Tuesday, April 11, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញជាកិត្តិយសផ្សព្វផ្សាយសៀវភៅ «អភិបាលកិច្ចប្រទេសចិន»

នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីផ្សព្វផ្សាយលើកដំបូងនូវសៀវភៅជាខេមរភាសាមានចំណងជើងថា «អភិបាលកិច្ចប្រទេសចិន» ដោយលោកប្រធានាធិបតីចិន ស៊ី ជីនពីង ដែលពិធីនេះធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។
ពិធីផ្សព្វផ្សាយសៀវភៅរបស់លោកប្រធានាធិបតីចិន ត្រូវបានធ្វើឡើងដោយមានកិច្ចសហការរវាងរាជបណ្ឌិត្យសភាកម្ពុជាជាមួយវិទ្យាស្ថានខុងជឺ។ សៀវភៅនេះបានចងក្រងនូវអត្ថបទចំនួន ៧៩ អត្ថបទរបស់ លោក ស៊ី ជិនពីង ក្នុងចន្លោះពីខែវិច្ឆិកា ឆ្នាំ២០១២ ដល់ខែមិថុនា ឆ្នាំ២០១៤ ដែលក្នុងនោះរួមមានសុន្ទរកថា សេចក្តីបង្គាប់បង្ហាញ និងសារលិខិតជូនពរជាដើម។ បច្ចុប្បន្នសៀវភៅនេះ បានបកប្រែជា ១៦ភាសា ព្រមទាំងបោះពុម្ពផ្សាយបានចំនួន ៦លាន២សែនក្បាលនៅលើសាកលលោកទាំងមូល។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ថា តាមរយៈសៀវភៅនេះ គឺជាផ្នែកមួយដើម្បីបង្ហាញអំពីអភិបាលកិច្ចនៃប្រទេសចិន និងជាប្រយោជន៍មួយក្នុងការផ្តល់ចំណេះដឹងឱ្យកាន់​តែស៊ីជម្រៅនៅកម្ពុជា ដែលជាគំនិតរបស់ លោក ស៊ី ជីនពីង ជុំវិញអភិបាលកិច្ចរបស់ប្រទេសចិន។ សៀវភៅនេះ ក៏បានឆ្លុះបញ្ចាំង អំពីការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំនៃប្រទេសចិនឆ្ពោះទៅរកការកំណែទម្រង់ដ៏ស៊ីជម្រៅមួយពីការខិតខំប្រឹងប្រែងរបស់ប្រធានាធិបតីចិន ស៊ី ជិនពីង។ លោក ក៏បានជំរុញឱ្យយុវជនកម្ពុជា យកសៀវភៅនេះទៅអាន ដើម្បីទទួលបាននូវបទពិ​សោធន៍ ចំណេះដឹងល្អ សម្រាប់ជាគោលដៅក្នុងជីវិតផងដែរ។

ក្នុងសៀវភៅនេះរួមមានទាំងគោលការណ៍ណែនាំសំខាន់ៗ អំពីគោលនយោបាយអភិបាលកិច្ចរដ្ឋនិងការគ្រប់គ្រងនយោបាយ សុបិន និងក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋសាមញ្ញ មធ្យោ​បាយ​ល្អសម្រាប់ដោះស្រាយបញ្ហាលំបាកៗ ផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍវែងឆ្ងាយ មាគ៌ាអភិវឌ្ឍន៍របស់ប្រទេសចិន ព្រមទាំងការគិតពិចារណាអំពីការអភិវឌ្ឍរបស់ពិភពលោក និងជោគវាសនារបស់មនុស្សជាតិផងដែរ៕





No comments:

Post a Comment