Monday, June 01, 2020

លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន៖ នាពេលអនាគត កម្ពុជានឹងប្រើប្រាស់ អំពូលវៃឆ្លាត ទូទាំងប្រទេសដែលនឹងចំណេញថវិកាជាតិយ៉ាងច្រើន

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា នាពេលអនាគត នៅប្រទេសកម្ពុជា នឹងប្រើប្រាស់អំពូលវៃឆ្លាត ទូទាំងប្រទេសដើម្បីកាត់បន្ថយការប្រើប្រាស់ ថាមពលអគ្គិសនី។ ក្នុងជំនួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងក្រុមការងារបច្ចេកទេសស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុង ក្នុងខេត្តព្រះសីហនុ នារសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ទីក្រុងព្រះសីហនុ នឹងក្លាយជាទីក្រុងឆ្លាតដើរមុនគេ ដែលប្រើប្រាស់អំពូលវៃឆ្លាត។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏ធ្លាប់បានណែនាំឲ្យភាគីពាក់ព័ន្ធទាំងអស់ យកអំពូលវៃឆ្លាតជាង៥ពាន់អំពូល មកដាក់នៅខេត្តព្រះសីហនុ ដើម្បីបំភ្លឺជូនប្រជាពលរដ្ឋធ្វើដំណើរ។ លោកបន្តថា អំពូលវៃឆ្លាតនេះវានឹងភ្លឺដោយស្វ័យប្រវត្តិប្រសិនបើមានរថយន្តធ្វើដំណើរឆ្លងកាត់នៅតាមដងផ្លូវដែលមានអំពូលនោះ។ លោក ហ៊ុន សែន បានរៀបរាប់ថា អំពូលដាក់នៅតាមផ្លូវរាល់ថ្ងៃនេះ បានធ្វើឲ្យចំណាយថវិកា រាប់សិបលានដុល្លារ ក្នុង១ឆ្នាំៗ សម្រាប់បំភ្លឺនៅតាមដងវិថីនៅកម្ពុជា។ លោកថា បើប្រើប្រាស់អំពូលវៃឆ្លាតវិញនឹងចំណេញយ៉ាងច្រើនផងដែរ។
ឆ្លៀតឱកាសនោះដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ផ្លូវថ្នល់នៅក្រុងព្រះសីហនុ ក៏ទាក់ទាញភ្ញៀវទេសចរជាតិ-អន្ដរជាតិ មកទស្សនា នៅខេត្តព្រះសីហនុ ដែលនាំឲ្យសេដ្ឋកិច្ចជាតិ មានការរីកចម្រើនផងដែរ ។ ខណៈការកសាងផ្លូចំនួន៣៤ខ្សែ នៅព្រះសីហនុ សម្រេចបាន៩០% និងសម្រេចបញ្ចេញកញ្ចប់ថវិកាជាតិប្រមាណ ៣០០លានដុល្លារ៕




No comments:

Post a Comment