Monday, June 01, 2020

លោកស្រី ម៉ែន សំអន ដឹកនាំកិច្ចប្រជុំស្តីពីការតាមដាន​ គាំទ្រ​ និងជំរុញ​សកម្មភាពកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រក្នុងអំឡុងពេល​នៃការរីករាលដាលជំងឺកូវីដ១៩​

ស្វាយរៀង៖ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០​នេះ​ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំស្តីពីការតាមដាន​ គាំទ្រ​ និងជំរុញ​សកម្មភាពកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រក្នុងអំឡុងពេល​នៃការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងកិច្ចប្រជុំនោះក៏មានការអញ្ជើញចូលរួមពីលោក ម៉ែន​ វិបុល​ អភិបាលខេត្តស្វាយរៀង និងលោក ជុំ​ ហាត​ ប្រធានក្រុមប្រឹក្សាខេត្ត​ ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបផងដែរ។
លោកស្រីបានថ្លែងថា កិច្ចប្រជុំនេះមានគោលបំណងរកដំណោះស្រាយជួយប្រជាពលរដ្ឋក្រីក្រនៅខេត្តស្វាយរៀង ដែលប្រឈមមុខនឹងការខ្វះស្បៀងក្នុងអំឡុងពេលនៃការរីករាលដាលមេរោគកូវីដ១៩ ដែលជាដំណើរការ​ក្នុងការឧបត្ថម្ភសាច់ប្រាក់ឲ្យមានតម្លាភាព របស់រដ្ឋាភិបាលដៅចូលរួមសម្រាលការលំបាករបស់ប្រជាពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះក្នុងសង្គម ។
ក្នុងនោះលោកស្រី ម៉ែន សំអន ក៏បានកោតសសើរចំពោះលោក លោស្រី ប្រធានក្រុមការងារចុះជួយតាមស្រុក ក្រុង នៃខេត្តស្វាយរៀង​ និងប្រធាន ក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលស្រុក ក្រុងទាំង៨ ដែលបានបំពេញការងារបានល្អប្រសើរទាំងការងារស្នូល និងការងារប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩ នាពេលកន្លងមក។
លោកស្រីបន្តថា កិច្ចប្រជុំនេះគឺប្រារព្ធឡើងគឺ ឆ្លើយតបនឹងសេចក្តីណែនាំលេខ ៖ ១៧ ស.ជ.ណ របស់រាជរដ្ឋាភិបាលកម្ពុជាចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ស្ដីពីការតាមដាន គាំទ្រ និងជំរុញសកម្មភាពកំណត់អត្តសញ្ញាណកម្ម គ្រួសារក្រីក្រអំឡុង ពេលនៃការរីករាលដាលជំងឺកូវីដ១៩ ដើម្បីធានាឱ្យបានលទ្ធផលដូចបានគ្រោងទុកតាមកាលបរិច្ឆេទដែលបានកំណត់ខាងលើ ជាពិសេស ជៀសវាងបាននូវភាពអសកម្មដែលធ្វើឲ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់លើដំណើរការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ លោកស្រីបានជំរុញដល់ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត មេត្តាចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីរក្សាភាពច្បាស់លាស់ និងបំបាត់ភាពមិនប្រក្រតីពីប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន នៅពេលដែលអាជ្ញាធរ ឃុំ សង្កាត់បានសម្រេចជ្រើសរើសបញ្ចូលទៅក្នុងនៃគ្រួសារក្រីក្រ និងទទួលបាននូវបណ្ណសមធម៌សម្រាប់ទទួលបានការឧបត្ថម្ភសាច់ប្រាក់ ដែលនឹងគ្រោងអនុវត្តន៍នៅពេលខាងមុខឆាប់ៗនេះ។
លើសពីនោះលោកស្រីក៏បានស្នើឲ្យមន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវអនុវត្តន៍ការងារមួយចំនួនដូចជា៖
១-ប្រធានក្រុមការងារចុះតាមក្រុង ស្រុក និងមន្រ្តីជំនាញទាំងអស់ ត្រូវជម្រុញអនុវត្តឲ្យបានតាមសេចក្តីណែនាំ លេខ ១៧ របស់រាជរដ្ឋាភិបាល ដែលជារបៀបវារៈប្រជុំនេះ ត្រូវសហការជាមួយអាជ្ញាធរ ភូមិ ឃុំ សង្កាត់ ត្រូវសម្រេចធ្វើឱ្យបានចប់សព្វគ្រប់នៅដំណាច់ខែឧសភាឆ្នាំ២០២០ ចំពោះតំបន់ជនបទ និងតំបន់ទីប្រជុំជនឲ្យបានមុនដំណាច់ខែមិថុនាឆ្នាំ ២០២០។
២-ត្រូវដាក់ចេញនូវផែនការកម្មវិធីការងារឲ្យបានមុនដំណាច់ខែ មិថុនា ឆ្នាំ២០២០ នេះ ក្នុងការប្រមូលទិន្នន័យ ដើម្បីធ្វើបច្ចុប្បន្នភាព ក្រ.១ និងក្រ.២ ដែលមន្ទីរផែនការបានស្រង់រួចហើយ និងត្រូវបញ្ជាក់ឡើងវិញឲ្យបានច្បាស់លាស់ ពិសេសអ្នកបានទទួលបណ្ណសមធម៌ និងអ្នកមិនទាន់បានទទួលបណ្ណសមធម៌ ដើម្បីបំពេញបន្ថែមទិន្នន័យថ្មីនេះ។
៣-​ ត្រូវតាមដានការផ្តល់សាច់ប្រាក់ដែលបានផ្តល់ជូនក្រុមគ្រួសារក្រីក្រ និងអប់រំ សតិអារម្មណ៍ ជៀសវាងការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងជៀសវាងការចោទប្រកាន់បក្សពួក។ ពិសេស ក្រុង ស្រុកទាំងអស់ត្រូវដឹកនាំផ្សព្វផ្សាយ និងជៀសវាងឲ្យបាននូវបុគ្គលដែលទទួលបានការបណ្តុះបណ្តាល តែអ្នកអនុវត្តជាបុគ្គលផ្សេង ដែលជាហេតុធ្វើឲ្យការងារដំណើរការមិនបានល្អ។
៤-​ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង អប់រំប្រជាពលរដ្ឋ ក្នុងការបង្កើនការផលិតកម្មផ្នែកកសិកម្ម តាមរយៈការដាំដុះ ការចិញ្ចឹមសត្វ ជាដើម ជាពិសេសត្រូវផ្តោតលើបន្លែដែលពុំប្រើប្រាស់ជីគីមី។
៥-​ អាជ្ញាធរពាក់ព័ន្ធគ្រប់មូលដ្ឋានត្រូវពង្រឹងឲ្យបានប្រសិទ្ធិភាពនូវ ភូមិ-ឃុំមានសុវត្ថិភាព និងពង្រឹងសុវត្ថិភាពច្បាប់ចរាចរណ៍ផ្លូវគោគថ្មីដែលបាននឹងកំពុងអនុវត្តពេលបច្ចុប្បន្ន៕




No comments:

Post a Comment