Friday, July 02, 2021

អគ្គរដ្ឋទូតចិនប្រចាំកម្ពុជា៖ ទោះបីចិនត្រូវការវ៉ាក់សាំងដ៏ច្រើនដើម្បីចាក់ជូនប្រជាជនខ្លួនរហូតដល់ជាង១៤០០លាននាក់ក៏ដោយ ក៏ចិននៅតែចាត់ទុកកម្ពុជា ជាប្រទេសអាទិភាពសម្រាប់ផ្តល់វ៉ាក់សាំង ក្នុងនាមមិត្តដែកថែប

(ភ្នំពេញ)៖ លោក វ៉ាង វិនធាន (Wang Wentian) អគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានលើកឡើងថា ទោះបីជាប្រទេសចិនមានតម្រូវវ៉ាក់សាំងដ៏សន្ធឹកសន្ធាប់ ក្នុងប្រទេសខ្លួនរហូតដល់ជាង១៤០០លាននាក់ក៏ដោយ ក៏នៅតែចាត់ទុកប្រទេសកម្ពុជាជាទិសដៅអាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការវ៉ាក់សាំង និង បានប្រគល់វ៉ាក់សាំងយ៉ាងច្រើនជូនដល់ភាគីកម្ពុជា ដែលស្មើនឹង៩៥%នៃចំនួនវ៉ាក់សាំងកូវីដសរុបដែលកម្ពុជាទទួលបាន។


តាមរយៈលិខិតមិត្តអ្នកអានក្នុងប្រធានបទ៖ ចងចាំប្រវត្តិសាស្រ្តដ៏ត្រចះត្រចង់១០០ឆ្នាំ៖ «ការបើកទំព័រថ្មីសម្រាប់ចំណងមិត្តភាពចិន និងកម្ពុជា» លោក វ៉ាង វិនធាន បានរំលឹកឡើងវិញអំពីភក្តីភាពរបស់កម្ពុជា គ្រាដែលប្រទេសចិនជួបនូវការលំបាក នៃការចាប់ផ្តើមផ្ទុះការរីករាលដាលជំងឺកូវីដ១៩។

លោកលើកឡើងថា ចិនមិនអាចបំភ្លេចបានឡើយថា «នាគ្រាដំបូងនៃការផ្ទុះឡើងនូវជំងឺវីរុសកូវីដ-១៩កាលពីឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាស មិនបិទជើងហោះហើរជាមួយចិន មិនរើសអើងប្រជាជនចិន និងមិនជម្លៀសអ្នកការទូត និងនិស្សិតខ្មែរចេញពីចិនទេ។ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ព្រះអង្គទាំងទ្វេបានសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានជំនួយដ៏ថ្លៃថ្លាដល់ភាគីចិន ហើយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិនជាបន្ទាន់ ក្នុងដំណើរបញ្ច្រាស»។

លោកបានបន្ថែមថា៖ «បន្ទាប់ពីកម្ពុជាមានការផ្ទុះឡើងនូវជំងឺវីរុសកូវីដ-១៩ រដ្ឋាភិបាលនិងយោធាចិនបានចាត់បញ្ជូនក្រុមគ្រូពេទ្យមកកាន់ប្រទេសកម្ពុជាមុនគេបង្អស់ បានផ្តល់សម្ភារៈទប់ស្កាត់នឹងជំងឺវីរុសតាមគ្រប់មធ្យោបាយជាច្រើន។ ទោះបីជាប្រទេសចិនមានតម្រូវវ៉ាក់សាំងដ៏សន្ធឹកសន្ធាប់ក្នុងប្រទេសខ្លួនក៏ដោយ ក៏នៅតែចាត់ទុកប្រទេសកម្ពុជាជាទិសដៅអាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការវ៉ាក់សាំង និង បានប្រគល់វ៉ាក់សាំងយ៉ាងច្រើនជូនដល់ភាគីកម្ពុជា ដែលស្មើនឹង៩៥%នៃចំនួនវ៉ាក់សាំងកូវីដសរុបដែលកម្ពុជាទទួលបាន»។

បើតាម លោកអគ្គរដ្ឋទូត, ស្ថិតក្រោមលក្ខខណ្ឌនៃជំងឺវីរុសកូវីដ ពាណិជ្ជកម្មចិននិងកម្ពុជាក្នុងឆ្នាំ២០២០បន្តកើនឡើង ទោះបីជាជួបនឹងឧបសគ្គជំងឺវីរុសក៏ដោយ ដែលមានចំនួនទឹកប្រាក់សរុបជាង៩.៥៦ពាន់លានដុល្លារអាមេរិក។ គម្រោងសំខាន់ៗនៃខ្សែក្រវាត់និងផ្លូវត្រូវបានជំរុញយ៉ាងរលូនមានដូចជា គម្រោងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គម្រោងផ្គត់ផ្គង់ទឹកស្អាតនៅទីជនបទ និងគម្រោងពហុកីឡាដ្ឋានជាតិមរតកតេជោជាដើម។

លោកអះអាងថា កាលពីខែតុលា ឆ្នាំ២០២០ ចិននិងកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាប្រវត្តិសាស្ត្រ ហើយផលិតផលដែលមានគុណភាពខ្ពស់របស់កម្ពុជាត្រូវបានអនុញ្ញាតនាំចេញទៅកាន់ទីផ្សារប្រទេសចិន និងមានវត្តមានលើតុអាហាររបស់ប្រជាជនចិន មានដូចជាផ្លែចេក ស្វាយ និងជលផលជាដើម។

កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ វ៉ាក់សាំងការពារជំងឺកូវីដ១៩ របស់ចិនចំនួន ១លានដូសទៀត ត្រូវបានដឹកពីប្រទេសចិន មកដល់ប្រទេសកម្ពុជា។ គិតត្រឹមថ្ងៃទី២៦ ខែមិថុនា កម្ពុជាទទួលបានវ៉ាក់សាំងទាំងជំនួយ និងការបញ្ជាទិញសរុបប្រមាណ១០លានដូសរួចរាល់ហើយ។

លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា កម្ពុជា នឹងទទួលបានវ៉ាក់សាំងគ្រប់ ២០លានដូសនៅត្រឹមខែសីហា ឆ្នាំ២០២១នេះ។ ក្នុងនោះខែកក្កដា និងខែសីហា វ៉ាក់សាំងសរុប ៩លានដូសទៀតមកដល់ប្រទេសកម្ពុជាជាបន្តបន្ទាប់៕








ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៩៦៦នាក់ ខណៈជាសះស្បើយ៦៥០នាក់

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៩៦៦នាក់ ខណៈអ្នកជំងឺ៦៥០នាក់ជាសះស្បើយ។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៥២,៣៥០នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៤៥,៥០៨នាក់ និងស្លាប់សរុបចំនួន ៦៦០នាក់៕



ប្រធានក្រុមប្រឹក្សាខេត្តកោះកុង ដឹកនាំកិច្ចប្រជុំសាមញ្ញ លើកទី២៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត

 កោះកុង៖នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ លោក កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំសាមញ្ញ លើកទី២៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកោះកុង។

កិច្ចប្រជុំសាមញ្ញ លើកទី២៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកោះកុង ផ្តោតលើរបៀបវារៈ ដូចខាងក្រោម៖

១-ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកោះកុង

២-របាយការណ៍ ស្ដីពីសកម្មភាពការងាររបស់គណៈអភិបាលខេត្តកោះកុង គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១

៣-របាយការណ៍លទ្ធផលការងារប្រចាំខែឧសភា ឆ្នាំ២០២១ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត

៤-របាយការណ៍ ស្តីពីលទ្ធផលការងារប្រចាំខែឧសភា ឆ្នាំ២០២១ និងទិសដៅបន្តរបស់ ការិយាល័យប្រជាពលរដ្ឋខេត្តកោះកុង

៥-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែឧសភា ឆ្នាំ២០២១ ស្ដីពីការ អនុវត្តន៍ការងាររបស់រដ្ឋបាលខេត្តកោះកុង

៦-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងដីកា ស្តីពីការកំណត់ប្រតិទិន និងទីកន្លែងនៃកិច្ចប្រជុំ សាមញ្ញសម្រាប់រយៈពេល១២ខែ ឆ្នាំទី៣ អាណត្តិទី៣ បន្ទាប់ពីកិច្ចប្រជុំសាមញ្ញលើកទី ២៥ របស់ក្រុមប្រឹក្សាខេត្តកោះកុង

៧-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងសេចក្ដីសម្រេច ស្ដីពីការបង្កើតលេខាធិការដ្ឋាន នៃគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មខេត្តកោះកុង

៨-បញ្ហាផ្សេងៗ….៕






ពិធីប្រកាសចូលកាន់មុខតំណែងអភិបាល អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ នៅសាលាខេត្តកំពង់ឆ្នាំង មានរៀបចំពិធីប្រកាសតែងតាំង អភិបាល អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកឧបនាយករដ្ឋមន្រ្តី គង់ សំអុល រដ្ឋមន្រ្តី ក្រសួងព្រះបរមរាជវាំង នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១  ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង

អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ក្រុមប្រឹក្សាខេត្ត អភិបាល អភិបាលរងខេត្ត មន្ទីរ-អង្គភាព អាជ្ញាធរជុំវិញខេត្តគ្រប់ជាន់ថ្នាក់ និងអាជ្ញាធរក្រុង ស្រុកចូលរួមផងដែរ ។ 

សូមជម្រាបថា ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានប្រព្រឹត្តិទៅដោយមានការអនុវត្តយ៉ាងខ្ជាប់ខ្ជួន នូវវិធានការណ៍សុវត្ថិភាពការពារជំងឺកូវីដ-១៩ រួមមាន ការរក្សាគម្លាតសុវត្ថិភាព, ពាក់ម៉ាស់, វាស់កំដៅ និងលាងដៃដោយទឹកអាល់កុលជាដើម។

ជាកិច្ចចាប់ផ្ដើម លោក ឈួរ ច័ន្ទឌឿន អតីតអភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ធ្វើសេចក្តីរាយការណ៍សង្ខេបអំពីវឌ្ឍនៈភាពនៃខេត្តកំពង់ឆ្នាំង ថា ការអនុវត្តច្បាប់គ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដោយមានការណែនាំពីរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃ តាមរយៈអនុក្រឹត្យ ប្រកាស លិខិតបទដ្ឋានគតិយុត្តនានា ដែលជាគោលបន្ទាត់ឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិអនុវត្តទទួលបានលទ្ធផលល្អជាបន្តបន្ទាប់។

លោកបន្ដថា អស់រយៈ ៨ឆ្នាំ (២០១៣-២០២១) បានធ្វើជាអភិបាលខេត្តកំពង់ឆ្នាំង លោក ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដ៏ឧត្តុង្គឧត្តមបំផុត គោរពជូនលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន លោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកឧបនាយករដ្ឋមន្រ្តី គង់ សំអុល រដ្ឋមន្រ្តី ក្រសួងព្រះបរមរាជវាំង និងថ្នាក់ដឹកនាំគ្រប់ថ្នាក់ ដែលបានផ្តល់កិត្តិយស និងសេចក្តីទុកចិត្តលើរូបលោក។

យោងព្រះរាជក្រឹត្យលេខនស/រកត/០៦២១/៤៩៣ ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ស្ដីពីការតែងតាំង លោក ស៊ុន សុវណ្ណារិទ្ធិ ឋានន្តរសក្ដិឧត្តមមន្ត្រី ថ្នាក់លេខ៥ជាអភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង, ព្រះរាជក្រឹត្យលេខនស/រកត/០៦២១/៤៩២ ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ស្ដីពីការតែងតាំងលោក ឈួរ ច័ន្ទឌឿន ជាអនុរដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ និង អនុក្រឹត្យលេខ ៣០៧ អនក្រ.តត ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ស្ដីពីការផ្ទេរភារកិច្ចលោកនៃ ចារី ពីអភិបាលរងខេត្តកណ្ដាលឲ្យមកកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះផងដែរ លោកឧបនាយករដ្ឋមន្ដ្រី ស ខេង បានប្រគល់ព្រះរាជក្រឹត្យ ត្រារដ្ឋបាលខេត្ត និងអនុក្រឹត្យជូនលោក ស៊ុន សុវណ្ណារិទ្ធិ ដើម្បីមុខការទទួលខុសត្រូវលើតួនាទីភារកិច្ច។

លោក ស៊ុន សុវណ្ណារិទ្ធិ ក៏បានប្ដេជ្ញាចិត្ត និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះរារដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ ដែលបានផ្តល់ជំនឿទុកចិត្តដល់លោក ឲ្យទទួលបានភារកិច្ចជាអភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ក្នុងតួនាទីជាអ្នកអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងផ្តល់ឱកាសឲ្យលោកចូលរួមចំណែកថែរក្សាការពារនូវសុខសន្តិភាព សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ការលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដា្ឋនឲ្យកាន់តែមានការរីកចម្រើនថែមទៀត។

ជាងនេះទៅទៀត អភិបាលខេត្តកំពង់ឆ្នាំងថ្មី ក៏បានប្ដេជ្ញាអនុវត្តឲ្យបានខ្ជាប់ខ្ជួន និងត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញច្បាប់ គោលនយោបាយនិងលិខិតបទដ្ឋានគតិយុត្តនានាព្រមទាំងគោលការណ៍ចាត់តាំង និងដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងគោរពតាមការណែនាំចង្អុលបង្ហាញរបស់ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ ខេត្តកំពង់ឆ្នាំង និងសហការជិតស្និទ្ធជាមួយក្រសួងស្ថាប័ននានា សំដៅសម្រេចឱ្យបានជាដាច់ខាតនូវសុខសន្តិភាព សេ្ថរភាពនិងការអភិវឌ្ឍសង្គម សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ប្រតិបត្តិជាប្រចាំនូវយុទ្ធនាការលុបបំបាត់គ្រឿងញៀន ការបំផ្លិចបំផ្លាញព្រៃឈើ ធនធានធម្មជាតិ និងការអនុវត្តនូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព៕








លោក សុខ សុទ្ធី ដឹកនាំកិច្ចប្រជុំពិនិត្យលើសំណើសុំចុះបញ្ជីដីធ្លីរបស់ប្រជាពលរដ្ឋដែលមានទីតាំងដីស្ថិតនៅភូមិព្រះអង្គកែវ

 កោះកុង៖ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ដោយមានការណែនាំ និងអនុញ្ញាតពីលោកស្រី មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំពិនិត្យលើសំណើសូមចុះបញ្ជីដីរបស់លោក លី សុភ័ក្ត ដែលមានទីតាំងដីស្ថិតនៅភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។

បន្ទាប់ពីកិច្ចប្រជុំពិភាក្សា ក្រុមការងារក៏បានចុះពិនិត្យទីតាំងដីជាក់ស្តែងផងដែរ។ សមាសភាពចូលរួមមាន ប្រធានមន្ទីរបរិស្ថាន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកអភិបាលរងស្រុកស្រែអំបិល នាយកទីចាត់ការអន្តរវិស័យ តំណាងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី មេឃុំដងពែង ប្រធានការិយាល័យភូមិបាលស្រុក និងអ្នកពាក់ព័ន្ធជាច្រើនរូបផងដែរ។

ក្នុងកិច្ចប្រជុំពិភាក្សា និងការចុះពិនិត្យទីតាំងដី លោក សុខ សុទ្ធី អភិបាលរងខេត្ត បានណែនាំដូចខាងក្រោម៖
១-ក្រុមការងារជំនាញត្រូវចុះចុចយកនិយាមកាដី និងតំឡើងផែនទីគំនូសបង្ហាញទីតាំងដីឱ្យបានច្បាស់លាស់
២-ម្ចាស់សំណើត្រូវចូលរួមសហការជាមួយក្រុមការងារក្នុងការចង្អុលបង្ហាញព្រំដី
៣-រដ្ឋបាលស្រុកត្រូវសម្របសម្រួលដឹកនាំអនុវត្តកិច្ចការនេះ
៤-បន្ទាប់ពីក្រុមការងារចុះចុចនិយាមកា និងតំឡើងផែនទីទីតាំងដីរួច ត្រូវបញ្ជូនទិន្នន័យមករដ្ឋបាលខេត្តដើម្បីប្រជុំពិនិត្យ អនុវត្តនីតិវិធីបន្ត៕