Friday, July 19, 2019

ទេសរដ្ឋមន្រ្តី គន់ គីម ចុះអន្តរាគមន៍សង្គ្រោះស្រូវប្រជាកសិករដែលរងផលប៉ះពាល់គ្រោះរាំងស្ងួត

ឧត្តរមានជ័យ៖ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ ដោយមើលឃើញពីផលលំបាករបស់ប្រជាកសិករ ដែលកំពុងខ្វះខាតទឹកស្រោចស្រពដំណាំស្រូវ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ និង លោក ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត អមដំណើរទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១គណៈគម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តឧត្តរមានជ័យ បានដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធ អញ្ជើញចុះពិនិត្យមើលដំណាំស្រូវ របស់បងប្អូនប្រជាកសិករ ចំនួន៨៨០ហិតា ដែលរងនូវការខ្វះខាតដោយគ្រោះរាំងស្ងួត នៅក្នុងឃុំជើងទៀន ឃុំចុងកាល និងឃុំពង្រ ស្ថិតក្នុងស្រុកចុងកាល ខេត្តឧត្តរមានជ័យ។
នាឱកាសនោះ លោក គន់ គីម បានលើកឡើងថា ដោយសារតែរយៈពេលកន្លងមកនេះ បញ្ហាគ្រោះរាំងស្ងួត បានធ្វើឲ្យដំណាំស្រូវរបស់ប្រជាពលរដ្ឋ ចំនួន៣ឃុំ ក្នុងស្រុកចុងកាល គឺប្រឈមទៅនឹងការខ្វះខាតទឹកប្រើប្រាស់ ដូចនេះ ថ្នាក់ដឹកនាំក៏ដូចជាអាជ្ញាធរមូលដ្ឋាន កំពុងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះដំណាំស្រូវរបស់ប្រជាពលរដ្ឋ ដើម្បីចាត់វិធានការយ៉ាងមឺុងម៉ាត់ ក្នុងការដាក់ម៉ាស៊ីនបូមពីអាងស្តុកទឹកស្ទឹងស្រែងទី១ និងអាងស្ទឹងស្រែងទី២ ព្រមទាំងកាយប្រឡាយបង្ហូរទឹក ក្នុងការជួយសង្រ្គោះ និងត្រូវការទឹកស្រោចស្រពស្រូវស្រែរបស់ប្រជាកសិករឲ្យទាន់ពេលវេលា។
នាឱកាសចុះពិនិត្យមើលម៉ាស៊ីនបូមទឹក និងដំណាំស្រូវរបស់បងប្អូនប្រជាកសិករ លោក គន់ គីម បានជម្រុញដល់អាជ្ញាធរពាក់ព័ន្ធ ពិសេសមន្ទីរធនធានទឹក ធ្វើយ៉ាងណាត្រូវរកវិធីដើម្បីជួយសង្គ្រោះដំណាំស្រូវរបស់បងប្អូនប្រជាកសិករពីភាពខ្វះខាតទឹក ដោយរិះរកគ្រប់មធ្យោបាយតាមដែលអាចធ្វើទៅបាន។ ជាមួយគ្នានោះ លោកអភិបាលខេត្ត បានឲ្យក្រុមការងារយកម៉ាស៊ីនបូមទឹកចំនួន៥គ្រឿង ផងដែរ៕





No comments:

Post a Comment