Monday, June 01, 2020

លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់៖ ដោយសារនយោបាយឈ្នះឈ្នះធ្វើឱ្យកម្ពុជារីកចម្រើនលើគ្រប់វិស័យ

កោះកុង លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងអំណរគុ​ណ​​សន្តិភាព អរគុណនយោបាយឈ្នះឈ្នះ ក្រោមការដឹកនាំដ៍ឈ្លាសវៃ របស់លោកនាយករដ្ឋម​ន្រ្តី ហ៊ុន សែន ដែលបានប្រើយុទ្ធសាស្រ្តឈ្នះឈ្នះ ដើម្បីអភិវឌ្ឍប្រទេសជាតិតាំងពីចំណុចសូន្យ រហូតដល់ប្រទេសកម្ពុជា មានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសហេដ្ឋារចនាសម្ព័​ន្ធនិងធនធានមនុស្សធ្វើឱ្យប្រទេសកម្ពុជាមានកេរ្តិ៍ឈ្មោះបោះសំលេងលើឆាកអន្តរជាតិ។ លោ​កបានថ្លែងដូចនេះនៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ ម្សិលមិញ ក្នុងឱកាសអញ្ជើញសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ពានបេតុងក្នុងឃុំថ្មស ស្រុកបូទុមសាគរ ខេ​ត្តកោះកុង។
លោក ទៀ បាញ់ បានឱ្យដឹងថា ប្រទេសកម្ពុជា បានឆ្លងកាត់ភ្នក់ភ្លើងសង្រា្គមជាច្រើនជំនាន់ដែ​លធ្វើឱ្យប្រទេសទទួលរងគ្រោះមហន្តរាយខ្ទេចខ្ទីប្រជាជនរស់នៅក្រោមការភ័យខ្លាច ការកាប់សម្លាប់ជីវិតមនុស្សដោយគ្មានញញើតដៃ ក្រោមរបបវាលពិឃាត ដែលដឹកនាំដោយក្រុម ប៉ុល ពត។ ដូច្នេះយើងមិនអាចបំភ្លេចបានទេថ្ងៃ៧ មករា ១៩៧៩ ជាថ្ងៃកំណើតទី២ របស់ប្រជាពល​រដ្ឋ និងប្រទេសជាតិដែលធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍន៍ និងរីកចម្រើនគ្រប់វិស័យ និងមា​នធនធានមនុស្ស ក្រោមការដឹកនាំដ៍ឈ្លាសវៃរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្ថាបនិកន​យោ​​បាយឈ្នះឈ្នះ នាំមកនូវសុខសន្តិភាព មានសេរីភាពសម្រាប់ប្រជាពលរដ្ឋ ហើយមានការអ​ភិវឌ្ឍគ្រប់តំបន់ មូលដ្ឋានឱ្យតែប្រជាពលរដ្ឋរស់នៅ គឺមានការអភិវឌ្ឍន៍ដល់ទីនោះ។
លោក ទៀ បាញ់ បានបន្តថា ស្ពានថ្មដែលដាក់សម្ភោធឱ្យប្រើប្រាស់ជាផ្លូវការស្ពានបេតុងប្រ​វែង ៦៣៥ម៉ែត្រ ទទឹង២,៤០ម៉ែត្រ និងផែថ្ម១ មានទទឹង១៥ម៉ែត្រ បណ្តោយ៣០ម៉ែត្រស្ថិតភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ជាសម្ធិផលអំណោយដ៏ថ្លៃថ្លាលោកឧកញ៉ា លីយ៉ុង ផាត់ សាងសង់សម្រាប់ឱ្យប្រជាពលរដ្ឋប្រើប្រាស់មធ្យោបាយធ្វើដំណើរបានស្រួល ក្នុងការប្រមូលផលនេសាទ និងទេសចរណ៍។ លោកក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ថា បើបានសម្ធិផលថ្មីហើយសូមជួយថែករក្សាទាំងអស់គ្នាព្រោះនេះជារបស់បងប្អូនទាំងអស់គ្នា ជាពិសេសបងប្អូនត្រូវថែរក្សាសុខភាព ដើម្បីការពារការឆ្លងជំងឺកូវិដ១៩ និងជំងឺឱកាសនិយមផ្សេ​ងផងដែរ៕




No comments:

Post a Comment