Monday, June 01, 2020

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាក់សារជាថ្មីថា កម្ពុជាជាប្រទេសឯករាជ្យអធិបតេយ្យ អាព្យាក្រឹត្យមិនចូលបក្សសម្ព័ន្ធ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងបញ្ជាក់សារជាថ្មីថា កម្ពុជាពុំមានគោលការណ៍ណាមួយក្នុងការអនុញ្ញាតិឱ្យបរទេសណាមួយប្រើប្រាស់ទឹកដីរបស់ខ្លួនពាក់ព័ន្ធនឹងយោធានោះឡើ​យ ហើយកម្ពុជាគឺជាប្រទេសឯករាជ្យ ដោយមិនចូលរួមជាមួយប្រទេសណាមួយទៅប្រឆាំងនឹងប្រទេសមួយទៀតនោះឡើយ។ លោកបានថ្លែងដូចនេះនៅរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងក្រុមកា​រងារបច្ចេ​កទេសស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុង ក្នុងខេត្តព្រះសីហនុ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជាមិនអនុញ្ញាតិឱ្យមានទីតាំងយោធាបរទេសណាមួយនៅលើទឹកដីរបស់ខ្លួនជាដាច់ខាត ហើយកម្ពុជាក៏មិនបញ្ជូនកម្លាំងរបស់ខ្លួនចូលទៅទឹកដីបរទេសណាមួយដែរ លើកលែងតែក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា មូលដ្ឋានរាម ស្វាគមន៍គ្រប់កម្លាំងបរ​ទេសទាំងអស់ដែលចង់ចូលសំចតនៅទីនោះ និងអាចចូលរួមក្នុងការធ្វើសមយុទ្ធជាមួយកម្ពុជាពីគ្រប់បណ្តាប្រទេសទាំងអស់។
គួរបញ្ជាក់ថា ការលើកឡើងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ពាក់ព័ន្ធនឹងបញ្ហាឯករាជ្យភាពរបស់កម្ពុជា គឺបន្ទាប់ពីមានមតិមួយចំនួនថាកម្ពុជាបានប្រគល់សិទ្ធិផ្តាច់មុខមួយទៅឱ្យប្រទេសចិនក្នុងការប្រើប្រាស់កំពង់ផែមួយរបស់កម្ពុជា ដែលបញ្ហានេះត្រូវបានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ច្រានចោលជាដាច់ខាតចំពោះព័ត៌មានញុះញង់នេះ៕





No comments:

Post a Comment