Sunday, December 13, 2015

ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​គឺជា ការជំរុញ​សកម្មភាព​ទេសចរណ៍ និង​ការអភិវឌ្ឍ​តំបន់​ឆ្នេរ​សមុទ្រនៅ​កម្ពុជា

ពិធីបុណ្យ​សមុទ្រដែល​ប្រារព្វធ្វើឆ្លាស់​វេនគ្នាជារៀងរាល់​ឆ្នាំនៅខេត្តតំបន់​ឆ្នេរទាំង​បួន សរ​បញ្ជាក់​​ឱ្យឃើញ​​យ៉ាងច្បាស់​នូវការ​គាំទ្រ​រ​បស់រាជរដ្ឋាភិបាល​ក្នុងការ​ជំរុញ​សកម្មភាព​ទេសចរណ៍ និងការ​អភិវឌ្ឍតំបន់​​ឆ្នេ​រ​​សមុទ្រ​កម្ពុជា ដែល​​បច្ចុប្បន្ន​​កំពុង​ដើរតួនាទី​ជា​ប៉ូលសេដ្ឋកិច្ចយ៉ាង​សំខាន់ ក្នុងការទាក់ទាញ​វិនិយោគសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ថ្លែងបើកព្រឹត្តិការណ៍​បុណ្យសមុទ្រដែល​ប្រារព្វធ្វើឡើងនៅ ខេត្តកំពត នារាត្រីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥នេះ ឯកឧត្តម​បណ្ឌិត ស​ភា​ចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុក​ទីស្តីការគណៈរដ្ឋ មាន​ប្រ​សាសន៍​​ថាការរៀបចំ​ព្រឹត្តិការណ៍បុណ្យ​សមុទ្រ​​នៅតាម​បណ្ដាខេត្ត​ជាប់ឆ្នេរសមុទ្រ​មិនត្រឹម​តែ​អាច​ជួយផ្សព្វ​ផ្សាយ​សក្ដានុ​​ពល​​ទេស​ចរណ៍​​នៃតំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា​និងជំ​រុញ​​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធនានា​នៅក្នុងខេត្ត​ទាំងនោះ​ប៉ុណ្ណោះទេ ប៉ុន្តែ​ព្រឹត្តិ​ការណ៍​​​នេះបាន​ជួយជំរុញ​ឱ្យមាន​ការយក​ចិត្ត​​ទុកដាក់កាន់តែខ្ពស់​ថែមទៀតពីគ្រប់​មជ្ឈដ្ឋាន​ក្នុង​ការថែរក្សា​អភិរក្ស​ធនធាន​​ធម្ម​ជាតិ​ និងវប្បធម៌នៅ​តាម​តំបន់​ឆ្នេរ​កម្ពុជា។​ ជាង​នេះវាក៍បានរួម​ចំណែកយ៉ាងសំខាន់ដល់​ការពង្រឹងសមត្ថភាពកា​រកែ​លម្អ​គុណ​ភា​ព​សេវា​កម្មក្នុង​ឧស្សាហកម្ម​ទេសចរណ៍​​និង​​ការលើក​កម្ពស់ការ​យល់ដឹងជា​សាធារណៈ​ដើម្បីថែរ​ក្សាតំបន់ឆ្នេរ និងទី​ក្រុ​ង​​តាម​តំបន់ឆ្នេរ​ឱ្យបាន​ស្អាតជា​និច្ចដែល​ជាការ​​ចូល​រួ​មបង្កើននូវ​កិត្យានុភាពនិងភាព​ទាក់ទាញ​ទេសចរណ៍​នៅតំបន់​ឆ្នេរសមុទ្រកម្ពុជា។​

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​មានប្រសាសន៍​បញ្ជាក់ថា តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា បាននិង​កំពុង​ក្លាយ​ទៅជា​គោលដៅ​​ទេស​ចរណ៍​អន្តរជាតិ​ដ៏សំខាន់ និងទទួល​បានការ​ចាប់អារម្មណ៍​កាន់តែខ្លាំង​ឡើងៗ​ពីពិភព​លោក តាមរយៈ​ការ​ជាប់ជា​សមាជិក​នៃក្លឹប «ឆ្នេរ​សមុទ្រ​ស្អាតបំផុត​របស់ពិភព​លោក»នាពេល​កន្លងមក ។ កត្តានេះរួម​ចំណែកធ្វើឱ្យ​​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជាមាន​ការវិវត្ត ប្រែ​ប្រួល​មុខមាត់ថ្មី​សក្តិសមជា «តារារះ​នាទិសនិរតី»។ 

​សម្រាប់​ឆ្នាំ២០១៥​នេះគឺជា​ឆ្នាំទី៤  ហើយ ដែលកម្ពុជា​យើងបាន​រៀបចំប្រារព្វ​បុណ្យសមុទ្រ ឡើង  ដោយ​ចំវេន​ខេត្ត​កំពត ដែល​​ជាខេត្តមួយ​ប្រកបដោយ​សក្តានុពល សេដ្ឋកិច្ច កសិកម្ម ទេសចរណ៍វប្បធម៌ និងធម្មជាតិ​តំបន់​ឆ្នេរ​ដ៏​ទាក់​ទាញ។​ រាជរ​ដ្ឋាភិ​បាល​ក៍​បានយកចិត្តទុក​ដាក់យ៉ាង​ខ្លាំងផងដែរ​ ដល់ការអភិវឌ្ឍ​ខេត្តនេះ ដោយបាន​សិក្សាលើគម្រោង​​អភិវឌ្ឍ​ទីក្រុង​កំពត​ថ្មី​ការ​សាងសង់​កំពង់​​ផែទេសចរណ៍​អន្តរជាតិ និង​ការ​អភិវឌ្ឍរមណីយ​ដ្ឋាន​​ទេស​ចរណ៍​​ឋានសួគ៍​បូកគោ​ដើម្បី​ទាក់​ទាញ​ភ្ញៀវ​​ទេស​​ច​រណ៍​អន្តរជាតិ​​បន្ថែមទៀតដោយ​រំពឹងថាតំបន់​នេះអាច និងក្លាយ​ជាទីក្រុង ទេសចរណ៍ គំរូមួយនៅ​ថ្ងៃអនាគត។

ឯកឧត្តម ថោង  ខុន​​ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បាន​ថ្លែង​ថា ពិធី​បុណ្យសមុទ្រ​នេះ គឺជា​ព្រឹត្តិការណ៍​ទេសចរណ៍​ដ៏ទាក់​ទាញ សម្រាប់​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា ដែល​មិនត្រឹម តែចូលរួម​ចំណែក​ក្នុងការ​ផ្សព្វផ្សាយ​​ពីសក្តានុពល​​ទេសចរណ៍​​នៃ​តំ​បន់​​ឆ្នេរ​សមុទ្រ​​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏ចូលរួម​ចំណែក យ៉ាង​សំខាន់ ដល់ការគាំទ្រ​នយោបាយ​របស់​រាជរដ្ឋា​ភិបាល​កម្ពុជា ក្នុងការ​យកចិត្ត​ទុកដាក់​អភិវឌ្ឍន៍​តំបន់ឆ្នេរ ប្រកបដោយ​និរន្តរភាព និង​ការ​ទទួល​ខុសត្រូវ ។ ព្រឹត្តិការណ៍នេះ​ក៍ជា ឱកាសដ៏ប្រសើរ ដើម្បីជម្រុញ​ឲ្យ​គ្រប់ភាគី​​ពាក់ព័ន្ធ​​ទាំងអស់​ចូលរួម ក្នុង​ចលនា​​ប្រឡ​​ង​ប្រណាំង "ទីក្រុងស្អាត រមណីយដ្ឋាន ស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ" តាមរយៈការលើ​ក​កម្ពស់គុណភាព សេវាកម្ម​ទេស​ចរណ៍ ជំរុញ​ដល់ការអភិវឌ្ឍ ហេដ្ឋា​រចនាសម្ព័ន្ធ និងការអប់រំ​ការយល់​ដឹងជា​សាធារណៈ ដល់​​ប្រជាពល​​រដ្ឋ​អំពី​សារៈ​​ប្រយោ​ជន៍ នៃឆ្នេរ​សមុទ្រ​កម្ពុជា និងអំពី​ទស្សន​ទាន “បៃតង និង​ស្អាត”។

ពិធីបុណ្យ​សមុទ្រឆ្នាំ​នេះគណៈកម្មកា​រអន្តរក្រសួង​បានរៀប​ចំសកម្មភាព​សំខាន់ៗ​មួយចំ​នួន​ដូច​ខាងក្រោមៈ
១- សកម្មភាព​កីឡា​លើទឹក និងកីឡា​លើឆ្នេរ មានដូច​ជាកីឡា​បាល់ទះលើឆ្នេរ​ខ្សាច់ រត់ប្រណាំង ជិះកង់ ហែល ទឹក ប្រណាំង​ម៉ូតូ​លើទឹក ការបង្ហាញ​ក្បាច់គុណ​​ល្បុក្តតោ កីឡា​លើអាកាស (Aero show) កីឡា​អេឡិចត្រូនិច (E-Sport) កីឡា​អុក​ចក្រត្រង្គ កីឡាឆ័ត្រយោង​កីឡាទូកក្តោង(sailing)កីឡា​អុំទូកកានូ​កាយ៉ាក់-ល-។

២-មហោស្រពម្ហូប​អាហារ ស្រា ភេសជ្ជៈ និងការតាំង​ពិព័រណ៍សមិទ្ធ និងគម្រោង​អភិវឌ្ឍ​តំបន់ឆ្នេរ។

​៣- ការប្រ​គុំតន្ត្រី ការសម្តែង​ទស្សនីយភាព​សិល្បៈ និងការបាញ់​កាំជ្រួចអបអ​រសាទរជាដើម។

​​សូម​បញ្ចាក់ថា​តាមរយៈ​ការរៀបចំ​ឲ្យមានព្រឹត្តិការណ៍​ទេសចរណ៍​ផ្សេងៗ​ជាពិសេស​ពិធីបុណ្យ​សមុទ្រ  នៅគោលដៅ​​ទេស​ចរណ៍​ដ៍សម្បូ​រ​បែប​​នៃធន​ធានធម្មជាតិ និង​​វប្បធម៌​ តាម​បណ្តា​ឆ្នេ​រសមុទ្រ និង​កោះនានា នេះ​គឺកំពុង​ក្លាយ​ជា​ឧត្តមភាព ប្រកួត​ប្រជែង (Competitive Advantage) ក្នុងការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍របស់​កម្ពុជា។

សព្វថ្ងៃតំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា ដែល​ជា​​សមា​​ជិ​ក​ក្លឹបឆ្នេរសមុទ្រ ដែលស្អាត​​ជាង​គេបំផុត លើសកល​​លោក​កំពុង​​ទទួល​ស្វាគមន៍​កំណើន នៃការមក​​ដល់​ទេសចរណ៍​ជាតិ និង​អន្តរជាតិ។ នៅឆ្នាំ២០១៤ កន្លងទៅ ក្នុងចំណោម​ទេសចរណ៍​អន្តរជាតិ​ជាង ៤,៥ លាន​នាក់​មក​​កម្ពុជា ក្នុង​នោះមក​ទស្សនា តំបន់​ឆ្នេរ​​មានប្រមាណ ៦០ម៉ឺននាក់ កើន​ឡើង ១៦,៣% និង​ទេសចរក្នុង ស្រុក​​ប្រមាណ​​ជាង ២លាននាក់។ សម្រាប់​រយៈ​ពេល ៩ខែដើម ឆ្នាំ២០១៥នេះ ចំនួន​ទេសចរណ៍​អន្តរជាតិ ដែល​មក​ទស្សនា ​តំបន់ឆ្នេរ មានចំ​នួន​​ជាង៤៩ ម៉ឺននាក់ កើន​ឡើង​បន្ថែម ១៥,២% ធៀប​នឹងរយៈ​​ពេល​ដូច​​គ្នាឆ្នាំ ២០១៤។ តាមការ​ព្យាករណ៍ នៅ​​ឆ្នាំ២០២០ តំបន់ឆ្នេរ​អាចនឹង​ទទួល​បាន ទេសចរណ៍​អន្តរជាតិប្រមាណ ២លាននាក់ និង​ទេសចរណ៍​ជាតិប្រមាណ ៥លាននាក់៕
អត្ថបទ៖ សុវណ្ណតារ៉ា