Tuesday, April 11, 2017

លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ទទួលជួបពិភាក្សា​ការងារជាមួយ​សមាជិក​បក្សកុម្មុយ​នីស្តចិន​

នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយសមាជិកបក្សកុម្មុយនីស្តចិន លោក ជាំង ជៀងកៅ (Jiang Jiauguo) ខណៈដែលរូបលោកបានអញ្ជើញមកចូលរួមក្នុងពិធីផ្សព្វផ្សាយសៀវភៅស្តីពីអភិបាលកិច្ចប្រទេសចិន របស់លោកប្រធានាធិបតីចិន ស៊ីជីនពីង។
លោក Jiang Jiauguo បានគោរពថ្លែងអំណរគុណលោកនាយករដ្ឋមន្ត្រី ដែលបានឆ្លៀតឱកាសដ៏មមាញឹកអញ្ជើញមកចូលរួមក្នុងពិធីផ្សព្វផ្សាយសៀវភៅស្តីពីអភិបាលកិច្ចល្អ ដែលនិពន្ធ ដោយលោកប្រធានាធិបតីចិន ស៊ីជីនពីង។
លោក Jiang Jiauguo បានមានប្រសាសន៍ថា នេះជាលើកទីមួយហើយ ដែលលោកបានមកកាន់កម្ពុជា ហើយបានជួបជាមួយរដ្ឋមន្ត្រីក្រសួងព័ត៌មាន ជួបជាមួយលោកស្រីប្រធានរាជបណ្ឌិតសភាកម្ពុជា។ ក្នុងដំណើរទៅជួបរដ្ឋមន្ត្រីព័ត៌មាន និងលោកស្រីប្រធានរាជបណ្ឌិតសភាកម្ពុជានោះ លោកបានសង្កេតឃើញប្រទេសកម្ពុជា ជាពិសេសទីក្រុងភ្នំពេញមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ប្រជាជនមានជីវភាពល្អ មុខមាត់ស្រស់ថ្លា ហើយជាងនេះទៀត កម្ពុជាគឺកំពុងមានកិត្តិស័ព្ទនៅលើឆាកអន្តរជាតិ។
លោក Jiang Jiauguo បានថ្លែងអំណរគុណដល់រាជបណ្ឌិត្យសភាកម្ពុជា និងបានថ្លែងអំណរគុណដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានគាំទ្រសៀវភៅ ដែលនិពន្ធដោយលោកប្រធានាធិបតី ស៊ីជីន ពីង និងបានថ្លែងអំណរគុណដល់សម្តេចវិបុលបញ្ញា សុខ អាន ដែលកន្លងមកបានប្រឹងប្រែងជួយគាំទ្រធ្វើឱ្យសៀវភៅនេះ មានរូបរាងជាខេមរៈភាសាឡើងដែលសៀវភៅនេះ ជាកម្រងឯកសាររបស់លោក ស៊ីជីន ពីង កាលពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៤ មាន១៦ភាសា និងបានបោះពុម្ព ចំនួន៦លាន២សែនក្បាលរួចមកហើយ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំណរគុណដល់រាជបណ្ឌិតសភាកម្ពុជា ក៏ដូចជាសម្តេចវិបុលបញ្ញា សុខ អាន ផងដែរ ដែលបានខិតខំប្រឹងប្រែងលើកិច្ចការនេះ និងបានថ្លែងអំណរគុណដល់មិត្តចិន ដែលបានបកប្រែសៀវភៅនេះ ជាខេមរៈភាសា។

លោកនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្ថែមថា សៀវភៅអភិបាលកិច្ចចិននេះ គឺមានតម្លៃ មិនត្រឹមតែ ប្រទេសចិនទេ ប៉ុន្តែសម្រាប់ប្រទេសដទៃទៀតយកជាការដកពិសោធន៍  ហើយសម្រាប់កម្ពុជាវិញ សៀវភៅនេះ គឺមានសារៈសំខាន់ណាស់ សម្រាប់ទទួលសិក្សា អំពីធាតុចូលផង និងសម្រាប់ដកស្រង់ជាបទពិសោធន៍សម្រាប់ការសិក្សាផង៕





No comments:

Post a Comment