Friday, July 19, 2019

(Video) ទស្សនៈមិត្តអ្នកអាន៖ កម្ពុជា ជារដ្ឋអធិបតេយ្យប្រឆាំងដាច់ខាតការជ្រៀតជ្រែកពីបរទេសទោះក្រោមរូបភាពណាក៏ដោយ

(Video)៖ «នយោបាយវិលក្បុងរបស់ សម រង្ស៊ី ចំពោះ កម្ពុជា ចិន អាមេរិក និងវៀតណាម!»

ទេសរដ្ឋមន្រ្តី គន់ គីម ចុះអន្តរាគមន៍សង្គ្រោះស្រូវប្រជាកសិករដែលរងផលប៉ះពាល់គ្រោះរាំងស្ងួត

ឧត្តរមានជ័យ៖ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ ដោយមើលឃើញពីផលលំបាករបស់ប្រជាកសិករ ដែលកំពុងខ្វះខាតទឹកស្រោចស្រពដំណាំស្រូវ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ និង លោក ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត អមដំណើរទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១គណៈគម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តឧត្តរមានជ័យ បានដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធ អញ្ជើញចុះពិនិត្យមើលដំណាំស្រូវ របស់បងប្អូនប្រជាកសិករ ចំនួន៨៨០ហិតា ដែលរងនូវការខ្វះខាតដោយគ្រោះរាំងស្ងួត នៅក្នុងឃុំជើងទៀន ឃុំចុងកាល និងឃុំពង្រ ស្ថិតក្នុងស្រុកចុងកាល ខេត្តឧត្តរមានជ័យ។
នាឱកាសនោះ លោក គន់ គីម បានលើកឡើងថា ដោយសារតែរយៈពេលកន្លងមកនេះ បញ្ហាគ្រោះរាំងស្ងួត បានធ្វើឲ្យដំណាំស្រូវរបស់ប្រជាពលរដ្ឋ ចំនួន៣ឃុំ ក្នុងស្រុកចុងកាល គឺប្រឈមទៅនឹងការខ្វះខាតទឹកប្រើប្រាស់ ដូចនេះ ថ្នាក់ដឹកនាំក៏ដូចជាអាជ្ញាធរមូលដ្ឋាន កំពុងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះដំណាំស្រូវរបស់ប្រជាពលរដ្ឋ ដើម្បីចាត់វិធានការយ៉ាងមឺុងម៉ាត់ ក្នុងការដាក់ម៉ាស៊ីនបូមពីអាងស្តុកទឹកស្ទឹងស្រែងទី១ និងអាងស្ទឹងស្រែងទី២ ព្រមទាំងកាយប្រឡាយបង្ហូរទឹក ក្នុងការជួយសង្រ្គោះ និងត្រូវការទឹកស្រោចស្រពស្រូវស្រែរបស់ប្រជាកសិករឲ្យទាន់ពេលវេលា។
នាឱកាសចុះពិនិត្យមើលម៉ាស៊ីនបូមទឹក និងដំណាំស្រូវរបស់បងប្អូនប្រជាកសិករ លោក គន់ គីម បានជម្រុញដល់អាជ្ញាធរពាក់ព័ន្ធ ពិសេសមន្ទីរធនធានទឹក ធ្វើយ៉ាងណាត្រូវរកវិធីដើម្បីជួយសង្គ្រោះដំណាំស្រូវរបស់បងប្អូនប្រជាកសិករពីភាពខ្វះខាតទឹក ដោយរិះរកគ្រប់មធ្យោបាយតាមដែលអាចធ្វើទៅបាន។ ជាមួយគ្នានោះ លោកអភិបាលខេត្ត បានឲ្យក្រុមការងារយកម៉ាស៊ីនបូមទឹកចំនួន៥គ្រឿង ផងដែរ៕





វៀតណាម ប្រកាសគាំទ្រកម្ពុជា ប្រឆាំងលើការអនុម័តច្បាប់ស្ដីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា របស់សភាអាមេរិក

បន្ទាប់ពីសភាជាន់ទាប សហរដ្ឋអាមេរិក បានអនុម័តជាឯកច្ឆ័ន្ទនូវច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដើម្បីដាក់ទណ្ឌកម្មមន្ត្រីរដ្ឋាភិបាលនោះ រាជរដ្ឋាភិបាលកម្ពុជា មានការសោកស្ដាយ និងចាត់ទុកច្បាប់នេះជាទង្វើប្រឆាំងសន្តិភាព ស្ថិរភាព និងវិបុលភាពរបស់កម្ពុជា ទន្ទឹមនេះដែរប្រទេសវៀតណាម ក៏បានប្រកាសគាំទ្រចំពោះជំហរ បដិសេធរបស់កម្ពុជាលើការអនុម័ត ច្បាប់របស់សភាអាមេរិកដែលចោទប្រកាន់ ដោយគ្មានមូលដ្ឋាន ច្បាស់លាស់ បង្ហាញតែមហិច្ឆតានយោបាយប្រឆាំង នឹងរដ្ឋាភិបាលកម្ពុជា។
សូមរំលឹកថា កាលពីថ្ងៃទី១៦ កក្កដា សភាជាន់ទាបសហរដ្ឋអាមេរិក បានអនុម័តជាឯកច្ឆ័ន្ទនូវច្បាប់ ស្តីពីលទ្ធិប្រជាធិបតេយ្យកម្ពុជាដើម្បីដាក់ទណ្ឌកម្មមន្ត្រីរដ្ឋាភិបាលកម្ពុជា ដែលគេសន្មត់ថា មានការជាប់ពាក់ព័ន្ធទៅនឹងការធ្លាក់ចុះ ឬដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ក្នុងរយៈពេលជាង ២ឆ្នាំមកនេះ។ ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់ជំនួបរវាងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ និងលោក Nguyen Quoc Dung អនុរដ្ឋមន្ត្រីការបរទេសវៀតណាម នារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ លោក កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានមានប្រសាសន៍ថា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបជូនភាគីវៀតណាមថា ទោះបីជាពេលនេះកម្ពុជា បានបន្តកម្មវិធីទទួលយក ជនភៀសខ្លួនក្រោយឆ្នាំ១៩៩៤ឡើងវិញក៏ដោយ ក៏អាមេរិកនៅតែបន្ត រឹតត្បិតទិដ្ឋាការសម្រាប់មន្ត្រី ជាន់ខ្ពស់ក្រសួងការបរទេសខ្មែរ ។
អ្នកនាំពាក្យ បានបញ្ជាក់ថា ជាការឆ្លើយតបលោកអនុរដ្ឋមន្ត្រី បានបញ្ជាក់ថា វៀតណាមបានតាមដាននូវការវិវត្តន៍ផ្សេងៗនៅកម្ពុជា ក៏ដូចជាសហរដ្ឋអាមេរិក និងEUដែរ។ ជាពិសេសចុងក្រោយនេះ សភាតំណាងរាស្ត្រសហរដ្ឋអាមេរិក បានអនុម័តនូវច្បាប់ស្ដីពីលទ្ធិប្រជាធិបតេយ្យកម្ពុជា ដែលគេហៅថា Cambodia Democracy Act គឺវៀតណាមបានសម្ដែង ការគាំទ្រចំពោះប្រតិកម្មតបរបស់កម្ពុជាជាការប្រតិកម្មមួយយ៉ាងសមស្រប៕




កិច្ចប្រជុំទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដើម្បីត្រួតពិនិត្យការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល

នាយឧត្តមសេនីយ៍ សៅ សុខាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩នេះ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល លើការបង្ក្រាបបទល្មើសធនធានធម្មជាតិ។
កិច្ចប្រជុំនេះក៏មានការចូលរួមពីអនុប្រធាន និងសមាជិកនៃគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលជារដ្ឋលេខាធិការ និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលជាច្រើនរូបទៀត។
សូមបញ្ជាក់ថា នាយឧត្តមសេនីយ៍ សៅ សុខា បានប្រកាសដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឹងម៉ាត់ដល់ក្រុមការងារ ឱ្យប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើដោយគ្មានការលើកលែង ទោះបីអ្នកប្រព្រឹត្តនោះជាអ្នកមាន អ្នកក្រ អ្នកតូច ឬអ្នកធំក៏ដោយនោះ។ នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ទៀតថា កម្ពុជាជាប្រទេសអនុវត្តន៍ច្បាប់ ដូចនេះប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ទាំងអ្នកមាន អ្នកក្រ អ្នកតូច ឬអ្នកធំ។
នៅដើមខែកក្កដា ឆ្នាំ២០១៩នេះ គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលដឹកនាំ និងបញ្ជាផ្ទាល់ដោយនាយឧត្តមសេនីយ៍ សៅ សុខា បានបើកប្រតិបត្តិការក្តៅក្នុងការបង្ក្រាបបទល្មើសព្រៃឈើនៅខេត្តភាគឦសានប្រទេស។ ក្នុងនោះលោកឧកញ៉ា ស៉ឹង សំអុល មេឈ្មួញឈើល្បីឈ្មោះមួយរូបនៅកម្ពុជា រួមជាមួយបក្ខពួក៣នាក់ផ្សេងទៀត ត្រូវបានឃាត់ខ្លួន និងត្រូវបានតុលាការចោទប្រកាន់ដាក់ពន្ធនាគារផងដែរ ៕


សេចក្តីជូនដំណឹងស្តីពីកាលវិភាគនៃការចរចាប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងលេខ ០២៤/១៩ ក.ប/សជណគបក ស្តីពីកាលវិភាគនៃការចរចាប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០២០។
សូមអានសេចកក្តីជូនដំណឹងខាងក្រោម៖

លោក ថោង ខុន ជំរុញឱ្យពង្រឹងប្រសិទ្ធភាពការងារ និងរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្ស

នារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារឆមាសទី១ ឆ្នាំ២០១៩ និងទិសដៅបន្តឆមាសទី២ ឆ្នាំ២០១៩ របស់អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំរដ្ឋលេខធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង និងប្រធាននាយកដ្ឋាន ប្រមាណជិត ១០០នាក់។ កិច្ចប្រជុំបានឆ្លុះបញ្ចាំងទៅលើលទ្ធផលការងារដែលបានអនុវត្ត បញ្ហាប្រឈម ចំណុចសេសសល់ និងការដាក់ចេញនូវទិសដៅអនុវត្តបន្តអោយកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល។
បន្ទាប់ពីសេចក្តីរាយការណ៍សង្ខេបរបស់អគ្គនាយករដ្ឋបាល និងការផ្តល់យោបល់ណែនាំល្អៗរបស់ថ្នាក់ដឹកនាំរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការរួចមក លោក ថោង ខុន បានផ្តល់អនុសាសន៍ណែនាំសំខាន់ៗសម្រាប់អនុវត្តបន្តដូចខាងក្រោម៖
១- នាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅត្រូវពង្រឹងការងារគ្រប់គ្រង និងត្រួតពិនិត្យបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ ចំណតរថយន្តថ្នាក់ដឹកនាំ សួនច្បារ អនាម័យ បន្ទប់ទឹកស្អាត និងបរិស្ថានស្អាតនៅក្នុងបរិវេន និងអគារទីស្តីការក្រសួងទេសចរណ៍ អោយបានល្អ។ ទន្ទឹមនឹងនេះ ត្រូវពង្រឹងការងាររដ្ឋបាល-របៀប គោចរលិខិត ការងារបូកសរុប ការងារពិធីការ ការងារតម្កល់ឯកសារ និងបន្តកិច្ចសហការជាមួយអង្គភាពនានាក្នុងការរៀបចំកិច្ចប្រជុំ សិក្ខាសាលា សន្និសីទ សន្និបាត និងព្រឹត្តិការណ៍ទេសចរណ៍សំខាន់ៗរបស់ក្រសួង។
២-នាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុត្រូវបន្តពង្រឹងការងារគ្រប់គ្រងចំណូល-ចំណាយ និងការអនុវត្តថវិកាកម្មវិធីរបស់ក្រសួងអោយបានល្អពិសេសយកចិត្តទុកដាក់លើផែនការយុទ្ធសាស្ត្រថវិកា និងគម្រោងថវិការបស់ក្រសួងសម្រាប់ឆ្នាំ២០២០ ដែលនឹងត្រូវឡើងការពារកម្រិតថ្នាក់ដឹកនាំនៅក្រសួងសេដ្ឋកិច្ចនាពេលខាងមុខ ហើយគម្រោងថវិកានេះត្រូវពិនិត្យ និងដាក់ឆ្លងកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងជាមុនសិន។
៣-នាយកដ្ឋានសន្តិសុខ និងសុវត្ថិភាពទេសចរត្រូវជំរុញបញ្ចប់ និងដាក់ឆ្លងប្រកាសអន្តរក្រសួងស្តីពីការគ្រប់គ្រងសន្តិសុខ និងសុវត្ថិភាពទេសចរ ការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍប្រព័ន្ធសន្តិសុខ និងសុវត្ថិភាពទេសចរឆ្នាំ២០១៩-២០២៣ ការធ្វើសៀវភៅស្តីពី “សន្តិសុខសុវត្ថិភាពល្អ ទេសចរមានភាពកក់ក្តៅ” និងការធ្វើគោលការរណ៍ណែនាំស្តីពីសន្តិសុខ សុវត្ថិភាពសម្រាប់មូលដ្ឋានអាជីវកម្មក្នុងវិស័យទេសចរណ៍ និងការចុះត្រួតពិនិត្យ។
៤-នាយកដ្ឋានធនធានមនុស្សត្រូវបន្តពង្រឹងការងារគ្រប់គ្រង និងបង្កើនសមត្ថភាពមន្ត្រីរាជការទាំងនៅថ្នាក់កណ្តាល និងមន្ទីរទេសចរណ៍រាជធានីខេត្ត ពិសេសត្រូវសហការជាមួយនាយកដ្ឋានបណ្តុះបណ្តាល និងនាយកដ្ឋានជំនាញ ដើម្បីរៀបចំជាផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្សសម្រាប់មន្ត្រីរាជការអោយបានជាក់លាក់ និងចំជំនាញពិតប្រាកដ។
ជាងនេះទៀត នាយកដ្ឋានត្រូវរៀបចំផែនការសកម្មភាពឆ្ពោះទៅពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រង និងសមត្ថភាពមន្ត្រីនៅមន្ទីរទេសចរណ៍រាជធានីខេត្ត ក្នុងនោះ ត្រូវសម្រេចដាក់ចេញនូវប្រកាសស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់មន្ទីរទេសចរណ៍រាជធានីខេត្ត៕



រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការប្រកាសជ្រើសរើសសិស្ស ចៅក្រម ជំនាន់ទី ១០ សម្រាប់ឆ្នាំសិក្សា ២០១៩ -២០២១

រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ បានចេញសេចក្តីជូនដំណឹងជម្រាបជូន និស្សិត និងមន្ត្រីរាជការទាំងពីរភេទ មេត្តាជ្រាបថា រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ចាប់ផ្តើមទទួលពាក្យសុំប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រម ជំនាន់ទី ១០ សម្រាប់ឆ្នាំសិក្សា ២០១៩-២០២១ ចាប់ពីថ្ងៃចន្ទ ទី១៥ ខែកក្កដា ឆ្នាំ២០១៩ ដល់ថ្ងៃចន្ទ ទី៣០ ខែកញ្ញា ឆ្នាំ២០១៩។
បេក្ខជនអាចបំពេញបែបបទ និងអញ្ជើញមកដាក់ពាក្យដោយផ្ទាល់នៅការិយាល័យរដ្ឋបាល នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ នៅរៀងរាល់ម៉ោងធ្វើការ។
សូមអានសេចក្តីជូនដំណឹងខាងក្រោម៖






កាណាដា គ្រោងទិញសម្លៀកបំពាក់ពីកម្ពុជា ក្នុងតម្លៃជាង៩១លានដុល្លារ នៅក្នុងឆ្នាំ ២០១៩-២០២០

ប្រទេសកាណាដា មានគម្រោងទិញផលិតផលសម្លៀកបំពាក់ពីកម្ពុជា ក្នុងតម្លៃទឹកប្រាក់ជាង ៩១លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០១៩ និង២០២០ ដែលខ្ពស់ជាងការបញ្ជាទិញពីប្រទេសចិន នេះបើតាមការឱ្យដឹងពីតំណាងក្រុមហ៊ុន Reitman’s Global Sourcing on Garment ដែលជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់កម្ពុជា។ នៅក្នុងជំនួបជាមួយ លោក ឱក ប៊ុង រដ្ឋមន្រ្តីស្ដីទីក្រសួងពាណិជ្ជកម្ម កាលពីព្រឹកថ្ងៃពុធទី១៧ ខែកក្កដា ឆ្នាំ២០១៩ លោកហ្គារី រ៉ូស​ (Gary Ross) ប្រធាន​ក្រុម​ហ៊ុន​ Reitman បានបង្ហាញសុទិដ្ឋិនិយម ចំពោះវឌ្ឍនភាពនៃឧស្សាហកម្មកាត់ដេរនៅកម្ពុជា និងបានកោតសរសើរចំពោះកំណែទម្រង់មុតស្រួច ព្រមទាំងវិធានការថ្មីៗរបស់រាជរដ្ឋាភិបាល ដើម្បីពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជា តាមរយៈការធ្វើឱ្យប្រសើរទ្បើងនូវបរិយាកាសធុរកិច្ច និងវិនិយោគ។ លោកប្រធានក្រុមហ៊ុនរូបនេះ ក៏បានថ្លែងអំណរគុណក្រសួងពាណិជ្ជកម្ម ដែលជានិច្ចជាកាលតែងផ្តល់កិច្ចសហការ សម្របសម្រួលការបញ្ជាទិញសម្លៀកបំពាក់របស់ក្រុមហ៊ុន និងតែងឆ្លើយតបយ៉ាងវិជ្ជមានចំពោះក្តីកង្វល់ និងសំណូមពរនានា របស់ភាគីកាណាដា។
ជាការឆ្លើយតប លោករដ្ឋមន្រ្តីស្ដីទី ឱក ប៊ុង បានថ្លែងអំណរគុណចំពោះលោក ហ្គារី រ៉ូស ដែលបានផ្តល់ទំនុកចិត្តមកលើការដឹកនាំរបស់រាជដ្ឋាភិបាលកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កាណាដា ជាពិសេសកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និ​ងដំណើការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-កាណាដា ដែលគាំទ្រដោ​យ​ប្រទេសទាំងពីរ។ លោកក៏បានជម្រាបភាគីកាណាដា អំពីវឌ្ឍនភាពសេដ្ឋកិច្ច និងកំណើ​ននាំចេញរបស់កម្ពុជាក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយ ដែលបានកើនចាប់ពីទឹកប្រាក់ ១ប៊ីលា​នដុល្លារអាមេរិក (២០០១) ដល់ ១៣ប៊ីលានដុល្លារអាមេរិក (២០១៨) ព្រមទាំងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តគាំទ្រគម្រោងរោងចក្រកាន់តែប្រសើរឡើងនៅកម្ពុជា (BFC) របស់អង្គការពលកម្មអន្តរជាតិ (ILO) ដើម្បីលើកស្ទួយលក្ខខណ្ឌការងារនៅក្នុងឧស្សា​ហកម្មវាយនភណ្ឌ និងកាត់ដេរសម្លៀកបំពាក់។
សូមជម្រាបថា Reitman គឺជាក្រុមហ៊ុនបញ្ជាទិញសម្លៀកបំពាក់ដ៏ធំរបស់កាណាដា ដែលបានធ្វើប្រតិបត្តិការពាណិជ្ជកម្ម​ ជាមួយឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់កម្ពុជា ចាប់តាំងពីឆ្នាំ២០០២-២០០៣ ហើយកាលពីឆ្នាំ២០១៦ ក្រុមហ៊ុនមួយនេះ បានបញ្ជាទិញផលិតផលសម្លៀកបំពាក់ពីរោងចក្រចំនួន ១៤ នៅកម្ពុជា ក្នុងតម្លៃជាទឹកប្រាក់ ៦៦លានដុល្លារអាមេរិក​ ផងដែរ៕




កម្មវិធីប្រឡងប្រណាំងរៀបចំកញ្ចប់ខ្សែទស្សនកិច្ចទេស ចរណ៍ក្នុងស្រុក ក្រោមប្រធានបទ «កញ្ចប់ទស្សនកិច្ចមាតុភូមិខ្ញុំទៅកាន់តំបន់ឆ្នេរសមុទ្រ»

ក្រសួងទេសចរណ៍ បានចេញសេចក្ដីជូនដំណឹង ដោយបានដាក់ចេញនូវកម្មវិធីប្រឡងប្រណាំងរៀបចំកញ្ចប់ខ្សែទស្សនកិច្ចទេសចរណ៍ក្នុងស្រុក ក្រោមប្រធានបទ «ក ញ្ចប់ ទស្សនកិច្ចមាតុភូមិខ្ញុំទៅកាន់តំបន់ឆ្នេរសមុទ្រ»។
សំរាប់ព័ត៌មានលម្អិតសូមទំនាក់ទំនង៖ (855) 98 498 676/ (855) 17 895 289។
សូមអានសេចក្តីជូនដំណឹងខាងក្រោម៖




ព្រឹទ្ធសភាចាត់ទុកការអនុម័តច្បាប់របស់សភាអាមេរិក ដើម្បីដាក់ទណ្ឌកម្មលើមន្រ្តីកម្ពុជាជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា

អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០១៩ បានចេញសេចក្តីថ្លែងការណ៍មួយដោយចាត់ ទុកថា ការអនុម័តសេចក្តីស្នើច្បាប់ស្តីពី ប្រជាធិបតេយ្យនៅកម្ពុជាឆ្នាំ២០១៩ ដែលមានគោលដៅដាក់ទណ្ឌកម្មមន្រ្តីកម្ពុជា ដោយសភាអាមេរិកនោះ បានបង្ហាញឱ្យឃើ ញជាក់ស្តែងនូវការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា ជារដ្ឋឯករាជ្យ អធិបតេយ្យ សន្តិភាព អព្យាក្រឹត្យ អចិន្រ្តៃយ៍ មិនចូលបក្សសម្ព័ន្ធ។
អ្នកនាំពាក្យព្រឹទ្ធសភា បានបញ្ជាក់ថា តាំងពីឆ្នាំ១៩៩៣ មក ការបោះឆ្នោតទាំងឡាយនៅកម្ពុជាតែងប្រព្រឹត្តទៅដោយទៀងទាត់តាមពេលវេលាកំណត់ ដោយមានគណបក្សច្រើនចូលរួម ហើយស្ថិតក្រោមភ្នែករបស់អ្នក សង្កេតការណ៍ជាតិ និងអន្តរជាតិ។ ការបោះឆ្នោតទាំង នោះ សុទ្ធតែត្រូវបានទទួលស្គាល់ថា សេរី ត្រឹមត្រូវ យុត្តិធម៌ និងទទួលយកបានទាំងអស់គ្នា។ ព្រះរាជា ណាចក្រកម្ពុជា អនុវត្តដោយខ្ជាប់ខ្ជួននូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងនីតិរដ្ឋ។ ព្រះរាជាណាចក្រកម្ពុជា ទទួល ស្គាល់ និងគោរពសិទ្ធិមនុស្ស ដូចចែងក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស និងកតិកាសញ្ញា ព្រមទាំងអនុសញ្ញាទាំង ឡាយទាក់ទងទៅនឹងសិទ្ធិមនុស្ស សិទ្ធិនារី និងសិទ្ធិកុមារ។
សេចក្តីថ្លែងការណ៍របស់ព្រឹទ្ធសភា បានធ្វើឡើង បន្ទាប់ពីសមាជិក សភាតំណាងរាស្រ្តរបស់សហរដ្ឋអាមេរិក បាន អនុម័តជាឯកច្ឆ័ន្ទនូវសេចក្តីស្នើច្បាប់ស្តីពីលទ្ធិប្រជាធិ បតេយ្យនៅកម្ពុជា (Cambodia Democracy Act) ឬ H.R. 526 ដើម្បីដាក់ទណ្ឌកម្មមន្ត្រីកម្ពុជាដោយចោទថាបានធ្វើឱ្យធ្លាក់ចុះនូវលទ្ធិប្រជាធិបតេយ្យ។ ព្រឹទ្ធសភាកម្ពុជា បានឆ្លើយតបនឹងសេចក្តីស្នើច្បាប់នោះថា ព្រះរា ជាណាចក្រកម្ពុជា ត្រូវការពារនីត្យានុកូលភាព ធានាស ណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈ ហើយប្រឆាំងដាច់ ខាតការជ្រៀតជ្រែកពីបរទេសចូលកិច្ចការផ្ទៃក្នុងរបស់ខ្លួនទោះបីក្រោមរូបភាពណាក៏ដោយ។
ព្រឹទ្ធសភា បានវាយតម្លៃខ្ពស់ និងគាំទ្រការខិតខំជាអតិ បរមារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជានិច្ចកាលយក ចិត្តទុកដាក់ជាអាទិភាព ចំពោះការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យឱ្យទទួលបាន សមិទ្ធផលកាន់តែល្អប្រសើ រថែមទៀត ដើម្បីលើកតម្កើងជីវភាពរស់នៅ និងសុខុមា លភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងអនុវត្តគោលនយោ បាយការបរទេសយ៉ាងឈ្លាសវៃ ដើម្បីរួមរស់ដោយសន្តិសហវិជ្ជមានជាមួយប្រទេសជិតខាង និងប្រទេសទាំង អស់នៅលើពិភពលោក។
ព្រឹទ្ធសភា បានគាំទ្រការខិតខំរបស់ប្រជាជន និងប្រទេ សទាំងពីរ កម្ពុជា-អាមេរិក ក្នុងការលើកកម្ពស់ទំនាក់ ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដោយផ្អែកលើផលប្រយោជន៍រួម និងការគោរពគ្នាទៅវិញ ទៅមក៕
ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់ព្រឹទ្ធសភា៖


កិច្ចប្រជុំបូកសរុបការងារប្រចាំឆមាសទី១ ស្តី អំពីបញ្ហាគ្រឿងញៀន និងផ្សព្វផ្សាយលទ្ធផលការងារដក ហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី

កោះកុង៖ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ លោកស្រី មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាធិបតីក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំ ឆមាសទី១ ឆ្នាំ២០១៩ ស្តីអំពីបញ្ហាគ្រឿងញៀន និងផ្សព្វផ្សាយលទ្ធផលការងារដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី និងការគ្រប់គ្រងជនបរទេសអន្តោប្រវេសន្តដោយមានការចូលរួមពី លោកអភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាព និងសមត្ថកិច្ចពាក់ព័ន្ធ។
លោកស្រីអភិបាលខេត្ត បានស្នើឱ្យមន្ទីរ អង្គភាព ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធ សហការជាមួយអាជ្ញាធរ ក្នុងការអប់រំ ផ្សព្វផ្សាយ ទប់ស្កាត់ និងបង្ក្រាបអោយបានទាន់ពេលវេលា ដើម្បីឈានទៅការកាត់បន្ថយ និងលុប បំបាត់បញ្ហាគ្រឿងញៀន ក្នុងភូមិសាស្ត្រខេត្តកោះកុង។
រីឯការងារដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី និងការគ្រប់គ្រងជនបរទេសអន្តោប្រវេសន្ត ត្រូវអនុវត្តអោយបានត្រឹមត្រូវគោលការណ៍ នីតិវិធី ព្រមទាំងច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា៕






ក្រសួងពាណិជ្ជកម្មជូនដំណឹងពីការអញ្ជើញផលិតករ ឬអ្នកនាំចេញទាំងអស់មកចុះឈ្មោះក្នុងប្រព័ន្ធចុះបញ្ជីអ្នកនាំចេញ

ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ដល់ផលិតករ ឬអ្នកនាំចេញទាំងអស់ដែលមានបំណងនាំចេញទំនិញគ្រប់ប្រភេទពីកម្ពុជាទៅកាន់សហភាពអឺរ៉ុប (EU) ស្ថិតនៅក្រោមគម្រោងប្រព័ន្ធអនុគ្រោះពន្ធទូទៅរួមទាំង «ការអនុគ្រោះពន្ធលើគ្រប់មុខទំនិញទាំងអស់លើកលែងគ្រឿងសព្វាវុធ (EBA)» ប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់ប្រទេសណ័រវេស ប្រទេសស្វីស និងប្រទេសទួរគី មកសុំចុះឈ្មោះក្នុងប្រព័ន្ធចុះបញ្ជីអ្នកនាំចេញរបស់សហភាពអឺរ៉ុបនៅនាយកដ្ឋាននាំចេញ-នាំចូលនៃក្រសួងពាណិជ្ជកម្មដើម្បីមាននីតិសម្បទាក្នុងការប្រកាសប្រភពដើមជំនួសឱ្យការប្រើប្រាស់វិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញទម្រង់អេ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ តទៅរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩៕
សូមអានសេចក្តីជូនដំណឹងខាងក្រោម៖

ទស្សនៈមិត្តអ្នកអាន៖ កម្ពុជា ជារដ្ឋអធិបតេយ្យប្រឆាំងដាច់ខាតការជ្រៀតជ្រែកពីបរទេសទោះក្រោមរូបភាពណាក៏ដោយ

ម្តងជាពីរដងបុគ្គលសភាតំណាងរាស្ត្រសហរដ្ឋអាមេរិកប៉ុន្មាននាក់ ដែលមានមហិច្ឆតាចង់​យក​កម្ពុជាធ្វើជាកូនជឹងដើម្បីបម្រើឲ្យផលប្រយោជន៍ និងភូមិ​សាស្ត្រនយោបាយរបស់ខ្លួន តែង​បានរំលោភបំពានម្តងហើយ​ម្តងទៀត​មកលើអធិបតេយ្យជាតិកម្ពុជា។ ថ្មីៗនេះ សភាតំណាងរាស្ត្រអាមេរិកជាន់ទាប ទើបបានអនុម័តច្បាប់មួយស្តីពីប្រជាធិបតេយ្យនៅកម្ពុជា (H.R 526) ដែលសេចក្តីស្នើច្បាប់នេះ មានចរិតនយោ​បាយ បង្ហាញឲ្យឃើញជាក់ស្តែងនូវការជ្រៀតជ្រែក​ចូលកិច្ចការផ្ទៃក្នុងកម្ពុជា ជារដ្ឋឯករាជ្យ អធិប​តេយ្យ ដោយផ្អែកតែទៅលើព័ត៌មានបំភ្លៃ លំអៀង និងព័ត៌មានចាស់ហួសសម័យ។
ខ្លឹមសារនៃសេចក្តីស្នើច្បាប់នោះបានបន្ទោសទៅលើប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា បានកាន់តំណែងយូរជាងគេបំផុតនៅអាស៊ីអាគ្នេយ៍។ តាមពិតទៅការកាន់តំណែងយូរ ឬឆាប់ របស់មេដឹកនាំមិនថាចំពោះប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ឬក្នុងពិភពលោកទេ វាអាស្រ័យទៅ​លើការគាំទ្ររបស់ប្រជាពលរដ្ឋនៃប្រទេសនោះប៉ុណ្ណោះ។ នៅក្នុងបណ្តាប្រទេសប្រកាន់របបលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ការកាន់តំណែង​របស់មេដឹកនាំប្រទេសអាចធ្វើទៅបានតាមរយៈការបោះឆ្នោត។
នៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៣មក តែងបានរៀបចំឲ្យមានការបោះឆ្នោតជ្រើសតាំងតំណាង​រាស្ត្ររៀងរាល់ ៥ឆ្នាំម្តង ដោយមានបណ្តាគណបក្សនយោបាយនានាចូលរួមប្រកួតប្រជែង និងមានអ្នកសង្កេតការណ៍ជាតិ-អន្តរជាតិរាប់ពាន់នាក់ឃ្លាំមើលការបោះឆ្នោត។ ប្រសិនបើប្រជាពលរដ្ឋកម្ពុជាដ៏ច្រើន​លើស​លប់នៅតែបន្តការគាំទ្រ និងមានជំនឿទុកចិត្តលើការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺគ្មានមូល​ហេតុអ្វីដែលអាចចោទថា លោក ហ៊ុន សែន កាន់អំណាចយូរ ឬឆាប់ទេ។ ម្យ៉ាងទៀត ទាំងរដ្ឋធម្ម​នុញ្ញ និងច្បាប់ពាក់ព័ន្ធនៃព្រះ​​រាជាណាចក្រកម្ពុជា មិនបានកំណត់អាណត្តិរបស់នាយករដ្ឋមន្ត្រីដែរ។ ការ​ចោទ​​លោក ហ៊ុន សែន ដែលកំពុងដឹកនាំរាជរដ្ឋាភិបាលកម្ពុជាកើតចេញពីការបោះឆ្នោតថាកាន់អំណាច​យូរ គឺផ្ទុយទាំងស្រុងទៅនឹងឆន្ទៈរបស់ប្រជាពលរដ្ឋម្ចាស់ឆ្នោត ដែលជាការប្រមាថទៅលើដំណើរការ​ប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា។
បើចោទលោក ហ៊ុន សែន ថាឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីតាមរយៈការបោះឆ្នោតមិនប្រជាធិប​តេយ្យ តើការបោះឆ្នោតនៅកម្ពុជាទាល់តែគ្មានវត្តមានលោក ហ៊ុន សែន ឈរឈ្មោះទើបហៅថា ប្រជា​ធិបតេយ្យឬ? ឬប្រជាធិបតេយ្យដែលសភាតំណាងរាស្ត្រអាមេរិកប៉ុន្មាននាក់នោះចង់បាន គឺទាល់​តែ​ដោះ​លែង​លោក កឹម សុខា ដែលកំពុងជាប់ចោទពីបទក្បត់ជាតិ? ឬទាល់តែអតីតគណ​បក្សសង្គ្រោះ​ជាតិដំណើរ​ការឡើងវិញ? ហើយវាទាល់តែសមាគម និងអង្គការមិន​មែនរដ្ឋាភិបាលឡើងមកកាន់កាប់ស្ថាប័ននីតិបញ្ញត្តិ នីតិប្រតិបត្តិ និងតុលា​ការ ឬក៏ទាល់តែកម្ពុជាប្រគល់អធិបតេយ្យជាតិទៅឲ្យអ្នកទាំងនោះ ដូចកាលសម័យ លន់ នល់ ទើបហៅថា ប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស?
ជាការពិត ករណីបទល្មើសរបស់លោក កឹម សុខា ជាសំនុំរឿងព្រហ្មទណ្ឌ ស្ថិតក្នុងដែនសមត្ថកិច្ចរបស់​ចៅ​ក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ហើយចំណាត់ការនីតិវិធីនានាបានធ្វើឡើងស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌជាធរមានរបស់កម្ពុជា គឺមិនស្ថិតក្រោម​ដែនសមត្ថកិច្ចរបស់តុលាការអាមេរិកទេ។ លោក កឹម សុខា ត្រូវបានចោទពីបទសន្ទិដ្ឋិភាព​ជា​មួយបរទេស ត្រូវផ្តន្ទាទោសតាមមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ។ ចំណែកអតីតគណ​បក្សសង្គ្រោះជាតិដែលជាកម្លាំងចលករនៃចលនាបដិវត្តន៍ពណ៌ ក៏ត្រូវបានតុលាការកំពូលកម្ពុជាចេញសាលដីការរំលាយចោលកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។ ចំណែកអតីតថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ ១១៨រូប ត្រូវជាប់បម្រាមនយោបាយ ក៏ប៉ុន្តែអ្នកទាំងនោះត្រូវបានច្បាប់អនុញ្ញាតបើកផ្លូវឲ្យបន្តធ្វើនយោបាយឡើងវិញ ប្រសិនបើមានលក្ខណៈ​សម្បត្តិគ្រប់គ្រាន់ និងមានការស្នើសុំជាផ្លូវការទៅប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
កម្ពុជា ត្រូវបានចាត់ទុកថា ជាឋានសួគ៌នៃសារព័ត៌មាន សមាគម និងអង្គការមិនមែនរដ្ឋា​ភិបាល។ បច្ចុប្បន្ន នៅកម្ពុជាមានសមាគមសារព័ត៌មាន កាសែត ទស្សនាវដ្តី ព្រឹត្តិប័ត្រ ទី​ភ្នាក់​ងារសារព័ត៌មានបរទេស ស្ថានីយវិទ្យុ និងទូរទស្សន៍ គេហទំព័រ និង TV Online និងអង្គភាពព័ត៌មានផ្សេងៗជាច្រើនទៀតមាន​ចំនួនរាប់ពាន់។ សមាគម និងអង្គការមិនមែនរដ្ឋា​ភិបាល ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃមានប្រមាណចំនួន ៥៤៤១។ រាជរដ្ឋា​ភិបាល​កម្ពុជា មិនដែលមានគោលបំណងបំបិទនូវសិទ្ធិបញ្ចេញមតិពីប្រជាពលរដ្ឋទេ មានតែលើក​ទឹកចិត្តថែម ព្រោះរាជរដ្ឋាភិបាលទាំងមូលកំណត់យកមតិយោបល់ពីប្រជាជនជាកញ្ចក់ឆ្លុះ ដើម្បីវាយតម្លៃអំពីលទ្ធផលការងាររបស់ខ្លួន និងជាធាតុចូលសម្រាប់​រៀប​ចំ​គោល​នយោ​បាយ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍ផ្សេងៗទៅថ្ងៃអនា​គត។
ព្រះរាជាណាចក្រកម្ពុជា អនុវត្តដោយខ្ជាប់ខ្ជួននូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងនីតិរដ្ឋ។ កម្ពុជា ទទួលស្គាល់ និងគោរពសិទ្ធិមនុស្ស ដូចមានចែងក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស និងកតិកាសញ្ញា ព្រមទាំងអនុសញ្ញាទាំងឡាយទាក់ទងទៅនឹងសិទ្ធិមនុស្ស សិទ្ធិ​នារី និងសិទ្ធិកុមារ។ កម្ពុជា ត្រូវការ​ពារ​នីត្យានុ​កូល​ភាព ធានាសណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈ ហើយប្រឆាំងដាច់ខាតការជ្រៀតជ្រែកពីបរទេស ចូលកិច្ចការផ្ទៃក្នុងរបស់ខ្លួន ទោះបីក្រោមរូបភាពណាក៏​ដោយ។
សរុបមកវិញ កម្ពុជា គឺជារដ្ឋអធិបតេយ្យ មានរដ្ឋធម្មនុញ្ញជាច្បាប់កំពូល ហើយប្រជាជនកម្ពុជា គឺជាម្ចាស់នៃជោគវាសនារបស់ខ្លួនមានសិទ្ធិស្វ័យសម្រេចក្នុងការជ្រើសរើសរបៀបនៃការដឹកនាំប្រទេស និងរដ្ឋា​ភិបាល។ ប្រជាជនកម្ពុជា និង​គ្រប់ក្រសួងស្ថាប័ន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៅតែឈរយ៉ាងរឹងមាំគាំ​ទ្រ ជុំវិញរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីការពារសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋ​កិច្ច និងការអភិវឌ្ឍតទៅមុខទៀត គឺទប់ទល់នឹងការជ្រៀត​ជ្រែករបស់បរទេសចូលកិច្ចការផ្ទៃក្នុងកម្ពុជា។ ក៏ប៉ុន្តែ ប្រសិនបើប្រជាជនកម្ពុជាមិនរួបរួមគ្នាទេ នោះយើង​នឹងមានជោគវាសនាដូចអតីតកាល ពោលគឺសម័យសង្គមរាស្ត្រនិយម ដែលមហាអំណាចពិភព​លោក​​ប្រកួតប្រជែង​គ្នាលើមនោគមន៍វិទ្យា ធ្វើឲ្យខ្មែរមានការបែកបាក់បែងចែកជាក្រុមៗ មានខ្មែរស ខ្មែរស៊ីជម្ពូ និងខ្មែរក្រហម ហើយទីបំផុតទៅប្រទេសធ្លាក់ក្នុងសង្គ្រាមស៊ីវិលររ៉ាំរ៉ៃ បង្កវិនាសកម្មដល់ជាតិ និងប្រជាជន៕
ដោយ៖ សុខ សុវណ្ណ

លិខិតមិត្តអ្នកអាន៖ «នយោបាយវិលក្បុងរបស់សម រង្ស៊ី ចំពោះកម្ពុជា ចិន អាមេរិក និងវៀតណាម! »

សម រង្ស៊ី ដែលពេលនេះខំ និយាយកោកៗស្រែករិះគន់ រដ្ឋាភិបាលរបស់លោក ហ៊ុន សែន ថាបានគាំទ្រចិននិងថាបានបើកដៃឲ្យចិនចូលមករកស៊ីច្រើននៅស្រុកខ្មែរហើយ សម រង្ស៊ី ដែលពេលនេះកំពុងតែអួតអាងថា អាមេរិកជាចៅហ្វាយ របស់ខ្លួនទន្ទឹមនឹងការបន្តនូវនយោបាយលាបពណ៌ចោទខ្មែរថាជាយួន...កំពុងវិលក្បុង បាយបិណ្ឌជាបាយបាត្រជុំវិញនយោបាយការបរទេសរបស់ខ្លួននៅក្នុងទំនាក់ទំនងរវាងកម្ពុជា ចិន សហ​រដ្ឋអាមេរិក និងវៀតណាម។ ខ្ញុំស្តាប់យូរៗទៅទើបដឹងថា អ្នកនយោបាយជើងមិនជាប់ដី ក្បាលមិនជាប់មេឃរូបនេះ​ពិតជាគ្មានជំហរ គ្មានយុទ្ធសាស្ត្រ គ្មានទស្សនៈវិស័យនយោបាយ ការបរទេសអ្វីទាំងអស់ហើយនិយាយចុះនិយាយឡើង មកជាន់តែកែងខ្លួនឯង។
ដើម្បីយល់ពីអ្វីដែលខ្ញុំបានលើកឡើងនេះ យើងបែរទៅស្តាប់កិច្ចសម្ភាសន៍របស់ សម រង្ស៊ី ជាមួយទូរទស្សន៍​ចិន។ សម រង្ស៊ី បាន និយាយជាមហោឡារឹកអះអាងប្រាប់ទូរទស្សន៍ចិនថា៖«បច្ចុប្បន្ន Cnrp គឺជាសម្ព័ន្ធមិត្តរបស់ចិន។ យើងយកបញ្ហាតែមួយមក និយាយគឺ Cnrpគាំទ្រចិនទាំងស្រុងក្នុងការទាមទារនូវអធិប្បតេយ្យភាពទៅលើកោះ ស៊ីសាង និងណាន់ចាងនៅក្នុងសមុទ្រចិនខាងត្បូង» ! «យើងខ្ញុំមិនស្របតាមអាមេរិកនោះទេព្រោះអាមេរិកគាំទ្រវៀតណាម។ ផ្ទុយទៅវិញ គណបក្ស CPP របស់លោកហ៊ុន សែន គេកំពុងស្តាប់និងធ្វើតាមមាគ៌ារបស់វៀតណាម។ ហេតុដូច្នេះហើយ CPP របស់លោក ហ៊ុន សែន នឹងមិនអាចគាំទ្រចិនទាំងស្រុងបាន ដូច Cnrp នោះទេ»។

សម រង្ស៊ី ក៍បានបញ្ជាក់ប្រាប់ ទូរទស្សន៍ចិនទៀតថា៖ «វត្តមានរបស់ចិនគឺជាការចាំបាច់ណាស់ដើម្បីធ្វើអោយមានតុល្យភាព និងទប់ឥទ្ធិពលរបស់វៀតណាម។ បច្ចុប្បន្ននេះ វៀតណាមមានសម្ព័ន្ធមិត្តច្រើនដូចជា ជប៉ុន និង​អាមេរិកជាដើម។ ពួកគេជា សម្ព័ន្ធមិត្ត, ពួកគេនឹងរួមគ្នាដើម្បីទប់ទលនឹងចិន ប៉ុន្តែ Cnrp ឈរនៅខាង​ចិន»​។

តើលោកអ្នកជឿទេថា ទាំងនេះ ពិតជាសម្តីរបស់ សម រង្ស៊ី ? បើមិនជឿ សូមទស្សនាវីដេអូ នៃកិច្ចសម្ភាសន៍​រយៈ​​ពេល២នាទី នេះដែលមានភ្ជាប់មកជាមួយ។ ក្រោយពីបាន​ទស្សនាស្តាប់វីដេអូនេះរួចហើយ លោកអ្នកពិតជា ហួសចិត្តនឹងជំហរឃ្លីងឃ្លោង វិលក្បុង មិនប្រាកដប្រជានៃ នយោបាយការទូតរបស់ សម រង្ស៊ី ជាក់ជាមិនខានឡើយ។ ប៉ុន្តែ សម្រាប់អ្នកស្គាល់សម រង្ស៊ី ច្បាស់ប្រាកដជាមិនចម្លែកក្នុងចិត្តសូម្បីបន្តិចពីព្រោះពួកគេបាន យល់ច្បាស់ណាស់ថា សម រង្ស៊ី ជាមនុស្សដែលនិយាយឲ្យតែរួចពីមាត់ ឆ្អិនក្បាលស៊ីក្បាល ឆ្អិនកន្ទុយស៊ីកន្ទុយ និយាយអ្វីឲ្យតែ បានប្រឆាំងជាមួយរដ្ឋាភិបាលខ្លួនឯង ទោះជាជាតិត្រូវខាតបង់អ្វីក៏មិនដែលខ្វល់ដែរ។
បើនិយាយពីនយោបាយការបរទេសរឹតតែយ៉ាប់គឺធ្វើយ៉ាងណាចាក់ខ្សែ ដោះទ័លដើម្បីយករួចខ្លួនមួយគ្រាៗប៉ុណ្ណោះ។ ពេលជួបចិន និយាយគាំទ្រចិន និងបង្អាប់សហរដ្ឋអាមេរិក ពេលជួបអាមេរិកនិយាយអែបអបអាមេរិក ហើយបង្អាប់វ៉ៃចិន។ ជាមួយពលរដ្ឋខ្មែរវិញ ខំតាំងខ្លួនជាអ្នកប្រជាធិបតេយ្យដោយយកអាមេរិកនិងអឺរ៉ុបជាខ្នងបង្អែក ហើយនិយាយបរិហាររិះគន់ចិន និងវៀតណាម។ តែដល់ពេល ទូរទស្សន៍ចិនសួរក៏អះអាងថា ខ្លួនជាសម្ព័ន្ធមិត្តចិនជាងរដ្ឋាភិបាល លោក ហ៊ុន សែន ទៅទៀត។ អ្វីដែលធ្ងន់ធ្ងរទៅទៀតនោះគឺសម រង្ស៊ី អះអាងថា ចង់ឲ្យមាន វត្តមានចិនច្រើននៅកម្ពុជាដើម្បីទប់ជាមួយឥទ្ធិពលវៀតណាម។ តែនៅពេលរដ្ឋាភិបាលភ្នំពេញបើកឲ្យមានការធ្វើវិនិយោគទុនចិនចូលមកច្រើន សម រង្ស៊ី បែរជាស្រែកថា ហ៊ុន សែន លក់ទឹកដីឲ្យចិន។ ហើយអ្វីដែលគេរឹតតែមិនយល់ទៀតនោះគឺ សម រង្ស៊ី ចោទរដ្ឋាភិបាលភ្នំពេញថា ជាអាយ៉ងយួនផង អាយ៉ងចិនផង ខណៈដែលចិន និងវៀតណាមជាគូបដិបក្ខយ៉ាងស្រួចស្រាល់? តើនេះមិនមែនជា យោបាយ វិលក្បុងរបស់សម រង្ស៊ី ទេឬ?

សរុបទៅ សម រង្ស៊ី ជាអ្នក នយោបាយប្រឆាំងដើម្បីតែប្រឆាំង ប្រឆាំងគ្មានទិសដៅ ប្រឆាំងលុះក្ស័យ ទីបំផុតជីវិតនយោបាយគាត់ក៏ក្ស័យមែន។ ជាការពិត អ្នកនយោបាយត្រូវចេះបត់បែន ប៉ុន្តែរបៀបដែលសម រង្ស៊ីធ្វើ មិនមែនជាការ  បត់បែនតាមបែបអ្នកនយោបាយវ័យឆ្លាតដើម្បីប្រយោជន៍ជាតិនោះឡើយ។ តែអ្វីដែលស្តែងចេញពីមាត់សម រង្ស៊ី គឺជាការបង្ហាញ ពីបញ្ញាគាត់ខ្លី តែមាត់គាត់វែងជាងផ្លូវ។ បើនិយាយអ្វីច្រើនៗតែជាន់កែងខ្លួនឯង។ ជាក់ស្តែង រឿងចិន កម្ពុជា និង វៀតណាមគឺជាឧទាហរណ៍ស្រាប់ដែលបញ្ជាក់ថា សម រង្ស៊ី ពិបាកស្រាយចំណោទបែបសាមីការ។ ហេតុដូច្នេះហើយបានជា ពេលឡើងសម្ភាសន៍ប៉ុស្តិ៍ ទូរទស្សន៍​បារាំងម្តងៗ សម រង្ស៊ី ឆ្លើយវិលក្បុងដោយសារតែអ្នកកាសែតចោទសួររឿងគាត់ និយាយជាន់កែងខ្លួនឯង។ នេះគឺជាមូលហេតុដែល សម រង្ស៊ី ខ្លាចប៉ុស្តិ៍ទូរទស្សន៍អន្តរជាតិណាស់ពីព្រោះសំណួររបស់ពួកគេធ្វើឲ្យ សម រង្ស៊ី បែកញើសថ្ងាសរាល់លើក។ នយោបាយវិលក្បុងទាំងនយោបាយក្នុងស្រុកនិងការបរទេសរបស់ សម រង្ស៊ី គឺជា ភស្តុតាងបញ្ជាក់ថា សម រង្ស៊ី គ្មានជំហរ គ្មានគោលនយោបាយច្បាស់លាស់ឡើយទាំងសម្រាប់បញ្ហាចំពោះមុខ ទាំងសម្រាប់រយៈពេលមធ្យម និងរយៈពេលវែង។ អ្វីដែលច្បាស់លាស់បំផុត ម្រាប់សម រង្ស៊ី គឺ បើបក្សកាន់អំណាចទៅស្តាំ សម រង្ស៊ី ទៅឆ្វេង បើគេទៅឆ្វេង គាត់ ទៅស្តាំ បើគេថាស គាត់ថាខ្មៅ... ត្រង់ថាលទ្ធផលទៅជាយ៉ាងណាគឺមិនដឹងអ្វីទាំងអស់។ នេះបានចំជាអ្នកនយោបាយវិលក្បុងមែន៕

ដោយ៖ អ្នកតាមដាន នយោបាយតុកាហ្វេ