Tuesday, April 11, 2017

ចៅចាក់ស្មុក៖ កម្ពុជា លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស (វគ្គ១)

នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧នេះ ទំព័រហ្វេសប៊ុកចៅចាក់ស្មុក បានបង្ហោះផ្សាយអត្ថបទ​មួយដោយដាក់ចំណងជើងថា «កម្ពុជា លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស៖ ប្រាប់ពីការពិត (វគ្គ១)» ដែលមានខ្លឹមសារដូចតទៅ៖
«នេះមិនមែនជាលទ្ធិប្រជាធិបតេយ្យនោះទេ ការណ៍ដែលផ្ញើលុយរាប់ប៊ីលានដុល្លារដើម្បីជំរុញការផ្លាស់ប្តូររបបនៅក្រៅប្រទេសនោះ។ នេះមិនមែនជាជាលទ្ធិប្រជាធិបតេយ្យនោះទេការណ៍ដែលបញ្ជូនអង្គការមិនមែនរដ្ឋាភិបាលទៅសរសេរច្បាប់ឡើងវិញនោះ»។ លោក រ៉ុន ផូល អតីតសមាជិកសភាខុនក្រេសអាមេរិក (គណបក្សសាធារណៈ) បានថ្លែងដូចនេះ។
សម្រងសម្តីនេះគឺជាការបញ្ជាក់ថា សហរដ្ឋអាមេរិកបានផ្តល់មូលនិធិគាំទ្រដល់សកម្មភាពក្រៅប្រទេសក្នុងគោលបំណងដើម្បីផ្លាស់ប្តូររបប ដែលរដ្ឋាភិបាលអាមេរិកមិនពេញចិត្ត។ សង្គម​ស៊ីវិលត្រូវបានគេប្រើប្រាស់ធ្វើជាមធ្យោបាយក្នុងការចាប់ផ្តើមដំណើរការធ្វើឱ្យប្រទេសរង្គោះរង្គើរ។ គឺជាករណី ដែលកើតមានឡើងនៅប្រទេសអ៊ុយក្រែនក្នុងរដ្ឋបាលរបស់គណបក្សសាធារណរដ្ឋ និងនៅក្នុងប្រទេសហុងឌុយរ៉ាស់ក្នុងរដ្ឋបាលគណបក្សប្រជាធិបតេយ្យ។
ជាច្រើនឆ្នាំមកហើយ កម្ពុជាបានទទួលរងនូវយុទ្ធនាការកាន់តែខ្លាំងឡើងដឹកនាំដោយរដ្ឋាភិ បាល និងអង្គការបរទេសមួយចំនួនដែលចង់បានការផ្លាស់ប្តូររបបនៅកម្ពុជា ទោះបីការណ៍ នេះប្រឆាំងនឹងឆន្ទៈរបស់ប្រជាជនភាគច្រើននៅប្រទេសនេះក៏ដោយ។ យុទ្ធនាការនេះពោរពេញទៅដោយការមួលបង្កាច់ការពិត ភូតកុហក ការបំប៉ោងបញ្ហាតូចតាចក្នុងគោលបំណង បង្ខូចកេរ្តិ៍ឈ្មោះ និងដាក់កំហុសទៅលើស្ថាប័នបច្ចុប្បន្នដែលស្របច្បាប់។ រាជរដ្ឋាភិបាលកម្ពុជា ចង់បំភ្លឺ និងបញ្ជាក់ការពិតឱ្យដាច់ស្រឡះតែម្តង។ ជាបឋម រាជរដ្ឋាភិបាលកម្ពុជាត្រូវបង្ខំចិត្តចេញនូវសេចក្តីថ្លែងការណ៍ដូចខាងក្រោម៖
១-កម្ពុជាគឺជាប្រទេសអធិបតេយ្យ។ អធិបតេយ្យភាពនេះត្រូវតែទទួលបានការគោរព ដោយពេញលេញ។ ធម្មនុញ្ញអង្គការសហប្រជាជាតិបានបញ្ញត្តិយ៉ាងច្បាស់ថា គ្មានរដ្ឋណា មានសិទ្ធិទៅលូកលាន់ដោយផ្ទាល់ ឬដោយប្រយោល ទោះក្នុងហេតុផលណាក៏ដោយ នៅក្នុងកិច្ចការផ្ទៃក្នុង ឬបញ្ហាដែលប៉ះពាល់ដល់បូរណភាពដែនដី ឬឯករាជ្យភាពនយោបាយ របស់ប្រទេសដទៃបានឡើយ (មាត្រា ២.៤, ២.៧)។ រដ្ឋធម្មនុញ្ញអាស៊ានបានកំណត់យកការមិនលូកលាន់កិច្ចការផ្ទៃក្នុងរបស់រដ្ឋជាសមាជិកធ្វើជាគោលការណ៍មូលដ្ឋាន (មាត្រា ២.២ (e)។ នៅក្នុងនឹងកិច្ចព្រមព្រៀងទាក់ទងនឹងអធិបតេយ្យភាព ឯករាជ្យភាពបូរណភាព និងភាពមិនអាចរំលោភបានបំពានបាននៃដែនដី អព្យាក្រឹត្យភាព និងឯកភាពជាតិកម្ពុជា ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងសន្តិភាពគ្រប់ជ្រុងជ្រោយរបស់កម្ពុជាដែលយើងហៅជាទីទៅថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស ហត្ថលេខីទាំង ១៨ មានកាតព្វកិច្ចជាក់លាក់ គឺ«ត្រូវចៀសវាងការលូកលាន់ទោះក្នុងទម្រង់ណាក៏ដោយ ទាំងផ្ទាល់ ឬមិនផ្ទាល់នៅក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា (មាត្រា ២.២)។
២-លទ្ធិប្រជាធិបតេយ្យមិនមែនសមមូលទៅនឹងការបដិសេធនីត្យានុកូលភាពនៃស្ថាប័នដែលស្របតាមរដ្ឋធម្មនុញ្ញ ការបរិហារកេរ្តិ៍ថ្នាក់ដឹកនាំនយោបាយដោយមិនរើសមុខ ការញុះញង់ឱ្យមានកំហឹងជាតិសាសន៍ ការបំពានច្បាប់ ការញុះញង់ជាប្រចាំបង្កភាពតានតឹងនយោបាយ និងកកូរកកាយបង្កបរិយាកាសសង្គ្រាមស៊ីវិលនោះទេ។
៣-ជាថ្មីម្តងទៀត ដូចនៅអំឡុងឆ្នាំ ១៩៧៩-១៩៩១ រដ្ឋាភិបាលលោកខាងលិចមួយចំនួនបានជ្រើសរើសគាំទ្រទៅលើភាគីដែលខុស៖ ពួកគេជ្រើសរើសយកភាគីដែលជំរុញឱ្យមានភាពអសណ្តាប់ធ្នាប់ ហើយប្រឆាំងទៅនឹងភាគីដែលជំរុញការអភិវឌ្ឍដែលនាំប្រទេសឱ្យរីកចម្រើនក្នុងអាត្រាកំណើន ផ.ស.ស ជាមធ្យម ៧,៧% ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ការកាត់បន្ថយភាពក្រីក្រពី ៥)%នៅឆ្នាំ ១៩៩០ ឱ្យធ្លាក់មកនៅ ១៣,៥%នៅឆ្នាំ ២០១៤ និងភាគីដែលសម្រេចស្ទើរតែបានគ្រប់គោលដៅអភិវឌ្ឍន៍សហវត្សរ៍។ ពួកគេជ្រើសរើសយក ភាគី ដែលបដិសេធអត្ថិភាពនៃរបបប្រល័យពូជសាសន៍ ហើយប្រឆាំងនឹងភាគីដែលបានរំដោះប្រទេសនិងការពារប្រជាជនពីការវិលត្រឡប់នៃរបបនេះ។ ពួកគេជ្រើសរើសយកការគាំទ្រភាគីដែលញុះញង់ឱ្យមានជម្លោះជាមួយវៀតណាម ហើយប្រឆាំងទៅនឹងភាគីដែលផ្តល់តម្លៃជាពិសេសទៅលើសន្តិភាពទាំងនៅក្នុង និងក្រៅប្រទេស។
៤-រឹតតែអាក្រក់ជាងនេះទៅទៀត មានរដ្ឋាភិបាល និងស្ថាប័នលោកខាងលិចមួយចំនួន ដែលបច្ចុប្បន្ននេះ នៅតែបន្តគាំទ្របុគ្គលមួយចំនួននៅកម្ពុជា ដែលគេស្គាល់ដឹងឮជាចំហរថាជាជនរើសអើងពូជសាសន៍ជាអ្នកដែលបដិសេធឬមិនជឿលើការសម្លាប់រង្គាលដោយរបបខ្មែរក្រហមនៅកម្ពុជា និងអ្នកជាតិនិយមជ្រុល។ អ្នកនយោបាយប្រជាភិថុតិទាំងនេះគឺជាសត្រូវអាក្រក់បំផុតនៃកទ្ធិប្រជាធិបតេយ្យ ប៉ុន្តែពួកគេទទួលបានការគាំទ្រពីប្រទេស លោកខាងលិចមួយចំនួនដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ៕
អត្ថបទ៖ ប្រាប់ពីការពិតឯកសាររបស់រាជរដ្ឋាភិបាលកម្ពុជា

No comments:

Post a Comment