Monday, July 05, 2021

អភិបាលខេត្តកំពង់ឆ្នាំង និងសហការី នាំយកអំណោយជាសម្ភារ និងថវិការ ជូនចាស់ជរា រស់នៅភូមិស្រែឬស្សី ឃុំឈានឡើង

 កំពង់ឆ្នាំង៖ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១នេះ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃ គណៈអភិបាលខេត្តកំពង់ឆ្នាំង អមដំណើរដោយលោក ជិន រដ្ឋា ប្រធានមន្ទីរអភិវឌ្ឍន៍ខេត្ត លោក វន សុីផា អភិបាលស្រុកសាមគ្គីមានជ័យ និងក្រុមការងារថ្នាក់ខេត្ត បាននាំយកអំណោយជាសម្ភារ និងថវិការបស់លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ជូនលោកយាយ សុខ គិន ចាស់ជរាពិកាភ្នែក រស់នៅភូមិស្រែឬស្សី ឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

នាឱកាសនោះ លោកអភិបាលខេត្ត បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក អ៊ុក រ៉ាប៊ុន ដែលតែងតែយកចិត្តទុកដាក់ពីបញ្ហាសុខទុក្ខ និងជីវភាពរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា។

អំណោយជាសម្ភារ និងថវិកាដែលបាននាំយកទៅប្រគល់ជូនរួមមាន៖ អង្ករចំនួន ១០០គីឡូក្រាម, មីម៉ាៗចំនួន ២កេស, ទឹកក្រូចចំនួន ១កេស, ទឹកត្រីចំនួន ១យួរ, ទឹកសុីអុីវចំនួន ១យួរ, ប៊ីចេងចំនួន ១កញ្ចប់, ត្រីខចំនួន ២យួរ, ឃីតចំនួន ១ ថវិកាចំនួន ៤០០,០០០ រៀល និងថវិកាជូនដល់ប្រជាពលរដ្ឋដែលមកចូលរួមចំនួន ៤០០,០០០ រៀល ផងដែរ ៕




អភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យអគាររដ្ឋបាលក្រុងកោះរ៉ុង និងអគារមណ្ឌលសុខភាពកោះរ៉ុង ដែលកំពុងដំណើរការសាងសង់

ព្រះសីហនុ៖ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ លោក គួច ចំរើន អភិបាល  នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធអញ្ជើញចុះពិនិត្យអគាររដ្ឋបាលក្រុងកោះរ៉ុង និងអគារមណ្ឌលសុខភាពកោះរ៉ុង ស្ថិតនៅក្នុងភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដែលកំពុងដំណើរការសាងសង់រាល់ថ្ងៃ។ ជាមួយនេះ  លោកក៏បានអញ្ជើញទៅមើលការសាងសង់អគារផ្នែកប្រតិបត្តិការសឹករងក្រុងកោះរ៉ុងផងដែរ ដែលទាំងអស់នេះគឺជាអំណោយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ។

សូមជម្រាបផងដែរថា អាគាររដ្ឋបាលក្រុងកោះរ៉ុង សម្រេចបានប្រមាណជាង ៧៥ភាគរយ អគារផ្នែកប្រតិបត្តិការសឹករងក្រុងកោះរ៉ុង សម្រេចបានប្រមាណជាង ៧៥ ភាគរយ និងអគារមណ្ឌលសុខភាពកោះរ៉ុងសម្រេចបាន ១០០ភាគរយ។

បន្ទាប់ពីបានចុះពិនិត្យការការសាងសង់អគារទាំង៣ រួចមកលោកអភិបាលខេត្ត បន្តទៅពិនិត្យទីតាំងចាក់វ៉ាក់សាំង ដូសទី២ ជូនបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅសង្កាត់កោះរ៉ុង។

លោកអភិបាលខេត្តបានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានចាក់វ៉ាក់សាំងដូសទី២ រួចហើយក៏ដោយ ប៉ុន្តែត្រូវអនុវត្តទៅតាមក្រសួងសុខាភិបាល និងអនុវត្តតាមអនុសាសន៍ ៣កុំ ៣ការពារ របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីការពារកុំអោយឆ្លងជំងឺកូវីដ១៩ ៕








អភិបាលខេត្តកំពង់ឆ្នាំង ចុះដាំកូនឈើ និងដើមផ្កា កែលម្អរសោភ័ណ្ឌភាព ក្នុងសាលាស្រុកសាមគ្គីមានជ័យ

 កំពង់ឆ្នាំង៖ រដ្ឋបាលស្រុកសាមគ្គីមានជ័យ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ បានរៀបចំពិធីដាំកូនឈើ ក្រោមភាពអធិបតីភាពលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណ:អភិបាលខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានផ្តល់មតិណែនាំឱ្យលោកអភិបាលស្រុក ត្រូវយកចិត្តទុកដាក់ក្នុងការកែលម្អរសោភ័ណ្ឌភាពទីកន្លែងបំពេញការងារឱ្យបានល្អ ជាគំរូសម្រាប់កន្លែងដ៏ទៃទៀត។ ជាមួយគ្នានោះ លោកអភិបាលខេត្ក ក៏បានលើកសរសើរដល់លោកអភិបាលស្រុកដែលមានគំនិតផ្តួចផ្តើម ដាំកូនឈើ ដើមផ្កាដើម្បីលម្អរសោភ័ណ្ឌភាពក្នុងសាលាស្រុកផងដែរ។

សូមជម្រាបជូនផងដែរថា ការដាំដើមផ្កានៅក្នុងបរិវេនសាលាស្រុកនេះ សរុបចំនួន ៤០ ដើម ដោយមានការអញ្ជើញចូលរួមពីលោក ជិន រដ្ឋា ប្រធានមន្ទីអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង លោក វន ស៊ីផា អភិបាល នៃគណៈអភិបាលស្រុកសាមគ្គីមានជ័យ លោកតំណាងមន្ទីរសាធារណ:ការ និងដឹកជញ្ជូនខេត្ត និងសហការី មន្ត្រីរបស់រដ្ឋបាលស្រុកសាមគ្គីមានជ័យ ៕






លោក ម៉ក់ រ៉ា ចុះពិនិត្យជាក់ស្ដែងសកម្មភាពចាក់វ៉ាក់សាំងការពារជំងឺ កូវីដ១៩ នៅបរិវេណសាលាក្រុងពោធិ៍សាត់

 ពោធិ៍សាត់៖ លោក ម៉ក់ រ៉ា អនុប្រធានគណៈកម្មាធិការគណបក្សខេត្តពោធិ៍សាត់ ប្រធានគណៈប្រចាំការ និងជាប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ តំណាងលោក ម៉ៅ ធនិន សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សខេត្ត ជាអភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ខេត្តពោធិ៍សាត់នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ បានអញ្ជើញចុះពិនិត្យជាក់ស្ដែងសកម្មភាពចាក់វ៉ាក់សាំងការពារជំងឺ covid-19 នៅបរិវេណសាលាក្រុងពោធិ៍សាត់ ដែលកម្មវិធីចាក់នោះ ធ្វើឡើងសម្រាប់មន្ត្រីរាជការដែលចូលនិវត្តន៍ និងគ្រូបង្រៀនមួយចំនួនក្នុងក្រុងពោធិ៍សាត់ ។

ក្នុងឱកាសនោះវត្តមានមានលោកប្រធានក្រុមប្រឹក្សាក្រុង លោកអភិបាលអភិបាលរងក្រុង និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។ លោក ម៉ក់ រ៉ា បានក្រើនរំលឹកដល់បងប្អូនដែលបានមកទទួលការចាក់វ៉ាក់សាំងនាឱកាសនោះគឺកុំភ្លេចការអនុវត្តន៍ ៣កុំ ៣ការពារ តាមអនុសាសន៍របស់លោកនាយករដ្ឋមន្រ្ដី នឹងវិធានការណែនាំការពាររបស់ក្រសួងសុខាភិបាល បើទោះបីយើងបានទទួលការចាក់វ៉ាក់សាំងរួចហើយដី ។

សរុបអ្នកដែល បានទទួលការចាក់វ៉ាក់សាំងនាឱកាសនោះមានចំនួន ៥៨៤ នាក់ ៕







លោកស្រី ឱ វណ្ណឌីន ប្រគល់រថយន្តដឹកវ៉ាក់សាំងចំនួន១០គ្រឿង ដែលជាអំណោយរបស់លោកនាយករដ្ឋមន្រ្ដី ជូនក្រសួងការពារជាតិ

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ បានប្រគល់រថយន្តដឹកវ៉ាក់សាំងចំនួន១០គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ជូនដល់ក្រសួងការពារជាតិ។

ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ ដោយមានការអញ្ជើញទទួលដោយផ្ទាល់ពី នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៃក្រសួងការពារជាតិ។

លោកស្រី ឱ វណ្ណឌីន បានថ្លែងបញ្ជាក់ថា រថយន្តដឹកវ៉ាក់សាំងនេះ ជាតម្រូវការចាំបាច់ណាស់សម្រាប់ក្រុមការងារក្រុមគ្រូពេទ្យរបស់កងទ័ព ដើម្បីដឹកវ៉ាក់សាំង យកទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ ជូនប្រជាពលរដ្ឋយើងទូទាំងប្រទេសតែម្តង។

លោកស្រីថ្លែងបន្តថា នៅថ្ងៃដ៏ឆាប់ខាងមុខនេះ រថយន្តដឹកវ៉ាក់សាំង ប្រហែលជា៣០គ្រឿងទៀត ដែលជាអំណោយដ៏ថ្លៃថ្លារបស់ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ធ្វើការប្រគល់ចាត់ចែងជូនដល់គ្រូពេទ្យកងទ័ពជាបន្តបន្ទាប់ទៀត៕







ក្រសួងធនធានទឹក៖ ឥទ្ធិពលកូនព្យុះ នឹងធ្វើឲ្យកម្ពុជាមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន ចាប់ពីថ្ងៃនេះដល់ថ្ងៃទី០៨ ខែកក្កដា, សូមអ្នកដំណើរតាមសមុទ្របង្កើនការប្រុងប្រយ័ត្ន!

 ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងបន្ថែម ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា។

ក្រសួងបានឲ្យដឹងថា បន្ទាប់ពីបានធ្វើការពិនិត្យ និងតាមដានជាប្រចាំ លើស្ថានភាពអាកាសធាតុ រួចមកឃើញថា នៅវេលាម៉ោង០៧៖០០នាទី នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ មានសម្ពាធទាបសកម្មមួយ ដែលបានស្ថិតក្នុងសមុទ្រចិន ខាងលិចប្រទេសហ្វីលីពីន និងបង្កើនឥទ្ធិពលទៅជាវិសម្ពាធ TD និងធ្វើដំណើរឆ្ពោះមក
ទិសពាយ័ព្យ។

នៅវេលាម៉ោង០៤៖០០ល្ងាចថ្ងៃដដែលនេះ វិសម្ពាធបានបង្កើនឥទ្ធិពលជាកូនព្យុះទី៦ឈ្មោះ អ៊ុន-ហ្វា TS IN-FA 2106 នៅលើសមុទ្រចិនខាងត្បូង ចំណុចខ្សែវណ្ឌទី ១៤អង្សារ៤នៃរយ:ទទឹងខាងជើង និងខ្សែស្របទី ១១៤អង្សា១ នៃរយ:បណ្ដើយខាងកើត។

យោងតាមការព្យាករនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ កូនព្យុះនេះ និងធ្វើដំណើរចូលទៅកោះហៃណាំ ប្រទេសចិន។ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ កូនព្យុះ និងថមថយឥទ្ធិពលរបស់ខ្លួនទៅជាវិសម្ពាធ TD រួចចូលទៅ ប្រទេសវៀតណាមខាងជើង។

ដោយឡែកជ្រលងនៃកូនព្យុះ លើកទី៦ អ៊ុន-ហ្វា TS IN-FA 2106 នេះ និងខ្យល់មូសុងនិរតី នឹងមានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជាយើង ចាប់ពីថ្ងៃទី៥ , ៦, ៧ និង៨ ខែកក្កដា ឆ្នាំ២០២១ ។

លក្ខណះបែបនេះ ធ្វើឲ្យអាកាសធាតុ នៅព្រះរាជាណាចក្រកម្ពុជាមានស្ថានភាពដូចខាងក្រោម៖
១៖ បណ្តាខេត្តនៅតំបន់វាលទំនាបជាប់ជុំវិញទន្លេសាប និងបឹងទន្លេសាប មានភ្លៀងធ្លាក់ពីបង្ហួរទៅច្រើន និងមានខ្យល់កន្ត្រាក់ក្នុងកម្រិតបង្ហូរ។
២៖ បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែកំ និងតាមដងទន្លេមេគង្គ មានភ្លៀងធ្លាក់ ពីបង្គួរទៅច្រើន និងមានខ្យល់កន្ត្រាក់ក្នុងកម្រិតបង្គរ។
៣៖ តំបន់មាត់សមុទ្រ មានភ្លៀងធ្លាក៏ ពីបង្គួរទៅច្រើន និងមានខ្យល់កន្ត្រាក់ក្នុងកម្រិតបង្គរ ជាមួយរលកសមុទ្រ មានកម្ពស់ជាមធ្យម។
៤៖ ស្ថានភាពនៃទន្លេមេគង្គ ចាប់ផ្តើមឡើងបន្តិចជាបន្តបន្ទាប់ ។

ក្រសួងធនធានទឹក អំពាវនាវសូមឲ្យសាធារណជន និងបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ បង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងរាល់គ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានជាយថាហេតុ៕



លោក អ៊ុ រាត្រី បន្តចុះពិនិត្យមើលទីតាំងត្រៀមសម្រាប់ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ក្នុងក្រុងសិរីសោភ័ណ ក្រោយចប់យុទ្ធនាការចាក់នៅក្រុងប៉ោយប៉ែត

 បន្ទាយមានជ័យ៖ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ បានបន្តចុះពិនិត្យមើលទីតាំងត្រៀមសម្រាប់ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ក្នុងក្រុងសិរីសោភ័ណ ក្រោយចប់យុទ្ធនាការចាក់នៅក្រុងប៉ោយប៉ែត និងពេលវ៉ាក់សាំងបន្តមកដល់។

ជម្រាបជូន ប្រជាពលរដ្ឋ មន្ត្រីរាជការ និងកម្មករ កម្មការិនី ទាំងអស់ថា វ៉ាក់សាំងដែលចាក់ជូនបងប្អូនយើងនាពេលនេះ គឺជាការផ្តល់ជូនពីសំណាក់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ដែលលោកបានខិតខំគ្រប់បែបយ៉ាង ដើម្បីរកវ៉ាក់សាំង និងបានដាក់ចេញវិធានការ សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់យើងឱ្យបានគ្រប់ៗគ្នា ដូច្នេះហើយបងប្អូនត្រូវគោរពដឹងគុណចំពោះលោក។

ក្នុងនាមរដ្ឋបាលខេត្ត និងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមគោរពថ្លែងអំណរគុណ និងជូនពរលោកនាយករដ្ឋមន្រ្ដី និងលោកស្រី សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួនខ្លាំងក្លា បញ្ញាញាណវាងវៃ ជន្មាយុយឺនយូរ និងទទួលបានជោគជ័យត្រចះត្រចង់ក្នុងដឹកនាំប្រទេសជាតិឲ្យមានការរីកចម្រើន ៕






ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានឧបត្ថម្ភគ្រែដេក ចំនួន ៤០០ គ្រែ ជូនគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ខេត្តកោះកុង

 កោះកុង៖ នៅថ្ងៃទី៤ ខែកក្ដដា ឆ្នាំ២០២១នេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការរងកងទ័ពជើងគោក បានឧបត្ថម្ភគ្រែដេក ចំនួន ៤០០ គ្រែ ជូនគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ខេត្តកោះកុង ដើម្បីផ្តល់ជូនអ្នកជំងឺកូវីដ-១៩ សម្រាកព្យាបាល នៅតាមមណ្ឌលព្យាបាល និងមណ្ឌលចត្តាឡីស័កនានា៕