Wednesday, October 23, 2019

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតជប៉ុនថ្មីប្រចាំនៅកម្ពុជា


នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានទទួលជួបពិភាក្សាការងារជាមួយនឹង លោក  Masahiro Mikami ឯកអគ្គរាជទូតជប៉ុនថ្មីប្រចាំនៅកម្ពុជា។ នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីបានស្វាគមន៍ ចំពោះលោកឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា និងបានអបអរសាទរចំពោះ លោកដែលត្រូវបានតែងតាំងជាអគ្គរាជទូតប្រចាំកម្ពុជានៅពេលនេះ។
លោក ឯកអគ្គរាជទូតជប៉ុនក៏បាន ថ្លែងអំណរ
គុណចំពោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានអនុញ្ញាតឲ្យ លោកបានជួបសំដែងការគួរសមនាពេលនេះ។ ជាពិសេស លោកក៏បានថ្លែងអំណរគុណចំពោះលោកនាយករដ្ឋមន្ត្រី ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាដែលបានចូលរួមរំលែកទុក្ខចំពោះប្រជាជនជប៉ុនដែលគ្រោះដោយសារព្យុះកាលពីពេលថ្មីៗកន្លងទៅនេះ។ លើសពី ឯកអគ្គរាជទូតជប៉ុនក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលកម្ពុជា ជាពិសេសចំពោះការយាងរបស់ព្រះករុណាព្រះមហាក្សត្រសម្ដេចព្រះនរោត្ដម សីហមុនី យាងចូលរួមក្នុងការគ្រងរាជ្យថ្មីរបស់ព្រះចៅអធិរាជរបស់ប្រទេសជប៉ុនកាលពីពេលថ្មីៗនេះ។
ឯកអគ្គរាជទូតជប៉ុនបានគូសបញ្ជាក់ថាបច្ចុប្បន្ន ទំនាក់ទំនងភាគីរវាងកម្ពុជា និងជប៉ុនគឺមានទំនាក់ទំនងល្អ។ លោកបានគូសបញ្ជាក់ថាកន្លងមកកម្ពុជាបានឆ្លងកាត់នៅសង្រ្គាមស៊ីវិលក៏ប៉ុន្តែពេលនេះឃើញថាកម្ពុជាមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ប្រទេសជប៉ុននៅតែបន្តគាំទ្រដល់ប្រទេសកម្ពុជា ជាពិសេសជំរុញកិច្ចសហប្រតិបត្តិការទៅលើផ្នែកនយោបាយ សេដ្ឋកិច្ចវប្បធម៌ រួមទាំងវិស័យផ្សេងៗច្រើនទៀត។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថាលោកពិតជាអរគុណចំពោះប្រទេសជប៉ុនដែលបានចូលរួមយ៉ាងសកម្មក្នុងការស្វែងរកសន្តិភាពសម្រាប់ប្រទេសកម្ពុជាក្នុងទសវត្សរ៍ទី៨០ និងការចូលរួមថែរក្សាសន្តិភាពក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិកន្លងទៅនេះ។​ លោកនាយករដ្ឋមន្រ្តីបានបន្តទៀតថាកន្លងមកជប៉ុនក៏បានចូលរួមចំណែកក្នុងការផ្ដល់ជំនួយប្រទេសកម្ពុជាដូចជាការកសាងនូវវិស័យហេដ្ឋារចនាសម្ព័ន្ធ ដែលរួមចំណែកក្នុងការអភិវឌ្ឍនឹងធ្វើអោយកម្ពុជារីកចម្រើនផងដែរ។ បច្ចុប្បន្ននេះទំនាក់ទំនងទ្វេភាគីរវាងប្រទេសយើងទាំងពីរមានដល់កម្រិតខ្ពស់ ពិសេសក្នុងកម្រិតដៃគូយុទ្ធសាស្ត្រ ដោយសារតែកន្លងមកមានការផ្លាស់ប្ដូរនៃថ្នាក់ដឹកនាំកំពូលរវាងប្រទេសទាំងពីរ ហើយលើសពីនេះទៅទៀតបច្ចុប្បន្នយើងមានការហោះហើរត្រង់ទៅមករវាងប្រទេសទាំងពីរផងដែរ ដែលអាចជួយសម្រួលដល់ការធ្វើដំណើរសម្រាប់អ្នកវិនិយោគនិងភ្ញៀវទេសចរណ៍ផងដែរ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់អំពីទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានការកើនឡើងមានការកើនឡើងជាលំដាប់ ហើយសម្តេចចង់បន្តឃើញទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងជប៉ុនមានការកើនឡើងជាបន្តទៀតរួមទាំងការបណ្ដាក់ទុនពីអ្នកវិនិយោគជប៉ុនមកកម្ពុជាផងដែរ។លោកនាយករដ្ឋមន្រ្តីចង់ឲ្យបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរបន្ថែមទៀតជាពិសេសលើការពង្រីកនូវសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិស័យផ្សេងៗជាច្រើនទៀត។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បន្តទៀតថា កម្ពុជានឹងបន្តអនុវត្តនូវនីតិរដ្ឋដើម្បីពង្រឹងប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា អ្វីដែលជាអាទិភាពរបស់សម្ដេច ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាគឺការរក្សាសន្តិភាពអោយបានស្ថិតស្ថេរ ហើយដំណើរការលទ្ធិប្រជាធិបតេយ្យនេះនៅតែបន្ត។ លើសពីនេះទៀត លោកនាយករដ្ឋមន្ត្រី និងលោក​ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានផ្លាស់ប្ដូរមតិជុំវិញកិច្ចសហប្រតិបត្តិការលើអនុតំបន់ និងអន្តរជាតិជាពិសេសគឺពាក់ព័ន្ធធ្វើយ៉ាងណាឱ្យប្រទេសយើងទាំងពីរបង្កើននូវកិច្ចសហប្រតិបត្តិការនេះបន្ថែមទៀត។ ជាពិសេសលោកបានស្វាគមន៍ចំពោះការអញ្ជើញយុវជនពីប្រទេសកម្ពុជាទៅទស្សនកិច្ច ក៏ដូចជាសិក្សានៅប្រទេសជប៉ុនកន្លងទៅ ក៏ដូចជារយៈពេលខាងមុខទៀត។
លោក ឯកអគ្គរាជទូជប៉ុន បានមានប្រសាសន៍ពីអ្វីដែលជប៉ុននឹងបន្តជួយដល់កម្ពុជាជាបន្តទៀតជាពិសេសគឺពាក់ព័ន្ធការវិនិយោគរបស់ក្រុមហ៊ុនជប៉ុនមកកម្ពុជា ។ លោកក៏មានប្រសាសន៍ថាជប៉ុននឹងសកម្មភាពដែលសហការជាមួយនឹងស៊ីម៉ាក់ ក្នុងការដោះមីននៅកម្ពុជាផងដែរ ជប៉ុននឹងបន្តលើការផ្ដល់ជំនួយលើវិស័យថាមពលអគ្គិសនី និងធ្វើផែនការមេសម្រាប់កំពង់ផែស្វ័យយ័តទឹកជ្រៅនៅខេត្តព្រះសីហនុ។ ហើយត្រង់ចំណុចនេះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា ចង់ឲ្យជប៉ុនសម្រេចនូវផែនការមេនេះ ដើម្បីឲ្យទទួលបាននូវភាពជោគជ័យ មានន័យថាធ្វើយ៉ាងណាដើម្បីឲ្យកប៉ាល់ធំៗនោះចុះចតដោយផ្ទាល់នៅកំពង់ផែទឹកជ្រៅនេះតែម្ដង ដោយមិនចាំបាច់មានការផ្ទេរទៅតាមបណ្ដាប្រទេសជិតខាងឡើយ៕








No comments:

Post a Comment