើតមានឡើងអោយបានឆាប់រហ័ស។

សូមបញ្ជាក់ថា ផ្លូវដែលអាជ្ញាធរខេត្ត បើកការដ្ឋាស្ថាបនានានេះ គឺមានប្រវែង ១៩៩០ម៉ែត្រ ក្នុងនោះផ្លូវក្រាលកៅស៊ូចំនួន៣ខ្សែ ប្រវែង១៦៩០ម៉ែត្រ និងផ្លូវបេតុង ០១ខ្សែ ប្រវែង ៣០០ម៉ែត្រ ស្ថិតក្នុងភូមិបរឌិននៀវ និងភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយប្រើប្រាស់កញ្ចប់ថវិកាអភិវឌ្ឍន៍ខេត្ត៕