Saturday, May 16, 2020

សារលិខិត សម្តេចតេជោ ហ៊ុន សែន ទិវារំលឹកខួបអនុស្សាវរីយ៍លើកទី៧៥ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា (១៦ ឧសភា ១៩៤៥ - ១៦ ឧសភា ២០២០)




សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ទិវារំលឹកខួបអនុស្សាវរីយ៍លើកទី៧៥ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា (១៦ ឧសភា ១៩៤៥ - ១៦ ឧសភា ២០២០)

អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សចេញផ្សាយវីដេអូមួយក្រោមចំណងជើងថា «តើកត្តាអ្វីខ្លះ ដែលធ្វើឱ្យកម្ពុជាទទួលជោគជ័យក្នុងការគ្រប់គ្រងរលកនៃ កូវីដ ១៩?»

នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ បន្ទាប់ពីអ្នកជំងឺកូវីដ១៩ ទី១២២ ត្រូវបានព្យាបាលជាសះស្បើយរួចមក អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្រ្តី បានចេញផ្សាយនូវវីដេអូមួយក្រោមចំណងជើងថា «តើកត្តាអ្វីខ្លះ ដែលធ្វើឱ្យកម្ពុជាទទួលជោគជ័យក្នុងការគ្រប់គ្រងរលកនៃ កូវីដ ១៩?»។
សូមទស្សនាវីដេអូរបស់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្រ្តីដូចតទៅ៖

១៦ ឧសភា ខួប៧៥ ថ្ងៃកំណើតនគរបាលជាតិ! លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្ញើសារជូនពរកងកម្លាំងនគរបាលជាតិ

នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ គឺជាខួបទី៧៥ឆ្នាំហើយ នៃថ្ងៃកំណើតនគរបាលជាតិកម្ពុជា។ ជាមួយថ្ងៃកំណើតរបស់នគរបាលជាតិនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានផ្ញើសារលិខិតជូនពរមួយទៅកាន់កម្លាំងនគរបាលជាតិផងដែរ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសរំលេចក្នុងសារលិខិតជូនពរនេះថា ការរៀបចំប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧៥ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា មានអត្ថន័យសំខាន់ៗពីរសំខាន់គឺ៖ ទីមួយ ដើម្បីឧទ្ទិសរំលឹកដល់ស្នាព្រះហស្ថនិងគុណូបការៈរបស់ព្រះករុណា ព្រះបាទ សម្ដេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ «ព្រះបរមរតនកោដ្ឋ» ដែលព្រះអង្គបានបង្កើតអង្គប្រតិបត្តិច្បាប់នេះ ក្នុងព្រះរាជបំណងធានាស្ថិរភាព សន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងទីពីរ គឺជាការរំឭកការចងចាំនូវដំណើរឆ្លងកាត់ជាប្រវត្តិសាស្ត្ររបស់រៀមច្បងនៃកងកម្លាំងនគរបាលជាតិគ្រប់ជំនាន់ក្នុងបុព្វហេតុសន្តិសុខជាតិ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។

ខាងក្រោមជាសារលិខិតជូនពររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ញើជូននគរបាលជាតិ៖






ទស្សនៈមិត្តអ្នកអាន៖ ជឿជាក់ថា ខ្មែរអាចធ្វើបាន!

ថ្ងៃ​នេះ​ក្រុម​គ្រូពេទ្យ​កម្ពុជា ​បាន​ខិតខំ​ព្យាបាល​អ្នក​ជំងឺ​កូវីដ-19នៅកម្ពុជា​ បាន​ជាសះ​ស្បើយ​ដោយ​​ជោគ​ជ័យ​​​១០០%​ហើយ​​​​​ក្នុង​​​​ចំណោម​​​​អ្នក​​​ឆ្លង​​ជំងឺ​​កូវីដ​-19​សរុប​១២២នាក់ ដែល​បាន​រក​ឃើញ​នៅ​កម្ពុជា​​។ ​ជោគជ័យ​នេះ​ ​គឺ​ជា​ដំណឹង​ដ៏ល្អ​បំផុតសម្រាប់​ប្រជាជន​កម្ពុជា​ទាំង​មូល​​ និង​ជា​​មោទនភាព​បំផុត​​សម្រាប់​​រាជ​​រដ្ឋាភិបាលកម្ពុជា​​ដែល​​ដឹក​​នាំ​​ដោយ​​លោក​​នាយ​ករដ្ឋ​មន្ត្រី​ ហ៊ុន សែន​​​។​ ទោះបី​ជា​រលក​នៃ​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺកូវីដ​-19នេះ​ នៅ​បន្ត​កើត​មានក្នុង​​ប្រទេស​​ជា​ច្រើន​​នៅ​​ជុំ​​វិញ​​ពិ​ភព​​លោក​ និង​​មិន​ទាន់​ព្យាបាល​ជា​​១០០%​ដូច​នៅកម្ពុជា​​ក្តី​​ ក៏​ប្រទេស​កម្ពុជា ​បាន​ឈាន​មុខ​គេ​ក្នុង​​ការ​​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ប្រយុទ្ធ​​​​នឹង​ជំងឺ​ដ៏​កាច​សាហាវនេះ ​​ដោ​យ​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​​គួរជាទីមោទនៈ​បំផុត​​។​
លទ្ធ​​ផល​ដ៏គួរ​ជាទីមោទនៈនាពេល​នេះ​ វា​​មិន​មែន​​ជា​រឿង​​ទទួល​បាន​មក​ដោយ​ចៃ​​ដន្យ​​នោះ​​ទេ​​​ តែ​គឺ​ពិត​ជា​លទ្ធ​ផល​ដែល​បាន​មក​ដោយ​ការគិត​គូរ​ហ្មត់ចត់​ ម៉ឺង​ម៉ាត់​ និង​ឈ្លាសវៃ​របស់​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា គឺ​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន​ យ៉ាងពិត​ប្រាកដ​ តាម​រយៈការ​ដាក់​ចេញនូវ​​ការអនុវត្ត​នូវ​​វិធាន​​ការបន្ទាន់​នា​នា​ទៅតាម​ស្ថាន​ភាព​ចាំបាច់​ និង​ជាក់​ស្តែងនៅតាម​ដំណាក់នីមួយៗ​។
ក្នុង​នោះ​រួម​មាន​ដូចជា៖​ ដំណាក់កាល​ទី​១​ ការកំណត់​កម្រិត​ស្ថាន​ភាព​ភ័យ​ខ្លាច​នៅក្នុង​ដំណាក់​កាល​ដំបូង​របស់​ពលរដ្ឋ​ចំពោះ​មុខ​នៃ​ការ​រាតត្បាត​តាម​រយៈ​ការ​អប់​រំ​ខាង​ស្មារតី និង​ព័ត៌មាន​បំពុល​ ដែល​មិន​មែន​ជា​ការ​ភ័យ​​ខ្លាច​ដោយ​​សារ​​ជំងឺ​ ប៉ុន្តែ​វាជាជំងឺ​នៃ​ការ​ភ័យខ្លាច​ជ្រុល​​​​ហួស​ហេតុ​ទៅ​វិញ​​។ ក្នុង​ន័យ​នេះ​ ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល លោក​ ហ៊ុន​ សែន​​ បាន​សម្រេច​ចិត្ត​ហ៊ានអញ្ជើញទៅ​បំពេញ​ទស្សនៈ​កិច្ច​នៅ​ប្រទេស​ចិន​​ជាទី​កន្លែង​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ​-19 និង​បន្ទាប់​មក​បាន​អនុញ្ញាត្តិ​ឱ្យ​នាវា​ទេស​ចរណ៍​​ខ្នាតយក្យ​​  Westerdam ដែល​មាន​ផ្ទុ​ក​អ្នក​ទេចរណ៍​ជាង​២ពាន់​នាក់​អាច​ចូល​ចត​នៅ​កំពង់​ផែ​កម្ពុជា​ ខណៈ​ដែលមាន​​ប្រទេស​ និង​ដែន​កោះ​ចំនួន៦​ មិន​អនុញ្ញាត​ឱ្យ​នាវានេះ​ចូល​ចត​នៅកំពង់​ផែ​ប្រទេស​ខ្លួន​ឡើយ​ដោយ​ភ័យ​ខ្លាច​ហួស​ហេតុ​ពី​ការ​ឆ្លង​នៃ​ជំងឺ​កូវីដ​-19នេះ​​។ ​​
ជាលទ្ធផល ​នៅ​ក្នុង​​ដំណាក់​​កាល​​ដំបូងនៃ​ការ​ពង្រឹង​ស្មារតី​​​នោះនិស្សិត​ខ្មែរ​ដែលកំពុង​សិក្សា និង​ជាប់​គាំ​ង​នៅ​តំបន់​ផ្ទុះ​ជំងឺដំបូង​​ត្រូវ​​បាន​ទទួល​ការ​យកចិត្ត​ទុក​ដាក់​ថែ​ទាំ​​ពី​មហាមិត្ត​​​ចិន ​ហើយពួកគេ​មាន​​ភាព​កក់ក្តៅ​នឹង​ន​រ​​ក្នុង​ចិត្ត និង​គ្មាន​និស្សិតខ្មែរ​​ណាម្នាក់ឆ្លង​ជំងឺ និង​ស្លាប់​ឡើយ​។​​​ ក្រុម​និស្សិត​ទាំង​អស់​នៅ​ប្រទេស​ចិន​បាន​​កោ​ត​​សរសើរ​នូវ​ភាព​ក្លាហាន​ និង​វីរៈភាព​របស់​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ​តាម​រយៈ​ដំណើរ​ទស្សនៈ​កិច្ច​​នា​ពេលនោះ​​។​ ចំណែក​​ឯលទ្ធផល​នៃ​ការ​អនុញ្ញាត្តិ​ឱ្យនាវា ​​វេសធ័រដាម​ (Westerdam)​ចូល​​ចត​​វិញ​​បាន​ធ្វើ​ឱ្យ​កិត្តិស័ព្ទ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ល្បី​រន្ទឺ​ពេញ​សកលលោក​ តាម​រយៈ​ការ​ថ្លែង​អំណរ​គុណ​​របស់​​អ្នក​​ទេស​ច​រណ៍​ជាង​២ពាន់​នាក់​ដែល​ជាប់​គាំ​ង​លើនាវា​ផង​ និង​លិខិត​ថ្លែង​អំណរគុណ​ពី​ថ្នាក់​ដឹកនាំ​ប្រទេស​ជាង​៥២​ ដែ​ល​មាន​ពលរដ្ឋ​គេ​ត្រូវ​បាន​សង្គ្រោះ​ចេញពីនាវា​ជូន​ចំពោះ​រាជ​រដ្ឋា​ភិ​បាល​​កម្ពុជា​ផង​។​
ដំណាក់កាលទី២ គឺ​ការ​ផ្ទុះឡើង​នៃ​ជំងឺកូវីដ​-19 ដែលជា​ករណី​នាំជំងឺចូល​ពី​ក្រៅប្រទេស​ត្រូវ​បាន​ប្រមុខដឹកនាំ​រាជរដ្ឋាភិបាល​ដាក់​ចេញ​នូវ​វិធាន​ការ​​ឆាប់​រហ័ស​បំផុត​តាម​រយៈ​ ​ការ​កំណត់​គោល​នយោ​បាយ​ និង​យុទ្ធសាស្ត្រជាតិ​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺកូវីដ​-19 ការ​ដឹកនាំ​អនុវត្ត​នូវ​ផែន​ការ​យុទ្ធសាស្ត្រ​ក្នុង​​ការ​បង្ការ​ ការពារ​ ទប់​ស្កាត់​និង​គ្រប់​គ្រង​ការរីករាល​ដាលនៃ​ជំងឺ​​ ការ​គ្រប់​គ្រង​ផល​ប៉ះពាល់​ទាំង​ខាង​ទិដ្ឋភាព​នយោបាយ​ សេដ្ឋកិច្ច​ និង​សង្គម​ ទាំង​កម្រិតជាតិ និងអន្តរជាតិ​ជាដើម​ប្រកប​ដោយ​ប្រសិទ្ធិភាព​ខ្ពស់​បំផុត​​ដែល​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​នៅ​តែ​បន្ត​មា​ន​​និរន្តរភាព​ និងមាន​លំនឹង​​ស្ថាន​ភាព​សេដ្ឋកិច្ច​​សង្គម​រហូត​​មក​​ដល់​​បច្ចុប្បន្ន​​។​​​
ដំណាក់កាលទី៣​ គឺ​អ្វី​ដែលត្រូវ​បាន​ចាត់​ទុក​ថា​ខ្មែរ​អាច​ធ្វើ​បាន​នោះ​​គឹ​​ បើ​ទោះ​បី​ជា​មាន​ការ​​វាយ​​​តម្លៃ​​រ​ប​ស់​ស្ថាប័ន​បរទេស​ និង​បុគ្គល​មួយចំនួនតូច​​ក្នុងគំនិត​បែប​ទុទិដ្ឋិនិយម​ថា​ប្រទេស​កម្ពុជា​អាច​នឹង​ត្រូវ​​ឆ្លង​ជំងឺកូវីដ​-19 នេះ​ក្នុង​ចំនួន​ច្រើន​ ដោយ​លើក​ឡើង​ថា​ដោយ​សារ​ប្រព័ន្ធ​សុខាភិបាល​កម្ពុជា​​​នៅ​មាន​ភាព​ទន់​ខ្សោយ​នោះ​ គឺ​ជារឿង​ដែល​ខុស​ស្រឡះ​។ ជាក់​ស្តែង​ មកដល់​ពេល​នេះ​ក្រុម​គ្រូពេទ្យ​ជួរ​មុខ​កម្ពុជា ​បាន​ធ្វើ​ការ​ខិត​ខំ​​ព្យាបាលអ្នក​ជំងឺ​កូវីដ​-19​ទាំង​១២២នាក់​​ ដោយ​យក​ចិត្ត​ទុក​ដាក់រហូត​បាន​ជាសះស្បើយ​ទាំង​អស់​ជា​ស្ថាពរ​។​ ក្នុង​ន័យ​នេះ​ យើង​អាច​វាយតម្លៃ​បាន​ថា​ ប្រទេស​តូច​ មាន​សេដ្ឋកិច្ច​មិន​ទាន់​រឹងមាំ​ និង​ប្រព័ន្ធ​សុខាភិបាល​មិន​ទាន់​ទំនើប​ មិន​ប្រាកដ​ថា​មិន​ទទួល​ជោគជ័យ​ក្នុង​ការ​ប្រយុទ្ធ​នឹង​​ជំងឺ​កូវីដ​-19នោះទេ​ ជាក់​ស្តែង​គឺ​ខ្មែរ​អាចធ្វើ​បាន​ ខ្មែរ​មាន​មគ្គុទេសន៍​ដឹកនាំប្រទេស​ដែល​គួរ​ឱ្យទុក​ចិត្តបាន​ ហើយ​ដែល​ធ្លាប់​បាន​សង្គ្រោះ​ប្រជាជន​កម្ពុជា​បាន​ជាច្រើន​ហេតុការណ៍​នាពេលកន្លង​មក​ និង​សុទ្ធតែទទួល​បាន​នូវ​ជោគ​ជ័យ​​គ្រប់​​កាលៈទេសៈ​ទៀត​ផង​។
ជារួម​ លទ្ធផល​​ដែល​​ក្រុម​គ្រូពេទ្យ​​ជួរមុខ​កម្ពុជា​​សម្រេចបាន​ក្នុង​ការ​ព្យាបាល​អ្នក​ជំងឺ​កូវីដ-19​នៅ​កម្ពុជា​​ បាន​ជា​សះ​​ស្បើយ​​ដោយ​​​ជោគ​​ជ័​យ​​​​១០០% ក្នុង​​​​​ចំ​ណោម​​​​​អ្នក​​​​ឆ្លង​​​ជំ​ងឺ​​​កូ​វីដ​​-19​​សរុប​​១២២នាក់​​​​នាពេលនេះ ​គឺ​ពិតជាដំ​ណឹងដ៏​​ល្អ​​សម្រាប់​​ប្រជា​ជន​​កម្ពុជា​ ជាពិសេស​សម្រាប់​រាជរដ្ឋាភិបាលកម្ពុជា​ ដើម្បី​ចាប់​ផ្តើម​ពង្រឹង​ខឿន​សេដ្ឋ​កិ​ច្ច​​ជាតិ​សារជាថ្មីឡើង​វិញ​។ ម្យ៉ាង​វិញទៀត​ មេរៀន​នៃ​ជំងឺកូវីដ​-19នេះ​ក៏ជាបទពិសោធន៍​ថ្មីមួយទៀត​សម្រាប់​ប្រ​ជាជន​កម្ពុជា​ ក្នុង​ការ​ផ្លាស់​ប្តូរ​ផ្នត់គំនិត​អំពី​អនាម័យ​ក្នុង​ការ​រស់​នៅ​​ប្រចាំ​ថ្ងៃ​ ដែល​ពី​មុន​ប្រជាជនកម្ពុជា​នៅមា​ន​​កា​រ​យល់​ដឹង​តិច​តួច​អំពី​​​បញ្ហាអនាម័យ​ខ្លួន​ប្រាណ​ជា​ប្រចាំ​ថ្ងៃ​នេះ​។
ទោះ​ជាយ៉ាង​ណា​​ ប្រជា​ពល​រដ្ឋ​​គ្រប់​រូប ​​​ត្រូវ​​ប្រកាន់​​ខ្ជាប់​​នូវ​​​​ការ​​ប្រុង​​ប្រយ័ត្ន​ខ្ពស់​ជាប់​ជានិច្ច​​​ និង​អនុវត្ត​ឱ្យ​បាន​នូវ​វិធាន​ការ​ការពារ​ការ​ចម្ល​ង​មេរោគ​ឱ្យ​បា​នជាប់​ជានិច្ច​ ដោយ​ត្រូវ​ចេះ​កែ​ប្រែ​ទម្លាប់​ និង​ឥរិយាបទ​នៃ​ការ​រស់​នៅ​របស់​ខ្លួន​ឱ្យ​ស្រប​ទៅ​តាម​ស​ភាព​ធម្មតា​នៃ​ជីវភាព​ប្រចាំថ្ងៃ​​​ តាម​បែប​គន្លងថ្មី(New Normale)​​ក្នុង​ស្ថានភាព​ដែល​ប្រទេស​យើង​ និងពិភព​លោក​កំពុង​​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ19នេះ​ ជា​ចាំបាច់ដោយ​ត្រូវ​​ប្រកាន់​យក​នូវ​ការ​អនុវត្ត​អនាម័​យក្នុង​ការ​លាង​​ដៃ​ស្អាត​ ពាក់ម៉ាស់​ក្នុង​ករណី​ចាំបាច់​ ប្រើ​ក្រមា​ កន្សែង​ ឬ​ក្រដាស​ជូត​មាត់​ ខ្ទប់​មាត់​ពេល​មាន​​ក្អក ឬ​កណ្ដាស់ និង​បន្ត​អនុវត្តន៍​គម្លាត​សុវត្ថិភាព​សង្គម​ និង​គម្លាត​សុវត្ថិភាព​បុគ្គល​ មិនត្រូវ​មាន​ការ​ជួប​ជុំ ឬ​រៀបចំ​ពិធីណា​មួយ​ដែល​មាន​គ្នា​ច្រើន​កុះ​ករ​ពេក​ ដូច​ជា​ការ​ជួប​ជុំ​ស៊ី​ផឹក​ដែល​មាន​គ្នា​ច្រើន​ ឬ​ការ​ជួប​ជុំ​តាម​បែប​សាស​នា​ជា​ដើម​។ល។​
សូម​ប្រជាពលរដ្ឋ​ទាំងអស់ ​បន្តអនុវត្ត​នូវ​វិធាន​អនាម័យ​ស្អាត​តាម​ការ​អំពាវនាវ​របស់​ប្រមុខ​រាជរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​ និង​​ត្រូវ​ចងចាំថា​ យើង​​​មិន​​​ត្រូវ​​​ធ្វេស​​​ប្រហែស​​​ចំពោះ​​​ហា​និភ័​យ​​នៃ​កា​រ​ឆ្លង​​​នៃ​​ជំងឺ​​កូវីដ​-​19 ជាថ្មី​​នោះ​​​ទេ​​ ពី​​ព្រោះ​​ពិភ​ព​លោក​​ និង​​ប្រទេស​​ជិត​ខាង​​យើង​​នៅ​​មាន​​កា​រ​ឆ្លង​​នៃ​​ជំងឺ​​នេះ​នៅ​​​ឡើយ​​ ហើយ​​​​ដរាប​​​ណា​​​ពិភពលោក​នៅ​​​មិន​​ទាន់​​មាន​​ថ្នាំព្យាបាល​ និងវ៉ាក់​សាំ​ង​ការពារជំងឺនេះ​នៅឡើយ​​ ហើយ​ការចាប់​យក​វិធាន​ «ការពារ​ប្រសើរ​ជាង​ព្យាបាល​»​ គឺនៅតែ​​ជា​ជម្រើស​ដ៏ល្អ​​ប្រសើរបំផុតសម្រាប់​ខ្លួន​យើង​ គ្រួសារយើង​ និង​សង្គម​ជាតិ​យើង​​ដែល​ជា​មោទនៈភាព​របស់​ខ្មែរ​ ដូច​ពាក្យ​​ « ជឿជាក់​ថា ខ្មែរអាចធ្វើបាន!»​៕​
ដោយ៖ ពង្ស សុក្រឹត្យ

TOP NEWS: ទីបំផុតប្រទេសកម្ពុជាអស់មានអ្នកជំងឺកូវីដ១៩ហើយ បន្ទាប់ពីអ្នកជំងឺចុងក្រោយម្នាក់បានជាសះស្បើយ

(ភ្នំពេញ)៖ យោងតាមក្រសួងសុខាភិបាលចេញសេចក្តីប្រកាសនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០នេះថា អ្នកជំងឺកូវីដ១៩ម្នាក់ចុងក្រោយគេ ពោលគឺអ្នកជំងឺ ទី១២២ បានជាសះស្បើយ ដែលបានធ្វើឲ្យប្រទេសកម្ពុជាក្លាយជាប្រទេសគ្មានអ្នកជំងឺកូវីដ១៩ (ជាសះស្បើយ១០០ភាគរយ)។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា អ្នកជំងឺកូវីដ១៩ ទី១២២ ដែលជាសះស្បើយជាស្រ្តីជនជាតិខ្មែរ អាយុ៣៦ឆ្នាំ រស់នៅភូមិប៉ាលេឡៃ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្រសួងបានបញ្ជាក់ថា នៅពេលនេះកម្ពុជា មិនមានអ្នកជំងឺកូវីដ១៩ព្យាបាលទៀតឡើយ នៅទូទាំងប្រទេស៕










ទស្សនៈមិត្តអ្នកអាន៖ ការគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩បាន របស់ប្រទេសកម្ពុជាមិនមែនជារឿងចៃដន្យឡើយ

នៅទីបំផុតទៅ ប្រទេសកម្ពុជា អាចគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩ បានទាំងស្រុង គឺបន្ទាប់ពីអ្នកជំងឺចុងក្រោយបង្អស់របស់ប្រទេសកម្ពុជា ត្រូវបានក្រសួងសុខាភិបាល ប្រកាសថា បានជាសះស្បើយឡើងវិញពីជំងឺកូវីដ-១៩។ ការគ្រប់គ្រងបានស្ថានភាពជំងឺកូវីដ-១៩ នាពេលនេះ មិនមែនជារឿងចៃដន្យ ឬកើតឡើងដោយឯកឯងនោះឡើយ ប៉ុន្តែវាជាការខិតខំប្រឹងប្រែងទាំងកម្លាំងកាយចិត្ត ស្មារតី ថវិកា របស់រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី។
នៅពេលដែលប្រទេសចិន បានប្រកាសពីការរកឃើញករណីជំងឺកូវីដ-១៩ នៅចុងឆ្នាំ២០១៩ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មិនបានព្រងើយកន្តើយឡើយ គឺបានចាត់វិធានការជាជំហានៗឆ្លើយតបទៅនឹងការគំរាមកំហែ ងនៃមេរោគដ៏កាចសាហាវនេះ។ វិធានការទាំងនោះមានដូចជា៖ ការបិទទីតាំងដែលមានការប្រមូលផ្តុំមនុស្សច្រើន ដែលមានហានិភ័យខ្ពស់ក្នុងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដូចជា សាលារៀន ទីកន្លែងកម្សាន្ត ក្លឹប ខារ៉ាអូខេ សារមន្ទីរ រោងភាពយន្ត ការប្រគុំតន្ត្រីតាមទីសាធារណៈនានាជាដើម។ កម្ពុជា បានបិទជើងហោះហើរជាមួយនឹងប្រទេសដែលមានហានិភ័យខ្ពស់ក្នុងការចម្លងជំងឺកូវីដ-១៩ មកក្នុងព្រះរាជាណាចក្រកម្ពុជា។ ការធ្វើចត្តាឡីស័ក្តរបស់ប្រជាពលរដ្ឋខ្មែរដែលវិលត្រឡប់មកពីប្រទេសដែលមានហានិភ័យជំងឺកូវីដ-១៩ ដោយដាក់ឲ្យនៅដាច់ដោយឡែកពីគេរយៈពេល ១៤ថ្ងៃ ដើម្បីធានាថា ពួកគេគ្មានជំងឺកូវីដ-១៩ និងម្យ៉ាងទៀតក្នុងករណីសង្ស័យថា បើពួកគាត់មានជំងឺនេះ គឺអាចបញ្ជូនទៅកាន់មន្ទីរពេទ្យបានភ្លាមៗដើម្បីព្យាបាល។ ការបិទខេត្តក្នុងរយៈពេលខ្លីទប់ស្កាត់ការបម្លាស់ទីរបស់កម្មករ កម្មការិនី រោងចក្រកាត់ដេរ នៅថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងការធ្វើចត្តាឡីស័ក្តបងប្អូនកម្មករ កម្មការិនីមួយចំនួន ដែលវិលត្រឡប់ចូលមកបម្រើការងារវិញក្រោយចូលឆ្នាំខ្មែរ ជាពិសេសការធ្វើចត្តាឡីស័ក្តបងប្អូនពលករខ្មែរមកពីក្រៅប្រទេសដែលអាជ្ញាធរខេត្តនីមួយៗជាអ្នកទទួលខុសត្រូវរៀងខ្លួន។ ការធ្វើចត្តាឡីស័ក្តនេះ មានសារៈសំខាន់បំផុត ដើម្បីការពារការចម្លងជំងឺកូវីដ-១៩ ចូលទៅក្នុងសហគមន៍។ តាំងពីដើមរៀងទីមក នៅកម្ពុជា គ្មានការចម្លងនៅក្នុងសហគមន៍ឡើយ។
ការគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា គេអាចនិយាយបានថា ជាករណីកម្របំផុតមួយ ដែលកម្ពុជាខ្លួនឯងផ្ទាល់អាចគ្រប់គ្រងបានយ៉ាងល្អ ហើយមានប្រសិទ្ធភាពខ្ពស់បំផុត បើធៀបទៅនឹងបណ្តាប្រទេសជឿនលឿនតូច-ធំក្នុងពិភពលោក ដែលមានប្រព័ន្ធសុខាភិបាលទំនើប តែមានអ្នកស្លាប់ និងឆ្លង ច្រើនលើសលុបបំផុត។ ជោគជ័យរបស់ប្រទេសកម្ពុជារួមមាន៖ ទី១- អ្នកឆ្លងមានចំនួនតែ ១២២ នាក់ ទី២- អ្នកឆ្លងជំងឺទាំងនោះមានចម្រុះជាតិសាសន៍ចាស់ក្មេង មានជំងឺប្រចាំកាយផ្សេងៗ ដែលមានហានិភ័យខ្ពស់បំផុតក្នុងការស្លាប់បាត់បង់ជីវិត ក៏ត្រូវបានក្រុមគ្រូពេទ្យខ្មែរព្យាបាលឲ្យជាសះស្បើយទាំងអស់គ្នា ដោយគ្មានអ្នកជំងឺកូវីដ-១៩ ណាម្នាក់ស្លាប់បាត់បង់ជីវិតឡើយ។ ចំណុចនេះដែលអន្តរជាតិ បានកោតសរសើរស្ញប់ស្ញែង ពីសមត្ថភាពរបស់កម្ពុជា ពិសេសគឺក្រុមគ្រូពេទ្យកម្ពុជាតែម្តង។ ទី៣- ការបង្ការទប់ស្កាត់បានការចម្លងជំងឺកូវីដ-១៩ ទៅក្នុងសហគមន៍។
អ្វីដែលជាការរៀបរាប់លើនេះ គ្រាន់តែជាចំណុចខ្លះៗប៉ុណ្ណោះនៃវិធានការស្ថិតក្នុងសេណារីយ៉ោជាដំណាក់ៗ របស់រាជរដ្ឋាភិបាលកម្ពុជាប៉ុណ្ណោះ ក្នុងការបង្ការ ការពារ ទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសទប់ស្កាត់ការចម្លងជំងឺដ៏កាចសាហាវនេះចូលទៅក្នុងសហគមន៍។ ក៏ប៉ុន្តែមិនមែនបានន័យថា កម្ពុជា បានលុបបំបាត់ជំងឺកូវីដ-១៩ មិនឲ្យឆ្លងចូលមកក្នុងប្រទេសជាថ្មីម្តងទៀតឡើយ ហេតុដូច្នេះតោងមានការប្រុងប្រយ័ត្នទាំងអស់គ្នាឲ្យបានជាប់ជានិច្ចដោយត្រូវចេះកែប្រែទម្លាប់ និងឥរិយាបថនៃការរស់នៅរបស់ខ្លួនឲ្យស្របទៅតាមសភាពធម្មតា តាមបែបគន្លងថ្មីក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជាចាំបាច់ ដូចជា ការប្រកាន់យកនូវការអនុវត្តអនាម័យដៃស្អាត ពាក់ម៉ាស់ (ក្នុងករណីចាំបាច់) ប្រើក្រមា កន្សែង ឬក្រដាសជូតមាត់ ខ្ទប់មាត់ពេលមានក្អក ឬកណ្តាស់ បន្តអនុវត្តគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល មិនត្រូវមានការជួបជុំ ឬរៀបចំពិធីណាមួយដែលមានគ្នាច្រើនកុះករពេក ដូចជា ការជួបជុំស៊ីផឹកដែលមានគ្នាច្រើន ឬការជួបជុំតាមបែបសាសនាជាដើម។សរុបមកវិញ ទោះប្រទេសកម្ពុជាតូច ធនធានមនុស្សតិចក្តី តែប្រទេសកម្ពុជា ត្រូវបានពិភពលោកចាត់ទុកថា មានប្រព័ន្ធការពារប្រឆាំងនឹងមេរោគឆ្លងនានាបានយ៉ាងជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ទៀតផង។ ឧទាហរណ៍ជាក់ស្តែងការទប់ស្កាត់ជំងឺឆ្លងរាតត្បាតសកលកូវីដ-១៩ មិនឲ្យមានការចម្លងក្នុងសហគមន៍ ដែលទទួលស្គាល់ពីអង្គការសុខភាពពិភព។ កម្ពុជា ជាប្រទេសតូច តែមានមេដឹកនាំមានទឹកចិត្តធំទូលាយ ជម្នះឧបសគ្គគ្រប់បែបយ៉ាង ដើម្បីរំដោះប្រទេសជាតិ និងប្រជាជនឲ្យរួចផុតពីការលំបាកទាំងឡាយ ទោះស្ថិតក្នុងកាលៈទេសៈបែបណាក៏ដោយ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មេដឹកនាំកម្ពុជា ដែលបានយកជីវិតធ្វើដើមទុន ដើម្បីសង្គ្រោះជាតិ និងប្រជាជនកម្ពុជា តែងមានវត្តមានជានិច្ចដោះស្រាយបញ្ហារបស់ប្រទេសកម្ពុជា និងប្រជាជន។ លោកនាយករដ្ឋមន្ត្រី ត្រូវបានជនបរទេសដាក់រហ័សនាមថា ជាបុរសខ្លាំងរបស់កម្ពុជា។ ចំណុចខ្លាំងរបស់លោក គឺស្ថិតនៅត្រង់ថា គាត់មិនត្រឹមតែជាស្ថាបនិកសន្តិភាព និងការអភិវឌ្ឈប៉ុណ្ណោះទេ ប៉ុន្តែគាត់អាចឈរយ៉ាងរឹងមាំដើម្បីការពារសន្តិភាព ការពារការអភិវឌ្ឍ និងការពារសេចក្តីសុខសាន្តរបស់ពលរដ្ឋខ្មែរ មិនឲ្យមានអ្នកណាអាចមកបំផ្លាញបានឡើយ។
ពីព្រឹត្តិការណ៍មួយទៅព្រឹត្តិការណ៍មួយ វត្តមានរបស់ សម្តេចតេជោ ហ៊ុន សែន បានផ្តល់ភាពកក់ក្តៅយ៉ាងខ្លាំងដល់ពលរដ្ឋខ្មែរគ្រប់ទិសទី ជាពិសេសជនរងគ្រោះដោយហេតុការណ៍ណាមួយ។ បុរសរូបនេះហើយ ដែលជាវីរៈបុរសរបស់ពលរដ្ឋខ្មែរយ៉ាងពិតប្រាកដ នោះគឺតេជោសែន ដ៏ជាទីកក់ក្តៅរបស់ពលរដ្ឋនិងជាពិសេសយុវជនខ្មែរ៕
ដោយ៖ សុខ សុវណ្ណ