Wednesday, October 23, 2019

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា

នៅព្រឹកថ្ងៃទី២៣​ ខែតុលាដដែលនេះ បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតជប៉ុនថ្មីប្រចាំនៅកម្ពុជារួចហើយលោកនាយករដ្ឋមន្ត្រីក៏បានបន្តជួបពិភាក្សាការងារជាមួយតទៀតជាមួយ​ នឹងលោក​ Christian Berger ឯកអគ្គរាជទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា។
នៅក្នុងជំនួបនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានស្វាគមន៍ចំពោះឯកអគ្គរាជទូតអាល្លឺម៉ង់ ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីប្រចាំនៅកម្ពុជា និងបានអបអរសាទរចំពោះ​ ឯកអគ្គរាជទូតផងដែរចំពោះបេសកកម្មការងារនៅក្នុងប្រទេសកម្ពុជានៅពេលនេះ។ លោកនាយករដ្ឋមន្រ្តីសង្ឃឹមថា នៅពេលដែលឯកអគ្គរាជទូត​ បានចូលរួមនៅបេសកកម្មការទូតនៅក្នុងប្រទេសកម្ពុជានេះសង្ឃឹមថា ឯកអគ្គរាជទូត​ នឹងជួយជំរុញក្នុងការពង្រីកពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ។
ឯកអគ្គរាជទូត​ ក៏បានថ្លែងអំណរគុណចំពោះលោកនាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឲ្យលោកបានចូលជួបសំដែងការគួរសម នឹងពិភាក្សានៅពេលនេះ។ លោកសន្យាថានឹងព្យាយាមឲ្យអស់លទ្ធភាពក្នុងការបន្តពង្រឹងនូវកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាល្លឺម៉ង់។ លោកពិតជារីករាយដែលប្រទេសយើងទាំងពីរមានទំនាក់ទំនងនឹងគ្នាជាយូរមកហើយ ។ លោក​ ក៏បានអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានគាំទ្រចំពោះបេក្ខភាពប្រទេសអាឡឺម៉ង់នៅអង្គការសហប្រជាជាតិកន្លងមក ជាពិសេស​ លោកក៏បានបញ្ជាក់ពីភាពជោគជ័យនៃដំណើរទស្សនកិច្ចរបស់លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃទៅកាន់ប្រទេសអាល្លឺម៉ង់កន្លងមកនេះ ដែលដំណើរទស្សនកិច្ចនេះគឺបានគូសបញ្ជាក់អំពីទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ជាពិសេស​ លោកចង់ឃើញកិច្ចសហប្រតិបត្តិការល្អនឹងគ្នា។ លោកបានបញ្ជាក់ថា ប្រទេសយើងទាំងពីរនៅមានសក្តានុពលយ៉ាងច្រើន ហើយអ្វីដែលលោកឯកអគ្គរាជទូតចាប់អារម្មណ៍បំផុតនោះគឺឥឡូវនេះជាសភាពពាណិជ្ជកម្មអាល្លឺម៉ង់ចង់បើកការិយាល័យនៅប្រទេសកម្ពុជាជាលើកដំបូង ដោយសារតែក្រុមហ៊ុនអាល្លឺម៉ង់មានការចាប់អារម្មណ៍លើសេដ្ឋកិច្ចកម្ពុជាគឺចង់មកបណ្ដាក់ទុននៅកម្ពុជា។
ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា បច្ចុប្បន្ននេះ បើយើងក្រឡេកទៅមើលវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃប្រទេសទាំងពីរគឺមានការរីកចម្រើនយ៉ាងច្រើន ហើយកម្ពុជាក៏មានការនាំចូលពីអាឡឺម៉ង់ច្រើនដែរដូចជារថយន្តជាដើម ហើយកម្ពុជាក៏មានការនាំចេញទៅអាល្លឺម៉ង់ច្រើនដែរដូចជាផលិតផលស្បែកជើងសម្លៀកបំពាក់ផងដែរ។​ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា កន្លងមកនេះ កម្ពុជាបានសំរេចចិត្តទិញម៉ាស៊ីនភ្លើងដែលមួយគ្រឿងទិញពីប្រទេសអាល្លឺម៉ង់ ហើយបច្ចុប្បន្ននេះកម្ពុជាក៏មានផលិតផលដូចជាស្រាបៀររបស់ប្រទេសអាល្លឺម៉ង់ចែកចាយក្នុងប្រទេកម្ពុជាផងដែរដូច្នេះបើយើងក្រឡេកទៅមើលវិស័យធុរកិច្ចកម្ពុជាអាល្លឺម៉ង់នេះ គឺប្រទេសយើងទាំងពីរនៅមានសក្តានុពលច្រើន។
ក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថាកម្ពុជានឹងត្រូវត្រៀមធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបឆ្នាំ២០២០ ខាងមុខនេះ ហើយជាពេលវេលាមួយដែលសមស្របសម្រាប់ប្រទេសអាល្លឺម៉ង់ធ្វើជាប្រធាននៃសហភាពអឺរ៉ុប ពីព្រោះនៅសហភាពអឺរ៉ុបគេមានធ្វើជាប្រធានប្តូរវេន ដូច្នេះ ប្រទេសទាំងពីរ និងសហការគ្នាធ្វើយ៉ាងណាឲ្យកិច្ចប្រជុំនេះទទួលបាននូវភាពជោគជ័យ។
ឯកអគ្គរដ្ឋទូត បានបន្តទៀតថានៅក្នុងអាណត្តិនេះ លោកនឹងព្យាយាមជំរុញធ្វើយ៉ាងណាឱ្យប្រទេសយើងទាំងពីរបន្តនូវកិច្ចសហប្រតិបត្តិការល្អគ្នាជាបន្តទៀត។ នៅក្នុងឱកាសនោះផងដែរលោកនាយកមន្ត្រី ក៏បានអរគុណដល់រដ្ឋាភិបាលអាល្លឺម៉ង និងក៏បានមានប្រសាសន៍ផ្តាំសួរសុខទុក្ខចំពោះលោកស្រីអធិការបតីអាល្លឺម៉ង់ផងដែរ៕










លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតជប៉ុនថ្មីប្រចាំនៅកម្ពុជា


នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានទទួលជួបពិភាក្សាការងារជាមួយនឹង លោក  Masahiro Mikami ឯកអគ្គរាជទូតជប៉ុនថ្មីប្រចាំនៅកម្ពុជា។ នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីបានស្វាគមន៍ ចំពោះលោកឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា និងបានអបអរសាទរចំពោះ លោកដែលត្រូវបានតែងតាំងជាអគ្គរាជទូតប្រចាំកម្ពុជានៅពេលនេះ។
លោក ឯកអគ្គរាជទូតជប៉ុនក៏បាន ថ្លែងអំណរ
គុណចំពោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានអនុញ្ញាតឲ្យ លោកបានជួបសំដែងការគួរសមនាពេលនេះ។ ជាពិសេស លោកក៏បានថ្លែងអំណរគុណចំពោះលោកនាយករដ្ឋមន្ត្រី ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាដែលបានចូលរួមរំលែកទុក្ខចំពោះប្រជាជនជប៉ុនដែលគ្រោះដោយសារព្យុះកាលពីពេលថ្មីៗកន្លងទៅនេះ។ លើសពី ឯកអគ្គរាជទូតជប៉ុនក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលកម្ពុជា ជាពិសេសចំពោះការយាងរបស់ព្រះករុណាព្រះមហាក្សត្រសម្ដេចព្រះនរោត្ដម សីហមុនី យាងចូលរួមក្នុងការគ្រងរាជ្យថ្មីរបស់ព្រះចៅអធិរាជរបស់ប្រទេសជប៉ុនកាលពីពេលថ្មីៗនេះ។
ឯកអគ្គរាជទូតជប៉ុនបានគូសបញ្ជាក់ថាបច្ចុប្បន្ន ទំនាក់ទំនងភាគីរវាងកម្ពុជា និងជប៉ុនគឺមានទំនាក់ទំនងល្អ។ លោកបានគូសបញ្ជាក់ថាកន្លងមកកម្ពុជាបានឆ្លងកាត់នៅសង្រ្គាមស៊ីវិលក៏ប៉ុន្តែពេលនេះឃើញថាកម្ពុជាមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ប្រទេសជប៉ុននៅតែបន្តគាំទ្រដល់ប្រទេសកម្ពុជា ជាពិសេសជំរុញកិច្ចសហប្រតិបត្តិការទៅលើផ្នែកនយោបាយ សេដ្ឋកិច្ចវប្បធម៌ រួមទាំងវិស័យផ្សេងៗច្រើនទៀត។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថាលោកពិតជាអរគុណចំពោះប្រទេសជប៉ុនដែលបានចូលរួមយ៉ាងសកម្មក្នុងការស្វែងរកសន្តិភាពសម្រាប់ប្រទេសកម្ពុជាក្នុងទសវត្សរ៍ទី៨០ និងការចូលរួមថែរក្សាសន្តិភាពក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិកន្លងទៅនេះ។​ លោកនាយករដ្ឋមន្រ្តីបានបន្តទៀតថាកន្លងមកជប៉ុនក៏បានចូលរួមចំណែកក្នុងការផ្ដល់ជំនួយប្រទេសកម្ពុជាដូចជាការកសាងនូវវិស័យហេដ្ឋារចនាសម្ព័ន្ធ ដែលរួមចំណែកក្នុងការអភិវឌ្ឍនឹងធ្វើអោយកម្ពុជារីកចម្រើនផងដែរ។ បច្ចុប្បន្ននេះទំនាក់ទំនងទ្វេភាគីរវាងប្រទេសយើងទាំងពីរមានដល់កម្រិតខ្ពស់ ពិសេសក្នុងកម្រិតដៃគូយុទ្ធសាស្ត្រ ដោយសារតែកន្លងមកមានការផ្លាស់ប្ដូរនៃថ្នាក់ដឹកនាំកំពូលរវាងប្រទេសទាំងពីរ ហើយលើសពីនេះទៅទៀតបច្ចុប្បន្នយើងមានការហោះហើរត្រង់ទៅមករវាងប្រទេសទាំងពីរផងដែរ ដែលអាចជួយសម្រួលដល់ការធ្វើដំណើរសម្រាប់អ្នកវិនិយោគនិងភ្ញៀវទេសចរណ៍ផងដែរ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់អំពីទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានការកើនឡើងមានការកើនឡើងជាលំដាប់ ហើយសម្តេចចង់បន្តឃើញទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងជប៉ុនមានការកើនឡើងជាបន្តទៀតរួមទាំងការបណ្ដាក់ទុនពីអ្នកវិនិយោគជប៉ុនមកកម្ពុជាផងដែរ។លោកនាយករដ្ឋមន្រ្តីចង់ឲ្យបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរបន្ថែមទៀតជាពិសេសលើការពង្រីកនូវសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិស័យផ្សេងៗជាច្រើនទៀត។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បន្តទៀតថា កម្ពុជានឹងបន្តអនុវត្តនូវនីតិរដ្ឋដើម្បីពង្រឹងប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា អ្វីដែលជាអាទិភាពរបស់សម្ដេច ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាគឺការរក្សាសន្តិភាពអោយបានស្ថិតស្ថេរ ហើយដំណើរការលទ្ធិប្រជាធិបតេយ្យនេះនៅតែបន្ត។ លើសពីនេះទៀត លោកនាយករដ្ឋមន្ត្រី និងលោក​ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានផ្លាស់ប្ដូរមតិជុំវិញកិច្ចសហប្រតិបត្តិការលើអនុតំបន់ និងអន្តរជាតិជាពិសេសគឺពាក់ព័ន្ធធ្វើយ៉ាងណាឱ្យប្រទេសយើងទាំងពីរបង្កើននូវកិច្ចសហប្រតិបត្តិការនេះបន្ថែមទៀត។ ជាពិសេសលោកបានស្វាគមន៍ចំពោះការអញ្ជើញយុវជនពីប្រទេសកម្ពុជាទៅទស្សនកិច្ច ក៏ដូចជាសិក្សានៅប្រទេសជប៉ុនកន្លងទៅ ក៏ដូចជារយៈពេលខាងមុខទៀត។
លោក ឯកអគ្គរាជទូជប៉ុន បានមានប្រសាសន៍ពីអ្វីដែលជប៉ុននឹងបន្តជួយដល់កម្ពុជាជាបន្តទៀតជាពិសេសគឺពាក់ព័ន្ធការវិនិយោគរបស់ក្រុមហ៊ុនជប៉ុនមកកម្ពុជា ។ លោកក៏មានប្រសាសន៍ថាជប៉ុននឹងសកម្មភាពដែលសហការជាមួយនឹងស៊ីម៉ាក់ ក្នុងការដោះមីននៅកម្ពុជាផងដែរ ជប៉ុននឹងបន្តលើការផ្ដល់ជំនួយលើវិស័យថាមពលអគ្គិសនី និងធ្វើផែនការមេសម្រាប់កំពង់ផែស្វ័យយ័តទឹកជ្រៅនៅខេត្តព្រះសីហនុ។ ហើយត្រង់ចំណុចនេះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា ចង់ឲ្យជប៉ុនសម្រេចនូវផែនការមេនេះ ដើម្បីឲ្យទទួលបាននូវភាពជោគជ័យ មានន័យថាធ្វើយ៉ាងណាដើម្បីឲ្យកប៉ាល់ធំៗនោះចុះចតដោយផ្ទាល់នៅកំពង់ផែទឹកជ្រៅនេះតែម្ដង ដោយមិនចាំបាច់មានការផ្ទេរទៅតាមបណ្ដាប្រទេសជិតខាងឡើយ៕








សម្ដេចតេជោ ហ៊ុន សែន៖ ទោះបីជាមានកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣តុលា​ឆ្នាំ១៩៩១ ក៏សង្រ្គាមស៊ីវិលនៅកម្ពុជានៅបន្ត បង្កដោយភាគីកម្ពុជាប្រជាធិបតេយ្យ

ភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ -- ស្របពេលដែលមានការអបអរសាទរខួប ២៨ ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣​តុលា ប្រ​មុ​ខ​រាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែង​ថា ទោះ​បី​ជា​មាន​កិច្ច​ព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣តុលា ឆ្នាំ១៩៩១ ក៏សង្រ្គាមស៊ីវិល​នៅ​កម្ពុជានៅបន្ត ដែ​ល​​បង្កដោយភាគីកម្ពុជាប្រជាធិបតេយ្យ(ប៉ុលពត)។  ប៉ុន្តែក្រោម​នយោបាយ ឈ្នះ-ឈ្នះ របស់ ស​ម្តេចតេជោ ហ៊ុន សែន គឺបានបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុង នៅឆ្នាំ ១៩៩៨ ដែលកម្ពុជាទូ​ទាំង​ប្រទេសបានស្គាល់នូវសន្តិភាពពេញលេញ និងសម្បូរ​សប្បាយ​រហូតមកដល់សព្វថ្ងៃ។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រីបានសរសេរថា ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ នេះ គឺជាខួប ២៨ ឆ្នាំ (២៣តុលា ១៩៩១-២៣តុលា ២០១៩) នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ។ សម្រាប់២៨ ឆ្នាំមុន ពោ​លគឺនៅថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ ភាគីទាំង៤ របស់កម្ពុជារួមមាន សម្តេចតេជោ ហ៊ុន សែ​ន តំណាងឱ្យរដ្ឋាភិបាលកម្ពុជា ចលនាតស៊ូហ៊្វុនស៊ិនប៉ិច ដែលតំណាងដោយ សម្តេចព្រះ ន​​រោត្ត​ម សីហនុ និងសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ឋិ រណសិរ្សជាតិរំដោះ​ប្រជា​ពលរដ្ឋខ្មែរ ដែ​លតំណាងដោយ លោក សឺន សាន និងក្រុមចលនាកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត)​តំ​ណា​ងដោយ លោក ខៀវ សំផន បានឈានទៅចុះហត្ថលេខា លើកិច្ចព្រមព្រៀង​សន្តិភាព នៅ​ទី​ក្រុងប៉ារីស ប្រទេសបារាំង ក្រោមវត្តមានសាក្សីដែលមកពី១៨ប្រទេស រួមទាំង​អគ្គលេខាធិ​កា​រអង្គ​ការសហប្រជាជាតិ (UN) ផងដែរ ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា។
សម្ដេចតេ​ជោ​គូ​សបញ្ជាក់ថា មុននឹងឈានមកដល់កិច្ចព្រមព្រៀងនាទីក្រុងប៉ារីស ២៣ តុលា គឺ សម្តេ​ច​បានជួបពិភាក្សាដំបូងបំផុតជាមួយ អតីតព្រះមហាក្សត្រខ្មែរ សម្តេចព្រះ ន​រោត្តម សីហនុ នៅថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ ១៩៨៧ នៅ FERE-EN-TARDENOIS នៅប្រទេ​សបារាំង ដែលការចរចានេះមានសេចក្តីប្រកាសរួមឡាយព្រះហស្តលេខាដោយ សម្តេចព្រះ ន​រោត្តម សីហនុ និង សម្តេចតេជោ ហ៊ុន សែន ដែលហៅថា (ជំនួបចរចា សីហនុ-ហ៊ុន សែន នៅ FERE-EN-TARDENOIS ថ្ងៃទី ០២-០៤ ខែ ធ្នូ ឆ្នាំ ១៩៨៧)។ បន្ទាប់​មកក៏មាន​កិច្ច​ចរ​ចា​បន្តរវាង សីហនុ-ហ៊ុន សែន លើកទី ២ ប្រព្រឹត្តឡើងនៅថ្ងៃទី ២០-២១ ខែមករាឆ្នាំ១​៩​៨​៨​ នៅ SAINT-GERMAIN-EN-LAYE ប្រទេសបារាំង និងនៅទីកន្លែងផ្សេងៗមួយ​ចំនួន​ទៀ​ត។​សម្ដេចតេជោបានលើកឡើងថា  ទោះ​បីមានកិច្ចព្រមព្រៀង សន្តិភាពប៉ារីស ២៣ តុលា ១​៩​​៩១ ក៏ពិតមែន ប៉ុន្តែសង្រ្គាមស៊ីវិលនៅកម្ពុជានៅបន្តដែលបង្កដោយភាគីកម្ពុជា​ប្រជាធិបតេ​យ្យ​ (ប៉ុលពត)។ ទន្ទឹមនេះ ក្រោមនយោបាយ ឈ្នះ-ឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន គឺបាន​បញ្ច​ប់​សង្រ្គា​មស៊ីវិលទាំងស្រុង នៅឆ្នាំ ១៩៩៨ ដែលកម្ពុជាទូទាំងប្រទេសបានស្គាល់​នូវសន្តិ​ភាព​ពេ​ញ​​លេញ និងសម្បូរសប្បាយរហូតមកដល់សព្វថ្ងៃ។
សម្ដេចតេជោក៏សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងសំណាងល្អ​គ្រប់ៗ​គ្នាក្នុងថ្ងៃខួប២៨ ឆ្នាំ​ នៃកិច្ចព្រមព្រៀងប៉ារីសថ្ងៃនេះ៕





វេទិកាតុមូល៖ រំលឹកអំពីខ្លឹមសារ កិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១





ខ្លឹមសារ កិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១







ទស្សនាវិដេអូ៖ សម្តេចតេជោ ហ៊ុន សែន បកស្រាយលំអិតពីដំណើរចរចារហូតមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស (Video inside)

បើទោះបីជាយ៉ាងណារហូតមកដល់ពេលបច្ចុប្បន្ននៅតែមានការបកស្រាយខុសៗគ្នារវាងរាជរដ្ឋាភិបាល និងក្រុមអ្នកនយោបាយមួយចំនួនទៀត។
សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ ក្នុងពេលជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋខ្មែរនៅប្រទេសស្វីស បានចំណាយពេលប្រមាណ ៣ម៉ោង ដើម្បីបកស្រាយលំអិតពីដំណើរការនៃការចរចារហូត ឈានដល់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងព្រឹត្តិការណ៍មួយចំនួននៅក្រោយថ្ងៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះ។
សូមទស្សនា និងស្តាប់ប្រសាសន៍សម្តេចតេជោទម្លាយអាថ៌កំបាំងកិច្ចព្រមព្រៀងសន្តិភាព កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ នៅប្រទេសស្វីស៖