Tuesday, April 11, 2017

ចៅចាក់ស្មុក៖ កម្ពុជា លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស (វគ្គ១)

នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧នេះ ទំព័រហ្វេសប៊ុកចៅចាក់ស្មុក បានបង្ហោះផ្សាយអត្ថបទ​មួយដោយដាក់ចំណងជើងថា «កម្ពុជា លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស៖ ប្រាប់ពីការពិត (វគ្គ១)» ដែលមានខ្លឹមសារដូចតទៅ៖
«នេះមិនមែនជាលទ្ធិប្រជាធិបតេយ្យនោះទេ ការណ៍ដែលផ្ញើលុយរាប់ប៊ីលានដុល្លារដើម្បីជំរុញការផ្លាស់ប្តូររបបនៅក្រៅប្រទេសនោះ។ នេះមិនមែនជាជាលទ្ធិប្រជាធិបតេយ្យនោះទេការណ៍ដែលបញ្ជូនអង្គការមិនមែនរដ្ឋាភិបាលទៅសរសេរច្បាប់ឡើងវិញនោះ»។ លោក រ៉ុន ផូល អតីតសមាជិកសភាខុនក្រេសអាមេរិក (គណបក្សសាធារណៈ) បានថ្លែងដូចនេះ។
សម្រងសម្តីនេះគឺជាការបញ្ជាក់ថា សហរដ្ឋអាមេរិកបានផ្តល់មូលនិធិគាំទ្រដល់សកម្មភាពក្រៅប្រទេសក្នុងគោលបំណងដើម្បីផ្លាស់ប្តូររបប ដែលរដ្ឋាភិបាលអាមេរិកមិនពេញចិត្ត។ សង្គម​ស៊ីវិលត្រូវបានគេប្រើប្រាស់ធ្វើជាមធ្យោបាយក្នុងការចាប់ផ្តើមដំណើរការធ្វើឱ្យប្រទេសរង្គោះរង្គើរ។ គឺជាករណី ដែលកើតមានឡើងនៅប្រទេសអ៊ុយក្រែនក្នុងរដ្ឋបាលរបស់គណបក្សសាធារណរដ្ឋ និងនៅក្នុងប្រទេសហុងឌុយរ៉ាស់ក្នុងរដ្ឋបាលគណបក្សប្រជាធិបតេយ្យ។
ជាច្រើនឆ្នាំមកហើយ កម្ពុជាបានទទួលរងនូវយុទ្ធនាការកាន់តែខ្លាំងឡើងដឹកនាំដោយរដ្ឋាភិ បាល និងអង្គការបរទេសមួយចំនួនដែលចង់បានការផ្លាស់ប្តូររបបនៅកម្ពុជា ទោះបីការណ៍ នេះប្រឆាំងនឹងឆន្ទៈរបស់ប្រជាជនភាគច្រើននៅប្រទេសនេះក៏ដោយ។ យុទ្ធនាការនេះពោរពេញទៅដោយការមួលបង្កាច់ការពិត ភូតកុហក ការបំប៉ោងបញ្ហាតូចតាចក្នុងគោលបំណង បង្ខូចកេរ្តិ៍ឈ្មោះ និងដាក់កំហុសទៅលើស្ថាប័នបច្ចុប្បន្នដែលស្របច្បាប់។ រាជរដ្ឋាភិបាលកម្ពុជា ចង់បំភ្លឺ និងបញ្ជាក់ការពិតឱ្យដាច់ស្រឡះតែម្តង។ ជាបឋម រាជរដ្ឋាភិបាលកម្ពុជាត្រូវបង្ខំចិត្តចេញនូវសេចក្តីថ្លែងការណ៍ដូចខាងក្រោម៖
១-កម្ពុជាគឺជាប្រទេសអធិបតេយ្យ។ អធិបតេយ្យភាពនេះត្រូវតែទទួលបានការគោរព ដោយពេញលេញ។ ធម្មនុញ្ញអង្គការសហប្រជាជាតិបានបញ្ញត្តិយ៉ាងច្បាស់ថា គ្មានរដ្ឋណា មានសិទ្ធិទៅលូកលាន់ដោយផ្ទាល់ ឬដោយប្រយោល ទោះក្នុងហេតុផលណាក៏ដោយ នៅក្នុងកិច្ចការផ្ទៃក្នុង ឬបញ្ហាដែលប៉ះពាល់ដល់បូរណភាពដែនដី ឬឯករាជ្យភាពនយោបាយ របស់ប្រទេសដទៃបានឡើយ (មាត្រា ២.៤, ២.៧)។ រដ្ឋធម្មនុញ្ញអាស៊ានបានកំណត់យកការមិនលូកលាន់កិច្ចការផ្ទៃក្នុងរបស់រដ្ឋជាសមាជិកធ្វើជាគោលការណ៍មូលដ្ឋាន (មាត្រា ២.២ (e)។ នៅក្នុងនឹងកិច្ចព្រមព្រៀងទាក់ទងនឹងអធិបតេយ្យភាព ឯករាជ្យភាពបូរណភាព និងភាពមិនអាចរំលោភបានបំពានបាននៃដែនដី អព្យាក្រឹត្យភាព និងឯកភាពជាតិកម្ពុជា ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងសន្តិភាពគ្រប់ជ្រុងជ្រោយរបស់កម្ពុជាដែលយើងហៅជាទីទៅថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស ហត្ថលេខីទាំង ១៨ មានកាតព្វកិច្ចជាក់លាក់ គឺ«ត្រូវចៀសវាងការលូកលាន់ទោះក្នុងទម្រង់ណាក៏ដោយ ទាំងផ្ទាល់ ឬមិនផ្ទាល់នៅក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា (មាត្រា ២.២)។
២-លទ្ធិប្រជាធិបតេយ្យមិនមែនសមមូលទៅនឹងការបដិសេធនីត្យានុកូលភាពនៃស្ថាប័នដែលស្របតាមរដ្ឋធម្មនុញ្ញ ការបរិហារកេរ្តិ៍ថ្នាក់ដឹកនាំនយោបាយដោយមិនរើសមុខ ការញុះញង់ឱ្យមានកំហឹងជាតិសាសន៍ ការបំពានច្បាប់ ការញុះញង់ជាប្រចាំបង្កភាពតានតឹងនយោបាយ និងកកូរកកាយបង្កបរិយាកាសសង្គ្រាមស៊ីវិលនោះទេ។
៣-ជាថ្មីម្តងទៀត ដូចនៅអំឡុងឆ្នាំ ១៩៧៩-១៩៩១ រដ្ឋាភិបាលលោកខាងលិចមួយចំនួនបានជ្រើសរើសគាំទ្រទៅលើភាគីដែលខុស៖ ពួកគេជ្រើសរើសយកភាគីដែលជំរុញឱ្យមានភាពអសណ្តាប់ធ្នាប់ ហើយប្រឆាំងទៅនឹងភាគីដែលជំរុញការអភិវឌ្ឍដែលនាំប្រទេសឱ្យរីកចម្រើនក្នុងអាត្រាកំណើន ផ.ស.ស ជាមធ្យម ៧,៧% ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ការកាត់បន្ថយភាពក្រីក្រពី ៥)%នៅឆ្នាំ ១៩៩០ ឱ្យធ្លាក់មកនៅ ១៣,៥%នៅឆ្នាំ ២០១៤ និងភាគីដែលសម្រេចស្ទើរតែបានគ្រប់គោលដៅអភិវឌ្ឍន៍សហវត្សរ៍។ ពួកគេជ្រើសរើសយក ភាគី ដែលបដិសេធអត្ថិភាពនៃរបបប្រល័យពូជសាសន៍ ហើយប្រឆាំងនឹងភាគីដែលបានរំដោះប្រទេសនិងការពារប្រជាជនពីការវិលត្រឡប់នៃរបបនេះ។ ពួកគេជ្រើសរើសយកការគាំទ្រភាគីដែលញុះញង់ឱ្យមានជម្លោះជាមួយវៀតណាម ហើយប្រឆាំងទៅនឹងភាគីដែលផ្តល់តម្លៃជាពិសេសទៅលើសន្តិភាពទាំងនៅក្នុង និងក្រៅប្រទេស។
៤-រឹតតែអាក្រក់ជាងនេះទៅទៀត មានរដ្ឋាភិបាល និងស្ថាប័នលោកខាងលិចមួយចំនួន ដែលបច្ចុប្បន្ននេះ នៅតែបន្តគាំទ្របុគ្គលមួយចំនួននៅកម្ពុជា ដែលគេស្គាល់ដឹងឮជាចំហរថាជាជនរើសអើងពូជសាសន៍ជាអ្នកដែលបដិសេធឬមិនជឿលើការសម្លាប់រង្គាលដោយរបបខ្មែរក្រហមនៅកម្ពុជា និងអ្នកជាតិនិយមជ្រុល។ អ្នកនយោបាយប្រជាភិថុតិទាំងនេះគឺជាសត្រូវអាក្រក់បំផុតនៃកទ្ធិប្រជាធិបតេយ្យ ប៉ុន្តែពួកគេទទួលបានការគាំទ្រពីប្រទេស លោកខាងលិចមួយចំនួនដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ៕
អត្ថបទ៖ ប្រាប់ពីការពិតឯកសាររបស់រាជរដ្ឋាភិបាលកម្ពុជា

សាលារាជធានីភ្នំពេញអំពាវនាវឲ្យរក្សាតម្លៃដឹកជញ្ជូនអ្នកដំណើរ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

សាលារាជធានីភ្នំពេញនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧នេះ បានចេញផ្សាយសេចក្តីជូនដំណឹងមួយ ស្តីពីរក្សាតម្លៃដឹកជញ្ជុនអ្នកដំណើរទៅមកភ្នំពេញ តាមបណ្តាខេត្ត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ២០១៧៕
សូមអានសេចក្តីជូនដំណឹងទាំងស្រុងដូចតទៅ៖


ស្ថានឯ​កអគ្គរាជទូ​តកម្ពុ​ជាប្រចាំ​នៅកូរ៉េ នឹង​រៀបចំព្រឹ​ត្តិការណ៍ «មហាស​ង្រ្កាន្ដខ្មែ​រនៅកូរ៉េ» អបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ ជូនពលរដ្ឋខ្មែរនៅកូរ៉េ

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហការជាមួយ សហគមន៍ខ្មែរ នៅសាធារណរដ្ឋកូរ៉េ នឹងរៀបចំព្រឹត្តិការណ៍ «មហាសង្រ្កាន្ដខ្មែរនៅកូរ៉េ» ដ៏ធំប្រចាំឆ្នាំជាលើកដំបូង នៅសាធារណរដ្ឋកូរ៉េ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងដើម្បីបង្កើតភាពសប្បាយរីករាយ ជូនប្រជាពលរដ្ឋខ្មែរដែលរស់នៅ និងធ្វើការនិងសិក្សា នៅសាធារណរដ្ឋកូរ៉េ ក្នុងស្មារតីខ្មែរតែមួយ អនាគតតែមួយ ។
ព្រឹត្តិការណ៍នេះ មានការអញ្ជើញជាអធិបតីពីសំណាក់ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឯកអគ្គរាជទូត សមាជិករដ្ឋសភាជាតិនៃសាធារណរដ្ឋកូរ៉េ អភិបាលក្រុងស៊ូវ៉ុន និងបណ្ដាវិស័យឯកជនដែលជាអ្នក ចូលរួមជួយឧបត្ថមកម្មវិធី។

សូមជម្រាបផងដែរថា ព្រឹត្តិការណ៍ «មហាសង្រ្កាន្ដខ្មែរនៅកូរ៉េ»នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី១៦ ខែមេសា ឆ្នាំ២០១៧ ចាប់ពីម៉ោង ១០៖៣០ព្រឹក ដល់ម៉ោង៦៖០០ល្ងាច នៅសួនកំសាន្ដ Manseok Park នាទីក្រុងស៊ូវ៉ុន ខេត្តខ្យងគី សាធារណរដ្ឋកូរ៉េ ជាមួយនឹងកម្មវិធីប្រពៃណីជាច្រើនដូចជា ពិធីសាសនា ពិធីពូនភ្នំខ្សាច់ ការបង្ហាញក្បាច់គុណបុរាណខ្មែរ កម្មវិធីសម្ដែង សិល្បៈប្រពៃណី ការលេងល្បែងប្រជាប្រិយ ការតាំងបង្ហាញមុខម្ហូប នំបង្អែមខ្មែរ និងការប្រគំតន្ត្រីសម័យខ្នាតធំ ដែលមាន សិល្បករ-សិល្បការិនីមកពីព្រះរាជាណាចក្រកម្ពុជាជាដើម៕



ស៊ី និង​ត្រាំ ចំណាយ​ពេល​ច្រើន​លើ​​សំបក​ក្រៅ​ ហើយ​ពេល​ខ្លី​លើ​សាច់ការ

នៅពេលប្រ​​ធានាធិបតី ស៊ី ជីនពីង បាន​ធ្វើ​ដំណើរ​ដល់​ទីក្រុង Mar-a-Lago នៅ​រដ្ឋ Florida នៅ​ដើម​រសៀល​ថ្ងៃទី ៦ សម្រាប់​ការ​ជួបគ្នា​ទល់​មុខ​ជា​លើក​ដំបូង​របស់​គាត់​ជា​មួយ​ប្រធានាធិបតី​អាមេរិក​នោះ ទំនាក់ទំនង​អាមេរិក​-ចិន​ហាក់បីដូចជា​ស្ថិត​ក្នុង​ស្ថាន​ភាព​​ចង់​ដាច់ខ្យល់។
សំណួរ​ចំនួន ៤ បាន​លេច​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​​នៅ​​ Mar-a-Lago ជា​សេតវិមាន​រដូវ​រងារ​​ជា​ផ្លូវ​ការ​របស់​ ត្រាំ។
តើ​ ដូណាល់ ត្រាំ នឹង​ជា​ការ​លើក​លែង​​ដល់​ច្បាប់​ប្រធានាធិបតី​​លើ​គោល​នយោ​បាយ​ចិន​របស់​អាមេរិក​ដែរឬទេ? សម្រាប់​រយៈ​ពេល ៤ ទសវត្សរ៍ បេក្ខជន​ប្រធានាធិបតីអាមេរិក​​បាន​ធ្វើ​ការ​ប្រកាស​​ជា​ផ្លូវ​ការ​យ៉ាង​ធ្ងន់​អំពី​ចិន។
តើ​ ស៊ី នឹង​អាច​បង្កើត​ទំនាក់ទំនង​ផ្ទាល់​ខ្លួន​មួយ​ជា​មួយ​ប្រធានាធិបតី​រូប​នោះ​នៅ​ក្នុង​ការ​ជំនួប​របស់​គេ​ជា​លើក​ដំបូង​ដែរឬទេ? តាម​នយោបាយ ពួក​គេ​ហាក់ដូចជា​ខ្វែង​គំនិត​គ្នា​យ៉ាង​ខ្លាំង។ លោក ស៊ី បាន​ចាត់​ទុក​ខ្លួន​គាត់​ថា ជា​អ្នក​គ្រប់​គ្រងនាវា​ដ៏អស្ចារ្យ​និងក្តោប​ក្តាប់​នាវារដ្ឋ​និង​បក្ស​ដែល​នឹង​ដឹកនាំ​ចិន​យ៉ាង​ម៉ឹងម៉ាត់​​​ក្នុង​ដំណើរផ្លូវ​កំណែទម្រង់​ដ៏លំបាក​នៅ​ចំពោះមុខ។ ផ្ទុយ​ទៅ​វិញ ត្រាំ បាន​ចាត់​ទុក​ខ្លួន​គាត់​ថា ជា​អ្នក​រំខាន​អស្ចារ្យ​ ដែល​​រុះ​រើ​ប្រព័ន្ធ​នោះដើម្បី​ផ្តល់​កម្លាំង​ដល់​ប្រទេស​គាត់​ឡើង​វិញ និង​ “ធ្វើ​ឲ្យ​អាមេរិក​អស្ចារ្យ​ឡើង​វិញ”។
តើ​ប្រធានាធិបតី​ទាំង​ពីរ​​រីករាយ​នឹង​ការ​ផ្លាស់ប្តូរទស្សនៈ​គ្នា​ដ៏​ស្មោះ​ត្រង់​នៅ​លើ​បញ្ហា​ជា​ច្រើន​ដែល​បាន​បំបែក​ទីក្រុង​វ៉ាស៊ីន​តោន​និង​ប៉េកាំងដែរឬទេ? ប្រសិន​បើ​អត់​ទេ តើ​ពួក​គេ​យ៉ាង​ហោច​ណាស់​អាច​​បង្កើត​ចំណុច​អាទិភាព​សំខាន់​ៗបំផុត​របស់គេ​ ហើយ​ផ្អែក​លើ​មូល​ដ្ឋាន​គ្រឹះ​នេះ នឹង​បង្កើត​ជា​មូល​ដ្ឋាន​ដល់​កិច្ច​សហប្រតិបត្តិការ​ដែល​ដោះ​ស្រាយ​រួម​គ្នា​លើ​ភាព​ខ្វែងគំនិត​គ្នា​និង​គោរព​ដល់​ក្តី​សង្ឃឹម​និង​ភាព​មាន​កង្វល់​របស់​គ្នា​ទៅ​វិញទៅ​មក​ដែរឬទេ?
ដោយ​សម្លឹង​ទៅ​មុខ តើ​ប្រធានាធិបតី​ទាំង​ពីរ​​អាច​បង្កើត​ក្រប​ខ័ណ្ឌ​សម្រាប់​កិច្ច​សហប្រតិបត្តិ​ការ​ដែល​នឹង​គ្រប់​ជ្រុង​ជ្រោយ​នៅ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា ក្រៅ​តែ​ពី​ការ​លុប​​ចោល​កិច្ច​ព្រមព្រៀង​​សេដ្ឋកិច្ច​និង​យុទ្ធ​សាស្ត្រ​នៅ​សម័យ​អូបាម៉ា​ដែល​បង្ហាញពី​ការ​​មិន​មាន​លំនឹង រឹង​មាំ និង​មិន​មាន​ផ្លែ​ផ្កា​ដែរឬទេ?
ជា​រួម​ ត្រាំ និង​ស៊ី បាន​ធ្វើ​ឲ្យ​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​លើ​បញ្ហា​សំខាន់​ៗ​ទាំង​នេះ ទោះបី​ជា​មាន​ភាព​ល្អក់កករ​ពីការ​វាយ​ប្រហារ​គ្រាប់​មីស៊ីល​របស់​អាមេរិក​លើ​ប្រទេស​ស៊ីរី​នៅពេល​គេ​ជួប​គ្នា​នោះ​ក៏​ដោយ។​
នៅ​ឯ Mar-a-Lago ​ នោះ ប្រធានាធិបតី​ទាំង​ពីរ​បាន​នាំ​ប្រទេស​របស់​គេ​ឲ្យ​មាន​ទំនាក់​ទំនង​​ទ្វេ​ភាគី​ប្រកប​ដោយ​ផ្លែផ្កា​ឡើង​វិញ​ ដោយ​ផ្ទុយ​ទៅ​នឹង​អ្នក​កាន់តំណែង​មុន​ៗ​របស់​គេ ដោយ​ចាប់​យក​ក្នុង​ដំណើរ​ការ​នោះផង​ដែរ គឺ​ភាព​ជា​និមិត្ត​រូប​នៃ​ឱកាស​និង​សារៈ​សំខាន់​​យ៉ាង​ខ្លាំង​លើ​ទំនាក់​ទំនង​ទ្វេភាគី​នៅ​ក្នុង​កិច្ច​ការ​តំបន់​និង​ពិភព​លោក។​
ទៅ​ដល់​ចំណុច​ល្អ​របស់​ ត្រាំ គាត់​ហាក់​ដូច​ជា​បាន​មើល​ឃើញ​ដល់​តថភាព​ថា ទំនាក់​ទំនង​អាមេរិក​-ចិន​​គឺជា​ទំនាក់​ទំនង​ទ្វេភាគី​ដ៏សំខាន់​បំផុត​នៅ​ក្នុង​ពិភព​លោក។
ប្រធានាធិបតី​ទាំងពីរ​​បាន​ជជែក​គ្នា​នៅ​ក្នុង​សម្លេង​​កក់ក្តៅ​អំពីភាគី​ម្ខាង​ទៀត ដោយ​ជា​បង្កើត​ទំនាក់​ទំនង​ប្រកប​ដោយ​ផ្លែផ្កា​ដូចជា អ្នក​និមួយៗ​អាច​លើក​ទូរសព្ទ​នៅ​ពេល​ជូន​ដំណឹង​ភ្លាម​ៗ​ ហើយ​និយាយ​ទៅ​កាន់​សមភាគី​របស់​គាត់​ ប្រសិន​បើ​វិបត្តិ​​ហៀប​នឹង​កើត​ឡើង។ នៅ​ថ្ងៃ​បញ្ចប់​នោះ នៅ​ក្នុង​របៀប​វារៈ​នយោ​បាយ​​របស់​គេផង​ដែរ ប្រធានាធិបតី​ទាំង​ពីរ​ហាក់​ដូចជា​មិន​អាច​ជៀស​រួច​ពី ការ​ធ្វើ​កិច្ច​សហប្រតិបត្តិការ។ សុបិន្ត​របស់​ចិន និង​ការ​ធ្វើ​ឲ្យ​អាមេរិក​អស្ចារ្យ​ម្តងទៀត​នោះ​គឺជា​ក្តី​សង្ឃឹម​ដូច​គ្នា​ដែល​មិន​អាច​សម្រេច​បាន​តាម​រយៈ​ការ​ប្រឈម​មុខ​ដាក់​គ្នា​នោះទេ។​
ប្រធានាធិបតី​ទាំងពីរ​ជោគជ័យ​ក្នុងការ​បង្កើត​ទំនាក់ទំនង​ទ្វេភាគី​របស់​គេ​នៅ​ក្នុង​ក្រប​ខ័ណ្ឌ​មួយ​ដែល​មាន​លក្ខណៈ​គ្រប់​ជ្រុង​ជ្រោយ​និង​ពហុ​​មុខ​ព្រួញ​ដូចទៅ​នឹង​​តថភាព​នៃ​ទំនាក់​ទំនង​របស់​គេ​អញ្ចឹង។ យន្តការ​កម្រិត​ខ្ពស់​ដែល​ទើបបង្កើត​ឡើង​ថ្មី​ចំនួន ៤ សម្រាប់​ការ​ពិភាក្សា​និង​កិច្ច​សហប្រតិបត្តិការនោះ​គឺ​នឹង​បង្កើត​ឡើង​នៅ​ក្នុង​ផ្នែក​ការ​ទូត​និង​សន្តិសុខ សេដ្ឋកិច្ច​ ការ​អនុវត្ត​ច្បាប់ និង​សន្តិសុខ​អ៊ីនធឺណិត​ ព្រមទាំង​​សម្រាប់​ការ​ផ្លាស់ប្តូរ​ទៅ​វិញទៅ​មក​រវាង​ប្រជាជន​និង​ប្រជាជន។
ប្រធានាធិបតីទាំងពីរ​ក៏​បាន​ដាក់​ចេញនូវ​ចំណុច​អាទិភាព​​សេដ្ឋកិច្ច​ ការ​ទូត និង​ភូមិ​សាស្ត្រ​នយោ​បាយ​ដ៏សំខាន់​របស់គេ​ ដូចជា​ការ​ផ្លាស់ប្តូរ​ទស្សនៈ​គ្នា​លើ​បញ្ហា​ក្តៅ​ៗ​នៅ​ក្នុង​តំបន់។ ការ​បង្ហាញ​នូវ​ទំនាក់​ទំនង​របស់​គេ​នៅ​លើ​បញ្ហា​ទាំង​នេះ​នឹង​ត្រូវ​តែ​រង់​ចាំ​​រហូត​ដល់​កម្រិត​ទំនុក​ចិត្ត​កាន់​តែ​ខ្លាំង​មួយ​ត្រូវ​បង្កើត​ឡើង​នៅ​ក្នុង​ទំនាក់​ទំនង​ទ្វេភាគី​របស់គេ​។ ទន្ទឹម​គ្នា​នោះដែរ មូល​ដ្ឋាន​គ្រឹះ​​សម្រាប់​ការ​ផ្លាស់​ប្តូរ​គ្នា​ទៅវិញទៅ​មក​នៅ​ពេល​អនាគត​ត្រូវ​បាន​បង្កើត​ឡើង​។
សម្លឹង​ទៅ​មុខ ការងារ​នោះនឹង​មិន​ងាយ​ស្រួល​ទេ ជា​ពិសេស​លើ​បញ្ហា​ក្តៅ​ៗ​ជា​ច្រើន។ ស្តីពី​កូរ៉េខាង​ជើង​ ត្រាំ​ នឹង​ដាក់​សម្ពាធ ស៊ី រាប់បញ្ចូល​ការដាក់​ទណ្ឌ​កម្ម​បន្ទាប់​បន្សំ​គួរ​ឲ្យ​ឈឺចាប់​ដែល​បាន​ដាក់​លើ​ក្រុម​ហ៊ុន​ចិន​ ទាម​ទារ​ឲ្យ​ គីម ជុង​អ៊ុន បញ្ឈប់កម្មវិធី​មីស៊ីល​និង​នុយ​ក្លេរអ៊ែរ​របស់​គាត់​ បើ​មិន​អញ្ចឹង​ទេ​នឹង​ប្រឈម​ការ​ឲ្យ​នៅ​ឯកោ។ ចំណែក​គាត់​វិញ លោក ស៊ី នៅតែ​ប្រកាន់​ភ្ជាប់​ទៅ​នឹង​សំណើរ​ព្យួរ​​សកម្មភាព​មីស៊ីល​និង​នុយក្លេរអ៊ែរ​របស់​ទីក្រុង​ព្យុង​យ៉ាង​​ជា​ការ​ដោះ​ដូរ​ទៅនឹង​​ការ​បញ្ឈប់​ ឬ​កាត់​បន្ថយ​ទំនាក់ទំនង​យោធា​​អាមេរិក​-កូរ៉េខាងត្បូង និង​វិធី​​លុប​​បំបាត់​​ឧបទ្វីប​កូរ៉េ​និង​ដាក់​ជំនួសវិញ​នូវ​ភាព​គ្មាន​អាវុធ​នៅ​កូរ៉េ​ជា​មួយ​កិច្ច​ព្រមព្រៀង​សន្តិភាព ដែលបាន​បង្ហាញ​ពី​ទិសផ្ទុយ​គ្នា​ទាំង​ស្រុង។
ស្តីពីតៃវ៉ាន់វិញ ស៊ី នឹង​ដាក់​សម្ពាធ​ ត្រាំ ឲ្យ​ប្រកាន់​ភ្ជាប់​ទៅ​នឹង​គោល​នយោ​បាយ​ចិនតែ​មួយ និង​​បញ្ឈប់​លក់​អាវុធ​ណា​មួយ​​នៅ​ក្នុង​កម្រិត​ផ្លូវ​ការ​របស់​អាមេរិក​ទៅ​ឲ្យ​រដ្ឋាភិបាល​ទីក្រុង​តៃប៉ិ។ ថាតើ​ ត្រាំ អាច​​ដោះ​ដូរ​ផល​ប្រយោជន៍​របស់គាត់​ក្នុងកា​រលក់​ដូរ​អាមេរិក​ទៅ​តៃប៉ិ​ជា​មួយ​នឹង​ការ​បង្កើន​ការ​ដាក់​ទណ្ឌកម្ម​ពី​សំណាក់ចិន​លើ​ទីក្រុង​ព្យុង​យ៉ាង​ រាប់​បញ្ចូលទាំង​​ការ​ដាក់​ទណ្ឌ​កម្ម​មួយ​ផ្នែក​លើ​ការ​លក់​ប្រេង​នោះ​អាច​ជា​ជម្រើស​មួយ​ដែល​គួរ​តែ​​ស្វែងយល់។​
កត្តា​ប្រឈម​​គោល​នយោ​បាយ​ពាណិជ្ជកម្ម​និង​សេដ្ឋកិច្ច​នឹង​នៅតែ​​ពិបាក​ដោះ​ស្រាយ។ ក្នុង​ខណៈ​លោក ស៊ី នឹង​​អាច​ទទួល​យក​ក្នុងការ​ធ្វើ​ឲ្យ​ទំនាក់​ទំនង​ពាណិជ្ជកម្ម សេដ្ឋកិច្ច​ និង​ការ​វិនិយោគ​​កាន់តែ​មាន​តុល្យភាព​និង​​ទៅ​វិញទៅ​មក​នោះ គាត់​នឹង​ទទូច​ឲ្យ​ទំនាក់ទំនង​បែប​នេះ​ប្រកាន់​ភ្ជាប់​ទៅ​នឹង​គោល​ការណ៍​នៃ​ការ​បើក​ចំហនិង​គោរព​ដល់​ច្បាប់​អន្តរជាតិ។ នៅ​ពេល​នេះ និង​នៅ​អនាគតខាង​មុខ​នេះ រដ្ឋបាល​ ត្រាំ ទំនងជា​នៅតែ​បែក​បាក់គ្នា​ផ្ទៃក្នុង​​លើ​គោល​ការ​ណ៍​ទាំង​ពីរ​នេះ។​
ដោយមាន​ភាព​ខ្វែង​គំនិត​គ្នា​គួរ​ឲ្យ​ខ្លាចនេះ រមណីយ​ដ្ឋាន ម៉ាអាឡាហ្គូ គឺជា​ភាព​ឈ្នះៗ​សម្រាប់​ប្រធានាធិបតីទាំងពីរ។ សំរាប់​អ្នក​ដែល​មាន​មន្ទិល​ដែល​កម្រ​អាច​មើល​ឃើញ​អ្វី​ច្រើន​ហួស​ពី​​ទំនាក់​ទំនង​អាមេរិក-ចិន​ ឬបរាជ័យ​នយោ​បាយ​របស់​ប្រធានាធិបតី​អាមេរិក​ថ្មី​នោះ ទាំង ត្រាំ និង​ទាំង​ ស៊ី បាន​ប្រាស្រ័យ​ទាក់​ទង​គ្នា​ដោយ​ពាក្យ​សម្តី​ច្បាស់​ៗ​ថា យើង​អាច​ធ្វើ​បាន។ ឥឡូវ​នេះ ពួក​មាន​មន្ទិល​នឹង​សម្រេច​ចិត្ត​ថា តើ​នេះ​គឺជា​ការ​ផ្លាស់ប្តូរ​ដែល​ពួក​គេ​អាច​ជឿ​ជាក់​បាន​ឬអត់៕​


លោក ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធឆ្លងព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តពោធ៍វិន័យរោគ ខេត្តបន្ទាយមានជ័យ

លោក ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ លោកនាយករដ្ឋមន្ដ្រី បានអញ្ជើញសម្ភោធឆ្លងព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តពោធ៍វិន័យរោគ ភូមិរោគ ឃុំស្ពានស្រែង ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ និងមានវត្តមានអញ្ជើញចូលរួមពី លោក ស៊ុ សារឿត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧត្តុនិយម ជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកភ្នំស្រុក លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ និងប្រជាពលរដ្ឋប្រមាណ២៥០នាក់។
លោកអភិបាល ខេត្តបន្ទាយមានជ័យបានឱ្យដឹងថា សព្វថ្ងៃនេះសមិទ្ធផលរួមទាំងអាណាចក្រនឹងពុទ្ធចក្រកំពុងបោះជំហាន ដើរទន្ទឹមគ្នាស្របពេលដែលប្រទេសជាតិកំពុងដើរនៅលើផ្លូវសុខសន្តិភាព ស្ថេរភាព ក្រោមការដឹកនាំរបស់លោក នាយករដ្ឋមន្ត្រី លោកបានដឹកនាំប្រទេសឈានទៅរកការអភិវឌ្ឈលើគ្រប់វិស័យ។ សម្រាប់ខេត្តបន្ទាយមានជ័យគឺកំពុងតែមានការរីកចំរើន គ្រប់ផ្នែកវិស័យពុទ្ធចក្រក្នុងនោះ នៅទូទាំងខេត្ត មានវត្តចំនួន២៣៨វត្ត អាស្រម៨ ដែលមានព្រះសង្ឃ ៣៦២៨អង្គ។ មានសាលាធម្មវិន័យ៦៧សាលា សមណសិស្ស១១៥៣អង្គ ពុទ្ធិកៈ បឋមសិក្សា៤០សាលាសមណសិស្ស៩៣៨អង្គពុទ្ធិកៈអនុវិទ្យាល័យ ៣ថ្នាក់សមណសិស្ស១៧១អង្គ និងពុទ្ធិកវិទ្យាល័យ៣ថ្នាក់សមណសិស្ស៤៦អង្គ និងវិហារនៃសាសនា ដទៃទៀត៣២កន្លែង។
លោក ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ជាការពិតណាស់វត្តអារាមរួមទាំង ព្រះសង្ឃគ្រប់អង្គមិនគ្រាន់តែជាទីស្ថាន និងជាបុគ្គលសម្រាប់គោរពសក្ការបូជាប៉ុណ្ណោះទេ ជាកន្លែងមួយបង្កើតប្រភពបណ្តុះបណ្តាលនូវបញ្ញាញាណជាថ្នាល បណ្តុះបណ្ដាលធនធានបញ្ញាជនសម្រាប់ការអភិវឌ្ឍន៍ជាតិ លើគ្រប់វិស័យផងដែរ។ លើសពីនេះទៀតព្រះសង្ឃ និងពុទ្ធសាសនិកជាច្រើនបានកំពុងដឹកនាំឧបាសក ឧបាសិកាប្រជាពលរដ្ឋនៅតាមមូលដ្ឋាន កសាងហេដ្ឋារចនាសម្ព័ន្ធ ផ្សេងៗទៀតដូចជាព្រះវិហារ សាលាធម្មសភា កុដិ ទំនប់ ប្រឡាយ អណ្តូងទឹក ស្រះទឹក ស្ពាន ផ្លូវជាដើម។
លោកបន្តថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់លោក នាយករដ្ឋមន្រ្ដី បានជំរុញការអភិវឌ្ឍ ឱ្យប្រទេសជាតិមានការផ្លាស់ប្តូររីកចម្រើនលើគ្រប់វិស័យក្នុង នោះវិស័យសាសនាក៏មានការរីកចម្រើនរឹងមាំ នៅពេញផ្ទៃប្រទេស។ ជាពិសេសសមិទ្ធផល នៅក្នុងវត្តពោធ៍វិន័យរោគ មានព្រះវិហារ កុដិស្រះទឹកផ្លូវចាក់បេតុង និងសមិទ្ធផលនានា ដែលបានសម្ពោធនាថ្ងៃនេះបានបង្ហាញឱ្យឃើញកាន់តែច្បាស់ និងពោរពេញទៅដោយឆន្ទៈគោរពប្រតិបត្តិ និងលើកស្ទួយវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ របស់ព្រះតេជគុណ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គពុទ្ធបរិស័ទនិងសប្បុរជនគ្រប់ទិសទីក្នុងការខិតខំកសាង សមិទ្ធផលនានាក្នុងទីអារាមនេះ ទុកជាទីសក្ការបូជាតទៅដើម្បីរក្សាបាននូវប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផង់ ដែលដូនតាបានរក្សាទុកជាកេរដំណែលរាប់សតវត្សកន្លងមក និងដល់កូនចៅជំនាន់ក្រោយ។

លោកបានបន្តទៀតថា ការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនយ៉ាងដូច្នេះក៏ដោយសារតែការដឹកនាំ ដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលក្នុងការរក្សាបានសុវត្ថិភាពសន្តិភាពសន្តិសុខសណ្តាប់ធ្នាប់សង្គមធ្វើឱ្យប្រជា- ពលរដ្ឋមានលទ្ធភាពគ្រប់គ្រាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារកាន់តែមានភាពប្រសើរឡើង។
នាឱកាសនោះ លោក ហ៊ុន ម៉ាណែត បានផ្តល់អំណោយដល់មួយចំនួនដល់តាជីយាយជី ប្រជាពុទ្ធបរិស័ទ យុវជន និងសិស្សានុសិស្សចូលរួម និងបំពាក់គ្រឿងមេដាយ បណ័្ណសរសើរដល់សប្បុរសជន ដែលចូលរួមកសាងផងដែរ៕



លោករដ្ឋមន្រ្តី ថោង ខុន ចុះសួរសុខទុក្ខ​ ពលទាហាន​នៃយោធភូមិ​ភាគទី៤​ ខេត្តសៀមរាប​ ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​

នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧នេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចុះសួរសុខទុក្ខ និងជូនពរដល់នាយទាហាន ពលទាហាន នៃយោធភូមិភាគទី៤ ក្នុងឱកាសអបអរសាទរបុណ្យ​ចូលឆ្នាំប្រពៃណីជាតិ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៤ ខេត្តសៀមរាប ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួង​ទេសចរណ៍ និងមន្ទីរទេសចរណ៍រាជធានីខេត្ត រួមជាមួយអាជ្ញាធរអប្សរា គ្រឹះស្ថានអង្គរ សមាគមទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា ក្រុមហ៊ុន និងផ្នែកឯកជននានា ដែលជាសម្ព័ន្ធមេត្រីភាពជាមួយយោធភូមិ​ភាគ៤។
លោករដ្ឋមន្ត្រី ថោង ខុន ក៏បានជម្រាបជូនអង្គពិធីអំពីសភាពការណ៍ទេសចរណ៍កម្ពុជា និងទេសចរណ៍ខេត្ត​សៀមរាប ដែលមានការអភិវឌ្ឍរីកចម្រើនគួរជាទីមោទនៈ។ លោកក៏បានថ្លែងអំណរគុណ​និងកោតសរសើរ​ចំពោះយោធភូមិភាគ៤ ដែលបានចូលរួមចំណែកដ៏ខ្លាំងក្លាក្នុងការរក្សាការពារតំបន់ទេសចរណ៍អង្គរ និងបូរណភាពទឹកដី។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឲ្យដឹងទៀតថា កងយោធពលខេមរភូមិន្ទជាឆ្អឹងខ្នងដ៏រឹងមាំរបស់ប្រទេសជាតិ ហើយទោះបីស្ថិតក្នុងតំលៃណាក៏ដោយ គឺត្រូវការពារឲ្យបានរឹងមាំនូវសន្តិភាព ប្រឆាំងដាច់ខាតចំពោះ ចលនាបដិវត្តន៍ពណ៌មិនឲ្យកើតមាននៅកម្ពុជា។

នាឱកាសនោះ លោករដ្ឋមន្ត្រីក៏បាននាំយកថវិកា និងគ្រឿងឧបភោគ បរិភោគមួយចំនួន ដែលបានមកពីសប្បុរសជនជាថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួង​ទេសចរណ៍ និងមន្ទីរទេសចរណ៍រាជធានីខេត្ត រួមជាមួយអាជ្ញាធរអប្សរា គ្រឹះស្ថានអង្គរ សមាគមទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា ក្រុមហ៊ុន និងផ្នែកឯកជននានា ជូនដល់នាយទាហាន ពលទាហានយោធភូមិភាគ៤ ដែលរួមមាន  ថវិកាសរុប ៥៧.៣៥៧.០០០ រៀល ទឹកសុទ្ធវីតាល់ ២២០កេស ស្រាបៀរកម្ពុជា ១០០កេស ទឹកបរិសុទ្ធ ១២០យួរ មីយើង ១៦៧កេស ថ្នាំពេទ្យទីហ្វី និងសារ៉ា ១កេសធំ ទឹកត្រី៨៣យួរ ទឹកស៊ីអ៊ីវ ៨០យួរ ត្រីខ ៥កេសធំ ប៊ីចេង ២៥គីឡូ និងអំបិល១២០គីឡូផងដែរ៕




រដូវបុណ្យចូលឆ្នាំថ្មី៖ កម្ពុជាអញ្ចេកៗក្រោមម្លប់ «មរតកសន្តិភាព» !

ថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរកា នព្វស័កព.ស២៥៦១ ជិតចូលមកដល់ហើយ។ រយៈពេលជិត ៤០ឆ្នាំដែលកម្ពុជាបានបោះជំហ៊ាន ធ្វើដំណើរទៅមុខឥតឈប់ឈរ ហើយប្រទេសជាតិមានការ អភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យក្រោម «មរតកសន្តិភាព» ដែលសម្តេចតេជោ ហ៊ុន សែន គឺជា «ស្ថាបនិក»។
«សន្តិភាព» គឺមានតម្លៃជាប្រវត្តិសាស្ត្រ សម្រាប់កម្ពុជា។ សន្តិភាព គឺមានតម្លៃណាស់ សម្រាប់បច្ចុប្បន្ន និងតទៅអនាគតរបស់កម្ពុជា។ សន្តិភាពពេញលេញជិត២០ឆ្នាំមក គឺជារយៈពេលដ៏អស្ចារ្យក្នុងប្រវត្តិសាស្ត្រកម្ពុជា ដែលកន្លងមកយើងធ្លាក់ក្នុងសង្គ្រាម ឥតឈប់ឈរ។ ផ្តើមចេញពីគ្រឹះសន្តិភាពនេះ កម្ពុជា នឹងបន្តរក្សាបាននូវសមិទ្ធផលអស្ចារ្យ ជាច្រើនរួមមាន៖ ការឯកភាពទឹកដី, ការទប់ស្កាត់បានការប៉ុនប៉ងបំបែកបំបាក់ស្មារតីជាតិ, ការទប់ស្កាត់បានការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌, ការរក្សាបាននូវរបបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ, ការពង្រឹងបាននយោបាយប្រជាធិបតេយ្យសេរីពហុបក្ស, ការបន្តពង្រឹងតួនាទីកម្ពុជា ក្នុងអាស៊ាន និងក្នុងអង្គការពាណិជកម្មពិភពលោក ជាពិសេសការបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការមិត្តភាពស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយរបស់កម្ពុជា ជាមួយមិត្តភក្តិជុំវិញពិភពលោក។
«មរតកសន្តិភាព» ២ទសវត្សរ៍នេះ គឺប្រជាជនកម្ពុជាពិតជាអាចប្រកាសប្រាប់ពិភពលោក ដោយមោទនភាពថា៖ កម្ពុជា មានវត្ថុដ៏អស្ចារ្យគឺប្រាសាទអង្គរវត្ត! កម្ពុជា មានសេចក្តីសុខដ៏មានតម្លៃ គឺសន្តិភាព! កម្ពុជា មានភាពស្រស់ស្អាតដ៏អស្ចារ្យ គឺស្នាមញញឹមរបស់នារីខ្មែរនិងប្រជាជនទាំងអស់! កម្ពុជាមានប្រពៃណីការជួបជុំ ដ៏សប្បាយរីករាយ គឺព្រឹត្តិការណ៍អង្គរសង្ក្រាន្ត! ហើយកម្ពុជា ក៏មានចង្វាក់រាំប្លែកៗដូចជា៖ បទរាំញីកែងជើង, ឆ្កែរត់បុកធុង និងបទ អញ្ចេកៗ ជាដើម!
កម្ពុជា៖ យើងត្រូវរួមគ្នារក្សាការពារសមិទ្ធផលនិងមរតកសន្តិភាពនេះឲ្យបាន និងយកឱកាស ខិតខំកសាងប្រទេសជាតិយើងបន្ថែមទៀត។ ទោះបីតិចឬច្រើន យឺតឬលឿន គឺកម្ពុជា ត្រូវតែបន្តទៅមុខទៀត! កុំឈប់! ហើយក៏កុំឲ្យរអិលថយក្រោយ ឬធ្លាក់ក្នុងសង្គ្រាមឲ្យសោះ។ សមិទ្ធផលទាំងអស់នេះ យើងសូមចងចាំថា គឺកើតឡើងពីទស្សនៈវិស័យ ដ៏ត្រឹមត្រូវរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំរាជរដ្ឋាភិបាល កម្ពុជា បច្ចុប្បន្ន និងដោយមានការចូលរួមគាំទ្រ ពីមន្ត្រីរាជការកងកម្លាំងគ្រប់ជាន់ថ្នាក់ ប្រជាជន ទាំងឡាយ ជាពិសេសគឺ អង្គព្រះមហាក្សត្រជាទីគោរពសក្ការៈ ព្រះសង្ឃ និងសាសនិក នានាផងដែរ។
ស្ថានភាពកម្ពុជាបច្ចុប្បន្នពិតជាល្អណាស់! ជាពិសេសបានបង្កើតឱកាសឲ្យយុវជនចូលរួម គ្រប់វិស័យសំខាន់ៗរបស់ជាតិ ដែលរួមមានទាំងការងារសង្គម សិល្បៈ កីឡា វប្បធម៌ និង ការរៀបចំពិធីប្រពៃណីជាតិ អង្គរសង្ក្រាន្ត និងសង្ក្រាន្តនានាតាមបណ្តាស្រុក ខេត្តជាច្រើន ទៀត ដើម្បីផ្សព្វផ្សាយអត្តសញ្ញាណជាតិ បង្កើតការកម្សាន្តសប្បាយ រីករាយរឹតចំណង សាមគ្គីភាពប្រជាជន និងដើម្បីទាក់ទាញទេសចរ។
ជាមួយគ្នានេះ យើងក៏ត្រូវទទួលស្គាល់ចំណុចខ្វះខាតខ្លះ ដែលយើងមិនទាន់មានលទ្ធភាព បំពេញបាន ទាំងក្នុងបំណងផ្ទាល់ខ្លួន បំណងប្រាថ្នាក្នុងគ្រួសារ និងតម្រូវការ នានាក្នុង សហគមន៍យើង។ ក៏ប៉ុន្តែ យើងមិនត្រូវឲ្យសេចក្តីត្រូវការនេះ បំផ្លាញសុភមង្គលគ្រួសារ តម្លៃសីលធម៌សង្គម តម្លៃគុណធម៌ប្រជាជាតិ និងបំផ្លាញកិត្យានុភាពយើងជាដាច់ខាត។ យើងត្រូវប្រើឱកាសក្នុងសន្តិភាពនេះ រួមគ្នាកសាងសមិទ្ធផល និងអំពើល្អឲ្យបានច្រើន ថែមទៀត។
ជាការកត់សំគាល់ នៅជ្រុងម្ខាងទៀត នៃការរីកចម្រើនរបស់មាតុភូមិកម្ពុជាយើង គឺពួកអ្នក នយោបាយទាំងថ្មី ទាំងចាស់ ជាពិសេសអ្នកធ្លាប់ចាញ់រាប់ភ្លេច គឺកំពុងរកគ្រប់វិធីដណ្តើម យកសមិទ្ធផលនេះ និងបានកំពុងខិតខំគ្រប់វិធីដណ្តើមយកអំណាច ការដឹកនាំតាមគ្រប់ រូបភាព ទាំងខុសច្បាប់ តាមបែបប្រជាភិថុត និងតាមបែបអាណាធិបតេយ្យ ដោយមិនចេះ ខ្មាស់អៀន។ ក៏ប៉ុន្តែ ព្រហ្មលិខិតបានកំណត់រួចហើយ ជាតិនេះ ពួកគេគ្មានវាសនាទេ ពីព្រោះ ពួកគេត្រូវបណ្តាសាររួចហើយថា ជាអ្នកនយោបាយគ្មានសីលធម៌ និងគ្មានគុណធម៌។
នៅពេលដែលប្រជាជនទូទាំងប្រទេស សប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ ហេតុអ្វីបានជាគេរត់ចេញទៅក្រៅប្រទេស? ចម្លើយគឺពីព្រោះគេខ្មាស់៖
ទី១៖ ពួកគេមិនហ៊ាននៅជួបមុខប្រជាជនទេ ពីព្រោះគេខ្មាស់ពាក្យសម្តីខ្លួនឯង។ ពាក្យគេ ម្តងណាគឺ៖ វេនាណាស់ ឈឺចាប់ណាស់ ការពិតគេឈឺចិត្តដោយសារចាញ់ឆ្នោតសោះ… ដល់ តែឮប្រជាជនស្រែហ៊ោសប្បាយរីករាយ គឺវាផ្ទុយនឹងភាសារបស់គេ។ ដូច្នេះគេមិនហ៊ាន នៅឃើញការពិតទេ។
ទី២៖ ធាតុពិត គេខ្មាស់ភាពរីកចម្រើន និងការសំបូរសប្បាយរបស់ប្រទេសជាតិ ពីព្រោះគេ គ្មានចំណែកអ្វីបន្តិចសោះ កសាងប្រទេសនេះទេ។ ពួកគេមានតែបោកប្រាស់ យកលុយពី ប្រជាជន ដើម្បីចិញ្ចឹមនយោបាយពិសពុលរបស់គេ។ ខណៈនេះ គេក៏កំពុងនៅក្រៅប្រទេស ស្មូមលុយខ្មែរនៅទីនោះ ដើម្បីបម្រើមហិច្ឆតានយោបាយបរទេសដែរ។
ទី៣៖ ឆ្នាំមុនគេព្យាយាមបំផ្លាញកម្មវិធីអង្គរសង្ក្រាន្តរបស់ជាតិយើង ទាំងមូលតាមរយៈ យក ខ្លោងទ្វារ ជាមូលដ្ឋានអុជអាល ប៉ុន្តែគេបរាជ័យ។ ឆ្នាំនេះគេមិនអាចរកអ្វីមកធ្វើជា ឧបករណ៍ បំផ្លាញកម្មវិធីនេះបានទេ។ មកដល់ថ្ងៃនេះ គេមិនហ៊ានចេញសារជូនពរទេ ពីព្រោះ ពួកគេ ស្មោកគ្រោកខាងសីលធម៌ ហើយពួកគេមានសារជាតិជាពួកញុះញ៉ុង អុជអាលបំបែក បំបាក់ជាតិប៉ុណ្ណោះ។
សន្តិភាព គឺពិតជាមានតម្លៃខ្លាំងណាស់ សម្រាប់អនាគតដ៏ប្រសើរបស់កម្ពុជា។ សូមទេវតា ឆ្នាំថ្មី បន្តថែរក្សាការពារប្រជាជនកម្ពុជា ឲ្យបានរីករាយសំបូរសប្បាយ តទៅទៀតក្រោម ម្លប់សន្តិភាពដ៏ត្រជាក់ត្រជុំ។ តោះ!យើងនាំគ្នារាំបទ អញ្ចេកៗ!

ដោយ៖ សេនាជាតិ


លោកឧបនាយករដ្ឋមន្រ្តី​ ស ខេង​ អញ្ជើញជា​អធិបតីភាព​ក្នុងពិធី​សំណេះសំណាល​ជាមួយ​បងប្អូនអតីត​យុទ្ធជន​

នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧នេះ លោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយបងប្អូនអតីតយុទ្ធជនចំនួន ២១៤នាក់ ដែលធ្លាប់បានតស៊ូ ក្នុងបុព្វហេតុជាតិមាតុភូមិ ហើយរាជរដ្ឋាភិបាលកម្ពុជា តែងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបងប្អូនអតីតយុទ្ធជន និងគ្រួសារ ដែលធ្លាប់បានលះបង់កម្លាំងកាយចិត្ត។
លោកលើកឡើងបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនអតីតយុទ្ធជនចំនួន ២១៤នាក់ ដែលធ្លាប់បានតស៊ូ  ប្រយុទ្ធក្នុងសមរភូមិដើម្បីដណ្តើមយកសន្តិភាពជូនប្រទេសជាតិ (ស្រុកកំចាយមារ ខេត្តព្រៃវែង និងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ) ។

នៅក្នុងពិធីនេះផងដែរ ក៏មានវត្តមានលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក លោកស្រី គណៈប្រតិភូអមដំណើរ អស់លោក លោកស្រី បងប្អូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន សរុបប្រមាណ ៣០០នាក់។ នាឱកាសនោះលោកឧបនាយករដ្ឋមន្ត្រី ក៏បានឧបត្ថម្ភថវិកាជូនដល់បងប្អូនអតីតយុទ្ធជនចំនួន ២១៤នាក់ ដោយម្នាក់ៗទទួលបានថវិកា ១២ម៉ឺនរៀល ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលខិតជិតមកដល់នៅពេលដ៏ឆាប់ខាងមុខនេះ៕





ក្រសួងការបរទេសអះអាងថា កម្ពុជាជាប្រទេសដែលមានសេរីភាពយ៉ាងពេញលេញជាពិសេសខាងសារព័ត៌មាន

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានឲ្យដឹងថា បើយោងតាមសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០១៦ របស់អ្នករាយការណ៍គ្មានព្រំដែន (RSF) កម្ពុជាបាន ជាប់ចំណាត់ថ្នាក់ទី១ ក្នុងចំណោមបណ្តាប្រទេសអាស៊ានទាំង១០។ ការអះអាងនេះបានធ្វើឡើងនៅក្នុងឯកសារដ៏សំខាន់មួយកំរាស់ ១៧ទំព័រ ជាមួយចំណងជើងថា «ប្រាប់ពីការពិត» ដើម្បីបំភ្លឺ និងគូសបញ្ជាក់ការពិតលើបញ្ហារសើបទាំងឡាយ ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧នេះ។
ក្រសួងការបរទេសគូសបញ្ជាក់ថា គេតែងតែរាយការណ៍ថា
សេរីភាពនៃការបញ្ចេញមតិនៅកម្ពុជាកំពុងស្ថិតនៅក្រោមការគម្រាមកំហែង។ បច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជាមានរោងពុម្ពផ្សាយព័ត៌មានចំនួនជាង៨០០ សារព័ត៌មានតាមអ៊ីនធើណេតចំនួន៧០ ស្ថានីយ៍ទូរទស្សន៍២២ ស្ថានីយវិទ្យុ៣៣០ និងសមាគមអ្នកកាសែត៣៨ សមាគម។
ទន្ទឹមគ្នានេះ រាជរដ្ឋាភិបាលមានការប្តេជ្ញាចិត្តក្នុងការបង្កើនការប្រើប្រាស់អ៊ីនធើណេតនៅទូទាំងប្រទេស ហើយសព្វថ្ងៃនេះ ប្រជាជនប្រមាណជា ៥០% អាចប្រើអ៊ីនធើណេតបាន។ បើរាជរដ្ឋាភិបាលចង់ដាក់កម្រិតសេរីភាពនៃការបញ្ចេញមតិដូចគេថាមែននោះ ម្ល៉េះមិនចាំបាច់ខិតខំបង្កើនបណ្តាញដែលល្អបំផុតសម្រាប់ការចែករំលែកព័ត៌មាន និងមតិយោបល់ដោយដូចសេរីសព្វថ្ងៃនោះទេ។
ក្រសួងការបរទេសអះអាងទៀតថា ការបោះពុម្ពផ្សាយកាសែត គឺមានលក្ខណៈសេរីខ្លាំងណាស់ រហូតដល់កាសែត ខាំបូឌាដេលី និងកាសែតភ្នំពេញប៉ុស្តិ៍ដែលជាកាសែតភាសាអង់គ្លេសដ៏ធំ និងមានបកប្រែជាភាសាខ្មែរបានបោះពុម្ពផ្សាយជាប្រចាំថ្ងៃនូវការរិះគន់ខ្លាំងៗ ព្រមទាំងមានការចោទប្រកាន់ដោយគ្មានមូលដ្ឋានប្រឆាំងនឹងរាជរដ្ឋាភិបាលដោយផ្អែកលើការសង្ស័យសុទ្ធសាធ។ អត្ថបទរបស់ពួកគេពោរពេញទៅដោយការចោទប្រកាន់ ដោយផ្អែកលើការប៉ាន់ស្មាន ជាមួយនឹងការប្រើពាក្យពេចន៍ ដូចជា “គេមើលឃើញជាទូទៅថា…” “មានលទ្ធភាពខ្ពស់ដែលថា…” “វាអាចទៅរួចដែលថា…”។ល។
ក្នុងឯកសារដ៏សំខាន់កំរាស់ ១៨ទំព័រ ក្រសួងការបរទេសបញ្ជាក់ថា ខណៈដែលរាជរដ្ឋាភិបាលមានមូលដ្ឋានគ្រប់គ្រាន់ក្នុងការប្តឹងទៅតុលាការចំពោះការចុះផ្សាយអត្ថបទរបស់កាសែតទាំងពីរនេះ រាជរដ្ឋាភិបាលបានចៀសវាងមិនធ្វើចំណាត់ការផ្លូវច្បាប់ប្រឆាំងនឹងពួកគេ។ ជាការពិត នាយកកាសែតខាំបូឌាដេលី បានសារភាពដោយខ្លួនឯងថា កាសែតរបស់លោក គឺមានភាពសេរីជាងកាសែត ញូវយ៉កថាម នៅទីក្រុងញូវយ៉ក និងកាសែតវ៉ាស៊ីនតោនប៉ុស្តិ៍ នៅទីក្រុងវ៉ាស៊ីនតោនទៅទៀត។
វិទ្យុសំឡេងសហរដ្ឋអាមេរិក(VOA) និងវិទ្យុអាស៊ីសេរី ដែលជាស្ថានីយវិទ្យុគាំទ្រគណបក្សប្រឆាំងដោយផ្កាប់មុខ និងដែលមានកម្មវិធីជាភាសាខ្មែរយ៉ាងវែង ត្រូវបានចាក់ផ្សាយនៅទូទាំងប្រទេសដោយគ្មានការត្រួតពិនិត្យ ឬការដាក់កម្រិតណាមួយពីរាជរដ្ឋាភិបាលឡើយ។
ប្រព័ន្ធផ្សព្វផ្សាយដែលលម្អៀងទាំងនេះ  ត្រូវបានផ្តល់សេរីភាពក្នុងការធ្វើប្រតិបត្តិការរបស់ខ្លួន បើទោះបីមានរបៀបវារៈលាក់កំបាំងដើម្បីបំផ្លាញរូបភាព និងកេរ្តិ៍ឈ្មោះរបស់រាជរដ្ឋាភិបាលក៏ដោយ។
ក្រសួងការបរទេសបញ្ជាក់បន្ថែមថា កាសែតប្រឆាំងជាភាសាខ្មែរក៏មានដែរ។ ទាក់ទិននឹងបញ្ហាសារព័ត៌មាន រាជរដ្ឋាភិបាលបានបញ្ជាក់យ៉ាងច្បាស់ថា សេរីភាពនៃការបញ្ចេញមតិ គឺមិនមែនមានន័យថា ជាសេរីភាពពេញលេញក្នុងការជេរប្រមាថ ឬបញ្ចេញព័ត៌មានក្លែងក្លាយ ឬបង្ខូបកេរ្តិ៍ឈ្មោះបុគ្គលនោះឡើយ។ នៅក្នុងបស្ចឹមប្រទេសទាំងអស់ក៏មានច្បាប់ដាក់ទោសទៅលើការប្រព្រឹត្តបែបនេះដែរ។ ហេតុអ្វីបែរជាត្រូវមានករណីលើកលែងនៅប្រទេសកម្ពុជាទៅវិញ?



ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជម្រាបជូនដំណឹងស្តីពី ការប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៣១ ទិវាពលកម្មអន្តរជាតិ


កាលពីថ្ងៃទី ១០ ខែ មេសា ឆ្នាំ២០១៧ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជម្រាបជូនដំណឹងស្តីពី ការប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៣១ ទិវាពលកម្មអន្តរជាតិ ដល់គ្រប់មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានី ខេត្ត សមាគមនិយោជក និងនិយោជក សហភាពសហព័ន្ធសហជីព និងសហព័ន្ធសហជីព ព្រមទាំងកម្មករនិយោជិតនៃសហគ្រាស គ្រឹះស្ថានទាំងអស់៕
សូមអានខ្លឹមសារលិខិតទាំងស្រុង៖



រដ្ឋមន្រ្តីក្រសួង​ព័ត៌​មានបាន​ជំរុញ​ឲ្យក្រុម​អ្នកសារព័ត៌​មាន​ជួយផ្សព្វផ្សាយ​បន្តពីខ្លឹម​សារច្បាប់​​គណបក្សនយោ​បាយ

ក្រសួងព័ត៌មាន នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីខ្លឹមសារវិសោធនកម្មនៃច្បាប់គណបក្សនយោបាយដល់មន្រ្តីក្រោមឱវាទនៅទីស្តីការក្រសួងព័ត៌មាន។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានជំរុញឲ្យក្រុមអ្នក សារព័ត៌មានតាមបណ្តាញផ្សព្វផ្សាយទំាងអស់ឲ្យជួយផ្សព្វផ្សាយបន្តពីខ្លឹមសារច្បាប់គណបក្សនយោបាយដោយបញ្ជ្រៀបពេលផ្សាយព័ត៌មានឬកម្មវិធីតាមទូរទស្សន៍វិទ្យុជាដើម។
ការជំរុញឲ្យមានការជួយផ្សព្វផ្សាយច្បាប់នេះគឺធ្វើយ៉ាងណាដើម្បីកុំអោយប្រជាពលរដ្ឋយល់ច្រលំផ្ទុយពីខ្លឹមសារ ច្បាប់ ខណៈដែលបុគ្គលមួយចំនួនបានចាត់ទុកច្បាប់នេះមានលក្ខណៈរឹតត្បិត កៀបសង្កត់ និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់គណបក្សនយោបាយ។
លោកស៊ា ម៉ៅ សមាជិកក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្រ្តីបានបញ្ជាក់ថា អ្នកសារព័ត៌មានគឺជាភ្នាក់ងារដល់សំខាន់ដែលអាចជួយផ្សព្វផ្សាយច្បាប់នេះជូនដល់ប្រជាពលរដ្ឋឲ្យកាន់តែយល់ដឹង ពីច្បាប់ហើយឈានទៅអនុវត្តច្បាប់អោយបានត្រឹមត្រូវនៅក្នុងសង្គមប្រជាធិបតេយ្យ។
សូមបញ្ជាក់ថា ច្បាប់ស្តីពីគណបក្សនយោបាយមាន៥៥មាត្រាដែលត្រូវបានរដ្ឋសភាអនុម័តនៅថ្ងៃទី ២០កុម្ភៈ និងប្រកាសឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧ ថ្មីៗនេះ៕

រាជ​​បណ្ឌិត្យ​សភា​កម្ពុ​​ជាពិភា​ក្សា​ការងារ​ជា​មួយរដ្ឋម​​ន្រ្តីក្រុម​​ប្រឹក្សា​រ​ដ្ឋទទួល​​បន្ទុក​​ព័ត៌មាន​​​នៃសា​ធារណរដ្ឋ​ប្រជាមា​និត​​ចិន

លោកស្រីបណ្ឌិតសភាចារ្យ ខ្លូត ធីតា ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានអនុញ្ញាតឱ្យលោក JIANG JIANGUO រដ្ឋមន្រ្តីក្រុមប្រឹក្សារដ្ឋទទួលបន្ទុកព័ត៌មាននៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសមនិងសវនាការលើការងារផ្សព្វផ្សាយសៀវភៅជាខេមរភាសាស្តីពី ស៊ី ជីនភីង អភិបាលកិច្ចប្រទេសចិន នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ នៅរាជបណ្ឌិត្យសភាកម្ពុជា ។
លោកស្រី ខ្លូត ធីតា បានថ្លែងជម្រាបជូនមិត្តចិនពីសាវតារនៃការបង្កើតឡើងវិញនាឆ្នាំ១៩៩៩ នូវស្ថាប័នរាជបណ្ឌិត្យសភាកម្ពុជាដែលជាសេនាធិការ សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការសិក្សាស្រាវជ្រាវ ហើយស្ថាប័ននេះបានបំពេញបេសកកម្មការងារសំខាន់ៗរបស់ខ្លួនចំនួន៤៖ គឺ ១-ការសិក្សានិងផ្សព្វផ្សាយពីសមិទ្ធផលស្រាវជ្រាវ ២-សហប្រតិបត្តិការជាមួយគ្រប់ស្ថាប័ន អង្គភាពស្រាវជ្រាវបរទេសដើម្បីចែករំលែកបទពិសោធន៍ពីការស្រាវជ្រាវវិទ្យាសាស្រ្ត ៣-បង្កើនកិច្ចសហការក្នុងការបង្កើនបរិមាណនិងលើកកម្ពស់សមត្ថភាពអ្នកស្រាវជ្រាវ និង៤-ផ្តល់អនុសាសន៍ដែលបានមកពីការសិក្សាស្រាវជ្រាវជូនដល់រាជរដ្ឋាភិបាលក្នុងការរៀបចំនូវគោលនយោបាយយុទ្ធសាស្រ្តអភិវឌ្ឍជាតិ។ លោកជំទាវបានថ្លែងនូវអំណរគុណចំពោះស្ថានទូតចិនប្រចាំកម្ពុជាដែលបានគាំទ្រដល់បេសកកម្មការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា ហើយបានជួយជ្រោមជ្រែងដល់ដំណើរការបកប្រែសៀវភៅ ស៊ី ជីនភីង ៖ អភិបាលកិច្ចប្រទេសចិន នេះឱ្យទៅជាខេមរភាសា។
លោក JIANG JIANGUO បានបញ្ជាក់ថា ប្រទេសចិនអាចទទួលបានសមិទ្ធផលបែបនេះ គឺដោយសារមានការដឹកនាំរបស់បក្សកុម្មុយនិស្តចិន និងមានការណែនាំពីទស្សនៈស្តីពីអភិបាលកិច្ចរដ្ឋនិងការគ្រប់គ្រងនយោបាយរបស់លោកប្រធានរដ្ឋចិន ស៊ី ជីនភីង។ នៅឆមាសទី២ ឆ្នាំ២០១៧នេះ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តចិននឹងបើកធ្វើសមាជបក្សកុម្មុយនិស្តលើកទី ១៩ ដែលនឹងធ្វើការបូកសរុបនិងសម្រិតសម្រាំងបន្ថែមទៀតចំពោះទស្សនៈស្តីអំពីអភិបាលកិច្ចរដ្ឋនិងការគ្រប់គ្រងនយោបាយរបស់លោកប្រធានរដ្ឋចិន ស៊ីជីនភីង ។

លោកមានជំនឿជាក់ថា ការបោះពុម្ពផ្សាយសៀវភៅ « ស៊ីជីនភីង៖អភិបាលកិច្ចប្រទេសចិន » ជាខេមរភាសា នឹងក្លាយជាបង្អួចដ៏សំខាន់មួយសម្រាប់ប្រជាជនកម្ពុជាយល់ដឹងកាន់តែច្បាស់ពីប្រទេសចិន ហើយប្រជាជននៃប្រទេសយើងទាំងពីរចិននិងកម្ពុជាអាចចាត់ទុកសៀវភៅនេះជាស្ពានសម្រាប់ធ្វើការផ្លាស់ប្តូរនិងការរៀនសូត្រពីគ្នាទៅវិញទៅមក ពង្រឹងនិងពង្រីកទំនាក់ទំនងឱ្យមានភាពកាន់តែជិតស្និទ្ធ ដើម្បីធ្វើជាអ្នកជិតខាងល្អនិងមិត្តភ័ក្តិដ៏ពិតប្រាកដដែលមានភាពស្មោះត្រង់នឹងគ្នាជារៀងរហូត។ ក្រោយបិទបញ្ចប់ជំនួប គណប្រតិភូបានមកបំពេញទស្សនកិច្ចនៅវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា៕



លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ទទួលជួបពិភាក្សា​ការងារជាមួយ​សមាជិក​បក្សកុម្មុយ​នីស្តចិន​

នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយសមាជិកបក្សកុម្មុយនីស្តចិន លោក ជាំង ជៀងកៅ (Jiang Jiauguo) ខណៈដែលរូបលោកបានអញ្ជើញមកចូលរួមក្នុងពិធីផ្សព្វផ្សាយសៀវភៅស្តីពីអភិបាលកិច្ចប្រទេសចិន របស់លោកប្រធានាធិបតីចិន ស៊ីជីនពីង។
លោក Jiang Jiauguo បានគោរពថ្លែងអំណរគុណលោកនាយករដ្ឋមន្ត្រី ដែលបានឆ្លៀតឱកាសដ៏មមាញឹកអញ្ជើញមកចូលរួមក្នុងពិធីផ្សព្វផ្សាយសៀវភៅស្តីពីអភិបាលកិច្ចល្អ ដែលនិពន្ធ ដោយលោកប្រធានាធិបតីចិន ស៊ីជីនពីង។
លោក Jiang Jiauguo បានមានប្រសាសន៍ថា នេះជាលើកទីមួយហើយ ដែលលោកបានមកកាន់កម្ពុជា ហើយបានជួបជាមួយរដ្ឋមន្ត្រីក្រសួងព័ត៌មាន ជួបជាមួយលោកស្រីប្រធានរាជបណ្ឌិតសភាកម្ពុជា។ ក្នុងដំណើរទៅជួបរដ្ឋមន្ត្រីព័ត៌មាន និងលោកស្រីប្រធានរាជបណ្ឌិតសភាកម្ពុជានោះ លោកបានសង្កេតឃើញប្រទេសកម្ពុជា ជាពិសេសទីក្រុងភ្នំពេញមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ប្រជាជនមានជីវភាពល្អ មុខមាត់ស្រស់ថ្លា ហើយជាងនេះទៀត កម្ពុជាគឺកំពុងមានកិត្តិស័ព្ទនៅលើឆាកអន្តរជាតិ។
លោក Jiang Jiauguo បានថ្លែងអំណរគុណដល់រាជបណ្ឌិត្យសភាកម្ពុជា និងបានថ្លែងអំណរគុណដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានគាំទ្រសៀវភៅ ដែលនិពន្ធដោយលោកប្រធានាធិបតី ស៊ីជីន ពីង និងបានថ្លែងអំណរគុណដល់សម្តេចវិបុលបញ្ញា សុខ អាន ដែលកន្លងមកបានប្រឹងប្រែងជួយគាំទ្រធ្វើឱ្យសៀវភៅនេះ មានរូបរាងជាខេមរៈភាសាឡើងដែលសៀវភៅនេះ ជាកម្រងឯកសាររបស់លោក ស៊ីជីន ពីង កាលពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៤ មាន១៦ភាសា និងបានបោះពុម្ព ចំនួន៦លាន២សែនក្បាលរួចមកហើយ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំណរគុណដល់រាជបណ្ឌិតសភាកម្ពុជា ក៏ដូចជាសម្តេចវិបុលបញ្ញា សុខ អាន ផងដែរ ដែលបានខិតខំប្រឹងប្រែងលើកិច្ចការនេះ និងបានថ្លែងអំណរគុណដល់មិត្តចិន ដែលបានបកប្រែសៀវភៅនេះ ជាខេមរៈភាសា។

លោកនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្ថែមថា សៀវភៅអភិបាលកិច្ចចិននេះ គឺមានតម្លៃ មិនត្រឹមតែ ប្រទេសចិនទេ ប៉ុន្តែសម្រាប់ប្រទេសដទៃទៀតយកជាការដកពិសោធន៍  ហើយសម្រាប់កម្ពុជាវិញ សៀវភៅនេះ គឺមានសារៈសំខាន់ណាស់ សម្រាប់ទទួលសិក្សា អំពីធាតុចូលផង និងសម្រាប់ដកស្រង់ជាបទពិសោធន៍សម្រាប់ការសិក្សាផង៕





លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ កម្ពុជា ចិន មានទំនាក់ទំនងជាមួយគ្នាជិត២ពាន់ឆ្នាំមកហើយ

ថ្លែងនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧នេះ ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីផ្សព្វផ្សាយលើកដំបូងនូវសៀវភៅជាខេមរភាសាមានចំណងជើងថា «អភិបាលកិច្ចប្រទេសចិន» ដោយលោកប្រធានាធិបតីចិន ស៊ី ជីនពីង នៅវិមានសន្តិភាព រាជធានីភ្នំពេញ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា កម្ពុជា ចិន មានទំនាក់ទំនងជាមួយ​គ្នាជិត២​ពាន់ឆ្នាំមក​ហើយ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ រាជបណ្ឌិត្យ​សភាកម្ពុជា និងវិទ្យាស្ថានខុងជឺ ដែលបានបកប្រែជាភាសាខ្មែរ។ នេះជាការឆ្លុះបញ្ចាំងពីទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងកម្ពុជា និងចិនដែលមានទំនាក់ទំនងជាមួយគ្នាជិត២ពាន់ឆ្នាំមកហើយ ដែលបាននាំមកនូវផ្លែផ្កាជាច្រើនទៅវិញទៅមករវាងប្រទេសទាំងពីរ ទាំងផ្នែកនយោបាយ សេដ្ឋកិច្ច អប់រំ វប្បធម៌ និងផ្នែកផ្សេងៗទៀតជាដើម។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ចាក់ថា ចិន ជាប្រទេសវិនិយោគធំជាងគេនៅកម្ពុជា។ ប្រទេសចិនជាប្រទេសមួយដែលចួលរួមចំណែកយ៉ាងសំខាន់ក្នុងការទ្រទ្រង់វិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម ។ រដ្ឋាភិបាល និងជាប្រជាជនចិន ជានិច្ចកាលតែងតែជួយគាំទ្រមកដល់ប្រទេសកម្ពុជាក្នុងគម្រោងនៃការអភិវឌ្ឍវិស័យផ្សេងៗ ចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជាឱ្យមានការរីកចម្រើន៕




លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញជាកិត្តិយសផ្សព្វផ្សាយសៀវភៅ «អភិបាលកិច្ចប្រទេសចិន»

នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីផ្សព្វផ្សាយលើកដំបូងនូវសៀវភៅជាខេមរភាសាមានចំណងជើងថា «អភិបាលកិច្ចប្រទេសចិន» ដោយលោកប្រធានាធិបតីចិន ស៊ី ជីនពីង ដែលពិធីនេះធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។
ពិធីផ្សព្វផ្សាយសៀវភៅរបស់លោកប្រធានាធិបតីចិន ត្រូវបានធ្វើឡើងដោយមានកិច្ចសហការរវាងរាជបណ្ឌិត្យសភាកម្ពុជាជាមួយវិទ្យាស្ថានខុងជឺ។ សៀវភៅនេះបានចងក្រងនូវអត្ថបទចំនួន ៧៩ អត្ថបទរបស់ លោក ស៊ី ជិនពីង ក្នុងចន្លោះពីខែវិច្ឆិកា ឆ្នាំ២០១២ ដល់ខែមិថុនា ឆ្នាំ២០១៤ ដែលក្នុងនោះរួមមានសុន្ទរកថា សេចក្តីបង្គាប់បង្ហាញ និងសារលិខិតជូនពរជាដើម។ បច្ចុប្បន្នសៀវភៅនេះ បានបកប្រែជា ១៦ភាសា ព្រមទាំងបោះពុម្ពផ្សាយបានចំនួន ៦លាន២សែនក្បាលនៅលើសាកលលោកទាំងមូល។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ថា តាមរយៈសៀវភៅនេះ គឺជាផ្នែកមួយដើម្បីបង្ហាញអំពីអភិបាលកិច្ចនៃប្រទេសចិន និងជាប្រយោជន៍មួយក្នុងការផ្តល់ចំណេះដឹងឱ្យកាន់​តែស៊ីជម្រៅនៅកម្ពុជា ដែលជាគំនិតរបស់ លោក ស៊ី ជីនពីង ជុំវិញអភិបាលកិច្ចរបស់ប្រទេសចិន។ សៀវភៅនេះ ក៏បានឆ្លុះបញ្ចាំង អំពីការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំនៃប្រទេសចិនឆ្ពោះទៅរកការកំណែទម្រង់ដ៏ស៊ីជម្រៅមួយពីការខិតខំប្រឹងប្រែងរបស់ប្រធានាធិបតីចិន ស៊ី ជិនពីង។ លោក ក៏បានជំរុញឱ្យយុវជនកម្ពុជា យកសៀវភៅនេះទៅអាន ដើម្បីទទួលបាននូវបទពិ​សោធន៍ ចំណេះដឹងល្អ សម្រាប់ជាគោលដៅក្នុងជីវិតផងដែរ។

ក្នុងសៀវភៅនេះរួមមានទាំងគោលការណ៍ណែនាំសំខាន់ៗ អំពីគោលនយោបាយអភិបាលកិច្ចរដ្ឋនិងការគ្រប់គ្រងនយោបាយ សុបិន និងក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋសាមញ្ញ មធ្យោ​បាយ​ល្អសម្រាប់ដោះស្រាយបញ្ហាលំបាកៗ ផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍវែងឆ្ងាយ មាគ៌ាអភិវឌ្ឍន៍របស់ប្រទេសចិន ព្រមទាំងការគិតពិចារណាអំពីការអភិវឌ្ឍរបស់ពិភពលោក និងជោគវាសនារបស់មនុស្សជាតិផងដែរ៕





អ៊ីរ៉ង់ និ​ងហុង​គ្រីចាប់​អារម្មណ៍​លើការ​បង្កើនទំនាក់​ទំនង​សេដ្ឋកិច្ច

ប្រទេសអ៊ីរ៉ង់ និងហុងគ្រី បានបញ្ជាក់ពីភាពចាំបាច់ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការរវាងគ្នានិងគ្នា ពិសេសនៅក្នុងវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួកាលពីម្សិលមិញ ។
ប្រធានសភាអ៊ីរ៉ង់លោក Ali Larijani បាននិយាយក្នុងកិច្ចប្រជុំជាមួយឧបនាយករដ្ឋមន្ត្រីហុងគ្រីលោក Zsolt Semjen ដែលកំពុងបំពេញទស្សនកិច្ចថា ភាគីទាំងពីរមានការចាប់អារម្មណ៍ចំពោះការធ្វើឱ្យប្រសើរឡើងនៃទំនាក់ទំនងស្ថាប័នសភានិងផ្នែកសេដ្ឋកិច្ច ជាពិសេសនៅពេលនេះបានកំណត់ពីការបង្កើនប្រតិបត្ដិការពាណិជ្ជកម្មជាមួយប្រទេសហុងគ្រី។
ភាគីហុងគ្រី លោក Semjen បានបញ្ជាក់ពីសមត្ថភាពរបស់អ៊ីរ៉ង់ក្នុងការទាក់ទាញការវិនិយោគពីក្រុមហ៊ុនហុងគ្រី និងថាយើងស្វាគមន៍ចំពោះការពង្រីកទំនាក់ទំនងក្នុងវិស័យកសិកម្មនិងថាមពលថ្មី។
លោកបានបន្ថែមថា ហុងគ្រីនៅតែឈរខាងអ៊ីរ៉ង់អំឡុងពេលដ៏លំបាកនៃការដាក់ទណ្ឌកម្មនុយក្លេអ៊ែរ។
សូមជម្រាបផងដែរ កាលពីថ្ងៃសៅរ៍ប្រទេសអ៊ីរ៉ង់ និងប្រទេសហុងគ្រីបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីធ្វើកិច្ចសហប្រតិបត្តិការក្នុងវិស័យបច្ចេកវិទ្យានុយក្លេអ៊ែរ៕


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ រាល់សមិទ្ធផលដែលរាជរដ្ឋាភិបាលសម្រេចបានកន្លងទៅនេះ គឺដោយសារមានការដឹកនាំត្រឹមត្រូវខាងនយោបាយ

រាល់សមិទ្ធផលដែលរាជ​រដ្ឋាភិបាល​សម្រេចបានកន្លងទៅ​នេះ គឺដោយសារមានការ​ដឹកនាំ​ត្រឹម​​​​ត្រូវខាងនយោ​បាយ​។ នេះគឺជាការថ្លែងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅ​ក្នុងសារលិខិតអបអរសាទរ​ផ្ញើជូនជនរួមជាតិកម្ពុជាក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ​ប្រពៃ​ណី​ជាតិចុះថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា រាល់សមិទ្ធផលដែលរាជរដ្ឋាភិបាលសម្រេចបាន កន្លងទៅនេះ គឺអាស្រ័យដោយមានការដឹកនាំខាងនយោបាយត្រឹមត្រូវ ប្រកបដោយឆន្ទៈមោះ មុត មានការចូលរួមគាំទ្រពីសមាជិក សមាជិកានៃស្ថាប័ននីតិប្បញ្ញត្តិ សមាជិក សមាជិកា រាជ​រដ្ឋាភិបាល មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទក្នុងការបំពេញភា​រ​​​​កិច្ចរបស់ខ្លួន និងការគាំទ្រយ៉ាងពេញទំហឹងពីប្រជាពលរដ្ឋទូទាំងប្រទេស ព្រមជាមួយនេះ ដែរ ក៏មានការជួយឧបត្ថម្ភគាំទ្រដោយចិត្តស្មោះសពីបណ្តាប្រទេសជាមិត្ត ដៃគូអភិវឌ្ឍ និង​សហ​គមន៍អន្តរជាតិផងដែរ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នឹងខិតខំពុះពារគ្រប់ បែបយ៉ាង ដើម្បីបន្តថែរក្សាការពារសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់​សាធារណៈឱ្យបានកាន់តែរឹងមាំ ការពាររដ្ឋធម្មនុញ្ញ ការពាររបបរាជានិយមស្របតាមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ និងការពាររាល់សមិទ្ធផលដែលរាជរដ្ឋាភិបាលនិងប្រជាពលរ​ដ្ឋ​ទាំងមូលសម្រេចបានកន្លងមក៕


ចៅ​ចាក់ស្មុក៖ ផែន​ការបី​ខែរបស់ ជុន ច័ន្ទបុត្រ យក​វិទ្យុ​អាស៊ីសេរី​ដើម្បី​បង្កចលា​ចល​សង្គម បម្រើម​ហិច្ឆតាន​យោបាយ​បក្សប្រឆាំង​របស់​ខ្លួន (វគ្គ៣)

នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧នេះ ទំព័រហ្វេសប៊ុកចៅចាក់ស្មុក បានបង្ហោះផ្សាយអត្ថបទដោយដាក់ចំណងជើងថា «ផែនការបីខែរបស់ ជុន ច័ន្ទបុត្រ យកវិទ្យុអាស៊ីសេរីដើម្បី បង្កចលាចលសង្គម បម្រើមហិច្ឆតានយោបាយបក្សប្រឆាំងរបស់ខ្លួន (វគ្គ៣) » ដែលមានខ្លឹមសារ ដូចខាងក្រោម៖
វគ្គសហការគ្នាដើម្បីគាំទ្របក្សប្រឆាំង
នៅក្នុងចំណោមវិទ្យុដែលគាំទ្រថវិកាដោយបរទេស ៣ កំពុងផ្សព្វផ្សាយនៅកម្ពុជា គឺវិទ្យុសំឡេងសហរដ្ឋអាមេរិក វិទ្យុអាស៊ីសេរី និងវិទ្យុបារាំងអន្តរជាតិ។ វិទ្យុអាស៊ីសេរីត្រូវបានពលរដ្ឋដែលមាននិន្នាការកណ្តាលនិយម បានលើកឡើងថា បានធ្លាក់ទឹកដៃនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះក្រោយពី សំ ប៉ូលី ហៅ ពៅ ពន្លក និង ហ៊ួត វុទ្ធី ហៅ ជុន ច័ន្ទបុត្រ ឡើងមកគ្រប់គ្រងចាត់ចែងការងារលើព័ត៌មាន ដោយដេញអ្នកកាសែតជើងចាស់មានវិជ្ជាជីវៈចេញ ដូចជាលោក ម៉ា យ៉ារិទ្ធ លោក កែវ និមល លោក ផាន សុផាត អ្នកស្រី អ៊ុក សាវបូរី លោក ថៃ សុធា អ្នកស្រី កឹម ពៅសុតន្ត លោក សុខ សេរី ជាដើម។ ប្រជាពលរដ្ឋមួយចំនួនធំចាត់ទុកវិទ្យុអាស៊ីសេរីពេលនេះ លែងមានវិជ្ជាជីវៈសារព័ត៌មានពិតប្រាកដ តែជាវិទ្យុបម្រើឱ្យបក្សប្រឆាំងក្នុងគោលដៅផ្លាស់ប្តូរមេដឹកនាំនៅកម្ពុជា តាមខ្សែញាក់របស់បរទេសមួយចំនួន។
បើគ្រាន់តែស្តាប់កម្មវិធីផ្សព្វផ្សាយដំបូង គឺគេនឹងវាយតម្លៃថា វិទ្យុនេះឯករាជ្យដោយសារតែការនិយាយពិត ប៉ុន្តែការពិតនោះគឺបង្កប់ដោយចេតនាធំចុងក្រោយមួយ គឺទាញទម្លាក់ជំនឿទុកចិត្ត និងបំផ្លាញចោលនូវកិច្ចខិតខំប្រឹងប្រែងទាំងឡាយរបស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ក្នុងការថែរក្សាការពារសន្តិភាព និងការអភិវឌ្ឍ ហើយលើកតម្កើង និងត្រួសត្រាយផ្លូវជួយឃោសនាឱ្យគណបក្សប្រឆាំង។ ដើម្បីបំពេញមហិច្ឆតាអំណាចនេះ វិទ្យុអាស៊ីសេរីដែលមាន ជុន ច័ន្ទបុត្រ ជាអ្នកចេញមុខដោយសារតែត្រូវព័ត៌មានចចាមអារាមថា ត្រូវបានមេបក្សប្រឆាំងសន្យាផ្តល់តំណែងជាកុង្សីយ៍ក្រសួងព័ត៌មាន នៅពេលបក្សសង្គ្រោះជាតិឈ្នះការបោះឆ្នោតនោះ បានព្យាយាមក្នុងការរៀបចំយន្តការ យុទ្ធសាស្ត្រ វិធីសាស្ត្រជាច្រើនក្នុងបំណងសម្រេចបាននូវក្តីសុបិន្តនេះ។
វិទ្យុអាស៊ីសេរីបានដើរតួនាទីយ៉ាងសកម្មក្នុងការជីកកកាយនូវរឿងរ៉ាវអវិជ្ជមានទាំងឡាយ ដើម្បីផ្សព្វផ្សាយ បញ្ឆេះកំហឹងបុគ្គលតាមយុទ្ធសាស្ត្រផ្សព្វផ្សាយបែបអវិជ្ជមាននិយម។ ប្រសិនបើរឿងរ៉ាវណាមួយដែលគេយល់ថាអាចធ្វើអាជីវកម្មបានផលច្រើន សូម្បីតែសាកសពក៏វិទ្យុអាស៊ីសេរីនេះនឹងបំពក់ភ្លើង ជុំវិញករណីនេះក្នុងគោលដៅមួយ គឺបំប៉ោង បំផ្លៃ បំផ្លើស និងបំភាន់សាធារណៈមតិជុំវិញព្រឹត្តិការណ៍អ្វីមួយ ដោយលម្អៀងទៅរកភាគីម្ខាងទៀតដែលមិនមែនជាក្រុមខ្លួន។ មិនតែប៉ុណ្ណោះក្រោមការសម្របសម្រួលសម្រួចមុំព័ត៌មានដោយ ជុន ច័ន្ទបុត្រ វិទ្យុអាស៊ីសេរីបានសហការគ្នាយ៉ាងស្អិតរមួតជាមួយដៃគូក្នុងសង្គមស៊ីវិលមួយចំនួន ដែលមាននិន្នាការប្រឆាំង ឬជាសកម្មជនបក្សប្រឆាំងដោយពាក់អាវអ្នកវិភាគឯករាជ្យដូចជា ឡៅ ម៉ុងហៃ មាស នី អ៊ូ វីរៈ ប៉ា ងួនទៀង សន ជ័យ ព្រាប កុល សម គន្ធាមី អំ សំអាត អ៊ូច ឡេង សង្ឃ ប៊ុត ប៊ុនតិញ លួន សាវ៉ាត អាត់ ធន់ មឿន តុលា ឬឡុង គឹមឃន ជាដើម។ ប៉ុន្តែធាតុពិត ពួកគេទាំងនោះ បានប្រើប្រាស់ពាក្យសិទ្ធិមនុស្ស អ្នកវិភាគឯករាជ្យដើម្បីបិទបាំងទង្វើរបស់ខ្លួនគាំទ្រលើបក្សប្រឆាំង និងមានចេតនាវាយប្រហារលើរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា។
ទាំងវិទ្យុអាស៊ីសេរី និងក្រុមមន្ត្រីសង្គមស៊ីវិល និងសកម្មជនបក្សប្រឆាំង ដែលជ្រកក្រោមស្លាកអង្គការ ឬស្ថាប័នឯករាជ្យ បានព្យាយាមក្នុងការធ្វើការឃោសនាជូនបក្សប្រឆាំងដែលខ្លួនគាំទ្រ និងដើម្បីបម្រើចំណីអារម្មណ៍របស់អ្នកគាំទ្រ។ ឈ្មោះជាអ្នកវិភាគឯករាជ្យ ប៉ុន្តែភាសាដែលនិយាយចេញមក គឺផ្អៀងមួយចំហៀងដូចជា ឡៅ ម៉ុងហៃ តើហៅអ្នកវិភាគឯករាជ្យម្តេចនឹងកើត? បើគាត់វិភាគយូរៗបានក្លាយជាឯកឧត្តមទីប្រឹក្សាឱ្យប្រធានបក្សប្រឆាំង កឹម សុខា បម្រើគោលនយោបាយបក្សប្រឆាំង និងហារស្តីមួយម៉ាត់ណាក៏ប្រទេសកម្ពុជាបច្ចុប្បន្ននេះ ស្ថិតក្នុងភាពខ្មៅងងឹត និងអវិជ្ជមានរហូត ពោលគឺក្នុងក្រសែភ្នែករបស់ ឡៃ ម៉ុងហៃ គ្មានអ្វីដើរទៅមុខឡើយ ប្រសិនបើមិនមានក្រុមខ្លួនជាអ្នកធ្វើ។ បណ្ឌិត មាស នី ដែលអួតថាខ្លួនគ្មាននិន្នាការនយោបាយ និយាយនៅកណ្តាលក៏បានលោតតាមចង្វាក់ភ្លេងរបស់វិទ្យុអាស៊ីសេរីដែរ បន្ទរដោយគ្មានអៀនខ្មាសអំពីស្ថានភាពជាក់ស្តែង និងការថ្លឹងថ្លែងឱ្យបានច្បាស់អំពីបញ្ហាដែលកើតឡើង មានល្អ មានអាក្រក់។ អ្វីដែលពលរដ្ឋចង់បានគឺការថ្លឹងថ្លែងហេតុ និងផលឱ្យបានច្បាស់។ ប្រសិនបើគ្មានសិទ្ធិសេរីភាព កម្ពុជាជារបបផ្តាច់ការ ម៉្លេះសម ឡៃ ម៉ុងហៃ មាស នី និងអ្នកផ្សេងទៀតគ្មានវាសនានឹងមកអង្គុយនិយាយព័ទ្ធដៃ ក្នុងបន្ទប់ផ្សាយរបស់វិទ្យុអាស៊ីសេរីយ៉ាងរំភើយ និងនិយាយដោយរំលោភសិទ្ធិអ្នកដទៃទេ។ ធ្វើជាបណ្ឌិតគួរតែស្ថិតនៅកណ្តាលមិនគួរ ឡៅ ម៉ុងហៃ មាស នី ជាបណ្ឌិតខ្មៅនិយមឡើយ។ ការធ្វើតុល្យការក្នុងការថ្លឹងថ្លែងហេតុ និងផលល្អ និងអាក្រក់ គឺជាតួនាទីរបស់អ្នកវិភាគឯករាជ្យ តែបើវិភាគផ្អៀងមួយចំហៀងនោះបានត្រឹមទទួលឈ្មោះថា អ្នកវិភាគឯករាជ្យសេះហោះ។
ក្រៅពីរៀបចំយន្តការនៅក្នុងបន្ទប់ផ្សាយវិទ្យុអាស៊ី បានប្រើយន្តការសង្គមស៊ីវិល និងសកម្មជនបក្សប្រឆាំងនៅតាមខេត្តដើម្បីបំពងបញ្ហាពីតាមតំបន់នានា ក្នុងចេតនាបង្ហាញថាកម្ពុជាគ្មានអ្វីរីកចម្រើនទេ គ្មានការអភិវឌ្ឍ គ្មានសន្តិសុខសុវត្ថិភាពឡើយ មានការគំរាមកំហែង ឬប្រព័ន្ធដំណើរការរដ្ឋបាលមិនដំណើរការជាដើម តាមរយៈការធ្វើបទសម្ភាសន៍តែទៅលើក្រុមសកម្មជនបក្សប្រឆាំង និងសង្គមស៊ីវិលដែលមាននិន្នាការប្រឆាំង។ ចំណែកឯការផ្តល់សំឡេងទៅមន្ត្រីអាជ្ញាធរមានតិចតួចបំផុត។ សម្រាប់ការត្រៀមក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលនឹងមកដល់នាពេលឆាប់ៗខាងមុខនេះ ជុន ច័ន្ទបុត្រ បានចាប់ផ្តើមជ្រើសរើសអ្នកឆ្លើយឆ្លងព័ត៌មានជាច្រើនរូបដើម្បីបញ្ជូន ទៅកាន់ខេត្តនានាដែលគេយល់ថា គណបក្សប្រឆាំងមានសំឡេងដើម្បីជួយបន្ទរពីក្រោយ ស្វែងរកការគាំទ្របន្ថែម តាមរយៈសេចក្តីរាយការណ៍ព័ត៌មានពីទង្វើអសកម្មទាំងឡាយរបស់អាជ្ញាធរមានសមត្ថកិច្ច ឬបញ្ហាផ្សេងៗដែល សកម្មជនគណបក្សប្រឆាំងជួបប្រទះដោយប្រើទ្រឹស្តី «ជនរងគ្រោះអាជីព» សម្រាប់ក្រុមអ្នកគាំទ្របក្សប្រឆាំង។
បន្ថែមពីលើនេះ តាមប្រភពព័ត៌មាន ជុន ច័ន្ទបុត្រ ដែលបានវិលមកកម្ពុជាថ្មីៗនេះ ដោយនាំយកមកនូវកញ្ចប់ថវិកាជាច្រើនដើម្បីបេសកកម្មក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នេះ នឹងរៀបចំនូវកម្មវិធីជាច្រើនក្នុងការឱ្យមានការជជែកពិភាក្សា រវាងបេក្ខជនសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់គណបក្ស ដែលឈរឈ្មោះបោះឆ្នោត ដោយក្នុងនោះ ពួកគេនឹងលួចផ្តល់សំណួរឱ្យទៅបេក្ខជនមកពីគណបក្សសង្គ្រោះជាតិមុន ដើម្បីត្រៀមឆ្លើយឱ្យបានល្អជាង សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់មកពីគណបក្សផ្សេង។ វិធីសាស្ត្រនេះ គឺដូចទៅនឹងប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិក ដូចជា CNN NBC ដែលត្រូវបានលោកប្រធានាធិបតី ដូណាល់ ត្រាំ បរិហារថាគ្មានវិជ្ជាជីវៈ និងមានភាពលម្អៀង ដោយបានលួចផ្តល់សំណួរទៅឱ្យបេក្ខនារី ហ៊ីឡារី គ្លីនតុន មុនដើម្បីត្រៀម និងយកប្រៀបក្នុងកិច្ចពិភាក្សា។ ស្ទីលតែមួយនេះត្រូវបាន ជុន ច័ន្ទបុត្រ យកមកអនុវត្តនៅកម្ពុជានាពេលខាងមុខដើម្បីគាំទ្របក្សប្រឆាំង។
តើស្មានតែរាស្ក្រមិនដឹងនូវទង្វើដ៏អាក្រក់របស់អ្នកឬ? អ្វីដែលប្រជាជនកម្ពុជាចង់បានគឺព័ត៌មានពិត ការធ្វើតុល្យភាពព័ត៌មានត្រឹមត្រូវច្បាស់លាស់ និងមិនបង្កប់នូវចេតនានយោបាយ។ ទាំងវិទ្យុអាស៊ីសេរី ទាំងបណ្ឌិតទាំងឡាយដែលអួតអាងថា ស្រឡាញ់ជាតិ គួរតែបើកភ្នែក និងទទួលស្គាល់ការពិតជាច្រើនដែលខ្លួនឃើញ តែធ្វើមិនឃើញ។ រាស្ត្របានដឹងច្បាស់ហើយថា ក្រុមលោកអ្នកគឺបានប្រើល្បិចឆ្មាលាក់ក្រចក ប្រើបណ្ឌិតគាំទ្របក្សមកធ្វើជាអ្នកវិភាគឯករាជ្យ អង្គការសិទ្ធិមនុស្សបក្សជាអ្នកជនឆ្នើមផ្នែកការពារសិទ្ធិមនុស្ស វិទ្យុបំភ្លៃ បំប៉ោង បំផ្លើស បំភាន់ព័ត៌មានដើម្បីបម្រើគោលដៅនយោបាយបក្សប្រឆាំង។ ដូច្នេះនៅលើលោកនេះ គ្មានអ្វីជាអាថ៌កំបាំងឡើយ! នៅលើមេឃ មានមេឃ៕
ដោយ៖ ចៅ ចាក់ស្មុក

លោកនាយករដ្ឋមន្រ្តី ​ហ៊ុន សែន៖​ កង្វះការកែច្នៃ​កសិផល​របស់ខ្មែរ​ គឺជាឧបសគ្គ​ដ៏ធំមួយ​នៅក្នុងវិស័យកសិកម្ម

ដើម្បីលើកកម្ពស់តម្លៃកសិផលរបស់ខ្មែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទាមទារឲ្យមានការចូលរួមពីវិស័យឯកជនបន្ថែមទៀត បន្ទាប់ពីលោកបានមើលឃើញថា កង្វះការកែច្នៃកសិផលរបស់ខ្មែរ រួមទាំងស្រូវផងដែរ គឺជាឧបសគ្គដ៏ធំមួយនៅក្នុងវិស័យកសិកម្ម។
នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ ក្នុងពិធីបិទសន្និបូកសរុបការងាររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅវិមានសន្តិភាព លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា វិស័យកសិកម្មនៅកម្ពុជានាពេលបច្ចុប្បន្នមានការរីកចម្រើនច្រើនហើយ ប៉ុន្តែកង្វះរោងចក្រកែច្នៃកសិផលនៅតែចោទជាបញ្ហា និងជាឧបសគ្គសម្រាប់កសិផលរបស់ខ្មែរ។
លោកនាយករដ្ឋមន្រ្តី បានបញ្ជាក់យ៉ាងដូច្នេះថា ឧស្សាហកម្ម-កសិកម្ម របស់យើង មានការជឿនលឿនទៅហើយ ក៏ប៉ុន្តែតម្រូវការ នៃការកែច្នៃពាក់ព័ន្ធទៅនឹងវិស័យឧស្សាហកម្មនៅមានកម្រិតនៅឡើយ។ ដូច្នេះបានជាផលិតផលកសិកម្មរបស់យើង រាប់ទាំងស្រូវផងដែរ ពុំមានការកែច្នៃគ្រប់គ្រាន់នោះទេ។
លោកនាយករដ្ឋមន្រ្តី បានបន្តឲ្យដឹងទៀតថា ឧស្សាហកម្ម ដែលយើងចង់បានបំផុត គឺឧស្សាហកម្មកែច្នៃ ដើម្បីបង្កើនតម្លៃបន្ថែមសម្រាប់វត្ថុធាតុដើម ដែលមាននៅកម្ពុជា។ នេះជាឧបសគ្គរបស់យើង ដែលយើងបាននិងកំពុងខិតខំធ្វើការងារនេះ តាមរយៈការអំពាវនាវឲ្យមានការវិនិយោគបន្ថែមពីវិស័យឯកជន ដើម្បីចូលរួមទៅលើកិច្ចការនេះ។
ដើម្បីដោះស្រាយបញ្ហានេះ លោកបានអំពាវនាវឲ្យកៀរគរអ្នកវិនិយោគ និងត្រូវរៀបចំបង្កើតតំបន់សេដ្ឋកិច្ចពិសេសសម្រាប់វិស័យកសិកម្ម ដើម្បីជំរុញឲ្យមានការបង្កើតឧស្សហកម្មកែច្នៃកសិផលឲ្យបានកាន់តែច្រើន និងបានដាក់ទិសដៅឲ្យធ្វើយ៉ាងណាជំរុញកសិផលរបស់ខ្មែរនាំចេញទៅក្រៅឲ្យបាន ១២% លើផលិតផលនាំចេញសរុបនៅឆ្នាំ២០២៥។

ដោយសារតែកង្វះរោងចក្រកែច្នៃកសិផលនេះហើយ ជាហេតុផលធ្វើឲ្យកសិផលរបស់កម្ពុជា ជាច្រើនក្នុងមួយឆ្នាំៗដូចជាកៅស៊ូ ដំឡូង និងកសិផលផ្សេងៗជាច្រើនទៀត ជួបបញ្ហាខ្វះខាតទីផ្សារ តម្លៃប្រែប្រួលមិនទៀងទាត់ ធ្វើឲ្យកសិករជួបការខាតបង់ស្ទើរតែរៀងរាល់ឆ្នាំនៅពេលពួកគាត់ប្រមូលផល៕


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្តល់អនុសាសន៍៩ចំណុច ដើម្បីបន្តអភិវឌ្ឍន៍វិស័យកសិកម្ម

លោកនាយករដ្ឋមន្ត្រីនៃ ហ៊ុន សែន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពីធីបិទសន្និបាតរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ ២០១៦-២០១៧ និងលើកទិសដៅការងារសម្រាប់ឆ្នាំ ២០១៧-២០១៨ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ ។
នៅក្នុងឱកាសនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណចំពោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងសាសាទ និងផ្នែកពាក់ព័ន្ធដែលបានចូលរួមជំរុញឱ្យវិស័យនេះមានការរីចម្រើន ជាពិសេសភ្នាក់ងារស្រាវជ្រាវអភិវឌ្ឍន៍ពូជស្រូវ និងវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កម្ពុជា ក្នុងការសិក្សាស្រាវជ្រាវលើពូជដំណាំផ្សេៗ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្តល់នូវអនុសាសន៍សំខាន់ៗមួយចំនួនដូចជា៖

១- ត្រូវខិតខំលើផ្នែកវិស័យកសិកម្មនេះអោយទៅជាកសិកម្មទំនើប ពង្រីកទំនើបកម្មនេះបន្ថែមទៀត និងបង្កើតជំនាញនៃការកែច្នៃផលិតផលកសិកម្មឱ្យបានច្រើនបន្ថែមទៀត។
២- ចូលរួមលើកកម្ពស់ការវិនិយោគនៃវិស័យឯកជនក្នុងការបង្កើតផលិតផលក្នុងស្រុក នាំចេញផលិតផលកសិកម្មឱ្យបានច្រើន ដើម្បីធ្វើការប្រកួតប្រជែងទាំងក្នុងស្រុក និងក្រៅស្រុក។
៣- ចូលរួមពង្រឹងគុណភាពផលិតផលកសិកម្ម ទប់ស្កាត់ផលិតផលខូចគុណភាព ដែលធ្វើឱ្យខូចទីផ្សារក្នុងស្រុក និងធ្វើឱ្យបាត់បង់កំលាំងចិត្តកសិករ និងខិតខំចរចាជាមួយអង្គការពាណិជ្ជកម្មពិភពលោកក្នុងការនាំចេញផលិតផលកសិកម្មឱ្យបានច្រើន និងត្រូវខិតខំរកទីផ្សារឱ្យប្រជាកសិករ។
៤- បន្តការស្រាវជ្រាវនូវបច្ចេកទេសនៃវិស័យកសិកម្មបន្ថែមទៀត។
៥- ពង្រឹងកសាងវិស័យហេដ្ឋារចនាសម្ព័នកសិកម្ម ពង្រីកប្រព័ន្ធធារាសាស្ត្របន្ថែមទៀត និងចូលរួមចងក្រងពង្រឹងសហគន៍កសិករ ដូចជាចងក្រងសហគន៍ដំណាំម្រេច និងកៅស៊ូជាដើម។
៦- បន្តអនុវត្តន៍វារីវប្បកម្មបន្ថែមទៀត ដូចជាការដាំដំណាំស្រូវ ការចិញ្ចឹមត្រី និងសត្វផ្សេងៗ និងចូលរួមទប់ស្កាត់បទល្មើសកសិកម្មផ្សេងៗ។
៨- តាមដានត្រួតពិនិត្យ ថែរក្សាសហគមន៍ព្រៃឈើ និងទប់ស្តាត់ការកាប់បំផ្លាញព្រៃឈើ និងទី ៩- ទប់ស្កាត់បទល្មើសព្រៃឈើ សហការជាមួយផ្នែកពាក់ព័ន្ធ និងការពារជលផលឱ្យគង់វង្ស៕










លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ កម្ពុជាទទួលបានផលិតផលស្រូវប្រមាណជិត១០លានតោនក្នុង១ឆ្នាំ និងអង្ករជិត៣លានតោន

លោកនាយករដ្ឋមន្ត្រីនៃ ហ៊ុន សែន បានថ្លែងថាកម្ពុជាទទួលបានផលិតផលស្រូវប្រមាណជិត១០លានតោនក្នុង១ឆ្នាំ និងអង្ករជិត៣លានតោន។ លោក បានថ្លែងដូចនេះ ក្នុងឱកាស អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពីធីបិទសន្និបាតរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ ២០១៦-២០១៧ និងលើកទិសដៅការងារសម្រាប់ឆ្នាំ ២០១៧-២០១៨ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា សន្និបាតនេះជាឱកាសនៃការចែករំលែកបទពិសោធន៍សម្រាប់ប្រជាកសិករគ្រប់រូបផងដែរ។ លោក ក៏បានបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាទទួលបានផលិតផលស្រូវប្រមាណជិត១០លានតោនក្នុង១ឆ្នាំ និងអង្ករជិត៣លានតោន។

នៅក្នុងឱកាសនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានវាយតម្លៃខ្ពស់ចំពោះអង្គសន្និបាតនេះ ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានខិតខំបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវ ដែលឆ្លុះបញ្ចាំងឱ្យឃើញពីការចូលរួមចំណែករបស់យើងទាំងអស់គ្នាទៅក្នុងការអនុវត្តយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ច ធានាសមធម៌ ធានាសន្តិសុខស្បៀង ការកាត់បន្ថយភាពក្រីក្រ និងជំរុញការអភិវឌ្ឍន៍ជនបទ៕





ក្រសួងការបរទេស ចេញផ្សាយឯកសារដ៏សំខាន់ចំនួន១៧ទំព័រ ជាមួយចំណងជើងថា «ប្រាប់ពីការពិត» ដើម្បីស្រាយបំភ្លឺ និងគូសបញ្ជាក់ការពិតលើបញ្ហារសើបទាំងឡាយនៅកម្ពុជា

នៅរាត្រីឆ្លងចូលថ្ងៃ១១ ខែមេសា ឆ្នាំ២០១៧ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញផ្សាយនូវឯកសារដ៏សំខាន់ចំនួន១៧ទំព័រ ជាមួយចំណងជើងថា «កម្ពុជាលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស៖ ប្រាប់ពីការពិត» នេះបើយោងតាមឯកសាររបស់ក្រសួងការបរទេសកម្ពុជា។
ការចេញផ្សាយនូវឯកសារដ៏សំខាន់របស់ក្រសួងការបរទេសនេះដោយហេតុថា៖ «ជាច្រើនឆ្នាំមកហើយ ប្រទេសកម្ពុជា គឺជាប្រធានបទនៃការធ្វើយុទ្ធនាការបំភ្លៃព័ត៌មាន ដឹកនាំដោយរដ្ឋាភិបាល និងអង្គការបរទេសមួយចំនួនដែលបានមួលបង្កាច់អំពីតថភាព និងព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ក្នុងគោលបំណងបង្ហាញរូបភាពអវិជ្ជមានអំពីកម្ពុជានិងដាក់កំហុសមកលើរាជរដ្ឋាភិបាល»។
រាជរដ្ឋាភិបាល សូមចេញផ្សាយនូវឯកសារក្រោមចំណងជើងថា «កម្ពុជាលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស៖ ប្រាប់ពីការពិត» ដើម្បីស្រាយបំភ្លឺ និងគូសបញ្ជាក់ការពិតលើបញ្ហារសើបទាំងឡាយ៖