Tuesday, April 11, 2017

ចៅ​ចាក់ស្មុក៖ ផែន​ការបី​ខែរបស់ ជុន ច័ន្ទបុត្រ យក​វិទ្យុ​អាស៊ីសេរី​ដើម្បី​បង្កចលា​ចល​សង្គម បម្រើម​ហិច្ឆតាន​យោបាយ​បក្សប្រឆាំង​របស់​ខ្លួន (វគ្គ៣)

នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧នេះ ទំព័រហ្វេសប៊ុកចៅចាក់ស្មុក បានបង្ហោះផ្សាយអត្ថបទដោយដាក់ចំណងជើងថា «ផែនការបីខែរបស់ ជុន ច័ន្ទបុត្រ យកវិទ្យុអាស៊ីសេរីដើម្បី បង្កចលាចលសង្គម បម្រើមហិច្ឆតានយោបាយបក្សប្រឆាំងរបស់ខ្លួន (វគ្គ៣) » ដែលមានខ្លឹមសារ ដូចខាងក្រោម៖
វគ្គសហការគ្នាដើម្បីគាំទ្របក្សប្រឆាំង
នៅក្នុងចំណោមវិទ្យុដែលគាំទ្រថវិកាដោយបរទេស ៣ កំពុងផ្សព្វផ្សាយនៅកម្ពុជា គឺវិទ្យុសំឡេងសហរដ្ឋអាមេរិក វិទ្យុអាស៊ីសេរី និងវិទ្យុបារាំងអន្តរជាតិ។ វិទ្យុអាស៊ីសេរីត្រូវបានពលរដ្ឋដែលមាននិន្នាការកណ្តាលនិយម បានលើកឡើងថា បានធ្លាក់ទឹកដៃនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះក្រោយពី សំ ប៉ូលី ហៅ ពៅ ពន្លក និង ហ៊ួត វុទ្ធី ហៅ ជុន ច័ន្ទបុត្រ ឡើងមកគ្រប់គ្រងចាត់ចែងការងារលើព័ត៌មាន ដោយដេញអ្នកកាសែតជើងចាស់មានវិជ្ជាជីវៈចេញ ដូចជាលោក ម៉ា យ៉ារិទ្ធ លោក កែវ និមល លោក ផាន សុផាត អ្នកស្រី អ៊ុក សាវបូរី លោក ថៃ សុធា អ្នកស្រី កឹម ពៅសុតន្ត លោក សុខ សេរី ជាដើម។ ប្រជាពលរដ្ឋមួយចំនួនធំចាត់ទុកវិទ្យុអាស៊ីសេរីពេលនេះ លែងមានវិជ្ជាជីវៈសារព័ត៌មានពិតប្រាកដ តែជាវិទ្យុបម្រើឱ្យបក្សប្រឆាំងក្នុងគោលដៅផ្លាស់ប្តូរមេដឹកនាំនៅកម្ពុជា តាមខ្សែញាក់របស់បរទេសមួយចំនួន។
បើគ្រាន់តែស្តាប់កម្មវិធីផ្សព្វផ្សាយដំបូង គឺគេនឹងវាយតម្លៃថា វិទ្យុនេះឯករាជ្យដោយសារតែការនិយាយពិត ប៉ុន្តែការពិតនោះគឺបង្កប់ដោយចេតនាធំចុងក្រោយមួយ គឺទាញទម្លាក់ជំនឿទុកចិត្ត និងបំផ្លាញចោលនូវកិច្ចខិតខំប្រឹងប្រែងទាំងឡាយរបស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ក្នុងការថែរក្សាការពារសន្តិភាព និងការអភិវឌ្ឍ ហើយលើកតម្កើង និងត្រួសត្រាយផ្លូវជួយឃោសនាឱ្យគណបក្សប្រឆាំង។ ដើម្បីបំពេញមហិច្ឆតាអំណាចនេះ វិទ្យុអាស៊ីសេរីដែលមាន ជុន ច័ន្ទបុត្រ ជាអ្នកចេញមុខដោយសារតែត្រូវព័ត៌មានចចាមអារាមថា ត្រូវបានមេបក្សប្រឆាំងសន្យាផ្តល់តំណែងជាកុង្សីយ៍ក្រសួងព័ត៌មាន នៅពេលបក្សសង្គ្រោះជាតិឈ្នះការបោះឆ្នោតនោះ បានព្យាយាមក្នុងការរៀបចំយន្តការ យុទ្ធសាស្ត្រ វិធីសាស្ត្រជាច្រើនក្នុងបំណងសម្រេចបាននូវក្តីសុបិន្តនេះ។
វិទ្យុអាស៊ីសេរីបានដើរតួនាទីយ៉ាងសកម្មក្នុងការជីកកកាយនូវរឿងរ៉ាវអវិជ្ជមានទាំងឡាយ ដើម្បីផ្សព្វផ្សាយ បញ្ឆេះកំហឹងបុគ្គលតាមយុទ្ធសាស្ត្រផ្សព្វផ្សាយបែបអវិជ្ជមាននិយម។ ប្រសិនបើរឿងរ៉ាវណាមួយដែលគេយល់ថាអាចធ្វើអាជីវកម្មបានផលច្រើន សូម្បីតែសាកសពក៏វិទ្យុអាស៊ីសេរីនេះនឹងបំពក់ភ្លើង ជុំវិញករណីនេះក្នុងគោលដៅមួយ គឺបំប៉ោង បំផ្លៃ បំផ្លើស និងបំភាន់សាធារណៈមតិជុំវិញព្រឹត្តិការណ៍អ្វីមួយ ដោយលម្អៀងទៅរកភាគីម្ខាងទៀតដែលមិនមែនជាក្រុមខ្លួន។ មិនតែប៉ុណ្ណោះក្រោមការសម្របសម្រួលសម្រួចមុំព័ត៌មានដោយ ជុន ច័ន្ទបុត្រ វិទ្យុអាស៊ីសេរីបានសហការគ្នាយ៉ាងស្អិតរមួតជាមួយដៃគូក្នុងសង្គមស៊ីវិលមួយចំនួន ដែលមាននិន្នាការប្រឆាំង ឬជាសកម្មជនបក្សប្រឆាំងដោយពាក់អាវអ្នកវិភាគឯករាជ្យដូចជា ឡៅ ម៉ុងហៃ មាស នី អ៊ូ វីរៈ ប៉ា ងួនទៀង សន ជ័យ ព្រាប កុល សម គន្ធាមី អំ សំអាត អ៊ូច ឡេង សង្ឃ ប៊ុត ប៊ុនតិញ លួន សាវ៉ាត អាត់ ធន់ មឿន តុលា ឬឡុង គឹមឃន ជាដើម។ ប៉ុន្តែធាតុពិត ពួកគេទាំងនោះ បានប្រើប្រាស់ពាក្យសិទ្ធិមនុស្ស អ្នកវិភាគឯករាជ្យដើម្បីបិទបាំងទង្វើរបស់ខ្លួនគាំទ្រលើបក្សប្រឆាំង និងមានចេតនាវាយប្រហារលើរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា។
ទាំងវិទ្យុអាស៊ីសេរី និងក្រុមមន្ត្រីសង្គមស៊ីវិល និងសកម្មជនបក្សប្រឆាំង ដែលជ្រកក្រោមស្លាកអង្គការ ឬស្ថាប័នឯករាជ្យ បានព្យាយាមក្នុងការធ្វើការឃោសនាជូនបក្សប្រឆាំងដែលខ្លួនគាំទ្រ និងដើម្បីបម្រើចំណីអារម្មណ៍របស់អ្នកគាំទ្រ។ ឈ្មោះជាអ្នកវិភាគឯករាជ្យ ប៉ុន្តែភាសាដែលនិយាយចេញមក គឺផ្អៀងមួយចំហៀងដូចជា ឡៅ ម៉ុងហៃ តើហៅអ្នកវិភាគឯករាជ្យម្តេចនឹងកើត? បើគាត់វិភាគយូរៗបានក្លាយជាឯកឧត្តមទីប្រឹក្សាឱ្យប្រធានបក្សប្រឆាំង កឹម សុខា បម្រើគោលនយោបាយបក្សប្រឆាំង និងហារស្តីមួយម៉ាត់ណាក៏ប្រទេសកម្ពុជាបច្ចុប្បន្ននេះ ស្ថិតក្នុងភាពខ្មៅងងឹត និងអវិជ្ជមានរហូត ពោលគឺក្នុងក្រសែភ្នែករបស់ ឡៃ ម៉ុងហៃ គ្មានអ្វីដើរទៅមុខឡើយ ប្រសិនបើមិនមានក្រុមខ្លួនជាអ្នកធ្វើ។ បណ្ឌិត មាស នី ដែលអួតថាខ្លួនគ្មាននិន្នាការនយោបាយ និយាយនៅកណ្តាលក៏បានលោតតាមចង្វាក់ភ្លេងរបស់វិទ្យុអាស៊ីសេរីដែរ បន្ទរដោយគ្មានអៀនខ្មាសអំពីស្ថានភាពជាក់ស្តែង និងការថ្លឹងថ្លែងឱ្យបានច្បាស់អំពីបញ្ហាដែលកើតឡើង មានល្អ មានអាក្រក់។ អ្វីដែលពលរដ្ឋចង់បានគឺការថ្លឹងថ្លែងហេតុ និងផលឱ្យបានច្បាស់។ ប្រសិនបើគ្មានសិទ្ធិសេរីភាព កម្ពុជាជារបបផ្តាច់ការ ម៉្លេះសម ឡៃ ម៉ុងហៃ មាស នី និងអ្នកផ្សេងទៀតគ្មានវាសនានឹងមកអង្គុយនិយាយព័ទ្ធដៃ ក្នុងបន្ទប់ផ្សាយរបស់វិទ្យុអាស៊ីសេរីយ៉ាងរំភើយ និងនិយាយដោយរំលោភសិទ្ធិអ្នកដទៃទេ។ ធ្វើជាបណ្ឌិតគួរតែស្ថិតនៅកណ្តាលមិនគួរ ឡៅ ម៉ុងហៃ មាស នី ជាបណ្ឌិតខ្មៅនិយមឡើយ។ ការធ្វើតុល្យការក្នុងការថ្លឹងថ្លែងហេតុ និងផលល្អ និងអាក្រក់ គឺជាតួនាទីរបស់អ្នកវិភាគឯករាជ្យ តែបើវិភាគផ្អៀងមួយចំហៀងនោះបានត្រឹមទទួលឈ្មោះថា អ្នកវិភាគឯករាជ្យសេះហោះ។
ក្រៅពីរៀបចំយន្តការនៅក្នុងបន្ទប់ផ្សាយវិទ្យុអាស៊ី បានប្រើយន្តការសង្គមស៊ីវិល និងសកម្មជនបក្សប្រឆាំងនៅតាមខេត្តដើម្បីបំពងបញ្ហាពីតាមតំបន់នានា ក្នុងចេតនាបង្ហាញថាកម្ពុជាគ្មានអ្វីរីកចម្រើនទេ គ្មានការអភិវឌ្ឍ គ្មានសន្តិសុខសុវត្ថិភាពឡើយ មានការគំរាមកំហែង ឬប្រព័ន្ធដំណើរការរដ្ឋបាលមិនដំណើរការជាដើម តាមរយៈការធ្វើបទសម្ភាសន៍តែទៅលើក្រុមសកម្មជនបក្សប្រឆាំង និងសង្គមស៊ីវិលដែលមាននិន្នាការប្រឆាំង។ ចំណែកឯការផ្តល់សំឡេងទៅមន្ត្រីអាជ្ញាធរមានតិចតួចបំផុត។ សម្រាប់ការត្រៀមក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលនឹងមកដល់នាពេលឆាប់ៗខាងមុខនេះ ជុន ច័ន្ទបុត្រ បានចាប់ផ្តើមជ្រើសរើសអ្នកឆ្លើយឆ្លងព័ត៌មានជាច្រើនរូបដើម្បីបញ្ជូន ទៅកាន់ខេត្តនានាដែលគេយល់ថា គណបក្សប្រឆាំងមានសំឡេងដើម្បីជួយបន្ទរពីក្រោយ ស្វែងរកការគាំទ្របន្ថែម តាមរយៈសេចក្តីរាយការណ៍ព័ត៌មានពីទង្វើអសកម្មទាំងឡាយរបស់អាជ្ញាធរមានសមត្ថកិច្ច ឬបញ្ហាផ្សេងៗដែល សកម្មជនគណបក្សប្រឆាំងជួបប្រទះដោយប្រើទ្រឹស្តី «ជនរងគ្រោះអាជីព» សម្រាប់ក្រុមអ្នកគាំទ្របក្សប្រឆាំង។
បន្ថែមពីលើនេះ តាមប្រភពព័ត៌មាន ជុន ច័ន្ទបុត្រ ដែលបានវិលមកកម្ពុជាថ្មីៗនេះ ដោយនាំយកមកនូវកញ្ចប់ថវិកាជាច្រើនដើម្បីបេសកកម្មក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នេះ នឹងរៀបចំនូវកម្មវិធីជាច្រើនក្នុងការឱ្យមានការជជែកពិភាក្សា រវាងបេក្ខជនសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់គណបក្ស ដែលឈរឈ្មោះបោះឆ្នោត ដោយក្នុងនោះ ពួកគេនឹងលួចផ្តល់សំណួរឱ្យទៅបេក្ខជនមកពីគណបក្សសង្គ្រោះជាតិមុន ដើម្បីត្រៀមឆ្លើយឱ្យបានល្អជាង សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់មកពីគណបក្សផ្សេង។ វិធីសាស្ត្រនេះ គឺដូចទៅនឹងប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិក ដូចជា CNN NBC ដែលត្រូវបានលោកប្រធានាធិបតី ដូណាល់ ត្រាំ បរិហារថាគ្មានវិជ្ជាជីវៈ និងមានភាពលម្អៀង ដោយបានលួចផ្តល់សំណួរទៅឱ្យបេក្ខនារី ហ៊ីឡារី គ្លីនតុន មុនដើម្បីត្រៀម និងយកប្រៀបក្នុងកិច្ចពិភាក្សា។ ស្ទីលតែមួយនេះត្រូវបាន ជុន ច័ន្ទបុត្រ យកមកអនុវត្តនៅកម្ពុជានាពេលខាងមុខដើម្បីគាំទ្របក្សប្រឆាំង។
តើស្មានតែរាស្ក្រមិនដឹងនូវទង្វើដ៏អាក្រក់របស់អ្នកឬ? អ្វីដែលប្រជាជនកម្ពុជាចង់បានគឺព័ត៌មានពិត ការធ្វើតុល្យភាពព័ត៌មានត្រឹមត្រូវច្បាស់លាស់ និងមិនបង្កប់នូវចេតនានយោបាយ។ ទាំងវិទ្យុអាស៊ីសេរី ទាំងបណ្ឌិតទាំងឡាយដែលអួតអាងថា ស្រឡាញ់ជាតិ គួរតែបើកភ្នែក និងទទួលស្គាល់ការពិតជាច្រើនដែលខ្លួនឃើញ តែធ្វើមិនឃើញ។ រាស្ត្របានដឹងច្បាស់ហើយថា ក្រុមលោកអ្នកគឺបានប្រើល្បិចឆ្មាលាក់ក្រចក ប្រើបណ្ឌិតគាំទ្របក្សមកធ្វើជាអ្នកវិភាគឯករាជ្យ អង្គការសិទ្ធិមនុស្សបក្សជាអ្នកជនឆ្នើមផ្នែកការពារសិទ្ធិមនុស្ស វិទ្យុបំភ្លៃ បំប៉ោង បំផ្លើស បំភាន់ព័ត៌មានដើម្បីបម្រើគោលដៅនយោបាយបក្សប្រឆាំង។ ដូច្នេះនៅលើលោកនេះ គ្មានអ្វីជាអាថ៌កំបាំងឡើយ! នៅលើមេឃ មានមេឃ៕
ដោយ៖ ចៅ ចាក់ស្មុក

No comments:

Post a Comment